បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ៨-១៣
  • «ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នឹង​មាន​សេចក្ដី​ទុក្ខ​លំបាក
  • អ្វី​ដែល​យើង​រៀន​ពី​ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ
  • ព្រះ​យេហូវ៉ា​ខ្វល់​ខ្វាយ​ពី​អ្នក​ដែល​រង​ទុក្ខ​លំបាក
  • អំណោយ​ទាន​របស់​ព្រះ​យេហូវ៉ា​ទ្រ​ទ្រង់​យើង
  • ព្រះយេហូវ៉ា‹ជាទីអាងសំរាប់យើងក្នុងគ្រាដែលមានសេចក្ដីលំបាក›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ព្រះយេហូវ៉ាប្រោសមនុស្សដែលមានទុក្ខលំបាកឲ្យរួច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • កុំឲ្យបាត់បង់អំណរពេលមានទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ៨-១៣

«ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ»

«មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។—ទំនុកដំកើង ៣៤:១៩

១, ២. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់​សព្វ​ថ្ងៃ​នេះ? (ខ) តើ​អ្វី​ដែល​ពួក​គ្រីស្ទាន​ជា​ច្រើន​ប្រឈម​មុខ ហើយ​តើ​មាន​សំនួរ​អ្វី​ខ្លះ?

ក្នុង​ការ​សម្រេច​ទំនាយ​ព្រះ​គម្ពីរ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ស្នាក់​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ។ (កូរិនថូស​ទី​២ ១២:១​-​៤) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​សមាជិក​នៃ​មិត្តភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព។ (យ៉ូហាន ១៣:៣៥) ពួក​គេ​មាន​ចំណេះ​ជ្រៅ​ជ្រះ​អំពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ (អេសាយ ៥៤:១៣) ពួក​គេ​មាន​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ណាស់ ដែល​ទ្រង់​ប្រទាន​ពួក​គេ​នូវ​ឯកសិទ្ធិ​ជា​ភ្ញៀវ​ក្នុង​រោង​ឧបោសថ​ខាង​វិញ្ញាណ​របស់​ទ្រង់!—ទំនុកដំកើង ១៥:១

២ ថ្វី​បើ​មនុស្ស​ទាំង​អស់​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា មាន​ការ​រីក​ចំរើន​ខាង​វិញ្ញាណ​ក៏​ដោយ អ្នក​ខ្លះ​ហាក់​បី​ដូច​ជា​មាន​សន្ដិភាព​និង​ភាព​ស្ងប់​ស្ងាត់ តែ​អ្នក​ដទៃ​ទៀត​មាន​សេចក្ដី​សោក​ទុក្ខ​ផ្សេង​ៗ។ ពួក​គ្រីស្ទាន​ជា​ច្រើន​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​អាណោច​អា​ធម៌​ក្នុង​រយៈ​ពេល​ដ៏​យូរ ដោយ​ឥត​ឃើញ​មាន​ការ​ធូរ​ស្បើយ​ក្នុង​អនាគត​ឡើយ។ ក្នុង​ស្ថានការណ៍​បែប​នេះ ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ការ​ធម្មតា​ទេ។ (សុភាសិត ១៣:១២) តើ​វិបត្ដិ​ភ័យ​ទាំង​នេះ​បង្ហាញ​ថា​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ឬ? តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​ផ្ដល់​ឲ្យ​ការ​ការ​ពារ​ពិសេស​ទៅ​ពួក​គ្រីស្ទាន​ខ្លះ ហើយ​បោះ​បង់​ចោល​ពួក​គ្រីស្ទាន​ឯ​ទៀត​ឬ?

៣. (ក) តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​ទុក្ខ​វេទនា ដែល​បាន​ពិសោធ​ដោយ​រាស្ត្រ​ទ្រង់​ឬ? (ខ) ហេតុ​អ្វី​ក៏​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា​រង​ទុក្ខ​វេទនា?

៣ ព្រះ​គម្ពីរ​ឆ្លើយ​ថា៖ «កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា៖ ‹ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ› ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ»។ (យ៉ាកុប ១:១៣) ព្រះ​យេហូវ៉ា​ជា​អ្នក​ការ​ពារ​និង​ជា​អ្នក​ទ្រ​ទ្រង់​រាស្ត្រ​របស់​ទ្រង់។ (ទំនុកដំកើង ៩១:២​-​៦) «ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ»។ (ទំនុកដំកើង ៩៤:១៤) នេះ​មិន​មាន​សេចក្ដី​ថា ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​នឹង​ឥត​មាន​ការ​រង​ទុក្ខ​វេទនា​នោះ​ឡើយ។ របប​លោកីយ៍​ក្នុង​បច្ចុប្បន្ន​នេះ គឺ​គ្រប់​គ្រង​ដោយ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ពី​កំណើត។ មនុស្ស​ជា​ច្រើន​គឺ​ពុក​រលួយ ហើយ​មួយ​ចំនួន​តូច​គឺ​អាក្រក់​ទាំង​ស្រុង។ គ្មាន​អ្នក​ណា​មួយ​នៃ​ពួក​គេ​ពឹង​រក​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ជា​លទ្ធផល គឺ​មាន​ការ​រង​ទុក្ខ​វេទនា​ដល់​មនុស្ស​ជា​ច្រើន។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​មិន​អាច​ជៀស​វាង​ពី​លទ្ធផល​អាក្រក់​នៃ​ភាព​មិន​ល្អ​គ្រប់ល័ក្ខណ៍ និង​ពី​អំពើ​អាក្រក់​ជួជាតិ​របស់​មនុស្ស​បាន​ឡើយ។—កិច្ច​ការ ១៤:២២

ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នឹង​មាន​សេចក្ដី​ទុក្ខ​លំបាក

៤. តើ​ពួក​គ្រីស្ទាន​ទាំង​អស់​អាច​សង្ឃឹម​ថា​បាន​អ្វី ឲ្យ​តែ​គេ​រស់​នៅ​ក្នុង​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ហើយ​ហេតុ​អ្វី?

៤ ថ្វី​បើ​មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​រស់​នៅ​ក្នុង​របប​លោកីយ៍​នេះ។ (យ៉ូហាន ១៧:១៥, ១៦) សាតាំង​បាន​ត្រូវ​លាត​ត្រដាង​ក្នុង​ព្រះ​គម្ពីរ ជា​កម្លាំង​ដ៏​ធំ​នៅ​ពី​ក្រោយ​លោកីយ៍​នេះ។ (យ៉ូហាន​ទី​១ ៥:១៩) ដូច្នេះ ពួក​គ្រីស្ទាន​ទាំង​អស់ មិន​យូរ​មិន​ឆាប់​នឹង​ប្រឈម​មុខ​បញ្ហា​ដ៏​ធ្ងន់​ជា​ច្រើន។ ដោយ​ដឹង​អំពី​រឿង​នេះ សាវ័ក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​ត្របាក់​លេប​បាន ចូរ​ត​ស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ​មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។ (ពេត្រុស​ទី​១ ៥:៨, ៩) ត្រូវ​ហើយ ពួក​បង​ប្អូន​គ្រីស្ទាន​ទាំង​អស់​នឹង​មាន​សេចក្ដី​ទុក្ខ​លំបាក។

៥. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នឹង​ពិសោធ​សេចក្ដី​វេទនា​ក្នុង​ជីវិត?

៥ ទោះ​ជា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដ៏​ជ្រាល​ជ្រៅ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​គោល​ការណ៍​របស់​ទ្រង់​ក៏​ដោយ ក៏​យើង​នឹង​ពិសោធ​សេចក្ដី​លំបាក​ក្នុង​ជីវិត​ដែរ។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​អំពី​រឿង​នេះ ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​ម៉ាថាយ ៧:២៤​-​២៧។ ទ្រង់​បាន​ប្រៀប​ធៀប​ពួក​អ្នក​ដែល​គោរព​តាម​បន្ទូល​របស់​ទ្រង់ ជា​មួយ​និង​អស់​អ្នក​ដែល​មិន​គោរព​តាម។ ទ្រង់​បាន​ប្រៀប​ប្រដូច​ពួក​សិស្ស​ដ៏​គោរព ជា​មនុស្ស​ដ៏​មាន​វិនិច្ឆ័យ​ដែល​សង់​ផ្ទះ​លើ​ផ្ទាំង​ថ្ម។ ឯ​អស់​អ្នក​ដែល​មិន​គោរព​តាម​បន្ទូល​របស់​ទ្រង់ គឺ​ប្រៀប​ដូច​នឹង​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​លើ​ដី​ខ្សាច់។ ក្រោយ​ពី​ភ្លៀង​បង្អុរ​ចុះ​មក មាន​តែ​ផ្ទះ​ដែល​សង់​លើ​ថ្ម​ទេ​ដែល​មិន​រលំ។ សូម​កត់​សម្គាល់​ថា​ក្នុង​ករណី​នៃ​ផ្ទះ​របស់​មនុស្ស​ដែល​មាន​វិនិច្ឆ័យ «ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ»។ ព្រះ​យេស៊ូ​មិន​បាន​សន្យា​ថា បុរស​ដែល​មាន​វិនិច្ឆ័យ​នឹង​តែង​តែ​មាន​សន្ដិភាព​និង​ភាព​ស្ងប់​ស្ងាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចេះ​វិនិច្ឆ័យ​របស់​បុរស​នេះ​នឹង​ប្រុង​ប្រៀប​គាត់​ដើម្បី​ទប់​ទល់​នឹង​ព្យុះ​សង្ឃរា។ ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​ពូជ ក៏​មាន​គំនិត​ស្រដៀង​គ្នា​នេះ​ដែរ។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូ​ពន្យល់​ថា​សូម្បី​តែ​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​គោរព «ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ» នឹង«បង្កើត​ផល​ដោយ​សេចក្ដី​អត់​ធន់»។—លូកា ៨:៤​-​១៥

៦. ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ប៉ុល​នៃ​វត្ថុ​ដែល​អាច​ទប់​ទល់​នឹង​ភ្លើង តើ​អ្នក​ណា​នឹង​ទទួល​ការ​សាក​ល្បង​ដ៏​ខ្លាំង?

៦ ពេល​សរសេរ​សំបុត្រ​ទៅ​ពួក​កូរិនថូស សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប ដើម្បី​ពន្យល់​អំពី​សេចក្ដី​ត្រូវ​ការ​គុណសម្បត្ដិ​ស៊ូ​ទ្រាំ ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក។ វត្ថុ​ដែល​អាច​ទប់​ទល់​នឹង​ភ្លើង​ដូច​ជា មាស ប្រាក់ និង​ត្បូង​ដ៏​មាន​តម្លៃ​បែប​នេះ គឺ​ប្រៀប​ដូច​ជា​គុណសម្បត្ដិ​របស់​ព្រះ។ (ប្រៀប​ធៀប សុភាសិត ៣:១៣​-​១៥; ពេត្រុស​ទី​១ ១:៦, ៧) ផ្ទុយ​ទៅ​វិញ លក្ខណៈ​ខាង​សាច់​ឈាម គឺ​ប្រៀប​ដូច​ជា​វត្ថុ​ដែល​ដុត​ឆេះ។ រួច​មក ប៉ុល​មាន​ប្រសាសន៍​ថា៖ «នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់​លាស់ ព្រោះ​ការ​នោះ​នឹង​សំដែង​ចេញ​មក​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​និមួយ​ៗ​ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់»។ (កូរិនថូស​ទី​១ ៣:១០​-​១៤) ម្ដង​នេះ​ទៀត ព្រះ​គម្ពីរ​ពន្យល់​ថា យើង​គ្រប់​គ្នា​នឹង​ប្រឈម​មុខ​ការ​សាក​ល្បង​ដ៏​ខ្លាំង​ណា​មួយ​ជា​មិន​ខាន។

៧. យោង​ទៅ​តាម​រ៉ូម ១៥:៤ តើ​តាម​របៀប​ណា​ដែល​បទ​គម្ពីរ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក?

៧ គឺ​មាន​ដំណើរ​រឿង​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​អំពី​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ដែល​បាន​ស៊ូ​ទ្រាំ​វិបត្ដិ​ភ័យ​ជា​ច្រើន ហើយ​ពេល​ខ្លះ​បាន​ស៊ូ​ទ្រាំ​អស់​រយៈ​ពេល​ដ៏​យូរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​គេ​ទេ។ សាវ័ក​ប៉ុល​ប្រហែល​ជា​ចង់​និយាយ​អំពី​ឧទាហរណ៍​បែប​នេះ​ហើយ ពេល​គាត់​មាន​ប្រសាសន៍​ថា៖ «ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) ចូរ​ពិចារណា​មើល​ឧទាហរណ៍​នៃ​បុរស​បី​នាក់ ដែល​បាន​រង​ទុក្ខ​វិបត្ដិ​ជា​ច្រើន កាល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។

អ្វី​ដែល​យើង​រៀន​ពី​ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ

៨. តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​អ្វី​ក្នុង​ករណី​យ៉ូសែប ហើយ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ?

៨ កូន​ប្រុស​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប​បាន​ត្រូវ​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​តាំង​ពី​តូច​មក​ម្ល៉េះ។ ប៉ុន្តែ គាត់​បាន​រង​ទុក្ខ​វិបត្ដិ​ភ័យ​ជា​ច្រើន ដែល​មិន​មែន​ជា​កំហុស​របស់​គាត់។ គាត់​បាន​ត្រូវ​បង​ប្អូន​របស់​គាត់​ចាប់​និង​ប្រព្រឹត្ត​មក​លើ​យ៉ាង​ឃោរ​ឃៅ។ គាត់​បាន​ត្រូវ​គេ​លក់​ជា​ខ្ញុំ​កញ្ជះ ត្រូវ​គេ​យក​ទៅ​ស្រុក​ដទៃ ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​មិន​ពិត ហើយ​បាន​ត្រូវ​ដាក់«ក្នុង​គុក​ជ្រៅ»។ (លោកុប្បត្តិ ៤០:១៥) នៅ​ទី​នោះ «ជើង​គាត់​ត្រូវ​រឹត​រួត​ជាប់​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ»។ (ទំនុកដំកើង ១០៥:១៧, ១៨) ក្នុង​កំឡុង​ទាសភាព​និងការ​ជាប់​គុក​របស់​គាត់ យ៉ូសែប​ច្បាស់​ជា​បាន​អង្វរ​ព្រះ​យេហូវ៉ា​យ៉ាង​ញឹក​ញាប់ ឲ្យ​ទ្រង់​ដោះ​លែង​គាត់។ ប៉ុន្តែ ប្រមាណ​១៣​ឆ្នាំ គាត់​បាន​ភ្ញាក់​ឡើង​រៀង​រាល់​ព្រឹក​នៅ​តែ​ជា​ខ្ញុំ​កញ្ជះ​ឬ​ជា​អ្នក​ជាប់​គុក​ដដែល ទោះ​បី​បាន​ត្រូវ​ពង្រឹង​កម្លាំង​ដោយ​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ៗ​ក៏​ដោយ។—លោកុប្បត្តិ ៣៧:២; ៤១:៤៦

៩. តើ​ដាវីឌ​បាន​ស៊ូ​ទ្រាំ​អ្វី​ដល់​បី​បួន​ឆ្នាំ?

៩ ករណី​ស្រដៀង​គ្នា​មួយ​គឺ​អំពី​ដាវីឌ។ ពេល​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​បុរស​មាន​សមត្ថភាព​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អញ​រក​បាន​ដាវីឌ កូនអ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»។ (កិច្ច​ការ ១៣:២២) ទោះ​ជា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ក៏​ដោយ ដាវីឌ​បាន​រង​ទុក្ខ​ច្រើន​ណាស់។ ក្នុង​គ្រា​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត គាត់​បាន​លាក់​ខ្លួន​បី​បួន​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន ក្នុង​រូង ក្នុង​ក្រហែង ហើយ​ក្នុង​ស្រុក​ផ្សេង​ៗ។ ដោយ​មាន​គេ​ដេញ​ចាប់​ដូច​សត្វ​តិរច្ឆាន គាត់​បាន​រង​ទុក្ខ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ការ​ភ័យ​ខ្លាច។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ស៊ូ​ទ្រាំ​ដោយ​សារ​កម្លាំង​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​អាច​និយាយ​ដោយ​ត្រឹម​ត្រូវ​ពី​ការ​ពិសោធន៍​របស់​ខ្លួន​ថា៖ «មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។—ទំនុកដំកើង ៣៤:១៩

១០. តើ​វិបត្ដិ​ភ័យ​ដ៏​ខ្លាំង​អ្វី​ដែល​មាន​លើ​លោក​ណាបោត​និង​គ្រួសារ​របស់​លោក?

១០ ក្នុង​សម័យ​ព្យាការី​អេលីយ៉ា មាន​មនុស្ស​តែ​៧០០០​នាក់​ទេ​ក្នុង​អ៊ីស្រាអែល ដែល​មិន​បាន​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ​បាល​ដ៏​ក្លែង​ក្លាយ​នោះ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១៨; រ៉ូម ១១:៤) លោក​ណាបោត ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​ពី​អំពើ​អយុត្ដិធម៌​ដ៏​អាក្រក់។ គាត់​បាន​រង​ទុក្ខ​ភាព​អាម៉ាស់​មុខ​ពី​ការ​ចោទ​ថា​ប្រមាថ​មើល​ងាយ​ព្រះ។ ដោយ​រក​កំហុស​ឃើញ គាត់​បាន​ជាប់​ទោស ហើយ​បាន​ត្រូវ​គេ​កាត់​ទោស​តាម​រាជក្រម ឲ្យ​ស្លាប់​ដោយ​គប់​ដុំ​ថ្ម ហើយ​ឈាម​របស់​គាត់​បាន​ត្រូវ​ឆ្កែ​លិ​ត។ សូម្បី​តែ​កូន​របស់​គាត់​ក៏​បាន​ត្រូវ​គេ​សម្លាប់​ដែរ! ប៉ុន្តែ គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ចោទ​នោះ​ទេ។ ពួក​សាក្សី​ដែល​បាន​ប្រឆាំង​គាត់ នោះ​គឺ​ជា​ពួក​ភូត​ភរ។ រឿង​ទាំង​មូល​នេះ​បាន​ត្រូវ​ផ្ដើម​មក​ដោយ​មហា​ក្សត្រី​យេសិបិល ដើម្បី​ឲ្យ​ស្តេច​យក​ចំការ​ទំពាំង​បាយ​ជូរ​របស់​លោក​ណាបោត។—ពង្សាវតារ​ក្សត្រ​ទី​១ ២១:១​-​១៩; ពង្សាវតារ​ក្សត្រ​ទី​២ ៩:២៦

១១. តើ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​អំពី​ពួក​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់ ក្នុង​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ?

១១ យ៉ូសែប ដាវីឌ និង​ណាបោត គឺ​គ្រាន់​តែ​បុគ្គល​បី​នាក់​នៃ​ពួក​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​រង​ទុក្ខ​វិបត្ដិ​ភ័យ​ជា​ច្រើន។ សាវ័ក​ប៉ុល​បាន​សរសេរ​ឡើង​វិញ​នូវ​ប្រវត្ដិសាស្ត្រ​នៃ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ពី​គ្រប់​ជំនាន់។ ក្នុង​នោះ លោក​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល«ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្ដាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម​វាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ​ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី»។ (ហេព្រើរ ១១:៣៦​-​៣៨) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បោះ​បង់​ចោល​ពួក​គេ​ទេ។

ព្រះ​យេហូវ៉ា​ខ្វល់​ខ្វាយ​ពី​អ្នក​ដែល​រង​ទុក្ខ​លំបាក

១២. តើ​សេចក្ដី​វេទនា​អ្វី​ខ្លះ ដែល​បាន​ត្រូវ​ពិសោធ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ?

១២ ចុះ​យ៉ាង​ណា​វិញ ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ? ជា​អង្គការ​មួយ យើង​អាច​ពឹង​លើ​ការ​ការ​ពារ​ពី​ព្រះ និង​ដំណើរ​ឆ្លង​កាត់​ដ៏​សុខ​ពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​និង​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង។ (អេសាយ ៥៤:១៧; វិវរណៈ ៧:៩​-​១៧) ប៉ុន្តែ ជា​បុគ្គល​ម្នាក់​ៗ យើង​ទទួល​ស្គាល់​ថា‹ពេល​វេលា និង​ការ​មើល​មិន​ឃើញ› នឹង​មាន​មក​លើ​មនុស្សជាតិ​ទាំង​អស់។ (សាស្ដា ៩:១១) សព្វ​ថ្ងៃ​នេះ គឺ​មាន​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន ដែល​កំពុង​តែ​រង​ទុក្ខ​វិបត្ដិ​ភ័យ​ជា​ច្រើន។ អ្នក​ខ្លះ​បាន​អត់​ធន់​នឹង​ភាព​ក្រី​ក្រ​យ៉ាង​ខ្លាំង។ ព្រះ​គម្ពីរ​ចែង​អំពី​គ្រីស្ទាន​ជា«ពួក​កំព្រា នឹង​ពួក​មេម៉ាយ» ដែល​មាន​សេចក្ដី​វេទនា។ (យ៉ាកុប ១:២៧) អ្នក​ខ្លះ​ទៀត​រង​ទុក្ខ ដោយ​សារ​មាន​មហន្តរាយ​ធម្មជាតិ សង្គ្រាម ឧក្រិដ្ឋកម្ម ការ​រំលោភ​អំណាច ជម្ងឺ និង​សេចក្ដី​ស្លាប់។

១៣. តើ​ការ​ពិសោធន៍​ដ៏​ពិបាក​ណា​ខ្លះ ដែល​បាន​រាយ​ការណ៍​មក​ក្នុង​ពេល​ថ្មី​ៗ​នេះ?

១៣ ឧទាហរណ៍ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​១៩៩៦​ទៅ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា សាខា​ប៉ម​យាម​ជា​ច្រើន​បាន​រៀប​រាប់​ថា​បង​ប្អូន​ប្រុស​ស្រី​ខ្លះ​របស់​យើង គឺ​កំពុង​តែ​ជាប់​គុក​ក្នុង​ស្ថានការណ៍​ដ៏​អាក្រក់ ដោយ​សារ​គេ​កាន់​គោល​ការណ៍​ព្រះ​គម្ពីរ​យ៉ាង​ខ្ជាប់​ខ្ជួន។ ក្រុម​ជំនុំ​បី​ក្នុង​ប្រទេស​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង​បាន​ត្រូវ​កំទេច​ចោល ពេល​ពួក​ទ័ព​ឈ្លប​បាន​បង្ខំ​ស្មរបន្ទាល់​រាប់​រយ​នាក់​ឲ្យ​ចេញ​ពី​កន្លែង​នោះ។ ក្នុង​ប្រទេស​មួយ​នៃ​ទ្វីប​អាហ្វ្រិក ស្មរបន្ទាល់​ខ្លះ​បាន​ត្រូវ​គេ​សម្លាប់​ក្នុង​សង្គ្រាម​ស៊ីវិល។ ក្នុង​ប្រទេស​ខ្លះ​នៃ​អាមេរិក​កណ្ដាល ស្ថានការណ៍​ខាង​លុយ​កាក់​ដ៏​ដុនដាប​នៃ​បង​ប្អូន​របស់​យើង​ខ្លះ បាន​ធ្វើ​ឲ្យ​យ៉ាប់​យ៉ឺន​ទៅ​ទៀត ដោយ​សារ​ព្យុះ​សង្ឃរា។ ក្នុង​កន្លែង​ផ្សេង​ៗ​ទៀត ភាព​ក្រី​ក្រ​និង​ការ​ខ្វះ​អាហារ ប្រហែល​ជា​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​អវិជ្ជមាន​ប្រហែល​ជា​បាន​បន្ថយ​អំណរ​របស់​មនុស្ស​ខ្លះ។ មនុស្ស​ជា​ច្រើន​ទៀត មាន​ការ​ពិបាក​ចិត្ត​ដោយ​បន្ទុក​ធ្ងន់​នៃ​ជីវភាព​ក្នុង​សម័យ​ទំនើប​នេះ។ ដោយសារ​ភាព​កន្តើយ​ពី​សាធារណជន អ្នក​ខ្លះ​ប្រហែល​ជា​បាន​ធ្លាក់​ទឹក​ចិត្ត ពេល​គេ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។

១៤. (ក) តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​លោក​យ៉ូប? (ខ) ជា​ជាង​គិត​មិន​ល្អ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី ពេល​យើង​មាន​ការ​ទុក្ខ​លំបាក?

១៤ ស្ថានការណ៍​ទាំង​នេះ គឺ​មិន​ត្រូវ​យក​មក​គិត​ថា​ជា​ទី​សំអាង​នៃ​ការ​មិន​សព្វ​ព្រះ​ហឫទ័យ​ពី​ព្រះ​នោះ​ឡើយ។ ចូរ​ចាំ​ពី​ករណី​របស់​លោក​យ៉ូប និង​ការ​ពិសោធន៍​ដ៏​ហិនហោច​ជា​ច្រើន​ដែល​លោក​បាន​រង​ទុក្ខ។ លោក​ជា«អ្នក​ដែល​គ្រប់ល័ក្ខណ៍​ហើយ​ទៀង​ត្រង់»។ (យ៉ូប ១:៨) លោក​យ៉ូប​ច្បាស់​ជា​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ដែល​អេលីផាស​បាន​ចោទ​ថា​លោក​ប្រព្រឹត្ត​អំពើ​ខុស​ទំនង​នោះ! (យ៉ូប ជំពូក ៤, ៥, ២២) យើង​មិន​ចង់​រហ័ស​សន្និដ្ឋាន​ថា ហេតុ​ដែល​យើង​ពិសោធ​វិបត្ដិ​ភ័យ​ទាំង​ឡាយ​នេះ គឺ​ដោយ​សារ​យើង​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាក់​អន់​ព្រះ​ទ័យ​តាម​បែប​បទ​ណា​មួយ ឬ​ព្រះ​យេហូវ៉ា​បាន​ដក​ការ​ប្រទាន​ពរ​ពី​យើង​នោះ​ឡើយ។ ការ​គិត​មិន​ល្អ​ពេល​ប្រឈម​មុខ​នឹង​សេចក្ដី​វេទនា​បែប​នេះ អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ទន់​ខ្សោយ។ (ថែស្សាឡូនីច​ទី​១ ៣:១​-​៣, ៥) ពេល​មាន​ការ​ទុក្ខ​លំបាក ជា​ការ​ល្អ​ប្រសើរ​ក្នុង​ការ​រំពឹង​គិត​ពី​ហេតុ​ការណ៍​ពិត​ដែល​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គឺ​គង់​ជិត​ពួក​មនុស្ស​សុចរិត មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។

១៥. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​វិបត្ដិ​ភ័យ ដែល​បាន​រង​ទុក្ខ​ដោយ​រាស្ត្រ​របស់​ទ្រង់?

១៥ សាវ័ក​ប៉ុល​បាន​ធានា​រ៉ាប់​រង​យើង ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ​គ្រីស្ទ​បាន? តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀត​បៀន សេចក្ដី​អត់​ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី . . . ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ»។ (រ៉ូម ៨:៣៥, ៣៨, ៣៩) ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​អំពី​យើង ហើយ​ទ្រង់​ជ្រាប​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​យើង។ កាល​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ដាវីឌ​បាន​សរសេរ​ថា៖ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែក​របស់​គេ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង»។ (ទំនុកដំកើង ៣៤:១៥, ១៨; ម៉ាថាយ ១៨:៦, ១៤) ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​មើល​ថែ​រក្សា​យើង ហើយ​មាន​ព្រះ​ទ័យ​អាណិត​ដល់​អ្នក​ដែល​រង​ទុក្ខ។ (ពេត្រុស​ទី​១ ៥:៦, ៧) ទ្រង់​ប្រទាន​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​អាច​ស៊ូ​ទ្រាំ​បាន មិន​ថា​យើង​មាន​ការ​ឈឺ​ចាប់​អ្វី​ក៏​ដោយ។

អំណោយ​ទាន​របស់​ព្រះ​យេហូវ៉ា​ទ្រ​ទ្រង់​យើង

១៦. តើ​សំ​វិធានការ​អ្វី​ពី​ព្រះ​យេហូវ៉ា ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ហើយ​តាម​របៀប​ណា?

១៦ ទោះ​ជា​យើង​មិន​គិត​ថា នឹង​មាន​ជីវិត​គ្មាន​ទុក្ខ​ក្នុង​របប​លោកីយ៍​ចាស់​នេះ​ក៏​ដោយ យើង«មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ»។ (កូរិនថូស​ទី​២ ៤:៨, ៩) ព្រះ​យេស៊ូ​បាន​សន្យា​នឹង​ប្រទាន​អ្នក​ជំនួយ​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ ‹នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​អ្នក​ជំនួយ​មួយ​ទៀត មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ពិត›។ (យ៉ូហាន ១៤:១៦, ១៧) ក្នុង​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣​ស.យ. សាវ័ក​ពេត្រុស​បាន​ប្រាប់​ពួក​ស្ដាប់​របស់​លោក​ថា ពួក​គេ​អាច​ទទួល«អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (កិច្ច​ការ ២:៣៨) តើ​វិញ្ញាណ​បរិសុទ្ធ​កំពុង​តែ​ជួយ​យើង​សព្វ​ថ្ងៃ​នេះ​ទេ? មែន​ហើយ! សកម្មពល​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ផល​ផ្លែ​ដ៏​ល្អ​អស្ចារ្យ៖ «នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត»។ (កាឡាទី ៥:២២, ២៣) របស់​ទាំង​នេះ​ជា​គុណសម្បត្ដិ​ដ៏​មាន​តម្លៃ​ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។

១៧. តើ​មាន​សេចក្ដី​ពិត​ព្រះ​គម្ពីរ​ណា​ខ្លះ ដែល​ពង្រឹង​ជំនឿ​និង​ការ​ប្ដេជ្ញា​របស់​យើង ឲ្យ​ចាំ​ដ៏​អត់​ធ្មត់​លើ​ព្រះ​យេហូវ៉ា?

១៧ វិញ្ញាណ​បរិសុទ្ធ​ក៏​ជួយ​យើង​ឲ្យ​យល់​ថា សេចក្ដី​ទុក្ខ​លំបាក​នៅ​បច្ចុប្បន្នកាល​នេះ គឺ‹នៅ​តែ​មួយ​ភ្លែត​និង​ស្រាល​ប៉ុណ្ណោះ› ពេល​ប្រៀប​ធៀប​នឹង​អំណោយ​ទាន​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច។ (កូរិនថូស​ទី​២ ៤:១៦​-​១៨) យើង​ជឿ​ជាក់​ថា ព្រះ​នឹង​ឥត​ភ្លេច​កិច្ច​ការ​របស់​យើង និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ​ទ្រង់​នោះ​ឡើយ។ (ហេព្រើរ ៦:៩​-​១២) ដោយ​អាន​ពាក្យ​នៃ​ព្រះ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​មក​នោះ យើង​បាន​សម្រាល​ចិត្ត​ពី​គំរូ​ជា​ច្រើន​នៃ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ក្នុង​សម័យ​ដើម ថ្វី​បើ​ពួក​គេ​បាន​ស៊ូ​ទ្រាំ​នឹង​វិបត្ដិ​ភ័យ​ជា​ច្រើន​ក្ដី ពួក​គេ​នៅ​តែ​មាន​សុភមង្គល​ជា​និច្ច។ លោក​យ៉ាកុប​សរសេរ​ថា៖ «បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់​ធ្មត់​ចុះ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ​ទ្រ ថា​ជា​អ្នក​មាន[សុភមង្គល]»។ (យ៉ាកុប ៥:១០, ១១) ព្រះ​គម្ពីរ​សន្យា​ថា«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់» នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក។ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ពរ​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ​ដែរ។ (កូរិនថូស​ទី​២ ១:៨​-​១០; ៤:៧) ដោយ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ ហើយ​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ទាំង​នេះ យើង​នឹង​ពង្រឹង​ជំនឿ​និង​ការ​ប្ដេជ្ញា​របស់​យើង ឲ្យ​រង់​ចាំ​ដ៏​អត់​ធ្មត់​លើ​ព្រះ។—ទំនុកដំកើង ៤២:៥

១៨. (ក) ក្នុង​កូរិនថូស​ទី​២ ១:៣, ៤ តើ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន បង្ហាញ​ថា​គេ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​ត្រជាក់​ត្រ​ជុំ​នោះ?

១៨ ថែម​ពី​លើ​នេះ​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រទាន​សួន​មនោរម្យ​ខាង​វិញ្ញាណ​ដល់​យើង ដែល​យើង​អាច​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពី​បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​របស់​យើង។ យើង​ម្នាក់​ៗ​មាន​មុខ​នាទី ក្នុង​ការ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។ (កូរិនថូស​ទី​២ ១:៣, ៤) ពួក​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន ជា​ពិសេស​ក៏​អាច​ជា​ប្រភព​ដ៏​ធំ នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​ត្រជាក់​ត្រ​ជុំ។ (អេសាយ ៣២:២) ជា«អំណោយ​ទាន​ដល់​មនុស្ស» ពួក​គេ​បាន​ត្រូវ​ចាត់​ឲ្យ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​រង​ទុក្ខ​លំបាក ឲ្យ«ជួយ​កំសាន្ត ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត» និង​ឲ្យ«គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ»។ (អេភេសូរ ៤:៨, ១១, ១២; ថែស្សាឡូនីច​ទី​១ ៥:១៤) ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ទស្សនាវដ្ដី ប៉ម​យាម និង ភ្ញាក់​រឭក! ព្រម​ទាំង​ប្រកាសនវត្ថុ​ឯ​ទៀត​ដែល​បាន​ផ្ដល់​មក​ដោយ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ប្រកាសនវត្ថុ​ទាំង​នេះ​មាន​ឱវាទ​ជា​ច្រើន​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដែល​អាច​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ—ព្រម​ទាំង​បង្ការ—បញ្ហា​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ទុក្ខ​ព្រួយ។ សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ដោយ​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​សេចក្ដី​ទុក្ខ​លំបាក!

១៩. (ក) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​វិបត្ដិ​ភ័យ​ខ្លះ​ៗ? (ខ) នៅ​ទី​បំផុត តើ​យើង​ត្រូវ​ទុក​ចិត្ត​លើ​អ្នក​ណា ហើយ​តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក?

១៩ កាល​ដែល​យើង​ខិត​ចូល​ជ្រៅ​ឡើង​ៗ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ហើយ​ស្ថានភាព​នៃ​របប​លោកីយ៍​នេះ​កាន់​តែ​អាក្រក់​ឡើង​នោះ ពួក​គ្រីស្ទាន​ខំ​អស់​ពី​សមត្ថភាព ដើម្បី​ជៀស​វាង​ពី​វិបត្ដិ​ភ័យ​ទាំង​ឡាយ។ (សុភាសិត ២២:៣) ការ​មាន​វិនិច្ឆ័យ​ល្អ គំនិត​វាង​វៃ និង​ចំណេះ​ពី​គោល​ការណ៍​ព្រះ​គម្ពីរ អាច​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ដ៏​ប្រាជ្ញា។ (សុភាសិត ៣:២១, ២២) យើង​ស្ដាប់​តាម​បន្ទូល​របស់​ព្រះ​យេហូវ៉ា ហើយ​គោរព​ធ្វើ​តាម ដើម្បី​ជៀស​វាង​កំហុស​ដែល​មិន​ចាំ​បាច់​មាន។ (ទំនុកដំកើង ៣៨:៤) ប៉ុន្តែ យើង​ដឹង​ថា ទោះ​ជា​យើង​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​បំបាត់​សេចក្ដី​ទុក្ខ​លំបាក​ពី​ជីវិត​របស់​យើង​បាន​ទាំង​អស់​ឡើយ។ ក្នុង​របប​លោកីយ៍​នេះ មនុស្ស​សុចរិត​ជា​ច្រើន​បាន​ប្រឈម​មុខ​នឹង​វិបត្ដិ​ភ័យ​ដ៏​ខ្លាំង។ ប៉ុន្តែ យើង​អាច​ដោះ​ស្រាយ​នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​យើង ដោយ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង ថា«ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ»។ (ទំនុកដំកើង ៩៤:១៤) ហើយ​យើង​ដឹង​ថា របប​លោកីយ៍​នេះ​និង​សេចក្ដី​សោក​ទុក្ខ​របស់​វា មិន​យូរ​ប៉ុន្មាន​ទៀត នឹង​សាប​សូន្យ​ទៅ។ ដូច្នេះ សូម​ឲ្យ​យើង​ប្ដេជ្ញា​កុំ​ឲ្យ«ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—កាឡាទី ៦:៩

តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

◻ តើ​សេចក្ដី​ទុក្ខ​លំបាក​អ្វី​ដែល​បាន​ត្រូវ​ពិសោធ​ដោយ​បង​ប្អូន​គ្រីស្ទាន​ទាំង​ឡាយ?

◻ តើ​ឧទាហរណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ដែល​ជួយ​យើង​ឲ្យ​យល់​ថា​វិបត្ដិ​ភ័យ​ទាំង​ឡាយ មិន​មែន​ជា​ទី​សំអាង​នៃ​ការ​មិន​សព្វ​ព្រះ​ហឫទ័យ​ពី​ព្រះ​យេហូវ៉ា?

◻ តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ដូច​ម្ដេច អំពី​វិបត្ដិ​ភ័យ​ជា​ច្រើន​ដែល​បាន​ត្រូវ​រង​ទុក្ខ​ដោយ​រាស្ត្រ​ទ្រង់?

◻ តើ​មាន​អំណោយ​ទាន​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក?

[រូប​ភាព​នៅ​ទំព័រ​១០]

ដាវីឌ ណាបោត និង​យ៉ូសែប ជា​មនុស្ស​បី​នាក់​ដែល​បាន​រង​ទុក្ខ​វិបត្ដិ​ភ័យ​ជា​ច្រើន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក