បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៤ ទំ. ២៧-៣២
  • ចូរបំរើព្រះយេហូវ៉ាដោយចិត្ដអំណរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបំរើព្រះយេហូវ៉ាដោយចិត្ដអំណរ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​បំរើ​ដោយ​«ចិត្ត​អំណរ»
  • កាល​ណា​គ្មាន​អំណរ
  • ការ​រង់ចាំ​ដោយ​អំណរ
  • អំណរ​ទោះបី​ជា​មាន​ការ​បៀតបៀន
  • ‹បំរើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​រីករាយ›
  • ចូរ​សប្បាយ​រីករាយ​ក្នុង​សេចក្ដី​សង្ឃឹម​របស់​អ្នក
  • អំណរជាគុណសម្បត្ដិមួយដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • អំណរនៃព្រះយេហូវ៉ាជាទីមាំមួនរបស់យើង
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរបន្តបម្រើព្រះយេហូវ៉ាដោយមានអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៤ ទំ. ២៧-៣២

ចូរ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ

«បណ្ដាសា​ទាំង​អស់​នេះ​នឹង​ធ្លាក់​មក​លើ​ឯង​ជា​មិន​ខាន . . . ដោយ​ហេតុ​តែ​ឯង​មិន​បាន​បំរើ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​សេចក្ដី​រីករាយ​និង​ចិត្ត​អំណរ»។—ចោទិយកថា ២៨:៤៥​-​៤៧, ព.ថ.

១. តើ​មាន​ទី​សំអាង​អ្វី​បង្ហាញ​ថា​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​មាន​អំណរ នៅ​ទីណា​ក៏​ដោយ​ដែល​គេ​បំរើ​ទ្រង់?

ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ពោរពេញ​ទៅ​ដោយ​អំណរ ទោះបី​ជា​ពួក​គេ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​នៅ​ស្ថានសួគ៌ ឬ​នៅ​លើ​ផែនដី​ក្ដី។ ពួក​ទេវតា​«ផ្កាយ​ព្រឹក»​បាន​ច្រៀង​ឡើង​ដោយ​អំណរ​ចំពោះ​ការ​បង្កើត​ផែនដី ហើយ​ពួក​ទេវតា​នៃ​ស្ថានសួគ៌​ទាំង​នេះ​ច្បាស់​ជា​‹ប្រតិបត្ដិ​តាម​ពាក្យ​បន្ទូល​របស់​ព្រះ›​ដោយ​អំណរ​ហើយ។ (យ៉ូប ៣៨:៤​-​៧; ទំនុកដំកើង ១០៣:២០) រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បាន​បង្កើត​ផ្ទាល់ បាន​ធ្វើ​ជា​«មេ​ជាង»​ដោយ​អំណរ​នៅ​ស្ថានសួគ៌ ហើយ​កាល​ដែល​ទ្រង់​ជា​បុរស​យេស៊ូ​គ្រីស្ទ​នៅ​លើ​ផែនដី ទ្រង់​ក៏​បាន​មាន​ព្រះទ័យ​រីករាយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែរ។ ម្យ៉ាង​វិញ​ទៀត «ទ្រង់​បាន​រងទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។—សុភាសិត ៨:៣០, ៣១; ហេព្រើរ ១០:៥​-​១០; ១២:២

២. តើ​អ្វី​ដែល​បាន​សម្រេច​ថា​តើ​ពួក​អ៊ីស្រាអែល​បាន​ពិសោធ​ប្រសិទ្ធិពរ ឬ បណ្ដាសា​នោះ?

២ ប្រជាជន​អ៊ីស្រាអែល​ក៏​បាន​មាន​អំណរ​ដែរ កាល​ដែល​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​ពួក​គេ​មិន​បាន​គោរព​តាម​ទ្រង់? ពួក​គេ​ត្រូវ​បាន​ព្រមាន​ថា៖ «[បណ្ដាសា]​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សំរាប់​ជា​ទីសំគាល់ ហើយ​ជា​ទី​អស្ចារ្យ នៅ​អស់កល្ប​ជានិច្ច។ ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិបត្ដិ ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីករាយ​សប្បាយ នៅ​កណ្ដាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន បាន​ជា​ឯង​ត្រូវ​បំរើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បំរើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ​ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ»។ (ចោទិយកថា ២៨:៤៥​-​៤៨) ប្រសិទ្ធិពរ​និង​បណ្ដាសា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​មែន។ បណ្ដាសា​ទាំង​នេះ​ក៏​បង្ហាញ​ទៀត​ថា មិន​ត្រូវ​ឲ្យ​មាន​ការ​វាយ​បន្ថោក​ទៅ​លើ​គោលការណ៍​របស់​ព្រះ​និង​គោល​បំណង​របស់​ទ្រង់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ស្អប់​សេចក្ដី​ទាំង​នោះ​ដែរ។ ដោយសារ​តែ​ប្រជាជន​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា អំពី​ការ​បំផ្លាញ​និង​និរទេស​នោះ ទី​ក្រុង​យេរូសាឡិម​ក៏​បាន​ក្លាយ​ទៅ​ជា​«ទី​ផ្ដាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី»។ (យេរេមា ២៦:៦) ដូច្នេះ ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​គោរព​តាម​ព្រះ​និង​មាន​អំណរ​ដល់​ព្រះ​គុណ​របស់​ទ្រង់​ចុះ។ អំណរ​ជា​ប្រសិទ្ធិពរ​មួយ​នៃ​ប្រសិទ្ធិពរ​ជា​ច្រើន​ដែល​ពួក​អ្នក​គោរព​ព្រះ​បាន​ទទួល។

របៀប​បំរើ​ដោយ​«ចិត្ត​អំណរ»

៣. តើ​ចិត្ត​ជា​អ្វី?

៣ ប្រជាជន​អ៊ីស្រាអែល​ត្រូវ​តែ​បំរើ​ព្រះ​យេហូវ៉ា​«ដោយ​សេចក្ដី​រីករាយ​និង​ចិត្ត​អំណរ»។ ពួក​អ្នក​បំរើ​ព្រះ​នៅ​សម័យ​ទំនើប​ក៏​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដែរ។ សេចក្ដី​រីករាយ​គឺ​ជា​«ការ​សប្បាយ ការ​ដែល​ពេញ​ទៅ​ដោយ​អំណរ»។ ថ្វី​បើ​មាន​ការ​ចែង​អំពី​បេះដូង​នៅ​ក្នុង​ព្រះ​គម្ពីរ​ក្ដី តែ​វា​មិន​ចេះ​គិត​ឬ​វែកញែក​ទេ។ (និក្ខមនំ ២៨:៣០, ព.ថ.) មុខ​នាទី​ដ៏​សំខាន់​របស់​វា​គឺ​សំរាប់​បូម​ឈាម​ដើម្បី​បំប៉ន​កោសិកា​នៃ​រូប​កាយ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន ព្រះ​គម្ពីរ​តែង​តែ​សំដៅ​ទៅ​ចិត្ត ដែល​មិន​គ្រាន់​តែ​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រេម័ន ការ​ជំរុញ​ទឹក​ចិត្ត និង​ប្រាជ្ញា​ប៉ុណ្ណោះ​ទេ។ គឺ​ជា​តំណាង​«ផ្នែក​សំខាន់​ទូទៅ ជា​ផ្នែក​ខាង​ក្នុង ដូច្នេះ​ជា​តំណាង​មនុស្ស​ខាង​ក្នុង​ដែល​សម្ដែង​ខ្លួន​គាត់​តាម​រយៈ​គ្រប់​សកម្មភាព​របស់​គាត់ តាម​រយៈ​ចំណង់​របស់​គាត់ សេចក្ដី​ប្រេម័ន មនោសញ្ចេតនា អារម្មណ៍​រំជើបរំជួល គោល​បំណង គំនិត​របស់​គាត់ ញាណ​សក្ដិ មនោគតិ ប្រាជ្ញា​របស់​គាត់ ចំណេះវិជ្ជា ជំនាញ ជំនឿ​របស់​គាត់​និង​វិចារណញ្ញាណ​របស់​គាត់ អនុស្សាវរីយ៍​និង​សតិ​អារម្មណ៍​របស់​គាត់»។ (ទស្សនាវដ្ដី​នៃ​សមាគម​ខាង​ប្រកាសនវត្ថុ​គម្ពីរ​និង​ការ​បកស្រាយ ១៨៨២ ទំព័រ ៦៧) ចិត្ត​របស់​យើង​ទាក់​ទង់​នឹង​អារម្មណ៍​និង​មនោសញ្ចេតនា​របស់​យើង ព្រម​ទាំង​អំណរ​ដែរ។—យ៉ូហាន ១៦:២២

៤. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ?

៤ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ? ការ​មាន​ទស្សនៈ​វិជ្ជមាន​និង​ការ​ចេះ​អបអរ​ដល់​ប្រសិទ្ធិពរ​របស់​យើង​និង​ឯក​សិទ្ធិ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​យើង ជា​អ្វី​ដែល​អាច​ជួយ​យើង​បាន។ ឧទាហរណ៍ យើង​អាច​ជញ្ជឹង​គិត​ដោយ​អំណរ​ដល់​ឯក​សិទ្ធិ​នៃ​‹កិច្ច​បំរើ​បរិសុទ្ធ›​របស់​យើង​ចំពោះ​ព្រះ​ពិត។ (លូកា ១:៧៤) ជា​ស្មរបន្ទាល់​របស់​ទ្រង់ យើង​ក៏​មាន​ឯក​សិទ្ធិ​ឯ​ទៀត​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ដែរ។ (អេសាយ ៤៣:១០​-​១២) ចំពោះ​រឿង​នេះ យើង​អាច​មាន​ចិត្ត​រឹតតែ​សប្បាយ​រីករាយ ដោយ​ដឹង​ថា ការ​ប្រតិបត្ដិ​តាម​ពាក្យ​បន្ទូល​របស់​ព្រះ​ជា​ការ​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់។ ហើយ​ជា​ការ​មាន​អំណរ​ជា​អនេក ក្នុង​ការ​បញ្ចាំង​ពន្លឺ​ខាង​វិញ្ញាណ​នេះ ដើម្បី​ជួយ​រំដោះ​មនុស្ស​ជា​ច្រើន​ឲ្យ​ចេញ​ពី​សេចក្ដី​ងងឹត!—ម៉ាថាយ ៥:១៤​-​១៦; ប្រៀបធៀប ពេត្រុសទី១ ២:៩

៥. តើ​អ្វី​ជា​ប្រភព​នៃ​អំណរ​នៃ​ព្រះ?

៥ ប៉ុន្តែ ការ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ​មិន​ត្រឹម​តែ​ទាក់ទង​នឹង​គំនិត​វិជ្ជមាន​ប៉ុណ្ណោះ​ទេ។ ការ​មាន​ទស្សនៈ​វិជ្ជមាន​ជា​ការ​មាន​ប្រយោជន៍​មែន។ ប៉ុន្តែ អំណរ​នៃ​ព្រះ​មិន​មែន​ជា​អ្វី​ដែល​យើង​អាច​បង្កើត​បាន​តាម​រយៈ​ការ​លូត​លាស់​ចរិត​លក្ខណៈ​នោះ​ទេ។ នេះ​ជា​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ (កាឡាទី ៥:២២, ២៣) បើសិន​ជា​យើង​មិន​មាន​អំណរ​នេះ​ទេ ប្រហែល​ជា​យើង​ត្រូវ​ការ​ធ្វើ​ការ​ប្រែប្រួល​ខ្លះៗ ដើម្បី​ជៀសវាង​ពី​គំនិត ឬ​ការ​ប្រព្រឹត្ត​ដែល​មិន​សម​ស្រប​តាម​ព្រះ​គម្ពីរ ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​កើត​ទុក្ខ។ (អេភេសូរ ៤:៣០) យ៉ាង​ណា​ក៏​ដោយ ជា​អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​យើង​កុំ​ខ្លាច​ក្រែង​ថា ការ​ខ្វះ​អំណរ​ពី​ចិត្ត នៅ​គ្រា​ខ្លះ​ជា​ទី​សំអាង​នៃ​ការ​មិន​សព្វ​ព្រះ​ហឫទ័យ​ពី​ព្រះ​នោះ​ឡើយ។ យើង​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ ហើយ​តែង​តែ​មាន​ការ​ឈឺចាប់ ទុក្ខ​ព្រួយ ព្រម​ទាំង​មាន​ការ​ក្រៀម​ក្រំ​ចិត្ត​ផង​នៅ​ពេល​ខ្លះ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​យោគ​យល់​ដល់​យើង។ (ទំនុកដំកើង ១០៣:១០​-​១៤) ដូច្នេះ ចូរ​ឲ្យ​យើង​អធិស្ឋាន​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចូរ​ចាំ​ថា អំណរ​ជា​ផលផ្លែ​មួយ​នៃ​ព្រះ​វិញ្ញាណ​ដែល​ព្រះ​ផ្ដល់​ឲ្យ។ ព្រះ​វរបិតា​សួគ៌ា​របស់​យើង ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​តប​ឆ្លើយ​ការ​អធិស្ឋាន​បែប​នេះ ហើយ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​យើង​បំរើ​ទ្រង់​ដោយ​ចិត្ត​អំណរ។—លូកា ១១:១៣

កាល​ណា​គ្មាន​អំណរ

៦. បើ​យើង​មិន​មាន​អំណរ​ក្នុង​ការ​បំរើ​ព្រះ​ទេ តើ​យើង​គួរ​តែ​ធ្វើ​យ៉ាង​ណា?

៦ បើសិន​ជា​គ្មាន​អំណរ​ក្នុង​ការ​បំរើ​របស់​យើង​ទេ ជាយ​ថា​ហេតុ យើង​អាច​បាត់បង់​នូវ​យតិភាព​របស់​យើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា ឬ​ថែម​ទាំង​មិន​ស្មោះ​ត្រង់​នឹង​ទ្រង់​ទៀត​ផង។ ដូច្នេះ ជា​ការ​មាន​ប្រាជ្ញា ដែល​យើង​ត្រូវ​តែ​បន្ទាប​ខ្លួន​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​យើង​ដោយ​អធិស្ឋាន​ទៅ​ព្រះ ហើយ​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ណា​ដែល​ចាំបាច់។ ដើម្បី​ឲ្យ​មាន​អំណរ​ដែល​ព្រះ​ប្រទាន​មក​នោះ យើង​ត្រូវ​តែ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ស្រឡាញ់​និង​ឲ្យ​អស់​អំពី​ចិត្ត ព្រលឹង និង​គំនិត​របស់​យើង។ (ម៉ាថាយ ២២:៣៧) យើង​មិន​ត្រូវ​បំរើ​ដោយ​កាន់​អាកប្បកិរិយា​ប្រកួត​ប្រជែង​នោះ​ទេ ពីព្រោះ​ប៉ុល​បាន​សរសេរ​ថា៖ «បើសិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ​វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ​វិញ្ញាណ​ដែរ កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្ដិ៍​ឈ្មោះ​ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់​រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ»។ (កាឡាទី ៥:២៥, ២៦) យើង​ច្បាស់​ជា​មិន​មាន​អំណរ​ពិត​ទេ បើសិន​ជា​យើង​បំរើ​ដោយ​ចង់​បាន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ឬ​ចង់​បាន​តែ​ការ​សរសើរ​នោះ។

៧. តើ​យើង​អាច​ធ្វើ​ឲ្យ​មាន​ចិត្ត​អំណរ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច​បាន?

៧ ជា​ការ​មាន​អំណរ ក្នុង​ការ​រស់​នៅ​ឲ្យ​ស្រប​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ទៅ​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ទើប​តែ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ទៅ​ព្រះ យើង​ខំ​ខ្នះខ្នែង​អនុវត្ត​តាម​ជីវភាព​គ្រីស្ទាន។ យើង​សិក្សា​ព្រះ​គម្ពីរ ហើយ​ចូល​រួម​ឆ្លើយ​នៅ​ទី​ប្រជុំ​យ៉ាង​ទៀងទាត់។ (ហេព្រើរ ១០:២៤, ២៥) ការ​ចូល​រួម​ក្នុង​កិច្ចការ​ផ្សាយ ជា​ការ​ធ្វើ​ឲ្យ​យើង​មាន​អំណរ។ ប៉ុន្តែ តើ​យ៉ាង​ម៉េច​ទៅ បើសិន​ជា​អំណរ​របស់​យើង​បាន​សាប​សូន្យ​ទៅ? ការ​សិក្សា​ព្រះ​គម្ពីរ ការ​មក​ប្រជុំ ការ​ចូល​រួម​ក្នុង​កិច្ចការ​ផ្សាយ—ពិត​មែន​ហើយ គឺ​ការ​ចូល​រួម​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​សាសនា​គ្រីស្ទាន—គួរ​តែ​ធ្វើ​ឲ្យ​មាន​ស្ថេរ​ភាព​ខាង​វិញ្ញាណ​ក្នុង​ជីវិត​របស់​យើង ហើយ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អំណរ​ដែល​យើង​ធ្លាប់​មាន​ពី​មុន។ (វិវរណៈ ២:៤) ដូច្នេះ យើង​នឹង​មិន​ដូច​ជា​អ្នក​ខ្លះ​ដែល​មិន​សូវ​មាន​អំណរ ហើយ​តែង​តែ​ត្រូវ​ការ​ជំនួយ​ខាង​វិញ្ញាណ​នោះ​ទេ។ ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​រីករាយ​នឹង​ជួយ តែ​ជា​បុគ្គល​ម្នាក់ៗ យើង​ត្រូវ​តែ​បំពេញ​ភារៈ​នៃ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ដល់​ព្រះ។ គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​នេះ​ឲ្យ​យើង​បាន​ទេ។ ដូច្នេះ ចូរ​ឲ្យ​គោល​ដៅ​របស់​យើង​ជា​ការ​អនុវត្ត​តាម​ទម្រង់​ការ​ធម្មតា​របស់​គ្រីស្ទាន ដើម្បី​បំពេញ​ភារៈ​នៃ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ដល់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​មាន​អំណរ​ពិត។

៨. ហេតុ​អ្វី​ក៏​មនសិការ​ជ្រះថ្លា​សំខាន់​ម្ល៉េះ បើ​យើង​ចង់​ឲ្យ​មាន​អំណរ​នោះ?

៨ បើ​យើង​ចង់​បាន​អំណរ​ដែល​ជា​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ យើង​ត្រូវ​តែ​មាន​មនសិការ​ជ្រះថ្លា។ ឲ្យ​តែ​ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​ខំ​ព្យាយាម​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន នោះ​ទ្រង់​នៅ​តែ​មាន​ទុក្ខ​ដដែល។ តាម​ការ​ពិត សំណើម​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​ហាក់បី​ដូច​ជា​បាន​ស្ងួត​ទៅ ហើយ​ទ្រង់​អាច​ទៅ​ជា​ឈឺ។ តែ​ទ្រង់​បាន​ធូរ​ស្បើយ​ឡើង​វិញ កាល​ដែល​ទ្រង់​បាន​ប្រែ​ចិត្ត​និង​បាន​សារភាព! (ទំនុកដំកើង ៣២:១​-​៥) យើង​មិន​អាច​មាន​អំណរ​បាន​ទេ បើសិន​ជា​យើង​កំពុង​តែ​លាក់​អំពើ​បាប​ដ៏​ធ្ងន់​ណា​មួយ​នោះ។ ការ​នេះ​អាច​បណ្ដាល​ឲ្យ​យើង​រស់​នៅ​ដោយ​ទុក្ខ​ព្រួយ។ នេះ​ពិត​ជា​មិន​មែន​ជា​របៀប​ដែល​យើង​អាច​ទទួល​អំណរ​នោះ​ទេ។ ប៉ុន្តែ ការ​សារភាព​និង​ការ​ប្រែ​ចិត្ត​នាំ​ឲ្យ​មាន​ការ​ធូរ​ស្បើយ ហើយ​នឹង​អាច​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ​ផង។—សុភាសិត ២៨:១៣

ការ​រង់ចាំ​ដោយ​អំណរ

៩, ១០. (ក) តើ​លោក​អ័ប្រាហាំ​បាន​ទទួល​កិច្ច​សន្យា​អ្វី ប៉ុន្តែ​តើ​ជំនឿ​និង​អំណរ​របស់​គាត់​ត្រូវ​បាន​សាកល្បង​យ៉ាង​ណា? (ខ) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា ពី​គំរូ​របស់​លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប?

៩ កាល​ដែល​យើង​ទើប​តែ​រៀន​អំពី​គោល​បំណង​របស់​ព្រះ យើង​មាន​អំណរ​ជា​អនេក ប៉ុន្តែ​ក្រោយ​ពី​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ជា​ច្រើន​ឆ្នាំ​មក យើង​ពិបាក​រក្សា​ឲ្យ​មាន​អំណរ​នោះ​ណាស់។ ករណី​នៃ​លោក​អ័ប្រាហាំ​អាច​ជួយ​ពន្យល់​អំពី​រឿង​នេះ។ បន្ទាប់​ពី​គាត់​បំរុង​នឹង​ធ្វើ​យញ្ញបូជា​កូន​របស់​គាត់​អ៊ីសាក​តាម​បញ្ជា​របស់​ព្រះ ទេវតា​ម្នាក់​បាន​ថ្លែង​សារ​នេះ​ថា៖ «អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង ពីព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។ (លោកុប្បត្តិ ២២:១៥​-​១៨) អ័ប្រាហាំ​ច្បាស់​ជា​មាន​អំណរ​យ៉ាង​ក្រៃលែង​ចំពោះ​កិច្ច​សន្យា​នេះ។

១០ លោក​អ័ប្រាហាំ​ប្រហែល​ជា​សង្ឃឹម​ថា អ៊ីសាក​ជា​«ពូជ»​ដែល​ប្រសិទ្ធិពរ​ដែល​បាន​សន្យា​មក​នឹង​កើត​ចេញ​ពី​នោះ។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ ដោយ​គ្មាន​អ្វី​បាន​សម្រេច​តាម​រយៈ​អ៊ីសាក​សោះ ហើយ​ការ​នោះ​ប្រហែល​ជា​បាន​សាកល្បង​ដល់​ជំនឿ​និង​អំណរ​របស់​លោក​អ័ប្រាហាំ​និង​គ្រួសារ​របស់​គាត់​ហើយ។ ព្រះ​បាន​បញ្ជាក់​កិច្ច​សន្យា​នោះ​ដល់​អ៊ីសាក ហើយ​ក្រោយ​មក​ដល់​កូន​របស់​គាត់​យ៉ាកុប ដោយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ជា​ប្រាកដ​ថា ការ​មក​ដល់​នៃ​ពូជ​នោះ​គឺ​នៅ​អនាគត​នៅ​ឡើយ ហើយ​ការ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​រក្សា​ជំនឿ​និង​អំណរ​របស់​គេ។ យ៉ាង​ណា​ក៏​ដោយ លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​បាន​ទទួល​មរណភាព​ទៅ ដោយ​មិន​បាន​ឃើញ​ការ​សម្រេច​នៃ​កិច្ច​សន្យា​របស់​ព្រះ​ចំពោះ​ពួក​គេ​ទេ ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​គ្មាន​អំណរ​នោះ​ទេ។ (ហេព្រើរ ១១:១៣) យើង​ក៏​អាច​បំរើ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត​ដោយ​មាន​ជំនឿ​និង​អំណរ​ដែរ ក្នុង​កាល​ដែល​យើង​កំពុង​តែ​រង់ចាំ​ការ​បំពេញ​កិច្ច​សន្យា​របស់​ទ្រង់។

អំណរ​ទោះបី​ជា​មាន​ការ​បៀតបៀន

១១. ហេតុ​អ្វី​ក៏​យើង​អាច​មាន​អំណរ ទោះបី​ជា​មាន​ការ​បៀតបៀន​ក្ដី?

១១ ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​អាច​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ ទោះបី​ជា​យើង​រង​ទុក្ខ​ការ​បៀតបៀន​ក្ដី។ ព្រះ​យេស៊ូ​ប្រកាស​ថា សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​ត្រូវ​បាន​រង​ទុក្ខ​បៀតបៀន​ដោយសារ​ទ្រង់ ហើយ​សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី​ល្អ​ទ្រង់​លេច​មក។ បើសិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ​គ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះ​វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ»។ (ពេត្រុសទី១ ៤:១៣, ១៤; ម៉ាថាយ ៥:១១, ១២) បើសិន​ជា​អ្នក​កំពុង​តែ​រង​ទុក្ខ​ការ​បៀតបៀន​និង​សេចក្ដី​ទុក្ខ​វេទនា​ដោយសារ​តែ​សេចក្ដី​សុចរិត នោះ​អ្នក​នឹង​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​និង​ការ​យល់​ព្រម​ពី​ទ្រង់ ហើយ​នេះ​នឹង​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​ជា​មិន​ខាន!

១២. (ក) ហេតុ​អ្វី​ក៏​យើង​អាច​ស៊ូទ្រាំ​ដោយ​អំណរ​នឹង​ការ​សាកល្បង​ជំនឿ? (ខ) តើ​មេ​រៀន​សំខាន់​អ្វី ដែល​យើង​អាច​រៀន​ពី​ករណី​នៃ​ជន​លេវី​ម្នាក់​ដែល​បាន​ធ្វើ​និរទេស​នោះ?

១២ យើង​អាច​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​ជំនឿ​របស់​យើង​ដោយ​អំណរ ពីព្រោះ​ព្រះ​ជា​ទី​ជ្រកកោន​របស់​យើង។ ការ​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ទំនុកដំកើង ៤២ និង ៤៣។ ជន​លេវី​ម្នាក់​បាន​ធ្វើ​និរទេស​ដោយសារ​ហេតុ​អ្វី​មួយ។ គាត់​នឹក​អាល័យ​ដល់​ការ​ថ្វាយ​បង្គំ​នៅ​ឯ​ទី​បរិសុទ្ធ​របស់​ព្រះ​ដល់​ម្ល៉េះ ដែល​គាត់​មាន​អារម្មណ៍​ដូច​ជា​ក្ដាន់​ញី​ស្រេក​ទឹក ដែល​ដង្ហក់​រក​ទឹក​នៅ​តំបន់​ហួតហែង​ហើយ​ល្ហល្ហេវ។ គាត់​«ស្រេក» ឬ​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ព្រះ​យេហូវ៉ា​និង​ឯក​សិទ្ធិ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ឯ​ទី​បរិសុទ្ធ​របស់​ទ្រង់។ (ទំនុកដំកើង ៤២:១, ២) ការ​ធ្វើ​និរទេស​របស់​ជន​លេវី​នេះ​គួរ​តែ​ជំរុញ​យើង​ឲ្យ​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ការ​ចូល​រួម​ដែល​យើង​មាន​ជា​មួយ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បើសិន​ជា​ស្ថានការណ៍​ដូច​ជា​ការ​ជាប់​ឃុំ​ឃាំង​ដោយសារ​ការ​បៀតបៀន បាន​បង្ការ​យើង​ជា​បណ្ដោះ​អាសន្ន ពី​ការ​ចូល​រួម​ជា​មួយ​បងប្អូន​យើង ចូរ​ឲ្យ​យើង​សញ្ជឹង​គិត​ដល់​អំណរ​ពី​អតីតកាល ដែល​ធ្លាប់​មាន​ជា​មួយ​គ្នា​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ ហើយ​ចូរ​អធិស្ឋាន​សូម​សេចក្ដី​អត់​ទ្រាំ​ក្នុង​កាល​ដែល​យើង​«សង្ឃឹម​ដល់​ព្រះ» ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​សកម្មភាព​ជា​ទៀងទាត់​ឡើង​វិញ ជា​មួយ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់។—ទំនុកដំកើង ៤២:៤, ៥, ១១; ៤៣:៣​-​៥

‹បំរើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​រីករាយ›

១៣. តើ​ទំនុកដំកើង ១០០:១, ២ បាន​បង្ហាញ​យ៉ាង​ណា ថា​អំណរ​ជា​លក្ខណៈ​ពិសេស​នៃ​កិច្ច​បំរើ​ព្រះ​របស់​យើង?

១៣ អំណរ​ជា​លក្ខណៈ​ពិសេស​នៃ​កិច្ច​បំរើ​ព្រះ​របស់​យើង។ នេះ​បាន​បង្ហាញ​មក​នៅ​ក្នុង​ទំនុក​ច្រៀង​នៃ​ការ​អរ​ព្រះ​គុណ​មួយ ដែល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «ម្នាល បណ្ដាជន​នៅ​ផែនដី​អើយ ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ​យេហូវ៉ា ចូរ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ច្រៀង​ចំរៀង​ចុះ»។ (ទំនុកដំកើង ១០០:១, ២) ព្រះ​យេហូវ៉ា​ជា​‹ព្រះ​ដ៏​សប្បាយ› ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​មាន​អំណរ​ក្នុង​ការ​បំពេញ​ភារៈ​នៃ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គេ​ទៅ​ទ្រង់។ (ធីម៉ូថេទី១ ១:១១) មនុស្ស​គ្រប់​សាសន៍​គួរ​តែ​លើក​ដំកើង​ព្រះ​យេហូវ៉ា ហើយ​ពាក្យ​សរសើរ​របស់​យើង​គួរ​តែ​ខ្លាំង​ដូច​ជា​‹សម្រែក​ជយោ›​នៃ​ពួក​កងទ័ព​ដែល​ឈ្នះ។ ដោយ​ព្រោះ​តែ​កិច្ច​បំរើ​ព្រះ​ជា​ការ​ត្រជាក់ត្រជុំ នេះ​គួរ​តែ​មាន​សេចក្ដី​រីករាយ​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ជំរុញ​មនុស្ស​ឲ្យ​ចូល​មក​ក្នុង​វត្តមាន​របស់​ព្រះ​‹ដោយ​ច្រៀង​យ៉ាង​រីករាយ›។

១៤, ១៥. តើ​ទំនុកដំកើង ១០០:៣​-​៥ មាន​ការ​អនុវត្តន៍​យ៉ាង​ណា​ចំពោះ​ប្រជា​រាស្ត្រ​ដែល​មាន​អំណរ​នៃ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ អ្នក​តែង​បទ​ទំនុកដំកើង​បាន​បន្ថែម​ទៀត​ថា៖ «ត្រូវ​ឲ្យ​ដឹង​[ទទួល​ស្គាល់]​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់»។ (ទំនុកដំកើង ១០០:៣) ដោយ​ព្រោះ​តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង ទ្រង់​ជា​ម្ចាស់​យើង ដូច​ជា​អ្នក​គង្វាល​ជា​ម្ចាស់​នៃ​ចៀម​របស់​គាត់​ដែរ។ ព្រះ​យេហូវ៉ា​ថែរក្សា​យើង​បាន​យ៉ាង​ល្អ ដែល​យើង​សរសើរ​ទ្រង់​ដោយ​ចិត្ត​ដឹង​គុណ។ (ទំនុកដំកើង ២៣) ចំពោះ​ព្រះ​យេហូវ៉ា អ្នក​តែង​បទ​ទំនុកដំកើង​ក៏​បាន​ច្រៀង​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ​គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ​គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ​នាម​ទ្រង់​ចុះ។ ពីព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច ហើយ​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់ ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ»។—ទំនុកដំកើង ១០០:៤, ៥

១៥ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ដែល​មាន​អំណរ​ពី​គ្រប់​សាសន៍​កំពុង​តែ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ថ្វាយ​ពាក្យ​អរ​ព្រះ​គុណ​និង​ពាក្យ​សរសើរ។ យើង​មាន​ចិត្ត​អំណរ​ក្នុង​ការ​ប្រទាន​ពរ​ដល់​ព្រះ​នាម​នៃ​ព្រះ​ដោយ​និយាយ​ល្អៗអំពី​ព្រះ​យេហូវ៉ា ហើយ​គុណសម្បត្ដិ​ល្អៗរបស់​ទ្រង់​ជំរុញ​យើង​ឲ្យ​សរសើរ​ទ្រង់។ ទ្រង់​គឺ​ល្អ​ទាំង​អស់ ហើយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់ ឬ​សេចក្ដី​មេត្ដាករុណា​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ គឺ​អាច​ទុក​ចិត្ត​បាន​ជានិច្ច ដ្បិត​នេះ​នឹង​មាន​ជា​រៀង​ដរាប​ទៅ។ ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ពី​«អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ»។ (រ៉ូម ៨:៣៨, ៣៩) ម្ល៉ោះ​ហើយ​បាន​ជា​យើង​មាន​មូលហេតុ​ល្អ​ក្នុង​ការ​‹បំរើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​រីករាយ›។

ចូរ​សប្បាយ​រីករាយ​ក្នុង​សេចក្ដី​សង្ឃឹម​របស់​អ្នក

១៦. តើ​ពួក​ជន​គ្រីស្ទាន​អាច​សប្បាយ​រីករាយ​នឹង​សេចក្ដី​សង្ឃឹម​និង​អនាគត​អ្វី?

១៦ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម»។ (រ៉ូម ១២:១២) ពួក​អ្នក​កាន់​តាម​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ សប្បាយ​រីករាយ​នឹង​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​នៃ​ជីវិត​អមតៈ​នៅ​ស្ថានសួគ៌ ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​គេ​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់។ (រ៉ូម ៨:១៦, ១៧; ភីលីព ៣:២០, ២១) ពួក​ជន​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ជា​អនន្ត​ក្នុង​ទី​មនោរម្យ​នៅ​លើ​ផែនដី ក៏​មាន​ទី​សំអាង​សំរាប់​ការ​សប្បាយ​រីករាយ​ដែរ។ (លូកា ២៣:៤៣) ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​នៃ​ព្រះ​យេហូវ៉ា មាន​មូលហេតុ​នឹង​សប្បាយ​រីករាយ​ក្នុង​សេចក្ដី​សង្ឃឹម​នៃ​ព្រះ​រាជាណាចក្រ ពីព្រោះ​ពួក​គេ​នឹង​មាន​ចំណែក​ក្នុង​រដ្ឋាភិបាល​សួគ៌ា ឬ​រស់​នៅ​ក្នុង​វិស័យ​ផែនដី​នេះ។ នេះ​ជា​ប្រសិទ្ធិពរ​ដែល​ធ្វើ​ឲ្យ​សប្បាយ​រីករាយ​ម្ល៉េះ​ហ្ន៎!—ម៉ាថាយ ៦:៩, ១០; រ៉ូម ៨:១៨​-​២១

១៧, ១៨. (ក) តើ​អ្វី​បាន​ទាយ​មក​នៅ​អេសាយ ២៥:៦​-​៨? (ខ) តើ​ទំនាយ​នៅ​អេសាយ​នេះ​បាន​សម្រេច​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​យ៉ាង​ណា​ដែរ​នៅ​អនាគត?

១៧ លោក​អេសាយ​ក៏​បាន​ទាយ​អំពី​អនាគត​ដ៏​សប្បាយ​រីករាយ​សំរាប់​មនុស្ស​ជាតិ​ដែល​គោរព​ព្រះ​ដែរ។ គាត់​បាន​សរសេរ​ថា៖ «នៅ​លើ​ភ្នំ​នេះ ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​នឹង​ចាត់​ចែង​ជប់លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស នឹង​ស្រា​ទំ​ពាង​បាយ​ជូរ​ស​រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង​យ៉ាង​ល្អ។ នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជនជាតិ​ទាំង​ប៉ុន្មាន​ផង។ ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ​តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ»។—អេសាយ ២៥:៦​-​៩

១៨ ការ​ជប់លៀង​ខាង​វិញ្ញាណ​ដែល​យើង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ចូល​រួម​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​ជប់លៀង​ដ៏​សប្បាយ​រីករាយ​ពិត​មែន។ តាម​ការ​ពិត អំណរ​របស់​យើង​មាន​ហូរ​ហៀរ កាល​ដែល​យើង​បំរើ​ព្រះ​យ៉ាង​ខ្នះខ្នែង ហើយ​រង​ចាំ​យ៉ាង​រំភើប​នូវ​ការ​ជប់លៀង​នៃ​របស់​ល្អៗដែល​ទ្រង់​បាន​សន្យា​មក​សំរាប់​ពិភពលោក​ថ្មី។ (ពេត្រុសទី២ ៣:១៣) ទៅ​លើ​មូលដ្ឋាន​នៃ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ ព្រះ​យេហូវ៉ា​នឹង​បំបាត់​«គំរប»​ដែល​គ្រប​ដណ្ដប់​លើ​មនុស្ស​លោក ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​អ័ដាម។ នៅ​ពេល​ដែល​ព្រះ​បំបាត់​ចោល​អំពើ​បាប​និង​សេចក្ដី​ស្លាប់​ទៅ នោះ​នឹង​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎! ជា​ការ​ដ៏​សប្បាយ​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ទទួល​ស្វាគមន៍​ពួក​អ្នក​ស្ងួនភ្ងា​ដែល​បាន​រស់​ឡើង​វិញ ពេល​លែង​ឃើញ​មាន​ទឹក​ភ្នែក​ទៀត ហើយ​ពេល​រស់​នៅ​លើ​ផែនដី​មនោរម្យ ជា​កន្លែង​ដែល​ប្រជា​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​នឹង​លែង​មាន​សេចក្ដី​បន្ទោស​ទៀត គឺ​មាន​តែ​ចម្លើយ​សំរាប់​ព្រះ​យេហូវ៉ា​ចំពោះ​អារក្ស​សាតាំង ជា​មេ​តិះដៀល!—សុភាសិត ២៧:១១

១៩. ជា​ស្មរបន្ទាល់​របស់​ទ្រង់ តើ​យើង​គួរ​តែ​មាន​អារម្មណ៍​យ៉ាង​ណា ចំពោះ​អនាគត​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​នៅ​ពី​មុខ​យើង?

១៩ តើ​នេះ​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ពេញ​ទៅ​ដោយ​អំណរ​និង​កតញ្ញូ​ធម៌​ទេ​ឬ ដោយ​ដឹង​អំពី​អ្វីៗដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សំរាប់​ពួក​អ្នក​បំរើ​របស់​ទ្រង់​នោះ? ពិត​មែន​ហើយ អនាគត​ដ៏​រុងរឿង​បែប​នេះ​មុខ​ជា​ធ្វើ​ឲ្យ​យើង​មាន​អំណរ​មែន! ម្យ៉ាង​វិញ​ទៀត សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​របស់​យើង​នឹង​ធ្វើ​ឲ្យ​យើង​បែរ​ទៅ​រក​ព្រះ​ដែល​សប្បាយ ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​សប្បុរស ដោយ​មាន​អារម្មណ៍​ដូច​នេះ៖ «មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ​យេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់»។ (អេសាយ ២៥:៩) ដោយ​ដាក់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​យើង​នៅ​ជាប់​ក្នុង​គំនិត ចូរ​ឲ្យ​យើង​ខំ​ប្រឹង​ខ្នះខ្នែង​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អំណរ​ចុះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យើង​អាច​បំរើ​ព្រះ​យេហូវ៉ា​«ដោយ​ចិត្ត​អំណរ»​យ៉ាង​ដូច​ម្ដេច​បាន?

◻ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា បើ​យើង​មិន​មាន​អំណរ​ក្នុង​ការ​បំរើ​ព្រះ?

◻ ហេតុ​អ្វី​ក៏​ប្រជា​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​អាច​មាន​អំណរ ទោះបី​មាន​ការ​បៀតបៀន​ក្ដី?

◻ តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ​ក្នុង​សេចក្ដី​សង្ឃឹម​របស់​យើង?

[រូបភាព​នៅ​ទំព័រ​២៩]

ការ​ចូល​រួម​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​គ្រីស្ទាន​នឹង​ចំរើន​អំណរ​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក