បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lc ទំ. ៤-១០
  • ភព​ដែល​មាន​ជីវិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភព​ដែល​មាន​ជីវិត
  • តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ផែន​ដី​ស្ថិត​នៅ​ទី​តាំង​ដ៏​ល្អ​ឥត​ខ្ចោះ
  • ផែន​ដី​មាន​របាំង​ការ​ពារ
  • វដ្ដ​ធម្មជាតិ​ដែល​ទ្រ​ទ្រង់​ជីវិត
  • ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​ធាតុ​កខ្វក់​ក្នុង​ធម្មជាតិ​យ៉ាង​ល្អ​ឥត​ខ្ចោះ!
  • តើប្រព័ន្ធព្រះអាទិត្យដ៏អស្ចារ្យនេះកើតមកពីណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
lc ទំ. ៤-១០
ភព​ផ្សេង​ៗ​វិល​ជុំ​វិញ​ព្រះ​អាទិត្យ

ភព​ដែល​មាន​ជីវិត

មិន​អាច​មាន​ភាវរស់​នៅ​ភព​ផែន​ដី​សោះ​ឡើយ បើ​បាតុភូត​មួយ​ចំនួន​មិន​បាន​កើត​ឡើង។ មនុស្ស​ខ្លះ​ចាត់​ទុក​ថា​បាតុភូត​ទាំង​នោះ​បាន​កើត​ឡើង​ព្រម​ពេល​គ្នា​គ្រាន់​តែ​ជា​ចៃដន្យ​ទេ។ នេះ​រួម​បញ្ចូល​បាតុភូត​ខ្លះ​ដែល​មនុស្ស​មិន​បាន​យល់​សោះ​ឬ​បាន​យល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ មុន​សតវត្សរ៍​ទី​២០។ បាតុភូត​ខ្លះ​មាន​ដូច​ត​ទៅ​នេះ:

  • ទី​តាំង​ផែន​ដី​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ និង​ប្រព័ន្ធ​ព្រះ​អាទិត្យ ព្រម​ទាំង​រង្វិល​ជុំ អ័ក្ស​ទ្រេត រង្វិល​ខ្ញាល់ និង​ព្រះ​ចន្ទ​ដ៏​អស្ចារ្យ​របស់​ផែន​ដី

  • ដែន​ម៉ាញេទិក​និង​បរិយាកាស​ផែន​ដី​ដែល​បាំង​ការ​ពារ​ដូច​ខែល​ពីរ​ជាន់

  • វដ្ដ​ធម្មជាតិ​ដែល​ផ្គត់​ផ្គង់​ហើយ​សម្អាត​ខ្យល់​និង​ទឹក​របស់​ផែន​ដី

កាល​ដែល​លោក​អ្នក​ពិចារណា​ចំណុច​នីមួយ​ៗ​នេះ សូម​សួរ​ខ្លួន​ថា​‹តើ​លក្ខណៈ​ផ្សេង​ៗ​របស់​ផែន​ដី​បាន​កើត​ឡើង​ដោយ​ចៃដន្យ គ្មាន​អ្នក​ណា​គិត​គ្រោង​នោះ​ឬ​ទេ? ឬ​ក៏​តើ​អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​បង្កើត​មក​ដោយ​មាន​គោល​បំណង​វិញ?›។

ផែន​ដី​ស្ថិត​នៅ​ទី​តាំង​ដ៏​ល្អ​ឥត​ខ្ចោះ

ទី​តាំង​នៃ​ផែន​ដី​និង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ

ផែន​ដី​ស្ថិត​នៅ​ទី​តាំង​ល្អ​បំផុត​សម្រាប់​ទ្រ​ទ្រង់​ជីវិត មែន​ទេ?

ពេល​ដែល​សរសេរ​អំពី​ទី​តាំង​ដែល​ខ្លួន​រស់​នៅ តើ​លោក​អ្នក​សរសេរ​អ្វី​ខ្លះ? លោក​អ្នក​ប្រហែល​ជា​សរសេរ​ឈ្មោះ​ប្រទេស ទី​ក្រុង និង​លេខ​ផ្លូវ។ ផែន​ដី​ក៏​មាន​ទី​តាំង​ដែរ។ បើ​ដូច្នេះ តើ​អ្វី​ប្រៀប​ដូច​ជា​«​ប្រទេស​»​ដែល​ផែន​ដី​ស្ថិត​នៅ? គឺ​កាឡាក់ស៊ី​មីលគីវ៉េ។ ចុះ​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ តើ​អ្វី​ប្រៀប​ដូច​ជា​«​ទី​ក្រុង​»​ដែល​ផែន​ដី​ស្ថិត​នៅ? គឺ​ប្រព័ន្ធ​ព្រះ​អាទិត្យ ពោល​គឺ​ព្រះ​អាទិត្យ​និង​ភព​ផ្សេង​ៗ​ដែល​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​យើង។ ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​នេះ តើ​អ្វី​ប្រៀប​ដូច​ជា​«​ផ្លូវ​»​ដែល​ផែន​ដី​ស្ថិត​នៅ? គឺ​ជា​រង្វិល​ជុំ​នៃ​ផែន​ដី​ដែល​វិល​ជុំ​វិញ​ព្រះ​អាទិត្យ។ ការ​ជឿន​លឿន​ផ្នែក​ខាង​តារា​វិទ្យា​និង​រូប​វិទ្យា បាន​ជួយ​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​កាន់​តែ​ច្រើន​អំពី​ផល​ប្រយោជន៍​ដែល​មក​ពី​ទី​តាំង​ដ៏​ពិសេស​របស់​ផែន​ដី​ក្នុង​សកល​លោក។

មុន​បង្អស់ សូម​គិត​អំពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង ដែល​ប្រៀប​ដូច​ជា​«​ទី​ក្រុង​»​ដែល​ផែន​ដី​ស្ថិត​នៅ។ ប្រព័ន្ធ​ព្រះ​អាទិត្យ​នេះ​មាន​ទី​តាំង​ដ៏​ល្អ​បំផុត​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ ពោល​គឺ មិន​នៅ​ជិត​ពេក​ឬ​ឆ្ងាយ​ពេក​ពី​ចំណុច​កណ្ដាល​នៃ​កាឡាក់ស៊ី​នេះ​ទេ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​ហៅ​ទី​តាំង​នេះ​ថា​«​តំបន់​ដែល​អាច​រស់​នៅ​បាន​»​ ហើយ​តំបន់​នេះ​មាន​ចំនួន​ធាតុ​គីមី​ដែល​ចំ​នឹង​អ្វី​ដ៏​ចាំ​បាច់​ដើម្បី​ទ្រ​ទ្រង់​ជីវិត។ បើ​ទី​តាំង​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​នៅ​ឆ្ងាយ​ជាង គឺ​មិន​សូវ​មាន​ធាតុ​គីមី​ទាំង​នោះ​ទេ បើ​នៅ​ជិត​ជាង គឺ​គ្មាន​សុវត្ថិភាព ពីព្រោះ​ទី​នោះ​មាន​វិទ្យុសកម្ម​ច្រើន​ជាង​ដែល​អាច​សម្លាប់​ជីវិត​បាន ហើយ​ក៏​មាន​លក្ខណៈ​ផ្សេង​ទៀត​ដែល​បង្ក​គ្រោះ​ថ្នាក់។ ទស្សនាវដ្ដី​មួយ​ខាង​វិទ្យា​សាស្ត្រ​ចែង​ថា​៖ ​«​យើង​រស់​នៅ​ទី​តាំង​ដ៏​ល្អ​បំផុត​»។1

​«​ផ្លូវ​»​ដ៏​ល្អ​បំផុត: បើ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ប្រៀប​ដូច​ជា​«​ទី​ក្រុង​»​ដែល​ផែន​ដី​ស្ថិត​នៅ នោះ​រង្វិល​ជុំ​របស់​ផែន​ដី​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​គឺ​ប្រៀប​ដូច​ជា​«​ផ្លូវ​»​ដែល​ផែន​ដី​ស្ថិត​នៅ ហើយ​រង្វិល​ជុំ​នេះ​ជា​«​ផ្លូវ​»​ដ៏​ល្អ​បំផុត។ ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​តាម​គន្លង​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​១៥០​លាន​គីឡូ​ម៉ែត្រ​ពី​ព្រះ​អាទិត្យ។ គឺ​មាន​តែ​គន្លង​នេះ​ប៉ុណ្ណោះ​ដែល​អាច​ទ្រ​ទ្រង់​ជីវិត​បាន ពីព្រោះ​វា​មិន​ត្រជាក់​ពេក​ហើយ​ក៏​មិន​ក្ដៅ​ពេក​ដែរ។ ម្យ៉ាង​វិញ​ទៀត ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​តាម​គន្លង​មួយ​ដែល​មាន​រាង​ស្ទើរ​តែ​មូល​ទាំង​ស្រុង ហើយ​នេះ​ធ្វើ​ឲ្យ​ចម្ងាយ​របស់​យើង​ពី​ព្រះ​អាទិត្យ​សឹង​តែ​មិន​ផ្លាស់​ប្ដូរ​ពេញ​មួយ​ឆ្នាំ។

លក្ខណៈ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ទី​តាំង​របស់​ផែន​ដី​ល្អ​បំផុត គឺ​ព្រះ​អាទិត្យ ដែល​ជា​ប្រភព​ថាមពល​ដ៏​ល្អ​ឥត​ខ្ចោះ។ ព្រះ​អាទិត្យ​ជា​ប្រភព​ថាមពល​ដែល​យើង​អាច​ទុក​ចិត្ត​បាន ហើយ​បើ​ប្រៀប​ធៀប​ទំហំ​របស់​វា ព្រះ​អាទិត្យ​មាន​ទំហំ​ត្រឹម​ត្រូវ​ចំពោះ​ផែន​ដី។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​ព្រះ​អាទិត្យ​ថា​«​ផ្កាយ​ដ៏​ពិសេស​ណាស់​»។2

​«​អ្នក​ជិត​ខាង​»​ដ៏​ល្អ​ឥត​ខ្ចោះ: ផែន​ដី​មិន​ត្រឹម​តែ​មាន​«​ប្រទេស​»​ ​«​ទី​ក្រុង​»​ និង​«​ផ្លូវ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​«​អ្នក​ជិត​ខាង​»​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែរ ពោល​គឺ​ព្រះ​ចន្ទ ដែល​ជា​ភព​រណប​មួយ។ អង្កត់​ផ្ចិត​របស់​ព្រះ​ចន្ទ​គឺ​តូច​ជាង​អង្កត់​ផ្ចិត​នៃ​ផែន​ដី​ជាង​៧០​ភាគ​រយ។ ដូច្នេះ នៅ​ពេល​ប្រៀប​ធៀប​ទំហំ​ព្រះ​ចន្ទ​របស់​យើង​ទៅ​នឹង​ទំហំ​នៃ​ភព​រណប​ឯ​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ នោះ​ព្រះ​ចន្ទ​របស់​យើង​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា​បើ​ប្រៀប​ទៅ​នឹង​ទំហំ​ផែន​ដី។ តើ​នេះ​កើត​ឡើង​ដោយ​ចៃដន្យ​ឬ? តាម​មើល​ទៅ​គឺ​មិន​ដូច្នោះ​ទេ។

ហេតុ​មួយ​គឺ​ទំនាញ​ព្រះ​ចន្ទ​ជា​កត្ដា​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ទឹក​ជោរ​និង​ទឹក​នាច​ដែល​ចាំ​បាច់​ក្នុង​ប្រព័ន្ធ​ធម្មជាតិនៅ​ផែន​ដី។ ទំនាញ​ព្រះ​ចន្ទ​ក៏​ជួយ​ឲ្យ​អ័ក្ស​រង្វិល​ខ្ញាល់​នៃ​ផែន​ដី​មាន​លំនឹង​ជា​និច្ច។ បើ​អត់​មាន​ព្រះ​ចន្ទ​ដែល​ត្រូវ​នឹង​ទំហំ​ផែន​ដី​ទេ នោះ​ភព​របស់​យើង​នឹង​ឃ្លេង​ឃ្លោង​ហើយ​ប្រហែល​ជា​រហូត​ដល់​ក្រឡាប់​ទៅ​ម្ខាង​ទៀត! ជា​លទ្ធផល​នឹង​មាន​ការ​ប្រែ​ប្រួល​ខាង​អាកាសធាតុ ខាង​ទឹក​ជោរ​និង​ទឹក​នាច ហើយ​ខាង​អ្វី​ៗ​ផ្សេង​ទៀត ដែល​នឹង​បង្កើត​ឲ្យ​មាន​មហន្តរាយ​ធម្មជាតិ​យ៉ាង​សម្បើម។

អ័ក្ស​ទ្រេត​និង​រង្វិល​ខ្ញាល់​នៃ​ផែន​ដី

អ័ក្ស​ទ្រេត​និង​រង្វិល​ខ្ញាល់​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ផែន​ដី: អ័ក្ស​ប៉ូល​ផែន​ដី​មាន​ទម្រេត​ប្រហែល​២៣,៤​ដឺក្រេ។ នេះ​បង្កើត​ឲ្យ​មាន​រដូវ​ផ្សេង​ៗ អាកាសធាតុ​បង្គួរ និង​ក៏​ធ្វើ​ឲ្យ​មាន​អាកាសធាតុ​ខុស​ៗ​គ្នា​តាម​តំបន់​ដែរ។ សៀវភៅ​មួយ​ចែង​ថា​៖ ​«​តាម​មើល​ទៅ អ័ក្ស​ទ្រេត​របស់​ផែន​ដី​គឺ​‹ល្អ​ឥត​ខ្ចោះ›​ដើម្បី​ទ្រ​ទ្រង់​ជីវិត​»។3

ម្យ៉ាង​ទៀត រង្វិល​ខ្ញាល់​នៃ​ផែន​ដី​ក៏​ធ្វើ​ឲ្យ​រយៈ​ពេល​នៃ​ថ្ងៃ​និង​យប់​«​ល្អ​ឥត​ខ្ចោះ​»​ដែរ។ បើ​ផែន​ដី​វិល​យឺត​ពេក នោះ​រយៈ​ពេល​នៃ​ថ្ងៃ​នឹង​វែង​ជាង ហើយ​មួយ​ចំហៀង​ផែន​ដី​ដែល​ឈម​នឹង​ព្រះ​អាទិត្យ​នឹង​ក្ដៅ​ដូច​ឡ ឯ​មួយ​ចំហៀង​ទៀត​ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​នឹង​ទៅ​ជា​ត្រជាក់​ដូច​ទូ​ទឹក​កក។ ផ្ទុយ​ទៅ​វិញ បើ​ផែន​ដី​វិល​លឿន​ពេក នោះ​រយៈ​ពេល​នៃ​ថ្ងៃ​នឹង​ខ្លី​ជាង ប្រហែល​ជា​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ហើយ​នឹង​បង្កើត​ខ្យល់​ព្យុះ​ដែល​បក់​បោក​ឥត​ឈប់ ព្រម​ទាំង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឯ​ទៀត​ដែរ។

ផែន​ដី​មាន​របាំង​ការ​ពារ

លម្ហ​អាកាស​ជា​កន្លែង​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់ ព្រោះ​មាន​វិទ្យុសកម្ម​ជា​ច្រើន​ដែល​អាច​សម្លាប់​ជីវិត​បាន ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ផ្កាយ​ព្រះ​គ្រោះ​ដែរ។ ប៉ុន្តែ ភព​ខៀវ​ស្អាត​របស់​យើង​ហោះ​កាត់​លម្ហ​នោះ​មិន​សូវ​រង​ការ​ខូច​ខាត​ប៉ុន្មាន​ទេ។ ហេតុ​អ្វី? ពីព្រោះ​ផែន​ដី​មាន​ដែន​ម៉ាញេទិក​ដ៏​ខ្លាំង ហើយ​មាន​បរិយាកាស​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ឲ្យ​មាន​លក្ខណៈ​ពិសេស។ របស់​ទាំង​ពីរ​នោះ​ប្រៀប​ដូច​ជា​អាវ​ក្រោះ​ពីរ​ជាន់​ដ៏​អស្ចារ្យ។

ដែន​ម៉ាញេទិក​របស់​ផែន​ដី​ដែល​យើង​មើល​មិន​ឃើញ

ដែន​ម៉ាញេទិក​របស់​ផែន​ដី​ដែល​យើង​មើល​មិន​ឃើញ

ដែន​ម៉ាញេទិក​របស់​ផែន​ដី: ស្នូល​ផែន​ដី​ជា​ដែក​រលាយ​ហើយ​វិល​ជា​ដុំ​មូល បង្កើត​ឲ្យ​មាន​ដែន​ម៉ាញេទិក​ដ៏​ខ្លាំង​មួយ​ដែល​ព័ទ្ធ​ជុំ​វិញ​ផែន​ដី ហើយ​លាត​សន្ធឹង​ឆ្ងាយ​ទៅ​ក្នុង​លម្ហ​អាកាស។ របាំង​នេះ​ការ​ពារ​យើង​ដោយ​កាត់​បន្ថយ​ថាមពល​នៃ​វិទ្យុសកម្ម​ពី​លម្ហ​អាកាស ហើយ​ក៏​ការ​ពារ​ពី​ថាមពល​ផ្សេង​ៗ​នៃ​ព្រះ​អាទិត្យ​ដែល​អាច​សម្លាប់​ជីវិត​បាន។ ថាមពល​ទាំង​នេះ​រួម​បញ្ចូល​ខ្យល់​ព្រះ​អាទិត្យ ដែល​បញ្ចេញ​ព្យុះ​ថាមពល​ដ៏​ខ្លាំង​ក្លា​ទៅ​ក្នុង​លម្ហ ក៏​រួម​បញ្ចូល អណ្ដាត​ភ្លើង​ព្រះ​អាទិត្យ ដែល​ក្នុង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​អាច​បញ្ចេញ​ថាមពល​ជា​ច្រើន​ស្មើ​នឹង​រាប់​ពាន់​លាន​គ្រាប់​បែក​អ៊ីដ្រូសែន។ ម្យ៉ាង​ទៀត យើង​បាន​ត្រូវ​ការ​ពារ​ពី​ការ​ផ្ទុះ​ដែល​កើត​ឡើង​នៅ​ស្រទាប់​ក្រៅ​បំផុត​នៃ​បរិយាកាស​ព្រះ​អាទិត្យ ហៅ​ថា​កូរ៉ូណា ដែល​បញ្ចេញ​វត្ថុ​ធាតុ​រាប់​ពាន់​លាន​តោន​ទៅ​ក្នុង​លម្ហ​អាកាស។ លោក​អ្នក​អាច​ឃើញ​សញ្ញា​សម្គាល់​ដែល​រំលឹក​ថា ដែន​ម៉ាញេទិក​របស់​ផែន​ដី​កំពុង​ការ​ពារ​យើង។ ពេល​ណា​មាន​អណ្ដាត​ភ្លើង​ឬ​មាន​ការ​ផ្ទុះ​នៅ​កូរ៉ូណា​របស់​ព្រះ​អាទិត្យ នោះ​បង្កើត​ឲ្យ​មាន​ពន្លឺ​សន្ធោ​សន្ធៅ​ចម្រុះ​ពណ៌​នៅ​ផ្នែក​ខាង​លើ​នៃ​បរិយាកាស ដែល​យើង​អាច​មើល​ឃើញ​ជិត​ប៉ូល​ម៉ាញេទិក​របស់​ផែន​ដី។

ពន្លឺ​សន្ធោ​សន្ធៅ​ក្នុង​បរិយាកាស

ពន្លឺ​សន្ធោ​សន្ធៅ​ក្នុង​បរិយាកាស

បរិយាកាស​របស់​ផែន​ដី: បរិយាកាស​ជា​ស្រទាប់​ឧស្ម័ន​ដែល​គ្រប​ដណ្ដប់​ផែន​ដី​ដូច​ជា​ភួយ​ធំ​មួយ។ វា​ជួយ​ឲ្យ​យើង​ដក​ដង្ហើម​ផង ហើយ​ក៏​ផ្ដល់​នូវ​ការ​ការ​ពារ​ថែម​ទៀត។ ស្រទាប់​ក្រៅ​នៃ​បរិយាកាស​មាន​អុកស៊ីសែន​ម្យ៉ាង​ដែល​ហៅ​ថា​អូហ្សូន ដែល​ស្រូប​យក​ជិត​៩៩​ភាគ​រយ​នៃ​កាំរស្មី​ស្វាយអ៊ុលត្រា​ដែល​ចាំង​មក​លើ​ផែន​ដី។ ដូច្នេះ អូហ្សូន​នេះ​ជួយ​ការ​ពារ​ភាវរស់​ដ៏​ច្រើន​នៅ​លើ​ផែន​ដី​កុំ​ឲ្យ​រង​គ្រោះ​ពី​កាំរស្មី​ដែល​បង្ក​គ្រោះ​ថ្នាក់។ ភាវរស់​ទាំង​នេះ​រួម​មាន​មនុស្សជាតិ ហើយ​ប្លង់​តុង​ដែល​មនុស្សជាតិ​ត្រូវ​ការ ពីព្រោះ​វា​បង្កើត​អុកស៊ីសែន​ភាគ​ច្រើន​ដែល​យើង​ដក​ដង្ហើម។ បរិមាណ​អូហ្សូន​ក្នុង​បរិយាកាស​មិន​នៅ​ដដែល​រហូត​ទេ។ ផ្ទុយ​ទៅ​វិញ បរិមាណ​នេះ​ប្រែ​ប្រួល គឺ​កាល​ណា​កាំរស្មី​ស្វាយអ៊ុលត្រា​កើន​ឡើង នោះ​បរិមាណ​អូហ្សូន​ក៏​កើន​ឡើង​ដែរ។ ដូច្នេះ ស្រទាប់​អូហ្សូន​ជា​របាំង​ដែល​ប្រែ​ប្រួល​តាម​កាលៈទេសៈ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អាចម៍​ផ្កាយ

បរិយាកាស​ការ​ពារ​យើង​ពី​អាចម៍​ផ្កាយ

បរិយាកាស​ក៏​ការ​ពារ​យើង​ពី​វត្ថុ​ធាតុ​រាប់​លាន​ដែល​ហោះ​ឆ្ពោះ​មក​រក​ផែន​ដី​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ វត្ថុ​ខ្លះ​តូច​ល្អិត ខ្លះ​ទៀត​ធំ​ប៉ុន​ថ្ម​ភ្នំ។ ចំនួន​ភាគ​ច្រើន​នៃ​វត្ថុ​ធាតុ​ទាំង​នេះ ឆេះ​សុស​ពេល​ហោះ​កាត់​បរិយាកាស​ផែន​ដី ហើយ​បញ្ចេញ​ពន្លឺ​យ៉ាង​សន្ធៅ​ដែល​ហៅ​ថា​បាតុភូត​អាកាស។ ប៉ុន្តែ របាំង​ផែន​ដី​មិន​បាំង​កាំរស្មី​ដែល​ចាំ​បាច់​សម្រាប់​ជីវិត​ទេ ដូច​ជា​កម្ដៅ​និង​ពន្លឺ​ដែល​យើង​អាច​មើល​ឃើញ។ បរិយាកាស​ក៏​ជួយ​ធ្វើ​ឲ្យ​កម្ដៅ​សាយភាយ​ជុំ​វិញ​ផែន​ដី ហើយ​នៅ​ពេល​យប់​បរិយាកាស​គឺ​ប្រៀប​ដូច​ជា​ភួយ ដែល​ជួយ​ទប់​កម្ដៅ​កុំ​ឲ្យ​ឆាប់​ចេញ​ពី​បរិវេណ​ផែន​ដី​ទៅ​ក្នុង​លម្ហ​អាកាស​វិញ។

បរិយាកាស​និង​ដែន​ម៉ាញេទិក​របស់​ផែន​ដី​ពិត​ជា​បាន​ត្រូវ​រៀប​ចំ​ឡើង​យ៉ាង​អស្ចារ្យ។ មនុស្ស​យើង​មិន​ទាន់​បាន​យល់​ច្បាស់​នៅ​ឡើយ​ទេ។ វដ្ដ​ធម្មជាតិ​ផ្សេង​ៗ​ដែល​ទ្រ​ទ្រង់​ជីវិត​នៅ​លើ​ភព​នេះ ក៏​អស្ចារ្យ ហើយ​មនុស្ស​ក៏​មិន​ទាន់​បាន​យល់​ច្បាស់​ដែរ។

តើ​ជា​ចៃដន្យ​ឬ ដែល​ភព​របស់​យើង​មាន​របាំង​ពីរ​ដែល​ប្រែ​ប្រួល​តាម​កាលៈទេសៈ?

វដ្ដ​ធម្មជាតិ​ដែល​ទ្រ​ទ្រង់​ជីវិត

បើ​គេ​បិទ​ផ្ទះ​មួយ​ជិត កុំ​ឲ្យ​ទឹក​និង​ខ្យល់​បរិសុទ្ធ​ចូល ថែម​ទាំង​បិទ​ប្រព័ន្ធ​លូ​កុំ​ឲ្យ​ហូរ​ចេញ​ពី​ផ្ទះ មិន​យូរ​ក្រោយ​មក អ្នក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​នឹង​កើត​មាន​រោគ​ហើយ​នឹង​ស្លាប់។ ប៉ុន្តែ សូម​គិត​ទៅ​មើល យើង​អាច​ប្រៀប​ប្រដូច​ផែន​ដី​ទៅ​នឹង​ផ្ទះ​ដែល​បិទ​ជិត​នោះ ពីព្រោះ​ខ្យល់​បរិសុទ្ធ​និង​ទឹក​ស្អាត​ដែល​យើង​ត្រូវ​ការ​មិន​ចូល​ពី​ខាង​ក្រៅ​ផែន​ដី​ទេ ហើយ​ធាតុ​កខ្វក់​របស់​ផែន​ដី​ក៏​មិន​បាន​ត្រូវ​បញ្ចេញ​ចោល​ទៅ​កន្លែង​ណា​មួយ​ខាង​ក្រៅ​ផែន​ដី​ដែរ។ បើ​ដូច្នេះ តើ​ផែន​ដី​អាច​បន្ត​ទ្រ​ទ្រង់​ជីវិត​ហើយ​មាន​ស្ថានភាព​ល្អ​យ៉ាង​ដូច​ម្ដេច? ចម្លើយ​គឺ ដោយ​សារ​ផែន​ដី​មាន​វដ្ដ​ធម្មជាតិ​ផ្សេង​ៗ ដូច​ជា​វដ្ដ​ទឹក វដ្ដ​កាបូន វដ្ដ​អុកស៊ីសែន និង​វដ្ដ​អាសូត​ដែល​នឹង​ត្រូវ​ពន្យល់​ជា​សម្រាយ​ដោយ​ប្រើ​រូប​ភាព។

វដ្ដ​ទឹក

វដ្ដ​ទឹក: ទឹក​ជា​ធន​ធាន​ធម្មជាតិ​ដែល​ចាំ​បាច់​សម្រាប់​ជីវិត។ គ្មាន​យើង​ណា​ម្នាក់​អាច​រស់​រាន​មាន​ជីវិត​បាន​ជាង​ពីរ​ឬ​បី​ថ្ងៃ​ទេ បើ​គ្មាន​ទឹក។ វដ្ដ​ទឹក​ផ្គត់​ផ្គង់​ទឹក​សាប​ដែល​ជា​ទឹក​ស្អាត​នៅ​គ្រប់​កន្លែង​ជុំ​វិញ​ផែន​ដី។ វដ្ដ​ទឹក​មាន​ដំណាក់​កាល​បី។ ​(​១​)​ កម្ដៅ​ព្រះ​អាទិត្យ​បង្ហួត​ទឹក​ឡើង​ទៅ​ក្នុង​បរិយាកាស​ជា​ចំហាយ​ទឹក​បរិសុទ្ធ។ ​(​២​)​ ចំហាយ​ទឹក​នេះ​ក​ឡើង​ជា​តំណក់​តូច​ៗ​បង្កើត​ជា​ពពក។ ​(​៣​)​ ពពក​បង្កើត​ជា​ទឹក​ភ្លៀង ឬ​ព្រិល ដែល​ធ្លាក់​មក​ដី​វិញ ដើម្បី​បញ្ចប់​វដ្ដ​ទឹក​នោះ។ រៀង​រាល់​ឆ្នាំ តើ​វដ្ដ​ទឹក​សម្អាត​និង​ផ្គត់​ផ្គង់​ទឹក​ច្រើន​ប៉ុណ្ណា? យោង​ទៅ​តាម​ការ​ប៉ាន់​ស្មាន បរិមាណ​ទឹក​នោះ​គឺ​ច្រើន​ល្មម​គ្រប​ផ្ទៃ​ផែន​ដី​ទាំង​មូល​ដល់​ជម្រៅ​ជាង​៨០​សង់ទីម៉ែត្រ។4

វដ្ដ​កាបូន​និង​វដ្ដ​អុកស៊ីសែន

វដ្ដ​កាបូន​និង​អុកស៊ីសែន: ដើម្បី​រស់​រាន​មាន​ជីវិត​យើង​ត្រូវ​ដក​ដង្ហើម គឺ​ត្រូវ​ស្រូប​យក​ឧស្ម័ន​អុកស៊ីសែន​និង​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត។ ប៉ុន្តែ មាន​មនុស្ស​រាប់​ពាន់​លាន​នាក់​និង​សត្វ​ជា​ច្រើន​រាប់​មិន​អស់​កំពុង​ដក​ដង្ហើម។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​បរិយាកាស​របស់​យើង​មិន​ចេះ​អស់​ខ្យល់​អុកស៊ីសែន និង​មិន​ពេញ​ទៅ​ដោយ​កាបូន​ឌីអុកស៊ីត? ចម្លើយ​គឺ មាន​វដ្ដ​អុកស៊ីសែន។ ​(​១​)​ មាន​ដំណើរ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ ហៅ​ថា​រស្មី​សំយោគ គឺ​ថា​រុក្ខជាតិ​ស្រូប​យក​កាបូន​ឌីអុកស៊ីត​ដែល​យើង​បញ្ចេញ​ចោល រួច​ប្រើ​ប្រាស់​វា​និង​ថាមពល​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​បង្កើត​ជាតិ​ស្ករ​និង​អុកស៊ីសែន។ ​(​២​)​ នៅ​ពេល​ដែល​យើង​ស្រូប​យក​អុកស៊ីសែន នោះ​យើង​បញ្ចប់​វដ្ដ​នោះ។ ពេល​រុក្ខជាតិ​បង្កើត​ជាតិ​ស្ករ​និង​ខ្យល់​ដែល​យើង​អាច​ដក​ដង្ហើម​បាន នោះ​កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់ ដោយ​មិន​ខាត​ថាមពល ហើយ​ដោយ​មិន​មាន​កាក​សំណល់​ទេ។

វដ្ដ​អាសូត

វដ្ដ​អាសូត: ជីវិត​នៅ​លើ​ផែន​ដី​ក៏​ពឹង​លើ​ការ​បង្កើត​ម៉ូលេគុល​សរីរាង្គ​ដូច​ជា​ប្រូតេអ៊ីន​ដែរ។ ​(​ក​)​ ដើម្បី​បង្កើត​ម៉ូលេគុល​ទាំង​នោះ គឺ​ត្រូវ​ការ​អាសូត។ តែ​យើង​មិន​ចាំ​បាច់​បារម្ភ​ថា​ខ្វះ​ទេ ពីព្រោះ​ប្រមាណ​៧៨​ភាគ​រយ​នៃ​បរិយាកាស​យើង​ជា​ឧស្ម័ន​អាសូត។ ផ្លេក​បន្ទោរ​បំប្លែង​អាសូត​ឲ្យ​ទៅ​ជា​សមាសធាតុ​ដែល​រុក្ខជាតិ​អាច​ស្រូប​យក​បាន។ ​(​ខ​)​ រួច​មក រុក្ខជាតិ​ប្រើ​ប្រាស់​សមាសធាតុ​ទាំង​នោះ​បង្កើត​ជា​ម៉ូលេគុល​សរីរាង្គ។ ដូច្នេះ សត្វ​ផ្សេង​ៗ​ដែល​ស៊ី​រុក្ខជាតិ​ទាំង​នោះ​ក៏​ទទួល​បាន​អាសូត​ដែរ។ ​(​គ​)​ នៅ​ចុង​បំផុត ពេល​ដែល​រុក្ខជាតិ​និង​សត្វ​ស្លាប់​ទៅ បាក់តេរី​ក៏​បំបែក​សមាសធាតុ​អាសូត​ក្នុង​វា។ ពេល​វា​រលួយ អាសូត​ក៏​ទៅ​ក្នុង​ដី​និង​ក្នុង​បរិយាកាស​វិញ ហើយ​បញ្ចប់​វដ្ដ​នោះ។

ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​ធាតុ​កខ្វក់​ក្នុង​ធម្មជាតិ​យ៉ាង​ល្អ​ឥត​ខ្ចោះ!

រៀង​រាល់​ឆ្នាំ ទោះ​ជា​មនុស្ស​មាន​បច្ចេកទេស​ជឿន​លឿន​ក៏​ដោយ ពួក​គេ​បន្សល់​ទុក​កាក​សំណល់​ជាតិ​ពុល​រាប់​តោន​ដែល​ពួក​គេ​ពុំ​អាច​កែ​ច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ទេ។ ប៉ុន្តែ ផែន​ដី​ប្រើ​ប្រាស់​ធាតុ​កខ្វក់​ទាំង​អស់​របស់​វា​ឡើង​វិញ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​ប្រើ​វិធី​សាស្ត្រ​ដ៏​ពូកែ​ដើម្បី​កែ​ច្នៃ​ធាតុ​កខ្វក់​តាម​រយៈ​ធាតុ​គីមី។

តើ​លោក​អ្នក​គិត​ថា​ប្រព័ន្ធ​ប្រើ​ប្រាស់​ធាតុ​កខ្វក់​ឡើង​វិញ​ក្នុង​ធម្មជាតិ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? អ្នក​និពន្ធ​អត្ថបទ​ខាង​សាសនានិង​វិទ្យា​សាស្ត្រ​ម្នាក់​បាន​សរសេរ​ថា​៖ ​«​បើ​ប្រព័ន្ធ​ធម្មជាតិ​នៅ​ផែន​ដី​ពិត​ជា​បាន​វិវត្តន៍​ដោយ​ចៃដន្យ​មែន នោះ​វា​មិន​អាច​សហការ​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច្នេះ​បាន​ឡើយ​»។5 តើ​លោក​អ្នក​យល់​ស្រប​នឹង​អ្វី​ដែល​គាត់​សន្និដ្ឋាន​ទេ?

ក្ងោក

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​លោក​អ្នក​គិត​ថា​លក្ខណៈ​ផ្សេង​ៗ​នៃ​ផែន​ដី​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មាន​គោល​បំណង​ទេ? បើ​ដូច្នេះ តើ​ចំណុច​មួយ​ណា​ដូច​រៀប​រាប់​ខាង​លើ​ដែល​លោក​អ្នក​ចាត់​ទុក​ថា​ជា​ភ័ស្តុតាង​ច្បាស់​លាស់​បំផុត?

  • តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ពាក្យ​ថា ផែន​ដី​គ្មាន​លក្ខណៈ​ពិសេស​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​ទី​តាំង​ដែល​អាច​មាន​ការ​វិវត្តន៍​ឡើង​ប៉ុណ្ណោះ?

ត្រី​នៅ​ក្នុង​ផ្កា​ថ្ម

មាន​ភាវរស់​ដ៏​ច្រើន​លើស​លប់

គ្មាន​អ្នក​ណា​ដឹង​ថា​មាន​ភាវរស់​ប៉ុន្មាន​ប្រភេទ​នៅ​លើ​ផែន​ដី​ទេ។ តាម​ការ​ប៉ាន់​ស្មាន​ផ្សេង​ៗ អាច​មាន​រវាង​២​លាន​ទៅ​ដល់​១០០​លាន​ប្រភេទ។6 តើ​ផែន​ដី​យើង​មាន​ភាវរស់​ពេញ​ពាស​ដល់​កម្រិត​ណា?

ផែន​ដី: គ្រាន់​តែ​ដី​១០០​ក្រាម​អាច​មាន​បាក់តេរី​១០.០០០​ប្រភេទ​7 នេះ​គឺ​មិន​រាប់​បញ្ចូល​ចំនួន​មីក្រុប​ទេ។ បាក់តេរី​ប្រភេទ​ខ្លះ​បាន​ត្រូវ​រក​ឃើញ​ជិត​បី​គីឡូ​ម៉ែត្រ​ក្រោម​ដី!8

ខ្យល់: ក្រៅ​ពី​សត្វ​ប្រចៀវ សត្វ​ចាប និង​សត្វ​ល្អិត​ដែល​ហើរ​កាត់​ខ្យល់​អាកាស បរិយាកាស​យើង​ក៏​ពេញ​ទៅ​ដោយ​លម្អង​រុក្ខជាតិ ព្រម​ទាំង​គ្រាប់​ពូជ​ផ្សេង​ៗ ហើយ​នៅ​កន្លែង​ខ្លះ​មាន​មីក្រុប​រាប់​ពាន់​ប្រភេទ។ ទស្សនាវដ្ដី​វិទ្យា​សាស្ត្រ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ចែង​ថា ចំនួន​ប្រភេទ​មីក្រុប​ក្នុង​ខ្យល់ គឺ​«​ច្រើន​ប្រហែល​នឹង​ចំនួន​ប្រភេទ​មីក្រុប​ដែល​មាន​ក្នុង​ដី​»។9

ទឹក: បើ​និយាយ​ទូទៅ ជីវិត​នៅ​ក្នុង​សមុទ្រ​ជា​អាថ៌​កំបាំង​នៅ​ឡើយ ពីព្រោះ​អ្នក​វិទ្យា​សាស្ត្រ​ច្រើន​តែ​ត្រូវ​ប្រើ​ឧបករណ៍​ថ្លៃ​ៗ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ភាវរស់​ក្នុង​សមុទ្រ​ជ្រៅ។ ចុះ​យ៉ាង​ណា​ផ្កា​ថ្ម​ដែល​អ្នក​វិទ្យា​សាស្ត្រ​អាច​ទៅ​ដល់​យ៉ាង​ស្រួល​នោះ? ទោះ​បី​ជា​អ្នក​វិទ្យា​សាស្ត្រ​បាន​ចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​ច្រើន​អំពី​ភាវរស់​ដែល​នៅ​ផ្កា​ថ្ម​ក៏​ដោយ ប្រហែល​ជា​នៅ​មាន​ភាវរស់​ជា​ច្រើន​លាន​ប្រភេទ​ឯ​ទៀត​ដែល​ពួក​គេ​មិន​ទាន់​រក​ឃើញ។

តើ​ជា​ចៃដន្យ​ឬ ដែល​មាន​ភាវរស់​ជា​ច្រើន​ប្រភេទ​ដែល​គួរ​ឲ្យ​កោត​ស្ងើច​ដូច្នេះ? មនុស្ស​ជា​ច្រើន​នឹង​យល់​ស្រប​នឹង​គំនិត​របស់​កវី​ម្នាក់​ដែល​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ម្ល៉េះ​ហ្ន៎! លោក​បាន​បង្កើត​របស់​សព្វសារពើ​ដោយ​ប្រាជ្ញា ផែន​ដី​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»។a—ចម្រៀង​សរសើរ​ព្រះ ១០៤:២៤

សត្វ​កុក​ក្រហម​កំពុង​ហោះ

a ក្នុង​គម្ពីរ​បរិសុទ្ធ នាម​របស់​ព្រះ​ផ្ទាល់​គឺ​យេហូវ៉ា។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក