បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១១ ទំ. ៣០-ទំ. ៣១ វ. ១៤
  • យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវ
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • យ៉ូហានរៀបចំផ្លូវ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • យ៉ូហានរៀបចំផ្លូវសម្រាប់លោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • លោកយេស៊ូទៅជាមេស្ស៊ី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • លោកយេស៊ូទទួលការជ្រមុជទឹក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១១ ទំ. ៣០-ទំ. ៣១ វ. ១៤
យ៉ូហានដែលជាអ្នកជ្រមុជទឹកផ្សាយអំពីការប្រែចិត្ត

ជំពូក​ទី​១១

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​រៀប​ចំ​ផ្លូវ

ម៉ាថាយ ៣:១​-​១២ ម៉ាកុស ១:១​-​៨ លូកា ៣:១​-​១៨ យ៉ូហាន ១:៦​-​៨, ១៥​-​២៨

  • យ៉ូហាន​មក​ក្នុង​នាម​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​ជា​អ្នក​ជ្រមុជ​ទឹក

  • មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​ជ្រមុជ​ទឹក តែ​មិន​មែន​ទាំង​អស់​នោះ​ទេ

ប្រហែល​ជា​១៧​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តាំង​ពី​កុមារ​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ បាន​សួរ​សំណួរ​ពួក​គ្រូ​នៅ​ឯ​វិហារ។ ឥឡូវ​ជិត​ខែ​មេសា ឆ្នាំ​២៩ គ.ស. ហើយ​មនុស្ស​ជា​ច្រើន​កំពុង​និយាយ​អំពី​យ៉ូហាន​ដែល​ជា​សាច់​ញាតិ​របស់​លោក​យេស៊ូ។ គាត់​កំពុង​ផ្សព្វ​ផ្សាយ​គ្រប់​ទី​កន្លែង​នៅ​តំបន់​ខាង​លិច​នៃ​ទន្លេ​យ៉ូដាន់។

យ៉ូហាន​គឺ​ជា​បុរស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទាំង​ការ​ស្លៀក​ពាក់ ទាំង​ពាក្យ​សម្ដី​ផង​ដែរ។ គាត់​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​អាហារ​របស់​គាត់​គឺ​ជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។ តើ​គាត់​កំពុង​ផ្សាយ​អំពី​អ្វី? គាត់​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។—ម៉ាថាយ ៣:២

ដំណឹង​របស់​យ៉ូហាន​ធ្វើ​ឲ្យ​អ្នក​ដែល​មក​ស្ដាប់​គាត់​រំភើប​ចិត្ត។ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ពោល​គឺ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​លែង​ពេញ​ចិត្ត​នឹង​របៀប​រស់​នៅ​ដែល​ពួក​គេ​ធ្លាប់​មាន​នៅ​អតីតកាល។ អ្នក​ដែល​មក​ស្ដាប់​យ៉ូហាន ពួក​គេ​មក​ពី‹ក្រុង​យេរូសាឡិម និង​តំបន់​យូឌា ព្រម​ទាំង​តំបន់​ជនបទ​ក្បែរ​ទន្លេ​យ៉ូដាន់›។ (​ម៉ាថាយ ៣:៥​) មនុស្ស​ជា​ច្រើន​ដែល​ចេញ​មក​ជួប​យ៉ូហាន​បាន​ប្រែ​ចិត្ត​មែន ហើយ​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​នៅ​ឯ​ទន្លេ​យ៉ូដាន់។ ហេតុ​អ្វី​គាត់​ធ្វើ​ដូច្នេះ?

ជនជាតិយូដាដែលបានប្រែចិត្តបានមកឯយ៉ូហានដើម្បីទទួលការជ្រមុជទឹក

យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា​ជន ជា​តំណាង​ថា​ពួក​គេ​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ធ្វើ​ខុស​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​របស់​ព្រះ ហើយ​ថា​ខ្លួន​ត្រូវ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ (​សកម្មភាព ១៩:៤​) ទោះ​ជា​យ៉ាង​នោះ​ក្ដី មនុស្ស​ខ្លះ​គ្មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ ជា​ឧទាហរណ៍ ពេល​ពួក​អ្នក​ដឹក​នាំ​សាសនា​ខ្លះ គឺ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​មក​កន្លែង​ជ្រមុជ​ទឹក​នោះ យ៉ូហាន​ហៅ​ពួក​គេ​ថា​៖ ​«​ពូជ​ពស់​មាន​ពិស​»។ បន្ថែម​ទៀត គាត់​និយាយ​ថា​៖ ​«​ចូរ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​បង្ហាញ​ថា​អ្នក​បាន​ប្រែ​ចិត្ត​ចុះ ហើយ​កុំ​អាង​ថា​៖ ‹អាប្រាហាំ​ជា​ឪ​ពុក​របស់​យើង› ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​បង្កើត​កូន​ឲ្យ​អាប្រាហាំ​ពី​ដុំ​ថ្ម​ទាំង​នេះ​បាន។ ពូថៅ​នៅ​គល់​ឈើ​ស្រាប់​ហើយ។ ដូច្នេះ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ​នឹង​ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​»។—ម៉ាថាយ ៣:៧​-​១០

មនុស្ស​ជា​ច្រើន​ស្គាល់​យ៉ូហាន ដោយ​សារ​អ្វី​ដែល​គាត់​ផ្សាយ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​ពួក​គេ ហើយ​គាត់​កំពុង​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន។ ដូច្នេះ ជន​ជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​ទៅ​សួរ​យ៉ូហាន​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»។

យ៉ូហាន​ឆ្លើយ​ត្រង់​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ​»។

ពួក​គេ​សួរ​ទៀត​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​អ្នក​ណា​វិញ? អេលីយ៉ា​ឬ?​»។

គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​អេលីយ៉ា​ទេ​»។

ពួក​គេ​ក៏​សួរ​ថែម​ទៀត​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា​ឬ?​»។ ពួក​គេ​សំដៅ​ទៅ​លើ​អ្នក​ប្រកាស​ទំនាយ​ដ៏​អស្ចារ្យ​ដែល​ម៉ូសេ​បាន​និយាយ​ថា​នឹង​មក។—ចោទិយកថា ១៨:១៥, ១៨

យ៉ូហាន​ឆ្លើយ​ថា​៖ ​«​ទេ!​»។

ពួក​គេ​ទទូច​សួរ​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា? ចូរ​ប្រាប់​មក ដើម្បី​យើង​អាច​ប្រាប់​អ្នក​ដែល​បាន​ចាត់​យើង​ឲ្យ​មក។ តើ​អ្នក​ថា​ខ្លួន​ជា​អ្នក​ណា?​»។ យ៉ូហាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដែល​កំពុង​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​ធ្វើ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា​ឲ្យ​ត្រង់›ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​»។—យ៉ូហាន ១:១៩​-​២៣

ម្ល៉ោះ​ហើយ ពួក​គេ​សួរ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​ដូច្នេះ បើ​អ្នក​មិន​មែន​ជា​គ្រិស្ត ក៏​មិន​មែន​ជា​អេលីយ៉ា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា​នោះ?​»។ យ៉ូហាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជ្រមុជ​គេ​ក្នុង​ទឹក។ នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ គឺ​លោក​ដែល​មក​ក្រោយ​ខ្ញុំ​»។—យ៉ូហាន ១:២៥​-​២៧

ពិត​ណាស់ យ៉ូហាន​ទទួល​ស្គាល់​ថា​គាត់​កំពុង​រៀប​ចំ​ផ្លូវ ពោល​គឺ​ជួយ​មនុស្ស​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ដើម្បី​ទទួល​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ជា​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​ស្តេច។ យ៉ូហាន​និយាយ​អំពី​មេស្ស៊ី​ថា​៖ ​«​លោក​ដែល​នឹង​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​នឹង​ដោះ​ស្បែក​ជើង​ជូន​លោក​ឡើយ​»។ (​ម៉ាថាយ ៣:១១​) តាម​ពិត យ៉ូហាន​ថែម​ទាំង​និយាយ​ថា​៖ ​«​លោក​ដែល​មក​ក្រោយ​ខ្ញុំ​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ​»។—យ៉ូហាន ១:១៥

ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យ៉ូហាន​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថាយ ៣:២​) ដំណឹង​នេះ​បញ្ជាក់​ជា​សាធារណៈ​ថា កិច្ច​បម្រើ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​ជា​ស្តេច គឺ​ហៀបនឹង​ចាប់​ផ្ដើម​ហើយ។

  • តើ​យ៉ូហាន​ជា​បុរស​បែប​ណា ហើយ​តើ​គាត់​កំពុង​ធ្វើ​អ្វី?

  • ហេតុ​អ្វី​យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា​ជន?

  • តើ​ដំណឹង​របស់​យ៉ូហាន​ជា​អ្វី ហើយ​ហេតុ​អ្វី​ដំណឹង​នោះ​គឺ​សម​ត្រឹម​ត្រូវ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក