បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ជំ. ៦ ទំ. ៦២-៧០
  • តើមនុស្សស្លាប់ទៅទីណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមនុស្សស្លាប់ទៅទីណា?
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អានក្នុង ព្រះគម្ពីរបង្រៀន
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?
  • អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អំពី​សេចក្ដី​ស្លាប់
  • ហេតុ​អ្វី​យើង​ស្លាប់?
  • សេចក្ដី​ពិត​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ហេតុអ្វីយើងទៅជាចាស់ហើយស្លាប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • តើមានអ្វីកើតឡើងដោយសារពួកគាត់ស្ដាប់សាថាន?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ?
    តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ?
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ជំ. ៦ ទំ. ៦២-៧០

ជំពូក​ទី​៦

តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?

១​-​៣​. តើ​មនុស្ស​សួរ​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​សេចក្ដី​ស្លាប់ ហើយ​តើ​សាសនា​ផ្សេង​ៗ​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​ទាំង​នោះ?

មាន​សេចក្ដី​សន្យា​មួយ​ក្នុង​គម្ពីរ​ថា​ថ្ងៃ​មួយ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។ (​ការ​បើក​បង្ហាញ ២១:៤​) ក្នុងជំពូក​ទី​៥ យើង​បាន​រៀន​ថា​ថ្លៃ​លោះ​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​រស់​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​មនុស្ស​នៅ​តែ​ស្លាប់។ (​សាស្ដា ៩:៥​) ដូច្នេះ យើង​ឆ្ងល់​អំពី​សំណួរ​សំខាន់​មួយ​ដែល​ថា តើ​មនុស្ស​ស្លាប់​មាន​ស្ថានភាព​បែប​ណា?

២ យើង​ពិត​ជា​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​គាត់​បាន​ទៅ​ទី​ណា? តើ​គាត់​កំពុង​មើល​ថែ​យើង​ឬ? តើ​គាត់​អាច​ជួយ​យើង​បាន​ទេ? តើ​យើង​នឹង​អាច​ជួប​គាត់​ម្ដង​ទៀត​ឬ​ទេ?›។

៣ សាសនា​ផ្សេង​ៗ​ឆ្លើយ​ខុស​ៗ​គ្នា​ស្តី​អំពី​សេចក្ដី​ស្លាប់។ សាសនា​ខ្លះ​បង្រៀន​ថា ប្រសិន​បើ​អ្នក​ជា​មនុស្ស​ល្អ នោះ​អ្នក​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ តែ​បើ​អ្នក​ជា​មនុស្ស​អាក្រក់​វិញ អ្នក​នឹង​ទៅ​ស្ថាន​នរក​រង​ទុក្ខ​ក្នុង​ភ្លើង។ សាសនា​ឯ​ទៀត​បង្រៀន​ថា ពេល​អ្នក​ស្លាប់​អ្នក​នឹង​ទៅ​ជា​បុគ្គល​វិញ្ញាណ​មួយ​រូប ហើយ​រស់​នៅ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់​មុន​អ្នក។ រីឯ​សាសនា​ផ្សេង​ទៀត​បង្រៀន​ថា ក្រោយ​ពី​អ្នក​បាន​ស្លាប់ អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ រួច​មក​អ្នក​នឹង​ចាប់​ជាតិ​ជា​មនុស្ស​ឬ​ជា​សត្វ។

៤​. តើ​សាសនា​ជា​ច្រើន​បង្រៀន​យ៉ាង​ណា​អំពី​សេចក្ដី​ស្លាប់?

៤ តាម​មើល​ទៅ សាសនា​ផ្សេង​ៗ​បង្រៀន​ខុស​ៗ​គ្នា​អំពី​រឿង​នេះ។ ប៉ុន្តែ សាសនា​ស្ទើរតែ​ទាំង​អស់​មាន​សេចក្ដី​បង្រៀន​មួយ​ដូច​គ្នា។ ពួក​គេ​បង្រៀន​ថា​នៅ​ពេល​មនុស្ស​ម្នាក់​ស្លាប់ មាន​ផ្នែក​មួយ​នៃ​រូប​កាយ​របស់​គាត់​បន្ត​រស់​នៅ។ តើ​សេចក្ដី​បង្រៀន​នេះ​គឺ​ពិត​ទេ?

តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?

៥, ៦​. តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?

៥ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​យើង​ពេល​យើង​ស្លាប់ ហើយ​លោក​បាន​ប្រាប់​យើង​ថា​នៅ​ពេល​មនុស្ស​ម្នាក់​ស្លាប់ គាត់​លែង​មាន​ជីវិត​ទៀត។ សេចក្ដី​ស្លាប់​គឺ​ផ្ទុយ​គ្នា​ពី​ជីវិត។ ហេតុ​នេះ ពេល​អ្នក​ណា​ម្នាក់​ស្លាប់ អារម្មណ៍​និង​ការ​នឹក​ចាំ​របស់​គាត់​មិន​បន្ត​រស់​នៅ​ឯ​កន្លែង​ណា​មួយ​ទេ។a ពេល​យើង​ស្លាប់​យើង​មិន​អាច​មើល​ឃើញ មិន​អាច​ស្ដាប់​ឮ ហើយ​ក៏​មិន​អាច​គិត​គូរ​ទៀត​ឡើយ។

៦ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។ មនុស្ស​ស្លាប់​មិន​អាច​ស្រឡាញ់​ឬ​ស្អប់​បាន​ទេ ហើយ​«​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ . . . នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​ឡើយ​»។ (​សូម​អាន សាស្ដា ៩:៥, ៦, ១០​) បន្ថែម​ទៅ​ទៀត គម្ពីរ​ប្រាប់​យើង​នៅ​ទំនុក​តម្កើង ១៤៦:៤ ថា​ពេល​អ្នក​ណា​ម្នាក់​ស្លាប់ ​«​គំនិត​របស់​គេ​»​ក៏​សូន្យ​ទៅ។

អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អំពី​សេចក្ដី​ស្លាប់

ប្ដីប្រពន្ធមួយគូកំពុងអង្គុយក្នុងសួនហើយសម្លឹងមើលផ្កាដ៏ស្អាតមួយទង

ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ដើម្បី​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី

៧​. តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​សេចក្ដី​ស្លាប់?

៧ ពេល​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​បាន​ស្លាប់ លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ឡាសា​ជា​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ​»។ ប៉ុន្តែ លោក​យេស៊ូ​មិន​មាន​ន័យ​ថា​ឡាសា​កំពុង​សម្រាក​នោះ​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ឡាសា​បាន​ស្លាប់​ហើយ​»។ (​យ៉ូហាន ១១:១១​-​១៤​) ដូច្នេះ លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា​ឡាសា​បាន​ទៅ​ស្ថាន​សួគ៌ ឬ​នៅ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់​មុន​គាត់​ឡើយ។ ម្យ៉ាង​ទៀត លោក​ក៏​មិន​បាន​មាន​ប្រសាសន៍​ថា​ឡាសា​កំពុង​ទទួល​ការ​រង​ទុក្ខ​ក្នុង​ស្ថាន​នរក ឬ​ចាប់​ជាតិ​ជា​មនុស្ស​ផ្សេង​ឬ​សត្វ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឡាសា​ហាក់​ដូច​ជា​កំពុង​ដេក​លក់​ស្កប់​ស្កល់។ ខ​គម្ពីរ​ឯ​ទៀត​ក៏​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅនឹង​ការ​ដេក​លក់​ស្កប់​ស្កល់​ដែរ។ គម្ពីរ​ប្រាប់​ថា​ពេល​ស្ទេផាន​បាន​ត្រូវ​គេ​សម្លាប់ នោះ​«​គាត់​ក៏​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទៅ​»។ (​សកម្មភាព ៧:៦០​) សាវ័ក​ប៉ូល​ក៏​បាន​សរសេរ​ដែរ​ថា​គ្រិស្ត​សាសនិក​ខ្លះ​បាន​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ​»។—កូរិនថូស​ទី១ ១៥:៦

៨​. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​មិន​បាន​បង្កើត​មនុស្ស​មក​ដើម្បី​ឲ្យ​ស្លាប់​ទៅ​វិញ?

៨ ពេល​ព្រះ​បាន​បង្កើត​អាដាម​និង​អេវ៉ា តើ​លោក​មាន​បំណង​ចង់​ឲ្យ​ពួក​គេ​ស្លាប់​ទៅ​វិញ​ឬ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​គេ​ឲ្យ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ ហើយ​រស់​នៅ​ជា​រៀង​រហូត។ ពេល​ព្រះ​បាន​បង្កើត​មនុស្ស លោក​ធ្វើ​ឲ្យ​ពួក​គេ​មានបំណង​ប្រាថ្នា​រស់​ជា​រៀង​រហូត។ (​សាស្ដា ៣:១១​) ធម្មតា​ឪ​ពុក​ម្ដាយ​មិន​ចង់​ឃើញ​កូន​របស់​ពួក​គេ​ទៅ​ជា​ឈឺ​ហើយ​ស្លាប់​ទេ ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ ប៉ុន្តែ បើ​ព្រះ​បង្កើត​យើង​ដើម្បី​ឲ្យ​រស់​ជា​រៀង​រហូត ហេតុ​អ្វី​យើង​ស្លាប់?

ហេតុ​អ្វី​យើង​ស្លាប់?

៩​. ហេតុ​អ្វី​បង្គាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​និង​អេវ៉ា​គឺ​សម​ហេតុ​សម​ផល?

៩ ក្នុង​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:៩, ១៦, ១៧​) បង្គាប់​យ៉ាង​ច្បាស់​នេះ​មិន​ពិបាក​ធ្វើ​តាម​ឡើយ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រាប់​អាដាម​និង​អេវ៉ា​អំពី​អ្វី​ល្អ​និង​អ្វី​អាក្រក់។ ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​បង្ហាញ​ថា​ពួក​គេ​គោរព​សិទ្ធិ​អំណាច​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​បង្ហាញ​ថា​ពួក​គេ​ដឹង​គុណ​ព្រះ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ផ្ដល់​ឲ្យ។

១០, ១១​. (​ក​) តើ​តាម​របៀប​ណា​សាថាន​បាន​នាំ​ឲ្យ​អាដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់​ព្រះ? (​ខ​) ហេតុ​អ្វី​ទង្វើ​របស់​អាដាម​និង​អេវ៉ា​គឺ​មិន​អាច​អភ័យ​ទោស​ឲ្យ​បាន?

១០ គួរ​ឲ្យ​ស្ដាយ​ណាស់ អាដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ សាថាន​បាន​និយាយ​ទៅ​អេវ៉ា​ថា​៖ ​«​តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?​»។ អេវ៉ា​បាន​ឆ្លើយ​តប​ថា​៖ ​«​យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ​នោះ ព្រះ​ទ្រង់​មាន​បន្ទូល​ថា ‹កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង​លោ​ស្លាប់›​»។—លោកុប្បត្តិ ៣:១​-​៣

១១ បន្ទាប់​មក សាថាន​បាន​និយាយ​ទៅ​អេវ៉ា​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ (​លោកុប្បត្តិ ៣:៤​-​៦​) សាថាន​ចង់​ឲ្យ​អេវ៉ា​គិត​ថា​នាង​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ដំណាល​គ្នា​នោះ វា​បាន​កុហក​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​នាង​មិន​ស្ដាប់​បង្គាប់​ព្រះ។ សាថាន​បាន​និយាយ​ថា​អេវ៉ា​នឹង​មិន​ស្លាប់​ទេ ដូច្នេះ​អេវ៉ា​បាន​បរិភោគ​ផ្លែ​នោះ​ហើយ​ចែក​ឲ្យ​ប្ដី​របស់​នាង​បរិភោគ​ដែរ។ អាដាម​និង​អេវ៉ា​ដឹង​ថា​ព្រះ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​បរិភោគ​ផ្លែ​នោះ។ ពេល​ពួក​គេ​បរិភោគ​ផ្លែ​នោះ ពួក​គេ​បាន​ជ្រើស​រើស​មិន​ធ្វើ​តាម​បង្គាប់​មួយ​ដែល​ច្បាស់ និង​ដែល​សម​ហេតុ​សម​ផល។ ដោយ​បរិភោគ​ផ្លែ​នោះ ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​មិន​គោរព​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​ពួក​គេ​ឡើយ។ ដូច្នេះ ទង្វើ​របស់​ពួក​គេ​គឺ​មិន​អាច​អភ័យ​ទោស​ឲ្យ​បាន​ទេ!

១២​. ហេតុ​អ្វី​គឺ​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ?

១២ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​បង្កើត​ពួក​គេ! តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​កូន​ដែល​អ្នក​បាន​ខំ​ចិញ្ចឹម​បី​បាច់ បែរ​ជា​ប្រឆាំង​អ្នក​ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​អ្នក​នោះ? អ្នក​នឹង​ឈឺ​ចិត្ត​ណាស់ មែន​ទេ?

ព្រះចាប់ផ្ដើមបង្កើតអាដាមព្រះចាប់ផ្ដើមបង្កើតអាដាម

អាដាម​បាន​ត្រូវ​បង្កើត​ពី​ធូលី​ដី ក្រោយ​មក​គាត់​បាន​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

១៣​. ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ឯង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ› តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

១៣ ពេល​ដែល​អាដាម​និង​អេវ៉ា​លែង​ស្ដាប់​បង្គាប់​ព្រះ នោះ​ពួក​គេ​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​ថា​៖ ​«​ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​»។ (​សូម​អាន លោកុប្បត្តិ ៣:១៩​) នេះ​មាន​ន័យ​ថា​អាដាម​នឹង​ទៅ​ជា​ធូលី​ដី​វិញ គឺ​ហាក់​ដូច​ជា​គាត់​មិន​បាន​ត្រូវ​បង្កើត​មក។ (​លោកុប្បត្តិ ២:៧​) ក្រោយ​ពី​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គាត់​បាន​ស្លាប់ ហើយ​លែង​មាន​ជីវិត​ទៀត។

១៤​. ហេតុ​អ្វី​យើង​ស្លាប់?

១៤ បើ​អាដាម​និង​អេវ៉ា​បាន​ស្ដាប់​បង្គាប់​ព្រះ នោះ​ពួក​គេ​នឹង​នៅ​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ ពេល​ពួក​គេ​លែង​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​នៅ​ទី​បំផុត​ពួក​គេ​បាន​ស្លាប់។ ភាព​ខុស​ឆ្គង​គឺ​ប្រៀប​ដូច​ជា​ជំងឺ​ដ៏​សាហាវ​មួយ​ដែល​យើង​ឆ្លង​ពី​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង។ យើង​ទាំង​អស់​គ្នា​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​ទាំង​អស់​គ្នា​ស្លាប់​ទៅ​វិញ។ (​រ៉ូម ៥:១២​) ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ​ឡើយ។ ព្រះ​មិន​ដែល​មាន​គោល​បំណង​ឲ្យ​មនុស្សជាតិ​ស្លាប់​ទេ ហើយ​គម្ពីរ​ហៅ​សេចក្ដី​ស្លាប់​ថា​ជា​«​សត្រូវ​»​មួយ។—កូរិនថូស​ទី១ ១៥:២៦

សេចក្ដី​ពិត​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព

១៥​. តើ​ការ​ដឹង​សេចក្ដី​ពិត​អំពី​សេចក្ដី​ស្លាប់​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អ្វី?

១៥ ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​បង្រៀន​មិន​ពិត​ជា​ច្រើន។ គម្ពីរ​បង្រៀន​ថា​មនុស្ស​ស្លាប់​គ្មាន​ទុក្ខ​សោក​ឬ​ការ​ឈឺ​ចាប់​ឡើយ។ យើង​មិន​អាច​និយាយ​ជា​មួយ​នឹង​ពួក​គេ ហើយ​ពួក​គេ​ក៏​មិន​អាច​និយាយ​ជា​មួយ​នឹង​យើង​ដែរ។ យើង​មិន​អាច​ជួយ​មនុស្ស​ស្លាប់ ហើយ​ពួក​គេ​ក៏​មិន​អាច​ជួយ​យើង​ដែរ។ ពួក​គេ​មិន​អាច​ធ្វើ​បាប​យើង​បាន​ទេ ដូច្នេះ​យើង​មិន​ចាំ​បាច់​ខ្លាច​ពួក​គេ​ឡើយ។ ក៏​ប៉ុន្តែ សាសនា​ជា​ច្រើន​បង្រៀន​ថា​មនុស្ស​ស្លាប់​បន្ត​រស់​នៅ​កន្លែង​ណា​មួយ ហើយ​ថា​យើង​អាច​ជួយ​ពួក​គេ​បាន​បើ​យើង​ឲ្យ​លុយ​ទៅ​ពួក​បូជា​ចារ្យ ឬ​អ្នក​ណា​ដែល​មនុស្ស​ចាត់​ទុក​ថា​បរិសុទ្ធ។ ប៉ុន្តែ​ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ យើង​មិន​ចាញ់​បោក​សេចក្ដី​ភូត​ភរ​ទាំង​នេះ​ទេ។

១៦​. តើ​សាសនា​ជា​ច្រើន​បង្រៀន​សេចក្ដី​ភូត​ភរ​អ្វី​ស្តី​អំពី​សេចក្ដី​ស្លាប់?

១៦ សាថាន​ប្រើ​សាសនា​មិន​ពិត​ដើម្បី​បោក​បញ្ឆោត​យើង​ឲ្យ​ជឿ​ថា​មនុស្ស​ស្លាប់​បន្ត​រស់​នៅ។ ជា​ឧទាហរណ៍ សាសនា​ខ្លះ​បង្រៀន​ថា​ពេល​យើង​ស្លាប់ មាន​អ្វី​មួយ​ក្នុង​ខ្លួន​យើង​ដែល​បន្ត​រស់​នៅ​កន្លែង​ណា​មួយ។ តើ​សាសនា​របស់​អ្នក​បង្រៀន​ដូច្នេះ​ទេ ឬ​ក៏​សាសនា​របស់​អ្នក​បង្រៀន​ដូច​អ្វី​ដែល​គម្ពីរ​បង្រៀន​ស្តី​អំពី​សេចក្ដី​ស្លាប់? សាថាន​បោក​បញ្ឆោត​មនុស្ស​ដើម្បី​កុំ​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

១៧​. ហេតុ​អ្វី​សេចក្ដី​បង្រៀន​អំពី​ការ​ដាក់​ទារុណកម្ម​មនុស្ស​អាក្រក់​ក្នុង​ភ្លើង​នរក​ក្រោយ​គាត់​ស្លាប់​បង្ខូច​នាម​ព្រះ​យេហូវ៉ា?

១៧ អ្វី​ដែល​សាសនា​ជា​ច្រើន​បង្រៀន​គឺ​គួរ​ឲ្យ​ទើស​ចិត្ត​ណាស់។ ជា​ឧទាហរណ៍ សាសនា​ខ្លះ​បង្រៀន​ថា​មនុស្ស​អាក្រក់​នឹង​ទទួល​ទារុណកម្ម​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត​ក្រោយ​ពី​គាត់​ស្លាប់។ សេចក្ដី​បង្រៀន​នេះ​បង្ខូច​នាម​ព្រះ​យេហូវ៉ា។ លោក​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​ដូច្នេះ​ឡើយ! (​សូម​អាន យ៉ូហាន​ទី១ ៤:៨​) តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​ប្រដៅ​កូន​ដោយ​យក​ដៃ​កូន​ដាក់​ក្នុង​អណ្ដាត​ភ្លើង? អ្នក​ច្បាស់​ជា​គិត​ថា​គាត់​ជា​មនុស្ស​សាហាវ​ណាស់ មែន​ទេ? អ្នក​ប្រាកដ​ជា​មិន​ចង់​រាប់​អាន​គាត់​ឡើយ។ សាថាន​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​នេះ​ចំពោះ​ព្រះ​យេហូវ៉ា!

១៨​. ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​មនុស្ស​ស្លាប់?

១៨ សាសនា​ខ្លះ​បង្រៀន​ថា​ក្រោយ​ពី​មនុស្ស​ស្លាប់ ពួក​គេ​ក្លាយ​ទៅ​ជា​វិញ្ញាណ។ សាសនា​ទាំង​នោះ​ក៏​បង្រៀន​ដែរ​ថា​មនុស្ស​រស់​ត្រូវ​គោរព និង​ខ្លាច​វិញ្ញាណ​ទាំង​នោះ ពី​ព្រោះ​វិញ្ញាណ​របស់​មនុស្ស​ស្លាប់​អាច​ទៅ​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​ឬ​សត្រូវ​ដែល​គួរ​ឲ្យ​ខ្លាច។ មនុស្ស​ជា​ច្រើន​ជឿ​សេចក្ដី​ភូត​ភរ​នោះ។ ពួក​គេ​ខ្លាច​មនុស្ស​ស្លាប់ ដូច្នេះ​ពួក​គេ​គោរព​ប្រណិប័តន៍​មនុស្ស​ស្លាប់​ជា​ជាង​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទេ ដូច្នេះ​យើង​មិន​ចាំ​បាច់​ខ្លាច​ពួក​គេ​ឡើយ។ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង។ លោក​គឺ​ជា​ព្រះ​ពិត ហើយ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍។—ការ​បើក​បង្ហាញ ៤:១១

១៩​. តើ​ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៩ ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ យើង​រួច​ផុត​ពី​សេចក្ដី​ភូត​ភរ​ខាង​សាសនា។ ម្យ៉ាង​ទៀត សេចក្ដី​ពិត​នេះ​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​អំពី​ជីវិត​និង​អនាគត​របស់​យើង។

២០​. តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​បន្ទាប់?

២០ នៅ​សម័យ​បុរាណ បុរស​ម្នាក់​ឈ្មោះ​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ព្រះ​បាន​សួរ​ថា​៖ ​«​បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ?​»។ (​យ៉ូប ១៤:១៤​) តើ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ពិត​ជា​អាច​រស់​ឡើង​វិញ​បាន​ទេ? អ្វី​ដែល​ព្រះ​ប្រាប់​យើង​ក្នុង​គម្ពីរ​គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​មែន។ យើង​នឹង​រៀន​អំពី​រឿង​នេះ​ក្នុង​ជំពូក​បន្ទាប់។

a មនុស្ស​ខ្លះ​ជឿ​ថា​ព្រលឹង​ឬ​វិញ្ញាណ​បន្ត​រស់​នៅ​ក្រោយ​ពី​មនុស្ស​ម្នាក់​ស្លាប់។ ដើម្បី​រៀន​ថែម​ទៀត​សូម​មើលលេខ​១៧​និង​១៨​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ។

សេចក្ដី​សង្ខេប

សេចក្ដី​ពិត​ទី១: ពេល​មនុស្ស​ម្នាក់​ស្លាប់ គាត់​លែង​មាន​ជីវិត​ទៀត

​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។—សាស្ដា ៩:៥

តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?

  • ទំនុក​តម្កើង ១៤៦:៣, ៤; សាស្ដា ៩:៦, ១០

    ពេល​យើង​ស្លាប់ យើង​មើល​មិន​ឃើញ ស្ដាប់​មិន​ឮ ហើយ​ក៏​មិន​អាច​គិត​គូរ​បាន​ដែរ។

  • យ៉ូហាន ១១:១១​-​១៤

    លោក​យេស៊ូ​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។

សេចក្ដី​ពិត​ទី២: ព្រះ​យេហូវ៉ា​មិន​ដែល​មាន​បំណង​ឲ្យ​មនុស្ស​ស្លាប់​ទេ

​«​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។—លោកុប្បត្តិ ២:១៧

ហេតុ​អ្វី​យើង​ស្លាប់?

  • លោកុប្បត្តិ ៣:១​-​៦

    សាថាន​បាន​កុហក​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អេវ៉ា​បើ​នាង​មិន​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ។ ពេល​អាដាម​និង​អេវ៉ា​លែង​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​នៅ​ទី​បំផុត​ពួក​គេ​បាន​ស្លាប់។

  • លោកុប្បត្តិ ៣:១៩

    ក្រោយ​ពី​អាដាម​ស្លាប់ គាត់​ក៏​សូន្យ​បាត់​ទៅ។

  • រ៉ូម ៥:១២

    ភាព​ខុស​ឆ្គង​គឺ​ប្រៀប​ដូច​ជា​ជំងឺ​ដ៏​សាហាវ​មួយ​ដែល​យើង​ឆ្លង​ពី​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង។ យើង​ទាំង​អស់​គ្នា​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង ហេតុ​នេះ​ហើយ​យើង​ស្លាប់។

  • កូរិនថូស​ទី១ ១៥:២៦

    គម្ពីរ​ហៅ​សេចក្ដី​ស្លាប់​ថា​ជា​សត្រូវ។

សេចក្ដី​ពិត​ទី៣: ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព

​«​បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូល​បង្គំ​នឹង​រង់​ចាំ . . . ដរាប​ដល់​កំណត់​ដែល​ទូល​បង្គំ​បាន​រឥល​ចេញ​ទៅ​»។—យ៉ូប ១៤:១៤

តើ​ការ​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់​រំដោះ​យើង​ពី​សេចក្ដី​បង្រៀន​មិន​ពិត​យ៉ាង​ដូច​ម្ដេច?

  • យ៉ូហាន​ទី១ ៤:៨

    សេចក្ដី​បង្រៀន​អំពី​ភ្លើង​នរក​បង្ខូច​នាម​ព្រះ​យេហូវ៉ា។ លោក​គ្មាន​ថ្ងៃ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​ដូច្នេះ​ឡើយ។

  • ការ​បើក​បង្ហាញ ៤:១១

    មនុស្ស​ជា​ច្រើន​ខ្លាច​មនុស្ស​ស្លាប់ ដូច្នេះ​ពួក​គេ​គោរព​ប្រណិប័តន៍​មនុស្ស​ស្លាប់​ជា​ជាង​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត ហើយ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក