ហេតុអ្វីក៏យើងគ្រប់រូបគួរសរសើរព្រះ?
ហាលេលូយ៉ា! ពាក្យនេះនិយមប្រើណាស់ក្នុងចំណោមពួកគ្រីស្ទបរិស័ទជាច្រើនក្នុងពិភពគ្រីស្ទសាសនា។ ពួកគេខ្លះបន្លឺពាក្យនេះយ៉ាងខ្លាំងនៅក្នុងសេវាប្រចាំថ្ងៃអាទិត្យរបស់គេ។ ប៉ុន្តែ តើមានប៉ុន្មាននាក់ដែលយល់ដឹងអត្ថន័យនៃពាក្យនេះ? តាមពិត នេះជាពាក្យហេព្រើរដែលមានន័យថា «សរសើរយ៉ា!» នេះជាសម្រែកសាទរលាន់រំពងអំពីព្រះអាទិទេព ដែលទ្រង់មានព្រះនាមជាយេហូវ៉ា។a
ពាក្យ «ហាលេលូយ៉ា» គឺមានជាញឹកញាប់ក្នុងព្រះគម្ពីរ។ ហេតុអ្វី? ពីព្រោះមានមូលហេតុច្រើនណាស់ក្នុងការសរសើរព្រះ។ យ៉ា (យេហូវ៉ា) ជាព្រះអាទិទេពនិងជាព្រះទំនុកបំរុងដល់សកលលោកដ៏ធំអស្ចារ្យនេះ។ (ទំនុកដំកើង ១៤៧:៤, ៥; ១៤៨:៣-៦) ទ្រង់បានបង្កើតប្រព័ន្ធបរិស្ថានដែលអាចទ្រទ្រង់ជីវិតនៅផែនដី។ (ទំនុកដំកើង ១៤៧:៨, ៩; ១៤៨:៧-១០) ហើយទ្រង់ចាប់ព្រះទ័យយ៉ាងវិសេសមកលើមនុស្សលោក។ បើយើងធ្វើតាមបំណងព្រះហឫទ័យទ្រង់ ទ្រង់នឹងប្រទានពរនិងជួយទំនុកបំរុងយើងក្នុងជីវិតនេះ ហើយទ្រង់នឹងផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមដ៏ពិតប្រាកដអំពីជីវិតល្អប្រសើរនៅខាងមុខ។ (ទំនុកដំកើង ១៤៨:១១-១៤) គឺជាយ៉ា (យេហូវ៉ា) ដែលបានបណ្ដាលឲ្យតែងពាក្យនេះថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
ដូច្នេះ សូមដាស់តឿនគ្រប់ៗគ្នាឲ្យនិយាយថា៖ «ហាលេលូយ៉ា»! «ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»! (ទំនុកដំកើង ១០៤:៣៥) គួរឲ្យស្ដាយដែរ ឥតមានមនុស្សទាំងអស់ធ្វើតាមទេ។ នៅសព្វថ្ងៃនេះ មនុស្សកំពុងតែរងទុក្ខវេទនា។ មានមនុស្សជាច្រើនស្រេកឃ្លាន ឈឺ ឬត្រូវគេជិះជាន់។ មួយចំនួនទៀតបានអត់ទ្រាំនឹងទុក្ខលំបាកជាច្រើន ដោយសារការប្រើប្រាស់ឥតត្រឹមត្រូវនូវឱសថឬស្រា ឬកម្មផលនៃអំពើឥតសីលធម៌ ឬការបះបោរ។ តើមានមូលហេតុណាមួយដែលមនុស្សបែបនេះគួរសរសើរព្រះទេ?
‹មានតែព្រះយេហូវ៉ាទេដែលអាចធ្វើឲ្យខ្ញុំមានសង្ឃឹម›
ប្រាកដហើយគឺមានមែន ដ្បិតព្រះយេហូវ៉ាអញ្ជើញមនុស្សគ្រប់គ្នាឲ្យស្គាល់ទ្រង់ ឲ្យរៀនធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយឲ្យទទួលពរដែលធ្វើឲ្យមនុស្សចង់សរសើរទ្រង់។ ហើយមានមនុស្សជាច្រើនធ្វើតាម។ ឧទាហរណ៍ អេទ្រីអាន្នា រស់នៅក្នុងប្រទេសគួតេម៉ាឡា។ កាលដែលនាងមានអាយុប្រាំពីរឆ្នាំ ម្ដាយនាងបានទទួលមរណភាព។ មិនយូរប៉ុន្មានក្រោយមក ឪពុកនាងបានចាកចេញពីនាង។ នៅពេលនាងមានអាយុដប់ឆ្នាំ នាងបានចាប់ផ្ដើមរកស៊ីចិញ្ចឹមជីវិត។ ដោយសារម្ដាយនាងបានប្រាប់នាងឲ្យបំរើព្រះហើយទៅព្រះវិហារ អេទ្រីអាន្នាចូលរួបរួមជាមួយក្រុមសាសនាកាតូលិក ប៉ុន្តែដល់អាយុ១២ឆ្នាំ នាងតូចចិត្តនឹងពួកកាតូលិក ហើយក៏បានចូលរួមចំណែកជាមួយពួកមនុស្សខូច។ នាងចាប់ជក់បារី ប្រើគ្រឿងញៀន ហើយលួចប្លន់គេ។ ហេតុអ្វីក៏យុវនារីបែបនេះគួរសរសើរព្រះ?
បងស្រីរបស់អេទ្រីអាន្នាបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ប៉ុន្តែនាងអេទ្រីអាន្នាសើចចំអកដាក់នាង។ បន្ទាប់មក ម្ដាយមីងរបស់នាងក៏បានទទួលមរណភាព។ នៅពិធីបុណ្យខ្មោចម្ដាយមីង អេទ្រីអាន្នាមានចម្ងល់ជាច្រើន។ តើម្ដាយមីងនឹងទៅទីណា? តើនាងនឹងទៅស្ថានសួគ៌ឬ? តើនាងត្រូវទៅស្ថានភ្លើងនរកឬ? នេះធ្វើឲ្យនាងវិលសតិ ហើយអេទ្រីអាន្នាក៏ចេញទៅទីបញ្ចុះខ្មោច រួចក៏អធិស្ឋានសុំឲ្យព្រះជួយ ដោយប្រើព្រះនាមព្រះយេហូវ៉ា ដែលបងស្រីបានបង្រៀននាង។
មិនយូរប៉ុន្មានក្រោយមក នាងបានសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានមកប្រជុំដែរ។ នេះបានបើកឲ្យនាងមានទស្សនវិស័យថ្មីមួយអំពីជីវិត ហើយនាងក៏បានបណ្ដាច់មិត្តភាពជាមួយពួកមនុស្សខូចដោយក្លាហាន។ ឥឡូវនេះ អេទ្រីអាន្នាមានអាយុជាង២០ឆ្នាំហើយ នាងបាននិយាយថា៖ «ដោយសារតែសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាប៉ុណ្ណោះដែលធ្វើឲ្យខ្ញុំចាកចេញពីផ្លូវជីវិតអាក្រក់នេះ។ មានតែព្រះយេហូវ៉ាទេដែលអាចធ្វើឲ្យខ្ញុំមានសង្ឃឹមចំពោះជីវិតអស់កល្បជានិច្ច ដោយព្រោះសេចក្ដីមេត្ដាដ៏ធំធេងរបស់ទ្រង់»។ ថ្វីបើនាងអេទ្រីអាន្នាមានការផ្ដើមជីវិតដ៏លំបាកក្ដី នាងមានមូលហេតុដ៏ល្អក្នុងការសរសើរព្រះ។
ស្ថានការណ៍ដែលរឹតតែអស់សង្ឃឹមមួយទៀតគឺបានរាយការណ៍មកពីប្រទេសអ៊ុយក្រែន។ បុរសម្នាក់កំពុងតែអង្គុយនៅក្នុងគុករង់ចាំការប្រហារជីវិត។ តើគាត់នឹកអាណិតខ្លួនទេ? កើតទុក្ខទេ? អត់ទេ គឺផ្ទុយពីនេះទៅវិញ។ ដោយទើបតែបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានរៀនដឹងខ្លះៗអំពីព្រះយេហូវ៉ា គាត់បានសូមឲ្យពួកគេទាក់ទងម្ដាយរបស់គាត់។ ឥឡូវនេះ គាត់កំពុងតែសរសេរសំបុត្រមួយទៅពួកគេ ដោយព្រោះគាត់បានទទួលដំណឹងថា គេបានសម្រេចតាមសំណូមពររបស់គាត់ហើយ។ គាត់បានសរសេរថា៖ «សូមអរគុណដែលអ្នកបានទៅជួបម្ដាយខ្ញុំ។ នេះជាដំណឹងដែលខ្ញុំបានទទួលក្នុងឆ្នាំនេះ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់»។
ស្តីអំពីរូបគាត់និងមិត្តផ្សេងៗដែលគាត់បានផ្សាយដល់គេនៅក្នុងគុក គាត់សរសេរថា៖ «ឥឡូវនេះ យើងមានជំនឿទៅលើព្រះ ហើយយើងត្រូវខំធ្វើតាមជំនឿរបស់យើង»។ គាត់បានបញ្ចប់សំបុត្ររបស់គាត់ដូចនេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកដែលបានជួយយើងឲ្យរៀនដឹងអំពីសេចក្ដីស្រឡាញ់ជាអ្វី និងឲ្យមានជំនឿ។ បើខ្ញុំនៅមានជីវិត នោះខ្ញុំនឹងជួយអ្នកក្នុងការផ្សាយដែរ។ សូមអរគុណដល់ព្រះដែលមានរូបអ្នក ហើយដែលអ្នកកំពុងតែជួយមនុស្សឯទៀតឲ្យស្រឡាញ់ព្រះនិងមានជំនឿលើទ្រង់»។ បុរសនេះបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ចំពោះទោសប្រហារជីវិតរបស់គាត់។ ទោះបីជាគាត់ត្រូវគេប្រហារជីវិត ឬត្រូវចំណាយជាច្រើនឆ្នាំក្នុងគុកក៏ដោយ ក៏គាត់មានមូលហេតុច្បាស់លាស់ក្នុងការសរសើរព្រះដែរ។
‹ទោះបីជាខ្ញុំខ្វាក់ក្ដី ខ្ញុំអាចមើលឃើញ›
ឥឡូវនេះ សូមពិចារណាអំពីក្មេងស្រីជំទង់ដ៏សុពលម្នាក់ ដែលបានបាត់ចក្ខុវិស័យរបស់នាង។ នាងឈ្មោះគ្លូរីយ៉ា រស់នៅក្នុងប្រទេសអារ្សងទីន។ កាលដែលនាងមានអាយុ១៩ឆ្នាំ គ្លូរីយ៉ាទៅជាខ្វាក់ភ្នែក ហើយមិនបានជាវិញឡើយ។ ពេលដែលនាងមានអាយុ២៩ឆ្នាំ នាងបានចូលធ្វើជាស្រីស្នំរបស់បុរសម្នាក់ ហើយមិនយូរប៉ុន្មាន នាងមានផ្ទៃពោះ។ ឥឡូវនេះ នាងមានអារម្មណ៍ថាជីវិតរបស់នាងមានន័យខ្លឹមសា ប៉ុន្តែពេលដែលកូនរបស់នាងបានស្លាប់ទៅ នាងចាប់សួរសំនួរជាច្រើន។ នាងឆ្ងល់ថា ‹ហេតុអ្វីក៏ការណ៍នេះកើតដល់ខ្ញុំ? តើខ្ញុំបានធ្វើអ្វីខុស? តើពិតជាមានព្រះមែនទេ›?
មកដល់ត្រង់នេះ មានស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់បានមកគោះទ្វារផ្ទះរបស់នាង។ នាងបានចាប់ផ្ដើមសិក្សាព្រះគម្ពីរ ហើយបានដឹងអំពីកិច្ចសន្យាផ្សេងៗក្នុងនោះ ដែលថានៅក្នុងពិភពលោកថ្មី មនុស្សខ្វាក់នឹងមើលឃើញវិញ។ (អេសាយ ៣៥:៥) នេះជាអនាគតដ៏អស្ចារ្យមែនចំពោះគ្លូរីយ៉ា! នាងសប្បាយចិត្តណាស់ ជាពិសេសនៅពេលដែលប្ដីរបស់នាងសុខចិត្តចុះអាពាហ៍ពិពាហ៍របស់គេត្រឹមត្រូវតាមច្បាប់។ បន្ទាប់មក ប្ដីរបស់នាងបានមានគ្រោះថ្នាក់ហើយទៅជាពិការ អង្គុយបាននៅតែក្នុងរទេះកង់អ្នកពិការប៉ុណ្ណោះ។ នៅសព្វថ្ងៃនេះ ស្ត្រីខ្វាក់ម្នាក់នេះខំធ្វើការទាំងលំបាក ដើម្បីចិញ្ចឹមជីវិត។ បន្ថែមទៅទៀត នាងធ្វើកិច្ចការផ្ទះសម្បែងទាំងអស់ ព្រមទាំងមើលថែរក្សាប្ដីរបស់នាងផង។ នាងគ្លូរីយ៉ានៅតែសរសើរព្រះយេហូវ៉ាជានិច្ច! ដោយបានទទួលជំនួយពីបងប្អូនគ្រីស្ទានរបស់នាង នាងសិក្សាព្រះគម្ពីរតាមរយៈអក្សរប្រែល (អក្សរសំរាប់មនុស្សខ្វាក់)។ នាងបានទទួលការលើកទឹកចិត្តជាខ្លាំងពីប្រជុំគ្រីស្ទាននៅសាលព្រះរាជាណាចក្រ។ នាងនិយាយថា៖ «វាពិបាកពន្យល់បន្ដិច ទោះបីជាខ្ញុំខ្វាក់ក្ដី វាហាក់បីដូចជាខ្ញុំអាចមើលឃើញអញ្ចឹង»។
ជួនកាលមានគេធ្វើទុក្ខបុកម្នេញដល់មនុស្សឯទៀត ដោយសារជននោះសរសើរព្រះ។ ស្ត្រីម្នាក់នៅប្រទេសក្រូអាស៊ីសប្បាយចិត្តណាស់នៅពេលដែលនាងបានរៀនអំពីព្រះ។ ប៉ុន្តែប្ដីរបស់នាងបានប្រឆាំងនឹងជំនឿថ្មីនេះ ហើយបានបោះបង់ចោលនាង ទាំងយកកូនស្រីមួយដែលមានអាយុមួយឆ្នាំទៅជាមួយផង។ មុនដំបូង នាងបានកើតទុក្ខ ដោយសារឥតមានផ្ទះសម្បែង ការងារ កូន ហើយប្ដីនិងគ្រួសារក៏បានបោះបង់ចោលទៀត។ ប៉ុន្តែ ការស្រឡាញ់ព្រះរបស់នាងបានជួយនាង ថ្វីបើនាងមិនអាចជួបកូនស្រីបានច្រើនដងទាល់តែវាធំឡើងក៏ដោយ។ ស្ត្រីម្នាក់នេះបានរកឃើញ ‹គជ់ខ្យងដ៏មានតម្លៃបំផុត› ហើយកាន់យ៉ាងខ្ជាប់ខ្ជួន។ (ម៉ាថាយ ១៣:៤៥, ៤៦) តើតាមរបៀបណាដែលនាងបានរក្សាអំណររបស់នាងក្នុងគ្រាដ៏លំបាកនេះ? នាងនិយាយថា៖ «អំណរជាផលផ្លែមួយនៃព្រះវិញ្ញាណរបស់ព្រះ។ ជាផលផ្លែដែលអាចបណ្ដុះដោយឡែកបាននៅខាងក្រៅកាលៈទេសៈផ្សេងៗ ប្រៀបដូចជារុក្ខជាតិអាចដុះក្នុងរោងកញ្ចក់ ទោះបីនៅខាងក្រៅមានអាកាសធាតុយ៉ាងណាក៏ដោយ»។
នៅប្រទេសហ្វ័ងឡង់ដ៍ ក្មេងម្នាក់អាយុប្រាំមួយឆ្នាំ ឈ្មោះម៉ាកូស ត្រូវបានគេពិនិត្យឃើញមានរោគសាច់ដុំម្យ៉ាងដែលមិនអាចព្យាបាលបាន។ មិនយូរប៉ុន្មាន គាត់ក៏ត្រូវប្រើរទេះអ្នកពិការ។ ពីរបីឆ្នាំក្រោយមក ម្ដាយគាត់បានយកគាត់ទៅបព្វជិតម្នាក់នៃសាសនាភិន្ដាកុស ដែលល្បីឈ្មោះថាចេះប្រោសមនុស្សឈឺឲ្យជាវិញ។ ប៉ុន្តែ ឥតឃើញមានការជាវិញសោះចំពោះម៉ាកូស។ ដូច្នេះ ម៉ាកូសក៏លែងមានចំណូលចិត្តទៅលើព្រះ ហើយចូលសិក្សាវិទ្យាសាស្ត្រនិងវិស័យសិក្សាផ្សេងៗទៀត។ បន្ទាប់មក ប្រហែលប្រាំឆ្នាំកន្លងទៅនេះ មានស្ត្រីម្នាក់អង្គុយក្នុងរទេះអ្នកពិការរុញដោយយុវជនម្នាក់ បានមកផ្ទះរបស់ម៉ាកូស។ ពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។ មកដល់គ្រានេះ ម៉ាកូសបានក្លាយទៅជាអ្នកមិនជឿថាមានព្រះ ប៉ុន្តែយល់ព្រមពិគ្រោះអំពីសាសនា ហើយក៏បានអញ្ជើញឲ្យគេចូលផ្ទះ។
ក្រោយមក មានប្ដីប្រពន្ធមួយបានមកជួបគាត់ ហើយបានសិក្សាព្រះគម្ពីរជាមួយគាត់។ មិនយូរប៉ុន្មាន អំណាចនៃសេចក្ដីពិតក្នុងព្រះគម្ពីរបានកែទស្សនៈរបស់ម៉ាកូស ហើយគាត់បានដឹងថា ថ្វីបើគាត់មានពិការភាពក្ដី គាត់នៅតែមានមូលហេតុក្នុងការសរសើរព្រះ។ គាត់បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពីព្រោះខ្ញុំបានរកឃើញសេចក្ដីពិតនិងអង្គការ ដែលព្រះយេហូវ៉ាកំពុងតែប្រើ។ ឥឡូវនេះជីវិតរបស់ខ្ញុំមានទិសដៅ និងមានន័យទៀតផង។ ចៀមវង្វេងមួយទៀត បានរកឃើញវិញហើយ ហើយក៏មិនចង់ចាកចេញពីហ្វូងរបស់ព្រះយេហូវ៉ាដែរ»!—ប្រៀបធៀប ម៉ាថាយ ១០:៦
ចូរគ្រប់គ្នា«សរសើរយ៉ា»
នេះគ្រាន់តែជាការពិសោធខ្លះៗពីការពិសោធជាច្រើនរាប់មិនអស់ ដែលបានលើកយកមកបង្ហាញថា នៅសព្វថ្ងៃនេះ មនុស្សអាចមានមូលហេតុសរសើរព្រះ ទោះបីជាគេមានកាលៈទេសៈយ៉ាងណាក៏ដោយ។ សាវ័កប៉ុលពន្យល់តាមរបៀបនេះថា៖ «សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយនៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨) បើយើងធ្វើតាមបំណងរបស់ព្រះ ទ្រង់នឹងបំពេញតាម«សេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ»។ ពិតមែនហើយ ទ្រង់នឹងមិនធ្វើមនុស្សក្រឲ្យទៅជាមាន ឬមនុស្សឈឺឲ្យបានជាវិញទេក្នុងរបបលោកីយ៍សម័យនេះ។ ប៉ុន្តែ ទ្រង់នឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់អស់អ្នកណាដែលបំរើទ្រង់ ដើម្បីឲ្យគេអាចមានអំណរនិងការសប្បាយរីករាយ ទោះបីជាគេមានកាលៈទេសៈខាងក្រៅយ៉ាងណាក៏ដោយ។ មែនហើយ សូម្បីតែក្នុង«ជីវិតនៅជាន់ឥឡូវនេះ» មនុស្សឈឺ មនុស្សដែលគេជិះជាន់ ហើយមនុស្សក្រ ក៏អាចមានមូលហេតុក្នុងការសរសើរព្រះដែរ។
ចុះយ៉ាងណាវិញចំពោះជីវិត«នៅខាងនាយ»? គ្រាន់តែគិតអំពីរឿងនេះ គួរតែធ្វើឲ្យយើងសរសើរព្រះដោយសេចក្ដីសាទរទៅហើយ! យើងរំពឹងគិតដោយរំភើបចិត្តអំពីគ្រាដែលនឹងគ្មានភាពទ័លក្រ គ្រាដែល«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា ‹ខ្ញុំឈឺ›ទៀត ហើយគ្រាដែលព្រះយេហូវ៉ា «នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (អេសាយ ៣៣:២៤; វិវរណៈ ២១:៣, ៤; ទំនុកដំកើង ៧២:១៦) តើអ្នកគិតយ៉ាងណាដែរអំពីកិច្ចសន្យាពីព្រះទាំងនេះ?
យុវជនម្នាក់នៅប្រទេសអែលសាវ៉ាឌរ បានទទួលខិត្តប័ណ្ណនៃព្រះគម្ពីរមួយដែលពន្យល់ប្រាប់អំពីសេចក្ដីទាំងនេះខ្លះៗ។ គាត់បាននិយាយទៅកាន់ស្មរបន្ទាល់ដែលហុចឲ្យសន្លឹកប័ណ្ណនេះមកគាត់ថា៖ «បងស្រី អ្វីៗចែងនៅក្នុងខិត្តប័ណ្ណនេះគឺល្អហួសនឹងជឿណាស់»។ មនុស្សជាច្រើនបានប្រតិកម្មបែបនេះ។ ប៉ុន្តែ នេះជាកិច្ចសន្យាពីបុគ្គលដែលបង្កើតសកលលោក ដែលដាក់បាតុភូតធម្មជាតិនៃផែនដីឲ្យមានចលនា ហើយជាបុគ្គលដែលជួយមនុស្សក្រ មនុស្សឈឺឲ្យរកឃើញអំណរ។ យើងអាចជឿនូវអ្វីៗដែលទ្រង់មានបន្ទូលមក។ យុវជនដែលទើបជំរាបប្រាប់នៅខាងលើ បានសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានដឹងថានេះសេចក្ដីពិតមែន។ បើសិនជាអ្នកមិនទាន់សិក្សាព្រះគម្ពីរនៅឡើយ យើងសូមអញ្ជើញលោកអ្នកឲ្យធ្វើដូច្នេះ។ រួចមកសូមឲ្យអ្នកបាននៅទីមនោរម្យ នៅពេលដែលរបបលោកីយ៍សម័យនេះបានកន្លងផុតទៅ ហើយគ្រប់រូបរួមគ្នាស្រែកឡើងថា៖ «ហាលេលូយ៉ា!» ‹ឱពួកអ្នករាល់គ្នាអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ›! (ទំនុកដំកើង ១១២:១; ១៣៥:១)
[កំណត់សម្គាល់]
a ក្នុងព្រះគម្ពីរ «យេហូវ៉ា» ជួនកាលត្រូវបានសរសេរកាត់ជា «យ៉ា»។
[រូបភាពនៅទំព័រ៥]
សូមឲ្យអ្នកបាននៅទីនេះនៅពេលដែលគ្រប់រូបរួមគ្នាស្រែកឡើងថា៖ «ហាលេលូយ៉ា»!