បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១០ ទំ. ១២-១៧
  • «ពួកស្លាប់នឹងរស់ឡើងវិញ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពួកស្លាប់នឹងរស់ឡើងវិញ»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេស៊ូ​បាន​បញ្ចាំង​ពន្លឺ​លើ​ដំណើរ​រស់​ឡើង​វិញ
  • ការ​គាំទ្រ​សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ
  • ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ​បាន​ត្រូវ​ការ​ជា​ចាំ​បាច់
  • សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ដំណើររស់ឡើងវិញជាសេចក្ដីបង្រៀនដែលមានអានុភាពលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១០ ទំ. ១២-១៧

«ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ»

«ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ»។—កូរិនថូស​ទី​១ ១៥:៥២

១, ២. (ក) តើ​សេចក្ដី​សន្យា​ដ៏​សម្រាល​ទុក្ខ​អ្វី​ដែល​បាន​ផ្ដល់​មក​តាម​រយៈ​ព្យាការី​ហូសេ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​នឹង​នាំ​ពួក​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​ឡើង​វិញ?

តើ​អ្នក​ដែល​មាន​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ទៅ​ទេ? បើ​មាន នោះ​អ្នក​បាន​ដឹង​នូវ​ការ​ឈឺ​ចាប់​ដែល​បង្ក​មក​ដោយ​សេចក្ដី​ស្លាប់។ យ៉ាង​ណា​ក្ដី ពួក​គ្រីស្ទាន​បាន​សម្រាល​ទុក្ខ​ដោយ​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​ប្រទាន​មក តាម​រយៈ​ព្យាការី​ហូសេ ដែល​ថា៖ «អញ​នឹង​ដោះ​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​នឹង​លោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដែរ ឱ​សេចក្ដី​ស្លាប់​អើយ ទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ អំណាច​បំផ្លាញ​របស់​ឯង តើ​នៅ​ឯ​ណា»?—ហូសេ ១៣:១៤

២ គំនិត​ដែល​ថា​មនុស្ស​ស្លាប់​នឹង​ត្រឡប់​មក​រស់​ឡើង​វិញ ហាក់​ដូច​ជា​មិន​ទំនង​សោះ​ចំពោះ​ពួក​មនុស្ស​ដែល​ចេះ​តែ​សង្ស័យ។ ប៉ុន្តែ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​មាន​អំណាច​ដើម្បី​ធ្វើ​អព្ភូតហេតុ​បែប​នេះ! រឿង​ពិត​នោះ គឺ​ថា​ព្រះ​យេហូវ៉ា​បាន​សុខ​ព្រះ​ទ័យ ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ យ៉ូប ដែល​ជា​បុរស​ដ៏​សុចរិត​ម្នាក់​បាន​សួរ​ថា៖ «បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ»? រួច​មក គាត់​បាន​ឲ្យ​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​នេះ​ថា៖ «នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល​បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ​ហឫទ័យ​ដល់​ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ»។ (យ៉ូប ១៤:១៤, ១៥) ពាក្យ​ដែល​ថា «មាន​បំណង» ឲ្យ​ន័យ​អំពី​ការ​ចង់​បាន​ឬ​សេចក្ដី​ប្រាថ្នា​យ៉ាង​ខ្លាំង។ (ប្រៀប​ធៀប ទំនុកដំកើង ៨៤:២) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ទន្ទឹង​ចាំ​យ៉ាង​ខ្លាំង​នូវ​ដំណើរ​រស់​ឡើង​វិញ។ ទ្រង់​ចង់​ឃើញ​ពួក​បុគ្គល​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​ទៅ​នោះ​ម្ដង​ទៀត ដែល​នៅ​រស់​ក្នុង​សតិ​របស់​ទ្រង់។—ម៉ាថាយ ២២:៣១, ៣២

ព្រះ​យេស៊ូ​បាន​បញ្ចាំង​ពន្លឺ​លើ​ដំណើរ​រស់​ឡើង​វិញ

៣, ៤. (ក) តើ​ព្រះ​យេស៊ូ​បាន​បញ្ចាំង​ពន្លឺ​យ៉ាង​ណា អំពី​សេចក្ដី​សង្ឃឹម​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ? (ខ) ហេតុ​អ្វី​ក៏​ព្រះ​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​ជា​វិញ្ញាណ មិន​មែន​ជា​សាច់​ឈាម​វិញ​នោះ​ទេ?

៣ ពួក​បុរស​ពី​បុរាណ​ដែល​មាន​ជំនឿ ដូច​លោក​យ៉ូប នោះមាន​ការ​យល់​តែ​បន្ដិច​បន្តួច​ទេ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ។ ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា​បុគ្គល​ដែល​បាន​បញ្ចាំង​ពន្លឺ​លើ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។ ទ្រង់​បាន​បង្ហាញ​នូវ​មុខ​នាទី​ដ៏​សំខាន់ ដែល​អង្គ​ទ្រង់​ផ្ទាល់​មាន ក្នុង​កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ហើយ» (យ៉ូហាន ៣:៣៦) តើ​ជីវិត​នោះ​នឹង​បាន​ទទួល​នៅ​កន្លែង​ណា​ទៅ? ចំពោះ​មនុស្ស​ភាគ​ច្រើន​ដែល​អនុវត្ត​ជំនឿ នោះ​នឹង​នៅ​លើ​ផែនដី។ (ទំនុកដំកើង ៣៧:១១) ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត»។ (លូកា ១២:៣២) ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​នៅ​ស្ថាន​សួគ៌។ ដូច្នេះ សេចក្ដី​សន្យា​នេះ​មាន​ន័យ​ថា «ហ្វូង​តូច»នឹង​ត្រូវ​នៅ​ជា​មួយ​ព្រះ​យេស៊ូ​នៅ​ឯ​ស្ថាន​សួគ៌ ជា​សត្តនិករ​វិញ្ញាណ។ (យ៉ូហាន ១៤:២, ៣; ពេត្រុស​ទី​១ ១:៣, ៤) នេះ​ជា​ការ​ទន្ទឹង​ចាំ​ដ៏​រុង​រឿង​មែន! ព្រះ​យេស៊ូ​បាន​បង្ហាញ​ថែម​ទៀត​ដល់​សាវ័ក​យ៉ូហាន​ថា «ហ្វូង​តូច»នេះ នឹង​មាន​ចំនួន​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ។—វិវរណៈ ១៤:១

៤ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​ពួក​១៤៤.០០០​នាក់​នឹង​ទទួល​ការ​រុង​រឿង​នៅ​ស្ថាន​សួគ៌​នោះ? ព្រះ​យេស៊ូ«បាន​យក​ជីវិត នឹង​សេចក្ដី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយ​សារ​ដំណឹង​ល្អ​វិញ»។ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ នោះ​ទ្រង់​បាន​បើក​តាំង​នូវ«ផ្លូវ​ថ្មី ហើយ​រស់»ឲ្យ​ចូល​ទៅ​ស្ថាន​សួគ៌​វិញ។ (ធីម៉ូថេ​ទី​២ ១:១០; ហេព្រើរ ១០:១៩, ២០) ទី​មួយ ទ្រង់​បាន​សោយ​ទិវង្គត ដូច​ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​មក​អញ្ចឹង។ (អេសាយ ៥៣:១២) រួច​មក ដូច​សាវ័ក​ពេត្រុស​បាន​ប្រកាស​នៅ​ពេល​ក្រោយ ថា«ព្រះ​យេស៊ូ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។ (កិច្ច​ការ ២:៣២) ប៉ុន្តែ ព្រះ​មិន​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូ​ជា​មនុស្ស​នោះ​ទេ។ ទ្រង់​បាន​មាន​បន្ទូល​មុន​ៗ​ថា៖ «ឯ​នំ​ប៉័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក»។ (យ៉ូហាន ៦:៥១) ការ​ត្រឡប់​មក​វិញ​ជា​សាច់​ឈាម​នោះ នឹង​ធ្វើ​ឲ្យ​យញ្ញ​បូជា​ទៅ​ជា​មោឃៈ​ហើយ។ ដូច្នេះ ព្រះ​យេស៊ូ​បាន«ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម​តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ»។ (ពេត្រុស​ទី​១ ៣:១៨, ព.ថ.) ដូច្នេះ ព្រះ​យេស៊ូ«បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប​ជា​និច្ច[សំរាប់​យើង]» ដែល​ស្តី​អំពី«ហ្វូង​តូច»។ (ហេព្រើរ ៩:១២) ទ្រង់​បាន​ប្រគល់​ដល់​ព្រះ​នូវ​តម្លៃ​នៃ​ជីវិត​របស់​ទ្រង់ ជា​មនុស្ស​ដ៏​គ្រប់ល័ក្ខណ៍ ទុក​ជា​តម្លៃ​លោះ​ឲ្យ​មនុស្ស​លោក​ដែល​មាន​បាប ហើយ​ពួក​១៤៤.០០០​នាក់ ជា​ពួក​ដំបូង​ដែល​បាន​ទទួល​ប្រយោជន៍​នេះ។

៥. តើ​អ្វី​ជា​សេចក្ដី​សង្ឃឹម ដែល​បាន​ប្រគល់​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ?

៥ ព្រះ​យេស៊ូ​មិន​មែន​ជា​បុគ្គល​តែ​មួយ​អង្គ​ដែល​ត្រូវ​ប្រោស​ឲ្យ​ទៅ​ស្ថាន​សួគ៌​នោះ​ឡើយ។ ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​រ៉ូម ថា​គេ​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ទៅ​ជា​កូន​របស់​ព្រះ ហើយ​នឹង​គ្រង​មរតក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ប្រសិន​បើ​គេ​បាន​រក្សា​នូវ​ការ​ចាក់​ប្រេង​តាំង​របស់​គេ ដោយ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់។ (រ៉ូម ៨:១៦, ១៧) ប៉ុល​ក៏​បាន​ពន្យល់​ដែរ​ថា៖ «បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ»។—រ៉ូម ៦:៥

ការ​គាំទ្រ​សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ

៦. ហេតុ​អ្វី​ក៏​ការ​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ បាន​ត្រូវ​គេ​ទិតៀន​នៅ​ក្រុង​កូរិនថូស ហើយ​តើ​សាវ័ក​ប៉ុល​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

៦ ដំណើរ​រស់​ឡើង​វិញ គឺ​ជា​ផ្នែក​នៃ«សេចក្ដី​ប​ថ​មសិ​ក្សា​»របស់​សាសនា​គ្រីស្ទាន។ (ហេព្រើរ ៦:១, ២) យ៉ាង​ណា​ក្ដី សេចក្ដី​បង្រៀន​នេះ​បាន​ត្រូវ​គេ​ទិតៀន​នៅ​ក្រុង​កូរិនថូស។ ក្នុង​ក្រុម​ជំនុំ​មាន​អ្នក​ខ្លះ ដែល​មើល​ទៅ​ដូច​ជា​ពួក​ទស្សនវិទូ​ក្រិក​មាន​ឥទ្ធិពល​លើ​នោះ បាន​និយាយ​ថា៖ «ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ»។ (កូរិនថូស​ទី​១ ១៥:១២) នៅ​ពេល​ដែល​សាវ័ក​ប៉ុល​បាន​ឮ​អំពី​រឿង​នេះ គាត់​បាន​គាំទ្រ​សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ ជា​ពិសេស​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ពាក្យ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅ​កូរិនថូស​ទី​១ ជំពូក​១៥។ ជា​ការ​ល្អ​ប្រសិន​បើ​អ្នក​បាន​អាន​ជំពូក​នោះ​ទាំង​មូល​សិន ដូច​បាន​ដាស់​តឿន​ក្នុង​អត្ថបទ​មុន​នេះ។

៧. (ក) តើ​ប៉ុល​បាន​ពិគ្រោះ​លើ​រឿង​ដ៏​សំខាន់​មួយ​ណា? (ខ) តើ​អ្នក​ណា​ដែល​បាន​ឃើញ​ព្រះ​យេស៊ូ​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

៧ ក្នុង​ពីរ​ខ​ដំបូង​នៃ​កូរិនថូស​ទី​១ ជំពូក​១៥​នោះ ប៉ុល​បាន​ប្រាប់​អំពី​សាច់​រឿង​នៃ​ការ​ពិគ្រោះ​របស់​គាត់ ដោយ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ . . . លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត»។ ប្រសិន​បើ​ពួក​កូរិនថូស​មិន​បាន​កាន់​ខ្ជាប់​តាម​ដំណឹង​ល្អ នោះ​គេ​បាន​ទទួល​យក​សេចក្ដី​ពិត​ដោយ​ឥត​អំពើ។ ប៉ុល​បាន​និយាយ​បន្ត​ថា៖ «ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទគម្ពីរ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្ដង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់​ទៅ​ហើយ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ»។—កូរិនថូស​ទី​១ ១៥:៣​-​៨

៨, ៩. (ក) តើ​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ​មាន​សារៈ​សំខាន់​ប៉ុន​ណា? (ខ) ប្រហែល​ជា​នៅ​គ្រា​ណា​ដែល​ព្រះ​យេស៊ូ​បាន​លេច​ឲ្យ«ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ»នោះ?

៨ ចំពោះ​អស់​អ្នក​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ ការ​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​យេស៊ូ នោះ​មិន​មែន​ស្រេច​លើ​ចិត្ត​នោះ​ទេ។ គឺ​មាន​ពួក​សាក្សី​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ថា «ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា» ហើយ​ថា​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ។ បុគ្គល​ម្នាក់​នោះ​គឺ​កេផាស ដែល​គេ​ច្រើន​តែ​ស្គាល់​ដោយ​ឈ្មោះ​ពេត្រុស​វិញ។ ក្រោយ​ពី​ពេត្រុស​បាន​បដិសេធ​ថា មិន​ស្គាល់​ព្រះ​យេស៊ូ​នៅ​រាត្រី​នៃ​ការ​ក្បត់​និង​ការ​ចាប់​ព្រះ​យេស៊ូ នោះ​គាត់​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​ណាស់ ពេល​ដែល​ព្រះ​យេស៊ូ​បាន​លេច​ឲ្យ​គាត់​ឃើញ​វិញ។ «ពួក​១២​នាក់»ដែល​ជា​ពួក​សាវ័ក​ជា​ក្រុម​មួយ ក៏​ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​លេច​ឲ្យ​ឃើញ​ដែរ ជា​ការ​ពិសោធ​ដែល​ច្បាស់​ជា​បាន​ជួយ​គេ​ឲ្យ​ឈ្នះ​លើ​ការ​ខ្លាច ហើយ​ឲ្យ​បាន​ទៅ​ជា​អ្នក​សាក្សី​ដ៏​ក្លាហាន​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ។—យ៉ូហាន ២០:១៩​-​២៣; កិច្ច​ការ ២:៣២

៩ ព្រះ​គ្រីស្ទ​ក៏​បាន​លេច​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​ឃើញ​ដែរ ដែល​មាន«ពួក​បង​ប្អូន​ជាង​៥០០​នាក់»។ ដោយ​សារ​ទ្រង់​មាន​ពួក​សិស្ស​ចំនួន​ច្រើន​ពី​ស្រុក​កាលីឡេ នេះ​ប្រហែល​ជា​នៅ​គ្រា​ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៨:១៦​-​២០ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​បង្កើត​ឲ្យ​មាន​សិស្ស​នោះ។ ពួក​បុគ្គល​ទាំង​នេះ​អាច​ផ្ដល់​សក្ខី​ភាព​យ៉ាង​ខ្លាំង​មែន! អ្នក​ខ្លះ​បាន​នៅ​រស់​ក្នុង​ឆ្នាំ​៥៥ ស.យ. នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​មួយ​ជូន​ពួក​កូរិនថូស។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ បាន​ត្រូវ​រៀប​រាប់​ជា​ពួក​ដែល‹បាន​ដេក​លក់​ទៅ​ហើយ​ក្នុង​មរណភាព›។ ពួក​គេ​មិន​ទាន់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌​នៅ​ឡើយ​ទេ។

១០. (ក) តើ​មាន​លទ្ធផល​អ្វី​ពី​ការ​ជួប​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូ ជា​មួយ​នឹង​ពួក​សិស្ស​ទ្រង់? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​លេច​ឲ្យ​ប៉ុល​ឃើញ​ទ្រង់ ដែល«ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់»?

១០ សាក្សី​ដ៏​អស្ចារ្យ​មួយ​ទៀត ដែល​ឃើញ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​គឺ​យ៉ាកុប ដែល​ជា​កូន​របស់​យ៉ូសែប​និង​ម៉ារា​ដែល​ជា​ម្ដាយ​របស់​ព្រះ​យេស៊ូ។ មុន​នឹង​ដំណើរ​រស់​ឡើង​វិញ តាម​មើល​ទៅ យ៉ាកុប​មិន​ទាន់​ជា​អ្នក​ជឿ​នៅ​ឡើយ​ទេ។ (យ៉ូហាន ៧:៥) ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​លេច​ឲ្យ​គាត់​ឃើញ នោះ​យ៉ាកុប​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​ប្រហែល​ជា​បាន​បណ្ដាល​ឲ្យ​បង​ប្អូន​គាត់​ទៅ​ជា​អ្នក​ជឿ​ដែរ។ (កិច្ច​ការ ១:១៣, ១៤) ក្នុង​ការ​ជួប​ជា​លើក​ចុង​ក្រោយ​បំផុត​ជា​មួយ​នឹង​ពួក​សិស្ស​ទ្រង់ ដែល​ជា​គ្រា​ដែល​ទ្រង់​នឹង​យាង​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​គេ​ឲ្យ«ធ្វើ​ជា​ទី​បន្ទាល់ . . . រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ច​ការ ១:៦​-​១១) នៅ​ក្រោយ​មក ទ្រង់​បាន​លេច​ឲ្យ​សុល​នៃ​ស្រុក​តើសុស​ឃើញ ដែល​ជា​អ្នក​ដែល​បៀត​បៀន​ពួក​គ្រីស្ទាន។ (កិច្ច​ការ ២២:៦​-​៨) ព្រះ​យេស៊ូ​បាន​លេច​ឲ្យ​សុល​ឃើញ «ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ»។ នេះ​គឺ​ហាក់​ដូច​ជា​សុល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត​ខាង​វិញ្ញាណ​ទៅ​ហើយ ហើយ​អាច​ឃើញ​ព្រះ​អម្ចាស់​ដែល​បាន​សិរី​រុង​រឿង ជា​ច្រើន​សតវត្ស​មុន​នឹង​ដំណើរ​រស់​ឡើង​វិញ​ត្រូវ​បាន​កើត​ឡើង​ទៅ​ទៀត។ ការ​ពិសោធ​នេះ​បាន​បញ្ឈប់​សុល​ភ្លាម ពី​ដំណើរ​នៃ​ការ​ប្រឆាំង​រក​សម្លាប់​ពួក​គ្រីស្ទាន ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ការ​កែ​ប្រែ​យ៉ាង​អស្ចារ្យ។ (កិច្ច​ការ ៩:៣​-​៩, ១៧​-​១៩) សុល​ក៏​បាន​ទៅ​ជា​សាវ័ក​ប៉ុល ដែល​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​បំផុត​ចំពោះ​ជំនឿ​គ្រីស្ទាន។—កូរិនថូស​ទី​១ ១៥:៩, ១០

ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ​បាន​ត្រូវ​ការ​ជា​ចាំ​បាច់

១១. តើ​ដោយ​ដូច​ម្ដេច​ដែល​ប៉ុល​បាន​បង្ហាញ​នូវ​កំហុស ក្នុង​ការ​និយាយ​ថា«ឥត​មាន​ការ​រស់​ឡើង​វិញ»ទេ?

១១ ដូច្នេះ ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​យេស៊ូ​ជា​ហេតុ​ការណ៍​ពិត ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ត្រឹម​ត្រូវ។ ប៉ុល​និយាយ​ថា «បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ»? (កូរិនថូស​ទី​១ ១៥:១២) ពួក​ទាំង​នេះ​មិន​គ្រាន់​តែ​មាន​ការ​សង្ស័យ​ផ្ទាល់​ខ្លួន​គេ​ប៉ុណ្ណោះ​អំពី​ដំណើរ​រស់​ឡើង​វិញ ប៉ុន្តែ​គេ​ក៏​បាន​បញ្ចេញ​មតិ​ដ៏​មិន​ជឿ​របស់​គេ​ទៀត​ផង។ ដូច្នេះ​ប៉ុល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វែក​ញែក​ដ៏​ខុស​របស់​គេ។ គាត់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​សារ​គ្រីស្ទាន​ជា​អ្វី​ដ៏​កុហក ហើយ​ថា​អស់​អ្នក​ដែល​បាន​ជា​សាក្សី​ពី​ព្រះ​គ្រីស្ទ​ដែល​បាន​រស់​ឡើង​វិញ នោះ​ឈ្មោះ​ថា«ស្មរបន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ​វិញ»។ ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ឥត​មាន​តម្លៃ​លោះ​បាន​បង់​ទៅ​ព្រះ​ទេ ហើយ​ពួក​គ្រីស្ទាន​នៅ​តែ«ក្នុង​អំពើ​បាប​នៅ​ឡើយ»។ (កូរិនថូស​ទី​១ ១៥:១៣​-​១៩; រ៉ូម ៣:២៣, ២៤; ហេព្រើរ ៩:១១​-​១៤) ហើយ​ពួក​គ្រីស្ទាន​ដែល​បាន‹ដេក​លក់​ក្នុង​មរណភាព› ដែល​ក្នុង​ករណី​ខ្លះ​ជា​ទុក្ករបុគ្គល នោះបាន​ស្លាប់​ទៅ​ដោយ​ឥត​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត។ ប្រសិន​បើ​មាន​តែ​ជីវិត​នេះ​ទេ នោះ​ពួក​គ្រីស្ទាន​ពិត​ជា​នៅ​ក្នុង​ស្ថានភាព​ដ៏​កំសត់​មែន! ការ​រង​ទុក្ខ​របស់​គេ គឺ​ឥត​មាន​ប្រយោជន៍​មែន។

១២. (ក) តើ​ការ​ហៅ​ព្រះ​គ្រីស្ទ«ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ» ចង់​បង្ហាញ​អំពី​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​គ្រីស្ទ​ធ្វើ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ​នោះ?

១២ ប៉ុន្តែ គឺ​មិន​មែន​ដូច្នេះ​ឡើយ។ ប៉ុល​មាន​ប្រសាសន៍​បន្ត​ថា៖ «ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត»។ ម្យ៉ាង​ទៀត ទ្រង់​ជា«ផល​ដំបូង​ពី​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ»។ (កូរិនថូស​ទី​១ ១៥:២០) នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល បាន​ស្ដាប់​បង្គាប់​ដោយ​ថ្វាយ​ផ្លែ​ដំបូង​នៃ​ផល​ដំណាំ​របស់​គេ​ជូន​ព្រះ​យេហូវ៉ា នោះ​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​គេ ជា​ការ​ច្រូត​កាត់​យ៉ាង​ធំ​មួយ។ (និក្ខមនំ ២២:២៩, ៣០; ២៣:១៩; សុភាសិត ៣:៩, ១០) ដោយ​ហៅ​ព្រះ​គ្រីស្ទ​ជា«ផល​ដំបូង» នោះ​ប៉ុល​បង្ហាញ​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នូវ​មនុស្ស​ស្លាប់​ឯ​ទៀត ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ប៉ុល​មាន​ប្រសាសន៍​ថា «ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ​សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ​សារ​មនុស្ស​ដែរ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ​គ្រីស្ទ​យ៉ាង​នោះ​ដែរ»។ (កូរិនថូស​ទី​១ ១៥:២១, ២២) ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ ដោយ​ប្រគល់​ជីវិត​ជា​មនុស្ស​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ ជា​ការ​លោះ ដែល​បើក​ផ្លូវ​ឲ្យ​មនុស្ស​លោក​ចេញ​ពី​សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់។—កាឡាទី ១:៤; ពេត្រុស​ទី​១ ១:១៨, ១៩a

១៣. (ក) តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​សម្រេច​នៅ​ពេល​ណា? (ខ) ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាក់​ប្រេង​តាំង​ខ្លះ​មិន‹ដេក​លក់​ក្នុង​មរណភាព›សោះ​ឡើយ?

១៣ ប៉ុល​មាន​ប្រសាសន៍​បន្ត​ថា៖ «តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា របស់​ផង​ព្រះ​គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក»។ (កូរិនថូស​ទី​១ ១៥:២៣) ព្រះ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ឆ្នាំ​៣៣ ស.យ.។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​បាន​ចាក់​ប្រេង​តាំង ដែល​ជា«របស់​ផង​ព្រះ​គ្រីស្ទ» នឹង​ត្រូវ​រង់​ចាំ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ព្រះ​យេស៊ូ​មាន​វត្តមាន​របស់​ទ្រង់ ដែល​ទំនាយ​ព្រះ​គម្ពីរ​បង្ហាញ​ថា បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។ (ថែស្សាឡូនីច​ទី​១ ៤:១៤​-​១៦; វិវរណៈ ១១:១៨) ចុះ​យ៉ាង​ណា​វិញ ចំពោះ​ពួក​អ្នក​ដែល​នៅ​រស់​ក្នុង​កំឡុង​វត្តមាន​របស់​ទ្រង់​នោះ? ប៉ុល​មាន​ប្រសាសន៍​ថា៖ «នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌​កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ»។ (កូរិនថូស​ទី​១ ១៥:៥១, ៥២) យ៉ាង​ច្បាស់​ណាស់ មិន​មែន​ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់ ដេក​លក់​ក្នុង​ផ្នូរ​រង់​ចាំ​ដំណើរ​រស់​ឡើង​វិញ​នោះ​ឡើយ។ អស់​អ្នក​ដែល​ស្លាប់​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ នោះ​ផ្លាស់​ប្ដូរ​មួយ​រំពេច​ភ្លាម​វិញ។—វិវរណៈ ១៤:១៣

១៤. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង«ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី»នោះ?

១៤ «ពុំ​នោះ» ប៉ុល​សួរ​ថា៖ «ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​នឹង​ធ្វើ​ដូច​ម្ដេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​យើង​មាន​សេចក្ដី​អន្តរាយ​រាល់​ពេល​រាល់​វេលា​ដែរ»? (កូរិនថូស​ទី​១ ១៥:២៩, ៣០) ប៉ុល​មិន​មាន​សេចក្ដី​ថា បុគ្គល​រស់​នៅ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​ប្រយោជន៍​ឲ្យ​មនុស្ស​ស្លាប់​នោះ​ទេ ដែល​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ​បាន​បង្ហាញ​មក​នោះ។ ដ្បិត ពិធី​ជ្រមុជ​ទឹក​គឺ​ជាប់​ទាក់​ទិន​នឹង​ភាព​ជា​សិស្ស​គ្រីស្ទាន ហើយ​មនុស្ស​ស្លាប់​មិន​អាច​ធ្វើ​ជា​សិស្ស​បាន​នោះ​ទេ។ (យ៉ូហាន ៤:១) ផ្ទុយ​ទៅ​វិញ ប៉ុល​កំពុង​តែ​និយាយ​អំពី​ពួក​គ្រីស្ទាន​ដែល​នៅ​រស់ ដែល​ពួក​គេ​ជា​ច្រើន ដូច​គាត់ នោះ​បាន«មាន​សេចក្ដី​អន្តរាយ​រាល់​ពេល​រាល់​វេលា​ដែរ»។ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​បាន‹ទទួល​ជ្រមុជ​ទឹក​ក្នុង​សេចក្ដី​សុគត​នៃ​ព្រះ​គ្រីស្ទ›។ (រ៉ូម ៦:៣) ពី​ពេល​ដែល​គេ​បាន​ចាក់​ប្រេង​តាំង​មក នោះ​គេ​បាន«ទទួល​បុណ្យ​ជ្រមុជ» ក្នុង​ផ្លូវ​ដែល​នឹង​នាំ​ឲ្យ​គេ​ស្លាប់ ដូច​ជា​ព្រះ​គ្រីស្ទ​ដែរ។ (ម៉ាកុស ១០:៣៥​-​៤០) គេ​នឹង​ស្លាប់​ដោយ​មាន​សេចក្ដី​សង្ឃឹម​នឹង​ទទួល​ដំណើរ​រស់​ឡើង​វិញ​ដ៏​អស្ចារ្យ​ទៅ​ស្ថាន​សួគ៌។—កូរិនថូស​ទី​១ ៦:១៤; ភីលីព ៣:១០, ១១

១៥. តើ​ប៉ុល​ប្រហែល​ជា​ពិសោធ​សេចក្ដី​អន្តរាយ​អ្វី ហើយ​តើ​តាម​របៀប​ណា​ដែល​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ មាន​មុខ​នាទី​ក្នុង​ការ​ធ្វើ​ឲ្យ​គេ​ស៊ូ​ទ្រាំ​នោះ

១៥ ឥឡូវ​នេះ​ប៉ុល​ពន្យល់​ថា គាត់​បាន​ជួប​ប្រទះ​សេចក្ដីអន្តរាយ​ដល់​ម្ល៉េះ ដែល​គាត់​អាច​និយាយ​ថា៖ «ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ»។ ក្រែង​លោ​អ្នក​ខ្លះ​ចោទ​ថា​គាត់​និយាយ​ពន្លើស នោះ​ប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ ព្រះ​គម្ពីរ​យេរូសាឡិម បាន​បក​ប្រែ​ខ​នេះ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជួប​ប្រទះ​សេចក្ដី​ស្លាប់​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​អាច​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។ ជា​ឧទាហរណ៍​ខ្លះ​ៗ​នៃ​គ្រោះ​ថ្នាក់​ដែល​គាត់​បាន​ប្រឈម​មុខ​នោះ ខ​៣២ ប៉ុល​មាន​ប្រសាសន៍​អំពី‹ការ​ត​យុទ្ធ​នឹង​សត្វ​ព្រៃ​នៅ​ក្រុង​អេភេសូរ›។ ពួក​រ៉ូម៉ាំង​តែង​ប្រហារ​ជីវិត​ពួក​ឧក្រិដ្ឋ​ជន ដោយ​បោះ​គេ​ចូល​ទៅ​ក្នុង​ទី​ធ្លា​នៃ​សត្វ​ព្រៃ។ ប្រសិន​បើ​ប៉ុល​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ត​យុទ្ធ​ជា​មួយ​សត្វ​ព្រៃ​មែន នោះ​មាន​តែ​ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ ដែល​គាត់​អាច​រួច​រស់​ជីវិត​បាន​នោះ។ បើ​ឥត​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ នោះ​ការ​ប្រកប​ជីវិត​បែប​នេះ ដែល​ជួប​សេចក្ដី​អន្តរាយ គឺ​ច្បាស់​ជា​ក្លាហាន​ហួស​ប្រមាណ​ហើយ។ បើ​គ្មាន​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​នៅ​ខាង​មុខ នោះ​ការ​ស៊ូ​ទ្រាំ​ការ​លំបាក​និង​ការ​បោះ​បង់​បែប​នេះ ក្នុង​ការ​បំរើ​ព្រះ នោះ​ប្រហែល​ជា​ឥត​អំពើ​ទេ។ ប៉ុល​មាន​ប្រសាសន៍​ថា «បើ​សិន​ណា​ជា​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ»។—កូរិនថូស​ទី​១ ១៥:៣១, ៣២; សូម​មើល កូរិនថូស​ទី​២ ១:៨, ៩; ១១:២៣​-​២៧)

១៦. (ក) តើ​ឃ្លា​ដែល​ថា«ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ» ប្រហែល​ជា​មាន​កំណើត​ពី​ណា​មក? (ខ) តើ​ការ​យក​ចិត្ត​គំនិត​បែប​នេះ​អាច​មាន​គ្រោះ​ថ្នាក់​យ៉ាង​ដូច​ម្ដេច?

១៦ ប៉ុល​ប្រហែល​ជា​បាន​ដក​ស្រង់​ពាក្យ​ចេញ​ពី​អេសាយ ២២:១៣​ហើយ ដែល​រៀប​រាប់​អំពី​អាកប្បកិរិយា​ដែល​បណ្ដាល​ឲ្យ​ស្លាប់ នូវ​ពួក​អ្នក​ដ៏​ឥត​ស្ដាប់​បង្គាប់​ដែល​បាន​រស់​នៅ​ទី​ក្រុង​យេរូសាឡិម។ ឬ​ក៏​គាត់​ចង់​និយាយ​អំពី​ជំនឿ​នៃ​ពួក​អិភីឃ្យូរាន ដែល​ទិតៀន​នឹង​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ក្រោយ​ពី​ស្លាប់ ហើយ​ដែល​បាន​ជឿ​ថា ការ​កំសាន្ត​ខាង​ផ្លូវ​ចិត្ត​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត។ ទោះ​ជា​មាន​ករណី​យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​ដែល​គិត​តែ​ពី​ការ‹ស៊ី​ផឹក› នោះ​គឺ​ជា​អ្វី​ដែល​មិន​មក​ពី​ព្រះ​ទេ។ ដូច្នេះ​ហើយ​ប៉ុល​ក៏​ព្រមាន​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក​ម៉ាក់​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ (កូរិនថូស​ទី​១ ១៥:៣៣) ការ​សេព​គប់​ជា​មួយ​អស់​អ្នក​ដែល​បាន​បដិសេធ​នូវ​ដំណើរ​រស់​ឡើង​វិញ នោះ​អាច​ជា​អ្វី​ដែល​មាន​ពិស។ ការ​សេព​គប់​បែប​នេះ​ប្រហែល​ជា​បាន​បណ្ដាល​ឲ្យ​មាន​បញ្ហា ដែល​ប៉ុល​ត្រូវ​តែ​ដោះ​ស្រាយ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស ដូច​ជា អំពើ​ឥត​សីលធម៌​ខាង​កាម ការ​ទាស់​ទែង​គ្នា ការ​កើត​ក្ដី ហើយ​ការ​ឥត​គោរព​ចំពោះ​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។—កូរិនថូស​ទី​១ ១:១១; ៥:១; ៦:១; ១១:២០​-​២២

១៧. (ក) តើ​ការ​ដាស់​តឿន​អ្វី​ដែល​ប៉ុល​ឲ្យ​ទៅ​ពួក​កូរិនថូស? (ខ) តើ​សំនួរ​អ្វី​ខ្លះ​ដែល​ត្រូវ​តែ​ឆ្លើយ​នោះ?

១៧ ដូច្នេះ​ប៉ុល​ក៏​ឲ្យ​ការ​ដាស់​តឿន​ដ៏​វិជ្ជមាន​នេះ​ទៅ​ពួក​កូរិនថូស​ថា៖ «ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​ឯ​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​ថា​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស»។ (កូរិនថូស​ទី​១ ១៥:៣៤) ទស្សនៈ​ដ៏​អវិជ្ជមាន​អំពី​ដំណើរ​រស់​ឡើង​វិញ បាន​បណ្ដាល​ឲ្យ​អ្នក​ខ្លះ​ទៅ​ជា​មាន​ភាព​ធេង​ធោង​ខាង​វិញ្ញាណ ដែល​ហាក់​ដូច​ជា​ស្រវឹង​អញ្ចឹង។ ពួក​គេ​ត្រូវ​តែ​ភ្ញាក់​ខ្លួន​ឡើង ឲ្យ​បាន​ដឹង​ខ្លួន​វិញ។ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​តែ​ភ្ញាក់​ខ្លួន​ឡើង​ខាង​វិញ្ញាណ​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ទស្សនៈ​ដ៏​ទិតៀន​ពី​លោកីយ៍​នេះ​មាន​ឥទ្ធិពល​លើ​គេ​នោះ​ឡើយ។ ពួក​គេ​ត្រូវ​តែ​ឲ្យ​កាន់​ជាប់​នឹង​សេចក្ដី​សង្ឃឹម​របស់​គេ​អំពី​ដំណើរ​រស់​ឡើង​វិញ​ខាង​ស្ថាន​សួគ៌។ ប៉ុន្តែ​នៅ​មាន​សំនួរ​ខ្លះ សំរាប់​ពួក​កូរិនថូស​នៅ​គ្រា​នោះ ហើយ​សំរាប់​ពួក​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ជា​ឧទាហរណ៍ តើ​ពួក​១៤៤.០០០​នាក់​នឹង​ត្រូវ​ប្រោស​ឡើង​ឲ្យ​ទៅ​ស្ថាន​សួគ៌ ទាំង​មាន​រូប​រាង​បែប​ណា? ហើយ​ចុះ​យ៉ាង​ណា​ដែរ ចំពោះ​មនុស្ស​ជា​ច្រើន​លាន​នាក់​ឯ​ទៀត ដែល​កំពុង​នៅ​ក្នុង​ផ្នូរ​នៅ​ឡើយ ដែល​ឥត​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌​នោះ? តើ​ដំណើរ​រស់​ឡើង​វិញ​ចំពោះ​មនុស្ស​បែប​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់​របស់​យើង នោះ​យើង​នឹង​ពិចារណា​មើល​ការ​ពិគ្រោះ​របស់​ប៉ុល​ទាំង​ប៉ុន្មាន ដែល​ស្តី​អំពី​ដំណើរ​រស់​ឡើង​វិញ​នេះ។

[កំណត់​សម្គាល់]

a ចំពោះ​ការ​ពិគ្រោះ​លើ​ការ​លោះ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ១៥ កុម្ភៈ ១៩៩១

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ព្រះ​យេស៊ូ​បាន​បញ្ចាំង​ពន្លឺ​យ៉ាង​ណា​អំពី​ដំណើរ​រស់​ឡើង​វិញ?

◻ តើ​អ្នក​ណា​ខ្លះ​ដែល​ជា​ពួក​សាក្សី​ដែល​បាន​ឃើញ​ព្រះ​យេស៊ូ​រស់​ឡើង​វិញ​នោះ?

◻ ហេតុ​អ្វី​ក៏​សេចក្ដី​បង្រៀន​អំពី​ដំណើរ​រស់​ឡើង​វិញ​បាន​ត្រូវ​គេ​ទិតៀន ហើយ​តើ​ប៉ុល​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ​ជា​ការ​ចាំ​បាច់ ចំពោះ​ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង?

[រូប​ភាព​នៅ​ទំព័រ​១៥]

កូន​ស្រី​របស់​លោក​យ៉ៃរ៉ុស ជា​ភស្តុ​តាង​នៃ​ដំណើរ​រស់​ឡើង​វិញ

[រូប​ភាព​នៅ​ទំព័រ​១៦]

បើ​ឥត​មាន​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ​ទេ នោះ​ទុក្ករកម្ម​នៃ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នឹង​ទៅ​ជា​ឥត​អំពើ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក