ជំពូកទី១១
ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
១, ២. តើមនុស្សជាច្រើនឆ្ងល់អំពីអ្វី?
រលកយក្សស៊ូណាមីបានបំផ្លាញភូមិមួយ។ បុរសម្នាក់បានចូលទៅបាញ់រះក្នុងវិហារមួយ បណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់និងរងរបួស។ ម្ដាយម្នាក់បានស្លាប់ចោលកូនប្រាំនាក់ដោយសារជំងឺមហារីក។
២ នៅពេលដែលមានគ្រោះមហន្តរាយឬរឿងខ្លោចផ្សាដូចនេះកើតឡើង មនុស្សជាច្រើនសួរថា «ហេតុអ្វី?»។ ចំណែកឯមនុស្សជាច្រើនទៀតឆ្ងល់ថា ហេតុអ្វីពិភពលោកពោរពេញទៅដោយការស្អប់គ្នានិងការឈឺចាប់? តើអ្នកធ្លាប់ឆ្ងល់អំពីរឿងនេះដែរឬទេ?
៣, ៤. (ក) តើហាបាគុកបានសួរសំណួរអ្វីខ្លះ? (ខ) តើព្រះយេហូវ៉ាឆ្លើយតបនឹងគាត់យ៉ាងដូចម្ដេច?
៣ ក្នុងគម្ពីរ យើងរៀនថាសូម្បីតែពួកបុរសដែលមានជំនឿរឹងមាំលើព្រះក៏សួរអំពីសំណួរដូចនោះដែរ។ ជាឧទាហរណ៍ អ្នកប្រកាសទំនាយម្នាក់ឈ្មោះហាបាគុកបានសួរព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ នឹងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក នឹងការទាស់ទែងគ្នាកើតឡើង»។—ហាបាគុក ១:៣
៤ នៅហាបាគុក ២:២, ៣ ប្រាប់យើងថាព្រះបានឆ្លើយតបនឹងហាបាគុក ហើយបានសន្យាថាលោកនឹងដោះស្រាយបញ្ហាទាំងនោះ។ ព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិយ៉ាងខ្លាំង។ គម្ពីរចែងថា៖ «លោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) តាមពិត ព្រះស្អប់ការឈឺចាប់ខ្លាំងជាងយើងទៅទៀត។ (អេសាយ ៥៥:៨, ៩) ដូច្នេះ សូមយើងពិចារណាសំណួរមួយដែលថា ហេតុអ្វីមានការឈឺចាប់ក្នុងពិភពលោកច្រើនម្ល៉េះ?
ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
៥. តើគ្រូបង្រៀនសាសនាជាច្រើននិយាយយ៉ាងណាអំពីទុក្ខវេទនា? ប៉ុន្តែ តើគម្ពីរបង្រៀនយ៉ាងណា?
៥ ជាញឹកញយ គ្រូគង្វាលនិងបូជាចារ្យនិយាយថាការដែលមនុស្សរងទុក្ខវេទនាគឺជាបំណងប្រាថ្នារបស់ព្រះ។ រីឯមនុស្សខ្លះទៀតនិយាយថាអ្វីៗទាំងអស់ដែលកើតឡើង រួមទាំងរឿងខ្លោចផ្សាទាំងឡាយសុទ្ធតែព្រះបានកំណត់ទុកជាមុន ហើយថាយើងមិនអាចយល់អំពីមូលហេតុនៃរឿងទាំងនោះទេ។ ចំណែកឯអ្នកខ្លះទៀតជឿថាព្រះជាអ្នកធ្វើឲ្យមនុស្សស្លាប់ រួមទាំងកូនក្មេងដែរ ដើម្បីអាចយកពួកគេទៅស្ថានសួគ៌ឲ្យនៅជាមួយនឹងលោក។ ប៉ុន្តែ នោះមិនមែនជារឿងពិតទេ។ ព្រះយេហូវ៉ាមិនដែលធ្វើឲ្យរឿងអាក្រក់កើតឡើងឡើយ។ គម្ពីរចែងថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ»។—យ៉ូប ៣៤:១០
៦. ហេតុអ្វីមនុស្សជាច្រើនបន្ទោសព្រះចំពោះទុក្ខវេទនាទាំងអស់ក្នុងពិភពលោក?
៦ មនុស្សជាច្រើនបន្ទោសព្រះចំពោះទុក្ខវេទនាទាំងអស់ក្នុងពិភពលោក ពីព្រោះពួកគេគិតថាព្រះជាអ្នកគ្រប់គ្រងពិភពលោកនេះ។ ប៉ុន្តែ ដូចដែលយើងបានរៀនក្នុងជំពូកទី៣ថា អ្នកគ្រប់គ្រងពិតប្រាកដរបស់ពិភពលោកនេះគឺមេកំណាចសាថាន។
៧, ៨. ហេតុអ្វីមានទុក្ខវេទនាក្នុងពិភពលោកច្រើនម្ល៉េះ?
៧ គម្ពីរប្រាប់យើងថា៖«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (យ៉ូហានទី១ ៥:១៩) សាថានដែលជាអ្នកគ្រប់គ្រងពិភពលោកនេះ គឺសាហាវឃោរឃៅណាស់។ វា«កំពុងបំភាន់ពិភពលោកទាំងមូល»។ (ការបើកបង្ហាញ ១២:៩) ដូច្នេះ មនុស្សជាច្រើនយកតម្រាប់វា។ នេះជាមូលហេតុមួយដែលពិភពលោកគឺពោរពេញទៅដោយការបោកបញ្ឆោត ការស្អប់គ្នានិងអំពើឃោរឃៅ។
៨ ប៉ុន្តែ មានមូលហេតុផ្សេងទៀតដែលនាំឲ្យមានទុក្ខវេទនាជាច្រើនក្នុងពិភពលោក។ ក្រោយពីអាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះ ពួកគេមានភាពខុសឆ្គង ហើយកូនចៅរបស់ពួកគេបានទទួលភាពខុសឆ្គងនោះ។ ដូច្នេះ ដោយសារភាពខុសឆ្គង មនុស្សធ្វើឲ្យមនុស្សឯទៀតរងទុក្ខវេទនា។ ជារឿយៗ ពួកគេចង់ក្លាយទៅជាមនុស្សសំខាន់ជាងគេ។ ពួកគេឈ្លោះគ្នា ធ្វើសង្គ្រាម ហើយធ្វើបាបមនុស្សឯទៀត។ (សាស្ដា ៤:១; ៨:៩) ម្យ៉ាងទៀត ពេលខ្លះមនុស្សរងការឈឺចាប់ដោយសារ«ពេលវេលានឹងឱកាស»ដែលមិនដឹងទុកជាមុន។ (សាស្ដា ៩:១១) បើពួកគេនៅកន្លែងមួយចំពេលដែលមានរឿងអាក្រក់កើតឡើង នោះពួកគេអាចរងទុក្ខវេទនាដោយចៃដន្យ។
៩. ហេតុអ្វីយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាមានមូលហេតុត្រឹមត្រូវដែលលោកអនុញ្ញាតឲ្យមានទុក្ខវេទនា?
៩ ព្រះយេហូវ៉ាមិនដែលបណ្ដាលឲ្យមានទុក្ខវេទនាឡើយ។ លោកមិនមែនជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាម ឧក្រិដ្ឋកម្ម និងទុក្ខវេទនាទេ។ លោកក៏មិនមែនជាអ្នកដែលបង្កឲ្យមានមហន្តរាយធម្មជាតិដូចជា ការរញ្ជួយដី ខ្យល់ព្យុះ ឬទឹកជំនន់ឡើយ។ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ‹បើព្រះយេហូវ៉ាជាបុគ្គលដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្នុងសកលលោក ហេតុអ្វីក៏លោកមិនបញ្ឈប់អំពើអាក្រក់ទាំងអស់ទៅ?›។ យើងដឹងថាព្រះស្រឡាញ់យើងយ៉ាងខ្លាំង ដូច្នេះលោកច្បាស់ជាមានមូលហេតុត្រឹមត្រូវដែលលោកអនុញ្ញាតឲ្យមានទុក្ខវេទនា។—យ៉ូហានទី១ ៤:៨
មូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា
១០. តើសាថានចោទប្រកាន់ព្រះយេហូវ៉ាអំពីអ្វីខ្លះ?
