ឪពុកម្ដាយនិងកូន—ចូរចាត់ព្រះទុកជាទីមួយ!
«ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ»។—សាស្ដា ១២:១៣
១. តើសេចក្ដីខ្លាចអ្វីដែលឪពុកម្ដាយទាំងឡាយនិងកូនចៅត្រូវតែបណ្ដុះឲ្យមាននោះ ហើយតើនេះនឹងនាំឲ្យគេមានអ្វី?
ទំនាយអំពីព្រះយេស៊ូគ្រីស្ទបានចែងថា នឹងមាន«អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (អេសាយ ១១:៣) សេចក្ដីកោតខ្លាចរបស់ទ្រង់ជាការគោរពយ៉ាងជ្រាលជ្រៅ ហើយជាការកោតស្ញែងដល់ព្រះ ជាការខ្លាចព្រះមិនសព្វព្រះហឫទ័យ ពីព្រោះទ្រង់ស្រឡាញ់ព្រះណាស់។ ឪពុកម្ដាយនិងកូនត្រូវតែបណ្ដុះឲ្យមានសេចក្ដីកោតខ្លាចព្រះដូចព្រះគ្រីស្ទ ដែលនឹងនាំឲ្យមានសេចក្ដីរីករាយដល់គេ ដូចជាដល់ព្រះយេស៊ូដែរ។ ពួកគេត្រូវតែចាត់ព្រះទុកជាទីមួយក្នុងជីវិតរបស់គេ ដោយគោរពតាមបញ្ញត្តរបស់ទ្រង់។ យោងទៅតាមអ្នកសរសេរព្រះគម្ពីរម្នាក់ នេះជា«កិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
២. តើបញ្ញត្តដ៏សំខាន់បំផុតនៃក្រិត្យវិន័យជាអ្វី ហើយផ្ដល់ទៅឲ្យពួកណា?
២ បញ្ញត្តដ៏សំខាន់បំផុតនៃក្រិត្យវិន័យនោះ គឺថាយើងត្រូវតែ‹ស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់យើង› ហើយនេះត្រូវបានផ្ដល់ទៅឲ្យឪពុកម្ដាយ។ នេះត្រូវបានបង្ហាញថែមទៀតក្នុងពាក្យនៃក្រិត្យវិន័យថា៖ «ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះ[ពាក្យទាំងនេះអំពីការស្រឡាញ់ព្រះយេហូវ៉ា]ដល់កូនចៅឯងព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ (ចោទិយកថា ៦:៤-៧; ម៉ាកុស ១២:២៨-៣០) ដូច្នេះហើយ ឪពុកម្ដាយត្រូវបានបង្គាប់ឲ្យចាត់ព្រះទុកជាទីមួយចំពោះពួកគេផ្ទាល់ ហើយត្រូវបង្រៀនកូនចៅរបស់គេឲ្យធ្វើដូច្នេះដែរ។
ភារៈគ្រីស្ទាន
៣. តើតាមរបៀបណាដែលព្រះយេស៊ូបានសម្ដែងនូវសារៈសំខាន់នៃការយកចិត្តទុកដាក់ទៅលើកូនក្មេង?
៣ ព្រះយេស៊ូបានបង្ហាញអំពីសារៈសំខាន់នៃការយកចិត្តទុកដាក់នឹងកូនក្មេង។ នៅគ្រាមួយ នៅចុងបញ្ចប់នៃកិច្ចបំរើរបស់ព្រះយេស៊ូនៅផែនដី ប្រជាជនក៏បានយកកូនរបស់គេមកឯទ្រង់។ ដោយឃើញថាព្រះយេស៊ូរវល់ពេល ដែលមិនត្រូវរំខាននោះ ពួកសាវ័កបានខំឃាត់ប្រជាជន។ ប៉ុន្តែ ព្រះយេស៊ូបានបន្ទោសសិស្សរបស់ទ្រង់ថា៖ «ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ»។ ព្រះយេស៊ូថែមទាំង«ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ»ផង ដូច្នេះបង្ហាញតាមវិធីដ៏រំភើបចិត្តនូវសារៈសំខាន់នៃការយកចិត្តទុកដាក់នឹងកូនក្មេង។—លូកា ១៨:១៥-១៧; ម៉ាកុស ១០:១៣-១៦
៤. តើអ្នកណាដែលត្រូវបានទទួលសេចក្ដីបង្គាប់ឲ្យ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» ហើយតើនេះតម្រូវឲ្យគេធ្វើអ្វី?
៤ ព្រះយេស៊ូក៏បានបង្ហាញទៀតថា ពួកអ្នកកាន់តាមទ្រង់មានភារៈបង្រៀនអ្នកដទៃដែរ ក្រៅពីកូនចៅរបស់គេ។ ក្រោយពីមរណភាពនិងដំណើររស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូបាន«លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្ដង»—គឺរួមបញ្ចូលនឹងឪពុកម្ដាយខ្លះៗផង។ (កូរិនថូសទី១ ១៥:៦) ការនេះបានកើតឡើងនៅឯភ្នំក្នុងស្រុកកាលីឡេ ដែលសាវ័ក១១នាក់របស់ទ្រង់បានមកទីនោះដែរ។ នៅទីនោះ ព្រះយេស៊ូបានដាស់តឿនពួកគេទាំងអស់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៦-២០) គ្មានជនគ្រីស្ទានណាម្នាក់អាចមានសិទ្ធិធ្វេសប្រហែសនឹងសេចក្ដីបង្គាប់នេះបានឡើយ! ដើម្បីឲ្យឪពុកម្ដាយអនុវត្តតាមការនេះបាន ពួកគេត្រូវតែមើលថែទាំកូនរបស់គេ ព្រមទាំងចូលរួមក្នុងការផ្សាយជាសាធារណៈនិងកិច្ចការបង្រៀនដែរ។
៥. (ក) តើអ្វីដែលបង្ហាញឲ្យឃើញថា សឹងតែពួកសាវ័កទាំងអស់បានរៀបការ ហើយប្រហែលជាមានកូនចៅនោះ? (ខ) តើដំបូន្មានអ្វីដែលមេគ្រួសារត្រូវតែគិតឲ្យបានវែងឆ្ងាយនោះ?
៥ សូម្បីតែពួកសាវ័កក៏ត្រូវតែថ្លឹងថ្លែងភារៈគ្រួសាររបស់គេជាមួយនឹងកាតព្វកិច្ចផ្សាយ ព្រមទាំងការឃ្វាលហ្វូងចៀមរបស់ព្រះដែរ។ (យ៉ូហាន ២១:១-៣, ១៥-១៧; កិច្ចការ ១:៨) នេះដោយសារតែពួកគេភាគច្រើន បើមិនទាំងអស់ ជាអ្នករៀបការហើយ។ ដូច្នេះសាវ័កប៉ុលបានពន្យល់ដូចនេះថា៖ «តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំ ទៅជាមួយ ដូចជាសាវ័កឯទៀតនឹងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរទេឬអី»? (កូរិនថូសទី១ ៩:៥; ម៉ាថាយ ៨:១៤) ពួកសាវ័កខ្លះប្រហែលជាមានកូនចៅដែរ។ អ្នកប្រវត្ដិសាស្ត្រពីដើម ដូចជាលោកយ៉ូសេបឹសបានមានប្រសាសន៍ថា ពេត្រុសបានមានកូនមែន។ ឪពុកម្ដាយគ្រីស្ទានពីដើមទាំងអស់ត្រូវតែអនុវត្តតាមដំបូន្មានពីព្រះគម្ពីរនេះ៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។—ធីម៉ូថេទី១ ៥:៨
ភារៈដ៏សំខាន់
៦. (ក) តើពួកអ្នកចាស់ទុំគ្រីស្ទានដែលមានគ្រួសារមានការពិបាកអ្វីខ្លះ? (ខ) តើភារកិច្ចដ៏សំខាន់របស់អ្នកចាស់ទុំជាអ្វី?
៦ ពួកអ្នកចាស់ទុំគ្រីស្ទានដែលមានគ្រួសារនៅសព្វថ្ងៃនេះ គឺនៅក្នុងស្ថានការណ៍ស្រដៀងនឹងពួកសាវ័កដែរ។ ពួកគេត្រូវតែថ្លឹងថ្លែងភារៈមើលថែទាំសេចក្ដីត្រូវការខាងវិញ្ញាណនៃគ្រួសាររបស់គេ ជាមួយនឹងភារកិច្ចផ្សាយជាសាធារណៈនិងការឃ្វាលហ្វូងចៀមរបស់ព្រះ។ តើសកម្មភាពមួយណាដែលត្រូវចាត់ទុកជាសំខាន់ជាងគេនោះ? ទស្សនាវដ្ដីប៉មយាម នៃទី១៥ ខែមីនា ឆ្នាំ១៩៦៤ បានចែងមកថា៖ «ភារកិច្ចទីមួយរបស់[ឪពុក] គឺជាគ្រួសាររបស់គាត់ ហើយជាការពិត គាត់មិនអាចបំរើជាអ្នកចាស់ទុំបានទេ បើគាត់មិនបំពេញភារកិច្ចនេះ»។
៧. តើឪពុកគ្រីស្ទានចាត់ព្រះទុកជាទីមួយយ៉ាងដូចម្ដេច?
៧ ដូច្នេះហើយ ឪពុកត្រូវតែចាត់ព្រះជាទីមួយ ដោយអនុវត្តតាមសេចក្ដីបង្គាប់ឲ្យ‹បង្រៀនកូនទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះយេហូវ៉ា›។ (អេភេសូរ ៦:៤) ភារៈនេះមិនអាចលើកទៅឲ្យអ្នកណាម្នាក់ទៀតបានឡើយ សូម្បីតែឪពុកមានការទទួលខុសត្រូវត្រួតពិនិត្យសកម្មភាពក្នុងក្រុមជំនុំគ្រីស្ទានក្ដី។ តើតាមរបៀបណាដែលឪពុកអាចបំពេញភារៈរបស់គាត់បាន ដូចជា—ការជួយផ្គត់ផ្គង់សមាជិកគ្រួសារខាងសាច់ឈាម ខាងវិញ្ញាណ និងខាងផ្លូវចិត្ត—ហើយនៅពេលដំណាលគ្នានេះ ត្រូវផ្ដល់ឲ្យការមើលខុសត្រូវក្នុងក្រុមជំនុំនោះ?
ការផ្គត់ផ្គង់ដែលត្រូវការជាចាំបាច់
៨. តើប្រពន្ធរបស់អ្នកចាស់ទុំអាចជួយផ្គត់ផ្គង់គាត់ដោយយ៉ាងណា?
៨ ជាការច្បាស់ណាស់ ពួកអ្នកចាស់ទុំដែលមានភារៈខាងគ្រួសារ អាចទទួលប្រយោជន៍ពីការផ្គត់ផ្គង់បាន។ ទស្សនាវដ្ដីប៉មយាមដែលបានស្រង់មកនៅខាងលើនេះ បានចែងថា ប្រពន្ធគ្រីស្ទានអាចជួយផ្គត់ផ្គង់ដល់ប្ដីរបស់នាង។ ទស្សនាវដ្ដីនេះបានចែងថា៖ «នាងអាចជួយធ្វើយ៉ាងណាឲ្យបានស្រួលសំរាប់គាត់ក្នុងការរៀបចំភារកិច្ចរបស់គាត់ផ្សេងៗ ហើយជួយសន្សំពេលវេលាដ៏មានតម្លៃសំរាប់គាត់និងសំរាប់ខ្លួននាងដែរ បើមានការកំណត់ពេលវេលាត្រឹមត្រូវក្នុងផ្ទះ ដូចជាការរៀបចំម្ហូបអាហារឲ្យបានទាន់ពេល ការរៀបចំខ្លួនចេញទៅប្រជុំក្រុមជំនុំឲ្យបានទាន់វេលា . . . នៅក្រោមការដឹកនាំពីប្ដីរបស់នាង ប្រពន្ធគ្រីស្ទានអាចជួយហ្វឹកហ្វឺនកូនចៅតាមវិធីដែលគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា»។ (សុភាសិត ២២:៦) ត្រូវហើយ ប្រពន្ធត្រូវបានបង្កើតមកឲ្យធ្វើជា‹អ្នកជំនួយ› ហើយប្ដីនឹងទទួលស្វាគមន៍ការជួយរបស់នាងដោយវាងវៃ។ (លោកុប្បត្តិ ២:១៨) ការជួយផ្គត់ផ្គង់របស់នាងអាចធ្វើឲ្យគាត់មានប្រសិទ្ធិភាពច្រើនក្នុងការបំពេញភារៈខាងគ្រួសារនិងខាងក្រុមជំនុំ។
៩. តើពួកណានៅក្នុងក្រុមជំនុំថែស្សាឡូនីច ដែលត្រូវបានលើកទឹកចិត្តឲ្យជួយសមាជិកឯទៀតក្នុងក្រុមជំនុំ?
៩ យ៉ាងណាក្ដី មិនមែនមានតែប្រពន្ធគ្រីស្ទានរបស់ពួកអ្នកចាស់ទុំទេ ដែលអាចចូលរួមក្នុងសកម្មភាពដែលគាំទ្រដល់អ្នកត្រួតពិនិត្យនោះ ដែលគាត់ត្រូវតែ«ឃ្វាលហ្វូងចៀមរបស់ព្រះ»ផង ហើយមើលថែទាំក្រុមគ្រួសាររបស់គាត់ផង។ (ពេត្រុសទី១ ៥:២) តើមានអ្នកណាទៀត? សាវ័កប៉ុលបានដាស់តឿនបងប្អូននៅថែស្សាឡូនីចឲ្យគោរពដល់ពួកអ្នកដែល«នាំមុខអ្នករាល់គ្នា»។ ហើយស្តីអំពីបងប្អូនដដែលនេះ—ជាពិសេសអំពីពួកអ្នកដែលមិននាំមុខ—ប៉ុលបានសរសេរថា៖ «បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់ ហើយជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់»។—ថែស្សាឡូនីចទី១ ៥:១២-១៤
១០. តើជំនួយដ៏មានសេចក្ដីស្រឡាញ់នៃបងប្អូន មានឥទ្ធិពលយ៉ាងណាទៅលើក្រុមជំនុំ?
១០ ជាការប្រសើរណាស់ហ្ន៎ កាលដែលបងប្អូននៅក្នុងក្រុមជំនុំនោះស្រឡាញ់គ្នាដល់ម្ល៉េះ ដែលពួកគេជួយកំសាន្តដល់ពួកអ្នកដែលទន់ក្រំចិត្ត គាំពារពួកអ្នកដែលទន់ខ្សោយ ដាស់តឿនដល់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ហើយអត់ឱនទោសដល់មនុស្សទាំងអស់! បងប្អូននៅថែស្សាឡូនីចដែលទើបតែបានទទួលសេចក្ដីពិតនៃព្រះគម្ពីរ ទោះបីជាគេរងទុក្ខវេទនាជាខ្លាំងក្ដី ពួកគេបានអនុវត្តតាមដំបូន្មានរបស់ប៉ុល ដើម្បីប្រព្រឹត្តការទាំងនេះ។ (កិច្ចការ ១៧:១-៩; ថែស្សាឡូនីចទី១ ១:៦; ២:១៤; ៥:១១) សូមគិតអំពីឥទ្ធិពលដ៏ប្រសើរនៃសហប្រតិបត្ដិការដ៏មានសេចក្ដីស្រឡាញ់របស់គេ ដែលចំរើនកម្លាំងនិងបង្រួបបង្រួមក្រុមជំនុំទាំងមូល! តាមរបៀបស្រដៀងនេះដែរ កាលណាបងប្អូននៅសព្វថ្ងៃនេះ ជួយសម្រាលទុក្ខ ជួយផ្គត់ផ្គង់ ជួយដាស់តឿនគ្នាទៅវិញទៅមក នេះនឹងជួយសម្រាលដល់ភារៈឃ្វាលចៀមរបស់ពួកអ្នកចាស់ទុំ ដែលពួកគេតែងតែមានភារៈក្នុងគ្រួសារ។
១១. (ក) ហេតុអ្វីក៏ជាការសមហេតុផលក្នុងការសន្និដ្ឋានថា ពួកស្ត្រីត្រូវបានរាប់បញ្ចូលនឹងពាក្យដែលថា«បងប្អូន»នោះ? (ខ) តើជំនួយអ្វីដែលស្ត្រីដែលមានគំនិតចាស់ទុំ ឲ្យទៅពួកស្ត្រីក្មេងៗនៅសព្វថ្ងៃនេះ?
១១ តើក្នុងពាក្យ«បងប្អូន»ដែលសាវ័កប៉ុលបានមានប្រសាសន៍នោះ មានពួកស្ត្រីដែរឬទេ? ពិតជាមានមែនហើយ ដ្បិតមានពួកស្ត្រីជាច្រើនដែលបានក្លាយជាអ្នកជឿ។ (កិច្ចការ ១៧:១, ៤; ពេត្រុសទី១ ២:១៧; ៥:៩) តើពួកស្ត្រីទាំងនេះអាចជួយយ៉ាងណាបាន? មានស្ត្រីជំទង់ជាច្រើននៅក្នុងក្រុមជំនុំដែលមានបញ្ហាទប់ទល់នឹង«កាមតម្រេក, ព.ថ.» ឬបានក្លាយជា‹អ្នកដែលទន់ក្រំចិត្ត›។ (ធីម៉ូថេទី១ ៥:១១-១៣) ស្ត្រីខ្លះនៅសព្វថ្ងៃនេះមានបញ្ហាស្រដៀងនេះដែរ។ អ្វីដែលគេត្រូវការជាខ្លាំងនោះ គឺជនណាម្នាក់ដែលស្ដាប់បញ្ហារបស់គេហើយមានចិត្តអាណិតអាសូរ។ ជាធម្មតា ស្ត្រីគ្រីស្ទានដែលមានចិត្តគំនិតចាស់ទុំ គឺជាអ្នកត្រឹមត្រូវបំផុតក្នុងការផ្ដល់ឲ្យជំនួយបែបនេះ។ ជាឧទាហរណ៍ នាងអាចពិគ្រោះបញ្ហាផ្ទាល់ខ្លួនជាមួយស្ត្រីម្នាក់ទៀតបាន ដែលបុរសគ្រីស្ទានមិនអាចធ្វើទៅបានយ៉ាងត្រឹមត្រូវតែម្នាក់ឯង។ ដោយលើកតម្លៃនៃការផ្ដល់ឲ្យជំនួយបែបនេះ ប៉ុលបានសរសេរថា៖ «ឲ្យពួកស្ត្រីចាស់ៗ . . . បង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បី នឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការ នៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ»។—ទីតុស ២:៣-៥
១២. តើមនុស្សជាច្រើននៅក្នុងក្រុមជំនុំត្រូវតែធ្វើតាមការដឹកនាំរបស់អ្នកណា?
១២ បងប្អូនស្រីដែលរាបទាបគឺជាប្រសិទ្ធិពរដ៏ប្រសើរនៅក្នុងក្រុមជំនុំ នៅពេលដែលគេរួបរួមគ្នាផ្គត់ផ្គង់ដល់ប្ដីរបស់គេនិងពួកអ្នកចាស់ទុំ! (ធីម៉ូថេទី១ ២:១១, ១២; ហេព្រើរ ១៣:១៧) ពួកអ្នកចាស់ទុំដែលមានភារៈគ្រួសារនឹងទទួលប្រយោជន៍យ៉ាងពិសេស កាលណាអ្នកទាំងអស់រួបរួមជួយគ្នាទៅវិញទៅមកក្នុងគតិស្រឡាញ់ ហើយកាលណាអ្នកទាំងអស់ចុះចូលតាមការដឹកនាំរបស់ពួកអ្នកគង្វាលដែលបានតែងតាំងមក។—ពេត្រុសទី១ ៥:១, ២
ឪពុកម្ដាយ តើអ្នកចាត់ទុកអ្វីជាទីមួយ?
១៣. តើឪពុកទាំងឡាយបានទទួលបរាជ័យលើក្រុមគ្រួសាររបស់គេដោយយ៉ាងណា?
១៣ ជាច្រើនឆ្នាំមកហើយ តួឯកកំសាន្តដ៏ធំដុំម្នាក់បានសង្កេតឃើញថា៖ «ខ្ញុំឃើញបុរសដ៏ជោគជ័យជាច្រើននាក់ កាន់កាប់ក្រុមហ៊ុនជាមួយបុរសរាប់រយនាក់។ គេដឹងរបៀបដោះស្រាយស្ថានការណ៍គ្រប់បែបយ៉ាង ហើយគេដឹងរបៀបដាក់វិន័យនិងឲ្យរង្វាន់ក្នុងពិភពពាណិជ្ជកម្ម។ ប៉ុន្តែក្រុមហ៊ុនដ៏សំខាន់បំផុតដែលគេកំពុងតែកាន់កាប់ នោះគឺក្រុមគ្រួសាររបស់គេ ហើយគេបានបរាជ័យក្នុងការបំពេញភារៈក្នុងគ្រួសាររបស់គេ»។ តើហេតុអ្វី? តើនេះមិនដោយសារតែគេចាត់ក្រុមហ៊ុននិងប្រយោជន៍ផ្សេងទៀតជាទីមួយ ហើយមិនអើពើនឹងដំបូន្មានរបស់ព្រះឬ? ពាក្យបន្ទូលរបស់ទ្រង់ចែងថា៖ «សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯង . . . ត្រូវឲ្យប្រិតប្រៀន . . . ដល់កូនចៅឯង»។ ហើយការនេះត្រូវតែធ្វើជារៀងរាល់ថ្ងៃ។ ឪពុកម្ដាយត្រូវតែលះបង់ពេលវេលារបស់ខ្លួនដោយមិនស្ដាយ—ហើយជាពិសេសត្រូវតែសម្ដែងសេចក្ដីស្រឡាញ់និងការខ្វល់ខ្វាយដ៏ជ្រាលជ្រៅរបស់គេ។—ចោទិយកថា ៦:៦-៩
១៤. (ក) តើឪពុកម្ដាយត្រូវមើលថែរក្សាកូនចៅរបស់គេដោយដូចម្ដេច? (ខ) តើការអប់រំត្រឹមត្រូវដល់កូនចៅរួមបញ្ចូលនឹងអ្វីខ្លះ?
១៤ ព្រះគម្ពីររំឭកយើងថា កូនចៅគឺជាមរតកពីព្រះយេហូវ៉ា។ (ទំនុកដំកើង ១២៧:៣) តើអ្នកមើលថែរក្សាកូនរបស់អ្នកដូចជាសម្បត្ដិរបស់ព្រះ ដែលជាអំណោយដែលទ្រង់ប្រគល់ឲ្យអ្នកនោះទេ? កូនរបស់អ្នកមុខជាតបឆ្លើយវិញជាមិនខាន បើអ្នកលើកយកកូននោះមកឱប ដែលជាការសម្ដែងសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់អ្នក។ (ម៉ាកុស ១០:១៦) ប៉ុន្តែការ‹បង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលវាគួរប្រព្រឹត្ត› ត្រូវការច្រើនជាងការឱបនិងការថើបទៅទៀត។ ដើម្បីប្រដាប់ខ្លួននឹងប្រាជ្ញាសំរាប់ចៀសឲ្យផុតពីគ្រោះថ្នាក់នៃជីវិត កូននោះនឹងត្រូវការការទូន្មានប្រដៅដ៏ជាទីស្រឡាញ់ដែរ។ ឪពុកម្ដាយបង្ហាញសេចក្ដីស្រឡាញ់ពិតប្រាកដដោយ‹មើលថែរក្សាកូនដោយទូន្មានប្រដៅ›។—សុភាសិត ១៣:១, ២៤; ២២:៦
១៥. តើអ្វីដែលបង្ហាញឲ្យឃើញថាការទូន្មានពីឪពុកម្ដាយជាចាំបាច់នោះ?
១៥ ការត្រូវការជាចាំបាច់នូវការទូន្មានប្រដៅពីឪពុកម្ដាយ អាចឃើញបានពីសេចក្ដីរៀបរាប់របស់អ្នកឲ្យឱវាទសាលាម្នាក់ អំពីពួកកូនក្មេងដែលមកឯការិយាល័យរបស់នាង៖ «ជាការគួរឲ្យអាណិតពួកគេណាស់ ព្រោះគេមានចិត្តក្រៀមក្រំ ហើយវង្វេង។ គេនិយាយផងយំផងអំពីការណ៍ពិតដែលបានកើតឡើង។ ក្មេងជាច្រើនបានគិត—បានប៉ុនប៉ងសម្លាប់ខ្លួន គឺមិនដោយសារតែគេសប្បាយពេកទេ នេះគឺដោយសារតែគេមិនសប្បាយចិត្ត គ្មានអ្នកណាខ្វល់ខ្វាយ ហើយមានភាពតានតឹងយ៉ាងខ្លាំង ពីព្រោះនៅវ័យក្មេងបែបនេះ ពួកគេមានភារៈយ៉ាងច្រើន គឺច្រើនហួសហេតុនឹងទទួលកាន់កាប់»។ នាងបានបន្ថែមទៀតថា៖ «នេះជាអ្វីមួយដ៏ខ្លាចណាស់ចំពោះក្មេងម្នាក់ ដោយដឹងថាគាត់កំពុងតែមានភារៈជាច្រើននោះ»។ ពិតមែន ពួកក្មេងៗប្រហែលជាប្រឆាំងនឹងការទូន្មានប្រដៅ តែតាមការពិត ពួកគេអបអរដល់សេចក្ដីណែនាំនិងលក្ខខ័ណ្ឌពីឪពុកម្ដាយទៅវិញ។ ពួកគេសប្បាយចិត្តណាស់ដែលឪពុកម្ដាយរបស់គេខ្វល់ខ្វាយនឹងគេដល់ម្ល៉េះ រហូតដល់ដាក់កំរិតសំរាប់គេ។ ក្មេងម្នាក់ដែលឪពុកម្ដាយបានដាក់កំរិតសំរាប់គាត់ បាននិយាយថា៖ «នេះបានធ្វើឲ្យខ្ញុំធូរស្រាលចិត្តណាស់»។
១៦. (ក) តើអ្វីដែលបានកើតឡើងដល់កូនចៅដែលបានចិញ្ចឹមនៅក្នុងក្រុមគ្រួសារគ្រីស្ទាននោះ? (ខ) ហេតុអ្វីក៏ដំណើរដ៏រឹងរូសនៃកូនចៅម្នាក់ មិនចាំបាច់មានន័យថា ការហ្វឹកហ្វឺនរបស់ឪពុកម្ដាយមិនល្អនោះ?
១៦ យ៉ាងណាក្ដី ថ្វីបើគេមានឪពុកម្ដាយដែលស្រឡាញ់គេ ហើយជួយហ្វឹកហ្វឺនយ៉ាងប្រសើរក្ដី ក្មេងខ្លះ ដូចជាកូនបង្ហិនទ្រព្យក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ បានបដិសេធសេចក្ដីណែនាំពីឪពុកម្ដាយ ហើយបានវង្វេង។ (លូកា ១៥:១១-១៦) ប៉ុន្តែ រឿងនេះគឺមិនមែនមានន័យថា ឪពុកម្ដាយមិនបានបំពេញភារកិច្ចរបស់គេ ក្នុងការបង្វឹកបង្វឺនកូនចៅរបស់គេឲ្យបានត្រឹមត្រូវ ដូចសុភាសិត ២២:៦ បានបង្គាប់នោះទេ។ ការថ្លែងដែលថា‹ការបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះ› ត្រូវបានផ្ដល់មកសំរាប់ជាគោលការណ៍ទូទៅ។ គួរស្ដាយណាស់ ដូចជាកូនបង្ហិនទ្រព្យ កូនចៅខ្លះនឹង‹ប្រមាថមើលងាយមិនស្ដាប់បង្គាប់ឪពុកម្ដាយឡើយ›។—សុភាសិត ៣០:១៧
១៧. តើពីអ្វីដែលឪពុកម្ដាយដែលមានកូនរឹងរូស អាចទទួលការសម្រាលទុក្ខបាន?
១៧ ឪពុកដែលមានកូនរឹងរូសម្នាក់បានសោកស្ដាយថា៖ «ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយ ដើម្បីឲ្យឈោងដល់ចិត្តរបស់វា។ ខ្ញុំមិនដឹងអាចធ្វើអ្វីទេ ពីព្រោះខ្ញុំបានខំប្រឹងអស់រលីងទៅហើយ។ គឺគ្មានអ្វីមួយដែលបានជោគជ័យសោះ»។ ដោយមានសេចក្ដីសង្ឃឹម កូនរឹងរូសបែបនេះ នៅពេលក្រោយមក នឹងនឹកចាំនូវការហ្វឹកហ្វឺនដ៏ជាទីស្រឡាញ់ ដែលពួកគេបានទទួល ហើយបានត្រឡប់មកវិញដូចកូនដែលបង្ហិនទ្រព្យនោះដែរ។ ប៉ុន្តែ ជាហេតុពិត គឺនៅតែមានកូនចៅខ្លះដែលនឹងបះបោរ ហើយនឹងប្រព្រឹត្តអំពើអសីលធម៌ ដែលធ្វើឲ្យឪពុកម្ដាយរបស់គេមានការឈឺចាប់។ ឪពុកម្ដាយអាចមានការសម្រាលទុក្ខបានដោយដឹងថា សូម្បីតែចំពោះគ្រូដ៏ឧត្តមដែលធ្លាប់រស់នៅលើផែនដី ក៏ទ្រង់បានឃើញសិស្សរបស់ទ្រង់ឈ្មោះយូដាស-អ៊ីស្ការីយ៉ុតក្បត់នឹងទ្រង់ដែរ។ ហើយព្រះយេហូវ៉ាអង្គទ្រង់ក៏ច្បាស់ជាមានព្រះទ័យក្រៀមក្រំដែរ នៅពេលដែលកូនវិញ្ញាណជាច្រើនរបស់ទ្រង់ បានបដិសេធចោលដំបូន្មានរបស់ទ្រង់ ហើយប្រព្រឹត្តការបះបោរ ថ្វីបើទ្រង់មិនមានកំហុសក្ដី។—លូកា ២២:៤៧, ៤៨; វិវរណៈ ១២:៩
កូនចៅ—តើអ្នកនឹងគាប់ចិត្តដល់អ្នកណា?
១៨. តើតាមរបៀបណាដែលកូនចៅបង្ហាញថា ពួកគេចាត់ព្រះទុកជាទីមួយនោះ?
១៨ ព្រះយេហូវ៉ាទ្រង់ដាស់តឿនពួកក្មេងៗថា៖ «ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ»។ (អេភេសូរ ៦:១) ពួកក្មេងៗចាត់ព្រះទុកជាទីមួយដោយធ្វើបែបនេះ។ ចូរកុំឲ្យល្ងង់ខ្លៅឡើយ! បន្ទូលរបស់ព្រះចែងថា៖ «មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក»។ ហើយអ្នកក៏មិនត្រូវសន្មតជាមុនដោយមានះ ថាអ្នកមិនចាំបាច់ត្រូវការសេចក្ដីទូន្មានប្រដៅឡើយ។ ហេតុការណ៍ពិតគឺថា «មានសម័យ១ដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែគេមិនទាន់បានលាងជំរះសេចក្ដីស្មោកគ្រោករបស់គេ»។ (សុភាសិត ១៥:៥; ៣០:១២) ដូច្នេះចូរធ្វើតាមការដឹកនាំរបស់ព្រះចុះ—«ចូរស្ដាប់» ‹អបអរ› «កុំឲ្យភ្លេច» «កាន់តាម» ហើយ«ក៏កុំឲ្យបោះបង់ចោល»ដំបូន្មានរបស់ឪពុកម្ដាយឡើយ។—សុភាសិត ១:៨; ២:១; ៣:១; ៤:១; ៦:២០
១៩. (ក) តើមានមូលហេតុដ៏ធំណាខ្លះដែលកូនចៅមានចំពោះការគោរពតាមព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាដែលកូនចៅបង្ហាញថា គេចេះដឹងគុណដល់ព្រះនោះ?
១៩ អ្នកមានមូលហេតុដ៏ធំចំពោះការគោរពតាមព្រះយេហូវ៉ា។ ទ្រង់ស្រឡាញ់អ្នក ហើយទ្រង់បានផ្ដល់ឲ្យច្បាប់ រួមបញ្ចូលនឹងច្បាប់សំរាប់កូនចៅឲ្យស្ដាប់បង្គាប់ឪពុកម្ដាយ ដើម្បីនឹងការពារអ្នក ហើយជួយអ្នកឲ្យមានជីវិតប្រកបទៅដោយសុភមង្គល។ (អេសាយ ៤៨:១៧) ទ្រង់ក៏បានផ្ដល់រាជ្យបុត្រារបស់ទ្រង់មកទទួលមរណភាពសំរាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នកអាចបានសង្គ្រោះពីអំពើបាបនិងពីសេចក្ដីស្លាប់ ហើយមានជីវិតអស់កល្បជានិច្ចវិញ។ (យ៉ូហាន ៣:១៦) តើអ្នកដឹងគុណទេ? ព្រះកំពុងតែទតមើលពីស្ថានសួគ៌មក គឺកំពុងតែពិនិត្យចិត្តរបស់អ្នក ដើម្បីនឹងមើលថាតើអ្នកពិតជាស្រឡាញ់ទ្រង់ ហើយអបអរនឹងសំវិធានការរបស់ទ្រង់មែនឬ។ (ទំនុកដំកើង ១៤:២) សាតាំងក៏កំពុងតែមើលមកដែរ ហើយវាក៏កំពុងតែនិយាយឡកឡឺយនឹងព្រះ ដោយអះអាងថា អ្នកនឹងមិនគោរពតាមទ្រង់ឡើយ។ អ្នកអាចធ្វើឲ្យសាតាំងមានចិត្តសប្បាយរីករាយ ហើយឲ្យព្រះយេហូវ៉ាមានព្រះទ័យ‹ឈឺចាប់›នៅពេលដែលអ្នកមិនគោរពតាមព្រះ។ (ទំនុកដំកើង ៧៨:៤០, ៤១) ព្រះយេហូវ៉ាសូមដាស់តឿនអ្នករាល់គ្នាថា៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បី ឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១) ត្រូវហើយ សំនួរដែលយើងត្រូវសួរនោះគឺថា តើអ្នកនឹងគាប់ចិត្តដល់អ្នកណា សាតាំងឬក៏ព្រះយេហូវ៉ា?
២០. តើក្មេងម្នាក់បានរក្សាសេចក្ដីក្លាហានដើម្បីនឹងបំរើព្រះយេហូវ៉ា សូម្បីតែនៅពេលដែលនាងមានចិត្តខ្លាចយ៉ាងណា?
២០ មិនជាការស្រួលទេ ក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះនៅពេលជួបប្រទះការកៀបសង្កត់ ដែលសាតាំងនិងលោកីយ៍របស់វាខំធ្វើមកលើអ្នករាល់គ្នានោះ។ នេះក៏អាចទៅជាអ្វីដ៏គួរខ្លាចមួយ។ ក្មេងម្នាក់បានកត់សម្គាល់ថា៖ «ការខ្លាចគឺប្រៀបដូចជាការរងាអញ្ចឹង។ អ្នកអាចចាត់វិធានការធ្វើអ្វីមួយបានអំពីរឿងនេះ»។ នាងបានពន្យល់ថា៖ «នៅពេលដែលអ្នករងា អ្នកអាចពាក់អាវយឺត។ បើសិនជាអ្នកនៅតែរងា អ្នកក៏អាចពាក់មួយពីលើទៀត។ ហើយអ្នកបន្តពាក់ពីលើ រហូតដល់អ្នកឈប់រងា។ ដូច្នេះការអធិស្ឋានទៅព្រះយេហូវ៉ានៅពេលដែលអ្នកមានចិត្តខ្លាចនោះ គឺប្រៀបដូចនៅពេលដែលអ្នកពាក់អាវយឺតអញ្ចឹង។ បើសិនក្រោយពីការអធិស្ឋានមួយហើយ ខ្ញុំនៅមានចិត្តខ្លាចនោះ ខ្ញុំនឹងអធិស្ឋានទៅព្រះម្ដងទៀត ម្ដងហើយម្ដងទៀត រហូតទាល់ខ្ញុំលែងមានចិត្តខ្លាចទៀត។ ហើយនេះបានជោគជ័យមែន។ ការធ្វើដូចនេះបានជួយខ្ញុំចៀសវាងពីបញ្ហា»!
២១. តើតាមរបៀបណាដែលព្រះយេហូវ៉ានឹងគាំទ្រយើង បើសិនជាយើងពិតជាចង់ចាត់ទ្រង់ទុកជាទីមួយក្នុងជីវិតរបស់យើង?
២១ បើសិនជាយើងខំប្រឹងចាត់ព្រះទុកជាទីមួយក្នុងជីវិតរបស់យើង ព្រះយេហូវ៉ានឹងជួយគាំទ្រយើងជាមិនខាន។ ទ្រង់នឹងពង្រឹងធ្វើឲ្យយើងមាំមួន ដោយផ្ដល់ពួកទេវតាមកជួយយើង បើសិនជាត្រូវការ ដូចទ្រង់បានធ្វើជួយដល់រាជ្យបុត្រារបស់ទ្រង់ដែរ។ (ម៉ាថាយ ១៨:១០; លូកា ២២:៤៣) ឱពួកឪពុកម្ដាយនឹងកូនចៅទាំងអស់គ្នាអើយ ចូរឲ្យមានចិត្តក្លាហានឡើង។ ចូរឲ្យមានការខ្លាចដែលមានលក្ខណៈដូចព្រះគ្រីស្ទ ហើយនេះនឹងធ្វើឲ្យអ្នកមានការសប្បាយរីករាយ។ (អេសាយ ១១:៣) ត្រូវហើយ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
តើអ្នកអាចឆ្លើយបានទេ?
◻ តើភារៈអ្វីដែលអ្នកកាន់តាមព្រះយេស៊ូនៅពីដើមត្រូវការធ្វើថ្លឹងថ្លែង?
◻ តើភារៈអ្វីដែលឪពុកម្ដាយជាគ្រីស្ទានត្រូវបំពេញនោះ?
◻ តើមានជំនួយអ្វីចំពោះពួកអ្នកចាស់ទុំដែលមានគ្រួសារ?
◻ តើកិច្ចបំរើដ៏មានតម្លៃណាខ្លះ ដែលបងប្អូនស្រីធ្វើនៅក្នុងក្រុមជំនុំ?
◻ តើឱវាទនិងការដឹកនាំអ្វីដែលជាការសំខាន់ដែលកូនចៅត្រូវតែធ្វើតាម?
[រូបភាពនៅទំព័រ១៣]
ពួកស្ត្រីគ្រីស្ទានដែលមានវ័យចាស់ទុំតែងតែអាចផ្ដល់នូវជំនួយជាចាំបាច់ដល់ពួកស្ត្រីក្មេងៗ
[រូបភាពនៅទំព័រ១៥]
តើឪពុកម្ដាយដែលមានកូនចៅរឹងរូសអាចទទួលការសម្រាលចិត្តយ៉ាងណាពីព្រះគម្ពីរ?