ការធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវជាជីវភាពរស់នៅរបស់អ្នក
«សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ»។—ធីម៉ូថេទី១ ៤:៨
១, ២. តើដល់កំរិតណា ដែលមនុស្សបង្ហាញកង្វល់ចំពោះសុខភាពរបស់គេ ហើយតើមានលទ្ធផលយ៉ាងណាដែរ?
មនុស្សភាគច្រើននឹងរហ័សយល់ព្រមថា សុខភាពល្អជាកម្មសិទ្ធិមួយដែលមានតម្លៃបំផុតក្នុងជីវិត។ ពួកគេចំណាយពេលវេលានិងប្រាក់យ៉ាងច្រើន ដើម្បីរក្សាខ្លួនគេឲ្យមានសុខភាពល្អ និងដើម្បីលៃលកយ៉ាងណាឲ្យគេអាចទទួលការព្យាបាលពីពេទ្យឲ្យបានត្រឹមត្រូវ ពេលគេត្រូវការ។ ជាឧទាហរណ៍ នៅក្នុងសហរដ្ឋអាមេរិក ប្រាក់ចំណាយប្រចាំឆ្នាំ សំរាប់ការថែរក្សាសុខភាព ក្នុងឆ្នាំថ្មីៗនេះ គឺជាង៩០.០០០កោដិដុល្លារ។ សរុបចំនួនទៅគឺជាង៣.០០០ដុល្លារអាមេរិកក្នុងម្នាក់ សំរាប់មនុស្សប្រុស ស្រី និងក្មេងគ្រប់ៗគ្នានៅក្នុងប្រទេសនោះ ហើយក៏ប្រហាក់ប្រហែលនឹងចំនួនដែលប្រទេសអភិវឌ្ឍន៍ឯទៀតចំណាយលើមនុស្សម្នាក់ៗដែរ។
២ តើការចំណាយពេលវេលា កម្លាំងនិងប្រាក់ទាំងអស់នេះផ្ដល់ឲ្យលទ្ធផលអ្វីខ្លះ? ជាពិតប្រាកដមែន គ្មានអ្នកណាម្នាក់អាចបដិសេធបានទេ ព្រោះអីជាទួទៅនៅសព្វថ្ងៃនេះ យើងមានមន្ទីរពេទ្យនិងគ្រឿងប្រដាប់ប្រដាពេទ្យដ៏ទំនើប ជាងសម័យឯទៀតក្នុងប្រវត្ដិសាស្ត្រ។ យ៉ាងណាក៏ដោយ ការនេះមិនអាចប្រែប្រួលទៅជាការរស់នៅដែលប្រកបដោយសុខភាពដ៏ល្អបានដោយស្វ័យប្រវត្តទេ។ តាមការពិត ក្នុងសុន្ទរកថាមួយដែលពិពណ៌នាអំពីកម្មវិធីថែរក្សាសុខភាពដែលបានដាក់ស្នើសំរាប់សហរដ្ឋអាមេរិក ប្រធានាធិបតីបានថ្លែងប្រាប់ថា ក្រៅពី«ចំនួនប្រាក់ដ៏ច្រើនហួសហេតុ ដែលត្រូវចំណាយលើអំពើឃោរឃៅនៅក្នុងប្រទេសនេះ» ប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក«មានអាត្រាយ៉ាងខ្ពស់នៃរោគអេដស៍ នៃបញ្ហាជក់និងស៊ីផឹកជ្រុលហួស នៃក្មេងមានផ្ទៃពោះ នៃទារកដែលកើតមកមានទម្ងន់ស្រាលខុសពីប្រក្រតី»ជាងប្រទេសអភិវឌ្ឍន៍ដទៃទៅទៀត។ ពាក្យចុងក្រោយបង្អស់របស់លោកប្រធានាធិបតី គឺថា «យើងត្រូវតែផ្លាស់ប្ដូរផ្លូវរបស់យើង បើសិនជាយើងពិតជាចង់បានសុខភាពល្អជាមនុស្សម្នាក់នោះ»។—កាឡាទី ៦:៧, ៨
ជីវភាពរស់នៅដែលប្រកបដោយសុខភាពល្អ
៣. ដោយបានដឹងអំពីវប្បធម៌នៃសាសន៍ក្រិកពីបុរាណនោះ តើប៉ុលបានផ្ដល់ឲ្យសេចក្ដីទូន្មានអ្វី?
៣ នៅក្នុងសតវត្សទីមួយ ពួកសាសន៍ក្រិកល្បីឈ្មោះជាអ្នកមានភក្ដីចំពោះកាយវប្បកម្ម ការហាត់លើកសាច់ដុំ និងការប្រកួតខាងអត្ថពលកម្ម។ ដោយបានដឹងអំពីប្រវត្ដិនេះ បានជាប៉ុលត្រូវបានព្រះវិញ្ញាណបណ្ដាលឲ្យសរសេរទៅយុវបុរសធីម៉ូថេថា៖ «ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្ដិចទេ តែសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨) ដូច្នេះ ប៉ុលបានបង្ហាញឲ្យឃើញនូវអ្វីៗដែលមនុស្សទើបតែចាប់ផ្ដើមយល់ដឹង គឺថា សំវិធានវត្ថុខាងពេទ្យនិងរាងកាយ មិនអាចធានាឲ្យមានជីវភាពរស់នៅដែលប្រកបដោយសុខភាពល្អដ៏ពិតបានឡើយ។ ក៏ប៉ុន្តែ ប៉ុលធានារ៉ាប់រងថា អ្វីដែលជាចាំបាច់នោះ គឺជាការបង្កបង្កើតឲ្យមានសុខុមាលភាពខាងវិញ្ញាណនិងសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ។
៤. តើមានផលប្រយោជន៍អ្វីខ្លះពីសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ?
៤ ដំណើរការបែបនេះមានប្រយោជន៍សំរាប់«ជីវិតនៅជាន់ឥឡូវនេះ» ពីព្រោះនេះផ្ដល់នូវការការពារនឹងគ្រប់ផលអាក្រក់ ដែលពួកមនុស្សល្មើសនឹងព្រះ ឬពួកអ្នកដែលគ្រាន់តែ«មានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ»ដាក់មកលើខ្លួនគេ។ (ធីម៉ូថេទី២ ៣:៥; សុភាសិត ២៣:២៩, ៣០; លូកា ១៥:១១-១៦; កូរិនថូសទី១ ៦:១៨; ធីម៉ូថេទី១ ៦:៩, ១០) ឯពួកអ្នកដែលអនុញ្ញាតឲ្យសេចក្ដីគោរពប្រតិបត្ដិដល់ព្រះពត់តម្រង់ជីវិតរបស់គេ ពួកនោះនឹងមានសេចក្ដីគោរពត្រឹមត្រូវចំពោះច្បាប់និងសេចក្ដីតម្រូវរបស់ព្រះ ហើយការនោះនឹងជំរុញពួកគេឲ្យធ្វើសេចក្ដីបង្រៀនដ៏ត្រឹមត្រូវរបស់ព្រះជាជីវភាពរស់នៅរបស់គេ។ ដំណើរការនេះក៏នាំឲ្យពួកគេមានសុខភាពល្អខាងវិញ្ញាណនិងខាងរាងកាយ សេចក្ដីស្កប់ចិត្ត និងសុភមង្គលដែរ។ ហើយពួកគេ«នឹងប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច»។—ធីម៉ូថេទី១ ៦:១៩
៥. តើប៉ុលផ្ដល់ឲ្យសេចក្ដីបង្គាប់អ្វី នៅក្នុងជំពូកទីពីរនៃសំបុត្ររបស់គាត់ទៅទីតុសនោះ?
៥ ដោយព្រោះតែជីវិតដែលដឹកនាំដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវរបស់ព្រះ នាំឲ្យមានប្រសិទ្ធិពរបែបនេះនៅពេលឥឡូវនិងនាអនាគត យើងត្រូវតែឲ្យដឹងនូវរបៀបដែលយើងអាចធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវរបស់ព្រះជាជីវភាពរស់នៅរបស់យើង។ សាវកប៉ុលបានផ្ដល់ឲ្យចម្លើយនេះនៅក្នុងសំបុត្ររបស់គាត់ទៅទីតុស។ យើងនឹងយកចិត្តទុកដាក់យ៉ាងពិសេសនូវជំពូកទីពីរនៃសៀវភៅនោះ ដែលគាត់បានបង្គាប់ទីតុសឲ្យ«និយាយតែសេចក្ដីណា ដែលសំណំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ»។ ដូច្នេះហើយ យើងទាំងអស់គ្នាមិនថាប្រុស ឬស្រី ក្មេង ឬចាស់ ក៏អាចទទួលប្រយោជន៍ពី«សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ»នេះនៅសព្វថ្ងៃនេះដែរ។—ទីតុស ១:៤, ៥; ២:១
សេចក្ដីទូន្មានសំរាប់ពួកបុរសចំណាស់
៦. តើប៉ុលផ្ដល់ឲ្យសេចក្ដីទូន្មានអ្វីដល់«ពួកបុរសចំណាស់» ហើយហេតុអ្វីក៏ជាកិច្ចសប្បុរសចំពោះប៉ុលដែលគាត់បានធ្វើដូច្នេះ?
៦ ជាមុនដំបូង ប៉ុលមានសេចក្ដីទូន្មានខ្លះសំរាប់ពួកបុរសចំណាស់នៅក្នុងក្រុមជំនុំ។ សូមអានទីតុស ២:២។ «ពួកបុរសចំណាស់»[ពថ] ជាក្រុម ត្រូវគេផ្ដល់កិត្ដិយសនិងចាត់ទុកជាគំរូនៃជំនឿនិងសេចក្ដីស្មោះត្រង់។ (លេវីវិន័យ ១៩:៣២; សុភាសិត ១៦:៣១) ដោយហេតុនេះ អ្នកឯទៀតប្រហែលជាស្ទាក់ស្ទើរមិនចង់ឲ្យសេចក្ដីទូន្មាន ឬយោបល់ទៅពួកបុរសចំណាស់ ចំពោះរឿងដែលមិនសូវជាសំខាន់ណាស់នោះ។ (យ៉ូប ៣២:៦, ៧; ធីម៉ូថេទី១ ៥:១) ដូច្នេះហើយ ជាកិច្ចសប្បុរសដែលប៉ុលបានសរសេរសំដៅទៅពួកបុរសចំណាស់មុនគេ ហើយជាការប្រសើរដែលពួកគេគួរតែយកចិត្តទុកដាក់នឹងពាក្យរបស់ប៉ុល ហើយគួរតែដឹងជាប្រាកដថា ពួកគេគឺជាអ្នកគួរនឹងយកត្រាប់តាម ដូចជាប៉ុលដែរ។—កូរិនថូសទី១ ១១:១; ភីលីព ៣:១៧
៧, ៨. (ក) តើ«ទំលាប់ល្មមត្រឹមត្រូវ» ទាក់ទងអ្វីខ្លះ? (ខ) តើហេតុអ្វីក៏ការមាន«ចិត្តធ្ងន់ធ្ងរ»ជាមួយនិង«គំនិតសមហេតុផល»ជួយថ្លឹងថ្លែងគ្នាទៅវិញទៅមក?
៧ មុនដំបូង ពួកបុរសចំណាស់គ្រីស្ទានត្រូវតែឲ្យមាន«ទំលាប់ល្មមត្រឹមត្រូវ»[ពថ]។ ថ្វីបើពាក្យដំបូងបង្អស់នៅកន្លែងនេះ អាចសំដៅចំពោះទំលាប់ផឹកសុរាក្ដី («មិនស្រវឹង» Kingdom Interlinear) តែពាក្យនេះក៏អាចមានន័យថា ចេះប្រយ័ត្នប្រយែង គំនិតច្បាស់ស្រឡះ ឬ មានសុភនិច្ឆ័យត្រឹមត្រូវដែរ។ (ធីម៉ូថេទី២ ៤:៥; ពេត្រុសទី១ ១:១៣) ដូច្នេះ ទោះជាចំពោះការផឹក ឬចំពោះអ្វីផ្សេងទៀតក្ដី ពួកបុរសចំណាស់ត្រូវតែឲ្យបានល្មមត្រឹមត្រូវ គឺមិនត្រូវធ្វើឲ្យហួសហេតុពេកឡើយ។
៨ បន្ទាប់មក ពួកគេក៏ត្រូវតែឲ្យមាន«ចិត្តធ្ងន់ធ្ងរ» និង «គំនិតសមហេតុផល»[ពថ]។ ការមានចិត្តធ្ងន់ធ្ងរ ឬខ្ពង់ខ្ពស់ និងដ៏ជាទីគោរព ជាធម្មតាអាចទទួលបានតាមអាយុ។ ប៉ុន្តែ មានអ្នកខ្លះហាក់បីដូចជាមានចិត្តធ្ងន់ធ្ងរហួសហេតុពេក ដោយគ្មានអធ្យាស្រ័យដល់វិធីដ៏ស្វាហាប់នៃយុវជនសោះ។ (សុភាសិត ២០:២៩) ម្ល៉ោះហើយបានជាការមាន«ចិត្តធ្ងន់ធ្ងរ»ជាមួយនិង«គំនិតសមហេតុផល»ជួយថ្លឹងថ្លែងគ្នាទៅវិញមក។ ពួកបុរសចំណាស់ត្រូវតែរក្សាភាពមានចិត្តធ្ងន់ធ្ងរឲ្យសមនឹងអាយុរបស់គេ ហើយនៅពេលដំណាលគ្នានោះ ក៏ត្រូវតែឲ្យមានការចេះថ្លឹងថ្លែងដែរ ដោយចេះទប់អារម្មណ៍និងសន្ទុះចិត្តរបស់គេឲ្យបានពេញលេញ។
៩. ហេតុអ្វីក៏ពួកបុរសចំណាស់ត្រូវតែធ្វើឲ្យសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ហើយជាពិសេសសេចក្ដីខ្ជាប់ខ្ជួនឲ្យបានត្រឹមត្រូវ?
៩ នៅទីបំផុត ពួកបុរសចំណាស់ត្រូវតែ«ឲ្យមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវ»។ នៅក្នុងសេចក្ដីសរសេររបស់គាត់ ប៉ុលបានកត់ចុះសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ជាមួយនិងសេចក្ដីសង្ឃឹមយ៉ាងច្រើនលើក។ (កូរិនថូសទី១ ១៣:១៣; ថែស្សាឡូនីចទី១ ១:៣; ៥:៨) នៅកន្លែងនេះ គាត់បានដាក់«សេចក្ដីខ្ជាប់ខ្ជួន»ជំនួសនឹង«សេចក្ដីសង្ឃឹម»ទៅវិញ។ ប្រហែលជាដោយសារតែពីអារម្មណ៍នៃការលះបង់ចោលដែលអាចជ្រាបចូលបានយ៉ាងស្រួល ពេលដែលអាយុកាន់តែចាស់ឡើងក៏មិនដឹង។ (សាស្ដា ១២:១) យ៉ាងណាក៏ដោយ ដូចជាព្រះយេស៊ូវបានបង្ហាញមក «អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ម្យ៉ាងវិញទៀត ពួកបុរសចំណាស់ក៏គួរតែធ្វើជាគំរូដល់អ្នកឯទៀត នេះមិនមែនដោយសារអាយុឬការពិសោធន៍របស់គេប៉ុណ្ណោះទេ តែគឺដោយសារគុណសម្បត្ដិខាងវិញ្ញាណដ៏មាំមួនរបស់គេ—ដូចជាសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួន។
សំរាប់ពួកស្ត្រីចំណាស់
១០. តើប៉ុលផ្ដល់ឲ្យសេចក្ដីទូន្មានអ្វីដល់«ពួកស្ត្រីចាស់ៗ»នៅក្នុងក្រុមជំនុំ?
១០ បន្ទាប់មក ប៉ុលបានបែរសតិអារម្មណ៍ទៅឯពួកស្ត្រីចំណាស់នៅក្នុងក្រុមជំនុំ។ សូមអានទីតុស ២:៣។ «ពួកស្ត្រីចាស់ៗ»ជាពួកសមាជិកចំណាស់ក្នុងចំណោមពួកស្ត្រីនៅក្នុងក្រុមជំនុំ រាប់បញ្ចូលទាំងពួកប្រពន្ធនៃពួក«បុរសចាស់ៗ» និងមាតានិងជីដូននៃពួកសមាជិកឯទៀតដែរ។ ដោយព្រោះតែហេតុនេះ ពួកគេអាចមានអានុភាពយ៉ាងច្រើន ដើម្បីជាផលល្អ ឬអាក្រក់។ ដូច្នេះហើយបានជាប៉ុលផ្ដើមសេចក្ដីសរសេររបស់គាត់នឹងពាក្យ«បានបែបដូចគ្នា» ដោយមានន័យថា «ពួកស្ត្រីចាស់ៗ» ក៏មានភារៈដែលគេត្រូវបំពេញដែរ ដើម្បីឲ្យគេអាចសម្រេចមុខនាទីរបស់គេបាននៅក្នុងក្រុមជំនុំ។
១១. តើអ្វីទៅជាមារយាទដែលគួរជាទីគោរពនោះ?
១១ ជាមុនដំបូង ប៉ុលបានមានប្រសាសន៍ថា៖ «សូមឲ្យពួកស្ត្រីចំណាស់មានមារយាទដ៏គួរជាទីគោរព»[ពថ]។ «មារយាទ» ជាការសម្ដែងខាងក្រៅនៃអាកប្បកិរិយានិងលក្ខណៈខាងក្នុងរបស់បុគ្គលម្នាក់ៗ ដូចជាបង្ហាញឲ្យឃើញក្នុងចរិយានិងអាការខាងក្រៅ។ (ម៉ាថាយ ១២:៣៤, ៣៥) បើដូច្នេះ តើអាកប្បកិរិយាឬក៏បុគ្គលលក្ខណៈរបស់ស្ត្រីចំណាស់គ្រីស្ទានគួរជាយ៉ាងណា? ក្នុងពាក្យមួយម៉ាត់ គឺ«គួរជាទីគោរព»។ ពាក្យនេះបានបកប្រែពីពាក្យក្រិកដែលមានន័យថា«អ្វីដែលសមគួរនឹងបុគ្គល សកម្មភាព ឬអ្វីដែលឧទ្ទិសថ្វាយទៅព្រះ»។ នេះគឺពិតជាសេចក្ដីទូន្មានដ៏សមត្រឹមត្រូវមែន ដោយឃើញថា ពួកគេមានអានុភាពទៅលើអ្នកឯទៀត ជាពិសេស គឺពួកយុវនារីក្នុងក្រុមជំនុំនោះ។—ធីម៉ូថេទី១ ២:៩, ១០
១២. តើការប្រើអណ្ដាតមិនត្រឹមត្រូវអ្វី ដែលយើងទាំងអស់គ្នាត្រូវតែជៀសវាងនោះ?
១២ ជាបន្ទាប់ មានលក្ខណៈមិនល្អពីរ គឺ៖ «មិនត្រូវនិយាយបង្ខូចគេ ក៏មិនត្រូវធ្វើជាខ្ញុំកញ្ជះស្រាដ៏ច្រើន»[ពថ]។ ជាការគួរឲ្យចាប់អារម្មណ៍ណាស់ ដែលលក្ខណៈពីរនេះត្រូវបានដាក់ជាមួយគ្នា។ សាស្ដ្រាចារ្យម្នាក់ឈ្មោះ អ៊ី ស្កត់ បានសង្កេតឃើញថា «នៅសម័យបុរាណ កាលដែលភេសជ្ជៈ មានតែស្រានោះ គឺនៅកន្លែងជប់លៀងស្រានោះហើយ ដែលពួកស្ត្រីចំណាស់នឹងនិយាយបង្ខូចអ្នកជិតខាងរបស់គេ»។ ពួកស្រីៗតែងតែមានចិត្តខ្វល់ខ្វាយអំពីមនុស្ស ជាងពួកបុរស ហើយនេះជាការគួរឲ្យសរសើរមែន។ ក៏ប៉ុន្តែ ការខ្វល់ខ្វាយនេះអាចរេចរឹលទៅជាពាក្យរសឹបរសៀវ ហើយអាចទៅជាពាក្យបង្កាច់ក៏មាន ជាពិសេសនៅពេលដែលអណ្ដាតនោះត្រូវស្រាច្រើន។ (សុភាសិត ២៣:៣៣) ពិតហើយ អស់អ្នកណាដែលស្វែងរកជីវភាពរស់នៅដ៏ត្រឹមត្រូវ ទាំងស្រីទាំងប្រុស ជាការប្រសើរដែលខ្លួនត្រូវតែប្រយ័ត្ននឹងគុណវិបត្ដិដូចនេះ។
១៣. តើពួកស្ត្រីចំណាស់អាចធ្វើជាគ្រូបង្រៀនតាមរបៀបណា?
១៣ ដើម្បីប្រើពេលវេលាទំនេរឲ្យបានប្រយោជន៍ ពួកស្ត្រីចំណាស់ត្រូវបានលើកទឹកចិត្តឲ្យធ្វើជាគ្រូ«បង្រៀនសេចក្ដីត្រឹមត្រូវ»។ នៅកន្លែងផ្សេងទៀត ប៉ុលបានឲ្យសេចក្ដីបង្គាប់យ៉ាងច្បាស់លាស់ថា ពួកស្ត្រីមិនត្រូវធ្វើជាគ្រូបង្រៀននៅក្នុងក្រុមជំនុំឡើយ។ (កូរិនថូសទី១ ១៤:៣៤; ធីម៉ូថេទី១ ២:១២) ក៏ប៉ុន្តែ ការនេះមិនត្រូវបង្ខាំងពួកគេពីការចែកចាយចំណេះវិជ្ជាដ៏សំខាន់នៃព្រះក្នុងក្រុមគ្រួសាររបស់គេ និងទៅសាធារណជនឡើយ។ (ធីម៉ូថេទី២ ១:៥; ៣:១៤, ១៥) ពួកគេក៏អាចសម្រេចការបានច្រើនដែរ ដោយធ្វើជាគំរូគ្រីស្ទានសំរាប់ពួកយុវនារីនៅក្នុងក្រុមជំនុំ ដូចជាខគម្ពីរជាបន្ទាប់បង្ហាញឲ្យឃើញ។
សំរាប់ពួកយុវនារី
១៤. តើពួកយុវនារីអាចសម្ដែងភាពចេះថ្លឹងថ្លែងយ៉ាងណា ក្នុងការសម្រេចភារកិច្ចរបស់គេ?
១៤ ក្នុងការលើកទឹកចិត្តពួកស្ត្រីចំណាស់ឲ្យធ្វើជាគ្រូ«បង្រៀនសេចក្ដីត្រឹមត្រូវ» ប៉ុលជាពិសេសធ្វើនិទ្ទេសចំពោះពួកយុវនារី។ សូមអានទីតុស ២:៤, ៥។ កាលដែលសេចក្ដីទូន្មានភាគច្រើននេះ សំដៅចំពោះតែកិច្ចការខាងផ្ទះសម្បែង ពួកយុវនារីគ្រីស្ទានមិនត្រូវធ្វើការនេះឲ្យហួសហេតុពេកទេ ដោយបណ្ដោយឲ្យកង្វល់ខាងវត្ថុទ្រព្យដឹកនាំជីវិតរបស់គេនោះ។ ផ្ទុយទៅវិញ ពួកគេត្រូវតែមាន«គំនិតសមហេតុផល លក្ខណៈពិសុទ្ធ . . . លក្ខណៈល្អ»[ពថ] ហើយជាពិសេស គឺត្រូវឲ្យមានចិត្តខ្នះខ្នែងជួយគាំទ្រការចាត់ចែងប្រមុខភាពគ្រីស្ទាន«ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ»។
១៥. ហេតុអ្វីក៏យុវនារីជាច្រើនក្នុងក្រុមជំនុំត្រូវតែលើកសរសើរនោះ?
១៥ នៅសព្វថ្ងៃនេះ ស្ថានការណ៍នៃក្រុមគ្រួសារបានប្រែប្រួលច្រើនណាស់ ពីក្រុមគ្រួសារនៅសម័យប៉ុល។ ក្រុមគ្រួសារជាច្រើនត្រូវបានបែកបាក់គ្នា ខាងសេចក្ដីជំនឿ។ រីឯគ្រួសារឯទៀត គេមានតែបិតាឬមាតាតែម្នាក់ប៉ុណ្ណោះ។ សូម្បីតែក្នុងគ្រួសារដែលគេហៅថា គ្រួសារមានគ្រប់សមាជិក ជាការរឹតតែខុសពីការនិយមធម្មតាចំពោះប្រពន្ធ ឬម្ដាយឲ្យធ្វើជាមេផ្ទះពេញពេលនោះ។ ការទាំងអស់នេះធ្វើឲ្យមានបន្ទុកនិងការទទួលខុសត្រូវយ៉ាងខ្លាំងមកលើពួកយុវនារីគ្រីស្ទាន ក៏ប៉ុន្តែការនេះមិនត្រូវលើកលែងពួកគេពីកាតព្វកិច្ចខាងព្រះគម្ពីរឡើយ។ ដូច្នេះហើយ ជាការរីករាយណាស់ ដោយឃើញពួកយុវនារីដ៏ស្មោះត្រង់ ខំប្រឹងលៃលកសម្រេចភារកិច្ចរបស់គេជាច្រើន រួចនៅតែអាចដាក់ផលប្រយោជន៍ព្រះរាជាណាចក្រជាអាទិបាននោះ។ អ្នកខ្លះថែមទាំងអាចចូលរួមក្នុងកិច្ចផ្សាយពេញពេល ដោយធ្វើជាអ្នកត្រួសត្រាយជំនួយ ឬជាអ្នកត្រួសត្រាយពេញពេល។ (ម៉ាថាយ ៦:៣៣) ពួកគេ គឺពិតជាគួរឲ្យសរសើរមែន!
សំរាប់ពួកយុវបុរស
១៦. តើប៉ុលមានសេចក្ដីទូន្មានអ្វីសំរាប់ពួកយុវបុរស ហើយហេតុអ្វីក៏ការនេះត្រូវពេលវេលាល្អម្ល៉េះ?
១៦ បន្ទាប់មក ប៉ុលក៏មកដល់ពួកយុវបុរស រាប់បញ្ចូលទាំងទីតុសដែរ។ សូមអានទីតុស ២:៦-៨។ ដោយឃើញថា ផ្លូវជាច្រើននៃយុវជនសម័យនេះ ខូចបាក់បែកនិងធ្វេសប្រហែស—ដូចជាការជក់បារី គ្រឿងញៀន និងការរំលោភលើគ្រឿងសុរា កាមឥតវិន័យ ព្រមទាំងសកម្មភាពខាងលោកីយ៍ផ្សេងៗទៀត ដូចជាកីឡាដ៏សាហាវ និងគ្រឿងកំសាន្តនិងតន្ត្រីដ៏ថោកទាប—នេះគឺពិតជាដំបូន្មានដ៏ត្រូវពេលវេលាល្អណាស់ សំរាប់យុវជនគ្រីស្ទានណាដែលចង់កាន់តាមជីវភាពរស់នៅដ៏ត្រឹមត្រូវនិងស្កប់ចិត្ត។
១៧. តើយុវបុរសអាចទៅជាមាន«គំនិតសមហេតុផល» និង «ទុកជាគំរូពីការល្អគ្រប់ជំពូក»បានយ៉ាងដូចម្ដេច?
១៧ ដោយខុសគ្នាពីយុវជននៃលោកីយ៍នេះ យុវបុរសគ្រីស្ទានត្រូវតែឲ្យ«មានគំនិតសមហេតុផល»[ពថ] និង «ទុកជាគំរូពីការល្អគ្រប់ជំពូក»។ ប៉ុលបានពន្យល់ថា គំនិតដែលចាស់ទុំនិងសមហេតុផល មិនមែនគ្រាន់តែបានមកពីការសិក្សាប៉ុណ្ណោះទេ តែក៏អាចបានមកតាមរយៈការ«បង្ហាត់ឥន្ទ្រិយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»ដែរ។ (ហេព្រើរ ៥:១៤) គួរឲ្យអស្ចារ្យណាស់ ដោយឃើញពួកយុវជនស្ម័គ្រចិត្តផ្ដល់ឲ្យពេលវេលានិងកម្លាំងរបស់ខ្លួន ដើម្បីចូលរួមឲ្យបានពេញលេញក្នុងភារកិច្ចជាច្រើន នៅក្នុងក្រុមជំនុំគ្រីស្ទាន ជាជាងចំណាយយុវពលរបស់គេក្នុងសកម្មភាពអញនិយម ដែលឥតបានការនោះ! ដោយធ្វើយ៉ាងនេះ ពួកគេក៏ដូចទីតុសដែរ ដែលអាចទៅជាគំរូនៃ«ការល្អគ្រប់ជំពូក» ក្នុងក្រុមជំនុំគ្រីស្ទាន។—ធីម៉ូថេទី១ ៤:១២
១៨. តើសេចក្ដីបង្រៀនដែលអពុករលួយ ចិត្តធ្ងន់ធ្ងរចំពោះសកម្មភាព និងពាក្យសំដីសមរម្យ មានន័យយ៉ាងណា?
១៨ ពួកយុវបុរសក៏ត្រូវបានរំឭកឲ្យ«បង្ហាញភាពអពុករលួយក្នុងសេចក្ដីបង្រៀនរបស់[គេ] ចិត្តធ្ងន់ធ្ងរ ពាក្យសំដីសមរម្យដែលគេមិនអាចផ្ដន្ទាទោសបាន»[ពថ]។ សេចក្ដីបង្រៀនដែលមិន‹អពុករលួយ› ត្រូវតែពឹងផ្អែកទាំងស្រុងទៅលើព្រះបន្ទូលរបស់ព្រះ ដូច្នេះ ពួកយុវបុរសត្រូវតែជាសិស្សព្រះគម្ពីរដែលយកចិត្តទុកដាក់បំផុត។ ពួកយុវបុរសត្រូវតែឲ្យមានចិត្តធ្ងន់ធ្ងរដូចពួកបុរសចំណាស់ដែរ។ ពួកគេត្រូវតែឲ្យដឹងថា ការធ្វើជាអ្នកបំរើម្នាក់នៃព្រះបន្ទូលរបស់ព្រះ ជាភារៈដ៏ធ្ងន់ធ្ងរ ម្ល៉ោះហើយពួកគេត្រូវតែ«ប្រព្រឹត្តបែបគួរនឹងដំណឹងល្អ»។ (ភីលីព ១:២៧) តាមរបៀបនេះដែរ ពាក្យសំដីរបស់គេក៏ត្រូវតែឲ្យបាន«សមរម្យ» និង«មិនអាចផ្ដន្ទាទោសបាន» ដើម្បីកុំឲ្យពួកប្រឆាំងថ្កោលទោសបាន។—កូរិនថូសទី២ ៦:៣; ពេត្រុសទី១ ២:១២, ១៥
សំរាប់ពួកបាវនិងពួកអ្នកបំរើគេ
១៩, ២០. តើពួកអ្នកដែលគេជួលឲ្យធ្វើការ«តាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះ»បានយ៉ាងដូចម្ដេច?
១៩ នៅទីបំផុត ប៉ុលបានបែរទៅឯពួកអ្នកដែលមនុស្សឯទៀតជួលឲ្យធ្វើការ។ សូមអានទីតុស ២:៩, ១០។ នៅសព្វថ្ងៃនេះ ពួកយើងជាច្រើនមិនមែនជាបាវ ឬជាអ្នកបំរើគេទេ តែភាគច្រើនជានិយោជិត និងជាកម្មករដែលធ្វើការឲ្យគេ។ ដូច្នេះហើយ គោលការណ៍ដែលប៉ុលពិពណ៌នាមកនេះ ក៏មានប្រយោជន៍ដល់យើងនៅសព្វថ្ងៃនេះដែរ។
២០ ការ«ចុះចូលនឹងចៅហ្វាយខ្លួន . . . ក្នុងគ្រប់ការទាំងអស់» មានន័យថា និយោជិតគ្រីស្ទានត្រូវតែសម្ដែងសេចក្ដីគោរពដ៏ស្មោះចំពោះនិយោជកនិងអ្នកត្រួតត្រារបស់គេ។ (កូល៉ុស ៣:២២) ពួកគេត្រូវតែឲ្យមានឈ្មោះជាអ្នកធ្វើការយ៉ាងស្មោះទៀងទាត់ និងត្រូវធ្វើការឲ្យបានពេញមួយថ្ងៃ តាមសេចក្ដីតម្រូវរបស់និយោជក។ ហើយពួកគេត្រូវតែខំកាន់តាមខ្នាតគំរូដ៏ខ្ពស់នៃចរិយាគ្រីស្ទាននៅកន្លែងធ្វើការរបស់គេ ដោយឥតគិតអំពីមារយាទនៃអ្នកឯទៀតនៅទីនោះ។ ការទាំងអស់នេះគឺ«ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះ នៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ យើងតែងតែឮជាញឹកញាប់អំពីលទ្ធផលដ៏គួរឲ្យរីករាយ នៅពេលដែលអ្នកសង្កេតមើលដ៏ស្មោះបានឆ្លើយតបនឹងសេចក្ដីពិត ដោយព្រោះតែនិយោជិតដែលជាស្មរបន្ទាល់បានបង្ហាញចរិយាដ៏ល្អប្រសើរនោះ! នេះហើយជារង្វាន់ដែលព្រះយេហូវ៉ាប្រទានទៅឲ្យអស់អ្នកណាដែលកាន់តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវរបស់ទ្រង់ សូម្បីតែនៅកន្លែងធ្វើការក្ដី។—អេភេសូរ ៦:៧, ៨
ប្រជារាស្ត្រស្អាតបាត
២១. ហេតុអ្វីបានជាព្រះយេហូវ៉ាប្រទានឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះ ហើយតើយើងត្រូវធ្វើយ៉ាងណា?
២១ សេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែលប៉ុលបានអធិប្បាយមកនេះ គឺមិនមែនគ្រាន់តែជាគោលច្បាប់អភិសមាចារខ្លះ ឬតម្លៃនៃសីលធម៌ ដែលយើងបែរទៅរកពេលយើងត្រូវការប៉ុណ្ណោះទេ។ ប៉ុលបានពន្យល់តទៅទៀតអំពីគោលបំណងនៃសេចក្ដីបង្រៀននេះ។ សូមអានទីតុស ២:១១, ១២។ គឺដោយសារតែសេចក្ដីស្រឡាញ់និងព្រះគុណដែលយើងគ្មានសិទ្ធិទទួលនោះ បានជាព្រះយេហូវ៉ាប្រទានសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះ ដើម្បីឲ្យយើងអាចរៀនរស់នៅជីវិតរបស់យើងឲ្យប្រកបដោយសេចក្ដីស្កប់ចិត្តនិងពេញដោយអត្ថន័យ នៅក្នុងគ្រាដ៏លំបាកនិងដ៏គ្រោះថ្នាក់នេះ។ តើអ្នកសុខចិត្តទទួលយកនិងធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះជាជីវភាពរស់នៅរបស់អ្នកទេ? ការធ្វើយ៉ាងដូច្នេះ នឹងមានន័យជាការសង្គ្រោះរបស់អ្នក។
២២, ២៣. តើយើងទទួលប្រសិទ្ធិពរអ្វីខ្លះ ពីការធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវជាជីវភាពរស់នៅរបស់យើង?
២២ ម្យ៉ាងវិញទៀត ការធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះជាជីវភាពរស់នៅរបស់យើង នាំឲ្យយើងទទួលនូវឯកសិទ្ធិដ៏ពិសេសនៅពេលឥឡូវនេះ និងសេចក្ដីសង្ឃឹមដ៏រីករាយនៅអនាគត។ សូមអានទីតុស ២:១៣, ១៤។ ជាពិតប្រាកដណាស់ ការធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះជាជីវភាពរស់នៅរបស់យើង ក៏ធ្វើឲ្យយើងទៅជាប្រជារាស្ត្រដ៏ស្អាតបាតដែរ ខុសប្លែកពីលោកីយ៍ដ៏ពុករលួយដែលជិតវិនាសនេះ។ ពាក្យរបស់ប៉ុលនេះ ស្របគ្នានឹងពាក្យរំឭករបស់លោកម៉ូសេទៅពួកកូនចៅអ៊ីស្រាអែលនៅភ្នំស៊ីណាយ គឺថា«ព្រះយេហូវ៉ាទ្រង់ក៏បាន . . . លើកឯងឡើងជាខ្ពស់ផង គឺខ្ពស់លើសអស់ទាំងសាសន៍ដែលទ្រង់បានបង្កើត ដោយមានសេចក្ដីសរសើរនឹងកេរ្ដិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កំថ្កើង ដើម្បីឲ្យឯងបានធ្វើជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលស្រាប់»។—ចោទិយកថា ២៦:១៨, ១៩
២៣ សូមឲ្យយើងអបអររក្សាទុកជារហូតនូវឯកសិទ្ធិនៃការធ្វើជាប្រជារាស្ត្រដ៏ស្អាតបាតរបស់ព្រះយេហូវ៉ា ដោយធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវនេះជាជីវភាពរស់នៅរបស់យើង! យើងត្រូវតែប្រុងប្រៀបបដិសេធចោលភាពល្មើសនឹងព្រះគ្រប់បែបយ៉ាង និងសេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍នេះ។ ដោយធ្វើដូច្នេះ ធ្វើឲ្យយើងនៅស្អាតបាតហើយសមត្រឹមត្រូវ ដើម្បីឲ្យព្រះយេហូវ៉ាទ្រង់ប្រើយើងក្នុងកិច្ចការដ៏ធំសម្បើមរបស់ទ្រង់ ដែលទ្រង់កំពុងតែសម្រេចសព្វថ្ងៃនេះ។—កូល៉ុស ១:១០
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីក៏សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូក?
◻ តើពួកគ្រីស្ទានចំណាស់អាចធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវជាជីវភាពរស់នៅបានយ៉ាងដូចម្ដេច?
◻ តើសេចក្ដីបង្រៀនដ៏ត្រឹមត្រូវអ្វីខ្លះ ដែលប៉ុលសម្ដែងដល់យុវបុរសនិងយុវនារីនៅក្នុងក្រុមជំនុំ?
◻ តើយើងអាចទទួលឯកសិទ្ធិនិងប្រសិទ្ធិពរអ្វី បើយើងធ្វើឲ្យសេចក្ដីបង្រៀនដ៏ត្រឹមត្រូវជាជីវភាពរស់នៅរបស់យើង?
[រូបភាពនៅទំព័រ២៥]
មនុស្សជាច្រើននៅសព្វថ្ងៃនេះ កំពុងតែអនុវត្តតាមសេចក្ដីទូន្មាននៅ ទីតុស ២:២-៤