ការដើរជាមួយនឹងព្រះ—ជំហានដំបូង
«ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
១, ២. ហេតុអ្វីក៏អ្នកនិយាយថា ការបំរើព្រះយេហូវ៉ាជាឯកសិទ្ធិដ៏ឧត្តមនោះ?
បុរសម្នាក់នេះបានអត់ទ្រាំក្នុងគុកជាយូរឆ្នាំមកហើយ។ បន្ទាប់មក គាត់បានត្រូវគេកោះហៅឲ្យទៅជួបនឹងអ្នកគ្រប់គ្រងនៃស្រុកនោះ។ ព្រឹត្ដិការណ៍នេះបានកើតឡើងយ៉ាងរហ័ស។ មួយរំពេចនោះ អ្នកជាប់គុកនេះបានដឹងខ្លួនថា ក្លាយទៅជាអ្នកបំរើព្រះរាជាដ៏ខ្លាំងក្លាជាងគេបំផុតនៅលើផែនដីនៅគ្រានោះ។ អតីតអ្នកជាប់គុកនេះ បានគេតាំងឲ្យមុខនាទីដែលមានភារកិច្ចធំ ហើយមានកិត្ដិយសដ៏ថ្លៃថ្នូរអស្ចារ្យ។ យ៉ូសែប ដែលជើងរបស់គាត់ពីមុនបានធ្លាប់ជាប់ខ្នោះដែកនោះ ឥឡូវនេះបានដើរជាមួយនឹងស្តេចមួយអង្គ!—លោកុប្បត្តិ ៤១:១៤, ៣៩-៤៣; ទំនុកដំកើង ១០៥:១៧, ១៨
២ សព្វថ្ងៃនេះ មនុស្សលោកមានឱកាសក្នុងការបំរើបុគ្គលមួយអង្គ ដែលធំជាងស្តេចផារ៉ោនក្នុងប្រទេសអេស៊ីបទៅទៀត។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងសកលលោក អញ្ជើញយើងគ្រប់រូបឲ្យបំរើទ្រង់។ នេះជាឯកសិទ្ធិដ៏ស្ញប់ស្ញែងមែន ក្នុងការបំរើហើយបណ្ដុះឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ជាព្រះដ៏មានព្រះចេស្ដាបំផុត! ក្នុងបទគម្ពីរ នោះព្រះចេស្ដាដ៏មហិមា និងភាពរុងរឿង ព្រមទាំងភាពស្ងប់ស្ងៀម សោភ័ណភាព និងរមណីយភាពផង ក៏បានរៀបរាប់សំដៅទៅលើទ្រង់។ (អេសេគាល ១:២៦-២៨; វិវរណៈ ៤:១-៣) សេចក្ដីស្រឡាញ់ជ្រួតជ្រាបក្នុងអ្វីៗដែលទ្រង់ធ្វើ។ (យ៉ូហានទី១ ៤:៨) ព្រះទ្រង់មិនដែលកុហកទេ។ (ជនគណនា ២៣:១៩) ហើយព្រះយេហូវ៉ាក៏មិនដែលធ្វើឲ្យមនុស្សដែលមានចិត្តស្មោះត្រង់នឹងទ្រង់ ទៅជាតូចចិត្តនោះដែរ។ (ទំនុកដំកើង ១៨:២៥) ដោយធ្វើតាមសេចក្ដីតម្រូវដ៏សុចរិតរបស់ទ្រង់ នោះយើងអាចមានការអរសប្បាយនឹងប្រកបជីវិត ដែលមានអត្ថន័យនៅឥឡូវនេះ ព្រមទាំងដោយគិតដល់ជីវិតអស់កល្បជានិច្ចផង។ (យ៉ូហាន ១៧:៣) គ្មានមនុស្សជាអ្នកគ្រប់គ្រងណាម្នាក់ទេ ដែលអាចឲ្យនូវអ្វីៗ ដែលអាចប្រៀបផ្ទឹមជាមួយនឹងពរហើយឯកសិទ្ធិដូចនេះបានឡើយ។
៣. តាមរបៀបណាដែលលោកណូអេបាន‹ដើរជាមួយនឹងព្រះដ៏ពិតនោះ›?
៣ យូរឆ្នាំទៅហើយ លោកណូអេដែលជាឰយុកោ បានតាំងចិត្តរស់នៅដោយធ្វើតាមគោលបំណងព្រះហឫទ័យរបស់ព្រះ។ ព្រះគម្ពីរចែងអំពីលោកថា៖ «គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ»។ (លោកុប្បត្តិ ៦:៩) ប្រាកដហើយ លោកណូអេមិនបានដើរមែនទែនជាមួយនឹងព្រះយេហូវ៉ានោះទេ ពីព្រោះគ្មានអ្នកណាម្នាក់ដែលបាន«ឃើញព្រះឡើយ»។ (យ៉ូហាន ១:១៨) ផ្ទុយទៅវិញ ណូអេបានដើរជាមួយនឹងព្រះ ក្នុងន័យថា លោកបានធ្វើអ្វីៗដែលព្រះបានបង្គាប់ឲ្យលោកធ្វើ។ ដោយព្រោះណូអេបានថ្វាយជីវិតរបស់លោក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា នោះលោកមានទំនាក់ទំនងដ៏កក់ក្ដៅ ដ៏ជិតស្និទ្ធជាមួយនឹងព្រះដែលមានព្រះចេស្ដាបំផុត។ ដូចលោកណូអេដែរ មនុស្សជាច្រើនលាននាក់សព្វថ្ងៃនេះក៏កំពុងតែ«ដើរជាមួយនឹងព្រះ[ពិត]» ដោយរស់នៅស្របតាមឱវាទ និងពាក្យណែនាំរបស់ព្រះយេហូវ៉ា។ តើតាមរបៀបណា ដែលបុគ្គលម្នាក់ចាប់ផ្ដើមធ្វើដំណើរបែបនេះ?
ចំណេះត្រឹមត្រូវ ត្រូវការជាចាំបាច់
៤. តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់ទ្រង់?
៤ ដើម្បីឲ្យបានដើរជាមួយនឹងព្រះយេហូវ៉ា ជាដំបូងយើងត្រូវតែធ្វើការស្គាល់ទ្រង់ជាមុនសិន។ អេសាយជាព្យាការីបានទាយប្រាប់ថា៖ «នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។ ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ ដ្បិតក្រិត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិមដែរ»។ (អេសាយ ២:២, ៣) ត្រូវហើយ យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងបង្រៀនអស់អ្នក ដែលខំស្វែងរកដើរតាមផ្លូវរបស់ទ្រង់នោះ។ ព្រះយេហូវ៉ាបានប្រទានបន្ទូលរបស់ទ្រង់ ជាព្រះគម្ពីរ ហើយទ្រង់ជួយយើងឲ្យយល់នឹងបន្ទូលទាំងនោះដែរ។ របៀបមួយដែលទ្រង់ធ្វើអ៊ីចឹង គឺតាមខ្សែរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ព្រះយេហូវ៉ាប្រើ‹អ្នកបំរើស្មោះត្រង់› ដើម្បីផ្ដល់សេចក្ដីណែនាំខាងវិញ្ញាណ ដោយសារប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរ ការប្រជុំគ្រីស្ទាន ហើយនិងរបៀបរៀបចំជាការបង្រៀនព្រះគម្ពីរតាមផ្ទះដ៏ឥតគិតថ្លៃ។ ព្រះក៏ជួយរាស្ត្រទ្រង់ឲ្យយល់បន្ទូលរបស់ទ្រង់ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែរ។—កូរិនថូសទី១ ២:១០-១៦
៥. ហេតុអ្វីក៏សេចក្ដីពិតក្នុងបទគម្ពីរគឺមានតម្លៃម្ល៉េះ?
៥ ថ្វីបើយើងមិនបង់លុយដើម្បីឲ្យបានសេចក្ដីពិតពីព្រះគម្ពីរក្ដី នេះក៏មានតម្លៃណាស់។ កាលដែលយើងសិក្សាបន្ទូលរបស់ព្រះ នោះយើងរៀនអំពីព្រះអង្គផ្ទាល់ គឺព្រះនាម បុគ្គលិកលក្ខណៈ និងគោលបំណងរបស់ទ្រង់ ហើយនូវរបៀបដែលទ្រង់ប្រស្រ័យទាក់ទងនឹងមនុស្សលោកដែរ។ (ប្រៀបធៀប យ៉ូហាន ៨:៣២) យើងក៏រៀនដឹងដែរនូវចម្លើយដែលអាចប្រោសឲ្យរួចបាន ខាងឯសំនួរដ៏បឋមទាំងឡាយដែលទាក់ទងជីវិត ដូចជា៖ ហេតុអ្វីក៏យើងមានជីវិតនៅទីនេះ? ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនាអញ្ចឹង? តើមានអនាគតយ៉ាងណានៅខាងមុខ? ហេតុអ្វីក៏យើងទៅជាចាស់ជរាហើយស្លាប់ទៅ? តើមានជីវិតក្រោយពីស្លាប់ឬទេ? ម្យ៉ាងវិញទៀត យើងរៀនដឹងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះយើងគ្រប់រូប គឺថារបៀបដែលយើងត្រូវដើរ ដើម្បីឲ្យផ្គាប់ព្រះហឫទ័យទ្រង់បានពេញលេញនោះ។ យើងរៀនដឹងថា សេចក្ដីតម្រូវរបស់ទ្រង់ គឺសមហេតុផល ហើយមានប្រយោជន៍យ៉ាងអស្ចារ្យ នៅពេលដែលយើងធ្វើតាមនោះ។ បើឥតមានសេចក្ដីណែនាំពីព្រះទេនោះ យើងនឹងមិនអាចយល់ដឹងអំពីរបស់ទាំងនោះឡើយ។
៦. តើចំណេះត្រឹមត្រូវពីព្រះគម្ពីរ ធ្វើឲ្យយើងអាចស្វែងរកដំណើរអ្វី?
៦ សេចក្ដីពិតក្នុងព្រះគម្ពីរគឺមានឥទ្ធិពលខ្លាំង ហើយជំរុញយើងឲ្យកែប្រែជីវិតរបស់យើង។ (ហេព្រើរ ៤:១២) មុននឹងក្រេបយកចំណេះពីព្រះគម្ពីរ យើងគ្រាន់តែដើរតាម«របៀបលោកីយ៍នេះ»។ (អេភេសូរ ២:២) ប៉ុន្តែចំណេះត្រឹមត្រូវពីបន្ទូលរបស់ព្រះ នោះគ្រោងការណ៍ផ្លូវផ្សេងសំរាប់យើង ដើម្បីឲ្យយើងអាចដើរ«សមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះអង្គ»។ (កូល៉ុស ១:១០, គម្ពីរសម្ពន្ធមេត្រីថ្មី) គឺជាអំណរម្ល៉េះហ្ន៎ ដោយយកជំហានដំបូងរបស់យើង ក្នុងការដើរជាមួយនឹងព្រះយេហូវ៉ា ជាបុគ្គលដ៏អស្ចារ្យជាងគេបំផុតក្នុងសកលលោកទាំងមូលនេះ!—លូកា ១១:២៨
ជំហានពីរដ៏សំខាន់—ការថ្វាយខ្លួននិងពិធីជ្រមុជទឹក
៧. កាលដែលយើងសិក្សាបន្ទូលរបស់ព្រះ តើហេតុការណ៍ពិតអ្វីអំពីការដឹកនាំរបស់មនុស្ស ដែលនឹងឃើញជាក់ស្តែង?
៧ នៅពេលដែលយើងលូតលាស់ការយល់ដឹងរឿងក្នុងព្រះគម្ពីរហើយ នោះយើងក៏ចាប់ផ្ដើមពិចារណាមើលរឿងរបស់មនុស្សលោក និងជីវិតរបស់យើង ដោយប្រើពន្លឺខាងវិញ្ញាណ ពីបន្ទូលរបស់ព្រះ។ ដោយធ្វើដូច្នេះ នោះសេចក្ដីពិតដ៏សំខាន់មួយក៏ឃើញជាក់ស្តែង។ សេចក្ដីពិតនោះបានសម្ដែងជាយូរយារមកហើយ ដោយព្យាការីយេរេមា ដែលបានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) គឺមនុស្សលោកយើងគ្រប់គ្នា ត្រូវការការណែនាំពីព្រះ។
៨. (ក) តើអ្វីដែលជំរុញមនុស្សឲ្យធ្វើការថ្វាយខ្លួនជូនព្រះ? (ខ) តើការថ្វាយខ្លួនគ្រីស្ទានជាអ្វី?
៨ ការយល់នូវហេតុការណ៍ពិតនេះ ជំរុញយើងឲ្យស្វែងរកការដឹកនាំពីព្រះយេហូវ៉ា។ ហើយការស្រឡាញ់ព្រះជំរុញឲ្យយើងថ្វាយខ្លួនយើងជូនទ្រង់។ ការថ្វាយខ្លួនជូនព្រះ មានន័យថា យើងចូលទៅជិតទ្រង់ដោយសេចក្ដីអធិស្ឋាន ហើយសន្យាយ៉ាងប្រាកដ ថានឹងប្រើជីវិតរបស់យើងក្នុងការបំរើទ្រង់ ហើយនិងដើរតាមផ្លូវរបស់ទ្រង់ដោយស្មោះត្រង់។ ក្នុងការធ្វើដូច្នេះ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូ ដែលបានថ្វាយអង្គទ្រង់ជូនព្រះយេហូវ៉ា ដោយតាំងចិត្តយ៉ាងមាំមួនដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះ។—ហេព្រើរ ១០:៧
៩. ហេតុអ្វីក៏បុគ្គលទាំងឡាយថ្វាយខ្លួនគេជូនព្រះយេហូវ៉ា?
៩ ព្រះយេហូវ៉ាមិនដែលគាបសង្កត់ឬបង្ខំអ្នកណាម្នាក់ឲ្យថ្វាយខ្លួនជូនទ្រង់នោះទេ។ (ប្រៀបធៀប កូរិនថូសទី២ ៩:៧) ម្យ៉ាងវិញទៀត ព្រះមិនចង់ឲ្យអ្នកណាម្នាក់ថ្វាយខ្លួនជូនទ្រង់ ដោយព្រោះមានអារម្មណ៍ដែលជាបណ្ដោះអាសន្ននោះទេ។ មុននឹងទទួលបុណ្យជ្រមុជទឹក បុគ្គលម្នាក់ត្រូវជាអ្នកធ្វើតាមរួចទៅហើយ ហើយនេះតម្រូវឲ្យមានការខំប្រឹងក្រេបយកចំណេះទាំងនោះ។ (ម៉ាថាយ ២៨:១៩, ២០) ប៉ុលបានអំពាវនាវឲ្យអស់អ្នកដែលបានទទួលបុណ្យជ្រមុជទឹកហើយ ឲ្យ«ថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង»។ (រ៉ូម ១២:១) ដូច្នេះក៏ស្រដៀងនេះដែរ គឺដោយប្រើសមត្ថភាពវែកញែករបស់យើង ដែលយើងធ្វើការថ្វាយខ្លួនជូនព្រះយេហូវ៉ានោះ។ ក្រោយពីបានរៀនដឹងថា ផ្លូវនេះរួមបញ្ចូលអ្វីខ្លះ ហើយបានវែកញែកយ៉ាងប្រយ័ត្នប្រយែងលើរឿងទាំងនេះ នោះយើងថ្វាយជីវិតយើងជូនព្រះ ដោយស្ម័គ្រចិត្តហើយដោយអំណរដែរ។—ទំនុកដំកើង ១១០:៣
១០. តើការថ្វាយខ្លួនទាក់ទងទៅនឹងពិធីជ្រមុជទឹកយ៉ាងដូចម្ដេច?
១០ ក្រោយពីបានអធិស្ឋានទៅព្រះយេហូវ៉ាដោយខ្លួនឯង ដើម្បីបញ្ចេញពាក្យសម្ដែងនូវការតាំងចិត្តរបស់យើងនឹងដើរតាមផ្លូវរបស់ទ្រង់ នោះយើងធ្វើតាមជំហានមួយទៀត។ យើងធ្វើឲ្យគេដឹងពីការថ្វាយខ្លួននេះបាន ដោយពិធីជ្រមុជទឹករបស់យើង។ នេះជាសេចក្ដីប្រកាសជាសាធារណៈថា យើងបានស្បថនឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ នៅដើមកិច្ចផ្សាយបំរើរបស់ទ្រង់ នោះព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកដោយលោកយ៉ូហាន ហើយដោយធ្វើដូច្នេះគឺទុកគំរូឲ្យយើងផងដែរ។ (ម៉ាថាយ ៣:១៣-១៧) ក្រោយមក ព្រះយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមទ្រង់ឲ្យបង្កើតឲ្យមានសិស្ស និងធ្វើបុណ្យជ្រមុជទឹកឲ្យគេដែរ។ ដូច្នេះ ការថ្វាយខ្លួននិងពិធីជ្រមុជទឹក គឺជាជំហានដែលត្រូវការជាចាំបាច់ ចំពោះអ្នកណាដែលប្រាថ្នាចង់ដើរជាមួយនឹងព្រះយេហូវ៉ា។
១១, ១២. (ក) តើពិធីជ្រមុជទឹកអាចប្រៀបធៀបទៅនឹងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច? (ខ) តើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេហូវ៉ា អាចប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងប្ដីប្រពន្ធយ៉ាងដូចម្ដេចបាន?
១១ ការឲ្យបានទៅជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ ដែលបានថ្វាយខ្លួនហើយទទួលបុណ្យជ្រមុជទឹកនោះ គឺស្រដៀងនឹងការរៀបការដែរ។ ក្នុងប្រទេសជាច្រើន គឺត្រូវមានជំហានខ្លះៗដែលត្រូវធ្វើសិន មុននឹងថ្ងៃរៀបការ។ បុរសនិងស្ត្រីបានជួបគ្នា ហើយបានស្គាល់ចិត្តថ្លើមគ្នា រួចមកក៏ចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ បន្ទាប់មក ក៏មានការស្តីដណ្ដឹងកើតឡើង។ ពិធីអាពាហ៍ពិពាហ៍ក៏ធ្វើឡើងជាសាធារណៈ នូវអ្វីដែលបានសម្រេចដោយសម្ងាត់ហើយ គឺការចូលរៀបអាពាហ៍ពិពាហ៍ ហើយរួចមកអាចរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។ គឺជាពិធីអាពាហ៍ពិពាហ៍នេះហើយ ដែលសម្គាល់ឲ្យឃើញជាសាធារណៈ នូវការចាប់ផ្ដើមនៃទំនាក់ទំនងដ៏ពិសេសនេះ។ ថ្ងៃនោះគឺសម្គាល់ការចាប់ផ្ដើមនៃការរៀបអាពាហ៍ពិពាហ៍។ បើប្រៀបអញ្ចឹង នោះពិធីជ្រមុជទឹកក៏សម្គាល់នូវការចាប់ផ្ដើម នៃជីវិតដែលបានថ្វាយឲ្យដើរជាមួយនឹងព្រះយេហូវ៉ា ដោយមានទំនាក់ទំនងជាអ្នកថ្វាយខ្លួនដល់ទ្រង់។
១២ ចូរពិនិត្យមើលនូវភាពស្រដៀងគ្នាថែមទៀត។ ក្រោយពីថ្ងៃរៀបការរបស់គេ នោះសេចក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ គួរតែខ្លាំងឡើងហើយកើនឡើងដែរ គឺការចូលរៀបអាពាហ៍ពិពាហ៍ ហើយរួចមករស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។ គឺជាការរៀបអាពាហ៍ពិពាហ៍នេះហើយ ដែលសម្គាល់ឲ្យគេឃើញ អំពីការចាប់ផ្ដើមនៃទំនាក់ទំនងដ៏ពិសេសនេះ។ ថ្ងៃនោះគឺសម្គាល់ការចាប់ផ្ដើមនៃការរៀបអាពាហ៍ពិពាហ៍។ ពិធីជ្រមុជទឹកក៏អាចប្រៀបផ្ទឹមទៅនឹងការចាប់ផ្ដើមជីវិត ដែលបានថ្វាយដើម្បីឲ្យមានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា។ ទ្រង់ឃើញហើយអបអរនឹងការខំប្រឹងរបស់យើង ក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទ្រង់ក៏នឹងចូលទៅជិតយើងដែរ។ សិស្សម្នាក់ឈ្មោះយ៉ាកុបបានសរសេរថា៖ «ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
ការដើរតាមលំអានដានរបស់ព្រះយេស៊ូ
១៣. ក្នុងការដើរជាមួយនឹងព្រះ តើគំរូរបស់អ្នកណាគេដែលយើងត្រូវតែធ្វើតាមនោះ?
១៣ ដើម្បីដើរជាមួយនឹងព្រះយេហូវ៉ា នោះយើងត្រូវតែធ្វើតាមគំរូដែលព្រះយេស៊ូគ្រីស្ទបានទុកឲ្យនោះ។ សាវ័កពេត្រុសបានសរសេរថា៖ «ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១) ដោយព្រះយេស៊ូជាបុគ្គលគ្រប់ល័ក្ខណ៍ ហើយយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍វិញ នោះយើងមិនអាចធ្វើតាមគំរូរបស់ទ្រង់យ៉ាងសុក្រិតនោះឡើយ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាតម្រូវយើងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង។ សូមឲ្យយើងពិចារណាមើលនូវលក្ខណៈប្រាំយ៉ាង នៃជីវភាពរស់នៅនិងកិច្ចបំរើផ្សាយរបស់ទ្រង់ ដែលពួកគ្រីស្ទានដែលបានថ្វាយខ្លួនត្រូវខំយកតម្រាប់តាមនោះ។
១៤. តើការស្គាល់បន្ទូលរបស់ព្រះទាក់ទងនឹងអ្វីខ្លះ?
១៤ ព្រះយេស៊ូមានចំណេះត្រឹមត្រូវហើយយ៉ាងហ្មត់ចត់អំពីបន្ទូលរបស់ព្រះ។ ក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ទ្រង់ នោះព្រះយេស៊ូបានសម្រង់ពាក្យជាញឹកញយពីបទគម្ពីរភាសាហេព្រើរ។ (លូកា ៤:៤, ៨) ប្រាកដហើយ ពួកមេដឹកនាំសាសនាដ៏អាក្រក់នៅសម័យនោះ ក៏បានដកស្រង់ពាក្យពីបទគម្ពីរផងដែរ។ (ម៉ាថាយ ២២:២៣, ២៤) អ្វីដែលខុសគ្នានោះ គឺថាព្រះយេស៊ូបានយល់អត្ថន័យបទគម្ពីរទាំងនោះ ហើយទ្រង់បានអនុវត្តតាមសេចក្ដីទាំងនេះក្នុងព្រះជន្មរបស់ទ្រង់។ ទ្រង់មិនគ្រាន់តែស្គាល់ច្បាប់ទាំងប៉ុន្មានក្នុងក្រិត្យវិន័យនោះទេ ប៉ុន្តែក៏បានយល់នូវភាពខ្លឹមសារនៃក្រិត្យវិន័យនោះដែរ។ កាលដែលយើងធ្វើតាមគំរូរបស់ព្រះគ្រីស្ទ នោះយើងក៏គួរតែខំប្រឹងឲ្យបានយល់បន្ទូលរបស់ព្រះ ដោយយល់នូវអត្ថន័យឬភាពខ្លឹមសារហ្នឹងដែរ។ ដោយធ្វើបែបនេះ នោះយើងក៏អាចទៅជាអ្នកធ្វើការដែលព្រះយល់ព្រម ដែលអាច«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—ធីម៉ូថេទី២ ២:១៥
១៥. តើតាមរបៀបណាដែលព្រះយេស៊ូបានទុកគំរូ ក្នុងការនិយាយអំពីព្រះនោះ?
១៥ ព្រះគ្រីស្ទយេស៊ូបានមានបន្ទូលប្រាប់អ្នកឯទៀតអំពីព្រះវរបិតាទ្រង់នៅស្ថានសួគ៌។ ព្រះយេស៊ូមិនបានទុកចំណេះនេះអំពីបន្ទូលរបស់ព្រះនឹងខ្លួនទ្រង់នោះទេ។ សូម្បីតែពួកសត្រូវរបស់ទ្រង់ក៏បានហៅទ្រង់ជា«លោកគ្រូ»ដែរ ពីព្រោះនៅគ្រប់កន្លែងដែលទ្រង់បានយាងទៅ នោះទ្រង់បានមានបន្ទូលប្រាប់អ្នកឯទៀត អំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។ (ម៉ាថាយ ១២:៣៨) ព្រះយេស៊ូបានផ្សាយជាសាធារណៈនៅឯព្រះវិហារ តាមសាលាប្រជុំ តាមទីក្រុង ហើយនៅតាមជនបទដែរ។ (ម៉ាកុស ១:៣៩; លូកា ៨:១; យ៉ូហាន ១៨:២០) ទ្រង់បានបង្រៀនមនុស្សដោយមេត្ដាករុណានិងសេចក្ដីសប្បុរស ដោយបង្ហាញសេចក្ដីស្រឡាញ់សំរាប់អស់អ្នកដែលទ្រង់បានជួយ។ (ម៉ាថាយ ៤:២៣) អស់អ្នកដែលធ្វើតាមគំរូរបស់ព្រះយេស៊ូ ក៏រកកន្លែងនិងរបៀបជាច្រើន ដើម្បីនឹងបង្រៀនពួកអ្នកឯទៀតអំពីព្រះយេហូវ៉ា និងគោលបំណងដ៏អស្ចារ្យរបស់ទ្រង់ដែរ។
១៦. តើទំនាក់ទំនងរបស់ព្រះយេស៊ូជាមួយនឹងពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា មានភាពជិតស្និទ្ធដល់កម្រិតណា?
១៦ ព្រះយេស៊ូមានចំណងដ៏ជិតស្និទ្ធ ជាមួយអ្នកឯទៀតដែលបានថ្វាយបង្គំព្រះយេហូវ៉ា។ កាលដែលព្រះយេស៊ូកំពុងមានបន្ទូលទៅពួកបណ្ដាជននៅគ្រាមួយ នោះប្អូនប្រុសទ្រង់ដែលឥតជឿព្រះ និងមាតាទ្រង់ ក៏បានមករកនិយាយជាមួយនឹងទ្រង់។ ដំណើររឿងព្រះគម្ពីរចែងថា៖ «មានម្នាក់ទូលទ្រង់ថា មើលន៏ ម្ដាយ នឹងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្ដាយហើយជាប្អូនខ្ញុំ រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយបន្ទូលថា នុ៎ះន៏ម្ដាយ ហើយនឹងប្អូនខ្ញុំ ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្ដាយខ្ញុំវិញ»។ (ម៉ាថាយ ១២:៤៧-៥០) នេះមិនមានសេចក្ដីថាព្រះយេស៊ូបានបដិសេធគ្រួសាររបស់ទ្រង់នោះទេ ពីព្រោះព្រឹត្ដិការណ៍ដែលមានក្រោយមក បង្ហាញថាទ្រង់ឥតបោះបង់ចោលគេនោះទេ។ (យ៉ូហាន ១៩:២៥-២៧) ប៉ុន្តែ ដំណើររឿងនេះបញ្ជាក់នូវសេចក្ដីស្រឡាញ់ ដែលព្រះយេស៊ូមានចំពោះពួកអ្នកជឿគ្នីគ្នា។ ស្រដៀងគ្នាដែរសព្វថ្ងៃនេះ អស់អ្នកដែលដើរជាមួយនឹងព្រះ ខំរកមិត្តភាពពីអ្នកបំរើឯទៀតរបស់ព្រះយេហូវ៉ា ហើយបានស្រឡាញ់គេយ៉ាងខ្លាំង។—ពេត្រុសទី១ ៤:៨
១៧. តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណា ក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៅស្ថានសួគ៌ ហើយតើនេះគួរមានឥទ្ធិពលយ៉ាងណាលើយើង?
១៧ ដោយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ នោះព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ ចំពោះព្រះវរបិតារបស់ទ្រង់ដែលនៅស្ថានសួគ៌។ ព្រះយេស៊ូបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាក្នុងគ្រប់ទាំងអស់។ ទ្រង់មានបន្ទូលថា៖ «ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង»។ (យ៉ូហាន ៤:៣៤) ព្រះគ្រីស្ទក៏បានមានបន្ទូលទៀតថា៖ «ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យ[ព្រះ]ជាដរាប»។ (យ៉ូហាន ៨:២៩) ព្រះយេស៊ូបានស្រឡាញ់ព្រះវរបិតានៅស្ថានសួគ៌ដល់ម្ល៉េះ ដែលទ្រង់បាន«បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង»។ (ភីលីព ២:៨) ជាលទ្ធផល ព្រះយេហូវ៉ាបានប្រទានពរឲ្យព្រះយេស៊ូ ដោយលើកដំកើងទ្រង់ឲ្យទទួលឋានៈមានអំណាចនិងកិត្ដិយស ដែលទាបជាងតែព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះ។ (ភីលីព ២:៩-១១) ដូចព្រះយេស៊ូដែរ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ដោយរក្សាទុកសេចក្ដីបង្គាប់របស់ទ្រង់ ហើយធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។—យ៉ូហានទី១ ៥:៣
១៨. តើតាមរបៀបណាដែលព្រះយេស៊ូទុកគំរូ ស្តីអំពីការអធិស្ឋាននោះ?
១៨ ព្រះយេស៊ូជាបុគ្គលមួយអង្គឧស្សាហ៍អធិស្ឋាន។ ទ្រង់បានអធិស្ឋាននៅឯពិធីជ្រមុជទឹករបស់ទ្រង់។ (លូកា ៣:២១) មុននឹងរើសពួកសាវ័ក១២នាក់ នោះទ្រង់បានចំណាយពេលមួយយប់ដើម្បីអធិស្ឋាន។ (លូកា ៦:១២, ១៣) ព្រះយេស៊ូបានបង្រៀនពួកសិស្សទ្រង់ឲ្យចេះអធិស្ឋាន។ (លូកា ១១:១-៤) ក្នុងរាត្រីមុននឹងទ្រង់សោយទិវង្គត នោះទ្រង់បានអធិស្ឋានជាមួយពួកសិស្សទ្រង់ ព្រមទាំងអធិស្ឋានឲ្យគេផងដែរ។ (យ៉ូហាន ១៧:១-២៦) ការអធិស្ឋានជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់ព្រះយេស៊ូ ហើយក៏ត្រូវជាទីសំខាន់ក្នុងជីវិតរបស់យើងដែរ ពីព្រោះយើងគ្រប់គ្នាជាពួកអ្នកកាន់តាមទ្រង់។ គឺមានកិត្ដិយសដ៏ល្អមែនក្នុងការទូលជាមួយព្រះមហាក្សត្រសកលលោក តាមរយៈការអធិស្ឋាននោះ! ថែមទៀតនោះ ព្រះយេហូវ៉ាតបឆ្លើយនឹងការអធិស្ឋានរបស់យើង ពីព្រោះយ៉ូហាន បានសរសេរថា៖ «យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។—យ៉ូហានទី១ ៥:១៤, ១៥
១៩. (ក) តើគុណសម្បត្ដិណាខ្លះរបស់ព្រះយេស៊ូ ដែលយើងត្រូវធ្វើតាម? (ខ) តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ ពីការសិក្សាអំពីជីវិតនិងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនោះ?
១៩ គឺមានរបស់ច្រើនណាស់ដែលអាចរៀនបាន ពីការពិចារណាមើលជីវិតនិងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូគ្រីស្ទនៅលើផែនដី! ចូរនឹកមើលពីគុណសម្បត្ដិដែលទ្រង់បានសម្ដែងមក៖ សេចក្ដីស្រឡាញ់ មេត្ដាករុណា សេចក្ដីសប្បុរស កម្លាំង ការថ្លឹងថ្លែង ការសមហេតុផល ការរាបទាប សេចក្ដីក្លាហាន និងភាពឥតកំណាញ់។ នៅពេលដែលយើងរៀនបានច្រើនទៀតអំពីព្រះយេស៊ូ នោះយើងនឹងមានសេចក្ដីប្រាថ្នាខ្លាំងទៀត ចង់ធ្វើជាពួកអ្នកកាន់តាមទ្រង់ដ៏ស្មោះត្រង់។ ចំណេះអំពីព្រះយេស៊ូក៏នាំឲ្យយើងចូលទៅជិតព្រះយេហូវ៉ាដែរ។ ដ្បិត ព្រះយេស៊ូគឺបានបញ្ចាំងឲ្យឃើញបេះបិទ នូវលក្ខណៈរបស់ព្រះវរបិតាទ្រង់នៅស្ថានសួគ៌។ ទ្រង់មានទំនាក់ទំនងជិតស្និទ្ធដល់ម្ល៉េះជាមួយនឹងព្រះយេហូវ៉ា ដែលទ្រង់អាចមានបន្ទូលថា៖ «អ្នកណាដែលឃើញខ្ញុំ នោះបានឃើញព្រះវរបិតាដែរ»។—យ៉ូហាន ១៤:៩
ទុកចិត្តលើព្រះឲ្យជួយទ្រទ្រង់អ្នក
២០. តើតាមរបៀបណាដែលយើងអាចមានការទុកចិត្ត ក្នុងការដើរជាមួយនឹងព្រះយេហូវ៉ា?
២០ នៅពេលដែលកូនក្មេងកំពុងតែរៀនដើរ នោះគេបោះជំហានមិនបានមាំមួនទេ។ តើតាមរបៀបណាដែលគេរៀនដើរដោយគ្មានញញើតនោះ? គឺដោយហាត់និងការខំព្យាយាមតែប៉ុណ្ណោះ។ អញ្ចឹងហើយ អស់អ្នកដែលកំពុងដើរជាមួយនឹងព្រះយេហូវ៉ា គឺខំដើរដោយគ្មានញញើត ដោយបោះជំហានយ៉ាងស្វាហាប់។ ការធ្វើដូចនេះ ក៏ត្រូវការពេលវេលានិងការខំព្យាយាមដែរ។ ប៉ុលបានចង្អុលប្រាប់នូវសារៈសំខាន់នៃការខំព្យាយាម ដើម្បីដើរជាមួយនឹងព្រះ នៅពេលដែលគាត់បានសរសេរថា៖ «មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះ កាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយ»។—ថែស្សាឡូនីចទី១ ៤:១
២១. កាលដែលយើងដើរជាមួយនឹងព្រះយេហូវ៉ា តើមានពរអ្វីដែលយើងអាចទទួលបាននោះ?
២១ ប្រសិនបើយើងថ្វាយខ្លួនជូនព្រះដោយអស់ពីចិត្ត នោះទ្រង់នឹងជួយយើងឲ្យខំបន្តដើរជាមួយនឹងទ្រង់។ (អេសាយ ៤០:២៩-៣១) អ្វីៗដែលលោកីយ៍នេះផ្ដល់ឲ្យ គឺមិនអាចយកមកប្រៀបធៀបនឹងពរដែលទ្រង់ផ្ដល់ឲ្យ អស់អ្នកដែលដើរតាមផ្លូវរបស់ទ្រង់នោះឡើយ។ ទ្រង់ជា‹អ្នកដែលបង្រៀនឲ្យយើងបានទទួលប្រយោជន៍ ហើយក៏នាំយើងទៅក្នុងផ្លូវដែលយើងគួរដើរ។ ឱបើយើងស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ នោះសេចក្ដីសុខរបស់យើងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់យើង នឹងបានដូចជារលកនៃសមុទ្រហើយ›។ (អេសាយ ៤៨:១៧, ១៨) ដោយទទួលយកសេចក្ដីអញ្ជើញឲ្យដើរជាមួយនឹងព្រះ ហើយដោយធ្វើតាមយ៉ាងស្មោះត្រង់ នោះយើងអាចមានសន្ដិភាពជាមួយនឹងទ្រង់ជារៀងដរាបតទៅ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏មានកិត្ដិយសក្នុងការដើរជាមួយនឹងព្រះពិត?
◻ ហេតុអ្វីក៏ការសិក្សា ការថ្វាយខ្លួន និងពិធីជ្រមុជទឹក ជាជំហានដ៏សំខាន់ក្នុងការដើរជាមួយនឹងព្រះយេហូវ៉ា?
◻ តើតាមរបៀបណាដែលយើងអាចធ្វើតាមលំអានដានរបស់ព្រះយេស៊ូ?
◻ តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ានឹងជួយទ្រទ្រង់យើង កាលដែលយើងដើរជាមួយនឹងទ្រង់នោះ?
[រូបភាពនៅទំព័រ២១]
ការសិក្សា ការថ្វាយខ្លួន និងពិធីជ្រមុជទឹក ជាជំហានដែលត្រូវការជាចាំបាច់ក្នុងការដើរជាមួយនឹងព្រះ