រក្សាឯកភាពក្នុងថ្ងៃជាន់ក្រោយបង្អស់
«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អ . . . ឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង»។—ភីលីព ១:២៧
១. តើមានការខុសគ្នាយ៉ាងណារវាងស្មរបន្ទាល់ព្រះយេហូវ៉ានិងពួកលោកីយ៍?
នេះជា«ថ្ងៃជាន់ក្រោយបង្អស់»។ ប្រាកដហើយ គឺ«មានគ្រាលំបាកណាស់»សព្វថ្ងៃនេះ។ (ធីម៉ូថេទី២ ៣:១-៥) ក្នុង«គ្រាចុងបញ្ចប់»នេះ ដែលមានការរំជើបរំជួលក្នុងសង្គមមនុស្ស ស្មរបន្ទាល់ព្រះយេហូវ៉ាលេចឃើញខុសពីមនុស្សផ្សេងៗ ពីព្រោះពួកគេមានសន្ដិភាពនិងឯកភាព។ (ដានីយ៉ែល ១២:៤) ប៉ុន្តែបុគ្គលម្នាក់ៗដែលមានផ្នែកក្នុងគ្រួសារសកលលោកនៃអ្នកថ្វាយបង្គំព្រះយេហូវ៉ា គឺត្រូវតែខំប្រឹងប្រែងដើម្បីរក្សាឯកភាពនេះ។
២. តើប៉ុលនិយាយយ៉ាងណាអំពីការរក្សាឯកភាព ហើយតើសំនួរអ្វីខ្លះដែលយើងនឹងពិគ្រោះ?
២ សាវ័កប៉ុលបានដាស់តឿនពួកគ្រីស្ទានគ្នីគ្នាឲ្យរក្សាឯកភាពនេះ។ គាត់បានសរសេរថា៖ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្ដី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង ឥតមានភ័យខ្លាច ចំពោះពួកទាស់ទទឹងក្នុងការអ្វីឡើយ ដំណើរនោះឯង នឹងសំដែងពីសេចក្ដីហិនវិនាសរបស់គេ តែពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាវិញ ដែលសេចក្ដីនោះបានមកពីព្រះផង»។ (ភីលីព ១:២៧, ២៨) ពាក្យសំដីរបស់ប៉ុលបង្ហាញឲ្យឃើញយ៉ាងច្បាស់ ថាយើងត្រូវតែខំប្រឹងធ្វើការជាមួយគ្នាជាគ្រីស្ទាន។ ដូច្នេះ តើអ្វីដែលនឹងជួយយើងឲ្យរក្សាឯកភាពគ្រីស្ទានរបស់យើងក្នុងគ្រាដ៏លំបាកនេះ?
ការចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះ
៣. នៅពេលណានិងតាមរបៀបណាដែលបុគ្គលសាសន៍ដទៃមិនកាត់ស្បែកទីមួយក្លាយទៅជាអ្នកកាន់តាមព្រះគ្រីស្ទ?
៣ វិធីមួយដើម្បីរក្សាឯកភាពរបស់យើង គឺការចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជារៀងរាល់ដង។ នេះប្រហែលជាតម្រូវឲ្យយើងកែសម្រួលគំនិតរបស់យើង។ សូមពិចារណាពួកសិស្សយូដាពីដើមរបស់ព្រះយេស៊ូគ្រីស្ទ។ នៅពេលដែលសាវ័កពេត្រុសបានផ្សាយជាលើកដំបូងទៅសាសន៍ដទៃដែលមិនកាត់ស្បែកក្នុងឆ្នាំ៣៦ស.យ. ព្រះបានប្រទានវិញ្ញាណបរិសុទ្ធទៅលើមនុស្សទាំងនេះ ហើយពួកគេត្រូវបានធ្វើបុណ្យជ្រមុជទឹក។ (កិច្ចការ ជំពូក១០) មុនពេលនោះ មានតែពួកយូដា ពួកអ្នកចូលសាសនាយូដា ពួកអ្នកនិយមលទ្ធិយូដា និងពួកសាសន៍សាម៉ារី ដែលបានក្លាយទៅជាអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទ។—កិច្ចការ ៨:៤-៨, ២៦-៣៨
៤. ក្រោយពីបានពន្យល់នូវអ្វីដែលបានកើតឡើងដល់កូនេលាស តើពេត្រុសបាននិយាយអ្វី តើរឿងនេះបានសាកល្បងអ្វីដល់ពួកសិស្សយូដារបស់ព្រះយេស៊ូ?
៤ នៅពេលដែលពួកសាវ័កនិងបងប្អូនប្រុសឯទៀតក្នុងក្រុងយេរូសាឡិមបានដឹងថា កូនេលាសនិងពួកមនុស្សនៃសាសន៍ដទៃទៀតបានជឿព្រះ ពួកគេចង់ដឹងអំពីសេចក្ដីរាយការណ៍របស់ពេត្រុសណាស់។ ក្រោយពីបានពន្យល់នូវអ្វីដែលបានកើតឡើងដល់កូនេលាស និងអំពីពួកមនុស្សឯទៀតនៃសាសន៍ដទៃបានជឿព្រះ សាវ័កក៏បានបញ្ចប់ដោយនិយាយថា៖ «ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទាន[នៃវិញ្ញាណបរិសុទ្ធ]ទៅគេ[ពួកដែលជឿព្រះនៃសាសន៍ដទៃ] ដូចជាបានប្រទានមកយើង[សាសន៍យូដា]ដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន»? (កិច្ចការ ១១:១-១៧) នេះជាការសាកល្បងមួយដល់ពួកកាន់តាមព្រះយេស៊ូគ្រីស្ទដែលជាសាសន៍យូដា។ តើគេនឹងចុះចូលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ហើយទទួលយកពួកសាសន៍ដទៃដែលជឿព្រះ ធ្វើជាអ្នកថ្វាយបង្គំរបស់គេទេ? ឬក៏តើឯកភាពនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ានៅលើផែនដីនឹងត្រូវមានគ្រោះថ្នាក់?
៥. តើពួកសាវ័កនិងបងប្អូនឯទៀតបានតបឆ្លើយយ៉ាងណា ចំពោះការណ៍ពិតដែលព្រះប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ហើយអ្វីដែលយើងអាចរៀនពីអាកប្បកិរិយានេះ?
៥ ដំណើររឿងនេះចែងថា៖ «កាលបានឮសេចក្ដីនោះហើយ នោះគេ[ពួកសាវកនិងបងប្អូនឯទៀត]បាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា៖ ‹ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទាន ការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎› »។ (កិច្ចការ ១១:១៨) អាកប្បកិរិយានោះបានរក្សាហើយធ្វើឲ្យមានឯកភាពដល់ពួកអ្នកកាន់តាមព្រះយេស៊ូ។ ក្នុងគ្រាដ៏ខ្លី កិច្ចការផ្សាយបានជឿនទៅមុខក្នុងចំណោមពួកសាសន៍ដទៃ ហើយពររបស់ព្រះយេហូវ៉ាបានចាក់មកលើកិច្ចការបែបនេះ។ យើងក៏ត្រូវទទួលធ្វើតាម នៅពេលដែលគេសុំឲ្យយើងរួមកម្លាំងគ្នាបង្កើតក្រុមជំនុំថ្មី ឬនៅពេលដែលត្រូវកែតម្រូវព្រះធិបតេយ្យនៅក្រោមការដឹកនាំនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ការរួមកម្លាំងរបស់យើងដ៏អស់ពីចិត្តនឹងធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ ហើយនឹងជួយយើងឲ្យរក្សាឯកភាពរបស់យើងក្នុងគ្រានៃថ្ងៃជាន់ក្រោយបង្អស់។
កាន់ខ្ជាប់នឹងសេចក្ដីពិត
៦. តើសេចក្ដីពិតមានឥទ្ធិពលអ្វីលើឯកភាពនៃពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា?
៦ ជាផ្នែកនៃអ្នកថ្វាយបង្គំនៃគ្រួសាររបស់ព្រះយេហូវ៉ា យើងរក្សាឯកភាពពីព្រោះយើងគ្រប់គ្នា ‹ត្រូវបានព្រះយេហូវ៉ាបង្រៀន› ហើយកាន់ខ្ជាប់នឹងសេចក្ដីពិតដែលទ្រង់បានសម្ដែងមក។ (យ៉ូហាន ៦:៤៥; ទំនុកដំកើង ៤៣:៣) ពីព្រោះការបង្រៀនរបស់យើងមានមូលដ្ឋានទៅលើបន្ទូលរបស់ព្រះ យើងនិយាយដោយស្រុះស្រួលគ្នា។ យើងទទួលយកអាហារខាងវិញ្ញាណយ៉ាងរីករាយ ដែលព្រះយេហូវ៉ាប្រទានមកតាមរយៈ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។ (ម៉ាថាយ ២៤:៤៥-៤៧) ការបង្រៀនដែលមានដូចគ្នានេះ ជួយយើងឲ្យរក្សាឯកភាពរបស់យើងក្នុងលោក។
៧. បើយើងមានការពិបាកយល់នឹងចំណុចណាមួយ តើអ្វីដែលយើងត្រូវធ្វើ ហើយអ្វីដែលយើងមិនត្រូវធ្វើ?
៧ ហើយចុះយ៉ាងណាវិញ បើសិនជាយើងមានការពិបាកយល់ ឬទទួលចំណុចបង្រៀនណាមួយនោះ? យើងត្រូវអធិស្ឋានសុំប្រាជ្ញានិងខំស្រាវជ្រាវក្នុងព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទាន។ (សុភាសិត ២:៤, ៥; យ៉ាកុប ១:៥-៨) ការពិគ្រោះជាមួយអ្នកចាស់ទុំក៏ជាជំនួយមួយដែរ។ បើសិនជានៅតែមិនយល់ចំណុចនោះ ប្រហែលជាល្អបើយើងមិនកង្វល់ហួសហេតុពេកអំពីរឿងនោះ។ ប្រហែលជាចំណុចបង្រៀននេះនឹងបានបោះពុម្ពថែមទៀត ហើយយើងនឹងបានយល់ទូលំទូលាយ។ ប៉ុន្តែ ជាការខុសទៅវិញ បើសិនជាយើងចង់ឲ្យអ្នកដទៃក្នុងក្រុមជំនុំទទួលយកមតិផ្សេងរបស់យើងនោះ។ នេះគឺជាការបណ្ដុះឲ្យមានសេចក្ដីមិនស្រុះស្រួលគ្នា គឺមិនខំប្រឹងរក្សាឯកភាពនោះឡើយ។ ជាការប្រសើរណាស់ បើយើង«ប្រព្រឹត្តតាមសេចក្ដីពិត» ហើយលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដែរ!—យ៉ូហានទី៣ ៤
៨. តើអ្វីជាអាកប្បកិរិយាត្រឹមត្រូវចំពោះសេចក្ដីពិត?
៨ ក្នុងសតវត្សទីមួយ ប៉ុលបានមានប្រសាសន៍ថា៖ «ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ»។ (កូរិនថូសទី១ ១៣:១២) ថ្វីបើគ្រីស្ទានពីដើមមិនបានយល់សេចក្ដីទាំងអស់ក៏ដោយ ពួកគេនៅតែមានឯកភាព។ ឥឡូវនេះ យើងយល់អំពីបំណងរបស់ព្រះយេហូវ៉ានិងបន្ទូលនៃសេចក្ដីពិតច្រើនជាងនោះទៅទៀត។ ដូច្នេះ សូមឲ្យយើងមានអំណរចំពោះសេចក្ដីពិត ដែលយើងបានទទួលតាមរយៈ‹អ្នកបំរើស្មោះត្រង់›។ ហើយសូមឲ្យយើងថ្លែងអំណរគុណ ដែលព្រះយេហូវ៉ាបាននាំយើងដោយប្រើអង្គការរបស់ទ្រង់។ ថ្វីបើយើងមិនតែងតែមានចំណេះដូចគ្នារៀងរាល់ដងក៏ដោយ យើងមិនដែលអត់ឃ្លានខាងវិញ្ញាណទេ។ ផ្ទុយទៅវិញ អ្នកគង្វាលរបស់យើង ព្រះយេហូវ៉ាបានបង្រួបបង្រួមយើង ហើយបានមើលថែរក្សាយើងយ៉ាងល្អ។—ទំនុកដំកើង ២៣:១-៣
ប្រើអណ្ដាតឲ្យបានត្រឹមត្រូវ!
៩. តើអណ្ដាតអាចប្រើយ៉ាងណាដើម្បីធ្វើឲ្យមានឯកភាព?
៩ ការប្រើអណ្ដាតដើម្បីលើកទឹកចិត្តអ្នកដទៃ ជាផ្លូវដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយឯកភាពនិងគំនិតនៃភាតរភាព។ សំបុត្រអំពីបញ្ហាកាត់ស្បែក ដែលគណៈអភិបាលបានផ្ញើទៅនោះ ជាអ្វីដ៏លើកទឹកចិត្តណាស់។ ក្រោយពីបានអានហើយ ពួកសិស្សនៃសាសន៍ដទៃក្នុងក្រុងអាន់ទីយ៉ូក«មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ»។ យូដាសនិងស៊ីឡាស ដែលបានបញ្ជូនពីក្រុងយេរូសាឡិមជាមួយនឹងសំបុត្រ «បានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង»។ ប្រាកដហើយ វត្តមានរបស់ប៉ុលនិងបាណាបាសក៏បានលើកទឹកចិត្ត ហើយពង្រឹងពួកអ្នកជឿព្រះក្នុងក្រុងអាន់ទីយ៉ូកដែរ។ (កិច្ចការ ១៥:១-៣, ២៣-៣២) យើងក៏អាចធ្វើដូចនេះដែរ នៅពេលដែលយើងមកឯកិច្ចប្រជុំគ្រីស្ទាន ហើយ‹លើកទឹកចិត្តគ្នាទៅវិញទៅមក› ដោយវត្តមាននិងការនិយាយកំឡាចិត្តរបស់យើង។—ហេព្រើរ ១០:២៤, ២៥
១០. ដើម្បីរក្សាឯកភាព តើប្រហែលជាត្រូវធ្វើអ្វី បើមានការជេរប្រមាថ?
១០ ប៉ុន្តែ ការប្រើអណ្ដាតមិនត្រឹមត្រូវអាចគំរាមកំហែងដល់ឯកភាពរបស់យើង។ យ៉ាកុបបានសរសេរថា៖ «ឯអណ្ដាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់ មើលចុះ ភ្លើងតែបន្ដិចទេ អាចនឹងឆេះព្រៃធំៗទៅបាន»។ (យ៉ាកុប ៣:៥) ព្រះយេហូវ៉ាស្អប់ពួកអ្នកដែលធ្វើឲ្យមានការទាស់ទែងគ្នា។ (សុភាសិត ៦:១៦-១៩) ការនិយាយមិនត្រឹមត្រូវនេះអាចធ្វើឲ្យមានសេចក្ដីមិនស្រុះស្រួលគ្នា។ ដូច្នេះ ចុះយ៉ាងណាវិញ បើមានការជេរប្រមាថ ដែលជាការប្រមាថញាំញីដល់អ្នកណាម្នាក់ ឬខ្លួនឯងបានប្រើពាក្យចំអកនោះ? ពួកអ្នកចាស់ទុំនឹងខំជួយអ្នកដែលប្រព្រឹត្តខុស។ ប៉ុន្តែ អ្នកជេរប្រមាថដែលមិនប្រែចិត្តនឹងត្រូវបណ្ដាច់មិត្តភាព ដើម្បីឲ្យអាចរក្សាសន្ដិភាព សណ្ដាប់ធ្នាប់ និងឯកភាព។ ពីព្រោះប៉ុលបានសរសេរថា៖ «បើមានអ្នកណានៅក្នុងពួកជំនុំជាមនុស្ស . . . ជេរប្រមាថ . . . នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ»។—កូរិនថូសទី១ ៥:១១
១១. ហេតុអ្វីក៏ចិត្តរាបទាបសំខាន់ម្ល៉េះ បើសិនជាយើងបាននិយាយអ្វីមួយដែលធ្វើឲ្យមានការតានតឹងរវាងយើងនិងអ្នកជឿគ្នាឯង?
១១ ការទប់អណ្ដាតអាចជួយយើងរក្សាឯកភាព។ (យ៉ាកុប ៣:១០-១៨) ប៉ុន្តែឧបមាថាមានអ្វីមួយដែលយើងបាននិយាយ ដែលធ្វើឲ្យមានការតានតឹងរវាងយើងនិងគ្រីស្ទានម្នាក់ទៀត។ តើមិនជាការសមត្រឹមត្រូវទេឬ ក្នុងការចាត់វិធានការរកសុខសាន្តជាមួយបងប្អូនរបស់យើង ដោយសុំទោស បើត្រូវការចាំបាច់នោះ? (ម៉ាថាយ ៥:២៣, ២៤) ពិតមែន នេះតម្រូវចិត្តរាបទាប ឬគំនិតស្លូតបូត ដ្បិតពេត្រុសបានសរសេរថា៖ «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាពដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ»។ (ពេត្រុសទី១ ៥:៥) ចិត្តរាបទាបនឹងជំរុញយើងឲ្យ‹ស្វែងរកសន្ដិភាព›ជាមួយបងប្អូនរបស់យើង សារភាពកំហុសរបស់យើង ហើយសុំទោសគេដោយត្រឹមត្រូវ។ នេះនឹងជួយរក្សាឯកភាពនៃគ្រួសាររបស់ព្រះយេហូវ៉ា។—ពេត្រុសទី១ ៣:១០, ១១
១២. តើតាមរបៀបណាដែលយើងអាចប្រើអណ្ដាតដើម្បីផ្សព្វផ្សាយនិងរក្សាឯកភាពនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា?
១២ យើងបង្កើតឲ្យមានចិត្តគំនិតគ្រួសារថែមទៀត ក្នុងចំណោមអង្គការព្រះយេហូវ៉ាបើសិនជាយើងប្រើអណ្ដាតរបស់យើងដ៏ត្រឹមត្រូវ។ ពីព្រោះនេះជាអ្វីដែលប៉ុលបានធ្វើនោះ គាត់អាចរំឭកពួកថែស្សាឡូនីចថា៖ «ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹង អ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូនទាំងទូន្មាន នឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់»។ (ថែស្សាឡូនីចទី១ ២:១១, ១២) ដោយបានទុកគំរូដ៏ប្រសើរចំពោះរឿងនេះ ប៉ុលអាចដាស់តឿនគ្រីស្ទានគ្នីគ្នាឲ្យ«ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ចូរគិតដល់ផលល្អដែលយើងអាចធ្វើទៅបាន ដោយប្រើអណ្ដាតដើម្បីកំសាន្ត លើកទឹកចិត្ត និងកំឡាទឹកចិត្តអ្នកដទៃ។ ត្រូវហើយ«ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎»! (សុភាសិត ១៥:២៣) ម្យ៉ាងវិញទៀត ពាក្យសំដីបែបនេះជួយយើងផ្សព្វផ្សាយហើយរក្សាឯកភាពនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។
សូមឲ្យចេះអត់ឱនទោស!
១៣. ហេតុអ្វីក៏យើងត្រូវចេះអត់ឱនទោស?
១៣ ការអត់ឱនទោសឲ្យអ្នកដែលធ្វើខុស ដែលបានសុំទោសពីយើង គឺចាំបាច់ណាស់ បើយើងចង់រក្សាឯកភាពគ្រីស្ទាន។ ហើយតើយើងត្រូវអត់ឱនទោសប៉ុន្មានដង? ព្រះយេស៊ូបានមានបន្ទូលប្រាប់ពេត្រុសថា៖ «ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់ចិតសិប៧ដងទៅទៀត»។ (ម៉ាថាយ ១៨:២២) បើសិនជាយើងមិនអត់ឱនទោស យើងនឹងមិនទទួលប្រយោជន៍ផ្ទាល់ខ្លួនទេ។ តើយ៉ាងដូចម្ដេចទៅ? ពីព្រោះសម្អប់និងការចងគំនុំធ្វើឲ្យយើងលែងមានគំនិតសុខសាន្ត។ ហើយបើសិនជាយើងជាប់ឈ្មោះជាមនុស្សគ្មានមេត្ដា ហើយមិនចេះអត់ឱនទោស យើងប្រហែលជានាំឲ្យមានទុក្ខដល់សាច់ឈាមយើង។ (សុភាសិត ១១:១៧) ការចងគំនុំជាអ្វីដែលព្រះមិនសព្វព្រះហឫទ័យ ហើយអាចនាំឲ្យមានអំពើបាបដ៏ធ្ងន់ផង។ (លេវីវិន័យ ១៩:១៨) ចូរចងចាំថា យ៉ូហានដែលជាអ្នកធ្វើបុណ្យជ្រមុជទឹកត្រូវបានគេកាត់ក ដែលបានគិតគូរក្បត់ដោយនាងហេរ៉ូឌាសដ៏អាក្រក់ ដែលបាន«ចងគំនុំ»ទាស់នឹងគាត់។—ម៉ាកុស ៦:១៩-២៨
១៤. (ក) តើម៉ាថាយ ៦:១៤, ១៥ បង្រៀនយើងយ៉ាងណាខ្លះអំពីការអត់ឱនទោស? (ខ) តើយើងត្រូវតែចាំគេសុំទោសសិន មុនអត់ឱនទោសឲ្យអ្នកណាម្នាក់ឬ?
១៤ គំរូអធិស្ឋានរបស់ព្រះយេស៊ូ រាប់បញ្ចូលនឹងពាក្យនេះថា៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។ (លូកា ១១:៤) បើសិនជាយើងមិនអត់ឱនទោស នោះនៅថ្ងៃណាមួយព្រះយេហូវ៉ានឹងលែងអត់ឱនទោសបាបរបស់យើងដែរ ដ្បិតព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ»។ (ម៉ាថាយ ៦:១៤, ១៥) ដូច្នេះបើសិនជាយើងចង់បំពេញភារៈរបស់យើងក្នុងការរក្សាឯកភាពក្នុងពួកអ្នកថ្វាយបង្គំនៃគ្រួសាររបស់ព្រះយេហូវ៉ា យើងត្រូវតែចេះអត់ឱនទោស មិនគ្រាន់តែបំភ្លេចកំហុស ដែលមានឡើងពីការមិនចេះគិតគូរ ឬដោយអចេតនា។ ប៉ុលបាននិយាយថា៖ «ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជា[ព្រះយេហូវ៉ា]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ (កូល៉ុស ៣:១៣) នៅពេលដែលយើងអត់ឱនទោស យើងនឹងជួយរក្សាឯកភាពដ៏មានតម្លៃនៃអង្គការរបស់ព្រះយេហូវ៉ា។
ឯកភាពនិងសេចក្ដីសម្រេចចិត្តផ្ទាល់ខ្លួន
១៥. តើអ្វីដែលជួយប្រជារាស្ត្ររបស់ព្រះយេហូវ៉ាក្នុងការរក្សាឯកភាព នៅពេលធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន?
១៥ ព្រះបានបង្កើតយើងឲ្យមានចិត្តសេរី ឲ្យមានឯកសិទ្ធិនិងភារកិច្ចក្នុងការសម្រេចចិត្តផ្ទាល់ខ្លួន។ (ចោទិយកថា ៣០:១៩, ២០; កាឡាទី ៦:៥) ប៉ុន្តែ យើងអាចរក្សាឯកភាពរបស់យើង ពីព្រោះយើងធ្វើតាមក្រិត្យនិងគោលការណ៍របស់ព្រះគម្ពីរ។ យើងយករបស់ទាំងនេះមកគិត នៅពេលដែលធ្វើសេចក្ដីសម្រេចចិត្តផ្ទាល់ខ្លួន។ (កិច្ចការ ៥:២៩; យ៉ូហានទី១ ៥:៣) ឧបមាថា មានបញ្ហាមួយដែលទាក់ទងនឹងអព្យាក្រឹតភាព។ យើងអាចសម្រេចចិត្តផ្ទាល់ខ្លួន ដោយដឹងថាយើង«មិនមែនជារបស់ផងលោកីយ» ហើយថាយើងបាន‹យកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល›។ (យ៉ូហាន ១៧:១៦; អេសាយ ២:២-៤) ស្រដៀងគ្នានេះ នៅពេលដែលយើងត្រូវតែធ្វើសេចក្ដីសម្រេចផ្ទាល់ខ្លួន ចំពោះទំនាក់ទំនងរបស់យើងជាមួយនឹងរដ្ឋ យើងគិតអំពីអ្វីដែលព្រះគម្ពីរបានចែងអំពីការថ្វាយ«របស់ព្រះទៅព្រះ» ហើយចុះចូលខ្លួនយើងដល់«រាជការ»ក្នុងរឿងដែលមិនទាក់ទងនឹងព្រះ។ (លូកា ២០:២៥; រ៉ូម ១៣:១-៧; ទីតុស ៣:១, ២) ត្រូវហើយ ការយកក្រិត្យនិងគោលការណ៍របស់ព្រះគម្ពីរមកគិត នៅពេលធ្វើសេចក្ដីសម្រេចចិត្តផ្ទាល់ខ្លួន នឹងជួយយើងឲ្យរក្សាឯកភាពគ្រីស្ទានរបស់យើង។
១៦. តើតាមរបៀបណាដែលយើងអាចជួយរក្សាឯកភាព ពេលធ្វើការសម្រេចចិត្តដែលមិនទាក់ទងនឹងក្រិត្យឬគោលការណ៍ក្នុងព្រះគម្ពីរនោះ? សូមពន្យល់។
១៦ យើងអាចជួយរក្សាឯកភាពគ្រីស្ទាន សូម្បីតែនៅពេលសម្រេចចិត្តផ្ទាល់ខ្លួន ដែលមិនទាក់ទងនឹងក្រិត្យឬគោលការណ៍ក្នុងព្រះគម្ពីរក៏ដោយ។ តើយ៉ាងដូចម្ដេច? គឺដោយបង្ហាញការយោគយល់ដ៏ជាទីស្រឡាញ់ចំពោះអ្នកដទៃ ដែលអាចមានឥទ្ធិពលលើគេដោយសារសេចក្ដីសម្រេចចិត្តរបស់យើង។ ឧទាហរណ៍៖ ក្នុងក្រុមជំនុំនៃកូរិនថូសពីដើម បញ្ហាមួយបានកើតឡើងចំពោះការបរិភោគសាច់ដែលថ្វាយទៅរូបព្រះ។ ប្រាកដហើយ គ្រីស្ទានមិនចូលរួមក្នុងការធ្វើបុណ្យបែបនោះទេ។ ប៉ុន្តែ គឺគ្មានបាបទេក្នុងការបរិភោគសាច់ដែលនៅសល់បែបនេះ ដែលបានសម្រក់យកឈាមចេញ ដែលបានលក់នៅតាមផ្សារ។ (កិច្ចការ ១៥:២៨, ២៩; កូរិនថូសទី១ ១០:២៥) ប៉ុន្តែ គ្រីស្ទានខ្លះមានមនសិការមិនត្រឹមត្រូវ ចំពោះការបរិភោគសាច់នេះ។ ដូច្នេះប៉ុលដាស់តឿនពួកគ្រីស្ទានដទៃទៀតឲ្យចៀសវាងពីធ្វើឲ្យគេជំពប់។ តាមពិត គាត់បានសរសេរថា៖ «ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វីនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល»។ (កូរិនថូសទី១ ៨:១៣) ដូច្នេះ ទោះបីមិនទាក់ទងនឹងក្រិត្យឬគោលការណ៍ព្រះគម្ពីរក៏ដោយ ជាការដ៏ស្រឡាញ់ បើយើងគិតដល់អ្នកដទៃ នៅពេលដែលធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើឯកភាពនៃគ្រួសាររបស់ព្រះ!
១៧. តើអ្វីដែលយើងត្រូវធ្វើ នៅពេលដែលយើងត្រូវតែធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន?
១៧ បើសិនជាយើងមិនប្រាកដក្នុងការសម្រេចចិត្តណាមួយ ជាការដ៏មានប្រាជ្ញាក្នុងការសម្រេចចិត្តដែលធ្វើឲ្យយើងមានមនសិការជ្រះថ្លា ហើយអ្នកដទៃត្រូវគោរពសេចក្ដីសម្រេចចិត្តរបស់យើង។ (រ៉ូម ១៤:១០-១២) ប្រាកដហើយ នៅពេលដែលយើងត្រូវតែសម្រេចចិត្តផ្ទាល់ខ្លួន យើងត្រូវតែសុំការណែនាំពីព្រះយេហូវ៉ាដោយសេចក្ដីអធិស្ឋាន។ ដូចអ្នកតែងបទទំនុកដំកើង យើងអាចអធិស្ឋានដោយទុកចិត្តថា៖ «សូមផ្ទៀងព្រះកាណ៌មកស្ដាប់ទូលបង្គំ . . . ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត ហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំដោយយល់ដល់ព្រះនាមទ្រង់»។—ទំនុកដំកើង ៣១:២, ៣
ចូររក្សាឯកភាពគ្រីស្ទានជានិច្ច
១៨. តើតាមរបៀបណាដែលប៉ុលពន្យល់អំពីឯកភាពនៃក្រុមជំនុំគ្រីស្ទាន?
១៨ ក្នុងកូរិនថូសទី១ ជំពូក១២ ប៉ុលបានប្រើរូបកាយមនុស្សដើម្បីពន្យល់ឯកភាពនៃក្រុមជំនុំគ្រីស្ទាន។ គាត់បានបញ្ជាក់អំពីការពឹងទៅលើគ្នានិងសារៈសំខាន់នៃសមាជិកនិមួយៗ។ ប៉ុលបានសួរថា៖ «បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា? តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ហើយភ្នែកពុំអាចនិយាយទៅដៃថា ‹អញមិនត្រូវការនឹងឯងទេ› ឬក្បាលនិយាយទៅជើងថា ‹អញមិនត្រូវការនឹងឯងដែរនោះឡើយ› »។ (កូរិនថូសទី១ ១២:១៩-២១) ស្រដៀងគ្នាដែរ មិនមែនយើងគ្រប់គ្នាក្នុងគ្រួសារនៃអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា មានមុខនាទីដូចគ្នាទេ។ ប៉ុន្តែ យើងមានឯកភាព ហើយយើងត្រូវការគ្នាទៅវិញទៅមក។
១៩. តើយើងអាចទទួលប្រយោជន៍ពីសំវិធានការខាងវិញ្ញាណរបស់ព្រះយ៉ាងណា ហើយតើបងប្រុសម្នាក់និយាយយ៉ាងណាអំពីរឿងនេះ?
១៩ ដូចជារូបកាយត្រូវការអាហារ ការថែរក្សា និងការណែនាំ យើងក៏ត្រូវការសំវិធានការខាងវិញ្ញាណ ដែលព្រះប្រទានឲ្យយើងតាមបន្ទូល វិញ្ញាណនិងអង្គការរបស់ទ្រង់ដែរ។ ដើម្បីឲ្យទទួលប្រយោជន៍ពីសំវិធានការទាំងនេះ យើងត្រូវតែជាផ្នែកនៃគ្រួសាររបស់ព្រះយេហូវ៉ាលើផែនដីនេះ។ ក្រោយពីបានបំរើព្រះជាយូរឆ្នាំមកហើយ បងប្រុសម្នាក់និយាយថា៖ «ខ្ញុំមានអំណរគុណណាស់ ដែលខ្ញុំរស់នៅតាមចំណេះវិជ្ជាអំពីគោលបំណងរបស់ព្រះយេហូវ៉ា តាំងពីជំនាន់ដើមមុនឆ្នាំ១៩១៤ នៅពេលដែលសេចក្ដីពិតមិនសូវជាច្បាស់ . . . រហូតមកដល់សព្វថ្ងៃនេះ នៅពេលដែលសេចក្ដីពិតចាំងដូចថ្ងៃ។ បើមានអ្វីមួយដែលសំខាន់ចំពោះខ្ញុំនោះ នេះគឺរឿងនៃការរក្សាឲ្យនៅជិតអង្គការរបស់ព្រះយេហូវ៉ាដែលមើលឃើញ។ អតីតពិសោធរបស់ខ្ញុំ បានបង្រៀនខ្ញុំថាមិនត្រឹមត្រូវទេក្នុងការទុកចិត្តទៅលើការវែកញែករបស់មនុស្ស។ នៅពេលមួយ គំនិតរបស់ខ្ញុំបានសុខចិត្តដល់ចំណុចនោះ ខ្ញុំសម្រេចចិត្តក្នុងការរក្សាសេចក្ដីស្មោះត្រង់ដល់អង្គការរបស់ទ្រង់។ តើមានផ្លូវឯណាទៀតដើម្បីទទួលពរនិងអនុគ្រោះពីព្រះយេហូវ៉ានោះ»?
២០. ចំពោះឯកភាពរបស់យើង តើអ្វីដែលយើងត្រូវធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា?
២០ ព្រះយេហូវ៉ាបានហៅប្រជារាស្ត្ររបស់ទ្រង់ចេញពីលោកីយ៍ដ៏ងងឹតនិងគ្មានឯកភាព។ (ពេត្រុសទី១ ២:៩) ទ្រង់បាននាំយើងចូលទៅឯកភាពដែលមានពរជាមួយទ្រង់និងជាមួយពួកអ្នកជឿព្រះគ្នីគ្នា។ ឯកភាពនេះនឹងមាននៅក្នុងរបបលោកីយ៍ថ្មី ដែលកំពុងតែខិតមកជិតហើយនោះ។ ដូច្នេះ ក្នុងថ្ងៃជាន់ក្រោយបង្អស់ដ៏លំបាកនេះ សូមឲ្យយើងបន្ត‹មានសេចក្ដីស្រឡាញ់› ហើយធ្វើអ្វីៗទាំងអស់ដើម្បីផ្សព្វផ្សាយហើយរក្សាឯកភាពដ៏មានតម្លៃរបស់យើង។—កូល៉ុស ៣:១៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ការបំរើតាមបំណងរបស់ព្រះហើយកាន់ខ្ជាប់នឹងសេចក្ដីពិតជួយយើងឲ្យរក្សាឯកភាព?
◻ តើតាមរបៀបណាដែលឯកភាពទាក់ទងនឹងការប្រើអណ្ដាតដ៏ត្រឹមត្រូវ?
◻ តើការអត់ឱនទោសទាក់ទងអ្វីខ្លះ?
◻ តើតាមរបៀបណាដែលយើងរក្សាឯកភាព នៅពេលដែលធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន?
◻ ហេតុអ្វីក៏ត្រូវរក្សាឯកភាពគ្រីស្ទាន?
[រូបភាពនៅទំព័រ២៨]
ដូចជាអ្នកគង្វាលនេះរក្សាហ្វូងចៀមគាត់ជាមួយគ្នា ព្រះយេហូវ៉ាក៏រក្សាប្រជារាស្ត្រទ្រង់ឲ្យមានឯកភាពដែរ
[រូបភាពនៅទំព័រ៣០]
ដោយសុំទោសនៅពេលដែលយើងធ្វើខុស យើងនឹងជួយធ្វើឲ្យមានឯកភាព