ជំពូកទី១
«ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ»
សេចក្ដីសង្ខេបនៃសកម្មភាពរបស់ពួកសាវ័ក និងរបៀបដែលនោះទាក់ទងនឹងយើងនៅសព្វថ្ងៃ
១-៦. សូមរៀបរាប់បទពិសោធន៍របស់សាក្សីខ្លះដែលខំព្យាយាមផ្សព្វផ្សាយក្នុងស្ថានភាពផ្សេងៗ។
យុវតីម្នាក់ឈ្មោះរេបិកា នាងជាសាក្សីព្រះយេហូវ៉ានៅប្រទេសហ្គាណា។ នាងបានចាត់ទុកសាលារបស់នាង ជាតំបន់ផ្សាយផ្ទាល់ខ្លួន។ នាងតែងដាក់សៀវភៅដែលមានមូលដ្ឋានពីគម្ពីរក្នុងកាតាបរបស់នាងជានិច្ច។ នៅពេលចេញលេង នាងរមែងរកឱកាសដើម្បីផ្សព្វផ្សាយដល់សិស្សឯទៀត។ ជាលទ្ធផល នាងបានបង្រៀនគម្ពីរដល់សិស្សរួមថ្នាក់មួយចំនួន។
២ នៅកោះម៉ាដាហ្គាស្កា ស្ថិតនៅសមុទ្រភាគខាងកើតនៃទ្វីបអាហ្វ្រិក អ្នកត្រួសត្រាយពីរនាក់បានដើរជាទៀងទាត់ទៅកាន់ភូមិដាច់ស្រយាលមួយ ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ក្នុងអាកាសធាតុក្ដៅហែង។ ពួកគាត់ទៅទីនោះ ដើម្បីបង្រៀនគម្ពីរដល់មនុស្សខ្លះដែលចាប់អារម្មណ៍។
៣ នៅប្រទេសប៉ារ៉ាហ្គាយ សាក្សីព្រះយេហូវ៉ាដែលរស់នៅទីនោះ និងបងប្អូនស្ម័គ្រចិត្តដែលមកពី១៥ប្រទេស បានសហការគ្នាសាងសង់ផ្ទះបណ្ដែតទឹកមួយ ដើម្បីទៅជួបប្រជាជនដែលរស់នៅតាមដងទន្លេប៉ារ៉ាណា។ ផ្ទះបណ្ដែតទឹកនោះមានទម្ងន់៤៥តោន ធំល្មមសម្រាប់មនុស្ស១២នាក់រស់នៅ។ តាមរយៈផ្ទះបណ្ដែតទឹកនោះ អ្នកប្រកាសដ៏ខ្នះខ្នែងអំពីរាជាណាចក្របានផ្សព្វផ្សាយដំណឹងល្អទៅដល់តំបន់ផ្សេងៗ ដែលធម្មតាមិនអាចទៅដល់ក្រៅពីវិធីនេះ។
៤ នៅតំបន់ភាគខាងជើងសហរដ្ឋអាម៉េរិក សាក្សីព្រះយេហូវ៉ានៅរដ្ឋអាឡាស្កាបានឆ្លៀតយកឱកាសពិសេសមួយ ដើម្បីផ្សព្វផ្សាយក្នុងរដូវក្ដៅដែលមានភ្ញៀវទេសចរណ៍ច្រើន។ នៅរដូវនោះ កប៉ាល់ពេញដោយភ្ញៀវទេសចរណ៍ពីបណ្ដាប្រទេសផ្សេងៗ។ ដូច្នេះ សាក្សីព្រះយេហូវ៉ាដែលរស់នៅទីនោះបានទៅកំពង់ផែ ហើយដាក់តាំងសៀវភៅជាភាសាផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ យ៉ាងគួរឲ្យចាប់អារម្មណ៍។ នៅតំបន់នោះដែរ យន្តហោះជាមធ្យោបាយដ៏មានប្រយោជន៍ក្នុងការទៅដល់ភូមិដាច់ស្រយាល។ ដោយហេតុនេះ ដំណឹងល្អបានត្រូវផ្សព្វផ្សាយទៅដល់ភូមិមួយចំនួនដូចជា អាលីយ៉ូត អាត់ថាប៉ាស់ស្កេន ស៊ីមសៀន និងឃ្លីនកេត។
៥ នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក បងប្រុសម្នាក់ឈ្មោះលែរី ចាត់ទុកមណ្ឌលថែទាំអ្នកជំងឺដែលគាត់ស្នាក់នៅ ជាតំបន់ផ្សាយពិសេសមួយ។ ទោះជាគាត់ត្រូវអង្គុយជាប់លើកៅអីរុញ បន្ទាប់ពីមានគ្រោះថ្នាក់ក៏ដោយ គាត់នៅតែបន្តជាប់រវល់ជានិច្ច។ គាត់តែងតែប្រាប់អ្នកឯទៀតអំពីរាជាណាចក្រព្រះ និងអំពីសេចក្ដីសង្ឃឹមក្នុងគម្ពីរថា នៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ គាត់អាចដើរម្ដងទៀតបាន។—អេ. ៣៥:៥, ៦
៦ ដើម្បីចូលរួមសន្និបាតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា សាក្សីព្រះយេហូវ៉ាមួយក្រុមបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ ដោយជិះសាឡាងពីក្រុងម៉ាន់ដាឡៃ។ ពួកគាត់ក៏បានយកសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរទៅជាមួយដែរ ដោយសារចង់ផ្សព្វផ្សាយដល់អស់អ្នកដែលជិះសាឡាងជាមួយគ្នា។ រាល់លើកដែលសាឡាងឈប់នៅភូមិឬក្រុងណាមួយ អ្នកផ្សាយដែលមានចិត្តរំភើបទាំងនោះក៏ប្រញាប់ចុះពីសាឡាង ហើយចូលទៅក្នុងភូមិ ដើម្បីស្នើផ្ដល់សៀវភៅពីគម្ពីរដល់អ្នកភូមិ។ ក្នុងអំឡុងពេលនោះ មានអ្នកដំណើរថ្មីឡើងជិះសាឡាង ហើយនេះប្រៀបដូចជា«តំបន់ថ្មី»សម្រាប់ពួកអ្នកផ្សព្វផ្សាយ ពេលដែលពួកគាត់ត្រឡប់មកសាឡាងវិញ។
៧. តើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាប្រើវិធីអ្វីខ្លះ ដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ? ហើយតើពួកគាត់មានគោលដៅអ្វី?
៧ ដូចបទពិសោធន៍របស់បងប្អូនទាំងនោះដែរ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងខ្នះខ្នែងនៅទូទាំងពិភពលោក កំពុង«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ»។ (សកម្ម. ២៨:២៣) ពួកគាត់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ផ្សព្វផ្សាយតាមផ្លូវ ផ្សព្វផ្សាយតាមទូរស័ព្ទ និងសរសេរសំបុត្រជាដើម។ មិនថាពេលជិះឡានក្រុង ពេលដើរលេងក្នុងសួន ឬពេលសម្រាកនៅកន្លែងធ្វើការទេ ពួកគាត់ស្វែងរកគ្រប់ឱកាសដើម្បីប្រាប់អំពីរាជាណាចក្ររបស់ព្រះ។ ទោះជាពួកគាត់ប្រហែលជាប្រើវិធីផ្សេងៗក៏ដោយ ពួកគាត់មានគោលដៅដូចគ្នា ពោលគឺផ្សព្វផ្សាយដំណឹងល្អដល់មនុស្សគ្រប់ទីកន្លែង។—ម៉ាថ. ១០:១១
៨, ៩. (ក) ហេតុអ្វីការរីកចម្រើននៃកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះគឺជាអព្ភូតហេតុ? (ខ) តើនេះនាំឲ្យមានសំណួរដ៏គួរឲ្យចាប់អារម្មណ៍អ្វី? ហើយតើយើងត្រូវធ្វើអ្វីដើម្បីស្វែងរកចម្លើយ?
៨ អ្នកអានជាទីស្រឡាញ់ តើអ្នកនៅក្នុងចំណោមមនុស្សដែលកំពុងប្រកាសដំណឹងល្អអំពីរាជាណាចក្រ នៅជាង២៣៥ប្រទេសឬទេ? បើដូច្នោះមែន អ្នកកំពុងរួមចំណែកក្នុងការជឿនទៅមុខដ៏គួរឲ្យរំភើបចិត្ត នៃកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ! អ្វីដែលបានសម្រេចក្នុងកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក គឺជាអព្ភូតហេតុមួយ។ ទោះជាជួបឧបសគ្គឬទុក្ខលំបាកផ្សេងៗ ហើយជួនកាលត្រូវរដ្ឋាភិបាលដាក់បម្រាមនិងបៀតបៀនយ៉ាងខ្លាំងក្ដី សាក្សីព្រះយេហូវ៉ានៅតែបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្រព្រះ ដល់មនុស្សគ្រប់ជាតិសាសន៍។
៩ នេះនាំឲ្យយើងឆ្ងល់ថា ហេតុអ្វីបានជាគ្មានឧបសគ្គឬការប្រឆាំងណាពីសាថាន អាចបញ្ឈប់ការរីកចម្រើននៃកិច្ចការផ្សព្វផ្សាយ? ដើម្បីដឹងចម្លើយ សូមឲ្យយើងគិតអំពីការផ្សព្វផ្សាយនៅសតវត្សរ៍ទី១ គ.ស. ពីព្រោះសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃកំពុងបន្តធ្វើកិច្ចការ ដែលបានចាប់ផ្ដើមតាំងពីគ្រានោះមក។
កិច្ចការដែលទៅដល់កន្លែងឆ្ងាយៗនិងធ្វើឥតឈប់
១០. តើលោកយេស៊ូបានប្រើជីវិតរបស់លោកដើម្បីធ្វើអ្វី? ហើយតើលោកបានដឹងអ្វីអំពីកិច្ចការនេះ?
១០ លោកយេស៊ូជាអ្នកបង្កើតក្រុមជំនុំគ្រិស្តសាសនិក។ លោកបានប្រើជីវិតរបស់លោក ដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ កិច្ចការនេះសំខាន់ណាស់សម្រាប់លោក។ លោកបានពន្យល់ថា៖ «ខ្ញុំក៏ត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូក. ៤:៤៣) លោកយេស៊ូដឹងថា លោកមិនអាចបង្ហើយកិច្ចការដែលលោកបានចាប់ផ្ដើមនោះ ដោយខ្លួនលោកបានទេ។ មិនយូរមុនលោកយេស៊ូស្លាប់ លោកបានប្រាប់ថាដំណឹងអំពីរាជាណាចក្រព្រះ នឹងត្រូវផ្សព្វផ្សាយ«ដល់គ្រប់ប្រជាជាតិ»។ (ម៉ាក. ១៣:១០) ប៉ុន្តែ តើកិច្ចការនេះនឹងត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងដោយអ្នកណា?
«ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ»។—ម៉ាថាយ ២៨:១៩
១១. តើលោកយេស៊ូបានប្រគល់កិច្ចការដ៏សំខាន់អ្វីដល់ពួកអ្នកកាន់តាមលោក? ហើយតើពួកគេទទួលជំនួយអ្វីខ្លះដើម្បីបំពេញកិច្ចការនេះ?
១១ ក្រោយពីលោកយេស៊ូស្លាប់ ហើយរស់ឡើងវិញ លោកបានលេចមកជួបពួកអ្នកកាន់តាម ហើយបានប្រគល់កិច្ចការដ៏សំខាន់នេះដល់ពួកគេ ដោយបង្គាប់ថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមឫទ្ធានុភាពបរិសុទ្ធរបស់លោក រួចបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:១៩, ២០) ពាក្យដែលថា«ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»បញ្ជាក់ថា ពួកអ្នកកាន់តាមនឹងទទួលការគាំទ្រពីលោកក្នុងកិច្ចការផ្សព្វផ្សាយ និងការជួយមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោក។ ពួកគេច្បាស់ជាត្រូវការការគាំទ្របែបនេះមែន ពីព្រោះលោកយេស៊ូបានប្រាប់ទុកជាមុនថា«ប្រជាជាតិទាំងឡាយនឹងស្អប់»ពួកគេ។ (ម៉ាថ. ២៤:៩) ពួកអ្នកកាន់តាមក៏នឹងទទួលជំនួយពីប្រភពមួយទៀតដែរ។ តើនោះជាអ្វី? មិនយូរមុនលោកយេស៊ូឡើងទៅស្ថានសួគ៌ លោកប្រាប់ពួកអ្នកកាន់តាមថា ពួកគេនឹងទទួលឫទ្ធានុភាពបរិសុទ្ធដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីលោក «រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្ម. ១:៨
១២. តើសៀវភៅសកម្មភាពឆ្លើយសំណួរសំខាន់អ្វីខ្លះ? ហើយហេតុអ្វីជាការចាំបាច់ដែលយើងត្រូវដឹងចម្លើយ?
១២ ឥឡូវមានសំណួរសំខាន់ខ្លះដូចជា តើពួកសាវ័កនិងពួកអ្នកកាន់តាមឯទៀតនៅសតវត្សរ៍ទី១ បានបំពេញភារកិច្ចរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ឬទេ? ទោះជាប្រឈមមុខនឹងការបៀតបៀនយ៉ាងសាហាវក៏ដោយ តើគ្រិស្តសាសនិកមួយក្រុមតូចនេះបានធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្រព្រះឬទេ? តើពួកគេបានទទួលការគាំទ្រពីស្ថានសួគ៌ និងទទួលជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា ក្នុងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្តឬទេ? សំណួរទាំងនេះនិងសំណួរដែលទាក់ទងនឹងរឿងនេះ មានចម្លើយនៅក្នុងសៀវភៅសកម្មភាព។ គឺជាការចាំបាច់ណាស់ដែលយើងត្រូវដឹងចម្លើយទាំងនោះ។ ហេតុអ្វី? លោកយេស៊ូបានសន្យាថា កិច្ចការដែលលោកបានប្រគល់ឲ្យយើង នឹងបន្ត«រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ ដូច្នេះ ភារកិច្ចនេះទាក់ទងនឹងគ្រិស្តសាសនិកពិតទាំងអស់ រួមបញ្ចូលយើងទាំងអស់គ្នាដែលកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់នេះ។ ម្ល៉ោះហើយ យើងចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកំណត់ហេតុប្រវត្តិសាស្ត្រ ដែលបានត្រូវរៀបរាប់ក្នុងសៀវភៅសកម្មភាព។
សេចក្ដីសង្ខេបនៃសៀវភៅសកម្មភាព
១៣, ១៤. (ក) តើអ្នកណាសរសេរសៀវភៅសកម្មភាព? ហើយតើគាត់បានទទួលព័ត៌មានមកពីណា? (ខ) តើសៀវភៅសកម្មភាពរៀបរាប់អំពីអ្វីខ្លះ?
១៣ តើអ្នកណាបានសរសេរសៀវភៅសកម្មភាព? នៅក្នុងសៀវភៅនេះមិនបានប្រាប់ឈ្មោះរបស់អ្នកសរសេរទេ តែពាក្យផ្ដើមក្នុងសៀវភៅនេះបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសរសេរសៀវភៅសកម្មភាព ក៏ជាអ្នកដែលបានសរសេរសៀវភៅដំណឹងល្អរៀបរាប់ដោយលូកាដែរ។ (លូក. ១:១-៤; សកម្ម. ១:១, ២) ហេតុនេះ តាំងពីដើមដំបូង លូកាដែលជា«គ្រូពេទ្យជាទីស្រឡាញ់»និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រយ៉ាងហ្មត់ចត់ បានត្រូវគេចាត់ទុកថាជាអ្នកសរសេរសៀវភៅសកម្មភាព។ (កូឡ. ៤:១៤) សៀវភៅសកម្មភាពរៀបរាប់អំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេលប្រហែល២៨ឆ្នាំ គឺចាប់ពីពេលដែលលោកយេស៊ូឡើងទៅស្ថានសួគ៌នៅឆ្នាំ៣៣ គ.ស. រហូតដល់គ្រាដែលសាវ័កប៉ូលជាប់គុកនៅក្រុងរ៉ូមប្រហែលនៅឆ្នាំ៦១ គ.ស.។ ក្នុងសំណេររបស់លូកា គាត់បានប្ដូរពាក្យ«ពួកគាត់»ទៅជាពាក្យ«យើង»វិញ នេះបញ្ជាក់ថាគាត់ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលគាត់បានរៀបរាប់ដែរ។ (សកម្ម. ១៦:៨-១០; ២០:៥; ២៧:១) លូកាដែលជាអ្នកស្រាវជ្រាវដ៏ល្អិតល្អន់នេះ ប្រាកដជាបានទទួលព័ត៌មានដោយផ្ទាល់ពីប៉ូល បាណាបាស ភីលីព និងអ្នកឯទៀតដែលបានត្រូវរៀបរាប់ក្នុងកំណត់ហេតុរបស់គាត់។
១៤ តើសៀវភៅសកម្មភាពរៀបរាប់អំពីអ្វីខ្លះ? មុនពេលនោះ ក្នុងសៀវភៅដំណឹងល្អរៀបរាប់ដោយលូកា គាត់បានសរសេរអំពីអ្វីៗដែលលោកយេស៊ូបានមានប្រសាសន៍និងបានធ្វើ។ ប៉ុន្តែ នៅក្នុងសៀវភៅសកម្មភាពវិញ លូកាបានរៀបរាប់អំពីអ្វីដែលពួកអ្នកកាន់តាមលោកយេស៊ូបាននិយាយនិងបានធ្វើ។ សៀវភៅសកម្មភាពក៏រៀបរាប់ដែរ អំពីអស់អ្នកដែលបានសម្រេចកិច្ចការដ៏អស្ចារ្យ ទោះជាពួកគេជាច្រើនបានត្រូវអ្នកឯទៀតចាត់ទុកថា ជា«ជនសាមញ្ញ ហើយមិនបានរៀនសូត្រ»ក៏ដោយ។ (សកម្ម. ៤:១៣) បើនិយាយឲ្យខ្លី កំណត់ហេតុនេះដែលសរសេរក្រោមការដឹកនាំរបស់ព្រះ ប្រាប់យើងអំពីរបៀបដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង និងរបៀបដែលក្រុមជំនុំបានរីកចម្រើន។ សៀវភៅសកម្មភាពបង្ហាញអំពីរបៀបផ្សព្វផ្សាយរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ និងអំពីចិត្តគំនិតរបស់ពួកគេចំពោះកិច្ចបម្រើផ្សាយ។ (សកម្ម. ៤:៣១; ៥:៤២) សៀវភៅនេះក៏រៀបរាប់ដែរអំពីតួនាទីរបស់ឫទ្ធានុភាពបរិសុទ្ធ ក្នុងការធ្វើឲ្យដំណឹងល្អរីកសុសសាយ។ (សកម្ម. ៨:២៩, ៣៩, ៤០; ១៣:១-៣; ១៦:៦; ១៨:២៤, ២៥) សៀវភៅសកម្មភាពសង្កត់ធ្ងន់ទៅលើគោលរឿងក្នុងគម្ពីរ គឺអំពីការធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ តាមរយៈរាជាណាចក្ររបស់លោកក្រោមការគ្រប់គ្រងរបស់គ្រិស្ត។ មិនត្រឹមតែប៉ុណ្ណោះ ក៏បង្ហាញដែរអំពីការជឿនទៅមុខនៃដំណឹងរាជាណាចក្រព្រះ ទោះជាមានការប្រឆាំងយ៉ាងសាហាវក្ដី។—សកម្ម. ៨:១២; ១៩:៨; ២៨:៣០, ៣១
១៥. តើការពិនិត្យមើលសៀវភៅសកម្មភាពនាំឲ្យយើងទទួលប្រយោជន៍អ្វីខ្លះ?
១៥ ការពិនិត្យមើលសៀវភៅសកម្មភាព គឺពិតជាគួរឲ្យរំភើបចិត្ត និងពង្រឹងជំនឿយើងមែន! បើយើងរំពឹងគិតអំពីភាពក្លាហាន និងភាពខ្នះខ្នែងរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ នោះនឹងជួយយើងឲ្យមានចិត្តគំនិតដូចពួកគាត់ ហើយក៏ជំរុញចិត្តយើងឲ្យយកតម្រាប់ជំនឿរបស់ពួកគាត់ដែរ។ ដូច្នេះ យើងនឹងមានលក្ខណៈសព្វគ្រប់ដើម្បីបំពេញភារកិច្ចរបស់យើង ក្នុងការ«ទៅបង្រៀនមនុស្ស . . . ឲ្យក្លាយជាអ្នកកាន់តាម»គ្រិស្ត។ សៀវភៅដែលអ្នកកំពុងអាននេះ បានត្រូវរៀបចំឡើងដើម្បីជួយអ្នក ឲ្យសិក្សាសៀវភៅសកម្មភាពយ៉ាងស៊ីជម្រៅ។
សៀវភៅនេះជាជំនួយសិក្សាគម្ពីរ
១៦. តើសៀវភៅនេះមានគោលដៅអ្វីខ្លះ?
១៦ តើសៀវភៅនេះមានគោលដៅអ្វីខ្លះ? សៀវភៅនេះមានគោលដៅបី (១) ដើម្បីជួយពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាកំពុងប្រើឫទ្ធានុភាពបរិសុទ្ធដើម្បីគាំទ្រកិច្ចការផ្សព្វផ្សាយរាជាណាចក្រ និងការជួយមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត (២) ដើម្បីជួយយើងឲ្យកាន់តែមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ គឺដោយពិនិត្យមើលគំរូរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ និង(៣) ដើម្បីជួយយើងឲ្យកាន់តែគោរពអង្គការរបស់ព្រះយេហូវ៉ា ពួកអ្នកនាំមុខក្នុងកិច្ចការផ្សព្វផ្សាយ និងពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។
១៧, ១៨. តើសៀវភៅនេះបានត្រូវរៀបចំយ៉ាងដូចម្ដេច? ហើយតើមានលក្ខណៈអ្វីខ្លះដែលជួយយើងក្នុងការសិក្សាផ្ទាល់ខ្លួន?
១៧ តើសៀវភៅនេះបានត្រូវរៀបចំយ៉ាងដូចម្ដេច? អ្នកនឹងសង្កេតឃើញថា សៀវភៅនេះបានត្រូវបែងចែកជា៨ផ្នែក ហើយផ្នែកនីមួយៗរៀបរាប់អំពីព្រឹត្តិការណ៍មួយក្នុងសៀវភៅសកម្មភាព។ គោលដៅនៃជំពូកនីមួយៗ គឺមិនមែនបកស្រាយពីខគម្ពីរមួយទៅខគម្ពីរមួយនោះទេ តែដើម្បីជួយយើងទាញមេរៀនពីព្រឹត្តិការណ៍ដែលបានកត់ទុកក្នុងសៀវភៅសកម្មភាព និងបង្ហាញអំពីរបៀបដែលយើងអាចអនុវត្តមេរៀនទាំងនោះក្នុងជីវិតប្រចាំថ្ងៃ។ នៅដើមជំពូកនីមួយៗ មានការសង្ខេបអំពីគោលចំណុចនៃជំពូកនោះ ហើយមានបទគម្ពីរពីសៀវភៅសកម្មភាពដែលនឹងត្រូវបកស្រាយ។
១៨ ម្យ៉ាងទៀត សៀវភៅនេះក៏មានលក្ខណៈផ្សេងទៀត ដែលនឹងជួយយើងក្នុងការសិក្សាផ្ទាល់ខ្លួនដែរ។ សៀវភៅនេះមានរូបភាពស្អាតៗ ដែលពណ៌នាអំពីព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបក្នុងសៀវភៅសកម្មភាព។ នេះនឹងជួយយើងឲ្យស្រមៃគិតអំពីអ្វីដែលកំពុងកើតឡើង កាលដែលយើងរំពឹងគិតកំណត់ហេតុក្នុងគម្ពីរ។ ក្នុងជំពូកជាច្រើន មានប្រអប់ផ្ដល់ព័ត៌មានបន្ថែម។ ប្រអប់ខ្លះរៀបរាប់អំពីជំនឿរបស់បុគ្គលក្នុងគម្ពីរ ដែលយើងគួរធ្វើតាម។ ប្រអប់ខ្លះទៀតផ្ដល់ព័ត៌មានល្អិតល្អន់អំពីទីកន្លែង ព្រឹត្តិការណ៍ ទំនៀមទម្លាប់ ឬមនុស្សផ្សេងទៀត ដែលបានត្រូវរៀបរាប់ក្នុងសៀវភៅសកម្មភាព។
ផ្សព្វផ្សាយជាបន្ទាន់ក្នុងផែនទីផ្សាយដែលអ្នកបានទទួល
១៩. តើម្ដងម្កាលអ្នកគួរពិចារណាខ្លួនយ៉ាងណា?
១៩ សៀវភៅនេះអាចជួយអ្នកឲ្យពិចារណាខ្លួនដោយស្មោះត្រង់។ មិនថាអ្នកបានផ្សព្វផ្សាយរាជាណាចក្រយូរឆ្នាំយ៉ាងណាទេ ជាការល្អម្ដងម្កាលអ្នកគួរពិនិត្យមើលអំពីអ្វីជាអាទិភាពក្នុងជីវិត និងអំពីចិត្តគំនិតរបស់អ្នកចំពោះកិច្ចបម្រើផ្សាយ។ (២កូ. ១៣:៥) សូមសួរខ្លួនអ្នកថា ‹តើខ្ញុំនៅតែចាត់ទុកកិច្ចការផ្សព្វផ្សាយជារឿងបន្ទាន់ឬទេ? (១កូ. ៧:២៩-៣១) តើខ្ញុំកំពុងផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែងនិងដោយជឿជាក់ឬទេ? (១ថែ. ១:៥, ៦) តើខ្ញុំកំពុងរួមចំណែកច្រើនបំផុតក្នុងការផ្សព្វផ្សាយ និងការបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្តឬទេ?›។—កូឡ. ៣:២៣
២០, ២១. ហេតុអ្វីយើងត្រូវបំពេញភារកិច្ចរបស់យើងជាបន្ទាន់? ហើយតើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី?
២០ សូមឲ្យយើងចាំជានិច្ចថា យើងបានទទួលភារកិច្ចដ៏សំខាន់មួយ ពោលគឺផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។ ពីមួយថ្ងៃទៅមួយថ្ងៃ ភារកិច្ចរបស់យើងកាន់តែបន្ទាន់ ដោយសារទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ជិតមកដល់យ៉ាងឆាប់រហ័ស។ ជីវិតមនុស្សជាច្រើនកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដែលមិនធ្លាប់មានពីមុន។ យើងមិនដឹងថា នៅមានមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវប៉ុន្មាននាក់ទៀត ដែលអាចចូលសេចក្ដីពិតទេ។ (សកម្ម. ១៣:៤៨) ប៉ុន្តែ យើងមានភារកិច្ចជួយពួកគេ មុននឹងហួសពេល។—១ធី. ៤:១៦
២១ ដូច្នេះ ជាការសំខាន់ណាស់ ដែលយើងធ្វើតាមគំរូរបស់ពួកអ្នកប្រកាសដំណឹងរាជាណាចក្រដ៏ខ្នះខ្នែងនៅសតវត្សរ៍ទី១។ សូមអ្នកសិក្សាសៀវភៅនេះយ៉ាងយកចិត្តទុកដាក់ ពីព្រោះនោះនឹងជំរុញចិត្តអ្នកឲ្យផ្សព្វផ្សាយដោយចិត្តខ្នះខ្នែងនិងក្លាហានជាង។ សូមអ្នកពង្រឹងការប្ដេជ្ញាចិត្ត ដើម្បីបន្ត«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ»។—សកម្ម. ២៨:២៣