ការស្វែងរកការណែនាំដែលមានប្រយោជន៍
ធារ៉ាសង្កេតឃើញថាឫទ្ធីនិងនិមលដែលជាអ្នកជិតខាង មើលទៅដូចជាសប្បាយនិងមានសេចក្ដីសុខជានិច្ច។ នាងប្រាប់សុវណ្ណថា នាងនឹងទៅសួរនិមលអំពីអ្វីដែលធ្វើឲ្យពួកគេមានសេចក្ដីសុខដូច្នេះ។ ម្ល៉ោះហើយ នៅពេលនាងឃើញនិមល នាងក៏ទៅសួរអំពីរឿងនោះ។
និមលនិយាយថា៖ «តាមពិតយើងក៏មានបញ្ហាហើយកង្វល់ដូចធារ៉ានិងសុវណ្ណដែរ។ ប៉ុន្តែមិនយូរមុននេះ ខ្ញុំបានរកឃើញសៀវភៅមួយដែលមានការណែនាំដ៏មានប្រយោជន៍សម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ សៀវភៅនោះបង្ហាញឲ្យយើងឃើញផ្លូវដែលឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ព្រមទាំងជួយយើងឲ្យមានចិត្តសប្បាយ ទោះជាមានការពិបាកនិងកង្វល់ផ្សេងៗក្នុងជីវិតប្រចាំថ្ងៃក៏ដោយ»។
ពេលឮដូច្នេះ ធារ៉ាក៏ចាប់អារម្មណ៍ទៅលើសៀវភៅនោះ។ និមលពន្យល់តទៅទៀតថា៖ «សៀវភៅនោះបានត្រូវសរសេរនាសម័យបុរាណ នៅប្រទេសអ៊ីស្រាអែលនិងនៅប្រទេសជិតខាងនោះ។ ប៉ុន្តែសៀវភៅនោះគឺសម្រាប់មនុស្សទាំងអស់ ពីព្រោះមិនមែនខាងនិកាយសាសនាណាមួយឡើយ។ ម្យ៉ាងទៀត សៀវភៅនោះបានត្រូវបកប្រែជារាប់រយភាសា ដើម្បីឲ្យមនុស្សសឹងតែទាំងអស់អាចអានបាន»។ និមលក៏បានបន្ថែមថា អ្នកជំនាញខាងការអប់រំធ្លាប់ដកស្រង់ព័ត៌មានពីសៀវភៅនោះជាច្រើនដង ហើយការណែនាំក្នុងសៀវភៅនោះក៏បានត្រូវយកទៅប្រើជាមូលដ្ឋាននៃច្បាប់របស់ប្រទេសជាច្រើនដែរ។
ធារ៉ាចាប់អារម្មណ៍ចង់មើលសៀវភៅនោះខ្លាំងណាស់។ នៅពេលរសៀលនោះ ធារ៉ាបានទៅផ្ទះនិមល។ ពេលទៅដល់ហើយ និមលបានបង្ហាញឲ្យធារ៉ាមើលការណែនាំក្នុងសៀវភៅនោះ ដែលមានប្រយោជន៍ក្នុងរឿងផ្សេងៗដូចតទៅនេះ:
ការអប់រំកូន
«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។
«ឪពុក កុំធ្វើឲ្យកូនខឹង»។
ការងារនិងរបៀបគ្រប់គ្រងលុយកាក់
«អ្នកដែលលួចត្រូវឈប់លួចតទៅទៀត តែត្រូវឲ្យអ្នកនោះធ្វើការទៀងត្រង់យ៉ាងនឿយហត់ដោយដៃខ្លួនឯង ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត»។
«ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ»។
ស្រានិងគ្រឿងញៀន
«ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។
«ស្រាទំពាំបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា»។
គោលការណ៍សីលធម៌
«ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ ហើយឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង»។
«[ចូរ]ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។
«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។
ការគោរពគ្នាក្នុងក្រុមគ្រួសារ
«ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។
«ចូរស្ដាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយ»។
«ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។