បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៣ ទំ. ៩-១៤
  • ឪពុកម្ដាយ ចូររីករាយនឹងកូនរបស់ខ្លួនចុះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឪពុកម្ដាយ ចូររីករាយនឹងកូនរបស់ខ្លួនចុះ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​គូស​បញ្ជាក់​បន្ទូល​នៃ​ព្រះ​យេហូវ៉ា
  • ការ​ហ្វឹកហ្វឺន​ពី​ទារកភាព
  • ការ​ស្រោច«ទឹក»ឲ្យ​បាន​ទៀង​ទាត់
  • ផ្ដល់​ការ​ការ​ពារ​ដល់​ពួក​ក្មេង​ៗ
  • ការ​ផ្ដល់​ពាក្យ​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់
  • រង្វាន់​ដែល​សម​នឹង​កិច្ច​ប្រឹង​ប្រែង
  • អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក
    គន្លឹះនៃសុភមង្គលគ្រួសារ
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • របៀបកសាងក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • កូនរបស់យើងជាមត៌កដ៏វិសេសវិសាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៣ ទំ. ៩-១៤

ឪពុក​ម្ដាយ ចូរ​រីករាយ​នឹង​កូន​របស់​ខ្លួន​ចុះ

‹ឪពុក​ម្ដាយ​ឯង​នឹង​បាន​រីករាយ›។—សុភាសិត ២៣:២៥

១. តើ​អ្វី​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មាន​ចិត្ត​រីករាយ​នឹង​កូន​របស់​គេ?

ជា​ការ​ល្អ​ប្រសើរ​ក្នុង​ការ​ឃើញ​កូន​ឈើ​ដុះ​លូត​លាស់​ទៅ​ជា​ដើម​ឈើ​ដ៏​ធំ​ស្កឹមស្កៃ​មួយ ដែល​ផ្ដល់​ឲ្យ​ម្លប់​និង​សោភ័ណ​ភាព—ជា​ពិសេស​បើ​អ្នក​បាន​ដាំ ហើយ​មើល​ថែ​រក្សា​ដើម​នោះ! ស្រដៀង​គ្នា​នេះ ឪពុក​ម្ដាយ​ដែល​បាន​មើល​ថែ​រក្សា​កូន​ក៏​នឹង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ដែរ បើ​កាល​ណា​វា​បាន​ធំ​លូត​លាស់​ទៅ​ជា​អ្នក​បំរើ​របស់​ព្រះ​ដែល​មាន​គំនិត​ចាស់​ទុំ ដ្បិត​គម្ពីរ​សុភាសិត​ចែង​ថា៖ «ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ​សារ​កូន​នោះ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្ដាយ​ឯង​បាន​រីករាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំ​រាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង»។—សុភាសិត ២៣:២៤, ២៥

២, ៣. (ក) តើ​ឪពុក​ម្ដាយ​អាច​ជៀស​វាង​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​និង​ភាព​ជូរ​ល្វីង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​កូន​ឈើ​និង​កូន​មនុស្ស​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ប្រភព​នៃ​ការ​សប្បាយ?

២ ប៉ុន្តែ កូន​ម្នាក់​មិន​អាច​ក្លាយ​ទៅ​ជា«សុចរិត» ហើយ​មាន«ប្រាជ្ញា»ដោយ​ខ្លួន​ឯង​បាន​ទេ។ គឺ​ត្រូវ​ការ​កិច្ច​ប្រឹង​ប្រែង​ច្រើន ដើម្បី​រក្សា​កូន​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រភព​នៃ«សេចក្ដី​ទុក្ខ​ព្រួយ» និង ‹ជូរ​ល្វីង› ក៏​ដូច​ជា​ត្រូវ​ការ​កិច្ច​ប្រឹង​ប្រែង​ច្រើន​ដែរ ដើម្បី​ឲ្យ​កូន​ឈើ​បាន​ក្លាយ​ទៅ​ជា​ដើម​ឈើ​ដ៏​ធំ​ស្កឹមស្កៃ​នោះ។ (សុភាសិត ១៧:២១, ២៥) ឧទាហរណ៍ បង្គោល​អាច​ជួយ​ទប់​ទល់​កូន​ឈើ​ឲ្យ​ដុះ​បាន​ត្រង់​និង​មាំ​មួន។ ការ​ស្រោច​ទឹក​ឲ្យ​បាន​ទៀង​ទាត់​ជា​ការ​សំខាន់​ណាស់ ហើយ​ក៏​ត្រូវ​តែ​ការ​ពារ​កូន​ឈើ​នោះ​ពី​សត្វ​ចង្រៃ​ផ្សេង​ៗ​ដែរ។ ចុង​ក្រោយ​បង្អស់ គឺ​ត្រូវ​កាត់​តម្រឹម​មែក​តូច​ៗ​ចេញ ដើម្បី​ឲ្យ​ដើម​នោះ​ក្លាយ​ទៅ​ជា​ដើម​ឈើ​ដ៏​មាន​សោភ័ណ​ភាព​ល្អ។

៣ បន្ទូល​របស់​ព្រះ​បង្ហាញ​ថា កូន​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​នៃ​ព្រះ ការ​ស្រោច​ទឹក​ឲ្យ​បាន​ជោគ​ពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ ការ​ការ​ពារ​ពី​ការ​រំលោភ​ខាង​សីលធម៌ ហើយ​ត្រូវ​ការ​ការ​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​កាត់​យក​លក្ខណៈ​ឥត​គប្បី​ចេញ។ ដើម្បី​ផ្ដល់​សេចក្ដី​ត្រូវ​ការ​នេះ ឪពុក​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​បង្រៀន​កូន​របស់​ខ្លួន‹ទៅ​តាម​ដំបូន្មាន​និង​ការ​ហ្វឹកហ្វឺន​គំនិត​នៃ​ព្រះ​យេហូវ៉ា›។ (អេភេសូរ ៦:៤) តើ​ការ​នេះ​ជាប់​ទាក់​ទង​អ្វី​ខ្លះ?

ការ​គូស​បញ្ជាក់​បន្ទូល​នៃ​ព្រះ​យេហូវ៉ា

៤. តើ​ឪពុក​ម្ដាយ​មាន​ភារកិច្ច​អ្វី​ខ្លះ​ចំពោះ​កូន​របស់​ខ្លួន ហើយ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​សិន​មុន​សម្រេច​ភារកិច្ច​នោះ?

៤ ‹ការ​ហ្វឹកហ្វឺន​គំនិត​នៃ​ព្រះ​យេហូវ៉ា› មាន​ន័យ​ថា​ការ​ហ្វឹកហ្វឺន​គំនិត​របស់​យើង​ឲ្យ​អនុលោម​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ឪពុក​ម្ដាយ​ត្រូវ​តែ​ដាំ​បណ្ដុះ​ក្នុង​កូន​តូច​ៗ​របស់​ខ្លួន​ពី​គំនិត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ ហើយ​ពួក​គេ​ក៏​ត្រូវ​តែ​យក​ត្រាប់​តាម​គំរូ​របស់​ព្រះ​ក្នុង​ការ​ប្រដៅ​ដោយ​ចិត្ត​មេត្ដា ឬ ការ​បង្រៀន​កែ​ខ្លួន។ (ទំនុកដំកើង ១០៣:១០, ១១; សុភាសិត ៣:១១, ១២) ប៉ុន្តែ មុន​នឹង​ឪពុក​ម្ដាយ​អាច​ធ្វើ​ការ​នេះ​បាន ពួក​គេ​ត្រូវ​តែ​ស្រូប​យក​បន្ទូល​របស់​ព្រះ​យេហូវ៉ា​សំរាប់​ខ្លួន​គេ​សិន ដូច​ព្យាការី​របស់​ព្រះ លោក​ម៉ូសេ​បាន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ពី​បុរាណ​ថា៖ «សេចក្ដី​ទាំង​នេះ[ពី​ព្រះ​យេហូវ៉ា]ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ»។—ចោទិយកថា ៦:៦

៥. នៅ​ពេល​ណា និង​តាម​របៀប​ណា ដែល​ឪពុក​ម្ដាយ​អ៊ីស្រាអែល​ត្រូវ​បង្ហាត់​កូន​របស់​គេ ហើយ​ពាក្យ​ថា«ប្រិត​ប្រៀន»មាន​ន័យ​ថា​អ្វី?

៥ ការ​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​បាន​ទៀង​ទាត់ ការ​ជញ្ជឹង​គិត និង​ការ​អធិស្ឋាន ជួយ​ប្រដាប់​ឪពុក​ម្ដាយ ឲ្យ​ធ្វើ​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បញ្ជា​នេះ​ថា៖ «ត្រូវ​ឲ្យ​ប្រិត​ប្រៀន[បន្ទូល​របស់​ព្រះ​យេហូវ៉ា]ដល់​កូន​ចៅ​ឯង​ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​ប្រែ​ថា«ប្រិត​ប្រៀន» មាន​ន័យ «ថា​តាម» «និយាយ​ម្ដង​ហើយ​ម្ដង​ទៀត» «ផ្ដិត​ឲ្យ​ជាប់»។ សូម​កត់​សម្គាល់​ត​ទៅ​ទៀត​អំពី​របៀប​ដែល​លោក​ម៉ូសេ​គូស​បញ្ជាក់​នូវ​សេចក្ដី​ត្រូវ​ការ ក្នុង​ការ​ដាក់​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជា​ទី​មួយ៖ «ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សំគាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​ឯង​ផង ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង»។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​របស់​ខ្លួន​ឲ្យ​បាន​ទៀង​ទាត់​និង​ដោយ​សេចក្ដី​ស្រឡាញ់!—ចោទិយកថា ៦:៧​-​៩

៦. តើ​ឪពុក​ម្ដាយ​ត្រូវ​ប្រិត​ប្រៀន​អ្វី​ដល់​កូន​របស់​គេ ហើយ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

៦ តើ​អ្វី​ជា‹ពាក្យ​ទាំង​នេះ›របស់​ព្រះ​យេហូវ៉ា ដែល​ឪពុក​ម្ដាយ​ត្រូវ​តែ​ប្រិត​ប្រៀន​ដល់​កូន​របស់​គេ? លោក​ម៉ូសេ​ទើប​តែ​បាន​ប្រាប់​ម្ដង​ទៀត​នូវ​អ្វី​ដែល​គេ​និយម​ហៅ​ថា ក្រិត្យ​វិន័យ​ដប់​ប្រការ ដែល​មាន​ទាំង​វិន័យ​កុំ​ឲ្យ​សម្លាប់​គ្នា កុំ​ឲ្យ​ផិត​គ្នា កុំ​ឲ្យ​លួច​ប្លន់ កុំ​ឲ្យ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ហើយ​កុំ​ឲ្យ​លោភ​លន់។ សេចក្ដី​តម្រូវ​ខាង​សីលធម៌​នេះ រួម​ទាំង​សេចក្ដី​បង្គាប់​ឲ្យ «ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង» នេះ​ហើយ​ជា​សេចក្ដី​ដែល​ឪពុក​ម្ដាយ​អ៊ីស្រាអែល​ត្រូវ​តែ​ប្រិត​ប្រៀន​ដល់​កូន​ចៅ​របស់​គេ។ (ចោទិយកថា ៥:៦​-​២១; ៦:១​-​៥) តើ​លោក​អ្នក​មិន​យល់​ស្រប​ថា នេះ​ជា​សេចក្ដី​បង្រៀន​ដែល​កូន​ចៅ​ត្រូវ​ការ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ​ឬ?

៧. (ក) ក្នុង​ព្រះ​គម្ពីរ តើ​កូន​ប្រៀប​ដូច​អ្វី? (ខ) ឥឡូវ​នេះ តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី?

៧ បណ្ដា​ឪពុក​អ៊ីស្រាអែល​ត្រូវ​បាន​ប្រាប់​ថា៖ «ប្រពន្ធ​ឯង​នឹង​បាន​ដូច​ជា​ដើម​ទំពាំង​បាយ​ជូរ មាន​ផ្លែ​ដែល​ដាំ​នៅ​ក្នុង​ទី​ធ្លា​នៃ​ផ្ទះ​ឯង កូន​ឯង​ទាំង​ប៉ុន្មាន​នឹង​បាន​ដូច​ជា​ដើម​អូលីវ​នៅ​ជុំ​វិញ​តុ​របស់​ឯង»។ (ទំនុកដំកើង ១២៨:៣) ប៉ុន្តែ ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​រីករាយ​នឹង«កូន​ឈើ»របស់​ខ្លួន ជា​ជាង​កើត​ទុក្ខ ពួក​គេ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ខ្លួន​នឹង​កូន​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ។ (សុភាសិត ១០:១; ១៣:២៤; ២៩:១៥, ១៧) ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ខ្លះ​ៗ ដែល​ឪពុក​ម្ដាយ​អាច​បង្ហាត់​បង្រៀន ស្រោច​ទឹក​ខាង​វិញ្ញាណ ការ​ពារ ហើយ​ប្រដៅ​កូន​របស់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ យ៉ាង​ណា​ឲ្យ​គេ​អាច​រីករាយ​នឹង​កូន​របស់​គេ។

ការ​ហ្វឹកហ្វឺន​ពី​ទារកភាព

៨. (ក) តើ​អ្នក​ណា​ជា​បង្គោល​ហ្វឹកហ្វឺន​របស់​ធីម៉ូថេ? (ខ) ការ​ហ្វឹកហ្វឺន​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

៨ សូម​ពិនិត្យ​មើល​ធីម៉ូថេ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ម្ដាយ​និង​ជីដូន​របស់​គាត់—ដែល​ប្រៀប​ដូច​ជា​បង្គោល​ហ្វឹកហ្វឺន​ដ៏​មាំ​មួន​ពីរ។ ដោយ​សារ​ឪពុក​របស់​ធីម៉ូថេ​ជា​សាសន៍​ក្រិក ហើយ​តាម​មើល​ទៅ​មិន​ជា​អ្នក​ជឿ ដូច្នេះ​ម្ដាយ​របស់​គាត់​ដែល​ជា​សាសន៍​យូដា ឈ្មោះ​អ៊ើនីស និង​ម្ដាយ​របស់​នាង​ឈ្មោះ​ឡូអ៊ីស គឺ​ជា​អ្នក​ដែល​បាន​បង្ហាត់​បង្រៀន​ក្មេង​នោះ‹តាំង​ពី​ក្មេង​តូច​មក​ឲ្យ​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន›។ (ធីម៉ូថេ​ទី​២ ១:៥; ៣:១៥; កិច្ច​ការ ១៦:១) ការ​ខំ​ប្រឹង​ប្រែង​បង្រៀន​ធីម៉ូថេ—សូម្បី​តែ​កាល​ដែល​គាត់​នៅ​ជា​កូន​ង៉ែត—អំពី«ការ​អស្ចារ្យ​ដែល[ព្រះ​យេហូវ៉ា]បាន​ធ្វើ» បាន​ផ្ដល់​លទ្ធផល​ល្អ​ៗ​ជា​ច្រើន។ (ទំនុកដំកើង ៧៨:១, ៣, ៤) ប្រហែល​ក្នុង​កាល​ដែល​គាត់​នៅ​ក្មេង ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​សាសនទូត​បំរើ​នៅ​ប្រទេស​ផ្សេង​ៗ ហើយ​គាត់​ក៏​មាន​មុខ​នាទី​ធំ​ដុំ​មួយ​ក្នុង​ការ​ពង្រឹង​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សម័យ​ពី​ដើម។—កិច្ច​ការ ១៦:២​-​៥; កូរិនថូស​ទី​១ ៤:១៧; ភីលីព ២:១៩​-​២៣

៩. តើ​ពួក​ក្មេង​ៗ​អាច​រៀន​ជៀស​វាង​ពី​អន្ទាក់​នៃ​វត្ថុ​និយម​យ៉ាង​ដូច​ម្ដេច?

៩ ឪពុក​ម្ដាយ​អើយ តើ​អ្នក​ជា​បង្គោល​ហ្វឹកហ្វឺន​ប្រភេទ​ណា? ឧទាហរណ៍ តើ​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​មាន​ទស្សនៈ​ថ្លឹង​ថ្លែង​អំពី​វត្ថុ​ទ្រព្យ​ឬ​ទេ? បើ​ចង់ អ្នក​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ គឺ​មិន​ត្រូវ​ស្វែង​រក​តែ​សម្ភារៈ​ទំនើប​ៗ ឬ វត្ថុ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ។ តែ​បើ​សិន​ជា​អ្នក​ចង់​បាន​វត្ថុ​ទ្រព្យ​វិញ នោះ​កុំ​ភ្ញាក់​ផ្អើល​ឡើយ​បើ​កូន​របស់​អ្នក​ធ្វើ​ត្រាប់​តាម​អ្នក។ (ម៉ាថាយ ៦:២៤; ធីម៉ូថេ​ទី​១ ៦:៩, ១០) ពិត​មែន​ហើយ បើ​បង្គោល​ហ្វឹកហ្វឺន​មិន​ត្រង់​ផង តើ​ឲ្យ​កូន​ឈើ​អាច​ដុះ​ត្រង់​យ៉ាង​ដូច​ម្ដេច​បាន?

១០. ឪពុក​ម្ដាយ​គួរ​តែ​សុំ​ការ​ណែនាំ​ពី​អ្នក​ណា ហើយ​ពួក​គេ​ត្រូវ​មាន​អាកប្បកិរិយា​យ៉ាង​ណា?

១០ ឪពុក​ម្ដាយ​ដែល​សប្បាយ​រីករាយ​នឹង​កូន​របស់​ខ្លួន តែង​តែ​ខំ​ស្វែង​រក​ជំនួយ​ពី​ព្រះ​ក្នុង​ការ​បង្ហាត់​បង្រៀន​ពួក​គេ ដោយ​គិត​តែ​អំពី​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​នៃ​កូន​របស់​ខ្លួន​ជា​និច្ច។ ម្ដាយ​ដែល​មាន​កូន​បួន​នាក់ បាន​និយាយ​ថា៖ «សូម្បី​តែ​មុន​កូន​របស់​យើង​កើត​មក​ម្ល៉េះ យើង​បាន​អធិស្ឋាន​យ៉ាង​ទៀង​ទាត់​ទៅ​ព្រះ​យេហូវ៉ា ឲ្យ​ទ្រង់​ជួយ​យើង​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​ល្អ ឲ្យ​បន្ទូល​របស់​ទ្រង់​ដឹក​នាំ​យើង ហើយ​ឲ្យ​អនុវត្ត​បន្ទូល​នោះ​ក្នុង​ជីវិត​របស់​យើង»។ នាង​បាន​និយាយ​ទៀត​ថា៖ «ឃ្លា​ដែល​ថា‹ព្រះ​យេហូវ៉ា​ជា​ទី​មួយ› នោះ​មិន​មែន​គ្រាន់​តែ​ជា​ឃ្លា​ធម្មតា​ទេ តែ​នេះ​ជា​របៀប​ដែល​យើង​ដឹក​នាំ​ក្នុង​ជីវិត​របស់​យើង»។—ពួក​ចៅហ្វាយ ១៣:៨

ការ​ស្រោច«ទឹក»ឲ្យ​បាន​ទៀង​ទាត់

១១. តើ​កូន​ឈើ​និង​កូន​មនុស្ស​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​បាន​លូត​លាស់?

១១ កូន​ឈើ​ត្រូវ​ការ​ការ​ស្រោច​ទឹក​ជា​ញឹក​ញាប់ ដូច​ជា​បាន​ឃើញ​ហើយ​ថា ដើម​ឈើ​ដែល​នៅ​ក្បែរ​ទន្លេ​ដុះ​លូត​លាស់​បាន​យ៉ាង​ល្អ​ប្រសើរ។ (ប្រៀប​ធៀប វិវរណៈ ២២:១, ២) ពួក​ក្មេង​ៗ​ក៏​នឹង​លូត​លាស់​ចំរើន​ខាង​វិញ្ញាណ​ដែរ បើ​ពួក​គេ​បាន​ទទួល​ការ​ស្រោច​ទឹក​ខាង​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ឲ្យ​បាន​ទៀង​ទាត់។ ប៉ុន្តែ​ឪពុក​ម្ដាយ​ត្រូវ​តែ​យោគ​យល់​ដល់​ប្រវែង​ស្មារតី​នៃ​កូន​របស់​ខ្លួន។ ពេល​បង្រៀន​ខ្លី​ៗ​ដែល​មាន​ជា​ញឹក​ញយ ប្រហែល​ជា​មាន​ប្រសិទ្ធិភាព​ច្រើន​ជាង​ពេល​បង្រៀន​យូរ​ម៉ោង​ដែល​មាន​តែ​ពីរ​បី​ដង។ សូម​កុំ​ឲ្យ​វាយ​បន្ថោក​តម្លៃ​នៃ​ការ​បង្រៀន​ខ្លី​ៗ​ទាំង​នេះ។ ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​គឺ​សំខាន់​ណាស់ ដ្បិត​នេះ​បង្កើត​ឲ្យ​មាន​ចំណង​រវាង​ឪពុក​ម្ដាយ​និង​កូន គឺ​ជា​ការ​ស្និទ្ធ​ស្នាល​ដែល​ព្រះ​គម្ពីរ​ឧស្សាហ៍​ដាស់​តឿន​ឲ្យ​មាន។—ចោទិយកថា ៦:៦​-​៩; ១១:១៨​-​២១; សុភាសិត ២២:៦

១២. តើ​ការ​អធិស្ឋាន​ជា​មួយ​កូន​ក្មេង​មាន​តម្លៃ​យ៉ាង​ណា?

១២ ពេល​ល្ងាច​ជា​ពេល​មួយ​ដែល​អាច​បង្រៀន​កូន។ ក្មេង​ស្រី​ម្នាក់​នៅ​ចាំ​ថា៖ «ឪពុក​ម្ដាយ​របស់​ខ្ញុំ​តែង​តែ​អង្គុយ​នៅ​ជើង​គ្រែ​យើង​រាល់​យប់ ហើយ​ស្ដាប់​យើង​អធិស្ឋាន​ដោយ​ខ្លួន​យើង»។ ចំពោះ​តម្លៃ​នៃ​ការ​ធ្វើ​ដូច្នេះ ក្មេង​ស្រី​ម្នាក់​ទៀត​បាន​និយាយ​ថា៖ «នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទម្លាប់​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រៀង​រាល់​យប់​មុន​នឹង​ខ្ញុំ​ចូល​គេង»។ នៅ​ពេល​ដែល​ពួក​ក្មេង​ឮ​ឪពុក​ម្ដាយ​របស់​គេ​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​អធិស្ឋាន​ទៅ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ នោះ​ទ្រង់​នឹង​ទៅ​ជា​បុគ្គល​ពិត​ជាក់​លាក់​ម្នាក់​ចំពោះ​ពួក​គេ។ ក្មេង​ប្រុស​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​អាច​បិទ​ភ្នែក​ខ្ញុំ​ពេល​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​អាច​ឃើញ​បុគ្គល​ដូច​ជីតា​ម្នាក់​ដ៏​ពិត​ជាក់​ស្តែង។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ឃើញ​ថា ព្រះ​យេហូវ៉ា​ដើរ​តួ​ក្នុង​គ្រប់​អ្វី​ៗ​ដែល​យើង​ធ្វើ​និង​និយាយ»។

១៣. តើ​ពេល​បង្រៀន​ដ៏​ទៀង​ទាត់​អាច​មាន​បញ្ចូល​អ្វី​ខ្លះ?

១៣ ដើម្បី​ជួយ​ពួក​ក្មេង​ៗ​ឲ្យ​ស្រូប​យក​ទឹក​ខាង​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ ឪពុក​ម្ដាយ​អាច​រួម​បញ្ចូល​កិច្ចការ​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ក្នុង​ពេល​បង្រៀន​ដ៏​ទៀង​ទាត់។ ឪពុក​ម្ដាយ​ដែល​មាន​កូន​តូច​ៗ​ពីរ បាន​និយាយ​ថា៖ «កូន​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទទួល​ការ​ហ្វឹកហ្វឺន​ឲ្យ​អង្គុយ​នៅ​ស្ងៀម​ក្នុង​សាល​ព្រះ​រាជាណាចក្រ តាំង​ពី​ពួក​វា​មាន​អាយុ​ពីរ​បី​សប្ដាហ៍​ម្ល៉េះ»។ ឪពុក​ម្នាក់​បាន​រៀប​រាប់នូវ​អ្វី​ៗ​ដែល​គ្រួសារ​របស់​គាត់​បាន​ធ្វើ​ដូច​នេះ​ថា៖ «យើង​បាន​សរសេរ​ឈ្មោះ​សៀវភៅ​គម្ពីរ​ទាំង​អស់​ដាក់​ក្នុង​កាត ហើយ​រួច​មក​យើង​ហាត់​ដាក់​កាត​ទាំង​នោះ​តាម​លំដាប់​លេខ​រៀង តាម​វេន​របស់​យើង​ទាំង​អស់​គ្នា។ ពួក​ក្មេង​ៗ​តែង​តែ​ទន្ទឹង​ចាំ​ល្បែង​នេះ​ណាស់»។ គ្រួសារ​ជា​ច្រើន​មាន​បញ្ចូល​ពេល​បង្រៀន​ខ្លី​ៗ​នៅ​មុន​ពេល​អាហារ ឬ ក្រោយ​ពី​ពេល​អាហារ។ ឪពុក​ម្នាក់​បាន​និយាយ​ថា៖ «អាហារ​ពេល​ល្ងាច​ជា​ពេល​ល្អ​សំរាប់​យើង​ក្នុង​ការ​ពិគ្រោះ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ»។

១៤. (ក) តើ​សកម្មភាព​ល្អ​ៗ​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​កូន​អាច​ចូល​រួប​រួម? (ខ) តើ​កូន​ក្មេង​មាន​សមត្ថភាព​រៀន​យ៉ាង​ណា?

១៤ ពួក​ក្មេង​ៗ​ក៏​ចូល​ចិត្ត​ស្ដាប់​រឿង​ព្រះ​គម្ពីរ​ដ៏​រស់​រវើក​ដែល​មាន​នៅ​ក្នុង​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។a គូ​ស្វាមីភរិយា​មួយ​បាន​សង្កេត​ឃើញ​ថា «នៅ​ពេល​ដែល​កូន​ៗ​នៅ​ពី​តូច យើង​តែង​តែ​បង្រៀន​មេ​រៀន​ក្នុង​សៀវភៅ​រឿង​ព្រះ​គម្ពីរ ហើយ​បន្ទាប់​មក​ពួក​វា​ពាក់​សំលៀក​បំពាក់​ល្ខោន ហើយ​នាំ​គ្នា​ដើរ​តួ​តាម​រឿង​នោះ។ ពួក​វា​ចូល​ចិត្ត​ការ​នេះ​ណាស់ ហើយ​ចេះ​តែ​ទទូច​ចង់​រៀន​ច្រើន​ជាង​មួយ​រឿង​ក្នុង​ពេល​សិក្សា​ម្ដង​ៗ»។ សូម​កុំ​នឹក​ស្មាន​ថា​កូន​របស់​អ្នក​គ្មាន​សមត្ថភាព​រៀន​ឲ្យ​សោះ! ក្មេង​ខ្លះ​ដែល​មាន​អាយុ​បួន​ឆ្នាំ​បាន​ទន្ទេញ​ចាំ​នូវ​អ្វី​ទាំង​អស់​ក្នុង​ជំពូក​ខ្លះ​ៗ​ក្នុង​សៀវភៅ​រឿង​ព្រះ​គម្ពីរ ហើយ​រៀន​ចេះ​អាន​ព្រះ​គម្ពីរ​ទៀត! ក្មេង​ម្នាក់​នៅ​ចាំ​ថា​កាល​នាង​មាន​អាយុ​បី​ឆ្នាំ​កន្លះ នាង​ចេះ​តែ​និយាយ​ពាក្យ«សេចក្ដី​វិនិច្ឆ័យ»មិន​ច្បាស់​ម្ដង​ហើយ​ម្ដង​ទៀត តែ​ឪពុក​របស់​នាង​បាន​លើក​ទឹក​ចិត្ត​នាង​ឲ្យ​បន្ត​ហាត់​និយាយ។

១៥. តើ​អាច​បញ្ចូល​អ្វី​ខ្លះ​ក្នុង​ការ​ពិគ្រោះ​ជា​មួយ​ក្មេង ហើយ​មាន​ភស្តុ​តាង​អ្វី​បង្ហាញ​ថា​ការ​ពិគ្រោះ​បែប​នេះ​មាន​តម្លៃ?

១៥ ការ​រៀន​សូត្រ​ជា​មួយ​កូន​របស់​អ្នក ក៏​អាច​ជួយ​រៀបចំ​ពួក​គេ​ឲ្យ​ចេះ​ចែក​ចាយ​ទឹក​នៃ​សេចក្ដី​ពិត​ជា​មួយ​អ្នក​ឯ​ទៀត​ដែរ ដូច​ជា​នៅ​ពេល​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ។ (ហេព្រើរ ១០:២៤, ២៥) ក្មេង​ស្រី​ម្នាក់​នៅ​ចាំ​ថា «ក្នុង​កំឡុង​ហាត់​រៀន​ម្ដង​ៗ ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តាម​ពាក្យ​របស់​ខ្ញុំ​ផ្ទាល់។ ឪពុក​ម្ដាយ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាន​ដោយ​ឥត​យល់​នោះ​ឡើយ»។ ថែម​ពី​លើ​នោះ​ទៀត ពួក​ក្មេង​ៗ​ក៏​អាច​បង្ហាត់​ឲ្យ​ចូល​រួប​រួម​ក្នុង​កិច្ច​ផ្សាយ​ឲ្យ​បាន​ខ្លឹម​សា​ដែរ។ ស្ត្រី​ម្នាក់​ដែល​ចិញ្ចឹម​ដោយ​ឪពុក​ម្ដាយ​ដ៏​កោត​ខ្លាច​ព្រះ បាន​ពន្យល់​ថា៖ «យើង​មិន​គ្រាន់​តែ​ទៅ​កំដរ​ឪពុក​ម្ដាយ​របស់​យើង​ក្នុង​កិច្ច​ផ្សាយ​របស់​គេ​ប៉ុណ្ណោះ​ទេ។ យើង​ដឹង​ថា​យើង​ត្រូវ​តែ​ចូល​រួម ទោះ​បី​គ្រាន់​តែ​ចុច​កណ្ដឹង​ទ្វារ​ផ្ទះ​ហើយ​ទុក​ប័ណ្ណ​ផ្សាយ​ក៏​ដោយ។ យើង​ដឹង​ច្បាស់​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​និយាយ ដោយ​សារ​តែ​យើង​បាន​រៀបចំ​ទុក​ជា​មុន មុន​នឹង​សកម្មភាព​នៅ​ចុង​សប្ដាហ៍​ម្ដង​ៗ។ យើង​មិន​ដែល​ភ្ញាក់​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​សួរ​ថា​តើ​យើង​នឹង​ទៅ​ផ្សាយ​ឬ​មិន​ទៅ​នោះ​ទេ។ យើង​ដឹង​ថា​យើង​ត្រូវ​តែ​ទៅ»។

១៦. ហេតុ​អ្វី​ក៏​ការ​សិក្សា​ជា​មួយ​កូន​ឲ្យ​បាន​ទៀង​ទាត់​ជា​ការ​សំខាន់?

១៦ ការ​ចាក់​ស្រោច​ទឹក​ខាង​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ទៅ​លើ​ពួក​ក្មេង​ៗ​ឲ្យ​បាន​ទៀង​ទាត់ ជា​ការ​មិន​អាច​ខក​ខាន​បាន​ឡើយ ដែល​មាន​ន័យ​ថា​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ​រាល់​សប្ដាហ៍​ជា​ការ​សំខាន់​ណាស់។ ឪពុក​ម្នាក់​ដែល​មាន​កូន​ពីរ និយាយ​អះអាង​ថា «បុព្វហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ក្មេង​រកាំ​ចិត្ត នោះ​គឺ​ជា​ការ​មិន​ទៀង​ទាត់»។ (អេភេសូរ ៦:៤) គាត់​បាន​និយាយ​ថា៖ «ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​រើស​យក​ថ្ងៃ​និង​ពេល​វេលា​ណា​មួយ ហើយ​បាន​សិក្សា​ជា​គ្រួសារ​តាម​ពេល​វេលា​នោះ​ជាប់​ទៀង​ទាត់។ មិន​យូរ​ប៉ុន្មាន ពួក​ក្មេង​ៗ​ដឹង​ថា​នេះ​ជា​ពេល​រៀន»។ ការ​ហ្វឹកហ្វឺន​ពី​ទារកភាព​បែប​នេះ ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​អនុវត្ត​តាម​ពាក្យ​មួយ​ដែល​ថា ‹បែប​បទ​ណា​ដែល​កូន​ឈើ​ត្រូវ​កែ​ទម្រង់ បែប​បទ​នោះ​ហើយ​ដែល​វា​ត្រូវ​ដុះ​លូត​លាស់›។

១៧. តើ​អ្វី​សំខាន់​ស្មើ​នឹង​ការ​ផ្ដល់​ឲ្យ​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ដល់​កូន​ក្មេង?

១៧ ការ​ផ្ដល់​ឲ្យ​ពួក​ក្មេង​ៗ​នូវ​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ជា​ការ​សំខាន់​មែន ប៉ុន្តែ​គំរូ​របស់​ឪពុក​ម្ដាយ​ក៏​ជា​ការ​សំខាន់​ដែរ។ តើ​កូន​របស់​អ្នក​ឃើញ​អ្នក​កំពុង​តែ​សិក្សា មក​ប្រជុំ​ទៀង​ទាត់ ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​ទេ មែន​ហើយ តើ​គេ​ឃើញ​អ្នក​សប្បាយ​រីករាយ​បំរើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​ទេ? (ទំនុកដំកើង ៤០:៨) ជា​ការ​សំខាន់​ណាស់​បើ​ពួក​គេ​ឃើញ​ដូច្នេះ។ កូន​ស្រី​ម្នាក់​បាន​និយាយ​អំពី​ម្ដាយ​របស់​នាង ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ពី​ប្ដី ហើយ​ដែល​បាន​ចិញ្ចឹម​កូន​ប្រាំ​មួយ​នាក់​ដែល​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ស្មោះ​ត្រង់ ដូច​នេះ​ថា៖ «អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ជាង​គេ​បង្អស់ គឺ​ជា​គំរូ​របស់​អ្នក​ម្ដាយ—គំរូ​នេះ​ល្អ​ជាង​ការ​និយាយ​ហើយ​មិន​ធ្វើ»។

ផ្ដល់​ការ​ការ​ពារ​ដល់​ពួក​ក្មេង​ៗ

១៨. តើ​ឪពុក​ម្ដាយ​អាច​ផ្ដល់​ឲ្យ​ការ​ការ​ពារ​ដល់​កូន​របស់​គេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពួក​ក្មេង​ៗ​នៅ​អ៊ីស្រាអែល​បាន​ទទួល​ការ​បង្រៀន​បែប​ណា​អំពី​អង្គ​ជាតិ​បន្ត​ពូជ?

១៨ ដូច​ជា​កូន​ឈើ​តែង​តែ​ត្រូវ​ការ​ការ​ពារ​ពី​សត្វ​ចង្រៃ​ដ៏​កំណាច នៅ​ក្នុង​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ពួក​ក្មេង​ៗ​ក៏​ត្រូវ​ការ​ការ​ពារ​ពី‹ពួក​មនុស្ស​អាក្រក់›ដែរ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣) តើ​ឪពុក​ម្ដាយ​អាច​ផ្ដល់​ឲ្យ​ការ​ការ​ពារ​នេះ​យ៉ាង​ដូច​ម្ដេច? ដោយ​ជួយ​ពួក​គេ​ឲ្យ​ទទួល​យក​ប្រាជ្ញា​របស់​ព្រះ! (សាស្ដា ៧:១២) ព្រះ​យេហូវ៉ា​បាន​បញ្ជា​ប្រជាជន​អ៊ីស្រាអែល—រួម​ទាំង«កូន​ក្មេង»—ឲ្យ​ស្ដាប់​ការ​អាន​ក្រិត្យ​វិន័យ​របស់​ទ្រង់ ដែល​មាន​ការ​សម្គាល់​ឃើញ​អាកប្បកិរិយា​ខាង​កាម​ដែល​ត្រឹម​ត្រូវ​និង​ឥត​ត្រឹម​ត្រូវ។ (ចោទិយកថា ៣១:១២; លេវីវិន័យ ១៨:៦​-​២៤) ក៏​មាន​ការ​ថ្លែង​ប្រាប់​អំពី​អង្គ​ជាតិ​បន្ត​ពូជ​ដែល រួម​ទាំង ‹ពង​ស្វាស› និង ‹អង្គ​ជាតិ›។ (លេវីវិន័យ ១៥:១​-​៣, ១៦; ២១:២០; ២២:២៤; ជន​គណនា ២៥:៨; ចោទិយកថា ២៣:១០) ដោយ​សារ​តែ​លោកីយ​នៅ​សព្វ​ថ្ងៃ​នេះ​ពុក​រលួយ​ដល់​ម្ល៉េះ ពួក​ក្មេង​ៗ​ត្រូវ​ការ​ដឹង​អំពី​របៀប​ប្រើ​ដែល​ត្រឹម​ត្រូវ​និង​ឥត​ត្រឹម​ត្រូវ នូវ​សរីរាង្គ​ដូច​នេះ ដែល​មាន​ក្នុង​ការ​បង្កើត​របស់​ព្រះ ដែល​ទ្រង់​ហៅ​ថា«ល្អ​ប្រពៃ»។—លោកុប្បត្តិ ១:៣១; កូរិនថូស​ទី​១ ១២:២១​-​២៤

១៩. តើ​អ្វី​ជា​ការ​បង្រៀន​ត្រឹម​ត្រូវ​ដល់​ពួក​ក្មេង​ៗ​អំពី​អង្គ​ជាតិ​របស់​គេ?

១៩ ជា​ការ​ល្អ ឪពុក​ម្ដាយ​ទាំង​ពីរ ឬ​អាណាព្យាបាល​កូន​នោះ គួរ​តែ​ប្រាប់​កូន​ឲ្យ​ដឹង​អំពី​អង្គ​ជាតិ​វា។ បន្ទាប់​មក ពួក​គេ​គួរ​តែ​ពន្យល់​ប្រាប់​កូន​ថា មនុស្ស​ឯ​ទៀត​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប៉ះ​ពាល់​កម្មសិទ្ធិ​ឯកជន​នេះ​បាន​ឡើយ។ ដោយ​ព្រោះ​តែ​ពួក​រំលោភ​កូន​ក្មេង​តែង​តែ​សាក​ល្បង​មើល​ពី​របៀប​ដែល​ក្មេង​ប្រតិកម្ម​នឹង​កលល្បិច​របស់​វា ដូច្នេះ​គួរ​តែ​បង្រៀន​កូន​ក្មេង​ឲ្យ​ចេះ​ទប់​ទល់​យ៉ាង​ម៉ឺង​ម៉ាត់​ហើយ​និយាយ​ថា «ខ្ញុំ​នឹង​ប្រាប់​គេ​អំពី​អ្នក»! ចូរ​បង្គាប់​កូន​របស់​អ្នក​ឲ្យ​ប្រាប់​អំពី​អ្នក​ណា​ដែល​ព្យាយាម​ប៉ះ​ពាល់​ពួក​គេ ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​ស្រួល ទោះ​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ។

ការ​ផ្ដល់​ពាក្យ​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់

២០. (ក) តើ​ពាក្យ​ប្រដៅ​ប្រៀប​ដូច​ការ​កាត់​តម្រឹម​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពាក្យ​ប្រដៅ​មាន​ឥទ្ធិពល​យ៉ាង​ណា​មុន​ដំបូង ប៉ុន្តែ​ទទួល​លទ្ធផល​អ្វី?

២០ ពួក​ក្មេង​ៗ​ទទួល​ប្រយោជន៍​ពី​ការ​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់ ប្រៀប​ដូច​ជា​ដើម​ឈើ​បាន​ទទួល​ប្រយោជន៍​ពី​ការ​កាត់​តម្រឹម​ដែរ។ (សុភាសិត ១:៨, ៩; ៤:១៣; ១៣:១) កាល​ណា​មែក​មិន​ល្អ​ណា​មួយ​ត្រូវ​កាត់​ចេញ មែក​ល្អ​ទៀត​អាច​ដុះ​ចេញ​បាន។ ដូច្នេះ បើ​កូន​របស់​អ្នក​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តែ​ទ្រព្យ​សម្បត្ដិ ចូល​ចិត្ត​តែ​ពួក​ម៉ាក ឬ ការ​កំសាន្ត​មិន​ល្អ ចិត្ត​គំនិត​មិន​ល្អ​ទាំង​នេះ​គឺ​ប្រៀប​ដូច​ជា​មែក​ឈើ​ដែល​ត្រូវ​ការ​កាត់​ចេញ។ បើ​កាត់​យក​ចេញ​ទៅ​បាន នោះ​កូន​របស់​អ្នក​នឹង​អាច​លូត​លាស់​តាម​ទី​ដៅ​ខាង​វិញ្ញាណ​បាន​ល្អ។ មុន​ដំបូង ការ​ប្រដៅ​បែប​នេះ​គឺ​មិន​ស្រួល​ទេ ដូច​ជា​ការ​កាត់​តម្រឹម​អាច​បង្អាក់​ដល់​ដំណើរ​លូត​លាស់​នៃ​ដើម​ឈើ​នោះ​ដែរ។ ប៉ុន្តែ លទ្ធផល​ដ៏​ល្អ​នៃ​ការ​ប្រដៅ គឺ​ជា​ការ​ចំរើន​លូត​លាស់​ជា​ថ្មី​វិញ ទៅ​តាម​ទី​ដៅ​ដែល​អ្នក​ចង់​ឲ្យ​កូន​លូត​លាស់។—ហេព្រើរ ១២:៥​-​១១

២១, ២២. (ក) តើ​អ្វី​បង្ហាញ​ថា​ពាក្យ​ប្រដៅ​មិន​ស្រួល​ឲ្យ​ឬ​ទទួល​ទេ​នោះ? (ខ) ហេតុ​អ្វី​ក៏​ឪពុក​ម្ដាយ​មិន​ត្រូវ​ទប់​ពី​ការ​ប្រដៅ​កូន?

២១ យើង​ឃើញ​ស្រាប់​ហើយ​ថា ការ​ប្រដៅ​គឺ​មិន​មែន​ជា​ការ​ស្រួល​ឲ្យ​ឬ​ទទួល​ទេ។ ឪពុក​ម្នាក់​បាន​សង្កេត​ឃើញ​ថា «កូន​ប្រុស​របស់​ខ្ញុំ​បាន​ដើរ​លេង​ច្រើន​ជា​មួយ​ក្មេង​ម្នាក់ ដែល​អ្នក​ចាស់​ទុំ​បាន​ព្រមាន​ខ្ញុំ​ថា​មិន​ជា​មិត្ត​ល្អ។ ខ្ញុំ​គួរ​តែ​ចាត់​លៃ​លក​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​ដែល​ខ្ញុំ​បាន​ធ្វើ​មក។ ថ្វី​បើ​កូន​របស់​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​ធ្ងន់​ធ្ងរ​ណា​មួយ​ក្ដី តែ​ការ​កែ​ប្រែ​គំនិត​របស់​វា​ត្រូវ​អស់​ពេល​យូរ​បន្ដិច»។ កូន​នោះ​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​មិន​អាច​ចូល​រួម​ជា​មួយ​មិត្ត​សំឡាញ់​របស់​ខ្ញុំ ខ្ញុំ​បាន​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង»។ ប៉ុន្តែ​គាត់​និយាយ​ទៀត​ថា៖ «នេះ​ជា​សេចក្ដី​សម្រេច​ល្អ​មួយ ដ្បិត​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មិត្ត​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បណ្ដាច់​មិត្តភាព​ចេញ»។

២២ បន្ទូល​របស់​ព្រះ​ចែង​ថា «ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន​ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ»។ ដូច្នេះ ទោះ​បី​ជា​ការ​ឲ្យ​ពាក្យ​ប្រដៅ​ពិបាក​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ទប់​ពាក្យ​នោះ​ពី​កូន​សោះ​ឡើយ។ (សុភាសិត ៦:២៣; ២៣:១៣; ២៩:១៧) នៅ​ពេល​ក្រោយ​មក គេ​នឹង​ដឹង​គុណ​ដល់​អ្នក​ដែល​បាន​កែ​ប្រដៅពួក​គេ​ជា​មិន​ខាន។ ក្មេង​ម្នាក់​បាន​នឹក​ចាំ​ថា៖ «ខ្ញុំ​នៅ​ចាំ​ថា​ខ្ញុំ​បាន​ខឹង​ខ្លាំង​ណាស់ ពេល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រដៅ​ខ្ញុំ។ ឥឡូវ​នេះ​ខ្ញុំ​ខឹង​រឹត​តែ​ខ្លាំង​ទៅ​ទៀត បើ​ឪពុក​ម្ដាយ​ខ្ញុំ​មិន​បាន​ប្រដៅ​ខ្ញុំ»។

រង្វាន់​ដែល​សម​នឹង​កិច្ច​ប្រឹង​ប្រែង

២៣. ហេតុ​អ្វី​ក៏​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​កូន សម​នឹង​កិច្ច​ប្រឹង​ប្រែង?

២៣ គ្មាន​អ្វី​គួរ​សង្ស័យ​សោះ​ឡើយ គឺ​ថា​កូន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​និង​អ្នក​ឯ​ទៀត​រីករាយ នោះ​ជា​កូន​ដែល​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​រៀង​រាល់​ថ្ងៃ។ យ៉ាង​ណា​ក្ដី ការ​ប្រឹង​ប្រែង​ជួយ​ពួក​គេ—ទោះ​បី​គេ​ជា​កូន​ខាង​សាច់​ឈាម ឬ​ខាង​វិញ្ញាណ—គឺ​សម​នឹង​រង្វាន់​ដែល​អាច​បាន​មក។ សាវ័ក​ចំណាស់​ម្នាក់​ឈ្មោះ​យ៉ូហាន​បាន​បង្ហាញ​ការ​នេះ នៅ​ពេល​ដែល​លោក​បាន​សរសេរ​ថា៖ «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង»។—យ៉ូហាន​ទី​៣ ៤

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

តើ​អ្នក​ចាំ​ទេ?

◻ តើ​កូន​ឈើ​និង​កូន​ក្មេង​ទាំង​ពីរ​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​គួរ​ជា​ទី​សរសើរ?

◻ ជា​ប្រៀប​ប្រដូច តើ​ឪពុក​ម្ដាយ​អាច​បំរើ​ជា​បង្គោល​ហ្វឹកហ្វឺន​ល្អ​យ៉ាង​ដូច​ម្ដេច?

◻ តើ​អាច​បញ្ចូល​អ្វី​ក្នុង​ការ​បង្រៀន​ជា​មួយ​កូន​ក្មេង ហើយ​តើ​ពួក​គេ​ត្រូវ​បង្រៀន​ឲ្យ​ចេះ​ទប់​ទល់​អ្វី?

◻ តើ​ការ​ប្រដៅ​មាន​ប្រយោជន៍​យ៉ាង​ណា​ដល់​កូន​ក្មេង ដូច​ជា​ការ​កាត់​តម្រឹម​មាន​ប្រយោជន៍​ដល់​ដើម​ឈើ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៩]

Courtesy of Green Chimney’s Farm

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក