ភាគ១២
ប្រាជ្ញាពីព្រះដែលផ្ដល់ការណែនាំសម្រាប់ជីវិត
សៀវភៅសុភាសិតដែលផ្ដល់ការណែនាំសម្រាប់ជីវិតប្រចាំថ្ងៃគឺជាការប្រមូលផ្ដុំនៃឱវាទដែលភាគច្រើនបានត្រូវសរសេរដោយសាឡូម៉ូនក្រោមការដឹកនាំរបស់ព្រះ
តើព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញាឬទេ? របៀបសំខាន់បំផុតមួយដើម្បីដឹងចម្លើយចំពោះសំណួរនេះ គឺដោយពិចារណាឱវាទដែលលោកឲ្យ។ តើឱវាទនោះត្រឹមត្រូវឬទេ? បើអនុវត្តតាមឱវាទនោះ តើធ្វើឲ្យជីវិតល្អជាងនិងមានខ្លឹមសារជាងឬទេ? ស្តេចសាឡូម៉ូនដែលមានប្រាជ្ញាបានសរសេរសុភាសិតរាប់រយ។ សុភាសិតទាំងនេះទាក់ទងនឹងអ្វីៗស្ទើរតែទាំងអស់ដែលយើងធ្វើក្នុងជីវិត។ ចូរពិចារណាឧទាហរណ៍ខ្លះៗ។
យើងត្រូវទុកចិត្តលើព្រះ។ ការទុកចិត្តគឺសំខាន់បំផុតដើម្បីមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា។ សាឡូម៉ូនបានសរសេរថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) ការទុកចិត្តឬពឹងលើព្រះដោយស្វែងរកការណែនាំ ហើយដោយស្ដាប់បង្គាប់លោក នោះនាំឲ្យជីវិតមានខ្លឹមសារ។ បើធ្វើដូច្នេះ មនុស្សអាចធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ និងឲ្យព្រះអាចផ្ដល់ចម្លើយចំពោះរឿងដែលបានចោទឡើងដោយសត្រូវរបស់លោក គឺសាថាន។—សុភាសិត ២៧:១១
ការប្រើប្រាជ្ញាពេលប្រាស្រ័យទាក់ទងនឹងអ្នកដទៃ។ ឱវាទរបស់ព្រះចំពោះប្ដី ប្រពន្ធនិងកូន គឺត្រូវតាមកាលៈទេសៈសព្វថ្ងៃនេះជាងគ្រាណាទាំងអស់។ ព្រះបានឲ្យឱវាទដល់ប្ដីថា «ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ» នេះមានន័យថា គាត់ត្រូវស្មោះត្រង់ជានិច្ចនឹងប្រពន្ធរបស់គាត់។ (សុភាសិត ៥:១៨-២០) ចំពោះស្ត្រីដែលរៀបការហើយ សៀវភៅសុភាសិតពណ៌នាអំពីប្រពន្ធដែលមានសមត្ថភាព ហើយដែលទទួលការកោតសរសើរពីប្ដីនិងកូននាង។ (សុភាសិត ជំពូក៣១) សៀវភៅសុភាសិតក៏មានការណែនាំឲ្យកូនៗស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនដែរ។ (សុភាសិត ៦:២០) សៀវភៅនេះក៏បង្ហាញថាការមានមិត្តភក្ដិគឺសំខាន់ណាស់ ពីព្រោះការនៅឯកោតែឯងនាំឲ្យរកបំពេញតែចិត្តខ្លួនឯងប៉ុណ្ណោះ។ (សុភាសិត ១៨:១) មិត្តអាចមានឥទ្ធិពលល្អឬអាក្រក់មកលើយើង។ ដូច្នេះយើងត្រូវប្រើប្រាជ្ញាក្នុងការជ្រើសរើសមិត្តភក្ដិ។—សុភាសិត ១៣:២០; ១៧:១៧
ការប្រើប្រាជ្ញាក្នុងការមើលថែរក្សាខ្លួន។ សៀវភៅសុភាសិតមានឱវាទដ៏មានតម្លៃបំផុតដែលទូន្មានឲ្យជៀសវាងការផឹកស្រាហួសប្រមាណ បណ្ដុះឲ្យមានអារម្មណ៍ដែលមានឥទ្ធិពលល្អលើសុខភាព និងបំបាត់ចោលអារម្មណ៍ដែលនាំឲ្យអន្តរាយ និងឲ្យធ្វើជាអ្នកឧស្សាហ៍ធ្វើការ។ (សុភាសិត ៦:៦; ១៤:៣០; ២០:១) គម្ពីរព្រមានថាការទុកចិត្តលើគំនិតមនុស្សដែលផ្ទុយនឹងឱវាទរបស់ព្រះនាំឲ្យវិនាស។ (សុភាសិត ១៤:១២) ឱវាទរបស់ព្រះដាស់តឿនយើងឲ្យការពារចិត្តពីឥទ្ធិពលអាក្រក់ ហើយក៏រំលឹកយើងថា «អស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។—សុភាសិត ៤:២៣
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក បានដឹងថាការធ្វើតាមឱវាទបែបនេះធ្វើឲ្យពួកគេមានជីវិតប្រសើរជាង។ ជាលទ្ធផល ពួកគេមានហេតុច្រើនឲ្យទទួលយកព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់គេ។
—មានមូលដ្ឋានលើសៀវភៅសុភាសិត។