១០ ក្នុងសួនអេដែន មេកំណាចបានបោកបញ្ឆោតអាដាមនិងអេវ៉ា។ មេកំណាចសាថានបានចោទព្រះថាលោកជាអ្នកគ្រប់គ្រងមិនល្អ។ វាអះអាងថាព្រះកំពុងលាក់អ្វីដែលល្អពីអាដាមនិងអេវ៉ា។ សាថានចង់ឲ្យពួកគេជឿថាវានឹងទៅជាអ្នកគ្រប់គ្រងដែលប្រសើរជាងព្រះយេហូវ៉ា ហើយថាពួកគេមិនត្រូវការព្រះទេ (សូមមើលលេខ២៧ក្នុងកំណត់នៅចុងសៀវភៅ)។—លោកុប្បត្តិ ៣:២-៥
១១. តើយើងត្រូវដឹងចម្លើយចំពោះសំណួរអ្វី?
១១ អាដាមនិងអេវ៉ាឈប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបះបោរប្រឆាំងលោក។ ពួកគេស្មានថាពួកគេមានសិទ្ធិសម្រេចដោយខ្លួនឯងថាអ្វីល្អនិងអ្វីអាក្រក់។ តើតាមរបៀបណាព្រះយេហូវ៉ាអាចបញ្ជាក់យ៉ាងច្បាស់ថាអ្នកបះបោរទាំងពីរនាក់នោះមានទស្សនៈខុសឆ្គង ហើយថាការណែនាំរបស់លោកនាំឲ្យមនុស្សជាតិទទួលប្រយោជន៍ច្រើនបំផុត?
១២, ១៣. (ក) ហេតុអ្វីព្រះយេហូវ៉ាមិនបំផ្លាញពួកអ្នកប្រឆាំងបះបោរភ្លាមៗ? (ខ) ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានធ្វើជាអ្នកគ្រប់គ្រងពិភពលោកនេះ ហើយឲ្យមនុស្សគ្រប់គ្រងខ្លួនឯង?
១២ ព្រះយេហូវ៉ាមិនបានបំផ្លាញអាដាមនិងអេវ៉ាភ្លាមៗនោះទេ។ ផ្ទុយទៅវិញ លោកទុកពេលឲ្យពួកគេមានកូនចៅ។ ក្រោយមក ព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យកូនចៅរបស់អាដាមនិងអេវ៉ាជ្រើសរើសថាពួកគេចង់ឲ្យអ្នកណាគ្រប់គ្រងពួកគេ។ ព្រះយេហូវ៉ាមានគោលបំណងឲ្យផែនដីពោរពេញទៅដោយមនុស្សល្អឥតខ្ចោះ ហើយលោកនឹងសម្រេចគោលបំណងនោះជាមិនខាន ទោះជាមេកំណាចព្យាយាមធ្វើយ៉ាងណាក៏ដោយ។—លោកុប្បត្តិ ១:២៨; អេសាយ ៥៥:១០, ១១
១៣ សាថានបានចោទប្រកាន់ព្រះយេហូវ៉ានៅមុខបណ្ដាទេវតារាប់លានរូប។ (យ៉ូប ៣៨:៧; ដានីយ៉ែល ៧:១០) ហេតុនេះ ព្រះយេហូវ៉ាបានទុកពេលឲ្យសាថានដើម្បីបង្ហាញថាការចោទប្រកាន់របស់វាគឺត្រឹមត្រូវឬក៏មិនត្រឹមត្រូវ។ ម្យ៉ាងទៀត ព្រះក៏បានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងខ្លួនឯងក្រោមការដឹកនាំរបស់សាថានដែរ។ យ៉ាងនេះ ព្រះទុកពេលឲ្យមនុស្សជាតិបង្ហាញថា តើពួកគេអាចទទួលជោគជ័យដោយគ្មានជំនួយពីលោកបានទេ?
១៤. តើការគ្រប់គ្រងរបស់មនុស្សអស់រាប់ពាន់ឆ្នាំបញ្ជាក់អំពីអ្វី?
១៤ អស់រាប់ពាន់ឆ្នាំហើយ មនុស្សជាតិបានព្យាយាមគ្រប់គ្រងខ្លួនឯង ប៉ុន្តែពួកគេបរាជ័យទាំងស្រុង។ នេះបង្ហាញថាសាថានគឺជាអ្នកភូតភរ។ មនុស្សជាតិពិតជាត្រូវការជំនួយពីព្រះ។ អ្នកប្រកាសទំនាយយេរេមាបាននិយាយយ៉ាងត្រឹមត្រូវថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
ហេតុអ្វីព្រះយេហូវ៉ាចាំយូរម្ល៉េះ?
១៥, ១៦. (ក) ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យទុក្ខវេទនាបន្តយូរម្ល៉េះ? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយសាថាន?
១៥ ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យទុក្ខវេទនាបន្តយូរម្ល៉េះ? ហេតុអ្វីក៏លោកមិនបញ្ឈប់រឿងអាក្រក់ទាំងអស់ទៅ? ដើម្បីបង្ហាញថាការគ្រប់គ្រងរបស់សាថានបានបរាជ័យ គឺត្រូវការពេលវេលា។ មនុស្សជាតិបានសាកល្បងរបបនយោបាយឬការគ្រប់គ្រងទាំងអស់ តែមិនបានជោគជ័យឡើយ។ ទោះបីជាមានការជឿនលឿនខាងវិទ្យាសាស្ត្រនិងខាងបច្ចេកវិទ្យាក៏ដោយ នៅតែមានភាពអយុត្ដិធម៌ ភាពក្រីក្រ ឧក្រិដ្ឋកម្ម និងសង្គ្រាមច្រើនជាងពេលមុនៗទៅទៀត។ យើងមិនអាចគ្រប់គ្រងខ្លួនឯងដោយគ្មានជំនួយពីព្រះបានទេ។
១៦ ប៉ុន្តែ ព្រះយេហូវ៉ាមិនទាន់បំបាត់ចោលនូវបញ្ហាផ្សេងៗដែលបង្កឡើងដោយសាថានទេ។ បើព្រះយេហូវ៉ាដោះស្រាយបញ្ហាដែលបណ្ដាលមកពីសាថាន នោះប្រៀបដូចជាលោកគាំទ្រការគ្រប់គ្រងរបស់សាថាន តែលោកមិនគាំទ្រវាឡើយ។ ម្យ៉ាងទៀត បើព្រះធ្វើដូច្នេះ នោះមនុស្សជាតិនឹងគិតថាពួកគេអាចគ្រប់គ្រងខ្លួនឯងបាន តែនេះជាការកុហកខ្លួនឯងហើយ។ ព្រះយេហូវ៉ានឹងមិនគាំទ្រការភូតភរឡើយ ពីព្រោះលោកមិនដែលកុហកទេ។—ហេប្រឺ ៦:១៨
១៧, ១៨. តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះបញ្ហាទាំងអស់ដែលមកពីសាថាន?
១៧ តើព្រះយេហូវ៉ាអាចដោះស្រាយបញ្ហាទាំងអស់ដែលបង្កឡើងដោយការបះបោររបស់សាថាននិងមនុស្សឬទេ? ពិតណាស់ ព្រះអាចធ្វើអ្វីៗទាំងអស់បាន។ ព្រះយេហូវ៉ាជ្រាបថាត្រូវការរយៈពេលប៉ុន្មានដើម្បីសឲ្យឃើញថាការចោទប្រកាន់ទាំងអស់របស់សាថានគឺមិនពិតទេ។ បន្ទាប់មក លោកនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន ដូចគោលបំណងដើមរបស់លោក។ ពេលនោះអស់អ្នកដែលនៅក្នុង«ផ្នូរដែលសម្រាប់ជាទីរំលឹក» នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) មនុស្សនឹងមិនឈឺឬស្លាប់ទៀត។ លោកយេស៊ូនឹងធ្វើអ្វីៗដែលសាថានបានធ្វើឲ្យខូចខាតទៅជាល្អឡើងវិញ។ ព្រះយេហូវ៉ានឹងប្រើលោកយេស៊ូឲ្យ«បំផ្លាញស្នាដៃរបស់មេកំណាច»។ (យ៉ូហានទី១ ៣:៨) មុនពេលនោះមកដល់ យើងពិតជាដឹងគុណព្រះយេហូវ៉ាដោយសារលោកមានចិត្តអត់ធ្មត់ចំពោះយើង ដើម្បីយើងអាចស្គាល់លោកហើយអាចសម្រេចចិត្តថាយើងចង់ឲ្យលោកធ្វើជាអ្នកគ្រប់គ្រងរបស់យើង។ (សូមអាន ពេត្រុសទី២ ៣:៩, ១០) ទោះបីជាយើងរងទុក្ខវេទនាក៏ដោយ លោកជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកទាំងនោះ។—យ៉ូហាន ៤:២៣; សូមអាន កូរិនថូសទី១ ១០:១៣
១៨ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យជ្រើសរើសលោកធ្វើជាអ្នកគ្រប់គ្រងយើងទេ។ លោកផ្ដល់ឲ្យមនុស្សជាតិទាំងអស់មានចិត្តសេរី។ សូមឲ្យយើងពិចារណាអំពីសារៈសំខាន់នៃអំណោយដ៏មានតម្លៃនេះ។
តើអ្នកនឹងប្រើចិត្តសេរីរបស់អ្នកយ៉ាងដូចម្ដេច?
១៩. តើព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអំណោយដ៏ពិសេសអ្វី? ហេតុអ្វីយើងគួរដឹងគុណព្រះយេហូវ៉ាចំពោះអំណោយនោះ?
១៩ ចិត្តសេរីគឺជាអំណោយដ៏ពិសេសពីព្រះយេហូវ៉ា។ អំណោយនេះធ្វើឲ្យយើងខុសគ្នាពីសត្វទាំងឡាយ។ សត្វច្រើនតែធ្វើអ្វីៗទៅតាមសភាវគតិរបស់វា តែយើងអាចជ្រើសរើសរបៀបរស់នៅ ហើយសម្រេចចិត្តថាយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឬក៏មិនចង់។ (សុភាសិត ៣០:២៤) ម្យ៉ាងទៀត យើងមិនមែនជាមនុស្សយន្តដែលធ្វើតាមអ្វីដែលគេបញ្ជាឲ្យធ្វើនោះឡើយ តែយើងមានចិត្តសេរីដើម្បីជ្រើសរើសថា តើយើងចង់ក្លាយទៅជាមនុស្សបែបណា? តើយើងចង់ឲ្យមនុស្សបែបណាធ្វើជាមិត្តសម្លាញ់របស់យើង? តើយើងចង់ធ្វើអ្វីក្នុងជីវិត? ព្រះយេហូវ៉ាចង់ឲ្យយើងមានអំណរក្នុងជីវិត។
២០, ២១. នៅឥឡូវនេះ តើការសម្រេចចិត្តដ៏ល្អបំផុតអ្វីដែលអ្នកអាចធ្វើ?
២០ ព្រះយេហូវ៉ាចង់ឲ្យយើងស្រឡាញ់លោក។ (ម៉ាថាយ ២២:៣៧, ៣៨) លោកប្រៀបដូចជាឪពុកដែលសប្បាយចិត្តពេលឮកូននិយាយចេញពីចិត្តរបស់គាត់ថា «ខ្ញុំស្រឡាញ់ប៉ា» ហើយមិនមែនដោយសារអ្នកណាម្នាក់បង្ខំគាត់ទេ។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងមានចិត្តសេរីដើម្បីសម្រេចចិត្តថាយើងចង់បម្រើលោកឬក៏មិនចង់។ សាថាន អាដាម និងអេវ៉ាសម្រេចចិត្តបដិសេធព្រះយេហូវ៉ា។ តើអ្នកនឹងប្រើចិត្តសេរីរបស់អ្នកយ៉ាងដូចម្ដេច?
២១ សូមប្រើចិត្តសេរីរបស់អ្នកដើម្បីបម្រើព្រះយេហូវ៉ា។ មនុស្សរាប់លាននាក់បានសម្រេចចិត្តបម្រើព្រះ ហើយបដិសេធសាថាន។ (សុភាសិត ២៧:១១) ព្រះនឹងបំបាត់ចោលនូវទុក្ខវេទនាទាំងអស់ ហើយនាំឲ្យមានពិភពលោកថ្មី។ ដូច្នេះ តើអ្នកអាចធ្វើអ្វីខ្លះនៅឥឡូវនេះដើម្បីអ្នកអាចរស់នៅក្នុងពិភពលោកថ្មីនោះ? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងជំពូកបន្ទាប់។