បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១២ ទំ. ២៤-២៩
  • ការរង់ចាំដោយ«សេចក្ដីទន្ទឹង»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរង់ចាំដោយ«សេចក្ដីទន្ទឹង»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ភាព​ប្រុង​ស្មារតី​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ
  • ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​គ្រីស្ទ​យាង​មក?
  • ការ​រង់​ចាំ​ដោយ​ខ្នះ​ខ្នែង​ចំពោះ​ការ​លេច​មក​របស់​ព្រះ​គ្រីស្ទ
  • «សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង​ឡាយ»
  • ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ
  • ចូរ​ខំ​រង់​ចាំ​ដោយ​ការ​ស៊ូ​ទ្រាំ
  • ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អ្នកដឹកនាំដ៏សកម្មរបស់យើងនៅសព្វថ្ងៃនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្នកបានទទួល«វិញ្ញាណនៃសេចក្ដីពិត»ហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើអ្នកកំពុង«ទន្ទឹងរង់ចាំយ៉ាងរំភើប»ឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១២ ទំ. ២៤-២៩

ការ​រង់​ចាំ​ដោយ«សេចក្ដី​ទន្ទឹង»

«ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង​ឡាយ នោះ​រង់​ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ»។—រ៉ូម ៨:១៩

១. តើ​មាន​ស្ថានការណ៍​ស្រដៀង​គ្នា​យ៉ាង​ណា​រវាង​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ និង​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​នោះ?

ស្ថានការណ៍​នៃ​ពួក​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ មាន​សភាព​ដូច​នឹង​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​ដែរ។ ទំនាយ​មួយ​បាន​ជួយ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នោះ ឲ្យ​សម្គាល់​នៅ​ពេល​ដែល​ព្រះ​មេស្ស៊ី​នឹង​បាន​ដល់​កំណត់​លេច​មក។ (ដានីយ៉ែល ៩:២៤​-​២៦) ទំនាយ​ដដែល​នេះ​បាន​ប្រាប់​អំពី​សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម ប៉ុន្តែ​ឥត​មាន​លក្ខណៈ​អ្វី​ដែល​ជួយ​ពួក​គ្រីស្ទាន​ឲ្យ​ដឹង​ទុក​ជា​មុន ថា​នៅ​ពេល​ណា​ដែល​ទី​ក្រុង​នោះ​នឹង​កំទេច​ចោល​នោះ​ទេ។ (ដានីយ៉ែល ៩:២៦​ខ, ២៧) ស្រដៀង​គ្នា​នេះ ទំនាយ​មួយ​ដែល​ព្រះ​បាន​បណ្ដាល​មក បាន​ជំរុញ​ឲ្យ​ពួក​សិស្ស​ព្រះ​គម្ពីរ​នៅ​សតវត្ស​ទី​១៩​ដែល​មាន​ចិត្ត​ស្មោះ ឲ្យ​ទន្ទឹង​ចាំ​ដែរ។ ដោយ​ភ្ជាប់«ប្រាំ​ពីរ​ខួប»នៃ​ដានីយ៉ែល ៤:២៥ ជា​មួយ​នឹង«គ្រា​របស់​សាសន៍​ដទៃ» នោះ​គេ​បាន​សង្ឃឹម​ទុក​ជា​មុន​ថា ព្រះ​គ្រីស្ទ​នឹង​ទទួល​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ឆ្នាំ​១៩១៤។ (លូកា ២១:២៤; អេសេគាល ២១:២៥​-​២៧) ថ្វី​បើ​សៀវភៅ​ព្រះ​គម្ពីរ​ដានីយ៉ែល មាន​ទំនាយ​ជា​ច្រើន​ក៏​ដោយ គ្មាន​ទំនាយ​ណា​មួយ​អាច​ជួយ​ឲ្យ​ពួក​សិស្ស​ព្រះ​គម្ពីរ​នៅ​សម័យនេះ ឲ្យ​ត្រិះរិះ​ថា​នៅ​ពេល​ណា ដែល​របប​លោកីយ៍​របស់​សាតាំង​ទាំង​មូល​នឹង​ត្រូវ​កំទេច​ចោល​បាន​នោះ​ទេ។ (ដានីយ៉ែល ២:៣១​-​៤៤; ៨:២៣​-​២៥; ១១:៣៦, ៤៤, ៤៥) ប៉ុន្តែ គេ​ដឹង​ថា​នេះ​នឹង​កើត​ឡើង​នៅ​បន្ដិច​ទៀត ដ្បិត​យើង​កំពុង​តែ​រស់​នៅ​ក្នុង«គ្រា​ចុង​បំផុត»។—ដានីយ៉ែល ១២:៤a

ភាព​ប្រុង​ស្មារតី​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ

២, ៣. (ក) តើ​អ្វី​ដែល​ជា​ភស្តុ​តាង​ដ៏​ធំ ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​កាន់​អំណាច​ជា​ស្តេច? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ពួក​គ្រីស្ទាន​ត្រូវ​តែ​ចាំ​យាម ក្នុង​កំឡុង​គ្រា​វត្តមាន​របស់​គ្រីស្ទ?

២ ពិត​មែន ទំនាយ​មួយ​បាន​ធ្វើ​ឲ្យ​ពួក​គ្រីស្ទាន​ទន្ទឹង​ចាំ មុន​នឹង​ព្រះ​គ្រីស្ទ​បាន​ទទួល​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ឆ្នាំ​១៩១៤។ ប៉ុន្តែ «ទី​សំគាល់»ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​អំពី​វត្តមាន​របស់​ទ្រង់ និង​អំពី​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នេះ បាន​សម្ដែង​អំពី​ព្រឹត្ដិការណ៍។ ហើយ​ព្រឹត្ដិការណ៍​នេះ​ភាគ​ច្រើន​នឹង​បាន​ត្រូវ​ឃើញ ក្រោយ​ពី​វត្តមាន​របស់​ទ្រង់​បាន​ចាប់​ផ្ដើម។ ព្រឹត្ដិការណ៍​បែប​នេះ ដូច​ជា​សង្គ្រាម ការ​ខ្វះ​អាហារ កក្រើក​ផែនដី រោគ​រាតត្បាត ការ​គ្មាន​ច្បាប់​ទម្លាប់​កាន់​តែ​ច្រើន​ឡើង ការ​បៀត​បៀន​ពួក​គ្រីស្ទាន ហើយ​និង​ការ​ផ្សាយ​ដំណឹង​ព្រះ​រាជាណាចក្រ​ទូទាំង​ពិភព​លោក ទាំង​នេះ​ជា​ភស្តុ​តាង​ដ៏​ធំ​ថា យើង​ឥឡូវ​នេះ​កំពុង​តែ​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​កំពុង​កាន់​អំណាច​ជា​ស្តេច។—ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:១០, ១១

៣ ប៉ុន្តែ ន័យ​ទាំង​មូល​នៃ​ដំបូន្មាន​របស់​ព្រះ​យេស៊ូ​ជូន​ពួក​សិស្ស មុន​នឹង​ទ្រង់​បែក​ពី​គេ នោះ​គឺ​ដើម្បី​ឲ្យ​គេ៖ «ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម . . . គឺ​ថា ចូរ​ចាំ​យាម​ចុះ»។ (ម៉ាកុស ១៣:៣៣, ៣៧; លូកា ២១:៣៦) ការ​អាន​ឲ្យ​បាន​ដិត​ដល់​ក្នុង​បរិបទ​នៃ​ការ​ដាស់​តឿន​ឲ្យ​ប្រុង​ស្មារតី​នេះ បង្ហាញថា​ព្រះ​គ្រីស្ទ​មិន​បាន​គ្រាន់​តែ​និយាយ​អំពី​ការ​ចាំ​យាម មើល​ទី​សម្គាល់​នៃ​ការ​ចាប់​ផ្ដើម​នៃ​វត្តមាន​របស់​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្គាប់​ពួក​សិស្ស​ពិត​របស់​ទ្រង់​ឲ្យ​ចាំ​យាម​ក្នុង​កំឡុង​វត្តមាន​របស់​ទ្រង់។ តើ​ចំពោះ​អ្វី​ដែល​ពួក​គ្រីស្ទាន​ពិត​ត្រូវ​រក្សា​ការ​ចាំ​យាម​នោះ?

៤. តើ​អ្វី​ជា​គោល​បំណង​នៃ​សញ្ញា​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​មក​នោះ?

៤ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ទំនាយ​ដ៏​ធំ​របស់​ទ្រង់​ក្នុង​ការ​តប​ឆ្លើយ​នូវ​សំនួរ ដែល​ថា៖ «តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់[ព្រឹត្ដិការណ៍​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ហិន​វិនាស​នៃ​របប​លោកីយ៍​យូដា] តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»? (ម៉ាថាយ ២៤:៣) សញ្ញា​ដែល​បាន​ទាយ​ប្រាប់ នឹង​សម្គាល់​មិន​គ្រាន់​តែ​វត្តមាន​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ប៉ុន្តែ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​មាន​រហូត​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​បច្ចុប្បន្ន​នេះ​ដែរ។

៥. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា ថ្វី​បើ​ទ្រង់​មាន​វត្តមាន​ខាង​វិញ្ញាណ តែ​ទ្រង់​នឹង«យាង​មក»នៅ​ឡើយ?

៥ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា នៅ​ក្នុង​កំឡុង‹វត្តមាន›របស់​ទ្រង់ (ភាសា​ក្រិក, ផារូសៀ) នោះ​ទ្រង់​នឹង​យាង​មក​ក្នុង​អំណាច​និង​សិរី​រុង​រឿង។ ស្តី​អំពី«ការ​យាង​មក»បែប​នេះ (ដែល​បាន​បញ្ជាក់​ដោយ​ន័យ​ពាក្យ​ក្រិក អើខូម៉ៃ នោះ​ទ្រង់​បាន​ប្រកាស​ថា៖ «នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង ប៉ុន្តែ ចូរ​រៀន​សេចក្ដី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៊ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក[ព្រះ​គ្រីស្ទ]ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។—ម៉ាថាយ ២៤:៣០, ៣២, ៣៣, ៤២, ៤៤

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​គ្រីស្ទ​យាង​មក?

៦. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ហិន​វិនាស​នៃ«បាប៊ីឡូន​ដ៏​ធំ»នឹង​កើត​ឡើង?

៦ ទោះ​ជា​មាន​វត្តមាន​ជា​ស្តេច​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ​ក្ដី ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​តែ​ជំនុំ​ជំរះ​របប​ផ្សេង​ៗ​និង​មនុស្ស​ម្នាក់​ៗ​នៅ​ឡើយ មុន​នឹង​ប្រហារ​សេចក្ដី​ជំនុំ​ជំរះ​លើ​ពួក​ដែល​ទ្រង់​ឃើញ​ថា​អាក្រក់​នោះ។ (ប្រៀប​ធៀប កូរិនថូស​ទី​២ ៥:១០) មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​ដាក់​ទៅ​ក្នុង​សតិ​របស់​ពួក​មេ​ដឹក​នាំ​ខាង​នយោបាយ ឲ្យ​កំទេច​ចោល‹បាប៊ីឡូន​ដ៏​ធំ› ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ (វិវរណៈ ១៧:៤, ៥, ១៦, ១៧) សាវ័ក​ប៉ុល​បាន​ថ្លែង​ចំ​ៗ​ថា ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​កំទេច​ចោល‹មនុស្ស​ទទឹង​ច្បាប់› ឬ​ក៏​ពួក​បព្វជិត​របស់​ពិភព​គ្រីស្ទ​សាសនា ដែល​បាន​ក្បត់​ជំនឿ​ពិត ដែល​មាន​ចំណែក​ដ៏​ធំ​ក្នុង‹បាប៊ីឡូន​ដ៏​ធំ›។ ប៉ុល​បាន​សរសេរ​ថា៖ «អា​ទទឹង​ច្បាប់​នោះ នឹង​លេច​មក ដែល​ព្រះ​អម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះ​ឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក»។—ថែស្សាឡូនីច​ទី​២ ២:៣, ៨

៧. នៅ​ពេល​ដែល​កូន​មនុស្ស​មក​ក្នុង​សិរី​រុង​រឿង​របស់​ទ្រង់ តើ​ទ្រង់​នឹង​ធ្វើ​សេចក្ដី​ជំនុំ​ជំរះ​អ្វី?

៧ នៅ​នា​អនាគត​នេះ ព្រះ​គ្រីស្ទ​នឹង​ជំនុំ​ជំរះ​មនុស្ស​នៅប្រទេស​នានា ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​របៀប​ដែល​គេ​បាន​ប្រព្រឹត្ត​មក​លើ​បង​ប្អូន​របស់​ទ្រង់ ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ។ យើង​អាន​ថា៖ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុង​រឿង​ឧត្តម​របស់​លោក រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្ដាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង . . . នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ[ពួក​ចៀម]ថា​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ . . . ឯ​ពួក[ពពែ]នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប​ជា​និច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ»។—ម៉ាថាយ ២៥:៣១​-​៤៦

៨. តើ​តាម​របៀប​ណា​ដែល​ប៉ុល​រៀប​រាប់​អំពី​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ ដើម្បី​ជំនុំ​ជំរះ​លើ​ពួក​មនុស្ស​ទមិល​ល្មើស​នេះ?

៨ ដូច​បាន​បង្ហាញ​ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ ព្រះ​យេស៊ូ​ធ្វើ​សេចក្ដី​ជំនុំ​ជំរះ​នៅ​ចុង​បំផុត​លើ​ពួក​ទមិល​ល្មើស​ទាំង​អស់។ ប៉ុល​បាន​ធានា​រ៉ាប់​រង​ពួក​អ្នក​ជឿ​គ្នី​គ្នា​ដែល​កំពុង​តែ​រង​ទុក្ខ អំពី​ការ«សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច ឃ្លាត​ពី​ព្រះ​ភក្ដ្រ​នៃ​ព្រះ​អម្ចាស់​ហើយ​ពី​សិរី​ល្អ​នៃ​ព្រះ​ចេស្ដា​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់»។ (ថែស្សាឡូនីច​ទី​២ ១:៧​-​១០) ដោយ​មាន​ព្រឹត្ដិការណ៍​ដ៏​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ទាំង​នេះ​នៅ​ពី​មុខ​យើង តើ​យើង​មិន​គួរ​អនុវត្ត​ជំនឿ​និង​រង់​ចាំ​នូវ​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ​ឬ?

ការ​រង់​ចាំ​ដោយ​ខ្នះ​ខ្នែង​ចំពោះ​ការ​លេច​មក​របស់​ព្រះ​គ្រីស្ទ

៩, ១០. ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ រង់​ចាំ​យ៉ាង​ខ្នះ​ខ្នែង​នឹង​ការ​លេច​មក​របស់​ព្រះ​យេស៊ូ​គ្រីស្ទ?

៩ «កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌» នោះ​មិន​គ្រាន់​តែ​នឹង​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​ដល់​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​នឹង​ប្រទាន​រង្វាន់​ដល់​មនុស្ស​សុចរិត​ដែរ។ ពួក​សំណល់​នៃ​បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ ប្រហែល​ជា​នឹង​នៅ​រង​ទុក្ខ​វេទនា មុន​នឹង​ព្រះ​គ្រីស្ទ​លេច​មក ប៉ុន្តែ​គេ​អរ​សប្បាយ​វិញ ក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​របស់​គេ​ខាង​ស្ថាន​សួគ៌។ ចំពោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង នោះ​សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ត្រូវ​អរ​សប្បាយ​វិញ​ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​រីករាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី​ល្អ​ទ្រង់​លេច​មក»។—ពេត្រុស​ទី​១ ៤:១៣

១០ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​តាំង​ចិត្ត​ក្នុង​ការ​ឲ្យ​បាន​នៅ​ស្មោះ​ត្រង់ រហូត​ដល់​ព្រះ​គ្រីស្ទ‹ប្រមូល​ពួក​គេ​ទៅ​នៅ​ចំពោះ​ទ្រង់› ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ ដ៏​មាន​គុណ​ភាព​ដែល​បាន«សាកល» អាច«បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្ដិ៍​ឈ្មោះ នឹង​សិរី​ល្អ ក្នុង​កាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក»។ (ថែស្សាឡូនីច​ទី​២ ២:១; ពេត្រុស​ទី​១ ១:៧) ស្តី​អំពី​ពួក​គ្រីស្ទាន​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ នោះ​អាច​និយាយ​បាន​ថា៖ «សេចក្ដី​បន្ទាល់​ពី​ព្រះ​គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដល់​ម្ល៉េះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​ឯ​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​លេច​មក​ផង»។—កូរិនថូស​ទី​១ ១:៦, ៧

១១. កាល​ដែល​រង់​ចាំ​ការ​លេច​មក​របស់​ព្រះ​យេស៊ូ​គ្រីស្ទ តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ធ្វើ​អ្វី?

១១ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​មាន​អារម្មណ៍​ដូច​ប៉ុល​ដែរ ដែល​បាន​សរសេរ​ថា៖ «ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្ដី​មិន​គួរ​ប្រៀប​ផ្ទឹម​នឹង​សិរី​ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ»។ (រ៉ូម ៨:១៨) ជំនឿ​របស់​គេ​មិន​ត្រូវ​បាន​ទ្រ​ទ្រង់​ដោយ​គិត​ពី​កំណត់​ពេល​ផ្សេង​ៗ​នោះ​ទេ។ គេ​នៅ​ជាប់​រវល់​នឹង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា ដែល​ផ្ដល់​នូវ​គំរូ​ដ៏​អស្ចារ្យ​សំរាប់​គូកន​របស់​គេ គឺ​ពួក«ចៀម​ឯ​ទៀត»។ (យ៉ូហាន ១០:១៦) ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ដឹង​ថា ប្រព័ន្ធ​សម័យ​ដ៏​អាក្រក់​នេះ គឺ​ជិត​មក​ដល់​ហើយ ហើយ​គេ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ពេត្រុស ដែល​ថា៖ «ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន​ចុះ ទាំង​ដឹង​ខ្លួន​ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ​គុណ​ដែល​ត្រូវ​ផ្ដល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុងកាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង»។—ពេត្រុស​ទី​១ ១:១៣

«សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង​ឡាយ»

១២, ១៣. តើ​តាម​របៀប​ណា​ដែល​ជីវិត​ជា​មនុស្ស«បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍» ហើយ​តើ​ពួក​ចៀម​ឯ​ទៀត​រង់​ចាំ​អ្វី?

១២ តើ​ពួក​ចៀម​ឯ​ទៀត​មាន​អ្វី​មួយ ដែល​គេ​រស់​នៅ​ទន្ទឹង​ចាំ​នោះ​ទេ? គឺ​ប្រាកដ​ជា​មាន​មែន​ហើយ។ ក្រោយ​ពី​បាន​មាន​ប្រសាសន៍​អំពី​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​នៃ​ពួក​កូន​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​យក​មក​ចិញ្ចឹម ជា«ពួក​កូន»ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ​ទ្រង់ និង«ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ»ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ នោះ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង​ឡាយ នោះ​រង់​ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ​អង្គ ដែល​ទ្រង់​បញ្ចុះ​បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។—រ៉ូម ៨:១៤​-​២១; ធីម៉ូថេ​ទី​២ ២:១០​-​១២

១៣ តាម​រយៈ​សេចក្ដី​បាប​របស់​អ័ដាម នោះ​កូន​ចៅ​របស់​គាត់​ទាំង​អស់ «បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍» ឬ​ក៏​បាន​កើត​មក​ឲ្យ​ជាប់​នឹង​សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់។ ពួក​គេ​ឥត​បាន​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​សេវកភាព​បែប​នេះ​បាន​ឡើយ។ (ទំនុកដំកើង ៤៩:៧; រ៉ូម ៥:១២, ២១) ពួក​ចៀម​ឯ​ទៀត​ច្បាស់​ជា​រង់​ចាំ​ឲ្យ​បាន«រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ»! ប៉ុន្តែ មុន​នឹង​រឿង​នេះ​កើត​ឡើង នោះ​មាន​អ្វី​ណា​ខ្លះ​ដែល​ត្រូវ​នឹង​កើត​ឡើង យោង​តាម​ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា។

១៤. តើ​ការ​ដែល​ឲ្យ«ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ»នោះ នឹង​ទាក់​ទង​អ្វី​ខ្លះ ហើយ​តើ​នេះ​នឹង​ឲ្យ​មនុស្ស​លោក​បាន«រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ»យ៉ាង​ដូច​ម្ដេច?

១៤ ពួក​អ្នក​សំណល់​នៃ«ពួក​កូន​របស់​ព្រះ»ដែល​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ«លេច​មក»ជា​មុន​សិន។ តើ​នេះ​នឹង​ទាក់​ទង​អ្វី​ខ្លះ? ក្នុង​គ្រា​កំណត់​របស់​ព្រះ នោះ​ពួក​ចៀម​ឯ​ទៀត​នឹង​ឃើញ​ច្បាស់​ថា ពួក​ចាក់​ប្រេង​តាំង​នឹង​បាន‹បោះ​ត្រា›នៅ​ទី​បំផុត ហើយ​បាន​សិរី​រុង​រឿង​ធ្វើ​ការ​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ។ (វិវរណៈ ៧:២​-​៤) «ពួក​កូន​របស់​ព្រះ»ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​នឹង​បាន«លេច​មក»ដែរ នៅ​ពេល​ដែល​គេ​ចូល​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ក្នុង​ការ​កំទេច​ចោល​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​របស់​សាតាំង។ (វិវរណៈ ២:២៦, ២៧; ១៩:១៤, ១៥) រួច​មក ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នោះ​ពួក​គេ​នឹង​បាន«លេច​មក»ថែម​ទៀត ជា​ខ្សែ​រយៈ​ជា​សង្ឃ​សំរាប់​ការ​ចែក​ចាយ​ប្រយោជន៍ ពី​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​ដល់​មនុស្ស«ទាំង​ឡាយ»។ ជា​លទ្ធផល នេះ​នឹង​នាំ​ឲ្យ​មនុស្ស​លោក«រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ» ហើយ​ជា​ទី​បំផុត នឹង​បាន​ចូល​ទៅ​ក្នុង«សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។ (រ៉ូម ៨:២១; វិវរណៈ ២០:៥; ២២:១, ២) ដោយ​មាន​ការ​ទន្ទឹង​ចាំ​ដ៏​អស្ចារ្យ​បែប​នេះ តើ​ជា​ការ​គួរ​ឲ្យ​ឆ្ងល់​ទេ ដែល​ពួក​ចៀម​ឯ​ទៀត «រង់​ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ»ដោយ«សេចក្ដី​ទន្ទឹង»នោះ?—រ៉ូម ៨:១៩

ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ

១៥. តើ​យើង​មិន​ត្រូវ​ភ្លេច​អ្វី​ដែល​ស្តី​អំពី ការ​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា​ខាង​ឯ​ព្រឹត្ដិការណ៍​ផ្សេង​ៗ?

១៥ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឧត្តម​ខាង​ការ​រក្សា​ពេល​ទៀង​ទាត់។ ការ​កំណត់​ពេល​នៃ​ព្រឹត្ដិការណ៍​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រប់ល័ក្ខណ៍​មែន។ អ្វី​មួយ​ប្រហែល​ជា​មើល​ទៅ​មិន​ដូច​នឹង​កើត​ឡើង​តាម​របៀប​ដែល​យើង​សង្ឃឹម​នោះ​ទេ។ ប៉ុន្តែ យើង​អាច​មាន​ជំនឿ​ដ៏​មុត​មាំ​ថា សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះ នឹង​បាន​សម្រេច​ជា​មិន​ខាន។ (យ៉ូស្វេ ២៣:១៤) ទ្រង់​ប្រហែល​ជា​បណ្ដោយ​ឲ្យ​រឿង​ទាំង​នេះ​មាន​បន្ត​ជា​យូរ​ជាង នឹង​ច្រើន​អ្នក​បាន​គិត​ទៅ​ទៀត។ ប៉ុន្តែ សូម​ឲ្យ​យើង​រក​យល់​នូវ​របៀប​របស់​ទ្រង់ ហើយ​ឲ្យ​សរសើរ​ដល់​ប្រាជ្ញា​របស់​ទ្រង់​ដែរ។ ប៉ុល​បាន​សរសេរ​ថា៖ «អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ​ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ​អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន»។—រ៉ូម ១១:៣៣, ៣៤

១៦. តើ​អ្នក​ណា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​នោះ?

១៦ ពេត្រុស​បាន​សរសេរ​ថា៖ «ឱ​ពួក​ស្ងួន​ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ [សេចក្ដី​ហិន​វិនាស​នៃ«ផ្ទៃ​មេឃ»និង«ផែនដី»ចាស់ ដែល​នឹង​ត្រូវ​ជំនួស​ដោយ«ផ្ទៃ​មេឃ​ថ្មី»និង«ផែនដី​ថ្មី»ដែល​ព្រះ​បាន​សន្យា​មក] ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥតកន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង ហើយ​ត្រូវ​រាប់​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ»។ ដោយ​ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា នោះ​មនុស្ស​ជា​ច្រើន​លាន​នាក់​បាន​ត្រូវ​ទទួល​នូវ​ឱកាស​ដើម្បី​ឲ្យ​បាន​សង្គ្រោះ ឆ្លង​កាត់‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា› ដែល​នឹង​មក​ដល់​ដោយ​មិន​បាន​ទន្ទឹង​ចាំ«ដូច​ជា​ចោរ​ប្លន់»អញ្ចឹង។ (ពេត្រុស​ទី​២ ៣:៩​-​១៥) ការ​អត់​ធ្មត់​របស់​ទ្រង់​ក៏​នាំ​ឲ្យ​មាន​យើង​ម្នាក់​ៗ បន្ត​ក្នុង​ការ‹បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ›។ (ភីលីព ២:១២) ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ«ប្រយ័ត​ខ្លួន» ហើយ«ចាំ​យាម» ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​ព្រម​ទទួល​យើង ហើយ​បាន​ជ័យ​ជំនះ​ក្នុង​ការ«ឈរ​នៅ​មុខ​កូន​មនុស្ស» ក្នុង​គ្រា​ដែល​ទ្រង់​នឹង​មក​ជំនុំ​ជំរះ។—លូកា ២១:៣៤​-​៣៦; ម៉ាថាយ ២៥:៣១​-​៣៣

ចូរ​ខំ​រង់​ចាំ​ដោយ​ការ​ស៊ូ​ទ្រាំ

១៧. តើ​ពាក្យ​អ្វី​របស់​សាវ័ក​ប៉ុល​ដែល​យើង​ត្រូវ​ធ្វើ​តាម​នោះ?

១៧ ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​ខាង​វិញ្ញាណ​របស់​គាត់ ឲ្យ​រក្សា​ភ្នែក​របស់​គេ«មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ»។ (កូរិនថូស​ទី​២ ៤:១៦​-​១៨) គាត់​មិន​ចង់​ឲ្យ​អ្វី​មួយ​មក​បាំង​នូវ​ការ​សម្លឹង​មើល​រង្វាន់​ខាង​ស្ថាន​សួគ៌ ដែល​មាន​នៅ​ពី​មុខ​គេ​នោះ​ទេ។ មិន​ថា​យើង​ជា​ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង ឬ​ក៏​យើង​ជា​ពួក​ចៀម​ឯ​ទៀត​ក្ដី ចូរ​ឲ្យ​យើង​ចាំ​ក្នុង​ចិត្ត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ដែល​មាន​នៅ​មុខ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​យើង​នឿយ​ណាយ​ឡើយ។ ចូរ​ឲ្យ​យើង‹រង់​ចាំ​ដោយ​អំណត់› ដោយ​បង្ហាញ​ថា«យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។—រ៉ូម ៨:២៥; ហេព្រើរ ១០:៣៩

១៨. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ពេល​វេលា​និង​រដូវ​កាល​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា?

១៨ យើង​អាច​ទុក​រឿង​ពេល​វេលា​និង​រដូវ​កាល​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា។ សេចក្ដី​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់​នឹង«ឥត​រា​រង់​ឡើយ» ស្រប​តាម​គម្រោង​ការណ៍​ពេល​វេលា​របស់​ទ្រង់។ (ហាបាគុក ២:៣) នៅ​ពេល​ចន្លោះ​នោះ ការ​ដាស់​តឿន​របស់​ប៉ុល​ទៅ​ធីម៉ូថេ មាន​ន័យ​បន្ថែម​សំរាប់​យើង​រាល់​គ្នា។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ផ្ដាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នឹង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង គឺ​ផ្ដាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក នឹង​នគរ​ទ្រង់​ថា ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្ដី . . . ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង»។—ធីម៉ូថេ​ទី​២ ៤:១​-​៥

១៩. តើ​នេះ​នៅ​តែ​ជា​វេលា ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៩ គឺ​ទាក់​ទង​ជីវិត​ស្លាប់​រស់ ដែល​ជា​ជីវិត​របស់​យើង​និង​អស់​អ្នក​ជិត​ខាង​របស់​យើង​ដែរ។ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។ (ធីម៉ូថេ​ទី​១ ៤:១៦) ពេល​វេលា​គឺ​មាន​ខ្លី​ណាស់​ចំពោះ​ប្រព័ន្ធ​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ។ កាល​ដែល​យើង​រង់​ចាំ​ដោយ​សេចក្ដី​ទន្ទឹង​នូវ​ព្រឹត្ដិការណ៍​ដ៏​រំភើប​នៅ​ខាង​មុខ​យើង​នេះ ចូរ​ឲ្យ​យើង​ភ្ញាក់​រឭក​ជា​និច្ច​ថា នេះ​ហើយ នៅ​តែ​ជា​ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា សំរាប់​ឲ្យ​រាស្ត្រ​ទ្រង់ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។ កិច្ច​ការ​នោះ​ត្រូវ​តែ​ឲ្យ​បាន​សម្រេច​រហូត​ដល់​ទ្រង់​ស្កប់​ព្រះ​ហឫទ័យ។ «នោះ» ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក «ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

[កំណត់​សម្គាល់]

a សូម​មើល​ជំពូក​១០ និង​១១​នៃ​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

ការ​ពិនិត្យ​មើល​សា​ឡើង​វិញ

◻ ស្តី​អំពី​ការ​ត្រិះរិះ​ពេល​វេលា តើ​តាម​របៀប​ណា​ដែល​ស្ថានការណ៍​របស់​យើង​មាន​សភាព​ដូច​នឹង​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ?

◻ ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ត្រូវ​តែ«ចាំ​យាម» ព្រម​ទាំង​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ​នោះ?

◻ ហេតុ​អ្វី​ក៏​ជីវិត​ជា​មនុស្ស​រង់​ចាំ​ដោយ​សេចក្ដី​ទន្ទឹង​ឲ្យ«ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ»នោះ?

◻ ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ពេល​វេលា​និង​រដូវ​កាល​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​បាន?

[រូប​ភាព​នៅ​ទំព័រ​២៥]

ពួក​គ្រីស្ទាន​ត្រូវ​ចាំ​យាម​ដោយ​សេចក្ដី​ទន្ទឹង នូវ​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ

[រូប​ភាព​នៅ​ទំព័រ​២៦]

ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា ដោយ​មិន​មែន​ដាក់​ជំនឿ​របស់​គេ​ទៅ​លើ​មូលដ្ឋាន​ជា​ការ​ត្រិះរិះ​ពេល​វេលា​នោះ​ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក