បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៤៤-ទំ. ២៤៦ វ. ២
  • តើថ្ងៃជំនុំជំរះជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើថ្ងៃជំនុំជំរះជាអ្វី?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • ថ្ងៃជំនុំជំរះ និងក្រោយពីពេលនោះ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៤៤-ទំ. ២៤៦ វ. ២

ការ​ពន្យល់​បន្ថែម

តើ​ថ្ងៃ​ជំនុំ​ជំ​រះ​ជា​អ្វី?

ពេល​ដែល​ឮ​ពាក្យ​ថា ថ្ងៃ​ជំនុំ​ជំ​រះ តើ​អ្នក​គិត​អំពី​អ្វី? មនុស្ស​ជា​ច្រើន​គិត​ថា​មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​នាំ​មក​ម្នាក់​ម្ដង​ៗ ឲ្យ​ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​ទ្រង់​នឹង​ជំនុំ​ជំ​រះ​ពួក​គេ។ មនុស្ស​ខ្លះ​នឹង​ទទួល​ជីវិត​នៅ​ស្ថាន​បរមសុខ​នៅ​ស្ថាន​សួគ៌ រីឯ​អ្នក​ឯ​ទៀត​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ទទួល​រង​ទារុណកម្ម​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​គ្រា​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​នេះ។ ព្រះ​បន្ទូល​របស់​ព្រះ​រៀប​រាប់​ថា ថ្ងៃ​ជំនុំ​ជំ​រះ​មិន​មែន​ជា​គ្រា​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​ទេ តែ​ជា​គ្រា​ដែល​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹម​ហើយ​ក៏​ជា​គ្រា​នៃ​ការ​ធ្វើ​អ្វី​ៗ​ជា​ថ្មី​ឡើង​វិញ។

នៅ​វិវរណៈ ២០:១១, ១២ យើង​អាន​ការ​ពណ៌នា​របស់​សាវ័ក​យ៉ូហាន​អំពី​ថ្ងៃ​ជំនុំ​ជំ​រះ​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ នឹង​ព្រះ​អង្គ​ដែល​គង់​លើ ឯ​ផែន​ដី នឹង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ​ជំ​រះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន​»។

ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ជាតិ។ ក៏​ប៉ុន្តែ​ទ្រង់​ប្រគល់​កិច្ច​ការ​ជំនុំ​ជំ​រះ​ដល់​បុគ្គល​មួយ​អង្គ​ទៀត។ យោង​ទៅ​តាម​កិច្ច​ការ ១៧:៣១ សាវ័ក​ប៉ុល​ប្រាប់​ថា​ព្រះ​«​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជំ​រះ​លោ​កី​យ​ដោយ​យុត្ដិធម៌ ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំ​រូ​វ​រួច​ហើយ​»។ ចៅ​ក្រម​ដែល​ត្រូវ​តែង​តាំង​នេះ​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូហាន ៥:២២​) ប៉ុន្តែ តើ​ថ្ងៃ​ជំនុំ​ជំ​រះ​ចាប់​ផ្ដើម​នៅ​ពេល​ណា? តើ​ថ្ងៃ​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន?

សៀវភៅ​វិវរណៈ​ឲ្យ​ដឹង​ថា​ថ្ងៃ​ជំនុំ​ជំ​រះ​ចាប់​ផ្ដើម​ក្រោយ​សង្គ្រាម​អើម៉ាគេដូន បន្ទាប់​ពី​របប​លោកីយ៍​របស់​សាតាំង​ត្រូវ​បំផ្លាញ​ចោល​ហើយ។a (​វិវរណៈ ១៦:១៤, ១៦; ១៩:​១៩–២០:៣​) ក្រោយ​សង្គ្រាម​អើម៉ាគេដូន សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​ត្រូវ​ដាក់​ក្នុង​ជង្ហុក​ធំ​អស់​មួយ​ពាន់​ឆ្នាំ។ ក្នុង​កំលុង​គ្រា​នោះ មនុស្ស​១៤៤.០០០​នាក់​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ធ្វើ​ជា​ចៅ​ក្រម ថែម​ទាំង​នឹង​«​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ​»។ (​វិវរណៈ ១៤:១​-​៣; ២០:១​-​៤; រ៉ូម ៨:១៧​) ថ្ងៃ​ជំនុំ​ជំ​រះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​នោះ​ទេ។ ថ្ងៃ​ជំនុំ​ជំ​រះ​មាន​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

ក្នុង​កំលុង​មួយ​ពាន់​ឆ្នាំ​នោះ ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​«​ជំនុំ​ជំ​រះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង​»។ (​ធីម៉ូថេ​ទី២ ៤:១​) ​«​មនុស្ស​រស់​»​ជា​«​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​»​ដែល​រួច​រស់​ជីវិត​នៅ​សង្គ្រាម​អើម៉ាគេដូន។ (​វិវរណៈ ៧:៩​-​១៧​) សាវ័ក​យ៉ូហាន​ក៏​បាន​ឃើញ​«​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​»​នៅ​ចំពោះ​បល្ល័ង្ក​រង់​ចាំ​ទទួល​ការ​ជំនុំ​ជំ​រះ។ ដូច​ព្រះ​យេស៊ូ​បាន​សន្យា​នោះ ​«​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង[​ព្រះ​គ្រីស្ទ​] ហើយ​នឹង​ចេញ​មក​»​តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូហាន ៥:២៨, ២៩; កិច្ច​ការ ២៤:១៥​) ក៏​ប៉ុន្តែ តើ​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ត្រូវ​ជំនុំ​ជំ​រះ​ដោយ​ផ្អែក​លើ​អ្វី?

យោង​ទៅ​តាម​ចក្ខុនិមិត្ត​ដែល​សាវ័ក​យ៉ូហាន​ឃើញ​នោះ ​«​បញ្ជី​ក៏​បាន​បើក​ឡើង​»​រួច​មក​​«​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ​ជំ​រះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន​»។ តើ​បញ្ជី​ទាំង​នេះ​រៀប​រាប់​ពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​ឬ? មិន​មែន​ទេ! ដ្បិត​ការ​ជំនុំ​ជំ​រះ​នេះ​មិន​ផ្អែក​លើ​អ្វី​ដែល​មនុស្ស​ធ្លាប់​ធ្វើ​មុន​ពេល​ដែល​គេ​ស្លាប់​នោះ​ទេ។ ហេតុ​អ្វី​យើង​ដឹង? ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ​»។ (​រ៉ូម ៦:៧​) ហេតុ​នោះ​បាប​របស់​អ្នក​ដែល​រស់​ឡើង​វិញ​បាន​ត្រូវ​លុប​ចោល​រួច​រាល់​អស់​ហើយ។ បើ​ដូច្នេះ​បញ្ជី​ទាំង​នេះ​ត្រូវ​តំណាង​តម្រូវ​ការ​ឯ​ទៀត​របស់​ព្រះ។ ដើម្បី​រស់​ជា​រៀង​រហូត​នោះ អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​អ្នក​ដែល​រួច​រស់​ជីវិត​នៅ​សង្គ្រាម​អើម៉ាគេដូន ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ រួម​ទាំង​តម្រូវ​ការ​ថ្មី​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មាន​បន្ទូល​មក​ក្នុង​កំលុង​មួយ​ពាន់​ឆ្នាំ​នោះ។ យ៉ាង​នេះ​មនុស្ស​នឹង​ត្រូវ​ជំនុំ​ជំ​រះ​អាស្រ័យ​លើ​អ្វី​ដែល​ពួក​គេ​ប្រព្រឹត្ត​ក្នុង​កំលុង​ថ្ងៃ​ជំនុំ​ជំ​រះ។

ថ្ងៃ​ជំនុំ​ជំ​រះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​រាប់​ពាន់​លាន​នាក់​រៀន​ជា​លើក​ដំបូង អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ហើយ​អនុលោម​តាម​ព្រះ​ហឫទ័យ​ទ្រង់។ នេះ​មាន​ន័យ​ថា​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ការ​ទទួល​ការ​អប់រំ។ ពិត​មែន‹មនុស្ស​នៅ​លោ​កី​យ​នឹង​រៀន​តាម​សេចក្ដី​សុចរិត›។ (​អេសាយ ២៦:៩​) ក៏​ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​នឹង​សុខ​ចិត្ត​អនុលោម​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ។ អេសាយ ២៦:១០​ចែង​ថា​៖ ​«​បើ​សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធានុភាព​នៃ​ព្រះ​យេហូវ៉ា​ឡើយ​»។ នៅ​ថ្ងៃ​ជំនុំ​ជំ​រះ មនុស្ស​ទុច្ចរិត​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល មិន​អាច​រស់​ឡើង​វិញ​ទៀត​ឡើយ។—អេសាយ ៦៥:២០

ពេល​មក​ដល់​ទី​បញ្ចប់​នៃ​ថ្ងៃ​ជំនុំ​ជំ​រះ​នោះ មនុស្ស​ដែល​បាន​រួច​រស់​ជីវិត នឹង​«​រស់​វិញ​»​ក្នុង​អត្ថន័យ​ពិត​ប្រាកដ ដោយ​ព្រោះ​ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ហើយ។ (​វិវរណៈ ២០:៥​) ដូច្នេះ​ថ្ងៃ​ជំនុំ​ជំ​រះ​នឹង​នាំ​ឲ្យ​មនុស្ស​ជាតិ​មាន​ភាព​គ្រប់​ល័ក្ខណ៍​ដូច​ដើម​ដំបូង​វិញ។ (​កូរិនថូស​ទី១ ១៥:២៤​-​២៨​) រួច​មក​នឹង​មាន​ការ​ល្បង​ល​ជា​ចុង​បញ្ចប់។ សាតាំង​នឹង​ត្រូវ​ដោះ​លែង​ពី​ជង្ហុក​ធំ​ហើយ​អនុញ្ញាត​ឲ្យ​ខំ​នាំ​មនុស្ស​ឲ្យ​វង្វេង​មួយ​ដង​ទៀត​ជា​លើក​ចុង​ក្រោយ។ (​វិវរណៈ ២០:៣, ៧​-​១០​) អ្នក​ដែល​មិន​ព្រម​តាម​វា​នឹង​បាន​រីក​រាយ​ចំពោះ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​ទំនុក​ដំកើង ៣៧:២៩​) ថ្ងៃ​ជំនុំ​ជំ​រះ​នឹង​ផ្ដល់​ពរ​ចំពោះ​មនុស្ស​ស្មោះ​ត្រង់​ពិត​មែន!

[កំណត់​សម្គាល់]

a ស្តី​អំពី​សង្គ្រាម​អើម៉ាគេដូន​សូម​មើល​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ ជំពូក​ទី​២០ ហើយ​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី១ ទំព័រ​៥៩៤​-​៥៩៥, ១០៣៧​-​១០៣៨ (​Insight on the Scriptures, Volume 1, pages 594-5, 1037-8​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក