បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៣ ទំ. ១៤៤-១៥៣
  • ចូរមានទស្សនៈដូចព្រះចំពោះជីវិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានទស្សនៈដូចព្រះចំពោះជីវិត
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត
  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​ឈាម
  • វិធី​តែ​មួយ​គត់​ដែល​ត្រឹម​ត្រូវ​ស្តី​អំពី​ការ​ប្រើ​ឈាម
  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរមានទស្សនៈត្រឹមត្រូវអំពីតម្លៃនៃជីវិតរបស់អ្នកដែលជាអំណោយទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៣ ទំ. ១៤៤-១៥៣

ជំពូក​ទី​ដប់​បី

ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​ជីវិត

តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជីវិត?

តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ពន្លូត​កូន?

តើ​យើង​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​យ៉ាង​ដូច​ម្ដេច?

១​. តើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត?

ព្យាការី​យេរេមា​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​»។ (​យេរេមា ១០:១០​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្វី​ទាំង​អស់​ដែល​មាន​ជីវិត។ បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ធ្លាប់​ទូល​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង​»។ (​វិវរណៈ ៤:១១​) ស្តេច​ដាវីឌ​បាន​ច្រៀង​សរសើរ​ព្រះ​ដោយ​ពោល​ថា​៖ ​«​ព្រះ​អង្គ​ជា​ប្រភព​នៃ​ជីវិត​»។ (​ទំនុក​តម្កើង ៣៦:១០, ខ.ស. [​ទំនុក​ដំកើង ៣៦:៩​]​) ដូច្នេះ ជីវិត​ជា​អំណោយ​ពី​ព្រះ។

២​. តើ​ព្រះ​ផ្គត់​ផ្គង់​អ្វី​ខ្លះ​ដើម្បី​ទ្រទ្រង់​ជីវិត​យើង?

២ ព្រះ​យេហូវ៉ា​ក៏​ទ្រទ្រង់​ជីវិត​យើង​ផង​ដែរ។ (​កិច្ច​ការ ១៧:២៨​) ទ្រង់​ផ្គត់​ផ្គង់​អាហារ​ដែល​យើង​បរិភោគ ទឹក​ដែល​យើង​ផឹក ខ្យល់​សំរាប់​ដក​ដង្ហើម និង​ដី​ដែល​យើង​នៅ។ (​កិច្ច​ការ ១៤:១៥​-​១៧​) វិធី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​នឹង​ជីវិត។ ប៉ុន្តែ​ដើម្បី​មាន​សុភមង្គល​ច្រើន​បំផុត យើង​ត្រូវ​តែ​រៀន​ច្បាប់​របស់​ព្រះ ហើយ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។—អេសាយ ៤៨:១៧, ១៨

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត

៣​. តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​សំឡាប់​អេបិល?

៣ ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​គោរព​ជីវិត​របស់​ខ្លួន​យើង​ផង និង​អ្នក​ដទៃ​ផង​ដែរ។ ជា​ឧទាហរណ៍ នៅ​សម័យ​អ័ដាម​និង​អេវ៉ា កូន​ប្រុស​របស់​ពួក​គាត់​ឈ្មោះ​កាអ៊ីន​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​សំឡាប់​ប្អូន​របស់​គាត់​ឈ្មោះ​អេបិល។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​កាអ៊ីន​ថា កំហឹង​អាច​នាំ​ឲ្យ​គាត់​ធ្វើ​បាប​ធ្ងន់​ធ្ងរ។ កាអ៊ីន​មិន​បាន​ស្ដាប់​តាម​ការ​ព្រមាន​នោះ​ទេ។ គាត់​បាន​«​សំឡាប់​អេបិល​ជា​ប្អូន​ទៅ​»។ (​លោកុប្បត្តិ ៤:៣​-​៨​) ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​កាអ៊ីន​ដោយ​សារ​គាត់​សំឡាប់​ប្អូន​ខ្លួន។—លោកុប្បត្តិ ៤:៩​-​១១

៤​. ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ តើ​ព្រះ​បញ្ជាក់​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ជីវិត​មនុស្ស​យ៉ាង​ដូច​ម្ដេច?

៤ រាប់​ពាន់​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​ទៅ​សាសន៍​អ៊ីស្រាអែល​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​បំរើ​ទ្រង់​សម​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់។ ជួន​កាល​ក្រិត្យ​វិន័យ​នោះ​ត្រូវ​ហៅ​ថា​ក្រិត្យ​វិន័យ​ម៉ូសេ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​នោះ​តាម​រយៈ​ព្យាការី​ម៉ូសេ។ ច្បាប់​មួយ​ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ​ចែង​ថា​៖ ​«​កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ​»។ (​ចោទិយកថា ៥:១៧​) នេះ​បាន​បង្ហាញ​ជន​ជាតិ​អ៊ីស្រាអែល​ថា ជីវិត​មនុស្ស​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ ហើយ​មនុស្ស​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​ជីវិត​អ្នក​ឯ​ទៀត​ដែរ។

៥​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ពន្លូត​កូន?

៥ ចុះ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​នោះ? យោង​ទៅ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ ការ​បណ្ដាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​គឺ​ជា​អំពើ​ខុស។ ពិត​មែន សូម្បី​តែ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​ក៏​ដោយ​ក៏​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ (​និក្ខមនំ ២១:​២២, ២៣; ទំនុក​ដំកើង ១២៧:៣​) នេះ​មាន​ន័យ​ថា​ការ​ពន្លូត​កូន​គឺ​ជា​ការ​ខុស។

៦​. ហេតុ​អ្វី​យើង​មិន​គួរ​ស្អប់​អ្នក​ឯ​ទៀត?

៦ ការ​គោរព​ជីវិត​រួម​បញ្ចូល​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​មនុស្ស​ឯ​ទៀត។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប​ជា​និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ​»។ (​យ៉ូហាន​ទី១ ៣:១៥​) បើ​យើង​ចង់​បាន​ជីវិត​ជា​រៀង​រហូត យើង​ត្រូវ​តែ​ជំ​រះ​ការ​ស្អប់​ចេញ​ពី​ចិត្ត​យើង​ឲ្យ​អស់ ពី​ព្រោះ​អំពើ​ហិង្សា​ភាគ​ច្រើន​ផ្ដើម​ចេញ​ពី​ការ​ស្អប់។ (​យ៉ូហាន​ទី១ ៣:១១, ១២​) យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ចាំ​បាច់។

៧​. តើ​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត?

៧ ចុះ​យ៉ាង​ណា​វិញ​ការ​គោរព​ជីវិត​របស់​ខ្លួន? ធម្មតា​មនុស្ស​មិន​ចង់​ស្លាប់​ទេ។ ប៉ុន្តែ​មនុស្ស​ខ្លះ​ប្រថុយ​ជីវិត​ដើម្បី​ការ​សប្បាយ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​ញៀន ជក់​បារី ឬ​ទំពា​ស្លា​ម្លូ។ របស់​ទាំង​នេះ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព ហើយ​ជា​ច្រើន​ដង​ក៏​ធ្លាប់​នាំ​ឲ្យ​អ្នក​ប្រើ​វា​ស្លាប់​ទៀត​ផង។ មនុស្ស​ដែល​មាន​ទម្លាប់​ប្រើ​គ្រឿង​ទាំង​នេះ​មិន​ចាត់​ទុក​ជីវិត​ជា​អ្វី​ដែល​ពិសិដ្ឋ​នោះ​ទេ។ ចំពោះ​ព្រះ​ការ​ប្រព្រឹត្ត​ទាំង​នេះ​គឺ​ស្មោក​គ្រោក។ (​រ៉ូម ៦:១៩; ១២:១; កូរិនថូស​ទី២ ៧:១​) ដើម្បី​បំរើ​ព្រះ​តាម​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នោះ យើង​ត្រូវ​តែ​លះ​ចោល​គ្រប់​ការ​ប្រព្រឹត្ត​ទាំង​នេះ​ឲ្យ​ជ្រះ​ស្រឡះ។ ទោះ​ជា​ការ​លះ​ចោល​ការ​ប្រព្រឹត្ត​ទាំង​នេះ​គឺ​ពិបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។ ហើយ​ទ្រង់​យល់​តម្លៃ​នៃ​ការ​ព្យាយាម​របស់​យើង ក្នុង​ការ​បង្ហាញ​ថា​យើង​ចាត់​ទុក​ជីវិត​របស់​យើង​ជា​អំណោយ​វិសេស​ពី​ទ្រង់។

៨​. ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​នឹង​សុវត្ថិភាព​ខ្លួន​ព្រម​ទាំង​អ្នក​ឯ​ទៀត?

៨ បើ​យើង​គោរព​ជីវិត យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​នឹង​សុវត្ថិភាព​ខ្លួន​ព្រម​ទាំង​អ្នក​ឯ​ទៀត។ យើង​នឹង​មិន​ធ្វេស​ប្រហែស ហើយ​ក៏​មិន​ប្រថុយ​ជីវិត​ដើម្បី​ការ​សប្បាយ​ឬ​ដើម្បី​មាន​អារម្មណ៍​រំភើប​នោះ​ទេ។ យើង​នឹង​មិន​បើក​បរ​ដោយ​ឥត​ប្រយ័ត្នប្រយែង ឬ​ក៏​លេង​កីឡា​ឃោរ​ឃៅ​ឬ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់។ (​ទំនុក​ដំកើង ១១:៥​) ក្រិត្យ​វិន័យ​ដែល​ព្រះ​ប្រទាន​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ចែង​ថា​៖ ​«​កាល​ណា​សង់​ផ្ទះ​ថ្មី[​ដែល​មាន​ដំបូល​រាប​] នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់​ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម​នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ​»។ (​ចោទិយកថា ២២:៨​) ចូរ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​គោល​ការណ៍​ក្នុង​ច្បាប់​នេះ ដោយ​ថែ​ទាំ​ជណ្ដើរ​នៅ​ផ្ទះ​របស់​អ្នក​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ជំពប់​ដួល​និង​រង​របួស​ធ្ងន់​ធ្ងរ។ បើ​អ្នក​មាន​ឡាន​ឬ​ម៉ូតូ ចូរ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​វា​ដើម្បី​អាច​បើក​បរ​ដោយ​សុវត្ថិភាព។ កុំ​ឲ្យ​ផ្ទះ ឡាន ឬ​ម៉ូតូ​របស់​អ្នក​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ឯ​ទៀត។

៩​. បើ​យើង​មាន​ការ​គោរព​ចំពោះ​ជីវិត តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​សត្វ?

៩ ចុះ​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​សត្វ? ជីវិត​របស់​សត្វ​ក៏​ពិសិដ្ឋ​ចំពោះ​អ្នក​បង្កើត​ដែរ។ ព្រះ​អនុញ្ញាត​ឲ្យ​សំឡាប់​សត្វ​សំរាប់​ធ្វើ​ជា​អាហារ​និង​សម្លៀក​បំពាក់ ឬ​ដើម្បី​ការពារ​មនុស្ស​ពី​គ្រោះ​ថ្នាក់។ (​លោកុប្បត្តិ ៣:២១; ៩:៣; និក្ខមនំ ២១:២៨​) ក៏​ប៉ុន្តែ​ការ​ប្រព្រឹត្ត​ឃោរ​ឃៅ​ឬ​ឥត​មេត្ដា​ទៅ​លើ​សត្វ ឬ​ក៏​សំឡាប់​សត្វ​ជា​ការ​កំសាន្ត​គឺ​ជា​ការ​ខុស ហើយ​បង្ហាញ​ថា​យើង​មិន​គោរព​ភាព​ពិសិដ្ឋ​នៃ​ជីវិត​សោះ​ឡើយ។—សុភាសិត ១២:១០

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ឈាម

១០​. តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ទំនាក់​ទំនង​រវាង​ជីវិត​និង​ឈាម​យ៉ាង​ដូច​ម្ដេច?

១០ ក្រោយ​កាអ៊ីន​សំឡាប់​អេបិល​នោះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​កាអ៊ីន​ថា​៖ ​«​សូរ​សំ​រែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ​»។ (​លោកុប្បត្តិ ៤:១០​) នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​ឈាម​របស់​អេបិល ទ្រង់​កំពុង​តែ​មាន​បន្ទូល​អំពី​ជីវិត​អេបិល។ កាអ៊ីន​បាន​ដក​ហូត​ជីវិត​របស់​អេបិល ហើយ​ឥឡូវ​កាអ៊ីន​ត្រូវ​ទទួល​ទោស។ គឺ​ហាក់​ដូច​ជា​ឈាម​ឬ​ជីវិត​របស់​អេបិល​កំពុង​តែ​ស្រែក​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ដើម្បី​រក​យុត្ដិធម៌។ ទំនាក់​ទំនង​រវាង​ឈាម​និង​ជីវិត​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ទៀត​ក្រោយ​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ មុន​ទឹក​ជំនន់ មនុស្ស​ធ្លាប់​បរិភោគ​តែ​ផ្លែ​ឈើ បន្លែ និង​ធញ្ញជាតិ។ ក្រោយ​ទឹក​ជំនន់ ព្រះ​យេហូវ៉ា​មាន​បន្ទូល​នឹង​ណូអេ​ព្រម​ទាំង​កូន​ប្រុស​ទាំង​ប៉ុន្មាន​របស់​គាត់​ថា​៖ ​«​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក​ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ​»។ ក៏​ប៉ុន្តែ ព្រះ​បាន​ដាក់​បំរាម​មួយ គឺ​«​សាច់​ណា​ដែល​នៅ​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ​»។ (​លោកុប្បត្តិ ១:២៩; ៩:៣, ៤​) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា តាម​ទស្សនៈ​ព្រះ​យេហូវ៉ា​ជីវិត​និង​ឈាម​គឺ​ផ្សារ​ភ្ជាប់​គ្នា។

១១​. តាំង​ពី​សម័យ​ណូអេ តើ​ព្រះ​បាន​ហាមឃាត់​ការ​ប្រើ​ឈាម​សំរាប់​ធ្វើ​អ្វី?

១១ យើង​បង្ហាញ​ការ​គោរព​ចំពោះ​ឈាម​ដោយ​មិន​បរិភោគ​ឈាម។ ក្នុង​ក្រិត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បង្គាប់​ថា​៖ ​«​អ្នក​ណា . . . ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប ដែល​បរិភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ . . . អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ​»។ (​លេវីវិន័យ ១៧:១៣, ១៤​) ដូច្នេះ បង្គាប់​របស់​ព្រះ​ចំពោះ​ណូអេ​ប្រមាណ​៨០០​ឆ្នាំ​មុន​ដែល​ថា​មិន​ត្រូវ​បរិភោគ​ឈាម​សត្វ នៅ​តែ​មាន​សុពល​ភាព​នៅ​សម័យ​អ៊ីស្រាអែល​ដដែល។ នេះ​បញ្ជាក់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ គឺ​អ្នក​បំរើ​របស់​ទ្រង់​អាច​បរិភោគ​សាច់​សត្វ​បាន តែ​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ។ ពួក​គេ​ត្រូវ​ចាក់​ឈាម​នោះ​ចោល។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ថ្វាយ​ជីវិត​សត្វ​ទៅ​ព្រះ​វិញ។

១២​. នៅ​សតវត្សរ៍​ទី​មួយ តើ​វិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​បង្គាប់​អ្វី​ស្តី​អំពី​ឈាម​ដែល​នៅ​តែ​មាន​សុពល​ភាព​ដរាប​ដល់​សព្វ​ថ្ងៃ?

១២ គ្រីស្ទាន​ទាំង​ឡាយ​ក៏​បាន​ទទួល​បង្គាប់​ស្រដៀង​គ្នា​ដែរ។ បណ្ដា​សាវ័ក​និង​បុរស​ឯ​ទៀត​ដែល​បាន​នាំ​មុខ​ក្នុង​ចំណោម​សិស្ស​ព្រះ​យេស៊ូ​នៅ​សតវត្សរ៍​ទី​មួយ បាន​ជួប​ជុំ​គ្នា​ដើម្បី​សម្រេច​ថា​តើ​គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ធ្វើ​តាម​បង្គាប់​អ្វី​ខ្លះ? ពួក​គេ​បាន​សន្និដ្ឋាន​ដូច​ត​ទៅ​នេះ​៖ ​«​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា​បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១[​ពី​ព្រោះ​នៅ​តែ​មាន​ឈាម​ក្នុង​សាច់​] នឹង​សេចក្ដី​កំផិត​១​»។ (​កិច្ច​ការ ១៥:២៨, ២៩; ២១:២៥​) ដូច្នេះ​យើង​ត្រូវ‹ចៀស​វាង​ចំពោះ​ឈាម›។ តាម​ទស្សនៈ​របស់​ព្រះ ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ស្មើ​នឹង​ការ​ចៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​អំពើ​អសីលធម៌​ខាង​កាម។

១៣​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បង្ហាញ​ថា បង្គាប់​ដែល​ថា​ត្រូវ​ចៀស​វាង​ពី​ឈាម​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ឈាម​ដែរ។

១៣ តើ​បង្គាប់​ដែល​ថា​ត្រូវ​ចៀស​វាង​ពី​ឈាម​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ឈាម​ដែរ​ឬ​ទេ? មែន​ហើយ! ជា​ឧទាហរណ៍ បើ​គ្រូ​ពេទ្យ​ប្រាប់​ថា អ្នក​ត្រូវ​ចៀស​វាង​ការ​ពិសា​ស្រា តើ​ពាក្យ​នោះ​គ្រាន់​តែ​មាន​ន័យ​ថា​អ្នក​ផឹក​ស្រា​មិន​បាន តែ​អាច​ចាក់​បញ្ចូល​ស្រា​តាម​សរសៃ​ឈាម​ឬ? ប្រាកដ​ជា​មិន​មាន​ន័យ​ដូច្នេះ​ទេ! ស្រដៀង​គ្នា​ដែរ ការ​ចៀស​វាង​ពី​ឈាម​មាន​ន័យ​ថា​មិន​ត្រូវ​ឲ្យ​ចូល​ក្នុង​រូប​កាយ​ទាល់​តែ​សោះ។ ដូច្នេះ ច្បាប់​ដែល​ថា​ត្រូវ​ចៀស​វាង​ពី​ឈាម​មាន​ន័យ​ថា​យើង​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ចាក់​បញ្ចូល​ឈាម​តាម​សរសៃ​របស់​យើង​ឡើយ។

១៤, ១៥​. បើ​គ្រូ​ពេទ្យ​ប្រាប់​ថា​គ្រីស្ទាន​ម្នាក់​ត្រូវ​តែ​ទទួល​ការ​ចាក់​បញ្ចូល​ឈាម តើ​គ្រីស្ទាន​នោះ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

១៤ ចុះ​បើ​គ្រីស្ទាន​ម្នាក់​រង​របួស​យ៉ាង​ដំណំ​ឬ​ត្រូវ​ទទួល​ការ​វះ​កាត់​ដែល​នាំ​ឲ្យ​ហូរ​ឈាម​ច្រើន​នោះ? ឧបមា​ថា គ្រូ​ពេទ្យ​ប្រាប់​គ្រីស្ទាន​នោះ​ថា បើ​គាត់​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម គាត់​នឹង​ស្លាប់។ ពិត​មែន​ថា​គ្រីស្ទាន​នោះ​មិន​ចង់​ស្លាប់​ឡើយ។ ដើម្បី​រក្សា​ជីវិត​ដែល​ជា​អំណោយ​វិសេស​ពី​ព្រះ​នោះ គាត់​ព្រម​ទទួល​ការ​ព្យាបាល​ប្រភេទ​ផ្សេង​ទៀត​ដែល​មិន​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ។ ដូច្នេះ គាត់​នឹង​ខំ​រក​វិធី​ព្យាបាល​ទាំង​នេះ​ដែល​អាច​ទទួល​បាន ហើយ​ក៏​នឹង​ព្រម​ទទួល​យក​វិធី​ព្យាបាល​ផ្សេង​ៗ​ក្រៅ​ពី​ការ​ចាក់​បញ្ចូល​ឈាម។

១៥ តើ​គ្រីស្ទាន​ម្នាក់​នឹង​រំលង​ច្បាប់​ព្រះ ដើម្បី​ពន្យារ​ជីវិត​ខ្លួន​ឲ្យ​រស់​តែ​ប៉ុន្មាន​ឆ្នាំ​ក្នុង​លោកីយ៍​នេះ​ឬ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ​»។ (​ម៉ាថាយ ១៦:២៥​) យើង​មិន​ចង់​ស្លាប់​ទេ។ ប៉ុន្តែ​បើ​យើង​ខំ​សង្គ្រោះ​ជីវិត​ខ្លួន​ដោយ​រំលង​ច្បាប់​ព្រះ យើង​នឹង​អាច​បាត់​បង់​ជីវិត​ជា​រៀង​រហូត។ ហេតុ​នេះ យក​ល្អ​យើង​ទុក​ចិត្ត​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ច្បាប់​របស់​ព្រះ​ដោយ​ជឿ​ជាក់​ថា បើ​យើង​ស្លាប់​ដោយ​សារ​បុព្វ​ហេតុ​ណា​មួយ ព្រះ​ដែល​ជា​ប្រភព​ជីវិត​នឹង​នឹក​ចាំ​ពី​យើង​ក្នុង​គ្រា​ដែល​មាន​ដំណើរ​រស់​ឡើង​វិញ ហើយ​នឹង​ប្រទាន​ជីវិត​ជា​អំណោយ​វិសេស​មក​យើង​ម្ដង​ទៀត។—យ៉ូហាន ៥:២៨, ២៩; ហេព្រើរ ១១:៦

១៦​. តើ​អ្នក​បំរើ​ព្រះ​តាំង​ចិត្ត​រឹង​មាំ​ដើម្បី​ធ្វើ​អ្វី?

១៦ សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ព្រះ​តាំង​ចិត្ត​រឹង​មាំ​ក្នុង​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ទ្រង់​ស្តី​អំពី​ឈាម។ ពួក​គេ​នឹង​មិន​បរិភោគ​ឈាម​សោះ​ឡើយ។ ពួក​គេ​ក៏​នឹង​មិន​ព្រម​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម​ជា​វិធី​ព្យាបាល​នោះ​ទេ។a ពួក​គេ​ប្រាកដ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​ឈាម​ជ្រាប​ពី​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​ចំពោះ​ពួក​គេ។ តើ​អ្នក​ជឿ​ដូច្នេះ​ដែរ​ឬ​ទេ?

វិធី​តែ​មួយ​គត់​ដែល​ត្រឹម​ត្រូវ​ស្តី​អំពី​ការ​ប្រើ​ឈាម

១៧​. ចំពោះ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ តើ​វិធី​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ប្រើ​ឈាម​គឺ​ជា​អ្វី?

១៧ ក្រិត្យ​វិន័យ​ម៉ូសេ​បាន​បញ្ជាក់​វិធី​ត្រឹម​ត្រូវ​តែ​មួយ​គត់​ដែល​ត្រូវ​ប្រើ​ឈាម។ ស្តី​អំពី​ការ​ថ្វាយ​បង្គំ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​សាសន៍​អ៊ីស្រាអែល​នោះ ទ្រង់​បង្គាប់​ថា​៖ ​«​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អា​ស​នា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន​»។ (​លេវីវិន័យ ១៧:​១១​) នៅ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​បាប ពួក​គេ​អាច​ទទួល​ការ​អត់​ឱន​ទោស​ដោយ​ថ្វាយ​សត្វ​ជា​តង្វាយ​ហើយ​ដាក់​ឈាម​វា​លើ​អាសនៈ​នៅ​រោង​ឧបោសថ។ នៅ​សម័យ​ក្រោយ​ពួក​គេ​យក​តង្វាយ​ទៅ​ថ្វាយ​នៅ​ព្រះ​វិហារ​របស់​ព្រះ​វិញ។ វិធី​ត្រឹម​ត្រូវ​តែ​មួយ​គត់​ដែល​ត្រូវ​ប្រើ​ឈាម​គឺ​សំរាប់​តង្វាយ​ទាំង​នោះ។

១៨​. តើ​យើង​អាច​ទទួល​ប្រយោជន៍​និង​ពរ​អ្វី​តាម​រយៈ​ព្រះ​លោហិត​ឬ​ឈាម​របស់​ព្រះ​យេស៊ូ?

១៨ គ្រីស្ទាន​ពិត​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ​ទេ ហើយ​ហេតុ​នេះ​ពួក​គេ​មិន​ថ្វាយ​សត្វ​ជា​តង្វាយ​ឬ​ដាក់​ឈាម​សត្វ​លើ​អាសនៈ​មួយ​នោះ​ឡើយ។ (​ហេព្រើរ ១០:១​) ក៏​ប៉ុន្តែ ការ​ប្រើ​ឈាម​លើ​អាសនៈ​នៅ​សម័យ​អ៊ីស្រាអែល​ពី​បុរាណ សំដៅ​ទៅ​លើ​តង្វាយ​ដែល​មាន​តម្លៃ​ក្រៃ​លែង នោះ​គឺ​យញ្ញ​បូជា​របស់​ព្រះ​រាជបុត្រា​របស់​ព្រះ ព្រះ​យេស៊ូ​គ្រីស្ទ។ ដូច​ដែល​យើង​បាន​រៀន​នៅ​ជំពូក​ទី​៥ ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ដើម្បី​យើង ដោយ​ឲ្យ​គេ​បង្ហូរ​ព្រះ​លោហិត​ឬ​ឈាម​ទ្រង់​ជា​តង្វាយ។ រួច​មក​ទ្រង់​ឡើង​ទៅ​ស្ថាន​សួគ៌​ថ្វាយ​តម្លៃ​នៃ​ព្រះ​លោហិត​ទ្រង់​ចំពោះ​ព្រះ​មួយ​ដង​ជា​ការ​ស្រេច។ (​ហេព្រើរ ៩:១១, ១២​) នេះ​ជា​មូលដ្ឋាន​នៃ​ការ​អត់​ឱន​ទោស​បាប​របស់​យើង​ហើយ​ក៏​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត។ (​ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦​) ការ​ប្រើ​ឈាម​តាម​វិធី​នេះ​ពិត​ជា​សំខាន់​ណាស់! (​ពេត្រុស​ទី១ ១:១៨, ១៩​) យើង​ត្រូវ​មាន​ជំនឿ​លើ​តម្លៃ​នៃ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បង្ហូរ​នោះ ទើប​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន។

១៩​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច‹បរិសុទ្ធ​ពី​ឈាម​របស់​មនុស្ស​ទាំង​អស់›?

១៩ យើង​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ពី​ព្រោះ​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រទាន​អំណោយ​មួយ​មក​យើង គឺ​ជីវិត! ហើយ​កតញ្ញូ​ធម៌​នោះ​គួរ​ជំរុញ​ឲ្យ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ឱកាស​ទទួល​ជីវិត​ជា​រៀង​រហូត​ដោយ​មាន​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ មែន​ទេ? បើ​យើង​មាន​អារម្មណ៍​ដូច​ព្រះ​ដោយ​ចង់​ជួយ​ឲ្យ​មនុស្ស​បាន​ជីវិត​ជា​រៀង​រហូត​នោះ ចំណង់​នោះ​នឹង​ជំរុញ​ឲ្យ​យើង​ខ្នះ​ខ្នែង​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​រំភើប។ (​អេសេគាល ៣:១៧​-​២១​) បើ​យើង​ព្យាយាម​បំពេញ​ភារកិច្ច​នេះ យើង​នឹង​អាច​និយាយ​ដូច​សាវ័ក​ប៉ុល​ថា​៖ ‹ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​មនុស្ស​ទាំង​អស់ ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ›។ (​កិច្ច​ការ ២០:២៦, ២៧​) ការ​ប្រាប់​មនុស្ស​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់​ជា​វិធី​ល្អ​មួយ​ដែល​យើង​អាច​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ជីវិត​និង​ឈាម។

[កំណត់​សម្គាល់]

a ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​ស្តី​អំពី​វិធី​ព្យាបាល​ដែល​មិន​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ឈាម​នោះ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០០៤ ទំព័រ​២៨​-​៣២ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ជីវិត​ជា​អំណោយ​ពី​ព្រះ។—ទំនុក​ដំកើង ៣៦:៩; វិវរណៈ ៤:១១

▪ ការ​ពន្លូត​កូន​គឺ​ជា​ការ​ខុស ដោយ​សារ​ជីវិត​នៃ​ទារក​នោះ​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ។—​និក្ខមនំ ២១:២២, ២៣; ទំនុក​ដំកើង ១២៧:៣

▪ យើង​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​ដោយ​មិន​ប្រថុយ​ជីវិត​និង​ដោយ​មិន​បរិភោគ​ឈាម។—​ចោទិយកថា ៥:១៧; កិច្ច​ការ ១៥:២៨, ២៩

[ប្រអប់​/​រូប​ភាព​នៅ​ទំព័រ​១៤៦]

យើង​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត

▪ ដោយ​មិន​ពន្លូត​កូន

▪ ដោយ​លះ​ចោល​ទម្លាប់​ស្មោក​គ្រោក

▪ ដោយ​ជំ​រះ​ការ​ស្អប់​ចេញ​ពី​ចិត្ត​យើង​ឲ្យ​អស់

១. កូននៅក្នុងផ្ទៃម្ដាយ; ២. មនុស្សម្នាក់កំពុងច្របាច់បំផ្លាញបារីមួយកញ្ចប់; ៣. មិត្ដភក្ដិពីរនាក់ដែលមានសាសន៍ផ្សេងគ្នា

[រូបភាពនៅទំព័រ១៥១]

បើ​គ្រូ​ពេទ្យ​ប្រាប់​អ្នក​ឲ្យ​ជៀស​វាង​ការ​ពិសា​ស្រា តើ​អ្នក​នឹង​ចាក់​បញ្ចូល​ស្រា​តាម​សរសៃ​ឬ​ទេ?

[រូប​ភាព​នៅ​ទំព័រ​១៥២]

តើ​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​និង​ឈាម​យ៉ាង​ដូច​ម្ដេច?

​​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក