បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៨ ទំ. ១២-១៨
  • ‹ចូរពួកអ្នកអានប្រើការវិនិច្ឆ័យ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរពួកអ្នកអានប្រើការវិនិច្ឆ័យ›
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «សេចក្ដី​ស្អប់​ខ្ពើម»សម័យ​ទំនើប​នេះ
  • ការ​វាយលុក​នៅ​អនាគត
  • ‹ការ​រត់​ចេញ› តើ​តាម​របៀប​ណា?
  • ការភៀសខ្លួនទៅទីសន្ដិសុខមុននឹង«សេចក្ដីវេទនាជាខ្លាំង»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៨ ទំ. ១២-១៨

‹ចូរ​ពួក​អ្នក​អាន​ប្រើ​ការ​វិនិច្ឆ័យ›

«ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ដែល​ហោរា​ដានីយ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ . . . នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ»។—ម៉ាថាយ ២៤:១៥, ១៦

១. សេចក្ដី​ព្រមាន​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​មក​នៅ​ក្នុង​លូកា ១៩:៤៣, ៤៤ មាន​លទ្ធផល​យ៉ាង​ណា?

ការ​ប្រុង​ប្រៀប​នឹង​វិបត្ដិ​ភ័យ​ដែល​ជិត​មក​ដល់ អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​បាន។ (សុភាសិត ២២:៣) ដូច្នេះ ចូរ​គិត​អំពី​ស្ថានការណ៍​នៃ​ពួក​គ្រីស្ទាន​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម ក្រោយ​ពី​ពួក​រ៉ូម៉ាំង​វាយលុក​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.។ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា ទី​ក្រុង​នេះ​នឹង​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ហើយ​និង​ទទួល​សេចក្ដី​ហិន​វិនាស។ (លូកា ១៩:៤៣, ៤៤) ពួក​យូដា​ភាគ​ច្រើន​បាន​បដិសេធ​ទ្រង់​ចោល។ ប៉ុន្តែ ពួក​សិស្ស​របស់​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​ព្រមាន​របស់​ទ្រង់។ ជា​លទ្ធផល ពួក​គេ​បាន​ត្រូវ​សង្គ្រោះ​ពី​វិបត្ដិ​ភ័យ​នោះ​ក្នុង​ឆ្នាំ​៧០ ស.យ.។

២, ៣. ហេតុ​អ្វី​ក៏​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ម៉ាថាយ ២៤:១៥​-​២១?

២ នៅ​ក្នុង​ទំនាយ​មួយ​ដែល​មាន​ការ​ទាក់​ទង​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ​យេស៊ូ​បាន​រៀប​រាប់​នូវ​ទី​សម្គាល់​រួម ដែល​រួម​បញ្ចូល​សង្គ្រាម ការ​ខ្វះ​អាហារ កក្រើក​ដី រោគ​រាតត្បាត និង​ការ​បៀត​បៀន​ពួក​គ្រីស្ទាន ដែល​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:៤​-​១៤; លូកា ២១:១០​-​១៩) ព្រះ​យេស៊ូ​ក៏​បាន​ប្រទាន​ឲ្យ​សញ្ញា ដែល​នឹង​ជួយ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់ ដូច​ជា «សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ»។ (ម៉ាថាយ ២៤:១៥) ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ទាំង​នោះ ដើម្បី​ឲ្យ​ដឹង​នូវ​របៀប​ដែល​ពាក្យ​ទាំង​នោះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​ឥឡូវ និង​នៅ​ក្នុង​អនាគត​ដែរ។

៣ ក្រោយ​ពី​បាន​រៀប​រាប់​អំពី​ទី​សម្គាល់​ទាំង​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ដែល​ហោរា​ដានីយ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀក​បំពាក់​ខ្លួន​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ»។—ម៉ាថាយ ២៤:១៥​-​២១

៤. តើ​អ្វី​ដែល​បញ្ជាក់​ថា​ម៉ាថាយ ២៤:១៥ មាន​សេចក្ដី​សម្រេច​នៅ​ក្នុង​សតវត្ស​ទី​មួយ?

៤ ដំណើរ​រឿង​ដោយ​ម៉ាកុស​និង​លូកា ផ្ដល់​នូវ​ពត៌មាន​បន្ថែម​ទៀត។ កាល​ដែល​ម៉ាថាយ ប្រើ​ពាក្យ«ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ» រីឯ​ម៉ាកុស ១៣:១៤ ចែង​ថា «ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ»។ លូកា ២១:២០ បន្ថែម​បន្ទូល​របស់​ព្រះ​យេស៊ូ​ទៀត​ថា៖ «កាល​ណា​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ»។ នេះ​ជួយ​យើង​ឲ្យ​ឃើញ​ថា សេចក្ដី​សម្រេច​ដំបូង​បាន​ទាក់​ទង​នឹង​ការ​វាយលុក​របស់​ពួក​រ៉ូម៉ាំង ដែល​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.លើ​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ​នោះ ដែល​ជាកន្លែង​បរិសុទ្ធ​ចំពោះ​ពួក​យូដា ប៉ុន្តែ​លែង​ជា​កន្លែង​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។ សេចក្ដី​ហិន​វិនាស​បាន​កើត​ឡើង នៅ​ពេល​ដែល​ពួក​រ៉ូម៉ាំង​បាន​កំទេច​ចោល ទី​ក្រុង​និង​ព្រះ​វិហារ​នៅ​ក្នុង​ឆ្នាំ​៧០ ស.យ.។ តើ«សេចក្ដី​ស្អប់​ខ្ពើម»នៅ​គ្រា​នោះ​ជា​អ្វី? ហើយ​តើ​តាម​របៀប​ណា​ដែល​វា‹បាន​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›? ការ​ឆ្លើយ​នឹង​សំនួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​ច្បាស់​អំពី​ការ​សម្រេច​នៃ​សម័យ​ទំនើប​នេះ។

៥, ៦. (ក) ហេតុ​អ្វី​ក៏​ពួក​អ្នក​អាន​នៃ​ដានីយ៉ែល ជំពូក​៩ ត្រូវ​ប្រើ​ការ​វិនិច្ឆ័យ? (ខ) តើ​តាម​របៀប​ណា​ដែល​ទំនាយ​របស់​ព្រះ​យេស៊ូ​អំពី«សេចក្ដី​ស្អប់​ខ្ពើម»បាន​សម្រេច?

៥ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​អាន​ឲ្យ​ប្រើ​ការ​វិនិច្ឆ័យ។ តើ​ពួក​អ្នក​អាន​អំពី​អ្វី? ប្រហែល​ជា​ពួក​អ្នក អាន​អំពី​ដានីយ៉ែល ជំពូក​៩។ នៅ​ទី​នោះ យើង​រក​ឃើញ​នូវ​ទំនាយ​មួយ​ដែល​បញ្ជាក់​នៅ​ពេល​ណា​ដែល​ព្រះ​មេស្ស៊ី​នឹង​លេច​ខ្លួន​មក ហើយ​បាន​ទាយ​ទុក​ជា​មុន​ថា ទ្រង់​នឹង​ត្រូវ«ផ្ដាច់​ចេញ»ក្រោយ​ពី​បី​ឆ្នាំ​កន្លះ។ ទំនាយ​នេះ​ចែង​ថា៖ «ហើយ​នៅ​ក្នុង​ព្រះ​វិហារ នឹង​មាន​ធ្វើ​ការ គួរ​ស្អប់​ខ្ពើម​ដែល​នឹង​បង្ខូច​បំផ្លាញ ក៏​នឹង​មាន​សេចក្ដី​ក្រោធ​ចាក់​ទៅ​លើ​ទី​ខូច​បង់​នោះ ដរាប​ដល់​ចុង​បំផុត ជា​វេលា​ដែល​បាន​កំណត់​ទុក​ហើយ»។—ដានីយ៉ែល ៩:២៦, ២៧; សូម​មើល ដានីយ៉ែល ១១:៣១; ១២:១១

៦ ពួក​យូដា​បាន​គិត​ថា នេះ​គឺ​ទាក់​ទង​នឹង​ការ​មើល​ងាយ​ដល់​ព្រះ​វិហារ ដោយ​អាន់ទីយ៉ូកឹស ទី​៤ ប្រមាណ​២០០​ឆ្នាំ​មុន​នេះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​មិន​ជា​អ៊ីចឹង​សោះ​ឡើយ ដោយ​ដាស់​តឿន​ឲ្យ​ប្រើ​ការ​វិនិច្ឆ័យ ពី​ព្រោះ«សេចក្ដី​ស្អប់​ខ្ពើម»មិន​ទាន់​លេច​ខ្លួន​មក​ឈរ​នៅ​ក្នុង«ទី​បរិសុទ្ធ»នៅ​ឡើយ​ទេ។ គឺ​ឃើញ​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​ពួក​ទ័ព​រ៉ូម ដែល​នឹង​មក​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ. ដែល​មាន​កាន់​ទង់​សញ្ញា​បែប​នេះ ដែល​គេ​និយម​ប្រើ​ជា​យូរ​យារ​មក​ហើយ គឺ​សឹង​តែ​ជា​រូប​ព្រះ ហើយ​ជា​អ្វី​ដ៏​ស្អប់​ខ្ពើម​ចំពោះ​ពួក​យូដា។a ក៏​ប៉ុន្តែ តើ​នៅ​ពេល​ណា ដែល​ពួក​ទាហាន​រ៉ូម៉ាំង​បាន‹ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›? នោះ​បាន​កើត​ឡើង នៅ​ពេល​ដែល​ពួក​ទ័ព​រ៉ូម៉ាំង ដោយ​កាន់​ទង់​សញ្ញា បាន​វាយលុក​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ ដែល​ពួក​យូដា​ចាត់​ទុក​ជា​អ្វី​ដ៏​បរិសុទ្ធ​នោះ។ ពួក​រ៉ូម៉ាំង​ទាំង​បាន​ចាប់​ផ្ដើម​ជីក​ពី​ក្រោម​កំផែង​នៃ​កន្លែង​ព្រះ​វិហារ​ផង។ ប្រាកដ​ហើយ អ្វី​ដែល​ជា​ទី​ស្អប់​ខ្ពើម​ជា​យូរ​យារ​មក​ហើយ ឥឡូវ​បាន​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ហើយ!—អេសាយ ៥២:១; ម៉ាថាយ ៤:៥; ២៧:៥៣; កិច្ច​ការ ៦:១៣

«សេចក្ដី​ស្អប់​ខ្ពើម»សម័យ​ទំនើប​នេះ

៧. តើ​ទំនាយ​មួយ​ណា​របស់​ព្រះ​យេស៊ូ ដែល​កំពុង​តែ​សម្រេច​នៅ​សម័យ​យើង​នេះ?

៧ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​១ យើង​បាន​ឃើញ​ការ​សម្រេច​ដ៏​ធំ​ជាង​នៃ​ទី​សម្គាល់​របស់​ព្រះ​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ម៉ាថាយ ជំពូក​ទី​២៤។ ប៉ុន្តែ ចូរ​នឹក​ចាំ​បន្ទូល​របស់​ទ្រង់ ដែល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ . . . សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ . . . នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ»។ (ម៉ាថាយ ២៤:១៥, ១៦) លក្ខណៈ​នេះ​ក្នុង​ទំនាយ​គឺ​ត្រូវ​តែ​មាន​ការ​សម្រេច​នៅ​ក្នុង​សម័យ​យើង​នេះ​ដែរ។

៨. ជា​ច្រើន​ឆ្នាំ​មក​ហើយ តើ​តាម​របៀប​ណា​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្គាល់«សេចក្ដី​ស្អប់​ខ្ពើម»នៅ​ក្នុង​សម័យ​ទំនើប​នេះ?

៨ ដោយ​សម្ដែង​ទំនុក​ចិត្ត​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា ថា​ទំនាយ​នេះ​នឹង​សម្រេច នោះ​ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩២១ បាន​បញ្ជាក់​លើ​ការ​ទាក់​ទង​ជា​មួយ​នឹង​ព្រឹត្ដិការណ៍​នៅ​ក្នុង​មជ្ឈិមបូព៌ាប្រទេស។ បន្ត​បន្ទាប់​មក ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩២៩ នៅ​លើ​ទំព័រ ៣៧៤ បាន​ចែង​ថា៖ «ការ​ទោរ​ទន់​ទាំង​មូល​នៃ​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ គឺ​ដើម្បី​បំបែរ​មនុស្ស​ចេញ​ពី​ព្រះ​និង​ចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​គឺ​ដូច្នេះ​ហើយ​ដែល​វា​ជា​សេចក្ដី​ស្អប់​ខ្ពើម ដែល​ជា​ផលិតផល​របស់​សាតាំង ហើយ​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ»។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​១៩១៩ «សេចក្ដី​ស្អប់​ខ្ពើម»ក៏​បាន​លេច​ខ្លួន​ឡើង។ នៅ​ពេល​ក្រោយ​មក ក៏​មាន​អង្គការ​សហប្រជាជាតិ​ស្នង​អំណាច​ជំនួស​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​នេះ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​លាត​ត្រដាង​ជា​យូរ​យារ​មក​ហើយ ថា​អង្គការ​រក​សន្ដិភាព​របស់​មនុស្ស​នេះ ជា​អ្វី​ដ៏​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ។

៩, ១០. តើ​តាម​របៀប​ណា​ដែល​ការ​យល់​នៅ​ពី​ដើម​អំពី​សេចក្ដី​វេទនា​ជា​ខ្លាំង មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ចាត់​ទុក​អំពី​ពេល ដែល«សេចក្ដី​ស្អប់​ខ្ពើម»នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​នោះ?

៩ អត្ថបទ​មុន​នេះ បាន​សង្ខេប​អំពី​ទស្សនៈ​មួយ​ដ៏​ច្បាស់​លាស់​ជាង​មុន​នូវ​ភាគ​ច្រើន​នៃ​ម៉ាថាយ ជំពូក​២៤​និង​ជំពូក​២៥។ តើ​ជាការ​សម​ឬ ឲ្យ​បញ្ជាក់​បាន​ច្បាស់​ថែម​ទៀត​ស្តី​អំពី‹សេចក្ដី​ស្អប់​ខ្ពើម​ដែល​កំពុង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›នោះ? ប្រហែល​ជា​អ៊ីចឹង​ហើយ។ ទំនាយ​របស់​ព្រះ​យេស៊ូ​អំពី‹ការ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ› គឺ​ទាក់​ទង​យ៉ាង​ប្រកិត​នឹង​ការ​ផ្ទុះ​ឡើង​នៃ«សេចក្ដី​វេទនា»ដែល​បាន​ទាយ​មក​នោះ។ ដូច្នេះ​ហើយ ទោះ​បី«សេចក្ដី​ស្អប់​ខ្ពើម»មាន​ជា​យូរ​យារ​មក​ហើយ​ក្ដី ការ​ជាប់​ទាក់​ទង​រវាង‹ការ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ› ជា​មួយ​នឹង​សេចក្ដី​វេទនា​ជា​ខ្លាំង គួរ​មាន​ឥទ្ធិពល​លើ​គំនិត​របស់​យើង។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ?

១០ រាស្ត្រ​របស់​ព្រះ​នៅ​ពេល​មួយ​បាន​យល់​ថា ផ្នែក​ដំបូង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ហើយ​ថា​ផ្នែក​ចុង​ក្រោយ​គឺ​នឹង​មក​ដល់​នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦; ប្រៀប​មើល​ប៉ម​យាម ថ្ងៃ​១ ខែ​មេសា ឆ្នាំ​១៩៣៩ ទំព័រ ១១០) ដូច្នេះ​ហើយ យើង​អាច​យល់​នូវ​មូលហេតុ​ដែល​បាន​គិត​ពី​មុន​ថា «សេចក្ដី​ស្អប់​ខ្ពើម»នៅ​ជាន់​ក្រោយ គឺ​ច្បាស់​ជា​បាន​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១។

១១, ១២. នៅ​ក្នុង​ឆ្នាំ​១៩៦៩ តើ​ទស្សនៈ​ដែល​បាន​កែ​តម្រូវ​ណា​អំពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​បាន​សម្ដែង​ប្រាប់​នោះ?

១១ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ឆ្នាំ​ក្រោយ​ៗ​មក យើង​បាន​យល់​ឃើញ​យ៉ាង​ខុស​ពី​នោះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៦៩ នៅ​ឯ​សន្និបាត​អន្តរជាតិ​ដែល​មាន​ប្រធាន «សន្ដិភាព​នៅ​លើ​ផែនដី» នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក នោះ​ហ្វ្រីឌីរិក ហ្វ្រេន្ស ដែល​នៅ​ពេល​នោះ​មាន​តំណែង​ជា​អនុប្រធាន​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ បាន​ថ្លែង​សុន្ទរកថា​ដ៏​រំភើប​មួយ។ ក្នុង​ការ​ពិនិត្យ​សា​ឡើង​វិញ​នូវ​ការ​យល់​មុន​ៗ​អំពី​ទំនាយ​របស់​ព្រះ​យេស៊ូ នោះ​បង​ប្រុស​ហ្វ្រេន្ស បាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​ពន្យល់​បាន​ផ្ដល់​ឲ្យ​ថា ‹សេចក្ដី​វេទនា​ជា​ខ្លាំង›បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​១៩១៤​ស.យ. ហើយ​ថា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ពេញ​ទំហឹង​នៅ​ពេល​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​បញ្ឈប់​សង្គ្រាម​លោក​លើក​ទី​១​នៅ​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​១៩១៨។ តាំង​ពី​នោះ​មក ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​ចន្លោះ​ពេល សំរាប់​សកម្មភាព​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ ជា​ពួក​គ្រីស្ទាន​ដែល​បាន​រើស​តាំង​នោះ មុន​នឹង​ទ្រង់​អនុញ្ញាត​ឲ្យ​ផ្នែក​ចុង​ក្រោយ​នៃ‹សេចក្ដី​វេទនា​ជា​ខ្លាំង›ចាប់​ផ្ដើម​ម្ដង​ទៀត គឺ​នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន»។

១២ រួច​មក គឺ​មាន​សេចក្ដី​ពន្យល់​ដែល​បាន​កែ​តម្រូវ​ដ៏​ធំ​មួយ​បាន​ផ្ដល់​មក ដែល​ថា៖ «ដើម្បី​ឲ្យ​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រឹត្ដិការណ៍​នៃ​សតវត្ស​ទី​មួយ . . . ‹សេចក្ដី​វេទនា​ជា​ខ្លាំង›ដូច​គំរូ​ដើម មិន​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​១៩១៤​ស.យ.នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​បាន​កើត​ឡើង​លើ​ក្រុង​យេរូសាឡិម​ដែល​មាន​ដូច​គំរូ​ដើម នៅ​សម័យ​ទំនើប​នេះ​ក្នុង​ឆ្នាំ​១៩១៤​-​១៩១៨ គឺ​គ្រាន់​តែ​ជា‹ការ​ចាប់​ផ្ដើម​នៃ​ការ​ឈឺ​ចាប់​នៃ​សេចក្ដី​ទុក្ខ​ព្រួយ› . . . ‹សេចក្ដី​វេទនា​ជា​ខ្លាំង›ដែល​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត នោះ​គឺ​នៅ​ខាង​មុខ​នៅ​ឡើយ ដ្បិត​នេះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​ហិន​វិនាស​ដល់​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត (រួម​បញ្ចូល​ពិភព​គ្រីស្ទ​សាសនា) ដែល​បន្ទាប់​មក​មាន‹សង្គ្រាម​នៃ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត›នៅ​ឯ​អើម៉ាគេដូន»។ នេះ​មាន​ន័យ​ថា សេចក្ដី​វេទនា​ជា​ខ្លាំង​ទាំង​មូល គឺ​នៅ​ខាង​មុខ​នៅ​ឡើយ។

១៣. ហេតុ​អ្វី​ក៏​សម​ហេតុ​ផល​ក្នុង​ការ​និយាយ​ថា នឹង​មាន‹ការ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›នៅ​អនាគត ដោយ«សេចក្ដី​ស្អប់​ខ្ពើម»នោះ?

១៣ នេះ​គឺ​មាន​ការ​ទាក់​ទង​យ៉ាង​ធំ​លើ​ការ​វិនិច្ឆ័យ នៅ​ពេល​ដែល«សេចក្ដី​ស្អប់​ខ្ពើម»ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ។ នៅ​ចាំ​ទេ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សតវត្ស​ទី​មួយ​នោះ។ ពួក​រ៉ូម៉ាំង​បាន​វាយលុក​ក្រុង​យេរូសាឡិម​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ. ប៉ុន្តែ​ពួក​គេ​បាន​ដក​ទ័ព​យ៉ាង​ប្រញាប់​ប្រញាល់ ដែល​បាន​អនុញ្ញាត​ឲ្យ​ពួក​គ្រីស្ទាន​ដ៏​ជា«មនុស្ស» ឲ្យ​បាន​សង្គ្រោះ។ (ម៉ាថាយ ២៤:២២) ស្រប​ទៅ​តាម​រឿង​នេះ យើង​សង្ឃឹម​ថា​សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​ឡើង​មិន​យូរ​ប៉ុន្មាន​ទៀត ប៉ុន្តែ​ថ្ងៃ​នោះ​នឹង​ត្រូវ​បន្ថយ​ឲ្យ​ខ្លី ដើម្បី​ជា​ប្រយោជន៍​នៃ​ពួក​រើស​តាំង​របស់​ព្រះ។ ចូរ​កត់​សម្គាល់​ចំណុច​សំខាន់​នេះ៖ នៅ​ក្នុង​គំរូ​ពី​ដើម ‹សេចក្ដី​ស្អប់​ខ្ពើម​ដែល​កំពុង​តែ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›បាន​ភ្ជាប់​ទាក់​ទង​នឹង​ការ​វាយលុក​របស់​ពួក​រ៉ូម៉ាំង នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ឧត្តមសេនីយ​ហ្កាឡាស នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.។ ការ​មាន​ដូច​គ្នា​នៅ​សម័យ​ទំនើប​នេះ​ដែល​នាំ​ទៅ​ដល់​ការ​វាយ​លុយ​នោះ ដែល​ជា​ការ​ផ្ទុះ​ឡើង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង គឺ​នៅ​ខាង​មុខ​នៅ​ឡើយ។ ដូច្នេះ «សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ» ដែល​មាន​តាំង​ពី​ឆ្នាំ​១៩១៩ តាម​មើល​ទៅ​គឺ​មិន​ទាន់​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទេ។b តើ​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​ត្រូវ​ជាប់​ទាក់​ទង​នោះ?

ការ​វាយលុក​នៅ​អនាគត

១៤, ១៥. តើ​តាម​របៀប​ណា​ដែល​វិវរណៈ ជំពូក​១៧ ជួយ​យើង​ឲ្យ​យល់​អំពី​ព្រឹត្ដិការណ៍ ដែល​នាំ​ទៅ​ដល់​អើម៉ាគេដូន?

១៤ សៀវភៅ​វិវរណៈ​ពិពណ៌នា​អំពី​ការ​វាយលុក​ដ៏​ហិនហោច​លើ​សាសនា​មិន​ពិត។ ជំពូក​១៧ រៀប​រាប់​អំពី​ការ​ជំនុំ​ជំរះ​របស់​ព្រះ​លើ«ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ជា​ម្ដាយ​នៃ​ពួក​ស្រី​សំផឹង» ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ ពិភព​គ្រីស្ទ​សាសនា​មាន​តួ​នាទី​ដ៏​សំខាន់ ហើយ​អះអាង​ថា​មាន​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ជា​មួយ​ព្រះ។ (ប្រៀប​មើល យេរេមា ៧:៤) សាសនា​មិន​ពិត រួម​ទាំង​ពិភព​គ្រីស្ទ​សាសនា គឺ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​ដ៏​ខុស​ច្បាប់​ជា​យូរ​មក​ហើយ ជា​មួយ​នឹង«ពួក​ស្តេច​នៅ​ផែនដី» ប៉ុន្តែ​នេះ​នឹង​ត្រូវ​ចប់ ដោយ​មាន​ការ​ហិន​វិនាស​ដល់​សាសនា​ទាំង​នោះ។ (វិវរណៈ ១៧:២, ៥) តើ​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​អ្នក​ណា?

១៥ វិវរណៈ​ពិពណ៌នា«សត្វ​សម្បុរ​ក្រហម» ដែល​មាន​មួយ​រយៈ បាន​បាត់​ខ្លួន​ទៅ ហើយ​រួច​មក​បាន​ត្រឡប់​មក​វិញ។ (វិវរណៈ ១៧:៣, ៨) សត្វ​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ពិភព​លោក។ ពត៌មាន​ល្អិត​ល្អន់​ដែល​បាន​ផ្ដល់​មក​ក្នុង​ទំនាយ ជួយ​យើង​ឲ្យ​សម្គាល់​សត្វ​ជា​និមិត្តរូប​នេះ​ជា អង្គការ​សន្ដិភាព​មួយ ដែល​មាន​វត្តមាន​នៅ​ក្នុង​ឆ្នាំ​១៩១៩ ជា អង្គការ​សម្ព័ន្ធ​ប្រជាជាតិ (គឺ«សេចក្ដី​ស្អប់​ខ្ពើម»មួយ) ហើយ​ឥឡូវ​នេះ​គឺ​ជា​អង្គការ​សហប្រជាជាតិ។ វិវរណៈ ១៧:១៦, ១៧ បង្ហាញ​ថា ព្រះ​នឹង​ដាក់​ក្នុង​ចិត្ត​នៃ​ពួក​អ្នក​គ្រប់​គ្រង​ខ្លះ ដែល​មាន​ឋានៈ​ធំ​ដុំ​នៅ​ក្នុង«សត្វ»នេះ ដើម្បី​ឲ្យ​កំទេច ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ ការ​វាយលុក​នេះ​នឹង​សម្គាល់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង។

១៦. តើ​ព្រឹត្ដិការណ៍​ដ៏​គួរ​កត់​សម្គាល់​អ្វី ដែល​កំពុង​តែ​កើត​ឡើង​ដែល​ទាក់​ទង​នឹង​សាសនា?

១៦ ដោយ​ព្រោះ​ការ​ចាប់​ផ្ដើម​នៃ«សេចក្ដី​វេទនា​ជា​ខ្លាំង» គឺ​នៅ​អនាគត​នៅ​ឡើយ តើ​ការ«ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ» គឺ​នៅ​ខាង​មុខ​យើង​នៅ​ឡើយ​ឬ? តាម​មើល​ទៅ​គឺ​អ៊ីចឹង​ហើយ។ ថ្វី​បើ«សេចក្ដី​ស្អប់​ខ្ពើម»បាន​លេច​ខ្លួន​នៅ​ដើម​នៃ​សតវត្ស​នេះ ហើយ​មាន​វត្តមាន​ជា​យូរ​ទសវត្ស​មក​ហើយ​ក៏​ដោយ តែ​វា​នឹង​កាន់​ជំហរ​តាម​របៀប​ដ៏​ចម្លែក​មួយ«នៅ​ក្នុង​ទី​បរិសុទ្ធ»នៅ​នា​អនាគត​នេះ។ ដូច​ពួក​អ្នក​កាន់​តាម​របស់​ព្រះ​គ្រីស្ទ​នៅ​សតវត្ស​ទី​មួយ ច្បាស់​ជា​បាន​ពិនិត្យ​មើល​ដោយ​ប្រុង​ស្មារតី​នូវ​របៀប​ដែល​ការ«ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ»នឹង​កើត​ឡើង​នោះ ដូច្នេះ​ពួក​គ្រីស្ទាន​សម័យ​នេះ​ក៏​ត្រូវ​ធ្វើ​អ៊ីចឹង​ដែរ។ ត្រូវ​ហើយ យើង​នឹង​ត្រូវ​តែ​ចាំ​ចំពោះ​សេចក្ដី​សម្រេច​មែន​ទែន ដើម្បី​ឲ្យ​ដឹង​ពត៌មាន​ទាំង​អស់។ ក៏​ប៉ុន្តែ គឺ​ជា​ការ​គួរ​កត់​សម្គាល់​ដែល​នៅ​ក្នុង​ប្រទេស​ខ្លះ គឺ​មាន​ឃើញ​ការ​ប្រឆាំង​នឹង​សាសនា ដែល​កើន​ឡើង​ជា​លំដាប់។ ពួក​ខាង​នយោបាយ​ខ្លះ ដែល​ចូល​ដៃ​នឹង​អតីត​គ្រីស្ទាន ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ជំនឿ​ពិត គឺ​កំពុង​តែ​បណ្ដាល​ឲ្យ​មាន​ការ​ជំទាស់​នឹង​សាសនា​ទូទៅ ហើយ​ជា​ពិសេស​គឺ​ទាស់​នឹង​ពួក​គ្រីស្ទាន​ពិត។ (ទំនុកដំកើង ៩៤:២០, ២១; ធីម៉ូថេ​ទី​១ ៦:២០, ២១) ហេតុ​ដូច្នេះ​ហើយ អំណាច​ខាង​នយោបាយ​សូម្បី​តែ​ឥឡូវ​ក៏«ច្បាំង​ទាស់​នឹង​កូន​ចៀម» ហើយ​ដូច​វិវរណៈ ១៧:១៤ បញ្ជាក់​មក ការ​ច្បាំង​ទាស់​នេះ​នឹង​មាន​រឹត​តែ​ខ្លាំង​ឡើង។ ថ្វី​បើ​ពួក​គេ​មិន​អាច​ច្បាំង​ដ៏​មែន​ទែន​ជា​មួយ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​កូន​ចៀម​នៃ​ព្រះ​ក្នុង​ពេល​ដែល​ទ្រង់​បាន​ត្រូវ​តម្កើង​និង​បាន​សិរី​រុង​រឿង​ក៏​ដោយ តែ​គេ​នឹង​បញ្ចេញ​ថែម​ទៀត​នូវ​ការ​ប្រឆាំង​របស់​គេ​លើ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ ជា​ពិសេស​លើ«ពួក​បរិសុទ្ធ»របស់​ទ្រង់។ (ដានីយ៉ែល ៧:២៥; ប្រៀប​មើល រ៉ូម ៨:២៧; កូល៉ុស ១:២; វិវរណៈ ១២:១៧) យើង​មាន​ការ​ធានា​រ៉ាប់​រង​របស់​ព្រះ ថា​កូន​ចៀម​និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទ្រង់ នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន។—វិវរណៈ ១៩:១១​-​២១

១៧. ដោយ​គ្មាន​គំនិត​ដ៏​មានះ តើ​យើង​ប្រហែល​និយាយ​យ៉ាង​ណា នូវ​របៀប​ដែល«សេចក្ដី​ស្អប់​ខ្ពើម» នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ?

១៧ យើង​ដឹង​ថា សាសនា​មិន​ពិត​នឹង​ទទួល​ការ​បំផ្លាញ។ បាប៊ីឡូន​ដ៏​ធំ​គឺ«ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ» ហើយ​ប្រព្រឹត្ត​ជា​មហា​ក្សត្រិយានី ប៉ុន្តែ​សេចក្ដី​ហិន​វិនាស​របស់​នាង​នឹង​កើត​ឡើង​ជា​មិន​ខាន។ ឥទ្ធិពល​ដ៏​កខ្វក់​របស់​នាង បាន​កាន់​កាប់​លើ​ពួក​ស្តេច​នៃ​ផែនដី នោះ​នឹង​ផ្លាស់​ប្ដូរ​យ៉ាង​រហ័ស កាល​ដែល​ទំនាក់​ទំនង​នេះ​បែរ​ទៅ​ជា​មាន​ការ​ស្អប់​ដ៏​ឃោរ​ឃៅ​ពី‹ស្នែង​ទាំង​ដប់​និង​សត្វ​តិរច្ឆាន›។ (វិវរណៈ ១៧:៦, ១៦; ១៨:៧, ៨) នៅ​ពេល​ដែល«សត្វ​សម្បុរ​ក្រហម»វាយលុក​លើ​ស្រី​សំផឹង​ដ៏​ជា​សាសនា​នេះ នោះ«សេចក្ដី​ស្អប់​ខ្ពើម»នឹង​ក្រោក​ឈរ​ឡើង​តាម​របៀប​ដ៏​គំរាម​កំហែង នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ពួក​ពិភព​គ្រីស្ទ​សាសនា។c ដូច្នេះ ការ​បំផ្លាញ​នឹង​ចាប់​ផ្ដើម​លើ​ពួក​ពិភព​គ្រីស្ទ​សាសនា​ដ៏​គ្មាន​ជំនឿ ដែល​បាន​ពណ៌នា​ខ្លួន​ជា​បរិសុទ្ធ​នោះ។

‹ការ​រត់​ចេញ› តើ​តាម​របៀប​ណា?

១៨, ១៩. តើ​មូលហេតុ​អ្វី​ដែល​ផ្ដល់​មក ដើម្បី​បង្ហាញ​ថា​ការ«រត់​ចេញ​ទៅ​ឯ​ភ្នំ» នឹង​មិន​មាន​សេចក្ដី​ថា​ការ​ផ្លាស់​ប្ដូរ​សាសនា​នោះ?

១៨ ក្រោយ​ពី​បាន​ទាយ​ប្រាប់​អំពី‹ការ​ឈរ​នៃ​សេចក្ដី​ស្អប់​ខ្ពើម​នៅ​ក្នុង​ទី​បរិសុទ្ធ› នោះ​ព្រះ​យេស៊ូ​បាន​ព្រមាន​ពួក​ដែល​ចេះវិនិច្ឆ័យ​ឲ្យ​ប្រព្រឹត្ត។ តើ​ទ្រង់​មាន​សេចក្ដី​ថា នៅ​នា​គ្រា​ដ៏​ជ្រៅ​នោះ នៅ​ពេល​ដែល«សេចក្ដី​ស្អប់​ខ្ពើម» គឺ‹កំពុង​តែ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ› ដែល​មនុស្ស​ជា​ច្រើន​នឹង​រត់​ចេញ​ពី​សាសនា​មិន​ពិត ហើយ​មក​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត​ឬ? មិន​មែន​ជា​អ៊ីចឹង​ទេ។ ចូរ​ពិចារណា​មើល​នឹង​សេចក្ដី​សម្រេច​ទី​មួយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក​បំពាក់​ខ្លួន​ឡើយ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ»។—ម៉ាកុស ១៣:១៤​-​១៨

១៩ ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​ថា គ្រាន់​តែ​ពួក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ការ​ដក​ថយ ដែល​ហាក់​ដូច​ជា​ទ្រង់​ចង់​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ការ​រត់​ចេញ​ពី​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​យូដា​នោះ​ទេ។ ហើយ​ការ​ព្រមាន​ទ្រង់​ក៏​មិន​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​សាសនា​ដែរ ដែល​រត់​ចេញ​ពី​សាសនា​មិន​ពិត​ចូល​ទៅ​សាសនា​ពិត​នោះ​ទេ។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ប្រាកដ​ជា​មិន​ត្រូវ​ការ​ការ​ព្រមាន អំពី​ការ​រត់​ចេញ​ពី​សាសនា​មួយ​ទៅ​សាសនា​មួយ​ទៀត​នោះ​ដែរ។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ពិត​រួច​ទៅ​ហើយ។ ហើយ​ការ​វាយលុក​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ. មិន​បាន​ជំរុញ​ចិត្ត​របស់​ពួក​កាន់​សាសនា​យូដា​នៅ​ក្នុង​ក្រុង​យេរូសាឡិម និង​ទូទាំង​ស្រុក​យូដា​ឲ្យ​បោះ​បង់​សាសនា​នោះ និង​ទទួល​សាសនា​គ្រីស្ទាន​ឡើយ។ សាស្ដ្រាចារ្យ ហែនរីជ្ឈ ហ្ក្រេត្ស មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល​បាន​ដេញ​តាម​ពួក​រ៉ូម៉ាំង​ដែល​បាន​រត់​ចេញ​នោះ បាន​ត្រឡប់​មក​ទី​ក្រុង​នេះ​វិញ៖ «ក្រុម​ឧទ្ទាម ស្រែក​សប្បាយ​ក្រៃ​លែង​នឹង​ចំ​រៀង​សង្គ្រាម បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម (ថ្ងៃ​ទី​៨ តុលា) ចិត្ត​របស់​គេ​គឺ​មាន​ដោយ​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ​នៃ​សេរី​ភាព​និង​ឯករាជ្យ។ . . . តើ​ព្រះ​មិន​បាន​ជួយ​គេ​ដោយ​សេចក្ដី​មេត្ដា​ករុណា ដូច​ទ្រង់​បាន​ជួយ​ឰយុកោ​របស់​គេ​ដែរ​ទេ​ឬ? ចិត្ត​របស់​ពួក​ឧទ្ទាម​ទាំង​នេះ ឥត​មាន​កោត​ក្រែង​អំពី​អនាគត​ទេ»។

២០. តើ​តាម​របៀប​ណា​ដែល​ពួក​សិស្ស​ពី​ដើម​តប​តាម​សេចក្ដី​ព្រមាន​របស់​ព្រះ​យេស៊ូ ឲ្យ​រត់​ចេញ​ទៅ​ភ្នំ​នោះ?

២០ បើ​អ៊ីចឹង តើ​យ៉ាង​ដូច​ម្ដេច​ដែល​ពួក​រើស​តាំង​ដែល​មាន​ចំនួន​ដ៏​តូច​នៅ​គ្រា​នោះ បាន​ប្រព្រឹត្ត​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ? គឺ​ដោយ​ចាក​ចេញ​ពី​ស្រុក​យូដា​និង​រត់​ចេញ​ទៅ​ភ្នំ​កាត់​ទន្លេ​យ័រដាន់ ពួក​គេ​បាន​បង្ហាញ​ថា​គេ​ឥត​មាន​ចំណែក​ជា​មួយ​នឹង​របប​យូដា ខាង​នយោបាយ​ឬ​ខាង​សាសនា។ ពួក​គេ​បាន​ទុក​ចោល​ចំការ​និង​ផ្ទះ​សម្បែង មិន​ទាំង​ប្រមូល​របស់​នៅ​ក្នុង​ផ្ទះ​របស់​គេ​ផង​ដែរ។ ដោយ​មាន​ទំនុក​ចិត្ត​នៃ​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា នោះ​គេ​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ដល់​ទ្រង់​មុន​អ្វី​ៗ​ទាំង​អស់ ដែល​ប្រហែល​ដូច​ជា​សំខាន់​នោះ។—ម៉ាកុស ១០:២៩, ៣០; លូកា ៩:៥៧​-​៦២

២១. យើង​មិន​បាច់​គិត​ឬ​ជឿ​ថា​និង​មាន​លទ្ធផល​អ្វី ពេល​ដែល«សេចក្ដី​ស្អប់​ខ្ពើម»ចាប់​វាយលុក​នោះ?

២១ ឥឡូវ ចូរ​ពិចារណា​មើល​នូវ​សេចក្ដី​សម្រេច​ដ៏​ធំ​ជាង​នេះ។ ជា​ច្រើន​ទសវត្ស​មក​ហើយ ដែល​យើង​បាន​ដាស់​តឿន​មនុស្ស​ឲ្យ​រត់​ចេញ​ពី​សាសនា​មិន​ពិត ហើយ​ឲ្យ​មក​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត។ (វិវរណៈ ១៨:៤, ៥) មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដូច្នេះ​មែន។ ទំនាយ​របស់​ព្រះ​យេស៊ូ​មិន​បញ្ជាក់​ថា នៅ​ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​បាន​ផ្ទុះ​ឡើង នោះ​ប្រជាជន​នឹង​មក​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើយ។ ប្រាកដ​ហើយ គឺ​គ្មាន​ការ​ប្រែ​ចិត្ត​នៃ​ប្រជាជន​សាសន៍​យូដា​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.នោះ​ទេ។ ក៏​ប៉ុន្តែ ពួក​គ្រីស្ទាន​ពិត​នឹង​មាន​សេចក្ដី​ជំរុញ​ចិត្ត​យ៉ាង​ធំ ក្នុង​ការ​អនុវត្ត​តាម​សេចក្ដី​ព្រមាន​របស់​ព្រះ​យេស៊ូ ហើយ​រត់​ចេញ​នោះ។

២២. ដោយ​យើង​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ អំពី​ការ​រត់​ចេញ​ទៅ​ឯ​ភ្នំ ប្រហែល​ទាក់​ទង​អ្វី?

២២ នៅ​បច្ចុប្បន្ន​នេះ យើង​មិន​មាន​ពត៌មាន​ទាំង​អស់​អំពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ទេ ក៏​ប៉ុន្តែ​យើង​អាច​សន្និដ្ឋាន​ដ៏​សម​ហេតុ​ផល​ថា ចំពោះ​យើង ‹ការ​រត់​ចេញ›ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នោះ មិន​មែន​ជា​លក្ខណៈ​ភូមិសាស្ត្រ​នោះ​ទេ។ រាស្ត្រ​របស់​ព្រះ​គឺ​មាន​ជុំ​វិញ​ផែនដី សឹង​តែ​នៅ​គ្រប់​ជ្រុង។ យ៉ាង​ណា​ក្ដី យើង​អាច​ដឹង​ជា​ប្រាកដ​ថា នៅ​ពេល​ត្រូវ​ការ​រត់​ចេញ​ជា​ចាំ​បាច់ នោះ​ពួក​គ្រីស្ទាន​នឹង​បន្ត​រក្សា​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ នូវ​ភាព​ផ្សេង​ពី​គ្នា​រវាង​ខ្លួន​គេ​និង​អង្គការ​សាសនា​មិន​ពិត។ អ្វី​មួយ​ដ៏​សំខាន់​ទៀត នោះ​ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​មិន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ ដើម្បី​យក​សំលៀក​បំពាក់​ឬ​របស់​ផ្សេង​ៗ​ទៀត។ (ម៉ាថាយ ២៤:១៧, ១៨) ដូច្នេះ ប្រហែល​ជា​មាន​ការ​សាក​ល្បង​នៅ​ខាង​មុខ នូវ​របៀប​ដែល​យើង​មាន​ទស្សនៈ​ចំពោះ​វត្ថុ​ទ្រព្យ តើ​របស់​ទាំង​នេះ​ពិត​ជា​សំខាន់​ជាង​គេ​បំផុត ឬ​ក៏​សេចក្ដី​សង្គ្រោះ​នឹង​មាន​មក​សំរាប់​អស់​អ្នក​នៅ​ខាង​ព្រះ​គឺ​សំខាន់​ជាង​វិញ? ត្រូវ​ហើយ ការ​រត់​ចេញ​របស់​យើង​ប្រហែល​ទាក់​ទង​សេចក្ដី​ពិបាក​និង​ភាព​ខ្វះ​ខាត​ខ្លះ។ យើង​នឹង​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់ ដូច​ជា​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​យូដា​ទៅ​ខេត្ត​ប៉ែ​រ៉ី ដែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់។

២៣, ២៤. (ក) តើ​នៅ​កន្លែង​ណា​ដែល​យើង​នឹង​រក​បាន​ការ​ការ​ពារ​តែ​មួយ​ប៉ុណ្ណោះ? (ខ) តើ​សេចក្ដី​ព្រមាន​របស់​ព្រះ​យេស៊ូ អំពី‹សេចក្ដី​ស្អប់​ខ្ពើម​កំពុង​តែ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ› គួរ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ណា?

២៣ យើង​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា ទី​ជ្រក​ពួន​របស់​យើង​នឹង​បន្ត​មាន​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់ ដែល​មាន​សភាព​ដូច​ជា​ភ្នំ។ (សាំយូអែល​ទី​២ ២២:២, ៣; ទំនុកដំកើង ១៨:២; ដានីយ៉ែល ២:៣៥, ៤៤) នោះ​ជា​កន្លែង​ដែល​យើង​អាច​រក​ការ​ការ​ពារ! យើង​នឹង​មិន​ធ្វើ​តាម​ប្រជាជន​នៃ​មនុស្ស​លោក ដែល​នឹង​រត់​ចេញ​ទៅ«ពួន​នៅ​ក្នុង​រអាង» ហើយ​ពួន«ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា» ដែល​ជា​អង្គការ​និង​ស្ថាប័ន​របស់​មនុស្ស ដែល​នឹង​មាន​នៅ​មួយ​រយៈ​ខ្លី ក្រោយ​ពី​បាប៊ីឡូន​ដ៏​ធំ​បាន​ត្រូវ​បំផ្លាញ​ចោល។ (វិវរណៈ ៦:១៥; ១៨:៩​-​១១) ពិត​ហើយ ប្រហែល​ជា​នឹង​មាន​ពេល​ពិបាក​កាន់​តែ​ខ្លាំង​ឡើង ដូច​មាន​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.ដែរ ចំពោះ​ពួក​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​យូដា ឬ​ក៏​ចំពោះ​បុគ្គល​ណា​ដែល​ត្រូវ​តែ​ធ្វើ​ដំណើរ​ក្នុង​ធាតុ​អាកាស​ដែល​មាន​ភ្លៀង​ដ៏​ត្រជាក់​នោះ។ ក៏​ប៉ុន្តែ​យើង​អាច​ដឹង​ក្នុង​ចិត្ត​ជា​ប្រាកដ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រួច​រស់​ជីវិត​បាន។ សូម​ឲ្យ​យើង​ឥឡូវ​ពង្រឹង​ការ​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា​និង​បុត្រា​របស់​ទ្រង់ ដែល​ឥឡូវ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នោះ។

២៤ យើង​មិន​គួរ​រស់​នៅ​ដោយ​ភ័យ​ខ្លាច​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នោះ​ឡើយ។ ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​នៅ​អតីតកាល​ភ័យ​ខ្លាច​ទេ ហើយ​ទ្រង់​ក៏​មិន​ចង់​ឲ្យ​យើង​ភ័យ​ខ្លាច​ឥឡូវ​ដែរ ឬ​នៅ​ក្នុង​អនាគត​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​ដឹង​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​អាច​ប្រុង​ប្រៀប​ចិត្ត​គំនិត​របស់​យើង។ ដ្បិត ពួក​គ្រីស្ទាន​ដ៏​ចេះ​គោរព​នឹង​មិន​ត្រូវ​ទទួល​ទណ្ឌកម្ម​ទេ នៅ​ពេល​ដែល​សេចក្ដី​ហិន​វិនាស​មាន​មក​លើ​សាសនា​មិន​ពិត និង​មក​លើ​របប​ដ៏​អាក្រក់​ជួជាតិ​ទាំង​មូល​នេះ។ ពួក​គេ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ហើយ​ធ្វើ​តាម​សេចក្ដី​ព្រមាន​អំពី‹សេចក្ដី​ស្អប់​ខ្ពើម​ដែល​កំពុង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ›។ ហើយ​ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ដែល​មិន​រួញ​រា​លើ​ជំនឿ​ដ៏​មុត​មាំ​របស់​គេ។ សូម​ឲ្យ​យើង​កុំ​ភ្លេច​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​ឡើយ ដែល​ថា៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត»។—ម៉ាកុស ១៣:១៣

[កំណត់​សម្គាល់]

a «ទង់​សញ្ញា​របស់​ពួក​រ៉ូម៉ាំង​បាន​ត្រូវ​ការ​ពារ ដោយ​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​នៅ​ឯ​ក្រុង​រ៉ូម។ ហើយ​សេចក្ដី​គោរព​នៃ​ពួក​រ៉ូម​ចំពោះ​ទង់​សញ្ញា​របស់​គេ​នឹង​បង្កើន​ឡើង ពេល​មាន​ជោគ​ជ័យ​ខាង​ចំបាំង​និមួយ​ៗ . . . [ចំពោះ​ពួក​ទាហាន ទង់​សញ្ញា] គឺ​ប្រហែល​ជា​អ្វី​ដ៏​ពិសិដ្ឋ​បំផុត ដែល​មាន​នៅ​លើ​ផែនដី។ ពួក​ទាហាន​រ៉ូម៉ាំង​បាន​ស្បថ​ដោយ​ទង់​សញ្ញា​របស់​ខ្លួន»។—សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​លើក​ទី​១១

b គឺ​គួរ​កត់​សម្គាល់​ថា ទោះ​បី​សេចក្ដី​សម្រេច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​ឆ្នាំ​៦៦​-​៧០ ស.យ. អាច​ជួយ​យើង​ឲ្យ​យល់​នូវ​របៀប​ដែល​នឹង​សម្រេច​នៅ​ឯ​សេចក្ដី​វេទនា​ជា​ខ្លាំង តែ​សេចក្ដី​សម្រេច​ទាំង​ពីរ​នេះ​គឺ​មិន​អាច​មាន​ដូច​គ្នា​បេះ​បិទ​នោះ​ទេ ពី​ព្រោះ​សេចក្ដី​សម្រេច​នេះ​កើត​ឡើង​ក្រោម​ស្ថានការណ៍​ផ្សេង​ៗ។

c សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៧៥ ទំព័រ ៧៤១​-​៧៤៤។

តើ​អ្នក​នឹក​ចាំ​ឬ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល«សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ» បាន​លេច​ខ្លួន​ឡើង​នៅ​ក្នុង​សតវត្ស​ទី​មួយ?

◻ ហេតុ​អ្វី​ក៏​សម​ហេតុ​ផល ក្នុង​ការ​គិត​ថា «សេចក្ដី​ស្អប់​ខ្ពើម»នៅ​សម័យ​ទំនើប​នេះ នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​អនាគត?

◻ តើ​ការ​វាយលុក​អ្វី​ដោយ«សេចក្ដី​ស្អប់​ខ្ពើម»ដែល​បាន​ទាយ​ប្រាប់​នៅ​ក្នុង​វិវរណៈ?

◻ តើ‹ការ​រត់​ចេញ›ប្រភេទ​ណា ប្រហែល​ជា​តម្រូវ​ពី​យើង​នៅ​ឡើយ?

[រូប​ភាព​នៅ​ទំព័រ​១៦]

បាប៊ីឡូន​ដ៏​ធំ​គឺ​បាន​ត្រូវ​ហៅ​ជា«ម្ដាយ​នៃ​ពួក​ស្រី​សំផឹង»

[រូប​ភាព​នៅ​ទំព័រ​១៧]

សត្វ​សម្បុរ​ក្រហម​នៃ​វិវរណៈ ជំពូក​១៧ គឺ​ជា«សេចក្ដី​ស្អប់​ខ្ពើម» ដែល​ព្រះ​យេស៊ូ​បាន​សំដៅ​ប្រាប់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក