បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១៣១ ទំ. ២៩៨-ទំ. ២៩៩ វ. ៣
  • ស្តេចដែលគ្មានកំហុសទទួលការឈឺចាប់នៅលើបង្គោល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្តេចដែលគ្មានកំហុសទទួលការឈឺចាប់នៅលើបង្គោល
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ឈឺចាប់ពើតផ្សានៅលើបង្គោលឈើ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ហេតុអ្វីយើងគួរស្រឡាញ់លោកយេស៊ូ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • លោកយេស៊ូស្លាប់នៅកុលកូថា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • លោកយេស៊ូបានត្រូវនាំយកទៅប្រហារជីវិត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១៣១ ទំ. ២៩៨-ទំ. ២៩៩ វ. ៣
លោកយេស៊ូសន្យានឹងឧក្រិដ្ឋជនដែលបានព្យួរក្បែរលោកថា៖«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»

ជំពូក​ទី​១៣១

ស្តេច​ដែល​គ្មាន​កំហុស​ទទួល​ការ​ឈឺ​ចាប់​នៅ​លើ​បង្គោល

ម៉ាថាយ ២៧:៣៣​-​៤៤ ម៉ាកុស ១៥:២២​-​៣២ លូកា ២៣:៣២​-​៤៣ យ៉ូហាន ១៩:១៧​-​២៤

  • លោក​យេស៊ូ​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ទារុណកម្ម

  • លោក​យេស៊ូ​ត្រូវ​គេ​សើច​ចំអក​ដោយ​សារ​ស្លាក​នៅ​លើ​ក្បាល​លោក

  • លោក​យេស៊ូ​ប្រាប់​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន

លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​កន្លែង​មួយ​ដែល​មិន​សូវ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ កន្លែង​នោះ​ហៅ​ថា​កុលកូថា ឬ​លលាដ៍​ក្បាល។ លោក​និង​ចោរ​ប្លន់​ពីរ​នាក់​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ទី​នោះ។ បណ្ដា​ជន​អាច‹មើល​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ›បាន។—ម៉ាកុស ១៥:៤០

ពួក​ទាហាន​បាន​ដោះ​សម្លៀក​បំពាក់​របស់​អ្នក​ទោស​ទាំង​បី​នាក់​នោះ។ រួច​មក ពួក​គេ​បាន​យក​ស្រា​លាយ​ជា​មួយ​នឹង​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​ពួក​គាត់​ពិសា។ តាម​មើល​ទៅ ពួក​ស្ត្រី​នៅ​ក្រុង​យេរូសាឡិម​បាន​លាយ​ស្រា​នេះ ហើយ​ពួក​ទាហាន​រ៉ូម​ក៏​បាន​អនុញ្ញាត​ឲ្យ​យក​ស្រា​នោះ​ឲ្យ​អ្នក​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​ផឹក​ដែរ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ក្រោយ​ពី​លោក​យេស៊ូ​ភ្លក់​ហើយ លោក​បដិសេធ​មិន​ព្រម​ផឹក​ស្រា​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្វី​ណា​មួយ​មក​ធ្វើ​ឲ្យ​ស្មារតី​លោក​ចុះ​ខ្សោយ​ក្នុង​អំឡុង​ការ​សាកល្បង​ដ៏​ខ្លាំង​បំផុត​នេះ ពោល​គឺ​លោក​ចង់​នៅ​មាន​ស្មារតី​និង​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។

ឥឡូវ ពួក​ទាហាន​សន្ធឹង​ដៃ​ទាំង​ពីរ​របស់​លោក​យេស៊ូ​លើ​បង្គោល។ (​ម៉ាកុស ១៥:២៥​) រួច​មក ពួក​គេ​យក​ដែក​គោល​មក​ដំ​ដៃ​និង​ជើង​របស់​លោក​ភ្ជាប់​នឹង​បង្គោល​នោះ។ ពេល​ដែល​ដែក​គោល​ធ្លុះ​ចូល​ក្នុង​សាច់​និង​សរសៃ ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ជា​ពិសេស ពេល​ពួក​ទាហាន​លើក​បង្គោល​នោះ​ឡើង រឹត​តែ​ធ្វើ​ឲ្យ​លោក​ចុក​ចាប់​ថែម​ទៀត ដោយ​សារ​ទម្ងន់​ខ្លួន​របស់​លោក​ធ្វើ​ឲ្យ​ដៃ​និង​ជើង​របស់​លោក​កាន់​តែ​រយះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ស្រែក​បន្ទោស​ពួក​ទាហាន​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។—លូកា ២៣:៣៤

