សេចក្ដីសន្យាអំពីពិភពលោកដែលគ្មានការពុករលួយ
ការពុករលួយបានជ្រាបចូលទៅក្នុងសង្គមគ្រប់ឋាន:។ មិនថានៅក្នុងរដ្ឋាភិបាល វិទ្យាសាស្ត្រ កីឡា សាសនា ឬក៏ក្នុងពាណិជ្ជកម្មក្ដី ការពុករលួយដូចជារាលដាលដោយគ្មានអ្វីទប់បានឡើយ។
ពីប្រទេសមួយទៅប្រទេសមួយ ដំណឹងដ៏គួរឲ្យធ្លាក់ទឹកចិត្តអំពីអាស្រូវពុករលួយ បានផ្សាយតាមពត៌មាន។ ពួកមនុស្សជាច្រើនដែលបានប្រព្រឹត្តធ្វើការជាប្រយោជន៍នៃមនុស្សដទៃ ក៏បានលាតត្រដាងឲ្យឃើញ ជាពួកទទួលប្រាក់សំណូកនិងប្រាក់ចំណូលជាប្រយោជន៍ផ្ទាល់ខ្លួនរបស់គេទៅវិញ។ អ្វីដែលបានហៅថា ឧក្រិដ្ឋកម្មនៃអ្នកធ្វើការនៅការិយាល័យគឺមានទូទៅ។ មនុស្សកាន់តែច្រើនឡើងៗនៃពួកជាន់ខ្ពស់ខាងសង្គម ឬក៏ខាងសេដ្ឋកិច្ច គឺកំពុងតែមានកំហុសដ៏ធ្ងន់ធ្ងរខាងអភិសមារចារ និងឧក្រិដ្ឋកម្មទាក់ទងជាមួយនឹងការងារធម្មតារបស់គេ។
មានការកង្វល់យ៉ាងខ្លាំងទៅលើអ្វីដែលទស្សនាវដ្ដីអឺរ៉ុបមួយបានរាយរាប់ថាជា «‹ការពុករលួយដ៏ធំក្រៃលែង—ជាការប្រព្រឹត្តនៃពួកមន្ត្រីខាងផ្លូវការ រដ្ឋមន្ត្រី ហើយនិងពួកប្រមុខរដ្ឋ ដែលគេយកប្រាក់សំណូកសិន មុននឹងព្រមអនុញ្ញាតឲ្យការទិញធំដុំ និងកិច្ចការអ្វីមួយនោះ»។ នៅក្នុងប្រទេសមួយ ទស្សនាវដ្ដីនៃប្រទេសអង់គ្លេសដែលមានឈ្មោះថា សេដ្ឋកិច្ចបានចែងថា«ការស៊ើបអង្កេតនៃប៉ូលីសហើយការចាប់ ស្ទើរតែជារៀងរាល់ថ្ងៃក៏នៅតែមិនអាចបញ្ឈប់អំពើពុករលួយបានឡើយ»។
ដោយសារតែការរាលដាលនៃការពុករលួយ មនុស្សជាច្រើននៅសព្វថ្ងៃនេះមានចិត្តថា គេពុំអាចទុកចិត្តនឹងមនុស្សណាម្នាក់បានឡើយ។ គេក៏មានមតិដូចអ្នកសរសេរព្រះគម្ពីរម្នាក់ ឈ្មោះដាវីឌ នៅពេលដែលមានប្រសាសន៍ថា៖ «តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែ១ក៏គ្មានផង»។—ទំនុកដំកើង ១៤:៣
តើអ្នកអាចស៊ូទ្រាំនឹងការរាលដាលនៃអំពើពុករលួយដែលមានទូទៅយ៉ាងណាដែរ? មនុស្សជាច្រើននៅសព្វថ្ងៃនេះធ្វើជាមិនអើពើដឹង។ ប៉ុន្តែ ទោះបីជាអ្នកមិនអើពើដឹងអំពីការពុករលួយក្ដី នេះក៏នៅតែធ្វើឲ្យអ្នកមានការឈឺចាប់ដែរ។ តើតាមរបៀបណាទៅ?
ការពុករលួយប៉ះពាល់ដល់អ្នក
ការពុករលួយខាងឋាន:ខ្ពស់និងខាងឋាន:តូចតាច ធ្វើឲ្យតម្លៃឡើងថ្លៃខាងជីវភាពរស់នៅ គុនភាពនៃផលិតផលក៏ចុះបន្ថយ ហើយបណ្ដាលឲ្យមានការងាររឹតតែតិចឡើង រួមទាំងការចុះថយនៃប្រាក់ខែផង។ ជាឧទាហរណ៍ គេបានស្មានថា ឧក្រិដ្ឋកម្មដូចជាការបន្លំលួចប្រាក់ និងការបន្លំ យ៉ាងហោចណាស់មានតម្លៃជាងដប់ដង ពីតម្លៃរួមគ្នានៃការលបចូលលួច ការប្លន់ និងការលួចជាទូទៅ។ សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី (១៩៩២) បានចែងថា៖ «តម្លៃនៃឧក្រិដ្ឋកម្មខាងសាជីវកម្មក្នុងសហរដ្ឋអាមេរិក បានគេប៉ាន់ស្មានថា អស់ ២០០.០០០.០០០.០០០ដុល្លារក្នុងមួយឆ្នាំ—ច្រើនជាងតម្លៃនៃឧក្រិដ្ឋកម្មដែលបានចាត់ចែងឡើងទៅទៀត»។ ប្រភពនេះពន្យល់ថា ថ្វីបើអនុភាពប្រហែលជាមិនដឹងភ្លាមបាននោះក្ដី «ឧក្រិដ្ឋកម្មបែបនេះ អាចមានឥទ្ធិពលដ៏ខ្លាំងទៅលើនិរភ័យរបស់អ្នកធ្វើការ អ្នកប្រើប្រាស់ ហើយនិងបរិយាការ»។
ផលអាក្រក់ដ៏ជូរចត់នៃការពុករលួយរំឭកយើងអំពីពាក្យសំដីរបស់ស្តេចសាឡូម៉ូន៖ «យើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិន ដែលកើតមកនៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ»។—សាស្ដា ៤:១
ដូច្នេះ តើយើងសុខចិត្តចុះចាញ់នឹងការពុករលួយឬ? តើនេះជាអ្វីដែលយើងចៀសមិនរួចឬ? តើពិភពលោកដែលគ្មានការពុករលួយ ជាភាពដែលមិនអាចកើតឡើងបានឬ? ជាការរីករាយ គឺមិនមែនអញ្ចឹងទេ! ព្រះគម្ពីរបង្រៀនយើងថា រឿងអយុត្ដិធម៌ និងការខុសច្បាប់ បន្ដិចទៀតនឹងត្រូវបំបាត់ចោលហើយ។
អ្វីដែលព្រះគម្ពីរប្រាប់យើង
ព្រះគម្ពីរប្រាប់យើងថា ការពុករលួយបានចាប់ផ្ដើមឡើងនៅពេលដែលទេវតាដ៏ខ្លាំងពូកែមួយ បានបះបោរប្រឆាំងព្រះ ហើយបាននាំឲ្យគូស្វាមីភរិយាមនុស្សមុនដំបូងឲ្យចូលរួមជាមួយនឹងវា។ (លោកុប្បត្តិ ៣:១-៦) គ្មានអ្វីដ៏ល្អសោះឡើយដែលមានមកពីផ្លូវនៃអំពើបាបរបស់គេ។ ផ្ទុយទៅវិញ ចាប់តាំងពីថ្ងៃដែលអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាបនឹងព្រះយេហូវ៉ាមក គេក៏ចាប់ផ្ដើមរងទុក្ខផលវិបាកដ៏អាក្រក់នៃការពុករលួយ។ ខ្លួនប្រាណរបស់គេ ក៏ចាប់ផ្ដើមមានការយ៉ាប់យ៉ឺនឡើងៗ ទាល់តែដល់សេចក្ដីស្លាប់ដែលចៀសមិនរួច។ (លោកុប្បត្តិ ៣:១៦-១៩) តាំងតែពីនោះមក ប្រវត្ដិសាស្ត្រគឺពោរពេញទៅដោយការសូកប៉ាន់ ការបំភាន់ និងការបន្លំលួច។ ប៉ុន្តែ ពួកអ្នកប្រព្រឹត្តភាគច្រើនតែងតែបានគេចរួច។
មិនដូចពួកឧក្រិដ្ឋជនតាមធម្មតា ពួកអ្នកកាន់កាប់ដែលពុករលួយ និងពួកនយោបាយ កម្រគេបញ្ជូនទៅដាក់គុក ឬឲ្យសងគេវិញ ចំពោះអ្វីៗដែលបានទទួលដោយខុសច្បាប់។ ដោយសារតែមានភាពសម្ងាត់នៃការទទួលសំណូក ប្រាក់ចំណូលខុសច្បាប់ និងការសូកគេ នេះច្រើនមានការពិបាកណាស់ក្នុងការលាតត្រដាងការពុករលួយខាងឋាន:ខ្ពស់ៗ។ ប៉ុន្តែ នេះមិនមានន័យថា ពិភពលោកដែលគ្មានការពុករលួយ ជាភាពដែលមិនអាចកើតឡើងបាននោះឡើយ។
ព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្ស ទ្រង់នឹងអាចធ្វើឲ្យការពុករលួយទាំងនេះបាត់ទៅបាន។ ការធ្វើអន្តរាគមន៍ពីព្រះគឺជាការដោះស្រាយតែមួយគត់។ ហេតុអ្វី? ពីព្រោះអារក្សសាតាំងដែលជាសត្រូវរបស់មនុស្សដែលមើលមិនឃើញ វាកំពុងតែបន្តការវង្វេងមនុស្សលោកទាំងមូល។ ដូចជាយើងអាននៅ យ៉ូហានទី១ ៥:១៩៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ បើមិនអញ្ចឹងទេ តើអ្វីទៅដែលអាចពន្យល់ពីការរីកចំរើនក្នុងការពុករលួយ—ដែលភាគច្រើនបានធ្វើឡើងដោយគ្មានទោសនោះ?
ការខំប្រឹងរបស់មនុស្សមានប៉ុណ្ណាក៏ដោយ ក៏មិនអាចនឹងឈ្នះលើសាតាំងនិងពួកបិសាចរបស់វាឡើយ។ មានតែការធ្វើអន្តរាគមន៍ពីព្រះទេ ដែលអាចធានាមនុស្សដែលគោរពស្ដាប់បង្គាប់នូវ«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ (រ៉ូម ៨:២១) ព្រះយេហូវ៉ាសន្យាថា បន្ដិចទៀតសាតាំងនឹងត្រូវទទួលការឃុំឃាំងហើយ ដើម្បីកុំឲ្យវាអាចនាំមនុស្សឲ្យវង្វេងទៀត។ (វិវរណៈ ២០:៣) នៅពេលចន្លោះនោះ បើយើងប្រាថ្នាចង់រស់នៅក្នុងពិភពលោកថ្មីរបស់ព្រះដែលគ្មានការពុករលួយនោះ យើងត្រូវតែបដិសេធផ្លូវពុករលួយរបស់ពិភពលោកនេះ។
មនុស្សអាចផ្លាស់ប្ដូរបាន
នៅសម័យរបស់ព្រះយេស៊ូគ្រីស្ទ មានពួកមនុស្សដែលបានប្រើអំណាចរបស់គេតាមផ្លូវខុស ហើយជិះជាន់លើមនុស្សគ្នាឯង។ ជាឧទាហរណ៍ ពួកអ្នកយកពន្ធល្បីឈ្មោះអាក្រក់ ដោយសារការប្រព្រឹត្តដ៏ពុករលួយរបស់គេ។ នេះកើតឡើងថ្វីបើមានច្បាប់របស់ព្រះយ៉ាងច្បាស់ៗថា៖ «ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង»។ (និក្ខមនំ ២៣:៨) សាខេដែលជាមេលើពួកអ្នកយកពន្ធ បានសារភាពថា បានប្រើការគំរាមកំហែងយកប្រាក់តាមរយៈពាក្យចោទមិនពិត។ ប៉ុន្តែ ជាជាងគាំទ្រការប្រែប្រួលនៃសង្គមជាទូទៅ ព្រះយេស៊ូបានអង្វរជនម្នាក់ៗឲ្យប្រែចិត្ត ហើយលះបង់ចោលនូវផ្លូវដ៏ពុករលួយរបស់គេ។ ជាលទ្ធផល ពួកអ្នកយកពន្ធដែលល្បីដោយការពុករលួយដូចជា ម៉ាថាយ និងសាខេក៏បានលះបង់ចោលបែបលំនាំជីវិតរបស់គេ។—ម៉ាថាយ ៤:១៧; ៩:៩-១៣; លូកា ១៩:១-១០
ពួកអ្នកដែលទាក់ទងនឹងការអនុវត្តន៍ដ៏មិនស្មោះនៅសព្វថ្ងៃនេះ ក៏អាចលះបង់ចោលការពុករលួយ ដោយ«ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២៤) ការបង់ពន្ធដោយស្មោះត្រង់ ឬការឈប់ចូលរួមក្នុងកិច្ចការអ្វីមួយដែលគួរឲ្យសង្ស័យនោះ ប្រហែលជាមិនសូវស្រួលទេ។ តែយ៉ាងណាក៏ដោយ ការខំប្រឹងធ្វើអំពើល្អនោះមិនឥតប្រយោជន៍ទេ។
ដោយលែងមានទម្លាប់ដ៏ពុករលួយនៃលោកីយ៍នេះ ពួកអ្នកដែលខ្វល់ខ្វាយពីសុខុមាលភាពរបស់អ្នកដទៃនោះ អាចមានភាពស្ងប់ស្ងៀមក្នុងចិត្ត ហើយក៏គ្មានការភ័យខ្លាចក្រែងគេចាប់បានចំពោះការប្រព្រឹត្តខុសច្បាប់នោះដែរ។ ផ្ទុយទៅវិញ ពួកគេមានមនសិការដ៏ល្អ។ ពួកគេធ្វើត្រាប់តាមគំរូរបស់ព្យាការីដានីយ៉ែល។ រឿងក្នុងព្រះគម្ពីរចែងថា ពួកអធិបតីខំស្វែងរកហេតុដំណើរទាស់នឹងដានីយ៉ែល។ «តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់»។—ដានីយ៉ែល ៦:៤
សេចក្ដីសន្យារបស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាសន្យាថា៖ «ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោលនោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ»។—សាស្ដា ៨:១២, ១៣
ជាការធូរស្បើយណាស់ នៅពេលដែលការពុករលួយនឹងលែងធ្វើឲ្យមានការពិបាកចិត្តទៀត! ការរស់នៅក្នុងពិភពលោកដែលលែងមានការពុករលួយជាប្រសិទ្ធិពរដ៏ល្អណាស់! នេះមិនមែនជាការដែលមិនអាចកើតឡើងបាននោះទេ។ ព្រះគម្ពីរបានចែងអំពី «សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប»។ (ទីតុស ១:២) បើអ្នកស្អប់ការពុករលួយ ហើយស្រឡាញ់នូវសេចក្ដីសុចរិត អ្នកនឹងអាចឃើញការបំពេញសេចក្ដីសន្យារបស់ព្រះ អំពីពិភពលោកដែលគ្មានការពុករលួយជាមិនខាន។
[រូបភាពនៅទំព័រ៤]
ការពុករលួយគឺមានទូទៅក្នុងរដ្ឋាភិបាល និងនៅក្នុងមជ្ឈដ្ឋានខាងពាណិជ្ជកម្ម
[រូបភាពនៅទំព័រ៥]
ការពុករលួយតែងតែទាក់ទងជាមួយនឹង ពួកមន្ត្រីផ្លូវការ