ព្រះយេហូវ៉ាស្រឡាញ់កិច្ចបំរើដ៏អស់ពីចិត្តរបស់អ្នក
«ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។—កូល៉ុស ៣:២៣
១, ២. (ក) តើអ្វីជាភារកិច្ចដ៏ឧត្តមដែលយើងអាចមាន? (ខ) ហេតុអ្វីក៏ពេលខ្លះ យើងមិនអាចធ្វើអ្វីដែលយើងចង់ក្នុងការបំរើព្រះ?
ការបំរើព្រះយេហូវ៉ា ជាភារកិច្ចដ៏ឧត្តមដែលយើងអាចមាន។ ដោយមានមូលហេតុល្អ ទស្សនាវដ្ដីនេះ ជាយូរមកហើយបានលើកទឹកចិត្តពួកគ្រីស្ទានឲ្យមានសកម្មភាពក្នុងកិច្ចបំរើ គឺឲ្យបំរើ«កាន់តែខ្លាំងឡើង» កាលណាធ្វើទៅបាន។ (ថែស្សាឡូនីចទី១ ៤:១) ប៉ុន្តែ យើងមិនអាចធ្វើអ្វីទាំងអស់ ដែលចិត្តយើងចង់ធ្វើក្នុងការបំរើព្រះនោះឡើយ។ បងស្រីនៅលីវម្នាក់ដែលបានធ្វើបុណ្យជ្រមុជទឹកជិត៤០ហើយ បានពន្យល់ថា៖ «កាលៈទេសៈរបស់ខ្ញុំ តម្រូវឲ្យខ្ញុំធ្វើការពេញពេល។ មូលហេតុចំពោះធ្វើការ គឺមិនមែនចង់បានសំលៀកបំពាក់ដ៏ថ្លៃក្នុងទូរ ឬដើម្បីធ្វើដំណើរកំសាន្តដ៏ថ្លៃតាមនាវានោះទេ ប៉ុន្តែ ដើម្បីចិញ្ចឹមរបស់ត្រូវការ រួមបញ្ចូលការសងសោហ៊ុយលើការព្យាបាលនិងខាងធ្មេញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជូនដល់ព្រះយេហូវ៉ានូវពេលវេលានិងកម្លាំង ដែលខ្ញុំនៅសល់បន្ដិចបន្តួច»។
២ សេចក្ដីស្រឡាញ់ចំពោះព្រះ បានជំរុញយើងឲ្យចង់ធ្វើឲ្យអស់ពីសមត្ថភាពក្នុងកិច្ចការផ្សាយ។ ប៉ុន្តែ កាលៈទេសៈក្នុងជីវិតតែងដាក់កំរិតនូវអ្វីដែលយើងអាចធ្វើ។ ការមើលខុសត្រូវនៃភារកិច្ចខាងព្រះគម្ពីរ និងកាតព្វកិច្ចគ្រួសារ ប្រហែលអាចយកពេលវេលានិងកម្លាំងរបស់យើងជាច្រើន។ (ធីម៉ូថេទី១ ៥:៤, ៨) ក្នុង«គ្រាដ៏លំបាក»នេះ ជីវិតគឺកាន់តែយ៉ាប់យ៉ឺនឡើងមែន។ (ធីម៉ូថេទី២ ៣:១) ពេលដែលយើងមិនអាចធ្វើរបស់ទាំងអស់ ដែលយើងចង់ធ្វើក្នុងកិច្ចផ្សាយ យើងប្រហែលជាមានចិត្តមិនស្រួល។ យើងប្រហែលជាឆ្ងល់ថាតើព្រះគឺសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើងឬក៏យ៉ាងណា។
ការប្រសើរនៃកិច្ចបំរើដ៏អស់ពីចិត្ត
៣. តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងរាល់គ្នា?
៣ នៅទំនុកដំកើង ១០៣:១៤ ព្រះគម្ពីរបានធានារ៉ាប់រងយើងយ៉ាងកក់ក្ដៅថា ព្រះយេហូវ៉ា«ទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ អ្វីដែលសំខាន់ទៅទៀត នោះគឺទ្រង់ជ្រាបយល់ដល់កំរិតរបស់យើង។ ទ្រង់មិនតម្រូវអ្វីដែលយើងមិនអាចថ្វាយជូនទ្រង់នោះឡើយ។ តើអ្វីដែលទ្រង់តម្រូវ? គឺជាអ្វីមួយដែលបុគ្គលម្នាក់អាចថ្វាយជូន មិនថាគេមានកាលៈទេសៈយ៉ាងណាក៏ដោយ៖ «ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ (កូល៉ុស ៣:២៣) ត្រូវហើយ ព្រះយេហូវ៉ាតម្រូវឲ្យយើង—យើងទាំងអស់គ្នា—ឲ្យបំរើទ្រង់ឲ្យអស់ពីចិត្ត។
៤. តើមានន័យយ៉ាងណា ដើម្បីបំរើព្រះយេហូវ៉ាអស់ពីចិត្ត?
៤ តើមានន័យយ៉ាងណា ក្នុងការបំរើព្រះយេហូវ៉ាឲ្យអស់ពីចិត្តនោះ? ពាក្យក្រិកនៅទីនេះ «អស់ពីចិត្ត» ន័យចំៗគឺ «អស់ពីព្រលឹង»។ «ព្រលឹង»ដែលសំដៅទៅបុគ្គលទាំងមូល ដែលមានសមត្ថភាពខាងកាយនិងខាងគំនិត។ ដូច្នេះ បំរើព្រះដោយអស់ពីចិត្ត មានន័យថាបូជាខ្លួនយើង ដោយប្រើសមត្ថភាពរបស់យើង និងប្រើកម្លាំងរបស់យើងក្នុងកិច្ចបំរើព្រះ។ បើនិយាយឲ្យស្រួលទៅ នេះគឺមានន័យថា ខំធ្វើអ្វីដែលយើងអាចធ្វើទៅបាន។—ម៉ាកុស ១២:២៩, ៣០
៥. តើគំរូនៃពួកសាវ័កបង្ហាញយ៉ាងដូចម្ដេច ថាមិនមែនមនុស្សទាំងអស់ធ្វើដូចគ្នាក្នុងកិច្ចបំរើ?
៥ តើការធ្វើឲ្យអស់ពីចិត្ត មានន័យថា យើងគ្រប់គ្នាត្រូវធ្វើចំនួនដូចគ្នាក្នុងកិច្ចផ្សាយឬ? នោះគឺមិនអាចធ្វើទៅបានទេ ដ្បិតកាលៈទេសៈនិងសមត្ថភាពគឺមានខុសគ្នាពីមនុស្សមួយទៅមនុស្សមួយ។ សូមពិចារណាមើលពួកសាវ័កដ៏ស្មោះត្រង់នៃព្រះយេស៊ូ។ ពួកគេមិនអាចធ្វើចំនួនដូចគ្នានោះឡើយ។ ជាឧទាហរណ៍ យើងមិនសូវដឹងប៉ុន្មានអំពីពួកសាវ័កខ្លះទេ ដូចជា ស៊ីម៉ូន សាសន៍កាណាន និងយ៉ាកុប ជាកូនអាលផាយ។ ប្រហែលជាសកម្មភាពរបស់គេ ជាសាវ័កគឺមានតិចតួច។ (ម៉ាថាយ ១០:២-៤) ផ្ទុយទៅវិញ ពេត្រុសបានទទួលភារកិច្ចដ៏ធ្ងន់ធ្ងរជាច្រើន—ព្រះយេស៊ូព្រមទាំងប្រទាន«កូនសោនៃនគរស្ថានសួគ៌»ដល់គាត់ផង! (ម៉ាថាយ ១៦:១៩) ប៉ុន្តែ ពេត្រុសមិនបានត្រូវតម្លើងឲ្យខ្ពស់លើពួកឯទៀតឡើយ។ ពេលដែលយ៉ូហានបានទទួលចក្ខុនិមិត្តនៃក្រុងយេរូសាឡិមថ្មីក្នុងសៀវភៅវិវរណៈ (ប្រហែល ៩៦ ស.យ.) លោកបានឃើញ១២គ្រឹះ ហើយនៅលើគ្រឹះទាំងនោះ មានចារឹក‹ឈ្មោះដប់ពីរនៃពួកសាវ័កទាំងដប់ពីរនាក់›។a (វិវរណៈ ២១:១៤) ព្រះយេហូវ៉ាបានចាត់ទុកកិច្ចបំរើនៃពួកសាវ័កទាំងអស់ជាអ្វីដ៏សំខាន់ណាស់ ទោះជាសាវ័កខ្លះបានធ្វើច្រើនជាងពួកសាវ័កឯទៀត។
៦. ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនៃអ្នកព្រោះពូជ តើអ្វីដែលកើតឡើងដល់ពូជដែលបានដាំលើ«ដីល្អ» ហើយតើមានសំនួរអ្វីដែលត្រូវសួរឡើង?
៦ ស្រដៀងគ្នានេះ ព្រះយេហូវ៉ាមិនតម្រូវចំនួនដូចគ្នានៃការផ្សាយពីយើងរាល់គ្នានោះទេ។ ព្រះយេស៊ូបានបញ្ជាក់សេចក្ដីនេះ ក្នុងរឿងប្រៀបប្រដូចនៃអ្នកសាបព្រោះម្នាក់ ដែលបានប្រដូចកិច្ចការផ្សាយ ទៅនឹងការសាបព្រោះពូជ។ គ្រាប់ពូជបានធ្លាក់លើដីផ្សេងៗគ្នា នេះគឺបង្ហាញនូវសភាពនៃចិត្តផ្សេងៗគ្នា ដែលបានសម្ដែងដោយពួកដែលឮសារ។ ព្រះយេស៊ូពន្យល់ថា៖ «តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០»។ (ម៉ាថាយ ១៣:៣-៨, ១៨-២៣) តើអ្វីជាផលផ្លែនេះ ហើយហេតុអ្វីក៏មិនបានបង្កើតផលតាមចំនួនខុសៗគ្នា?
៧. តើអ្វីជាផលផ្លែនៃពូជដែលបានដាំ ហើយហេតុអ្វីក៏ត្រូវបានផលិតតាមចំនួនផ្សេងៗគ្នា?
៧ ដោយសារពូជដែលបានដុះ គឺជា«ព្រះបន្ទូលពីនគរ» ការមានផលផ្លែបែបនេះ គឺសំដៅទៅការផ្សាយពាក្យនោះ ដោយនិយាយប្រាប់អ្នកដទៃអំពីសារនេះ។ (ម៉ាថាយ ១៣:១៩) ចំនួននៃផលផ្លែដែលបានបង្កើតគឺមានខុសៗគ្នា—ពី៣០ទៅមួយរយ—ពីព្រោះសមត្ថភាពនិងកាលៈទេសៈក្នុងជីវិតគឺមានខុសគ្នា។ មនុស្សម្នាក់ដែលមានសុខភាពល្អ និងការស៊ូទ្រាំ ប្រហែលអាចចំណាយពេលច្រើនក្នុងការផ្សាយ ជាងពួកអ្នកដែលឥតសូវមានកម្លាំង ដោយសារសុខភាពដ៏រ៉ាំរ៉ៃ ឬដោយមានអាយុកាន់តែចាស់ឡើង។ មនុស្សយុវវ័យម្នាក់ដែលនៅលីវ ដែលបានរួចផុតពីភារកិច្ចគ្រួសារ ប្រហែលជាអាចធ្វើបានច្រើនជាងបុគ្គលដែលត្រូវតែធ្វើការពេញពេល ដើម្បីចិញ្ចឹមគ្រួសាររបស់គាត់។—ប្រៀបធៀប សុភាសិត ២០:២៩
៨. តើតាមរបៀបណាដែលព្រះយេហូវ៉ាចាត់ទុកពួកដែលធ្វើអស់ពីសមត្ថភាព ដែលគេអាចធ្វើទៅបាននោះ?
៨ ក្នុងព្រះនេត្ររបស់ព្រះ តើបុគ្គលដែលធ្វើឡើងអស់ពីចិត្ត ដែលបានបង្កើតផល៣០ គឺមិនសូវស្មោះត្រង់ដូចពួកដែលបានបង្កើតផលមួយរយឬ? គឺមិនដូច្នេះទេ! ចំនួននៃផលផ្លែប្រហែលជាមានខុសគ្នា ប៉ុន្តែព្រះយេហូវ៉ាគឺពេញព្រះហឫទ័យ ឲ្យតែកិច្ចបំរើបានធ្វើឡើងដោយអស់ពីសមត្ថភាពរបស់យើង។ សូមចងចាំថា ចំនួនផ្សេងៗគ្នានៃផលផ្លែ គឺដុះចេញពីចិត្ត ដែលជា«ដីល្អ»។ ពាក្យក្រិក កាលូស (ka·losʹ) បានបកប្រែជា«ល្អ» គឺរៀបរាប់អំពីអ្វីមួយដែល «ល្អ» ហើយនោះ«ធ្វើឲ្យចិត្តសប្បាយ ហើយធ្វើជាគាប់ចិត្តដល់ភ្នែក»។ ជាការគួរសម្រាលទុក្ខណាស់ ដោយដឹងថា ពេលដែលយើងខំប្រឹងអស់ពីសមត្ថភាព ចិត្តរបស់យើងគឺជាអ្វីដ៏ល្អក្នុងព្រះនេត្ររបស់ព្រះ!
កុំប្រៀបធៀបជាមួយអ្នកដទៃ
៩, ១០. (ក) ចិត្តរបស់យើងអាចនាំឲ្យយើងវែកញែកដ៏អវិជ្ជមានយ៉ាងណា? (ខ) តើតាមរបៀបណាដែលរឿងប្រៀបប្រដូចនៅកូរិនថូសទី១ ១២:១៤-២៦ បង្ហាញថាព្រះយេហូវ៉ាមិនប្រៀបធៀបយើងជាមួយអ្នកដទៃក្នុងអ្វីដែលយើងធ្វើនោះ?
៩ ប៉ុន្តែ ចិត្តដ៏ឥតគ្រប់ល័ក្ខណ៍របស់យើងអាចប្រមើលឃើញខុសគ្នា។ ចិត្តប្រហែលជាអាចប្រៀបធៀបកិច្ចបំរើរបស់យើងជាមួយអ្នកដទៃ។ វាអាចវែកញែកថា ‹អ្នកដទៃគឺចំណាយពេលច្រើនក្នុងកិច្ចផ្សាយជាងខ្ញុំទៅទៀត។ តើព្រះយេហូវ៉ាសប្បាយព្រះហឫទ័យនឹងកិច្ចបំរើរបស់ខ្ញុំយ៉ាងណាទៅបាន›?—ប្រៀបធៀប យ៉ូហានទី១ ៣:១៩, ២០
១០ គំនិតនិងផ្លូវរបស់ព្រះយេហូវ៉ា គឺខ្ពស់ជាងគំនិតរបស់យើង។ (អេសាយ ៥៥:៩) យើងអាចទទួលការយល់ដឹង ក្នុងផ្លូវដែលព្រះយេហូវ៉ាមានទស្សនៈលើការខំប្រឹងប្រែងរបស់យើង ពីកូរិនថូសទី១ ១២:១៤-២៦ ដែលក្រុមជំនុំបានប្រដូចទៅនឹងអវយវៈជាច្រើននៃរូបកាយ—ភ្នែក ដៃ ជើង ត្រចៀកជាដើម។ សូមពិចារណាមើលរូបកាយមួយភ្លែតសិន។ ជាការគួរឲ្យអស់សំណើចណាស់ បើប្រៀបធៀបភ្នែករបស់អ្នកជាមួយនឹងដៃឬជើងរបស់អ្នកជាមួយនឹងត្រចៀកនោះ! អវយវៈនិមួយៗបំរើមុខនាទីផ្សេងៗគ្នា ប៉ុន្តែ អវយវៈទាំងអស់គឺមានប្រយោជន៍ហើយសំខាន់ណាស់។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាស្រឡាញ់កិច្ចបំរើដ៏អស់ពីចិត្តរបស់អ្នក មិនថាពួកអ្នកដទៃបានធ្វើច្រើនឬតិចក៏ដោយ។—កាឡាទី ៦:៤
១១, ១២. (ក) ហេតុអ្វីក៏អ្នកខ្លះមានអារម្មណ៍ថា គេ«ខ្សោយជាង» ឬ «មិនគួររាប់អាន»នោះ? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាចាត់ទុកកិច្ចបំរើរបស់យើង?
១១ ដោយសារមានកំរិតលើយើងដោយសុខភាពមិនល្អ អាយុកាន់តែចាស់ ឬ កាលៈទេសៈឯទៀត នៅពេលខ្លះ ប្រហែលជាយើងមានអារម្មណ៍ថា យើងគឺ«ខ្សោយជាងគេ» ឬបុគ្គលដែលគេ«មិនគួររាប់អាន»។ ប៉ុន្តែ នេះមិនមែនជារបៀបដែលព្រះយេហូវ៉ាមានទស្សនៈលើរឿងទាំងនេះទេ។ ព្រះគម្ពីរប្រាប់យើងថា៖ «អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ហើយអវយវៈ . . . ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត . . . ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត»។ (កូរិនថូសទី១ ១២:២២-២៤) ដូច្នេះ បុគ្គលទាំងអស់គឺមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា។ ទ្រង់ចាត់ទុកកិច្ចបំរើរបស់យើងជាអ្វីដ៏សំខាន់ ក្នុងគម្រោងនៃកំរិតរបស់យើង។ តើចិត្តរបស់អ្នកជំរុញអ្នកឲ្យធ្វើអស់ពីសមត្ថភាព ក្នុងការបំរើព្រះដ៏មានអធ្យាស្រ័យនិងស្រឡាញ់នោះទេ?
១២ ដូច្នេះ អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ា នោះគឺមិនមែនជាអ្វីដែលអ្នកធ្វើបានច្រើនដូចអ្នកដទៃទេ ប៉ុន្តែគឺអ្នកធ្វើអ្វីដែលអ្នក—ព្រលឹងរបស់អ្នក—អាចធ្វើទៅបាន។ ហេតុដែលព្រះយេហូវ៉ាចាត់ទុកថាមានតម្លៃនៃការខំប្រឹងរបស់យើងម្នាក់ៗ បានសម្ដែងតាមរបៀបដ៏រំភើប ពេលដែលព្រះយេស៊ូបានប្រស្រ័យទាក់ទងជាមួយស្ត្រីពីរនាក់ ក្នុងកំឡុងថ្ងៃចុងក្រោយនៃព្រះជន្មរបស់ទ្រង់នៅលើផែនដី។
អំណោយទាន‹ដ៏ថ្លៃ›របស់ស្ត្រីដែលដឹងគុណ
១៣. (ក) តើមានកាលៈទេសៈយ៉ាងណា ក្នុងកាលដែលម៉ារាបានដាក់ប្រេងលើព្រះសិរនិងព្រះបាទរបស់ព្រះយេស៊ូ? (ខ) តើអ្វីជាតម្លៃនៃប្រេងរបស់នាងម៉ារា?
១៣ នៅល្ងាចថ្ងៃសុក្រ ណៃសែន៨ ព្រះយេស៊ូបានមកដល់ក្រុងបេថានី ជាភូមិដ៏តូចមួយនៅទីជម្រាលនៃទិសខាងកើតនៃភ្នំអូលីវ ប្រហែលជាបីគីឡូម៉ែត្រពីក្រុងយេរូសាឡិម។ ព្រះយេស៊ូមានមិត្តជាទីស្ងួនភ្ងាក្នុងភូមិនេះ—ម៉ារា ម៉ាថា និងប្អូនប្រុសរបស់គេ ឡាសារ។ ព្រះយេស៊ូបានជាភ្ញៀវដល់ផ្ទះរបស់គេ ប្រហែលជាញឹកញាប់ដែរ។ ប៉ុន្តែ នៅយប់ថ្ងៃសៅរ៍ ព្រះយេស៊ូនិងមិត្តរបស់ទ្រង់បានសោយអាហារល្ងាចនៅផ្ទះរបស់ស៊ីម៉ូន ដែលជាអតីតមនុស្សឃ្លង់ ដែលប្រហែលជាព្រះយេស៊ូបានប្រោសឲ្យជាស្បើយ។ កាលដែលព្រះយេស៊ូកំពុងគង់នៅតុ ម៉ារាបានសម្ដែងកាយវិការដ៏រាបទាប ដែលសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាង ចំពោះទ្រង់ដែលបានប្រោសប្អូនរបស់នាង។ នាងម៉ារាយកប្រេងក្រអូបមួយកូនដប ‹ដ៏ថ្លៃ›។ ត្រូវហើយគឺមានតម្លៃមែន! ប្រេងក្រអូបនោះមានតម្លៃ៣០០ ឌីន៉ារី គឺស្មើនឹងប្រាក់ខែមួយឆ្នាំ។ នាងបានចាក់លាបព្រះសិរនិងព្រះបាទរបស់ព្រះយេស៊ូ។ នាងព្រមទាំងបានយកសក់នាងជូតព្រះបាទទ្រង់ផង។—ម៉ាកុស ១៤:៣; លូកា ១០:៣៨-៤២; យ៉ូហាន ១១:៣៨-៤៤; ១២:១-៣
១៤. (ក) តើពួកសាវ័កបានប្រព្រឹត្តយ៉ាងណាលើកិច្ចការរបស់នាងម៉ារា? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានគាំទ្រនាងម៉ារា?
១៤ ពួកសិស្សគឺតូចចិត្តណាស់! គេបានសួរថា៖ ‹ហេតុអ្វីក៏ខ្ជះខ្ជាយដូចនេះ›? យូដាស ដោយលាក់បំណងចង់លួច ថាទុកសំរាប់ជួយពួកក្រីក្រ និយាយថា៖ «ម្ដេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ[៣០០ឌីន៉ារី] ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ»? នាងម៉ារាបាននៅស្ងៀម។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកសិស្សថា៖ «កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ? នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ . . . នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ នឹងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះទុកសំរាប់ជាកេរ្ដិ៍នាងតទៅ»។ បន្ទូលដ៏កក់ក្ដៅរបស់ព្រះយេស៊ូ ច្បាស់ជាធ្វើឲ្យចិត្តរបស់នាងម៉ារាបានស្រួលយ៉ាងណាទៅហ្ន៎!—ម៉ាកុស ១៤:៤-៩; យ៉ូហាន ១២:៤-៨
១៥. ហេតុអ្វីក៏ព្រះយេស៊ូមានព្រះទ័យរំភើប ដោយអ្វីដែលនាងម៉ារាបានធ្វើនោះ ហើយអ្វីដែលយើងអាចរៀនអំពីកិច្ចបំរើដ៏អស់ពីចិត្ត?
១៥ ព្រះយេស៊ូមានព្រះទ័យរំភើបណាស់ ដោយអ្វីដែលនាងម៉ារាបានធ្វើនោះ។ ក្នុងការប៉ាន់ស្មានរបស់ទ្រង់ នាងបានធ្វើការដ៏គួរឲ្យសរសើរណាស់។ គឺមិនមែនជាសម្ភារៈខាងវត្ថុនោះទេ ដែលជាអ្វីដ៏សំខាន់ចំពោះព្រះយេស៊ូ ប៉ុន្តែការណ៍ពិតដែលថា «នាងបានធ្វើការអ្វីដែលនាងធ្វើបាន»។ នាងបានយកឱកាសនោះ ហើយបានថ្វាយឲ្យនូវអ្វីដែលនាងអាចធ្វើទៅបាន។ សេចក្ដីបកប្រែព្រះគម្ពីរឯទៀត បានបកប្រែថា «នាងបានធ្វើនូវអ្វីដែលនាងអាច» ឬក៏ «នាងបានធ្វើអ្វី ដែលនាងមានអំណាចធ្វើទៅបាន»។ (សេចក្ដីបកប្រែព្រះគម្ពីរអាមេរិក; ព្រះគម្ពីរយេរូសាឡិម) ការឲ្យរបស់នាងម៉ារា គឺធ្វើឡើងដោយអស់ពីចិត្ត ពីព្រោះនាងបានឲ្យអ្វីដ៏ល្អរបស់នាង។ នោះហើយជាអត្ថន័យនៃកិច្ចបំរើដ៏អស់ពីចិត្តនោះ។
‹កាក់តូចពីរ›របស់ស្ត្រីមេម៉ាយ
១៦. (ក) តើតាមរបៀបណាដែលព្រះយេស៊ូបានមកទតមើលវិភាគទាននៃស្ត្រីដ៏ក្រីក្រ? (ខ) តើកាក់របស់ស្ត្រីមេម៉ាយនេះមានតម្លៃប៉ុន្មាន?
១៦ បីបួនថ្ងៃក្រោយមក នៅថ្ងៃណៃសែនទី១១ ព្រះយេស៊ូបានចំណាយអស់មួយថ្ងៃក្នុងព្រះវិហារ ពេលដែលមនុស្សបានចោទដល់អំណាចរបស់ទ្រង់ ហើយទ្រង់បានឆ្លើយដោះស្រាយបញ្ហាអំពីការបង់ពន្ធ ដំណើររស់ឡើងវិញ និងបញ្ហាផ្សេងៗទៀត។ ទ្រង់បានផ្ដន្ទាទោសពួកស្ក្រែបនិងពួកផារីស៊ី ពីព្រោះ«គេស៊ីផ្ទះស្ត្រីមេម៉ាយ»។ (ម៉ាកុស ១២:៤០) រួចមក ព្រះយេស៊ូបានមកគង់ តាមមើលទៅ ក្នុងទីធ្លានៃស្ត្រី ហើយតាមប្រពៃណីនៃពួកយូដា នេះជាកន្លែងដែលមាន១៣ហិបតង្វាយ។ ទ្រង់បានគង់នៅទីនោះមួយរយៈ ដោយទតមើលក្នុងកាលដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិប។ អ្នកមានច្រើននាក់បានមក អ្នកខ្លះប្រហែលជាចង់បង្ហាញនូវសេចក្ដីសុចរិតរបស់ខ្លួន ព្រមទាំងប្រកាន់ថាខ្លួនគ្រាន់បើ។ (ប្រៀបធៀប ម៉ាថាយ ៦:២) ការទតមើលរបស់ព្រះយេស៊ូបានសំដៅទៅដល់ស្ត្រីម្នាក់។ មនុស្សធម្មតា ប្រហែលជាមិនអាចមើលឃើញអ្វីដ៏អស្ចារ្យឡើយអំពីស្ត្រីមេម៉ាយក្រីក្រឬតង្វាយរបស់នាង។ ប៉ុន្តែ ព្រះយេស៊ូ ដែលអាចជ្រាបដឹងចិត្តនៃអ្នកដទៃ បានដឹងថានាងជា«ស្រីមេម៉ាយក្រម្នាក់»។ ទ្រង់ក៏បានជ្រាបដឹងចំនួនតង្វាយរបស់នាងដែរ—‹កាក់តូចពីរជាចំនួនដ៏តិចតួចបំផុត›។b—ម៉ាកុស ១២:៤១, ៤២
១៧. តើតាមរបៀបណាដែលព្រះយេស៊ូឲ្យតម្លៃដល់វិភាគទានរបស់ស្ត្រីមេម៉ាយ ដូច្នេះ តើអ្វីដែលយើងបានរៀនអំពីការថ្វាយតង្វាយដល់ព្រះ?
១៧ ព្រះយេស៊ូហៅពួកសាវ័កមក ដ្បិតទ្រង់ចង់ឲ្យគេឃើញផ្ទាល់ភ្នែកនូវមេរៀនអំពីអ្វីដែលទ្រង់នឹងបង្រៀន។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ថា «ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង»។ ក្នុងការប៉ាន់ស្មានរបស់ទ្រង់ ស្ត្រីនេះបានដាក់ច្រើនជាងគេទាំងអស់ ដែលបានរួមបញ្ចូលគ្នា។ នាងបានថ្វាយ«របស់ដែលនាងមានទាំងប៉ុន្មាន»—ប្រាក់ដែលសល់ប៉ុន្មានរបស់នាង។ ដោយធ្វើបែបនេះ នាងបានទុកខ្លួនឲ្យព្រះយេហូវ៉ាមើលថែរក្សានាង។ ដូច្នេះ មនុស្សដែលត្រូវរាប់ជាគំរូនៃការថ្វាយដល់ព្រះ នោះជាមនុស្សដែលតង្វាយរបស់ខ្លួនសឹងតែឥតមានតម្លៃខាងទ្រព្យសម្បត្ដិ។ ប៉ុន្តែ ក្នុងព្រះនេត្ររបស់ព្រះ នេះគឺមានតម្លៃណាស់!—ម៉ាកុស ១២:៤៣, ៤៤; យ៉ាកុប ១:២៧
រៀនពីទស្សនៈរបស់ព្រះយេហូវ៉ានៃកិច្ចបំរើដ៏អស់ពីចិត្ត
១៨. តើអ្វីដែលយើងរៀនពីការប្រស្រ័យទាក់ទងរបស់ព្រះយេស៊ូជាមួយស្ត្រីពីរនាក់?
១៨ ពីការប្រស្រ័យទាក់ទងរបស់ព្រះយេស៊ូជាមួយស្ត្រីពីរនាក់នេះ យើងរៀនមេរៀនដ៏កក់ក្ដៅអំពីរបៀប ដែលព្រះយេហូវ៉ាចាត់ទុកកិច្ចបំរើដ៏អស់ពីចិត្ត។ (យ៉ូហាន ៥:១៩) ព្រះយេស៊ូមិនបានប្រៀបធៀបស្ត្រីមេម៉ាយនេះជាមួយនឹងនាងម៉ារាឡើយ។ ទ្រង់បានចាត់ទុកកាក់ពីររបស់ស្ត្រីមេម៉ាយនេះ ជាអ្វីដ៏សំខាន់ដូចប្រេង‹ដ៏ថ្លៃ›របស់នាងម៉ារាដែរ។ ពីព្រោះស្ត្រីនិមួយបានឲ្យរបស់ដ៏ល្អរបស់គេ ក្នុងព្រះនេត្ររបស់ព្រះ តង្វាយរបស់គេគឺមានតម្លៃដូចគ្នា។ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ពីព្រោះអ្នកមិនអាចធ្វើរបស់ទាំងអស់ដែលចង់ធ្វើក្នុងការបំរើព្រះនោះ សូមកុំឲ្យអស់សង្ឃឹមឡើយ។ ព្រះយេហូវ៉ាគឺពេញព្រះហឫទ័យនឹងទទួលរបស់ដ៏ល្អដែលអ្នកអាចថ្វាយ។ សូមចាំថា ព្រះយេហូវ៉ា‹ទតឃើញអ្វីដែលនៅក្នុងចិត្ត› ដូច្នេះទ្រង់ជ្រាបដឹងអំពីការខំប្រឹងខ្នះខ្នែងពីចិត្តរបស់អ្នក។—សាំយូអែលទី១ ១៦:៧
១៩. ហេតុអ្វីក៏មិនត្រូវវិនិច្ឆ័យនូវអ្វីដែលអ្នកដទៃធ្វើក្នុងការបំរើព្រះ?
១៩ ទស្សនៈរបស់ព្រះយេហូវ៉ាអំពីកិច្ចបំរើដ៏អស់ពីចិត្ត ក៏ត្រូវមានឥទ្ធិពលលើរបៀបដែលយើងចាត់ទុក និងប្រព្រឹត្តលើគ្នាទៅវិញទៅមកដែរ។ គឺមិនជាអ្វីដ៏ស្រឡាញ់ឡើយ ដោយរិះគន់ការខំប្រឹងនៃអ្នកដទៃ ឬប្រៀបធៀបកិច្ចបំរើរបស់បុគ្គលម្នាក់ជាមួយម្នាក់ទៀតនោះ! គួរឲ្យស្ដាយណាស់ បងគ្រីស្ទានម្នាក់បានសរសេរថា៖ «ជួនកាល អ្នកខ្លះដូចជាឲ្យយោបល់ថា បើអ្នកមិនជាអ្នកត្រួសត្រាយទេ នោះអ្នកឥតមានតម្លៃទេ។ ពួកយើងណាដែលមានការពិបាកពុះពារ‹គ្រាន់តែ›ធ្វើជាអ្នកផ្សាយព្រះរាជាណាចក្រដ៏ទៀងទាត់ ក៏ចង់ឲ្យគេអបអរដែរ»។ សូមឲ្យយើងចងចាំថា យើងមិនមានអំណាចក្នុងការវិនិច្ឆ័យនូវអ្វីដែលជាកិច្ចបំរើដ៏អស់ពីចិត្តទេ ចំពោះបងប្អូនគ្រីស្ទានរបស់យើង។ (រ៉ូម ១៤:១០-១២) ព្រះយេហូវ៉ាស្រឡាញ់កិច្ចបំរើដ៏អស់ពីចិត្តនៃបុគ្គលម្នាក់ៗ នៃពួកអ្នកផ្សាយព្រះរាជាណាចក្ររាប់លាននាក់ ហើយយើងក៏ត្រូវមានទស្សនៈដូចនេះដែរ។
២០. ធម្មតាជាការល្អក្នុងការសន្មតអំពីអ្វី នៃពួកអ្នកថ្វាយបង្គំរបស់យើងគ្នីគ្នា?
២០ ប៉ុន្តែ ចុះយ៉ាងណាវិញ បើមនុស្សខ្លះហាក់ដូចជាធ្វើតិចជាងអ្វីដែលគេអាចធ្វើក្នុងកិច្ចបំរើនោះ? ការបន្ថយនៃម៉ោងដែលចំណាយក្នុងការផ្សាយ ប្រហែលជាបង្ហាញដល់ពួកអ្នកចាស់ទុំដែលមើលខុសត្រូវ គឺត្រូវការជំនួយឬការលើកទឹកចិត្ត។ នៅពេលដំណាលគ្នានេះ យើងមិនត្រូវភ្លេចថា ចំពោះបុគ្គលខ្លះ កិច្ចបំរើដ៏អស់ពីចិត្តប្រហែលជាមានសភាពដូចកាក់តូចពីររបស់ស្ត្រីក្រីក្រ ជាជាងដូចប្រេងដ៏ថ្លៃរបស់នាងម៉ារា។ ធម្មតាជាការល្អក្នុងការសន្មតថា បងប្អូនប្រុសស្រីរបស់យើងស្រឡាញ់ព្រះយេហូវ៉ា ហើយថាសេចក្ដីស្រឡាញ់នេះ នឹងជំរុញឲ្យគេខំប្រឹងធ្វើការបានច្រើន—មិនតែតិចតួច—ដែលគេអាចធ្វើទៅបាន។ យ៉ាងប្រាកដហើយ អ្នកបំរើរបស់ព្រះយេហូវ៉ាដែលយកចិត្តទុក នឹងមិនសម្រេចធ្វើការតិចតួច ដែលគាត់អាចក្នុងការបំរើព្រះឡើយ!—កូរិនថូសទី១ ១៣:៤, ៧
២១. តើអ្វីជាអាជីពដ៏មានប្រយោជន៍ ដែលមនុស្សជាច្រើនកំពុងតែស្វែងរក ហើយតើមានសំនួរអ្វីដែលបានកើតឡើង?
២១ ប៉ុន្តែ ចំពោះប្រជារាស្ត្រជាច្រើនរបស់ព្រះ កិច្ចបំរើដ៏អស់ពីចិត្ត មានន័យថាការរកអាជីពដ៏មានប្រយោជន៍—កិច្ចបំរើជាអ្នកត្រួសត្រាយ។ តើគេទទួលបានពរអ្វីខ្លះ? ហើយចុះយ៉ាងណាវិញ ចំពោះយើងដែលមិនទាន់អាចធ្វើជាអ្នកត្រួសត្រាយ—តើយើងអាចបង្ហាញវិញ្ញាណនៃអ្នកត្រួសត្រាយដោយយ៉ាងដូចម្ដេច? សំនួរទាំងនេះនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ពីព្រោះម៉ាត់ធាស បានយកកន្លែងយូដាស ជាសាវ័ក ឈ្មោះរបស់គាត់—មិនមែនឈ្មោះរបស់ប៉ុលទេ—ដែលមានចារឹកក្នុងចំណោមគ្រឹះ១២នោះ។ ថ្វីបើប៉ុលជាសាវ័កក៏ដោយ គាត់មិនមែនក្នុងចំណោមពួកសាវ័ក១២នាក់ឡើយ។
b កាក់និមួយៗនោះ គឺមួយឡិបថុន ដែលជាកាក់របស់យូដាដ៏តូចមួយ នៅសម័យនោះ។ ពីរឡិបថុន គឺស្មើនឹងមួយភាគ៦៤ នៃប្រាក់ឈ្នួលមួយថ្ងៃ។ យោងទៅតាមម៉ាថាយ ១០:២៩ ក្នុង១កាក់អាសារីន (ស្មើនឹងប្រាំបីឡិបថុន) បុគ្គលម្នាក់អាចទិញចាបពីរ ដែលជាចាបដ៏ថោកបំផុត ដែលបានត្រូវប្រើសំរាប់អាហារ ដោយមនុស្សក្រីក្រ។ ដូច្នេះ ស្ត្រីមេម៉ាយនេះគឺច្បាស់ជាក្រីក្រមែន ដ្បិតនាងមានចំនួនតែពាក់កណ្ដាលប៉ុណ្ណោះ ដើម្បីទិញចាបមួយ គឺមិនទាំងគ្រប់គ្រាន់សំរាប់អាហារមួយពេលផង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើមានន័យយ៉ាងណាក្នុងការបំរើព្រះយេហូវ៉ាដ៏អស់ពីចិត្ត?
◻ តើតាមរបៀបណាដែលរឿងប្រៀបប្រដូចនៅកូរិនថូសទី១ ១២:១៤-២៦ បង្ហាញថាព្រះយេហូវ៉ាមិនប្រៀបធៀបយើងជាមួយអ្នកដទៃនោះ?
◻ តើអ្វីដែលយើងរៀនអំពីការឲ្យដ៏អស់ពីចិត្តពីបន្ទូលរបស់ព្រះយេស៊ូ អំពីប្រេងដ៏ថ្លៃ និងកាក់តូចពីររបស់ស្ត្រីមេម៉ាយ?
◻ តើទស្សនៈរបស់ព្រះយេហូវ៉ានៃកិច្ចបំរើដ៏អស់ពីចិត្ត មានឥទ្ធិពលយ៉ាងណាលើរបៀបដែលយើងមានលើអ្នកដទៃ?
[រូបភាពនៅទំព័រ២១]
នាងម៉ារាបានផ្ដល់ឲ្យអស់ពីសមត្ថភាព លាបប្រេងលើកាយរបស់ព្រះយេស៊ូ ដោយប្រើប្រេង‹ដ៏ថ្លៃ›
[រូបភាពនៅទំព័រ២៣]
កាក់របស់ស្ត្រី—សឹងតែគ្មានតម្លៃអ្វីសោះជាទ្រព្យសម្បត្ដិ ប៉ុន្តែមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា