បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៨៨ ទំ. ២០៦-ទំ. ២០៩ វ. ៣
  • ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ផ្លាស់​ប្ដូរ​របស់​បុរស​អ្នក​មាន​និង​ឡាសា
  • បុរសអ្នកមាននិងឡាសារ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៨៨ ទំ. ២០៦-ទំ. ២០៩ វ. ៣
ឆ្កែលិទ្ធដំបៅរលួយរបស់ឡាសា

ជំពូក​ទី​៨៨

ការ​ផ្លាស់​ប្ដូរ​របស់​បុរស​អ្នក​មាន​និង​ឡាសា

លូកា ១៦:១៤​-​៣១

  • ឧទាហរណ៍​អំពី​បុរស​អ្នក​មាន​និង​ឡាសា

លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​ពួក​អ្នក​កាន់​តាម​លោក អំពី​ការ​ប្រើ​ទ្រព្យ​សម្បត្ដិ​ដោយ​ប្រាជ្ញា។ ប៉ុន្តែ​ពេល​នោះ មិន​គ្រាន់​តែ​មាន​ពួក​អ្នក​កាន់​តាម​លោក​ប៉ុណ្ណោះ​ទេ​ដែល​កំពុង​ស្ដាប់​លោក តែ​ក៏​មាន​ពួក​ផារិស៊ី​ដែរ។ ពួក​គេ​មិន​បាន​គិត​ពិចារណា​អំពី​ឱវាទ​របស់​លោក​យេស៊ូ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ជា​«​មនុស្ស​ដែល​ស្រឡាញ់​ប្រាក់​»។ ពេល​ពួក​គេ​កំពុង​ស្ដាប់​លោក​មាន​ប្រសាសន៍ ពួក​គេ​«​ក៏​ចាប់​ផ្ដើម​ពេប​ជ្រាយ​ឲ្យ​លោក​»។—លូកា ១៥:២; ១៦:១៣, ១៤

ប៉ុន្តែ នោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ភ័យ​ខ្លាច​ឡើយ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ប្រកាស​ថា​ខ្លួន​សុចរិត​នៅ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ ព្រោះ​អ្វី​ដែល​មនុស្ស​ចាត់​ទុក​ថា​សំខាន់ គឺ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ចំពោះ​ព្រះ​វិញ​»។—លូកា ១៦:១៥

ជា​យូរ​មក​ហើយ ពួក​ផារិស៊ី​បាន​ត្រូវ​«​មនុស្ស​ចាត់​ទុក​ថា​សំខាន់​»​ ប៉ុន្តែ​ស្ថានភាព​នេះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ពួក​អ្នក​ដែល​មនុស្ស​ចាត់​ទុក​ថា​សំខាន់ គឺ​រួម​មាន​ពួក​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ​ក្នុង​ពិភព​លោក​នេះ ពួក​អ្នក​នយោបាយ និង​ពួក​អ្នក​មាន​អំណាច​ខាង​សាសនា។ ពួក​គេ​នឹង​ត្រូវ​ទម្លាក់​ចុះ។ ផ្ទុយ​ទៅ​វិញ មនុស្ស​សាមញ្ញ​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​នឹង​ត្រូវ​លើក​តម្កើង។ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ​ដែល​កំពុង​កើត​ឡើង។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​ច្បាប់​និង​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​ប្រកាស​រហូត​ដល់​យ៉ូហាន។ ចាប់​តាំង​ពី​ពេល​នោះ​មក រាជាណាចក្រ​របស់​ព្រះ​កំពុង​ត្រូវ​ប្រកាស​ជា​ដំណឹង​ល្អ ហើយ​មនុស្ស​គ្រប់​ប្រភេទ​កំពុង​ខំ​ប្រឹង​ឈាន​ទៅ​រក​រាជាណាចក្រ​នោះ។ មេឃ​និង​ផែន​ដី​ងាយ​បាត់​សូន្យ ជាង​អក្សរ​មួយ​តួ​ក្នុង​ច្បាប់​បាត់​ទៅ​ដោយ​មិន​បាន​សម្រេច​»។ (​លូកា ៣:១៨; ១៦:១៦, ១៧​) តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ណា​ថា​ការ​ផ្លាស់​ប្ដូរ​នោះ​កំពុង​កើត​ឡើង?

ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​អះអាង​ដោយ​មាន​អំនួត​ថា ពួក​គេ​កាន់​តាម​ច្បាប់​ម៉ូសេ​យ៉ាង​ដិត​ដល់។ មុន​នោះ នៅ​ក្រុង​យេរូសាឡិម ពេល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​ម្នាក់​មើល​ឃើញ​វិញ ពួក​ផារិស៊ី​បាន​និយាយ​ដោយ​អំនួត​ថា​៖ ​«​យើង​ជា​អ្នក​កាន់​តាម​ម៉ូសេ។ យើង​ដឹង​ថា​ព្រះ​បាន​មាន​ប្រសាសន៍​នឹង​ម៉ូសេ​»។ (​យ៉ូហាន ៩:១៣, ២៨, ២៩​) គោល​បំណង​មួយ​នៃ​ច្បាប់​ដែល​ព្រះ​ផ្ដល់​ឲ្យ​តាម​រយៈ​ម៉ូសេ គឺ​នាំ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ទៅ​ឯ​មេស្ស៊ី ពោល​គឺ​លោក​យេស៊ូ។ ម្យ៉ាង​ទៀត យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​បញ្ជាក់​ថា លោក​យេស៊ូ​ជា​កូន​ចៀម​របស់​ព្រះ។ (​យ៉ូហាន ១:២៩​-​៣៤​) ពេល​កិច្ច​បម្រើ​របស់​យ៉ូហាន​បាន​ចាប់​ផ្ដើម ជន​ជាតិ​យូដា​ដែល​មាន​ចិត្ត​រាប​ទាប ជា​ពិសេស​មនុស្ស​ក្រី​ក្រ បាន​ឮ​អំពី​«​រាជាណាចក្រ​របស់​ព្រះ​»។ ពិត​មែន នេះ​ជា​«​ដំណឹង​ល្អ​»​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ​ដែល​ចង់​ធ្វើ​ជា​រាស្ត្រ​របស់​រាជាណាចក្រ​ព្រះ ហើយ​ចង់​ទទួល​ប្រយោជន៍​ពី​រាជាណាចក្រ​នោះ។

ការ​ផ្លាស់​ប្ដូរ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​នេះ មិន​មាន​ន័យ​ថា​ច្បាប់​ម៉ូសេ​មិន​បាន​សម្រេច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ច្បាប់​នោះ​បាន​សម្រេច​គោល​បំណង​ដោយ​នាំ​មនុស្ស​ទៅ​ឯ​មេស្ស៊ី។ បន្ថែម​ទៅ​ទៀត តម្រូវ​ការ​ដែល​ឲ្យ​ធ្វើ​តាម​ច្បាប់​នោះ​ក៏​កំពុង​មក​ដល់​ទី​បញ្ចប់​ដែរ។ ជា​ឧទាហរណ៍ ច្បាប់​ម៉ូសេ​អនុញ្ញាត​ឲ្យ​មាន​ការ​លែង​លះ​គ្នា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ផ្សេង​ៗ។ ប៉ុន្តែ ឥឡូវ​លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ហើយ​រៀប​ការ​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ធ្វើ​អំពើ​ផិត​ក្បត់ ហើយ​អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្ដី​លែង អ្នក​នោះ​ក៏​ធ្វើ​អំពើ​ផិត​ក្បត់​ដែរ​»។ (​លូកា ១៦:១៨​) ប្រសាសន៍​របស់​លោក​ពិត​ជា​ធ្វើ​ឲ្យ​ពួក​ផារិស៊ី​ដែល​ចូល​ចិត្ត​បង្កើត​ច្បាប់​ក្នុង​រឿង​ទាំង​អស់ ខឹង​ខ្លាំង​ណាស់!

ឥឡូវ​លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ផ្លាស់​ប្ដូរ​ដែល​កំពុង​កើត​ឡើង​នេះ​គឺ​សំខាន់​យ៉ាង​ណា។ ឧទាហរណ៍​នោះ​រៀប​រាប់​អំពី​បុរស​ពីរ​នាក់​ដែល​មាន​ឋានៈ​និង​ស្ថានភាព​ខុស​គ្នា​ទាំង​ស្រុង។ ពេល​ពិចារណា​អំពី​ឧទាហរណ៍​នេះ សូម​ចាំ​ថា​ក្នុង​ចំណោម​បណ្ដា​ជន​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ ក៏​មាន​ពួក​ផារិស៊ី​ដែល​ស្រឡាញ់​ប្រាក់ ហើយ​ជា​ពួក​អ្នក​ដែល​មនុស្ស​ចាត់​ទុក​ថា​សំខាន់។

បុរសអ្នកមានស្លៀកសម្លៀកបំពាក់ពណ៌ស្វាយកំពុងមើលតាមបង្អួច

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ​ធ្លាប់​មាន​បុរស​អ្នក​មាន​ម្នាក់ ដែល​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​ពណ៌​ស្វាយ​និង​ក្រណាត់​សាច់​ល្អ ក៏​ធ្លាប់​សប្បាយ​ហ៊ឺហា​រៀង​រាល់​ថ្ងៃ។ តែ​អ្នក​សុំ​ទាន​ម្នាក់​ឈ្មោះ​ឡាសា​ដែល​មាន​ដំបៅ​រលួយ​ពេញ​ខ្លួន ធ្លាប់​ត្រូវ​គេ​យក​មក​ដាក់​នៅ​មាត់​ទ្វារ​របង​របស់​បុរស​អ្នក​មាន​នោះ។ ហើយ​ឡាសា​ចង់​ចម្អែត​ក្រពះ​ដោយ​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​បុរស​អ្នក​មាន។ ម្យ៉ាង​ទៀត ធ្លាប់​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​របស់​គាត់​»។—លូកា ១៦:១៩​-​២១

​«​បុរស​អ្នក​មាន​»​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ច្បាស់​ជា​សំដៅ​លើ​ពួក​ផារិស៊ី។ មូលហេតុ​មួយ គឺ​ពួក​ផារិស៊ី​ស្រឡាញ់​ប្រាក់។ ម្យ៉ាង​ទៀត ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​ទាំង​នេះ​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ហ៊ឺហា និង​មាន​តម្លៃ​ថ្លៃ​ដូច​បុរស​អ្នក​មាន​ក្នុង​ឧទាហរណ៍​នោះ។ ក្រៅ​ពី​ទ្រព្យ​សម្បត្ដិ​របស់​ពួក​គេ ពួក​គេ​មើល​ទៅ​ដូច​ជា​អ្នក​មាន ដោយ​សារ​ពួក​គេ​មាន​ឯកសិទ្ធិ​ជា​ច្រើន។ ដូច្នេះ ការ​ប្រដូច​ពួក​ផារិស៊ី​ទៅ​នឹង​បុរស​អ្នក​មាន​ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស្វាយ​និង​ក្រណាត់​សាច់​ល្អ គឺ​បញ្ជាក់​អំពី​ឋានៈ​ពិសេស​របស់​ពួក​ផារិស៊ី​និង​អំនួត​របស់​ពួក​គេ​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត។—ដានីយ៉ែល ៥:៧

តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​ដែល​មាន​អំនួត​និង​មាន​ទ្រព្យ មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ក្រី​ក្រ​និង​មនុស្ស​សាមញ្ញ? ពួក​គេ​មើល​ងាយ​ហើយ​ចាត់​ទុក​មនុស្ស​បែប​នោះ​ថា​«​ពួក​អ្នក​ស្រុក​»​ (​‛am ha·’aʹrets​) ហើយ​ថា​មនុស្ស​បែប​នោះ​ជា​អ្នក​ដែល​មិន​ស្គាល់​ច្បាប់​របស់​ព្រះ ព្រម​ទាំង​មិន​សម​នឹង​ទទួល​ការ​បង្រៀន​អំពី​ច្បាប់របស់​លោក​ឡើយ។ (​យ៉ូហាន ៧:៤៩​) នេះ​បញ្ជាក់​អំពី​ស្ថានភាព​របស់​«​អ្នក​សុំ​ទាន​ម្នាក់​ឈ្មោះ​ឡាសា​»​ដែល​ឃ្លាន​យ៉ាង​ខ្លាំង សូម្បី​តែ​កម្ទេច​«​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​បុរស​អ្នក​មាន​»​ក៏​គាត់​ចង់​ចម្អែត​ក្រពះ​ដែរ។ ឡាសា​ដែល​មាន​ដំបៅ​រលួយ​ពេញ​ខ្លួន​បាន​ត្រូវ​គេ​មើល​ងាយ។ ដូច​គ្នា​ដែរ ពួក​អ្នក​ដឹក​នាំ​សាសនា​មើល​ងាយ​មនុស្ស​សាមញ្ញ ដោយ​ចាត់​ទុក​ថា​ពួក​គេ​មិន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ។

រហូត​មក​ដល់​សម័យ​លោក​យេស៊ូ ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​នៅ​តែ​បន្ត​មាន។ ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​ថា​គឺ​ដល់​ពេល​ដែល​ស្ថានភាព​របស់​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​បុរស​អ្នក​មាន និង​ស្ថានភាព​របស់​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​ឡាសា ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។

ការ​ផ្លាស់​ប្ដូរ​របស់​បុរស​អ្នក​មាន​និង​ឡាសា

ឡាសានៅជិតអាប្រាហាំ

លោក​យេស៊ូ​បន្ត​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​នូវ​ស្ថានភាព​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​លុះ​ក្រោយ​មក អ្នក​សុំ​ទាន​បាន​ស្លាប់​ទៅ ហើយ​បណ្ដា​ទេវតា​បាន​យក​គាត់​ទៅ​ដាក់​នៅ​ជិត​ដើម​ទ្រូង របស់​អាប្រាហាំ។ បុរស​អ្នក​មាន​ក៏​បាន​ស្លាប់​ដែរ ហើយ​ត្រូវ​គេ​បញ្ចុះ។ រួច​ក្នុង​ផ្នូរ​គាត់​កំពុង​រង​ទារុណកម្ម ក៏​បាន​ងើប​មុខ​មើល​ទៅ​លើ​ឃើញ​អាប្រាហាំ​នៅ​ឆ្ងាយ និង​ឡាសា​នៅ​ជិត​ដើម​ទ្រូង​របស់​គាត់​»។—លូកា ១៦:២២, ២៣

ពួក​អ្នក​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ ដឹង​ថា​អាប្រាហាំ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ជា​យូរ​មក​ហើយ។ បទ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​ឬ​ហ្ស៊ីអូល រួម​ទាំង​អាប្រាហាំ មិន​អាច​មើល​ឃើញ ឬ​និយាយ​បាន​ឡើយ។ (​សាស្ដា ៩:៥, ១០​) ដូច្នេះ តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​យល់​ថា​ឧទាហរណ៍​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? តើ​លោក​ប្រហែល​ជា​ចង់​បញ្ជាក់​អ្វី​ស្តី​អំពី​មនុស្ស​សាមញ្ញ​និង​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ស្រឡាញ់​ប្រាក់?

លោក​យេស៊ូ​ទើប​តែ​បាន​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្ដូរ ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ច្បាប់​និង​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​ប្រកាស​រហូត​ដល់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នោះ​មក រាជាណាចក្រ​របស់​ព្រះ​កំពុង​ត្រូវ​ប្រកាស​ជា​ដំណឹង​ល្អ›។ ដូច្នេះ កិច្ច​ផ្សព្វ​ផ្សាយ​របស់​យ៉ូហាន​និង​លោក​យេស៊ូ​គ្រិស្ត​បញ្ជាក់​ថា​ឡាសា​និង​បុរស​អ្នក​មាន​បាន​ស្លាប់​ក្នុង​ន័យ​ថា ស្ថានភាព​ពី​មុន​របស់​ពួក​គេ​បាន​ផ្លាស់​ប្ដូរ ហើយ​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​ក៏​បាន​ផ្លាស់​ប្ដូរ​ដែរ។

ជា​ពិសេស ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប ឬ​មនុស្ស​ទន់​ទាប​មិន​បាន​ទទួល​ចំណេះ​អំពី​ព្រះ​អស់​ជា​យូរ​មក​ហើយ។ ប៉ុន្តែ តាម​រយៈ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ហើយ​ក្រោយ​មក​តាម​រយៈ​លោក​យេស៊ូ ពួក​គេ​បាន​ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ពួក​គេ​ព្រម​ទទួល​យក​ដំណឹង​នោះ។ ពី​មុន​ពួក​គេ​ធ្លាប់​ទទួល​សេចក្ដី​បង្រៀន​អំពី​ព្រះ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ នេះ​ប្រៀប​ដូច​ជា​ពួក​គេ​រើស​កម្ទេច‹អាហារ​ដែល​ជ្រុះ​ពី​តុ›របស់​ពួក​អ្នក​ដឹក​នាំ​សាសនា។ ប៉ុន្តែ ឥឡូវ​ពួក​គេ​បាន​ទទួល​យ៉ាង​ច្រើន​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​ពី​បទ​គម្ពីរ ជា​ពិសេស​សេចក្ដី​បង្រៀន​ដ៏​អស្ចារ្យ​ដែល​លោក​យេស៊ូ​កំពុង​ពន្យល់។ នៅ​ទី​បំផុត ពួក​គេ​ហាក់​ដូច​ជា​បាន​ទទួល​ឋានៈ​ពិសេស​ពី​ព្រះ​យេហូវ៉ា។

ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ និង​ពួក​អ្នក​ដែល​មាន​អំណាច​ក្នុង​ចំណោម​ពួក​អ្នក​ដឹក​នាំ​សាសនា បដិសេធ​នូវ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដែល​យ៉ូហាន​បាន​ប្រកាស​ផ្សាយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បដិសេធ​នូវ​ដំណឹង​ដែល​លោក​យេស៊ូ​កំពុង​ផ្សព្វ​ផ្សាយ​ពេញ​តំបន់​នោះ​ដែរ។ (​ម៉ាថាយ ៣:១, ២; ៤:១៧​) តាម​ពិត ពួក​គេ​ខឹង​ឬ​រង​ទុក្ខ​ដោយ​សារ​ដំណឹង​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​ដំណឹង​នោះ​បញ្ជាក់​អំពី​ការ​វិនិច្ឆ័យ​យ៉ាង​ខ្លាំង​របស់​ព្រះ​ចំពោះ​ពួកគេ​ដែល​នឹង​មាន​ក្រោយ​មក។ (​ម៉ាថាយ ៣:៧​-​១២​) ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ស្រឡាញ់​ប្រាក់​នឹង​ធូរ​ស្រាល​ពី​ការ​រង​ទុក្ខ​នោះ បើ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ឈប់​ប្រកាស​អំពី​ដំណឹង​របស់​ព្រះ។ ពួក​អ្នក​ដឹក​នាំ​ទាំង​នេះ​ប្រៀប​ដូច​ជា​បុរស​អ្នក​មាន​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ដែល​និយាយ​ថា​៖ ​«​លោក​ឪ​ពុក​អាប្រាហាំ​អើយ! សូម​មេត្ដា​ខ្ញុំ​ផង ហើយ​ចាត់​ឡាសា​ទៅ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ទឹក​ហើយ​បន្តក់​លើ​អណ្ដាត​របស់​ខ្ញុំ​ឲ្យ​ត្រជាក់ ពី​ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​»។—លូកា ១៦:២៤

បុរសអ្នកមានកំពុងរងទុក្ខក្នុងភ្លើង

ប៉ុន្តែ សំណូម​ពរ​នោះ​មិន​បាន​កើត​ឡើង​ទេ ពី​ព្រោះ​អ្នក​ដឹក​នាំ​សាសនា​ភាគ​ច្រើន​មិន​ព្រម​ប្រែ​ចិត្ត​ឡើយ។ ពួក​គេ​បាន​បដិសេធ​«​ស្ដាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។ តាម​រយៈ​សេចក្ដី​បង្រៀន​ទាំង​នោះ ពួក​គេ​គួរ​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​និង​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង។ (​លូកា ១៦:២៩, ៣១; កាឡាទី ៣:២៤​) ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​បន្ទាប​ខ្លួន​ស្ដាប់​ពួក​អ្នក​ក្រី​ក្រ​ដែល​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ។ ឥឡូវ​ពួក​អ្នក​ក្រី​ក្រទាំង​នេះ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​អាច​បន្ថែម​បន្ថយ​សេចក្ដី​ពិត​អំពី​ព្រះ​ដើម្បី​ផ្គាប់​ចិត្ត​ពួក​អ្នក​ដឹក​នាំ​សាសនា ឬ​ដើម្បី​ឲ្យ​ពួក​គេ​ធូរ​ស្រាល​ពី​ការ​រង​ទុក្ខ​នោះ​ទេ។ ក្នុង​ឧទាហរណ៍​នេះ លោក​យេស៊ូ​រៀប​រាប់​អំពី​ការ​ពិត​នេះ​ក្នុង​ពាក្យ​សម្ដី​របស់​«​លោក​ឪ​ពុក​អាប្រាហាំ​»​ដែល​និយាយ​ទៅ​កាន់​បុរស​អ្នក​មាន ដូច​ត​ទៅ​នេះ​ថា​៖

​«​កូន​អើយ សូម​ចាំ​ថា កាល​ដែល​អ្នក​នៅ​រស់ អ្នក​បាន​ទទួល​របស់​ល្អ​សព្វ​គ្រប់ តែ​ឡាសា​វិញ គាត់​បាន​ទទួល​សេចក្ដី​អាក្រក់។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​គាត់​កំពុង​ទទួល​ការ​សម្រាល​ទុក្ខ​នៅ​ទី​នេះ តែ​អ្នក​កំពុង​រង​ទុក្ខ​វេទនា​វិញ។ ក្រៅ​ពី​នោះ មាន​ចន្លោះ​ដ៏​ធំ​មួយ​ដែល​បាន​ត្រូវ​ដាក់​ខណ្ឌ​នៅ​កណ្ដាល​យើង​និង​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​ណា​នៅ​ទី​នេះ​ដែល​ចង់​ទៅ​ខាង​អ្នក​រាល់​គ្នា អាច​ទៅ​បាន ហើយ​កុំ​ឲ្យ​អ្នក​ណា​នៅ​ទី​នោះ​ឆ្លង​មក​ខាង​យើង​ដែរ​»។—លូកា ១៦:២៥, ២៦

ពួកអ្នកដឹកនាំសាសនាយូដាខឹងនឹងលោកយេស៊ូ

ការ​ផ្លាស់​ប្ដូរ​នេះ​ពិត​ជា​យុត្ដិធម៌​និង​សម​ហេតុ​សម​ផល​មែន! ស្ថានភាព​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​មាន​អំនួត និង​ស្ថានភាព​របស់​ពួក​អ្នក​រាប​ទាប​ដែល​ព្រម​ទទួល​នឹម​របស់​លោក​យេស៊ូ​គឺ​ពិត​ជា​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​កំពុង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​កំពុង​ទទួល​ចំណេះ​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី​ព្រះ។ (​ម៉ាថាយ ១១:២៨​-​៣០​) ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ឃើញ​ជាក់​ច្បាស់​ថែម​ទៀត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ត្រូវ​ជំនួស​ដោយ​កិច្ច​ព្រម​ព្រៀង​ថ្មី។ (​យេរេមា ៣១:៣១​-​៣៣; កូឡុស ២:១៤; ហេប្រឺ ៨:៧​-​១៣​) ពេល​ព្រះ​ចាក់​សកម្មពល​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. នោះ​ព្រះ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ផ្ទុយ​ទៅ​វិញ ពួក​ផារិស៊ី​និង​អ្នក​ដឹក​នាំ​សាសនា​ឯ​ទៀត​នឹង​មិន​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ឡើយ។

  • តើ​មាន​ស្ថានភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​អ្នក​ដឹក​នាំ​សាសនា​ជន​ជាតិ​យូដា​និង​មនុស្ស​សាមញ្ញ?

  • ដូច​លោក​យេស៊ូ​បាន​បញ្ជាក់ តើ​ការ​ផ្លាស់​ប្ដូរ​អ្វី​បាន​កើត​ឡើង​ពេល​យ៉ូហាន​ចាប់​ផ្ដើម​កិច្ច​បម្រើ?

  • ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​អ្នក​ណា​ដែល​ប្រៀប​ដូច​ជា​បុរស​អ្នក​មាន ហើយ​តើ​អ្នក​ណា​ដែល​ប្រៀប​ដូច​ជា​ឡាសា?

  • តើ​លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ណា​អំពី​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​នោះ?

  • ពេល​យ៉ូហាន​និង​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ព្រះ តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​មាន​ប្រតិកម្ម​យ៉ាង​ណា ហើយ​ដើម្បី​បញ្ជាក់​អំពី​ប្រតិកម្ម​របស់​ពួក​គេ តើ​លោក​យេស៊ូ​បាន​ពន្យល់​បន្ថែម​យ៉ាង​ដូច​ម្ដេច?

  • តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ចង់​ឲ្យ​មាន​អ្វី​កើត​ឡើង? ប៉ុន្តែ​ហេតុ​អ្វី​នោះ​នឹង​មិន​កើត​ឡើង​ទេ?

  • តើ​នៅ​ពេល​ណា​ដែល​ចន្លោះ​រវាង​ពួក​អ្នក​ដឹក​នាំ​សាសនា​និង​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​កាន់​តែ​រីក​ធំ​ឡើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក