ជំពូកទី៤១
ហេតុអ្វីលោកយេស៊ូអាចធ្វើអព្ភូតហេតុបាន?
ម៉ាថាយ ១២:២២-៣២ ម៉ាកុស ៣:១៩-៣០ លូកា ៨:១-៣
លោកយេស៊ូធ្វើដំណើរផ្សព្វផ្សាយជាលើកទី២
លោកយេស៊ូបណ្ដេញពួកវិញ្ញាណកំណាច ហើយព្រមានមនុស្សអំពីអំពើខុសឆ្គងដែលព្រះមិនអភ័យទោសឲ្យ
ពេលដែលលោកយេស៊ូនៅផ្ទះរបស់ផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន លោកបានបង្រៀនមនុស្សអំពីការអភ័យទោស។ មិនយូរក្រោយពីនោះ លោកចាប់ផ្ដើមធ្វើដំណើរផ្សព្វផ្សាយម្ដងទៀតនៅស្រុកកាលីឡេ។ នេះជាឆ្នាំកិច្ចបម្រើទី២របស់លោក ហើយលោកមិនបានធ្វើដំណើរតែម្នាក់ឯងទេ តែលោកធ្វើដំណើរជាមួយនឹងសាវ័កទាំង១២នាក់ រួមទាំងស្ត្រីមួយចំនួនដែលលោកបាន«ធ្វើឲ្យជាពីជំងឺផ្សេងៗ និងធ្វើឲ្យរួចពីវិញ្ញាណអាក្រក់»។ (លូកា ៨:២) ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារៀម៉ាក់ដាឡេន ស៊ូសាណា និងយ៉ូហាណាដែលប្ដីរបស់នាងជាមន្ត្រីរបស់ស្តេចហេរ៉ូឌអាន់ទីប៉ាស។
កាលដែលមនុស្សកាន់តែច្រើនឮអំពីលោកយេស៊ូ នោះការប្រកែកទាស់ទែងគ្នាស្តីអំពីសកម្មភាពរបស់លោកក៏មានកាន់តែខ្លាំងឡើងដែរ។ ការប្រកែកគ្នានោះបានកើតឡើង នៅពេលដែលពួកគេបាននាំបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូល ក៏ងងឹតភ្នែកនិងគផង មកឯលោកយេស៊ូ។ រួចមក លោកបណ្ដេញវិញ្ញាណកំណាចចេញពីគាត់ ហើយធ្វើឲ្យគាត់អាចនិយាយនិងមើលឃើញវិញ។ ពេលឃើញដូច្នោះ បណ្ដាជនរំភើបចិត្តក្រៃលែង ហើយចាប់ផ្ដើមសួរគ្នាថា៖ «តើលោកជាបុត្រដាវីឌទេដឹង?»។—ម៉ាថាយ ១២:២៣
ប៉ុន្តែ មិនមែនមនុស្សទាំងអស់គិតថាលោកយេស៊ូជា«បុត្រដាវីឌ»ដែលបានត្រូវសន្យានោះទេ។ បន្ទាប់មក ក្រុមមនុស្សបានមកចោមរោមផ្ទះដែលលោកយេស៊ូកំពុងស្នាក់នៅ។ ដោយសារមានមនុស្សច្រើនដល់ម្ល៉េះបានជាលោកនិងពួកអ្នកកាន់តាមលោកមិនអាចពិសាអាហារបាន។ ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីខ្លះបានមកពីក្រុងយេរូសាឡិមដើម្បីមកជួបលោកយេស៊ូ តែមិនមែនដើម្បីរៀនពីលោក ឬដើម្បីគាំទ្រលោកនោះទេ។ ផ្ទុយទៅវិញ ពួកគេកំពុងប្រាប់បណ្ដាជនថា៖ «អ្នកនេះមានបេលសេប៊ូលចូល» ហើយថាលោកកំពុងធ្វើការជាមួយនឹង«អ្នកគ្រប់គ្រងវិញ្ញាណកំណាច»។ (ម៉ាកុស ៣:២២) ពេលញាតិសន្ដានរបស់លោកយេស៊ូឮអំពីរឿងនោះ ពួកគេក៏មកក្នុងបំណងចាប់លោក។ ហេតុអ្វីពួកគេធ្វើដូច្នេះ?
មូលហេតុ គឺដោយសារប្អូនប្រុសៗរបស់លោកយេស៊ូមិនជឿថាលោកជាបុត្ររបស់ព្រះទេ។ (យ៉ូហាន ៧:៥) ម្យ៉ាងទៀត ពេលពួកគេឮថាលោកយេស៊ូបានធ្វើឲ្យបណ្ដាជនចលាចល នោះពួកគេនឹកចម្លែកក្នុងចិត្ត ពីព្រោះពេលលោកធំឡើងជាមួយនឹងពួកគេក្នុងក្រុងណាសារ៉ែត លោកមិនដែលធ្វើដូច្នោះទេ។ ហេតុនេះ ពួកគេគិតថា លោកយេស៊ូច្បាស់ជាមានបញ្ហាផ្លូវចិត្ត ដោយនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។—ម៉ាកុស ៣:២១
ក៏ប៉ុន្តែ តើអ្វីដែលលោកយេស៊ូធ្វើបញ្ជាក់យ៉ាងណាអំពីលោក? លោកយេស៊ូទើបតែបណ្ដេញវិញ្ញាណកំណាចចេញពីបុរសម្នាក់ ហើយឥឡូវបុរសនោះអាចនិយាយនិងមើលឃើញវិញ។ គ្មានអ្នកណាម្នាក់អាចបដិសេធរឿងនេះបានទេ។ ទោះជាយ៉ាងនោះក្ដី ក៏ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីព្យាយាមមួលបង្កាច់លោកយេស៊ូ ដោយនិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែបេលសេប៊ូលប៉ុណ្ណោះ ដែលជាអ្នកគ្រប់គ្រងវិញ្ញាណកំណាច»។—ម៉ាថាយ ១២:២៤
លោកយេស៊ូជ្រាបអំពីគំនិតរបស់ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី ដូច្នេះលោកមានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ ហើយផ្ទះណាឬក្រុងណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងមិនស្ថិតស្ថេរឡើយ។ ដូចគ្នាដែរ បើសាថានបណ្ដេញសាថាន នោះសាថានទាស់ប្រឆាំងខ្លួនឯងហើយ។ បើដូច្នេះ តើរាជាណាចក្ររបស់សាថាននឹងអាចស្ថិតស្ថេរយ៉ាងដូចម្ដេចបាន?»។—ម៉ាថាយ ១២:២៥, ២៦
ការវែកញែករបស់លោកពិតជាសមហេតុសមផលមែន! ពួកផារិស៊ីដឹងថាជនជាតិយូដាខ្លះក៏អាចបណ្ដេញពួកវិញ្ញាណកំណាចបានដែរ។ (សកម្មភាព ១៩:១៣) ដូច្នេះ លោកយេស៊ូសួរពួកគេថា៖ «បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ?»។ ហេតុនេះ បើពួកគេចោទប្រកាន់លោកយេស៊ូ ពួកគេក៏ត្រូវចោទប្រកាន់ខ្លួនឯងដែរ។ បន្ទាប់មក លោកយេស៊ូវែកញែកបន្ថែមថា៖ «ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសកម្មពលរបស់ព្រះវិញ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ដោយអ្នកមិនដឹងខ្លួន»។—ម៉ាថាយ ១២:២៧, ២៨
លោកយេស៊ូលើកឧទាហរណ៍មួយ ដើម្បីបញ្ជាក់ថាការបណ្ដេញវិញ្ញាណកំណាចគឺជាភ័ស្តុតាងថាលោកមានអំណាចខ្លាំងជាងសាថាន ដោយមានប្រសាសន៍ថា៖ «តើមានអ្នកណាដែលអាចចូលផ្ទះរបស់បុរសខ្លាំងពូកែម្នាក់ ហើយប្លន់យកទ្រព្យសម្បត្ដិរបស់គាត់បានឬទេ? លុះត្រាតែចងបុរសខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ»។ (ម៉ាថាយ ១២:២៩, ៣០) ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីកំពុងធ្វើឲ្យបណ្ដាជនខ្ចាត់ខ្ចាយចេញពីបុត្ររបស់ព្រះ។ បុត្រនោះគឺលោកយេស៊ូដែលកំពុងធ្វើការអស្ចារ្យដោយមានការគាំទ្រពីព្រះ។ ដូច្នេះ នេះបង្ហាញថាពួកគេកំពុងប្រឆាំងលោកយេស៊ូ ហើយពួកគេជាភ្នាក់ងាររបស់សាថាន។
លោកយេស៊ូព្រមានភ្នាក់ងារទាំងនោះរបស់សាថានថា៖ «ទោះជាមនុស្សធ្វើខុសអ្វី ឬពោលពាក្យប្រមាថអ្វីក៏ដោយ នោះនឹងត្រូវអភ័យទោសឲ្យ។ ក៏ប៉ុន្តែ អ្នកណាដែលពោលពាក្យប្រមាថសកម្មពលរបស់ព្រះ ព្រះនឹងមិនអភ័យទោសឲ្យអ្នកនោះឡើយ តែការខុសឆ្គងនោះនៅជាប់ជារៀងរហូត»។ (ម៉ាកុស ៣:២៨, ២៩) លោកយេស៊ូបានបណ្ដេញវិញ្ញាណកំណាចដោយសារសកម្មពលរបស់ព្រះ តែពួកគេអះអាងថាលោកបានធ្វើការនេះដោយសារអំណាចពីសាថានវិញ។ សូមគិតថាពួកគេនឹងទទួលទោសធ្ងន់យ៉ាងណា ដោយអះអាងដូច្នេះ!