បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ២០ ទំ. ៥៤-ទំ. ៥៥ វ. ៨
  • អព្ភូតហេតុទី២នៅភូមិកាណា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អព្ភូតហេតុទី២នៅភូមិកាណា
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • អព្ភូតហេតុទីពីរពេលនៅភូមិកាណា
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូធ្វើអព្ភូតហេតុទី១
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អព្ភូតហេតុទីមួយរបស់ព្រះយេស៊ូ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • មេស្ស៊ីបានធ្វើឲ្យទំនាយក្លាយទៅជាការពិត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ២០ ទំ. ៥៤-ទំ. ៥៥ វ. ៨
មន្ត្រីសោកសៅម្នាក់អង្វរសុំលោកយេស៊ូធ្វើឲ្យកូនប្រុសរបស់គាត់ជាសះស្បើយ

ជំពូក​ទី​២០

អព្ភូតហេតុ​ទី២​នៅ​ភូមិ​កាណា

ម៉ាកុស ១:១៤, ១៥ លូកា ៤:១៤, ១៥ យ៉ូហាន ៤:៤៣​-​៥៤

  • លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»​

  • លោក​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ជា​ពី​ចម្ងាយ

ក្រោយ​ពី​បាន​ស្នាក់​នៅ​តំបន់​សាម៉ារី​អស់​ពីរ​ថ្ងៃ លោក​យេស៊ូ​បាន​បន្ត​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​លោក។ លោក​បាន​ចំណាយ​ពេល​ផ្សព្វ​ផ្សាយ​យ៉ាង​យូរ​នៅ​តំបន់​យូឌា។ បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​ជា​ស្រុក​ដែល​លោក​បាន​ធំ​ឡើង មិន​មែន​ដើម្បី​សម្រាក​ទេ តែ​គឺ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ។ លោក​យេស៊ូ​ប្រហែល​ជា​មិន​បាន​រំពឹង​ថា មនុស្ស​នឹង​ពេញ​ចិត្ត​ទទួល​លោក​នៅ​ទី​នោះ​ទេ ព្រោះ​ដូច​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ប្រកាស​ទំនាយ​មិន​ទទួល​កិត្ដិយស​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ​»។ (​យ៉ូហាន ៤:៤៤​) ពេល​ទៅ​ដល់​ទី​នោះ ពួក​អ្នក​កាន់​តាម​លោក​មិន​បាន​នៅ​ជា​មួយ​នឹង​លោក​ទេ។ ប៉ុន្តែ ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ ហើយ​ប្រកប​មុខ​របរ​ដូច​ពី​មុន​វិញ។

តើ​លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​អំពី​អ្វី? លោក​ផ្សព្វ​ផ្សាយ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ចូរ​ប្រែ​ចិត្ត ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ចុះ!​»។ (​ម៉ាកុស ១:១៥​) ពេល​ឮ​ដំណឹង​នេះ តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា? មនុស្ស​ជា​ច្រើន​នៅ​ស្រុក​កាលីឡេ​បាន​ទទួល​លោក​យេស៊ូ​យ៉ាង​រាក់​ទាក់ ហើយ​លើក​កិត្ដិយស​លោក។ ពួក​គេ​ធ្វើ​ដូច្នោះ​មិន​មែន​ដោយ​សារ​តែ​ដំណឹង​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​ប៉ុន្មាន​ខែ​មុន​នេះ អ្នក​ស្រុក​កាលីឡេ​ខ្លះ​បាន​ទៅ​ចូល​រួម​បុណ្យ​រំលង​នៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​ធ្វើ។—យ៉ូហាន ២:២៣

តើ​នៅ​កន្លែង​ណា​ក្នុង​ស្រុក​កាលីឡេ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ? ទំនង​ជា​នៅ​ភូមិ​កាណា​ជា​កន្លែង​ដែល​លោក​បាន​ចូល​រួម​ពិធី​ជប់​លៀង​អាពាហ៍ពិពាហ៍​មួយ ហើយ​ក្នុង​ពិធី​នោះ​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា។ ពេល​ដែល​លោក​ទៅ​ដល់​ភូមិ​នោះ​ជា​លើក​ទី២ លោក​បាន​ឮ​អំពី​ក្មេង​ប្រុស​ម្នាក់​កំពុង​ឈឺ​ធ្ងន់​ជិត​ស្លាប់។ ក្មេង​នោះ​ជា​កូន​ប្រុស​របស់​មន្ត្រី​ម្នាក់ ដែល​បម្រើ​ស្តេច​ហេរ៉ូឌ អាន់ទីប៉ាស ជា​ស្តេច​ដែល​បាន​បញ្ជា​ឲ្យ​គេ​កាត់​ក្បាល​យ៉ូហាន​នៅ​ពេល​ក្រោយ​មក។ ពេល​ដែល​មន្ត្រី​នេះ​ឮ​ថា​លោក​យេស៊ូ​បាន​ចេញ​ពី​តំបន់​យូឌា​ទៅ​ភូមិ​កាណា គាត់​ក៏​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​គាត់​នៅ​ក្រុង​កាពើណិម​ទៅ​ភូមិ​កាណា​ដែរ ដើម្បី​រក​លោក​យេស៊ូ។ ពេល​មន្ត្រី​ដែល​កំពុង​សោកសៅ​នេះ​បាន​ជួប​លោក​យេស៊ូ គាត់​អង្វរ​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ចុះ​មក​មុន​កូន​តូច​របស់​ខ្ញុំ​ស្លាប់​»។—យ៉ូហាន ៤:៤៩

មន្ត្រី​នោះ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ពេល​ឮ​លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​អញ្ជើញ​ទៅ​ចុះ កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ​»។ (​យ៉ូហាន ៤:៥០​) មន្ត្រី​នោះ​បាន​ជឿ​លើ​ប្រសាសន៍​របស់​លោក​យេស៊ូ ហើយ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នៅ​តាម​ផ្លូវ គាត់​បាន​ជួប​ខ្ញុំ​បម្រើ​របស់​គាត់ ដែល​កំពុង​រូត​រះ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​គាត់។ ដំណឹង​នោះ​គឺ​ថា កូន​ប្រុស​របស់​គាត់​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​ហើយ! ពេល​ឮ​ដូច្នោះ គាត់​ក៏​សួរ​ពួក​គេ​ថា​៖ ‹តើ​នៅ​ពេល​ណា​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ?›។

ពួក​គេ​ឆ្លើយ​ថា​៖ ​«​ម្សិលមិញ នៅ​ម៉ោង​ទី​ប្រាំ​ពីរ គ្រុន​ក៏​បាត់​ពី​គាត់​ទៅ​»។—យ៉ូហាន ៤:៥២

នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ មន្ត្រីនោះបានជួបខ្ញុំបម្រើរបស់គាត់ ដែលយកដំណឹងមកប្រាប់ថា‹កូនប្រុសរបស់លោកបានជាសះស្បើយហើយ›។ រួចមកមន្ត្រីនោះដឹងថាកូនប្រុសរបស់គាត់ជាគឺដោយសារលោកយេស៊ូ

មន្ត្រី​នោះ​បាន​ដឹង​ថា គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​»។ ក្រោយ​មក មន្ត្រី​ស្តុកស្តម្ភ​នេះ​និង​ក្រុម​គ្រួសារ​របស់​គាត់ ព្រម​ទាំង​ខ្ញុំ​បម្រើ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

ភូមិ​កាណា​ជា​ភូមិ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ពីរ​ដង។ លើក​ទី១ លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា និង​លើក​ទី២ លោក​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ជា​ពី​ចម្ងាយ​ប្រហែល​ជា​២៦​គីឡូ​ម៉ែត្រ។ តាម​ពិត លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ​ថែម​ទៀត។ ប៉ុន្តែ ការ​អស្ចារ្យ​លើក​ទី២​នៅ​ភូមិ​កាណា​ស្រុក​កាលីឡេ​គឺ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​នេះ​បញ្ជាក់​ថា លោក​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ។ លោក​ច្បាស់​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ព្រះ​ពេញ​ចិត្ត។ ក៏​ប៉ុន្តែ តើ‹អ្នក​ប្រកាស​ទំនាយ​នេះ​នឹង​ទទួល​កិត្ដិយស​នៅ​ស្រុក​កំណើត​របស់​ខ្លួន›ដល់​កម្រិត​ណា?

សំណួរ​នេះ​នឹង​ត្រូវ​ឆ្លើយ នៅ​ពេល​ដែល​លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត។ តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ?

  • នៅ​ពេល​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ តើ​លោក​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី ហើយ​តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​នោះ?

  • ពេល​ទៅ​ដល់​ភូមិ​កាណា​ម្ដង​ទៀត តើ​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មន្ត្រី​ម្នាក់​និង​អ្នក​ផ្ទះ​របស់​គាត់?

  • ស្តី​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ជា​នៅ​ក្រុង​កាពើណិម តើ​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក