ការប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប
«គំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ»។—រ៉ូម ៨:៦
១. មនុស្សត្រូវបានបង្កើតមក សំរាប់គោលបំណងអ្វី?
«ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី»។ (លោកុប្បត្តិ ១:២៧) រូបជាការចាំងត្រឡប់នៃវត្ថុឬប្រភពអ្វីមួយ។ ដូច្នេះហើយ មនុស្សត្រូវបានបង្កើតមក ដើម្បីជាការចាំងត្រឡប់នៃសិរីល្អនៃព្រះ។ ដោយសម្ដែងគុណសម្បត្ដិនានារបស់ព្រះ—ដូចជា សេចក្ដីស្រឡាញ់ សេចក្ដីល្អ យុត្ដិធម៌ និងភាពវិញ្ញាណ—ក្នុងគ្រប់សកម្មភាពរបស់គេ នោះពួកគេនឹងនាំឲ្យមានការសរសើរនិងកិត្ដិយសមកលើព្រះជាអ្នកបង្កើត ហើយក៏នាំឲ្យមានសុភមង្គលនិងសេចក្ដីស្កប់ស្កល់មកលើខ្លួនគេដែរ។—កូរិនថូសទី១ ១១:៧; ពេត្រុសទី១ ២:១២
២. តើគូស្វាមីភរិយាដំបូងបង្អស់បានទទួលបរាជ័យយ៉ាងណា?
២ គូស្វាមីភរិយាដំបូងបង្អស់ ត្រូវបានបង្កើតមកក្នុងភាពល្អឥតខ្ចោះ គឺត្រូវបានប្រដាប់ខ្លួនយ៉ាងប្រសើរដើម្បីមុខនាទីនេះ។ ដូចជាកញ្ចក់ដែលបានជូតយ៉ាងភ្លឺរលោងនោះ ពួកគេមានសមត្ថភាពអាចចាំងត្រឡប់នូវសិរីល្អនៃព្រះបានយ៉ាងចំណាននិងយ៉ាងស្មោះត្រង់។ ក៏ប៉ុន្តែ ពួកគេបណ្ដោយឲ្យភាពភ្លឺរលោងនោះទៅជាស្រអាប់ ពេលដែលពួកគេរើសយកដោយចេតនា នូវផ្លូវមិនគោរពព្រះដែលជាអ្នកបង្កើតរបស់គេ។ (លោកុប្បត្តិ ៣:៦) ក្រោយមក ពួកគេពុំអាចចាំងត្រឡប់សិរីល្អនៃព្រះឲ្យបានល្អគ្រប់ល័ក្ខណ៍ទៀតទេ។ ពួកគេបានខ្វះដល់សិរីល្អនៃព្រះ និងមិនយល់ពីគោលបំណងដែលពួកគេបានបង្កើតមកឲ្យដូចរូបព្រះអង្គ។ បើនិយាយឲ្យចំទៅ គឺពួកគេបានប្រព្រឹត្តអំពើបាប។a
៣. តើលក្ខណៈពិតនៃបាបជាអ្វី?
៣ ការនេះជួយយើងឲ្យយល់ពីលក្ខណៈពិតនៃអំពើបាប ដែលធ្វើឲ្យខូចការចាំងត្រឡប់របស់មនុស្ស នូវសិរីល្អនិងភាពដូចព្រះ។ អំពើបាបធ្វើឲ្យមនុស្សមិនបរិសុទ្ធ គឺថាស្មោកគ្រោកនិងឡើងស្រអាប់ខាងផ្លូវវិញ្ញាណនិងខាងផ្លូវចិត្ត។ ពីព្រោះតែមនុស្សលោកទាំងអស់ជាកូនចៅរបស់អ័ដាមនិងនាងអេវ៉ា ពួកគេបានកើតមកក្នុងភាពស្រអាប់និងស្មោកគ្រោក ដោយមិនអាចសម្រេចតាមសេចក្ដីសង្ឃឹមរបស់ព្រះ ក្នុងឋានៈជាកូនចៅរបស់ទ្រង់។ តើមានលទ្ធផលយ៉ាងណា? ព្រះគម្ពីរពន្យល់ថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។—រ៉ូម ៥:១២; ប្រៀបធៀប អេសាយ ៦៤:៦
អំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប
៤-៦. (ក) នៅសព្វថ្ងៃនេះ តើមនុស្សភាគច្រើនមានទស្សនៈយ៉ាងណាអំពីអំពើបាប? (ខ) តើអ្វីជាលទ្ធផលនៃទស្សនៈថ្មីអំពីអំពើបាបនេះ?
៤ មនុស្សភាគច្រើនមិនគិតថាខ្លួនគេ ស្មោកគ្រោក ស្រអាប់ ឬមានបាបនោះទេ។ តាមការពិត ពាក្យថាបាបសឹងតែសាបសូន្យពីវាក្យសព្ទរបស់មនុស្សភាគច្រើនទៅហើយ។ ពួកគេប្រហែលជានិយាយថាគេមានកំហុស មិនប្រយ័ត្នមាត់ក និងប្រព្រឹត្តខុសឆ្គង។ ប៉ុន្តែតើគេនិយាយថាគេមានបាបទេ? សឹងតែមិនដែលសោះ! សូម្បីតែចំពោះពួកអ្នកដែលអះអាងថាគេជឿព្រះ សាស្ដ្រាចារ្យខាងសង្គមវិជ្ជាម្នាក់ឈ្មោះអាលិន វូហ្វ សង្កេតឃើញថា៖ «សេចក្ដីបង្រៀនរបស់ព្រះត្រូវគេចាត់ទុកជាជំនឿខាងសីលធម៌ ជាជាងច្បាប់សីលធម៌ទៅវិញ ហើយក៏ចាត់ទុកជា‹យោបល់១០ប្រការ› ជាជាងក្រិត្យវិន័យ១០ប្រការ»។
៥ តើអ្វីជាលទ្ធផលនៃគំនិតបែបនេះ? ជាលទ្ធផល គឺការបដិសេធ ឬយ៉ាងហោចណាស់ ការមិនអើពើពីការពិតនៃអំពើបាប។ ការនេះធ្វើឲ្យមានមនុស្សមួយតំណដែលវិចារណញ្ញាណនៃការដឹងខុសត្រូវរបស់គេទៅជាខូចអស់ ដែលបង្កើតចរិយាបទ និងប្រព្រឹត្តអ្វីៗតាមតែទំនើងចិត្តរបស់គេ ដោយមិនខ្លាចដល់អ្នកណាឡើយ។ ចំពោះមនុស្សបែបនេះ ការមានអារម្មណ៍ល្អ ជាមូលដ្ឋានមួយគត់ក្នុងការវិនិច្ឆ័យថាតើដំណើរប្រព្រឹត្តនោះ ត្រឹមត្រូវឬក៏មិនត្រឹមត្រូវ។—សុភាសិត ៣០:១២, ១៣; ប្រៀបធៀប ចោទិយកថា ៣២:៥, ២០
៦ ជាឧទាហរណ៍ ក្នុងការពិគ្រោះគ្នាមួយក្នុងទូរទស្សន៍ គេបានអញ្ជើញយុវជនឲ្យសម្ដែងទស្សនៈរបស់គេចំពោះអំពើបាបដែលគេហៅថា បាបប្រហារជីវិតប្រាំពីរប្រការ។b អ្នកចូលរួមម្នាក់ប្រកាសថា៖ «អំនួតមិនមែនជាបាបទេ អ្នកត្រូវតែមានមតិល្អៗអំពីខ្លួនឯង»។ រីឯភាពកំជិល អ្នកចូលរួមម្នាក់ទៀតបាននិយាយថា៖ «ជួនកាលការខ្ជិលជាការប្រសើរ . . . ជួនកាលការសម្រាកជាការប្រសើរ ហើយទុកពេលវេលាសំរាប់ខ្លួនឯង»។ សូម្បីតែអ្នកនិទានក៏បញ្ចេញសម្ដីយ៉ាងខ្លីហើយច្បាស់ថា៖ ‹បាបប្រហារជីវិតទាំងប្រាំពីរប្រការនេះ មិនមែនជាអំពើអាក្រក់ទេ ប៉ុន្តែជាសន្ទុះចិត្តរបស់មនុស្សទូទៅ ដែលអាចបណ្ដាលឲ្យមានការរំខាននិងការកំសាន្តក្រៃលែងផង›។ ត្រូវហើយ ដូចជាដំណើរនៃអំពើបាបបានសាបសូន្យទៅនោះ អារម្មណ៍ដែលមានកំហុសក៏បានសាបសូន្យទៅដែរ ដ្បិតកំហុសជាអ្វីដែលផ្ទុយនឹងការមានអារម្មណ៍ល្អ។—អេភេសូរ ៤:១៧-១៩
៧. យោងទៅតាមព្រះគម្ពីរ តើអំពើបាបមានឥទ្ធិពលទៅលើមនុស្សយ៉ាងណាខ្លះ?
៧ ផ្ទុយស្រឡះនឹងការទាំងអស់នេះ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា៖ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ (រ៉ូម ៣:២៣) សូម្បីតែសាវកប៉ុលក៏ទទួលស្គាល់ការនេះដែរ៖ «ខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ»។ (រ៉ូម ៧:១៨, ១៩) នៅកន្លែងនេះ ប៉ុលមិនមែនផ្ដេកផ្ដួលទៅលើការអាណិតខ្លួននោះទេ។ ក៏ប៉ុន្តែ ដោយសារតែគាត់យល់ច្បាស់លាស់ពីវិសាលភាពយ៉ាងឆ្ងាយដែលមនុស្សលោកបានខ្វះដល់សិរីល្អនៃព្រះ បានជាគាត់ដឹងនូវភាពធ្ងន់យ៉ាងឈឺចាប់នៃអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប។ គាត់បានមានប្រសាសន៍ថា៖ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន»។—រ៉ូម ៧:២៤
៨. តើយើងត្រូវសួរខ្លួនយើងនូវសំនួរណាខ្លះ? ហេតុអ្វី?
៨ តើលោកអ្នកមានទស្សនៈយ៉ាងណាដែរអំពីរឿងនេះ? លោកអ្នកប្រហែលជាយល់ព្រមថាខ្លួនជាកូនចៅរបស់អ័ដាម ហើយក៏ជាមនុស្សមិនល្អឥតខ្ចោះដូចអ្នកឯទៀតដែរ។ ប៉ុន្តែ តើចំណេះវិជ្ជានេះមានឥទ្ធិពលយ៉ាងណាទៅលើគំនិតនិងជីវភាពរស់នៅរបស់អ្នក? តើអ្នកទទួលយកការនេះ ជាការធម្មតានៃជីវិត ហើយប្រព្រឹត្តតាមតែចំណង់ចិត្តពីកំណើតមកឬ? ឬក៏ តើអ្នកខំប្រឹងប្រែងប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប ដោយខំព្យាយាមចាំងត្រឡប់នូវពន្លឺនៃសិរីល្អនៃព្រះឲ្យបានភ្លឺឡើង ក្នុងគ្រប់សកម្មភាពរបស់អ្នកទេ? នេះគួរជាការសំខាន់ណាស់ចំពោះយើងម្នាក់ៗ ដោយព្រោះតែអ្វីៗដែលប៉ុលបានមានប្រសាសន៍មកថា៖ «អស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ»។—រ៉ូម ៨:៥, ៦
គំនិតខាងសាច់ឈាម
៩. ហេតុអ្វីក៏ការមាន«គំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់»?
៩ តើប៉ុលចង់មានសេចក្ដីយ៉ាងណា ពេលដែលគាត់បានមានប្រសាសន៍ថា «គំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់»? ពាក្យថា «សាច់ឈាម» គេតែងតែប្រើក្នុងព្រះគម្ពីរ សំដៅចំពោះមនុស្សក្នុងលក្ខណៈមិនល្អឥតខ្ចោះ បាន‹បង្កើតមកក្នុងអំពើបាប› ដូចជាកូនចៅរបស់អ័ដាមដែលបានបះបោរនោះ។ (ទំនុកដំកើង ៥១:៥; យ៉ូប ១៤:៤) ដូច្នេះ ប៉ុលបានព្រមានដាស់តឿនពួកគ្រីស្ទាន កុំឲ្យគេដាក់ចិត្តគំនិតទៅលើសន្ទុះចិត្ត តណ្ហា និងអ្វីដែលទោរទន់ទៅរកអំពើបាប ដែលជារបស់ផងសាច់ឈាមមានបាបនិងមិនល្អឥតខ្ចោះ។ ហើយហេតុអ្វីក៏មិនត្រូវធ្វើដូច្នេះ? នៅកន្លែងផ្សេងទៀត ប៉ុលបានប្រាប់យើងអំពីកិច្ចការខាងសាច់ឈាមជាអ្វីខ្លះ រួចគាត់បន្ថែមការព្រមាននេះ៖ «អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ»។—កាឡាទី ៥:១៩-២១
១០. តើការមាន«គំនិត»មានន័យយ៉ាងណា?
១០ ប៉ុន្តែ តើមិនមានការខុសប្លែកគ្នាដ៏ធំទេឬ រវាងការមានគំនិតនិងការអនុវត្តតាមនោះ? ពិតមែនហើយ ការគិតអំពីអ្វីមួយ មិនតែងតែនាំឲ្យមានការប្រព្រឹត្តនោះទេ។ យ៉ាងណាក៏ដោយ ការមានគំនិត មិនមែនគ្រាន់តែមានមតិអ្វីមួយក្នុងក្បាលតែមួយភ្លែតនោះទេ។ ពាក្យក្រិកដែលប៉ុលបានប្រើនៅកន្លែងនេះ គឺ ហ្វ្រូណេ ម៉ា គឺមានន័យថា «របៀបគិត ទិសដៅនៃគំនិត . . . គោលដៅ សេចក្ដីប៉ងប្រាថ្នា»។ ដូច្នេះ «គំនិតខាងសាច់ឈាម» មានន័យថា ត្រូវបានទប់ទល់ដោយ ជារបស់ផងនៃ ត្រួតត្រាដោយ និងនាំប្រទាញដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមមានបាប។—យ៉ូហានទី១ ២:១៦
១១. តើកាអ៊ីនមានគំនិតខាងសាច់ឈាមយ៉ាងដូចម្ដេច ហើយទទួលលទ្ធផលអ្វី?
១១ ចំណុចនេះត្រូវពន្យល់បានច្បាស់ទៅទៀត ដោយប្រើឧទាហរណ៍ពីដំណើរប្រព្រឹត្តរបស់កាអ៊ីន។ ពេលដែលការច្រណែននិងកំហឹងដុះឡើងក្នុងចិត្តរបស់កាអ៊ីន ព្រះយេហូវ៉ាព្រមានគាត់ថា៖ «ហេតុអ្វីបានជាឯងក្ដៅឆួលឡើងដោយកំហឹង ហើយហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ? បើឯងបែរទៅប្រព្រឹត្តអំពើល្អ តើនឹងមិនបានការសរសើរទេឬអី? តែបើឯងមិនបែរទៅប្រព្រឹត្តអំពើល្អទេ អំពើបាបនឹងសម្ងំចាំនៅមាត់ទ្វារ ហើយឯងជាសេចក្ដីចំណង់ខ្លាំងរបស់វា ហើយតើឯងនឹងទៅជាចៅហ្វាយលើវាបានទេ?»។ (លោកុប្បត្តិ ៤:៦, ៧,ពថ) ចំពោះកាអ៊ីន គាត់មានផ្លូវពីរដែលគាត់អាចរើស។ តើគាត់នឹង«ប្រព្រឹត្តអំពើល្អ»ទេ គឺថា តើគាត់នឹងដាក់គំនិត គោលដៅ និងសេចក្ដីប៉ងប្រាថ្នារបស់គាត់ទៅលើអ្វីល្អឬទេ? ឬតើគាត់នៅតែបន្តមានគំនិតខាងសាច់ឈាម ហើយតម្រង់គំនិតរបស់គាត់ទៅរកអ្វីអាក្រក់ដែលកំពុងតែសម្ងំចាំនៅក្នុងចិត្តរបស់គាត់នោះ? ដូចជាព្រះយេហូវ៉ាបានពន្យល់រួចហើយ «បាបដេកនៅមាត់ទ្វារ» កំពុងតែរង់ចាំសង្គ្រុបលើនិងត្របាក់កាអ៊ីន បើគាត់បណ្ដោយឲ្យនោះ។ ជាជាងប្រយុទ្ធនិង‹ធ្វើជាចៅហ្វាយ›លើសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមរបស់គាត់ កាអ៊ីនបណ្ដោយឲ្យវាត្រួតត្រាលើគាត់ទៅវិញ—រហូតដល់ទីមហន្តរាយ។
១២. តើយើងត្រូវធ្វើយ៉ាងណា ដើម្បីកុំឲ្យទៅតាម«ផ្លូវរបស់កាអ៊ីន»នោះ?
១២ តើយើងសព្វថ្ងៃនេះយ៉ាងណាដែរ? ជាពិតប្រាកដ យើងមិនចង់ទៅតាម «ផ្លូវរបស់កាអ៊ីន»ទេ ដូចជាលោកយូដាសបានពោលដោយសោកស្ដាយអំពីបុគ្គលខ្លះក្នុងចំណោមពួកគ្រីស្ទាននៅសតវត្សទីមួយនោះ។ (យូដាស ១១) យើងមិនត្រូវគិតដោយសមហេតុផលថា ការបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាបន្ដិចបន្តួច ឬបំពានលើច្បាប់នេះបន្ដិចនោះបន្ដិច ជាការឥតគ្រោះថ្នាក់។ ផ្ទុយទៅវិញ យើងត្រូវតែប្រយ័ត្នប្រយែងសំគាល់ឥទ្ធិពលណាដែលពុករលួយនិងមានបាប ដែលអាចចូលមកក្នុងចិត្តនិងគំនិតរបស់យើង ហើយត្រូវបំបាត់វាចោលភ្លាម មុននឹងវាអាចចាប់ដុះឫសបាន។ ការប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាម ត្រូវចាប់ផ្ដើមពីខាងក្នុងមកវិញ។—ម៉ាកុស ៧:២១
១៣. តើបុគ្គលម្នាក់ត្រូវ«សេចក្ដីប៉ងប្រាថ្នារបស់ខ្លួន . . . លួងលោម» យ៉ាងដូចម្ដេច?
១៣ ជាឧទាហរណ៍ លោកអ្នកប្រហែលប្រទះភ្នែកនឹងទស្សនីយភាពដ៏គួរឲ្យរន្ធត់និងខ្ពើមរអើមមួយ ឬជាពិសេសរូបដែលធ្វើឲ្យស្រើបស្រាលនិងរំជួលកាមរាគ។ ប្រហែលជាលោកអ្នកឃើញរូបនេះ ក្នុងសៀវភៅ ឬទស្សនាវដ្ដី ក្នុងភាពយន្តឬទូរទស្សន៍ នៅលើក្ដារផ្សាយពាណិជ្ជកម្ម ឬក៏ក្នុងស្ថានការណ៍ដ៏ពិត។ ការនេះមិនគួរធ្វើឲ្យភ្ញាក់ផ្អើលទេ ដ្បិតការនេះអាចកើតឡើងបាន។។ ក៏ប៉ុន្តែ រូបឬ ទស្សនីយភាពនោះ ថ្វីបើមើលឃើញតែពីរបីវិនាទីក្ដី វាអាចនៅជាប់ក្នុងគំនិត ហើយអាចផុសឡើងវិញពីពេលមួយទៅពេលមួយ។ តើអ្នកត្រូវធ្វើយ៉ាងណា ពេលការនេះកើតឡើង? តើអ្នកចាត់វិធានការភ្លាម ដើម្បីប្រយុទ្ធនិងបំបាត់ការនោះពីគំនិតរបស់អ្នកទេ? ឬតើអ្នកបណ្ដោយឲ្យវាគង់នៅក្នុងគំនិតរបស់អ្នក និងធ្វើឲ្យការពិសោធន៍នោះរស់ឡើងវិញ ពេលណាគំនិតនោះផុសឡើងម្ដងៗ? បើធ្វើតាមកត្ដាខាងក្រោយនេះ នោះអាចនឹងបណ្ដាលឲ្យចាប់ផ្ដើមនូវតំណនៃព្រឹត្ដិការណ៍ ដែលយ៉ាកុបបានរាយរាប់ប្រាប់ថា៖ «តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់»។ ម្ល៉ោះហើយបានជាប៉ុលមានប្រសាសន៍ថា៖ «គំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់»។—យ៉ាកុប ១:១៤, ១៥; រ៉ូម ៨:៦
១៤. តើយើងប្រឈមមុខនឹងអ្វីជារៀងរាល់ថ្ងៃ ហើយតើយើងត្រូវប្រព្រឹត្តយ៉ាងណា?
១៤ យើងរស់នៅក្នុងលោកីយ៍ដែលលើកដំកើងអំពើអសីលធម៌ខាងកាម អំពើឃោរឃៅ និងវត្ថុនិយម—ហើយបង្ហាញឲ្យឃើញដោយឥតលាក់លាម និងដោយសេរី ដូចជាមាននៅក្នុងសៀវភៅ ទស្សនាវដ្ដី ភាពយន្ត កម្មវិធីទូរទស្សន៍ និងតាមបទចំរឿងប្រជាប្រិយផង។ ដូច្នេះហើយ ជារៀងរាល់ថ្ងៃ គំនិតនិងគតិដ៏អាក្រក់ទាំងនេះដូចជាទម្លាក់មកលើយើងត្រង់ៗ។ តើលោកអ្នកនឹងប្រព្រឹត្តយ៉ាងណាដែរ? តើការទាំងអស់នេះធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយនិងកំសាន្តទេ? ឬ តើអ្នកមានអារម្មណ៍ដូចលោកឡុតដ៏សុចរិត «ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ . . . ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ»? (ពេត្រុសទី២ ២:៧, ៨) ដើម្បីប្រយុទ្ធឲ្យបានជោគជ័យ នឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប យើងត្រូវតែតាំងចិត្តប្រព្រឹត្តដូចអ្នកតែងបទទំនុកដំកើងបានធ្វើមក៖ «ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅខ្លួនទូលបង្គំឡើយ»។—ទំនុកដំកើង ១០១:៣
គំនិតនៃព្រះវិញ្ញាណ
១៥. តើមានជំនួយអ្វីដែលអាចជួយយើងក្នុងការប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់នឹងយើង?
១៥ អ្វីដែលអាចជួយយើងក្នុងការប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប គឺអ្វីដែលប៉ុលបានមានប្រសាសន៍ដូចតទៅ៖ «គំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ»។ (រ៉ូម ៨:៦) ដូច្នេះ ជាជាងឲ្យសាច់ឈាមត្រួតត្រាលើយើង យើងត្រូវដាក់គំនិតរបស់យើងនៅក្រោមអានុភាពនៃព្រះវិញ្ញាណវិញ ហើយត្រូវឲ្យលូតលាស់តាមសេចក្ដីខាងវិញ្ញាណ។ តើសេចក្ដីនោះជាអ្វីទៅ? នៅ ភីលីព ៤:៨ ប៉ុលបានកត់ទុកសេចក្ដីនោះ ដូចជា៖ «មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ»។ ចូរឲ្យយើងពិនិត្យមើលឲ្យបានដិតដល់និងឲ្យយល់បានច្បាស់លាស់ នូវសេចក្ដីដែលយើងត្រូវពិចារណាជានិច្ចនេះ។
១៦. តើប៉ុលបានលើកទឹកចិត្តយើងឲ្យបន្ត«ពិចារណា»គុណសម្បត្ដិអ្វី ហើយតើគុណសម្បត្ដិនិមួយទាក់ទងអ្វីខ្លះ?
១៦ មុនដំបូង ប៉ុលបានកត់ចុះគុណសម្បត្ដិខាងសីលធម៌ប្រាំបីប្រការ។ ពិតមែនហើយ យើងដឹងថា ពួកគ្រីស្ទានមិនមែនដាក់កម្រិតឲ្យគិតតែអំពីអ្វីពីព្រះគម្ពីរ ឬពីរឿងលទ្ធិនៅគ្រប់ពេលវេលានោះទេ។ គឺមានប្រធាន ឬមុខវិជ្ជាជាច្រើន ដែលយើងអាចគិត។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺថាពួកគេត្រូវបំពេញតាមខ្នាតគំរូនៃគុណសម្បត្ដិខាងសីលធម៌ ដែលប៉ុលបានបញ្ជាក់នោះ។ ពពួកនៃ«សេចក្ដី»និមួយៗ ដែលប៉ុលចែងមកនោះ ត្រូវការការយកចិត្តទុកដាក់ពីយើង។ ចូរឲ្យយើងពិចារណាគុណសម្បត្ដិទាំងនេះម្ដងមួយៗ។
◻ «ពិត» ជាប់ទាក់ទងនឹងសេចក្ដីជាច្រើន គឺមិនត្រឹមតែ ពិតឬខុសប៉ុណ្ណោះទេ។ គឺមានន័យថា ទៀងទាត់ ត្រឹមត្រូវ គួរទុកចិត្តបាន គឺជាអ្វីដែលជាក់ស្តែង មិនមែនតែអាការខាងក្រៅនោះទេ។—ធីម៉ូថេទី១ ៦:២០
◻ «គួររាប់អាន[ចិត្តធ្ងន់ធ្ងរ,ពថ]» សំដៅចំពោះអ្វីៗដែលថ្លៃថ្នូរនិងគួរគោរព។ វារំឭកពីអត្ថន័យនៃគរុការភាព ជាអ្វីដែលខ្ពង់ខ្ពស់ ដ៏ប្រសើរ សុចរិតទៀងត្រង់ ជាជាងអាសអាភាស និងថោកទាប។
◻ «សុចរិត» មានន័យថា អាចបំពេញតាមខ្នាតគំរូរបស់ព្រះ មិនមែនរបស់មនុស្សទេ។ មនុស្សខាងលោកីយ៍ រវល់គិតតែអំពីគ្រោងការណ៍មិនសុចរិត ប៉ុន្តែ យើងត្រូវគិតនិងរីករាយតែនឹងអ្វីៗដែលសុចរិតនៅចំពោះព្រះភក្ដ្ររបស់ព្រះ។—ប្រៀបធៀប ទំនុកដំកើង ២៦:៤; អេម៉ុស ៨:៤-៦
◻ «បរិសុទ្ធ» មានន័យថា ពិសុទ្ធនិងពិសិដ្ឋ មិនត្រឹមតែចំពោះមារយាទ (ខាងកាម ឬផ្សេងពីនេះ) ប៉ុន្តែក៏សំដៅចំពោះគំនិតនិងសន្ទុះចិត្តដែរ។ យ៉ាកុបបានមានប្រសាសន៍ថា៖ «ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ»។ ព្រះយេស៊ូវជា «ស្អាត» ជាគំរូដ៏ល្អឥតខ្ចោះសំរាប់ឲ្យយើងពិចារណា។—យ៉ាកុប ៣:១៧; យ៉ូហានទី១ ៣:៣
◻ «គួរស្រឡាញ់» ជាសេចក្ដីដែលបណ្ដាលឲ្យមាននិងបណ្ដុះសេចក្ដីស្រឡាញ់ដល់អ្នកដទៃ។ យើងត្រូវ«ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង» ជាជាងដាក់គំនិតរបស់យើងទៅលើអ្វីដែលនាំឲ្យកើតសេចក្ដីស្អប់គ្នា សេចក្ដីជូរចត់និងការឈ្លោះប្រកែកគ្នា។—ហេព្រើរ ១០:២៤
◻ «ដែលមានឈ្មោះល្អ» មានន័យថា មិនត្រឹមតែ «ល្បីឈ្មោះ» ឬ «សេចក្ដីរាយការណ៍ល្អ»ប៉ុណ្ណោះទេ តែក៏មានន័យដោយតាមរយៈការប្រព្រឹត្ត ដូចជាការលើកទឹកចិត្ត និងការសរសើរ។ យើងដាក់គំនិតរបស់យើងលើអ្វីដែលត្រឹមត្រូវនិងគួរលើកទឹកចិត្ត មិនមែនលើអ្វីៗដែលថោកទាបនិងធ្វើឲ្យអាក់អន់ចិត្តនោះទេ។—អេភេសូរ ៤:២៩
◻ «សគុណ» មានន័យថា «សេចក្ដីល្អ» ឬ «ឧត្តមភាពខាងសីលធម៌» ប៉ុន្តែក៏អាចមានន័យជាឧត្តមភាពនៃអ្វីគ្រប់ប្រភេទ។ ម្ល៉ោះហើយ យើងអាចអបអរនូវគុណសម្បត្ដិដ៏មានតម្លៃ គុណធម៌ និងសេចក្ដីសម្រេចរបស់អ្នកដទៃ ដែលស្របតាមខ្នាតគំរូរបស់ព្រះ។
◻ «សេចក្ដីសរសើរ» នឹងពិតដូចនេះមែន បើសេចក្ដីសរសើរនោះចេញមកពីព្រះ ឬពីប្រភពដែលព្រះទទួលស្គាល់។—កូរិនថូសទី១ ៤:៥; ពេត្រុសទី១ ២:១៤
ការសន្យានៃជីវិតនិងសេចក្ដីសុខសាន្ត
១៧. តើមានប្រសិទ្ធិពរអ្វីពី «គំនិតនៃព្រះវិញ្ញាណ»?
១៧ កាលដែលយើងប្រព្រឹត្តតាមការព្រមានដាស់តឿនរបស់ប៉ុល និង«ពិចារណាពីសេចក្ដីទាំងនោះ»យើងនឹងទទួលជោគជ័យក្នុង«គំនិតនៃព្រះវិញ្ញាណ»។ ជាលទ្ធផល គឺមិនត្រឹមតែជាប្រសិទ្ធិពរនៃជីវិត គឺថា ជីវិតអស់កល្បជានិច្ចក្នុងពិភពលោកថ្មីដែលបានសន្យាមកប៉ុណ្ណោះទេ តែក៏ទទួលនូវសេចក្ដីសុខសាន្តដែរ។ (រ៉ូម ៨:៦) តើហេតុអ្វី? ពីព្រោះគំនិតរបស់យើងត្រូវបានការពារពីអានុភាពអាក្រក់នៃរបស់ខាងសាច់ឈាម ហើយការប្រយុទ្ធដ៏ឈឺចាប់យ៉ាងខ្លាំងរវាងសាច់ឈាមនិងព្រះវិញ្ញាណដែលប៉ុលបានពិពណ៌នានោះ នឹងលែងប៉ះពាល់ដល់យើងជាខ្លាំងទៀតហើយ។ ដោយអាចទប់ទល់នឹងអានុភាពខាងសាច់ឈាម យើងក៏បានសេចក្ដីសុខសាន្តជាមួយព្រះដែរ«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ»។—រ៉ូម ៧:២១-២៤; ៨:៧
១៨. តើសាតាំងកំពុងតែធ្វើការប្រយុទ្ធអ្វី ហើយតើយើងអាចទទួលជ័យជំនះបានដូចម្ដេច?
១៨ អារក្សសាតាំងនិងភ្នាក់ងាររបស់វា កំពុងតែខំប្រឹងធ្វើយ៉ាងណា ដើម្បីឲ្យស្រអាប់ការចាំងត្រឡប់នូវសិរីល្អនៃព្រះរបស់យើង។ ពួកវាព្យាយាមត្រួតត្រាលើគំនិតរបស់យើង ដោយទម្លាក់គ្រប់សេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមមកលើគំនិតយើង ដោយវាដឹងថា ក្រោយមក នេះនឹងនាំឲ្យមានអមិត្តភាពជាមួយព្រះ និងសេចក្ដីស្លាប់។ ប៉ុន្តែ យើងអាចយកជ័យជំនះបានពីការប្រយុទ្ធនេះ។ យើងក៏អាចប្រកាសដូចប៉ុលដែរថា៖ «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ» ដែលទ្រង់បានប្រទានឲ្យយើងនូវមធ្យោបាយដើម្បីប្រយុទ្ធនឹងអំពើបាបដែលក្ដាប់ជាប់សាច់ឈាមមានបាប។—រ៉ូម ៧:២៥
[កំណត់សម្គាល់]
a ព្រះគម្ពីរច្រើនប្រើកិរិយាសព្ទហេព្រើរ ឆា ថា និងកិរិយាសព្ទក្រិក ហា ម៉ា ធេណូ ពេលពន្យល់ន័យ«បាប»។ ពាក្យទាំងពីរនេះមានន័យថា «ខ្វះ» ក្នុងន័យថាខ្វះខាត ឬមិនសម្រេចគោលបំណងឬគោលដៅ។
b តាមប្រពៃណី អំពើបាបប្រហារជីវិតទាំងប្រាំពីរគឺ អំនួត វិសមលោភ កាមុច្ឆា ច្រណែន ការបរិភោគជ្រុលហួស កំហឹង និងកំជិល។
តើអ្នកអាចពន្យល់បានទេ?
◻ តើអ្វីជាអំពើបាប ហើយតើវាអាចលូតលាស់ការក្ដាប់ជាប់សាច់ឈាមមានបាបយ៉ាងដូចម្ដេច?
◻ តើយើងអាចប្រយុទ្ធនឹង«គំនិតខាងសាច់ឈាម»បានយ៉ាងណា?
◻ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យមាន«គំនិតនៃព្រះវិញ្ញាណ»?
◻ តើ«គំនិតនៃព្រះវិញ្ញាណ»នាំឲ្យមានជីវិតនិងសេចក្ដីសុខសាន្តយ៉ាងណា?
[រូបភាពនៅទំព័រ២២]
កាអ៊ីនបណ្ដោយឲ្យចិត្តទោរទន់ខាងសាច់ឈាម ត្រួតត្រាលើគាត់រហូតដល់ការវិនាសខ្លួន
[រូបភាពនៅទំព័រ២៣]
គំនិតនៃព្រះវិញ្ញាណមានន័យថា ជីវិតនិងសេចក្ដីសុខសាន្ត