ដល់ពេលនឹងភ្ញាក់ពីដេកហើយ
«ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ»។ (រ៉ូម ១៣:១១) សាវ័កប៉ុលបានសរសេរពាក្យទាំងនោះជូនពួកគ្រីស្ទានក្នុងក្រុងរ៉ូមប្រមាណ១៤ឆ្នាំ មុននឹងទីបញ្ចប់នៃរបបយូដាក្នុងឆ្នាំ៧០ ស.យ.។ ដោយព្រោះពួកគេបានប្រុងប្រៀបជាស្រេចខាងវិញ្ញាណ នោះពួកគ្រីស្ទានសាសន៍យូដាមិនបាននៅក្នុងក្រុងយេរូសាឡិមក្នុងគ្រានោះទេ ដូច្នេះពួកគេបានគេចចេញពីសេចក្ដីស្លាប់ឬការឃុំឃាំង។ ប៉ុន្តែ តើតាមរបៀបណាដែលគេដឹងថា គេត្រូវតែចេញពីទីក្រុងនោះ?
ព្រះយេស៊ូគ្រីស្ទបានព្រមានថា ពួកសត្រូវនឹងឡោមព័ទ្ធក្រុងយេរូសាឡិម ហើយថាប្រជាជននឹងបានត្រូវពង្រាបឲ្យស្មើនឹងដី។ (លូកា ១៩:៤៣, ៤៤) នៅពេលក្រោយមក ព្រះយេស៊ូបានប្រទានឲ្យពួកអ្នកកាន់តាមទ្រង់ដ៏ស្មោះត្រង់ នូវទីសម្គាល់រួម ដែលមិនជាការពិបាកនឹងទទួលស្គាល់ទេ។ (លូកា ២១:៧-២៤) ចំពោះពួកគ្រីស្ទានដែលបានរស់នៅក្នុងក្រុងយេរូសាឡិម ការបោះបង់ចោលទីក្រុងបានសេចក្ដីថា គេត្រូវតែចាកចេញពីផ្ទះនិងមុខរបររបស់គេ។ ប៉ុន្តែ ការប្រុងប្រៀបជាស្រេចនិងការភៀសខ្លួនចេញបានសង្គ្រោះជីវិតរបស់គេវិញ។
នៅពេលដែលព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីសេចក្ដីហិនវិនាសរបស់ក្រុងយេរូសាឡិម នោះពួកសិស្សរបស់ទ្រង់បានសួរថា៖ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? (ម៉ាថាយ ២៤:៣) ក្នុងការតបឆ្លើយ ព្រះយេស៊ូបានប្រៀបធៀបវត្តមាននៅខាងមុខរបស់ទ្រង់ ជាមួយនឹងពេលវេលាមុននឹងទឹកជំនន់ក្នុងពិភពលោកនៅសម័យលោកណូអេ។ ព្រះយេស៊ូបានចង្អុលប្រាប់ថា ទឹកជំនន់បានកំទេចចោលពួកមនុស្សអាក្រក់ទាំងអស់។ (ម៉ាថាយ ២៤:២១, ៣៧-៣៩) ដូច្នេះទ្រង់បានបង្ហាញថា ព្រះនឹងធ្វើអន្តរាគមន៍ម្ដងទៀតក្នុងបញ្ហារបស់មនុស្សលោក។ តើនឹងធ្វើអន្តរាគមន៍ដល់កំរិតណាទៅ? ត្រូវហើយដល់កំរិតនៃការយកពិភពលោកឬរបបលោកីយ៍ដ៏អាក្រក់នេះចោលចេញ! (ប្រៀបមើល ពេត្រុសទី២ ៣:៥, ៦) តើនេះអាចកើតឡើងបាននៅសម័យយើងនេះឬទេ?
តើគ្រប់ទាំងអស់នៅតែដដែលឬ?
មានពួកយូដានៅសតវត្សទីមួយតិចណាស់ ដែលគិតថាទីក្រុងរបស់គេ គឺយេរូសាឡិម នឹងបានត្រូវកំទេចចោលនោះ។ ការអត់ជឿបែបនេះក៏មានក្នុងចំណោមមនុស្សដែលរស់នៅជិតភ្នំភ្លើងដែរ ដែលឥតមានការផ្ទុះឡើងនោះ។ គេច្រើនតែប្រតិកម្មនឹងការព្រមានដោយថា៖ «នឹងមិនកើតឡើងក្នុងសម័យខ្ញុំឡើយ»។ អ្នកសិក្សាខាងភ្នំភ្លើង លោកឡៃណែល វីលសិនពន្យល់ថា «ជាធម្មតា ភ្នំភ្លើងផ្ទុះឡើងក្នុងរយៈរវាងពីរទៅបីសតវត្ស។ ប្រសិនបើបានផ្ទុះឡើងក្នុងសម័យឪពុកម្ដាយរបស់អ្នក នោះអ្នកនឹងត្រូវព្រួយចិត្ត។ ប៉ុន្តែប្រសិនបើវាកើតឡើងនៅសម័យជីដូនជីតារបស់អ្នក នោះវាឥតមានអ្វីទាក់ទងនោះទេ»។
ប៉ុន្តែពត៌មានត្រឹមត្រូវ អាចជួយយើងឲ្យដឹងសញ្ញាសម្គាល់ពីគ្រោះថ្នាក់ ហើយឲ្យយកចិត្តទុកដាក់ឲ្យមែនទែន។ ចំពោះអស់អ្នកដែលបានរត់គេចពីភ្នំ ផេលេ នោះបុគ្គលម្នាក់បានដឹងអំពីភ្នំភ្លើង ហើយបានយល់អំពីសញ្ញាសម្គាល់ពីគ្រោះថ្នាក់។ សញ្ញាបែបនេះក៏បានបកស្រាយយ៉ាងត្រឹមត្រូវ មិនយូរប៉ុន្មានមុនការផ្ទុះឡើងនៃភ្នំភីណាធូបូនោះដែរ។ អ្នកសិក្សាខាងភ្នំភ្លើង ដែលបានពិនិត្យមើលកម្លាំងដ៏មើលមិនឃើញនៅខាងក្នុងភ្នំនោះ បានធ្វើឲ្យមនុស្សនៅតំបន់នោះភៀសខ្លួនពីកន្លែងចេញ។
ប្រាកដហើយ មនុស្សខ្លះនឹងឥតអើពើចំពោះសញ្ញាគ្រោះថ្នាក់ទេ ហើយទទូចថានឹងគ្មានអ្វីកើតឡើងនោះទេ។ គេប្រហែលជាមើលងាយដាក់អស់អ្នកដែលចាត់វិធានការដោយមិនស្ទាក់ស្ទើរនោះផង។ សាវ័កពេត្រុសបានទាយថា ទស្សនៈបែបនេះនឹងមានក្នុងសម័យយើងនេះដែរ។ គាត់បានមានប្រសាសន៍ថា៖ «ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា៖ ‹តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា? ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ»។—ពេត្រុសទី២ ៣:៣, ៤
តើអ្នកជឿថាយើងកំពុងតែរស់នៅក្នុងគ្រា«ជាន់ក្រោយ»ឬទេ? ក្នុងសៀវភៅ ប្រវត្ដិសាស្ត្រកូឡុមបៀនៃពិភពលោក នោះចន ហក្ការាតធី និងភីតធើ ហ្គេ សួរថា៖ «តើយើងកំពុងឃើញនូវការឱនថយនៃអារ្យធម៌របស់យើងទេ»? រួចមក អ្នកប្រវត្ដិសាស្ត្រពីរនាក់នេះបានពិនិត្យមើលនូវបញ្ហានៃរដ្ឋាភិបាល ការកើនឡើងនៃឧក្រិដ្ឋកម្មនិងការឥតស្ដាប់បង្គាប់ ការបាក់បែកក្នុងក្រុមគ្រួសារ បរាជ័យនៃវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាដើម្បីនឹងដោះស្រាយបញ្ហាក្នុងសង្គម វិបត្ដិភ័យនៃអាជ្ញាធរ និងការឱនថយខាងសីលធម៌និងខាងសាសនាទូទាំងពិភពលោក។ គេសន្និដ្ឋានថា៖ «ប្រសិនបើរឿងទាំងនេះមិនមែនជាសញ្ញានៃការចុងបញ្ចប់ពិតទេ នោះមើលទៅហាក់ដូចជាអញ្ចឹងវិញ»។
យើងមានមូលហេតុត្រឹមត្រូវក្នុងការជឿថា «ទីបញ្ចប់»នឹងមកដល់ជាមិនខាន។ យើងមិនចាំបាច់ខ្លាចអំពីទីបញ្ចប់នៃផែនដីនោះទេ ដ្បិតព្រះគម្ពីរចែងថា ព្រះ«ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកដំកើង ១០៤:៥) ប៉ុន្តែ យើងត្រូវរង់ចាំទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ដែលបានធ្វើឲ្យមនុស្សរងទុក្ខវេទនាជាច្រើន។ ហេតុអ្វី? ពីព្រោះយើងអាចឃើញថា មានលក្ខណៈជាច្រើន ដែលសម្គាល់ថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍នេះ ដូចព្រះយេស៊ូបានមានបន្ទូលប្រាប់មក។ (សូមមើលប្រអប់ «លក្ខណៈខ្លះៗនៃថ្ងៃជាន់ក្រោយបង្អស់»)។ ហេតុអ្វីក៏មិនប្រៀបធៀបពាក្យរបស់ព្រះយេស៊ូ ជាមួយនឹងព្រឹត្ដិការណ៍ក្នុងពិភពលោកទៅ? ការធ្វើបែបនេះនឹងជួយយើងឲ្យធ្វើសេចក្ដីសម្រេចដ៏ល្អ សំរាប់អ្នកនិងគ្រួសាររបស់អ្នកដែរ។ ប៉ុន្តែ ហេតុអ្វីក៏ត្រូវចាត់វិធានការឥឡូវនេះ?
ជាការចាំបាច់ឲ្យប្រុងប្រៀបជានិច្ច
ទោះជាពួកវិទ្យាសាស្ត្រប្រហែលជាដឹង នៅពេលណាដែលការផ្ទុះឡើងនៃភ្នំភ្លើងនឹងកើតឡើង តែពួកគេពុំអាចប្រាប់នៅពេលវេលាដ៏ចំៗបានឡើយ។ ស្រដៀងគ្នាដែរ ស្តីអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ ព្រះយេស៊ូបានមានប្រសាសន៍ថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ដោយព្រោះយើងមិនដឹងពេលវេលាចំៗអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ ព្រះយេស៊ូបានប្រទានឲ្យយើងនូវការព្រមាននេះថា៖ «ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។—ម៉ាថាយ ២៤:៤៣, ៤៤
ពាក្យរបស់ព្រះយេស៊ូបង្ហាញថា មហាវិនាសដែលនឹងបញ្ចប់របបលោកីយ៍នេះ នឹងកើតឡើងដោយមនុស្សជាតិឥតដឹងខ្លួន។ ទោះជាយើងជាអ្នកកាន់តាមរបស់ទ្រង់ក៏ដោយ យើងត្រូវតែ«ប្រុងប្រៀបខ្លួនជាស្រេចដែរ»។ ស្ថានការណ៍របស់យើងគឺដូចនឹងម្ចាស់ផ្ទះម្នាក់ ដែលប្រហែលជាភ្ញាក់ផ្អើលហើយឥតបានប្រុងប្រៀប ដោយព្រោះគាត់ឥតដឹងនៅពេលណាដែលចោរនឹងមកចូលផ្ទះរបស់គាត់។
ស្រដៀងគ្នាដែរ សាវ័កប៉ុលបានប្រាប់ពួកគ្រីស្ទានក្នុងក្រុងថែស្សាឡូនីចថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ . . . បងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ»។ ប៉ុលក៏បានដាស់តឿនថា៖ «ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។ (ថែស្សាឡូនីចទី១ ៥:២, ៤, ៦) តើមានន័យយ៉ាងណា ក្នុងការ«ចាំយាម ហើយដឹងខ្លួន»នោះ?
មិនដូចការភៀសខ្លួនចេញនៃពួកគ្រីស្ទាននៅសតវត្សទីមួយពីក្រុងយេរូសាឡិមទេ នោះការភៀសខ្លួនចេញរបស់យើងទៅរកសុវត្ថិភាព មិនទាក់ទងការចេញពីក្រុងណាមួយនោះទេ។ ក្រោយពីបានដាស់តឿនពួកអ្នកជឿគ្នីគ្នាក្នុងរ៉ូម ឲ្យភ្ញាក់ពីដេក នោះប៉ុលបានដាស់តឿនគេឲ្យ«ដោះចោលអស់ទាំងការរបស់សេចក្ដីងងឹតចេញ»។ (រ៉ូម ១៣:១២, ១៤) ដោយធ្វើតាមលំអានដានរបស់ព្រះយេស៊ូឲ្យបានមែនទែន នោះយើងនឹងបង្ហាញថា យើងប្រុងប្រៀបជាស្រេចចំពោះសម័យរបស់យើង ហើយការប្រុងប្រៀបខាងវិញ្ញាណនេះ នឹងធ្វើឲ្យយើងអាចទទួលនូវការការពាររបស់ព្រះ នៅពេលដែលរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះបានមកដល់ទីបញ្ចប់។—ពេត្រុសទី១ ២:២១
អស់អ្នកដែលធ្វើតាមព្រះយេស៊ូគ្រីស្ទ អរសប្បាយនឹងជីវិតដ៏មានន័យនិងដ៏ស្កប់ស្កល់។ ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនលាននាក់បានឃើញថា នឹមជាសិស្សគ្រីស្ទាន ក៏សប្បុរសហើយត្រជាក់ចិត្តទៀតផង។ (ម៉ាថាយ ១១:២៩, ៣០) ជំហានទីមួយ ក្នុងការឲ្យក្លាយជាសិស្សម្នាក់ គឺ‹ការយកចូលចំណេះអំពីព្រះ និងអំពីព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកនោះ›។ (យ៉ូហាន ១៧:៣) ពួកស្មរបន្ទាល់ទៅផ្ទះជាច្រើនលានជារៀងរាល់អាទិត្យ ដើម្បីជួយមនុស្សឲ្យ«ស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) គេនឹងសប្បាយចិត្តរីករាយ ដើម្បីបង្រៀនព្រះគម្ពីរជាមួយអ្នកក្នុងផ្ទះរបស់អ្នក។ ហើយកាលដែលអ្នកមានចំណេះអំពីបន្ទូលរបស់ព្រះ នោះអ្នកច្បាស់ជានឹងជឿថា សម័យយើងនេះគឺខុសប្លែកមែន។ ប្រាកដហើយ នេះជាពេលឲ្យប្រុងប្រៀបជាស្រេចមែន!
[ប្រអប់⁄រូបភាពនៅទំព័រ៧]
លក្ខណៈខ្លះៗនៃថ្ងៃជាន់ក្រោយបង្អស់
«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១»; ‹សេចក្ដីសុខសាន្តនឹងបានដកយកពីផែនដីចេញ›។ (ម៉ាថាយ ២៤:៧; វិវរណៈ ៦:៤)
សង្គ្រាមលោកលើកទាំងពីរក្នុងសតវត្សនេះ រួមបញ្ចូលនឹងការប្រយុទ្ធតូចៗឯទៀត បានដកយកសេចក្ដីសុខសាន្តចេញពីផែនដីនេះមែន។ ចន ឃីហ្កាន ជាអ្នកប្រវត្ដិសាស្ត្រម្នាក់ ដែលបានសរសេរថា៖ «សង្គ្រាមលោកលើកទីមួយ និងទីពីរ បានខុសគ្នាពីសង្គ្រាមៗឯទៀតដែលបានច្បាំងឡើង។ នេះគឺខុសគ្នាក្នុងទំហំ ប្រពលភាព ចម្ហាយនិងចំណាយខាងវត្ថុនិងជីវិតរបស់មនុស្ស។ . . . សង្គ្រាមលោកទាំងនោះបានសម្លាប់មនុស្សជាច្រើន ចំណាយទ្រព្យជាច្រើន ហើយធ្វើឲ្យមានការទុក្ខវេទនាក្នុងទំហំពាសពេញ ជាងសង្គ្រាមឯណាទៅទៀត»។ សង្គ្រាមឥឡូវនេះ ធ្វើឲ្យពួកស្ត្រីនិងពួកក្មេងរងទុក្ខជាងពួកទាហានទៅទៀត។ ធនធានកូនក្មេងនៃអង្គការសហប្រជាជាតិបានគិតថា ក្នុងរយៈដប់ឆ្នាំមុននេះ មានកូនក្មេងពីរលាននាក់បានត្រូវស្លាប់ដោយសង្គ្រាម។
«នឹងកើតមានអំណត់»(ម៉ាថាយ ២៤:៧; វិវរណៈ ៦:៥, ៦, ៨)
ក្នុងឆ្នាំ១៩៩៦ តម្លៃនៃស្រូវសាលី និងពោតបានឡើងថ្លៃណាស់។ តើដោយមូលហេតុអ្វី? ឃ្លាំងពិភពលោកនៃស្រូវសាលីទាំងនេះបានមានតែសំរាប់៥០ថ្ងៃប៉ុណ្ណោះ ជាចំនួនដ៏តិចបំផុតដែលធ្លាប់រាយការណ៍។ ការឡើងថ្លៃនៃអាហារ មានន័យថា មនុស្សរាប់រយលាននាក់ដ៏ក្រខ្សត់ក្នុងពិភពលោក ដែលភាគច្រើនជាកូនក្មេង ចូលគេងដោយឥតអាហារបរិភោគទេ។
«កក្រើកដីនៅកន្លែងផ្សេងៗ។ (ម៉ាថាយ ២៤:៧)
ក្នុងកំឡុង២.៥០០ឆ្នាំកន្លងទៅនេះ មានតែការកក្រើកផែនដី៩ទេ ដែលបានសម្លាប់មនុស្សជា១០០.០០០នាក់នោះ។ ការកក្រើកផែនដីបួនទាំងនេះបានកើតឡើងតាំងពីឆ្នាំ១៩១៤មក។
«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»។ (ម៉ាថាយ ២៤:១២)
កាលដែលសតវត្សទី២០នេះកាន់តែជិតចប់ទៅ នោះការទទឹងច្បាប់ ឬការបំពានច្បាប់ បានមានពាសពេញ។ ពួកភេរវជនបានធ្វើបាបមនុស្សធម្មតា ជាអ្នកសម្លាប់ដោយឥតមេត្ដា ហើយការសម្លាប់រង្គាលជាលក្ខណៈដ៏អាក្រក់មួយនៃថ្ងៃជាន់ក្រោយបង្អស់នេះ។
‹នឹងមានរោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ›។ (លូកា ២១:១១)
ក្នុងកំឡុងទសវត្សនៃឆ្នាំ១៩៩០ មានមនុស្សប្រហែលជា៣០លាននាក់ ដែលបានត្រូវស្លាប់ដោយជម្ងឺរបេង។ វេត្រាណូដែលមានរោគក៏អាចតទល់នឹងថ្នាំពេទ្យដែរ។ គ្រុនចាញ់ ក៏ជារោគមួយទៀតដែលបង្កឲ្យស្លាប់ ដែលធ្វើឲ្យឈឺចាប់ដល់មនុស្សរវាង៣០០ហើយ៥០០លាននាក់រៀងរាល់ឆ្នាំ ហើយបានសម្លាប់មនុស្សប្រមាណ២លាននាក់។ មកដល់ទីបញ្ចប់នៃទសវត្សនេះ រោគអេដស៍នឹងត្រូវធ្វើឲ្យមនុស្សចំនួនប្រមាណ១លាន៨សែននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ សៀវភៅ សភាពនៃពិភពលោកឆ្នាំ១៩៩៦ ថ្លែងថា៖ «សព្វថ្ងៃនេះ មនុស្សលោកគឺកំពុងពិសោធការផ្ទុះឡើងនូវរោគរាតត្បាត»។
«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ»។ (ម៉ាថាយ ២៤:១៤)
នៅក្នុងឆ្នាំ១៩៩៧ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយជាងមួយរយកោដិម៉ោង ក្នុងការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។ មានស្មរបន្ទាល់ជាងប្រាំលាននាក់ ដែលយកសារនេះជារឿយៗទៅប្រាប់មនុស្សក្នុង២៣២ប្រទេស។
[អ្នកផ្ដល់សិទ្ធិ]
FAO photo/B. Imevbore
U.S. Coast Guard photo
[រូបភាពនៅទំព័រ៤, ៥]
ពួកគ្រីស្ទានបានគេចចេញពីក្រុងយេរូសាឡិម ដោយព្រោះគេបានប្រុងប្រៀបជាស្រេចខាងវិញ្ញាណ