តាម​ទម្លាប់ ពួក​ទាហាន​រ៉ូម​ធ្វើ​ស្លាក​ដើម្បី​បញ្ជាក់​អំពី​បទ​ល្មើស​របស់​អ្នក​ដែល​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​ថា​ជា​ឧក្រិដ្ឋជន។ លើក​នេះ ពីឡាត​សរសេរ​ប្រកាស​មួយ​ដែល​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ជា​ស្តេច​នៃ​ជន​ជាតិ​យូដា​»។ ស្លាក​នេះ​បាន​ត្រូវ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិច ដូច្នេះ​មនុស្ស​ភាគ​ច្រើន​អាច​អាន​បាន។ ពីឡាត​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ជន​ជាតិ​យូដា​ដែល​ទាម​ទារ​ឲ្យ​ប្រហារ​ជីវិត​លោក​យេស៊ូ។ ប៉ុន្តែ នេះ​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​ខក​ចិត្ត ហើយ​តវ៉ា​ថា​៖ ​«​សូម​កុំ​សរសេរ​ថា ‹ស្តេច​នៃ​ជន​ជាតិ​យូដា។ ប៉ុន្តែ​សរសេរ​ថា គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​ស្តេច​នៃ​ជន​ជាតិ​យូដា›​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លើក​នេះ​ពីឡាត​មិន​ចង់​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ពួក​គេ​ទេ ហេតុ​នេះ​គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​សរសេរ​យ៉ាង​ណា ត្រូវ​ទុក​យ៉ាង​នោះ​»។—យ៉ូហាន ១៩:១៩​-​២២

ឮ​ដូច្នេះ ពួក​សង្ឃនាយក​ខឹង​ខ្លាំង​ណាស់ ហេតុ​នេះ​ពួក​គេ​ក៏​និយាយ​ម្ដង​ទៀត​អំពី​ការ​ចោទ​ប្រកាន់​មិន​ពិត​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នា​ពេល​មុន​នោះ។ ដូច្នេះ​ហើយ​បាន​ជា​ពួក​អ្នក​ដើរ​កាត់​ទី​នោះ​គ្រវី​ក្បាល​ទាំង​និយាយ​ប្រមាថ​មើល​ងាយ​លោក​យេស៊ូ​ថា​៖ ​«​ហាស! អ្នក​ដែល​រុះ​វិហារ​ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ដោយ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!​»។ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ក៏​បាន​និយាយ​គ្នា​ចំអក​ឲ្យ​លោក​ដែរ​ថា​៖ ​«​សូម​គ្រិស្ត ជា​ស្តេច​នៃ​អ៊ីស្រាអែល​ចុះ​ពី​បង្គោល​ទារុណកម្ម​មក ដើម្បី​ឲ្យ​យើង​ឃើញ​ហើយ​ជឿ​ផង!​»។ (​ម៉ាកុស ១៥:២៩​-​៣២​) សូម្បី​តែ​ពួក​ចោរ​ប្លន់​ដែល​បាន​ត្រូវ​ព្យួរ​នៅ​ខាង​ស្ដាំ​និង​ខាង​ឆ្វេង​លោក​ក៏​បាន​តិះ​ដៀល​លោក​ដែរ។ ក៏​ប៉ុន្តែ លោក​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​គ្មាន​កំហុស។

ពួក​ទាហាន​រ៉ូម​បួន​នាក់​ក៏​បាន​ចំអក​ឲ្យ​លោក​យេស៊ូ​ដែរ។ ពួក​គេ​ប្រហែល​ជា​បាន​ផឹក​ស្រា​ជូរ ដូច្នេះ​ឥឡូវ​ពួក​គេ​ធ្វើ​ដូច​ជា​យក​ស្រា​នោះ​ទៅ​ឲ្យ​លោក​យេស៊ូ​ដែល​មិន​អាច​ទទួល​ពិសា​បាន។ ពេល​ទាហាន​រ៉ូម​ទាំង​នោះ​ឃើញ​ស្លាក​ដែល​នៅ​ពី​លើ​ក្បាល​លោក នោះ​ពួក​គេ​ចំអក​ឲ្យ​លោក​យេស៊ូ​ថា​៖ ​«​បើ​ឯង​ជា​ស្តេច​ជន​ជាតិ​យូដា ចូរសង្គ្រោះ​ខ្លួន​ឯង​ចុះ​»។ (​លូកា ២៣:៣៦, ៣៧​) សូម​គិត​ទៅ​មើល! បុរស​នេះ​ដែល​បាន​បង្ហាញ​ថា​ខ្លួន​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត តែ​ឥឡូវ​បែរ​ជា​ត្រូវ​គេ​ចំអក​ហើយ​មើល​ងាយ​មើល​ថោក​ទៅ​វិញ! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​តាំង​ចិត្ត​រង​ការ​ឈឺ​ចាប់​ទាំង​អស់ ដោយ​មិន​ផ្ដន្ទា​ទោស​ជន​ជាតិ​យូដា​ដែល​កំពុង​មើល​លោក និង​ទាហាន​រ៉ូម​ដែល​កំពុង​ចំអក​ឲ្យ​លោក ព្រម​ទាំង​ឧក្រិដ្ឋជន​ពីរ​នាក់​ដែល​ព្យួរ​នៅ​សង​ខាង​លោក​ឡើយ។

ពួកទាហានចាប់ឆ្នោតយកសម្លៀកបំពាក់ក្នុងរបស់លោកយេស៊ូ

ទាហាន​ទាំង​បួន​នាក់​នោះ​បាន​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​យេស៊ូ​មក​ហែក​ជា​បួន​ចម្រៀក។ រួច​ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​ចម្រៀក​មួយ​ណា។ ក៏​ប៉ុន្តែ សម្លៀក​បំពាក់​ក្នុង​របស់​លោក​ធ្វើ​ឡើង​ពី​ក្រណាត់​ដែល​មាន​គុណ​ភាព​ល្អ​«​គ្មាន​ថ្នេរ​ឡើយ ព្រោះ​បាន​ត្រូវ​ត្បាញ​ពី​លើ​ចុះ​មក​»។ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​កុំ​ហែក​សម្លៀក​បំពាក់​នោះ ប៉ុន្តែ​យើង​នាំ​គ្នា​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​វា​»។ ដូច្នេះ ដោយ​មិន​ដឹង​ខ្លួន ពួក​គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​ក្នុង​គម្ពីរ​បាន​កើត​ឡើង។ ទំនាយ​នោះ​ចែង​ថា​៖ ​«​ពួក​គេ​បាន​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ហើយ​ចែក​គ្នា ក៏​បាន​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ​»។—យ៉ូហាន ១៩:២៣, ២៤; ទំនុក​តម្កើង ២២:១៨

ក្រោយ​មក ឧក្រិដ្ឋជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​ពិត​ជា​ស្តេច​មែន។ ហេតុ​នេះ គាត់​បាន​ស្តី​បន្ទោស​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ថា​៖ ​«​តើ​អ្នក​មិន​កោត​ខ្លាច​ព្រះ​សោះ​ឬ? ឥឡូវ​នេះ​អ្នក​បាន​ទទួល​ទោស​ដូច​គ្នា​ដែរ ហើយ​ទោស​យើង​នេះ​គឺ​ត្រឹម​ត្រូវ​ណាស់ ព្រោះ​យើង​កំពុង​ទទួល​បាន​សព្វ​គ្រប់​នូវ​អ្វី​ដែល​សម​នឹង​ការ​ដែល​យើង​បាន​ប្រព្រឹត្ត។ ប៉ុន្តែ​បុរស​នេះ​គ្មាន​កំហុស​អ្វី​ឡើយ​»។ រួច​គាត់​អង្វរ​លោក​យេស៊ូ​ថា​៖ ​«​សូម​នឹក​ឃើញ​ខ្ញុំ កាល​ណា​លោក​ទៅ​ជា​ស្តេច​»។—លូកា ២៣:៤០​-​៤២

លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​គាត់​នឹង​នៅ​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ​ទេ។ (​លូកា ២៣:៤៣​) សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ចំពោះ​ឧក្រិដ្ឋជន​ម្នាក់​នេះ គឺ​ខុស​គ្នា​ពី​សេចក្ដី​សន្យា​ដែល​លោក​បាន​ប្រាប់​ពួក​សាវ័ក ពោល​គឺ​ពួក​គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ។ (​ម៉ាថាយ ១៩:២៨; លូកា ២២:២៩, ៣០​) យ៉ាង​ណា​មិញ ឧក្រិដ្ឋជន​ជន​ជាតិ​យូដា​នេះ​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ផែន​ដី​ជា​សួន​ឧទ្យាន​ដែល​ជា​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​លំនៅ​សម្រាប់​អាដាម​និង​អេវ៉ា ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ។ ឥឡូវ​ទោះ​បី​ជា​ចោរ​ប្លន់​នេះ​នឹង​ស្លាប់​ទៅ​ក៏​ដោយ តែ​គាត់​មាន​សេចក្ដី​សង្ឃឹម​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​គាត់។

  • ហេតុ​អ្វី​លោក​យេស៊ូ​បដិសេធ​មិន​ព្រម​ពិសា​ស្រា​ដែល​គេ​បាន​ជូន​លោក?

  • តើ​គេ​បាន​សរសេរ​ស្លាក​អ្វី​ដាក់​លើ​ក្បាល​លោក​យេស៊ូ ហើយ​តើ​ជន​ជាតិ​យូដា​មាន​ប្រតិកម្ម​យ៉ាង​ណា​នឹង​ស្លាក​នោះ?

  • ស្តី​អំពី​ការ​ចែក​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ តើ​ទំនាយ​ក្នុង​គម្ពីរ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

  • តើ​លោក​យេស៊ូ​បាន​ប្រាប់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​ឧក្រិដ្ឋជន​ម្នាក់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក