បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w00 ១/៣ ទំ. ១៤-១៩
  • ចូរធ្វើជាពួកអ្នកអានយ៉ាងសប្បាយនៃសៀវភៅវិវរណៈ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើជាពួកអ្នកអានយ៉ាងសប្បាយនៃសៀវភៅវិវរណៈ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ក្រុម​ជំនុំ​ទាំង​ឡាយ​ដែល​ព្រះ​គ្រីស្ទ​ដឹក​នាំ
  • ការ​ចុះ​ចូល​ដ៏​សប្បាយ​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា
  • ‹មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​កាន់​តាម​ពាក្យ​ទាំង​នេះ›
  • «ដំណឹងល្អ»ពីសៀវភៅវិវរណៈ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ផែនដីក្លាយទៅជាសួនឧទ្យាន!
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
w00 ១/៣ ទំ. ១៤-១៩

ចូរ​ធ្វើ​ជា​ពួក​អ្នក​អាន​យ៉ាង​សប្បាយ​នៃ​សៀវភៅវិវរណៈ

«មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ»។—វិវរណៈ ១:៣

១. តើ​សាវ័កយ៉ូហានមាន​ស្ថានភាព​បែប​ណា ពេល​ដែល​លោក​បាន​សរសេរ​សៀវភៅវិវរណៈ ហើយ​តើ​ការ​កត់​ទុក​នូវ​ចក្ខុនិមិត្ត​ទាំង​នេះ​មាន​គោល​បំណង​យ៉ាង​ណា?

«យ៉ូហានខ្ញុំ . . . បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់ម៉ុស ដោយ​ព្រោះ​ព្រះ​បន្ទូល នឹង​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ»។ (វិវរណៈ ១:៩) សាវ័កយ៉ូហានបាន​មាន​ស្ថានភាព​បែប​នេះ ពេល​ដែល​លោក​បាន​សរសេរ​សៀវភៅវិវរណៈនោះ។ គេ​បាន​គិត​ថា លោក​បាន​ត្រូវ​ធ្វើ​និរទេស​ទៅ​កោះ​ប៉ាត់ម៉ុស ក្នុង​កំឡុង​ការ​គ្រប់​គ្រង​របស់​ស្តេច​ចក្រពត្ដិ​ជន​ជាតិ​រ៉ូម៉ាំង ព្រះ​នាម ឌ័មីធាន (ឆ្នាំ​៨១​-​៩៦ ស.យ.) ជា​បុគ្គល​ដែល​បាន​បង្ខំ​ឲ្យ​ថ្វាយ​បង្គំ​ស្តេច​ចក្រពត្ដិ ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​បៀត​បៀន​ពួក​គ្រីស្ទាន​ទៀត​ផង។ កាល​ដែល​នៅ​កោះ​ប៉ាត់ម៉ុស នោះយ៉ូហានបាន​ទទួល​នូវ​ចក្ខុនិមិត្ត​មួយ​ចំនួន​ជា​លំដាប់ ដែល​លោក​បាន​សរសេរ​ទុក។ លោក​បាន​រៀប​រាប់​ប្រាប់​ចក្ខុនិមិត្ត​ទាំង​នោះ មិន​មែន​ដើម្បី​បន្លាច​ពួក​គ្រីស្ទាន​សម័យ​ដើម​នោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ពង្រឹង សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​ពួក​គេ​ពី​សេចក្ដី​ទុក្ខ​លំបាក​ដែល​ពួក​គេ​កំពុង​តែ​ឆ្លង​កាត់ ហើយ​សេចក្ដី​ទុក្ខ​លំបាក​ឯ​ទៀត​ដែល​មាន​នៅ​ខាង​មុខ។—កិច្ច​ការ ២៨:២២; វិវរណៈ ១:៤; ២:៣, ៩, ១០, ១៣

២. ហេតុ​អ្វី​ក៏​ស្ថានភាព​របស់យ៉ូហាននិង​ពួក​គ្រីស្ទាន​គ្នី​គ្នា​របស់​លោក ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ?

២ ស្ថានភាព​ដែល​សៀវភៅ​នេះ​បាន​សរសេរ​មក​នោះ គឺ​មាន​សារៈ​សំខាន់​សំរាប់​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ លោកយ៉ូហានកំពុង​តែ​ពិសោធ​នូវ​ការ​បៀត​បៀន ពីព្រោះ​លោក​ជា​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា និង​របស់​ព្រះ​គ្រីស្ទ​យេស៊ូ​ដ៏​ជា​រាជបុត្រា​របស់​ទ្រង់។ លោក​និង​ពួក​គ្រីស្ទាន​គ្នី​គ្នា​រស់​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ការ​ជំទាស់​ប្រឆាំង ពីព្រោះ​ពួក​គេ​មិន​អាច​ថ្វាយ​បង្គំ​ស្តេច​ចក្រពត្ដិ ទោះ​ជា​ពួក​គេ​ខំ​ប្រឹង​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​ដោយ។ (លូកា ៤:៨) នៅ​ក្នុង​ប្រទេស​ខ្លះ ពួក​គ្រីស្ទាន​ពិត​ក៏​មាន​ស្ថានភាព​ស្រដៀង​នេះ​ដែរ ពេល​ដែល​រដ្ឋ​អំណាច​ប្រកាន់​សិទ្ធិ ក្នុង​ការ​បក​ស្រាយ​ថា​អ្វី​ទៅ​ដែល«ត្រឹម​ត្រូវ​ខាង​សាសនា»នោះ។ ដូច្នេះ​ហើយ ពាក្យ​លំនាំ​នៃ​សៀវភៅវិវរណៈ នោះ​ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន ដែល​ចែង​ថា៖ «មានពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ»។ (វិវរណៈ ១:៣) ត្រូវ​ហើយ ពួក​អ្នក​អាន​នៃ​សៀវភៅវិវរណៈ ដែល​យក​ចិត្ត​ទុក​ដាក់​និង​ចេះ​ស្ដាប់​បង្គាប់ នោះ​នឹង​រក​ឃើញ​សុភមង្គល​ពិត ព្រម​ទាំង​ប្រសិទ្ធិពរ​ជា​ច្រើន​ទៀត​ផង។

៣. តើ​អ្នក​ណា​ជា​ប្រភព​នៃ​សៀវភៅវិវរណៈ ដែល​បាន​ប្រគល់​ឲ្យយ៉ូហាននោះ?

៣ តើ​អ្នក​ណា​ជា​ប្រភព​ខ្ពស់​បំផុត​នៃ​សៀវភៅវិវរណៈ ហើយ​តើ​ខ្សែ​រយៈ​អ្វី​ដែល​បាន​ប្រើ​ដើម្បី​ប្រគល់​នូវ​សារ​នោះ? ខ​ដំបូង​ប្រាប់​យើង​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្ដិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯយ៉ូហាន ជា​បាវ​បំរើ​ទ្រង់»។ (វិវរណៈ ១:១) បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ ប្រភព​ពិត​នៃ​សៀវភៅវិវរណៈគឺ​មក​ពី​ព្រះ​យេហូវ៉ា ដែល​បាន​ប្រទាន​មក​ព្រះ​យេស៊ូ ហើយ​ព្រះ​យេស៊ូ​ប្រទាន​សារ​នេះ​មក​លោកយ៉ូហាន តាម​រយៈ​ទេវតា​មួយ​អង្គ។ បើ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​បន្ដិច​ទៀត នោះ​បង្ហាញ​ថា​ព្រះ​យេស៊ូ​ក៏​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ប្រគល់​សារ​ទៅ​ក្រុម​ជំនុំ​ទាំង​ឡាយ ហើយ​ដើម្បី​ប្រគល់​ឲ្យ​ចក្ខុនិមិត្ត​ទៅយ៉ូហាន។—វិវរណៈ ២:៧, ១១, ១៧, ២៩; ៣:៦, ១៣, ២២; ៤:២; ១៧:៣; ២១:១០; ប្រៀប​មើល កិច្ច​ការ ២:៣៣

៤. តើ​តាម​ខ្សែ​រយៈ​អ្វី​ដែល​ព្រះ​យេហូវ៉ា​នៅ​តែ​ប្រើ​សព្វ​ថ្ងៃ​នេះ ដើម្បី​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ?

៤ ព្រះ​យេហូវ៉ា​នៅ​តែ​ប្រើ​រាជបុត្រា​របស់​ទ្រង់ ជា«សិរសា​នៃ​ពួក​ជំនុំ» ដើម្បី​បង្រៀន​ពួក​អ្នក​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ។ (អេភេសូរ ៥:២៣; អេសាយ ៥៤:១៣; យ៉ូហាន ៦:៤៥) ព្រះ​យេហូវ៉ា​ក៏​ប្រើ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​បង្ហាត់​បង្រៀន​ប្រជារាស្ត្រ​របស់​ទ្រង់​ដែរ។ (យ៉ូហាន ១៥:២៦; កូរិនថូស​ទី​១ ២:១០) ហើយ​ដូច​ជា​ព្រះ​យេស៊ូ​បាន​ប្រើ«យ៉ូហាន ជា​បាវ​បំរើ​ទ្រង់»ជា​យ៉ាង​ណា ដើម្បី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដែល​ទ្រ​ទ្រង់ ដល់​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​សតវត្ស​ទី​មួយ នោះ​សព្វ​ថ្ងៃ​នេះ​ក៏​អ៊ីចឹង​ដែរ ទ្រង់​ប្រើ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​ជា«ពួក​បង​ប្អូន»ចាក់​ប្រេង​តាំង​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ ដើម្បី​ផ្ដល់​ឲ្យ​ពួក​ផ្ទះ​ទ្រង់​និង​គូកន​របស់​គេ នូវ‹អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល›។ (ម៉ាថាយ ២៤:៤៥​-​៤៧; ២៥:៤០) គឺ​មាន​សុភមង្គល​ហើយ ពួក​អ្នក​ដែល​ទទួល​ស្គាល់​ប្រភព​នៃ‹អំណោយ​ដ៏​ល្អ​វិសេស​នេះ› ដែល​យើង​ទទួល ដូច​ជា​អាហារ​ខាង​វិញ្ញាណ​និង​តាម​ខ្សែ​រយៈ​ដែល​ទ្រង់​កំពុង​តែ​ប្រើ​នោះ។—យ៉ាកុប ១:១៧

ក្រុម​ជំនុំ​ទាំង​ឡាយ​ដែល​ព្រះ​គ្រីស្ទ​ដឹក​នាំ

៥. (ក) តើ​ក្រុម​ជំនុំ​គ្រីស្ទាន​និង​ពួក​អ្នក​ត្រួត​ពិនិត្យ​របស់​គេ បាន​ត្រូវ​ប្រដូច​ទៅ​នឹង​អ្វី? (ខ) ទោះ​បី​មាន​ភាព​ឥត​គ្រប់ល័ក្ខណ៍​ក៏​ដោយ តើ​អ្វី​ទៅ​ដែល​នឹង​ផ្ដល់​ឲ្យ​យើង​មាន​សុភមង្គល?

៥ នៅ​ក្នុងជំពូកដំបូង​ទាំង​ប៉ុន្មាន​នៃ​សៀវភៅវិវរណៈ នោះ​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ប្រដូច​ទៅ​នឹង​ជើង​ចង្កៀង។ ពួក​អ្នក​ត្រួត​ពិនិត្យ​របស់​គេ​បាន​ប្រដូច​ទៅ​នឹង​ពួក​ទេវតា (ពួក​អ្នក​នាំ​សារ) ហើយ​ទៅ​នឹង​ផ្កាយ។ (វិវរណៈ ១:២០)a ស្តី​អំពី​អង្គ​ទ្រង់ នោះ​ព្រះ​គ្រីស្ទបាន​មាន​បន្ទូល​ប្រាប់យ៉ូហាន ឲ្យ​សរសេរ​ថា៖ «ព្រះ​អង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ​ហស្ត​ស្ដាំ ហើយ​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ»។ (វិវរណៈ ២:១) សារ​ប្រាំ​ពីរ​ដែល​បាន​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ​នៅ​ទ្វីប​អាស៊ី​បង្ហាញ​ថា ក្រុម​ជំនុំ​និង​ពួក​អ្នក​ចាស់​ទុំ​របស់​គេ​នៅ​ក្នុង​សតវត្ស​ទី​មួយ គឺ​មាន​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ។ សព្វ​ថ្ងៃ​នេះ​ក៏​មាន​ភាព​ដូច​គ្នា​ដែរ។ ដូច្នេះ​ហើយ យើង​នឹង​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត បើ​យើង​មិន​ភ្លេច​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា​ព្រះ​គ្រីស្ទ ដែល​ជា​សិរសា​របស់​យើង គឺ​នៅ​កណ្ដាល​ក្រុម​ជំនុំ​ទាំង​ឡាយ។ ទ្រង់​ជ្រាប​យ៉ាង​ប្រាកដ​នូវ​អ្វី​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ។ ជា​និមិត្តរូប នោះ​ពួក​អ្នក​ត្រួត​ពិនិត្យ​គឺ‹នៅ​ព្រះ​ហស្ត​ស្ដាំ​របស់​ទ្រង់› នេះ​មាន​ន័យ​ថា នៅ​ក្រោម​ការ​កាន់​កាប់​និង​ការ​ដឹក​នាំ​របស់​ទ្រង់ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ទ្រង់​នូវ​របៀប​ដែល​ពួក​គេ​មើល​ថែ​រក្សា​ក្រុម​ជំនុំ​នោះ។—កិច្ច​ការ ២០:២៨; ហេព្រើរ ១៣:១៧

៦. តើ​អ្វី​ដែល​បង្ហាញ​ថា មិន​មែន​មាន​តែ​ពួក​អ្នក​ត្រួត​ពិនិត្យ​ប៉ុណ្ណោះ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​គ្រីស្ទ?

៦ ក៏​ប៉ុន្តែ យើង​នឹង​បំភាន់​ខ្លួន​យើង​ហើយ ប្រសិន​បើ​យើង​បាន​គិត​ថា មាន​តែ​ពួក​អ្នក​ត្រួត​ពិនិត្យ​ទេ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​គ្រីស្ទ​ស្តី​អំពី​អំពើ​របស់​គេ​នោះ។ នៅ​ក្នុង​សារ​មួយ​នៃ​សារ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា៖ «នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត»។ (វិវរណៈ ២:២៣) នេះ​ជា​ការ​ព្រមាន​មួយ តែ​នៅ​ដំណាល​គ្នា​នោះ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដែរ។ ជា​ការ​ព្រមាន​មួយ ដោយ​ថា​ព្រះ​គ្រីស្ទ​ជ្រាប​ដឹង​ពី​បំណង​ចិត្ត​ដ៏​ជ្រៅ​របស់​យើង ហើយ​ជា​ការ​លើក​ទឹក​ចិត្ត ពីព្រោះ​នេះ​ធានា​រ៉ាប់​រង​យើង​ថា ព្រះ​គ្រីស្ទ​ជ្រាប​នូវ​ការ​ខំ​ប្រឹង​របស់​យើង ហើយ​និង​ប្រទាន​ពរ​ដល់​យើង ប្រសិន​បើ​យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។—ម៉ាកុស ១៤:៦​-​៩; លូកា ២១:៣, ៤

៧. តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីឡាដិលភា ‹បាន​កាន់​តាម​ពាក្យ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​ព្រះ​យេស៊ូ›នោះ?

៧ សារ​របស់​ព្រះ​គ្រីស្ទ​ដែល​ផ្ញើ​ទៅ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ភីឡាដិលភា​ស្រុក​លីឌា នោះ​ឥត​មាន​ការ​ស្តី​បន្ទោស​ទេ ក៏​ប៉ុន្តែ​បាន​ធ្វើ​សេចក្ដី​សន្យា​មួយ ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​យើង។ «ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់​ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង ឲ្យ​រួច​ពី​វេលា​ល្បង​ដែល​ត្រូវ​មក​លើ​លោកីយ​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន»។ (វិវរណៈ ៣:១០) ពាក្យ​ភាសា​ក្រិក​សំរាប់«បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់​ធ្មត់​របស់​អញ» ក៏​អាច​មាន​ន័យ​ថា «កាន់​តាម​អ្វី​ដែល​អញ​បាន​មាន​បន្ទូល​អំពី​ការ​ស៊ូ​ទ្រាំ»ផង​ដែរ។ ខ​៨​ថ្លែង​ថា ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីឡាដិលភា មិន​គ្រាន់​តែ​បាន​ស្ដាប់​បង្គាប់​តាមបទបញ្ជា​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ ក៏​ប៉ុន្តែ​បាន​ធ្វើ​តាម​ឱវាទ​របស់​ទ្រង់ ក្នុង​ការ​ឲ្យ​ពួក​គេ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​នោះ​ដែរ។—ម៉ាថាយ ១០:២២; លូកា ២១:១៩

៨. (ក) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​សេចក្ដី​សន្យា​អ្វី ដល់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីឡាដិលភា? (ខ) តើ«វេលា​ល្បង​ល»មាន​ឥទ្ធិពល​លើ​អ្នក​ណា​សព្វ​ថ្ងៃ​នេះ?

៨ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​បន្ថែម​ថា ទ្រង់​នឹង​រក្សា​ទុក​គេ​ឲ្យ​រួច​ពី«វេលា​ល្បង​ល»។ យើង​មិន​ដឹង​ថា​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​គ្រីស្ទាន​នៅ​សម័យ​នោះ​ទេ។ ទោះ​ជា​មាន​ពេល​ផ្អាក​ដ៏​ខ្លី​មួយ​ពី​ការ​បៀត​បៀន ក្នុង​កាល​ដែល​ស្តេច​ចក្រពត្ដិ ព្រះ​នាម​ឌ័មីធាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​៩៦​ស.យ.នោះ​ក្ដី តែ​មាន​ការ​បៀត​បៀន​ថ្មី​ទៀត​បាន​ចាប់​ផ្ដើម​ឡើង នៅ​ក្រោម​អំណាច​ស្តេច​ចក្រពត្ដិ​ព្រះ​នាម ត្រា​ជិន (ឆ្នាំ​៩៨​-​១១៧ ស.យ.) ហើយ​នេះ​ប្រាកដ​ជា​នាំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​លំបាក​ច្រើន​ទៀត។ ក៏​ប៉ុន្តែ«វេលា​ល្បង​ល»ដ៏​ធំ​ជាង​គេ​កើត​ឡើង​នៅ​ក្នុង«ថ្ងៃ​របស់​ព្រះ​អម្ចាស់» នៅ​ក្នុង​កំឡុង«គ្រា​ចុង​បំផុត» ជា​គ្រា​ដែល​យើង​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ (វិវរណៈ ១:១០; ដានីយ៉ែល ១២:៤) ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ បាន​ពិសោធន៍​នូវ​ពេល​ល្បង​ល​មួយ គឺ​នៅ​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​១ និង​បន្ទាប់​ពី​ពេល​នោះ​ដែរ។ ក៏​ប៉ុន្តែ «វេលា​ល្បង​ល»គឺ​នៅ​តែ​មាន​នៅ​ឡើយ។ នេះ​មាន​ឥទ្ធិពល​លើ«លោកីយ​ទាំង​មូល» រួម​បញ្ចូល​មនុស្ស​ជា​ច្រើន​លាន​នាក់​នៃ​ពួក​ហ្វូង​ធំ ដែល​មាន​សង្ឃឹម​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង។ (វិវរណៈ ៣:១០; ៧:៩, ១៤) យើង​នឹង​មាន​សុភមង្គល​មែន ប្រសិន​បើ​យើង‹កាន់​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ការ​ស៊ូ​ទ្រាំ› នោះ​គឺ«អ្នក​ណា​ដែល​កាន់​ខ្ជាប់[បាន​ស៊ូ​ទ្រាំ, ព.ថ.] ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។—ម៉ាថាយ ២៤:១៣

ការ​ចុះ​ចូល​ដ៏​សប្បាយ​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា

៩, ១០. (ក) តើ​ចក្ខុនិមិត្ត​អំពី​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? (ខ) តើ​ការ​អាន​សៀវភៅវិវរណៈអាច​នាំ​ឲ្យ​យើង​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

៩ ចក្ខុនិមិត្ត​អំពី​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា និង​អំពី​រាជវាំង​នៅស្ថាន​សួគ៌ ដែល​បាន​ផ្ដល់​មក​នៅជំពូកទី​៤​និង​ទី​៥​នៃ​សៀវភៅវិវរណៈ គួរ​ធ្វើ​ឲ្យ​យើង​ពេញ​ដោយ​សេចក្ដី​ស្ញប់​ស្ញែង។ យើង​គួរ​មាន​ចិត្ត​ដ៏​រំភើប​នឹង​សេចក្ដី​សរសើរ​ដ៏​ស្មោះ ដែល​ពួក​សត្តនិករ​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌​បាន​សម្ដែង​ឡើង កាល​ដែល​ពួក​គេ​ចុះ​ចូល​យ៉ាង​រីករាយ ចំពោះ​អធិបតេយ្យ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ៤:៨​-​១១) សម្លេង​របស់​យើង​គួរ​ឲ្យ​បាន​ឮ​ក្នុង​ចំណោម​អស់​អ្នក ដែល​និយាយ​ថា៖ «សូម​ថ្វាយ​ព្រះ​ពរ កិត្ដិនាម សិរី​ល្អ នឹង​ព្រះ​ចេស្ដា ដល់​ព្រះ​អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ»។—វិវរណៈ ៥:១៣

១០ តាម​វិធី​ដែល​មាន​ប្រយោជន៍ នេះ​មាន​ន័យ​ថា យើង​ចុះ​ចូល​ដោយ​រីករាយ​ចំពោះ​បំណង​ព្រះ​ហឫទ័យ​ក្នុង​គ្រប់​ប្រការ​ទាំង​អស់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ទោះ​បើ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ដោយ​សារ​ទ្រង់​ផង»។ (កូល៉ុស ៣:១៧) ការ​អាន​សៀវភៅវិវរណៈនឹង​ធ្វើ​ឲ្យ​យើង​ពិត​ជា​មាន​សុភមង្គល ប្រសិន​បើ​នៅ​ក្នុង​ទី​ជំរៅ​នៃ​ចិត្ត​គំនិត​របស់​យើង នោះ​យើង​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ហើយ​យក​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​មក​ពិចារណា​មើល ក្នុង​គ្រប់​ប្រការ​ទាំង​អស់ នៃ​ជីវិត​របស់​យើង។

១១, ១២. (ក) តើ​របប​នៅ​លើ​ផែនដី​របស់​សាតាំង​នឹង​ត្រូវ​អង្រន់ ហើយ​កំទេច​ចោល​ទៅ​យ៉ាង​ដូច​ម្ដេច? (ខ) យោង​ទៅ​តាមវិវរណៈ ជំពូក៧ តើ​អ្នក​ណា​ដែល«អាច​នឹង​ឈរ​នៅ​បាន»នៅ​ពេល​នោះ?

១១ ការ​ចុះ​ចូល​ដោយ​អំណរ​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ជា​គ្រឹះ​សំរាប់​សុភមង្គល​ខាង​ផ្នែក​ផ្ទាល់​ខ្លួន និង​ខាង​ផ្នែក​សកល​លោក​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ការ​កក្រើក​ដី​ជា​និមិត្តរូប នឹង​អង្រន់​រហូត​ដល់​គ្រឹះ​របស់​របប​សាតាំង ហើយ​បំផ្លាញ​ចោល​ទៅ​តែ​ម្ដង។ នោះ​គ្មាន​ទី​ជ្រក​ពួន​ឡើយ សំរាប់​មនុស្ស​ណា​ដែល​បដិសេធ​មិន​ព្រម​ចុះ​ចូល​ចំពោះ​រាជរដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​គ្រីស្ទ ដែល​តំណាង​នូវ​អធិបតេយ្យ​ដ៏​សម​ត្រឹម​ត្រូវ​របស់​ព្រះ។ ទំនាយ​នេះ​ចែង​ថា៖ «អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បំរើ នឹង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា៖ ‹សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើង​ពី​ព្រះ​ភក្ដ្រ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក នឹង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?›»—វិវរណៈ ៦:១២, ១៥​-​១៧

១២ ស្តី​អំពី​សំនួរ​នោះ នៅ​ក្នុងជំពូកជា​បន្ទាប់ សាវ័កយ៉ូហានពិពណ៌នា​អំពី​អស់​អ្នក​នៃ«ហ្វូង​ធំ» ដែល«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក» ថា«ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម»។ (វិវរណៈ ៧:៩, ១៤, ១៥) ការ​ឈរ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ​បង្ហាញ​ថា ពួក​គេ​ទទួល​ស្គាល់​បល្ល័ង្ក​នោះ ហើយ​ចុះ​ចូល​យ៉ាង​ពេញ​លេញ​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ ពួក​គេ​មាន​ជំហរ​ជា​អ្នក​ដែល​ទ្រង់​ព្រម​ទទួល។

១៣. (ក) តើ​ពួក​អ្នក​រស់​នៅ​លើ​ផែនដី​ភាគ​ច្រើន​ថ្វាយ​បង្គំ​អ្វី ហើយ​អ្វី​ដែល​បាន​ត្រូវ​តំណាង​ដោយ​សញ្ញា​សម្គាល់​លើ​ថ្ងាស​និង​នៅ​ដៃ​របស់​គេ? (ខ) តើ​ហេតុ​អ្វី​ក៏​ការ​ស៊ូ​ទ្រាំ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​អ៊ីចឹង?

១៣ ម្យ៉ាង​វិញ​ទៀត ជំពូកទី​១៣​ពិពណ៌នា​អំពី​ពួក​អ្នក​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ថា​កំពុង​តែ​ថ្វាយ​បង្គំ​ប្រព័ន្ធ​នយោបាយ​របស់​សាតាំង ដែល​បាន​ត្រូវ​តំណាង​ដោយ​សត្វ​សាហាវ​មួយ។ ពួក​គេ​ទទួល​សញ្ញា​សម្គាល់​មួយ​នៅ​លើ«ថ្ងាស» ឬ​នៅ​លើ«ដៃ»របស់​គេ ដែល​បង្ហាញ​នូវ​ការ​គាំទ្រ​ខាង​គំនិត និង​ខាង​កម្លាំង​របស់​គេ​ចំពោះ​ប្រព័ន្ធ​នោះ។ (វិវរណៈ ១៣:១​-​៨, ១៦, ១៧) រួច​មក ជំពូកទី​១៤ ចែង​បន្ថែម​ថា៖ «បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ នឹង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ​ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ . . . នេះ​ហើយ​ជា​សេចក្ដី​អត់​ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​យេស៊ូវ»។ (វិវរណៈ ១៤:៩, ១០, ១២) កាល​ដែល​ពេល​កន្លង​ទៅ សំនួរ​នឹង​កើន​ឡើង​ថែម​ទៀត​ដូច​ជា៖ តើ​នរណា​ដែល​អ្នក​គាំទ្រ​នោះ? តើ​អ្នក​គាំទ្រ​ព្រះ​យេហូវ៉ា​និង​អធិបតេយ្យ​របស់​ទ្រង់ ឬ​ក៏​ប្រព័ន្ធ​ខាង​នយោបាយ​ដែល​ឥត​គោរព​ព្រះ ដែល​បាន​ត្រូវ​តំណាង​ដោយ​សត្វ​សាហាវ​នោះ​ទេ? អស់​អ្នក​ដែល​ជៀស​វាង​ពី​ការ​ទទួល​សញ្ញា​សម្គាល់​របស់​សត្វ​សាហាវ ហើយ​អស់​អ្នក​ដែល​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ការ​ចុះ​ចូល​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា នឹង​មាន​សុភមង្គល​ជា​មិន​ខាន។

១៤, ១៥. តើ​សារ​អ្វី​ដែល​បាន​កាត់​សំដី​នឹង​ការ​ពិពណ៌នា​អំពី​អើម៉ាគេដូន នៅ​ក្នុង​សៀវភៅវិវរណៈ តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង?

១៤ ពួក​អ្នក​គ្រប់​គ្រង«នៅ​ផែនដី​ទាំង​មូល»គឺ​នៅ​លើ​ផ្លូវ​នៃ​ការ​ទង្គិច​គ្នា ឆ្ពោះ​ទៅ​ជំ​លោះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ស្តី​អំពី​រឿង​អធិបតេយ្យ។ ការ​ប្រកួត​ចុង​ក្រោយ​នឹង​នៅ​ឯ​អើម៉ាគេដូន ដែល​ជា«ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។ (វិវរណៈ ១៦:១៤, ១៦) ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ក៏​មាន​លេច​មក​នៅ​កណ្ដាល​នៃ​ការ​ពិពណ៌នា​នេះ ស្តី​អំពី​ការ​ប្រមូល​ពួក​គ្រប់​គ្រង​នៅ​លើ​ផែនដី​មក​ក្នុង​ចំបាំង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​កាត់​សំដី​ក្នុង​ចក្ខុនិមិត្ត​នេះ ដោយ​មាន​បន្ទូល​ថា៖ «(មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្ដិ៍​ខ្មាស​ខ្លួន​ឡើយ)»។ (វិវរណៈ ១៦:១៥) នេះ​ប្រហែល​ជា​សំដៅ​ទៅ​ពួក​លេវី​ដ៏​ជា​អ្នក​យាម​ព្រះ​វិហារ ដែល​បាន​ត្រូវ​សម្រាត និង​បាន​ត្រូវ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ជា​សាធារណៈ ប្រសិន​បើ​ពួក​គេ​ដេក​លក់​កាល​កំពុង​តែ​ចាំ​យាម​នោះ។

១៥ សារ​នេះ​គឺ​ច្បាស់​លាស់​ណាស់៖ ប្រសិន​បើ​យើង​ចង់​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន យើង​ត្រូវ​តែ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ ហើយ​ពាក់​សំលៀក​បំពាក់​ដ៏​ជា​និមិត្តរូប​នេះ ដែល​សម្គាល់​ថា​យើង​ជា​ពួក​ស្មរបន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ យើង​នឹង​មាន​សុភមង្គល​មែន ប្រសិន​បើ​យើង​ជៀស​វាង​ពី​ភាព​រហិត​រហៃ​ខាង​វិញ្ញាណ ហើយ​និង​បន្ត​ចូល​រួម​ប្រកាស​ដោយ​ឥត​ឈប់​ឈរ នូវ«ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ស្ថាបនា​នោះ។—វិវរណៈ ១៤:៦

‹មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​កាន់​តាម​ពាក្យ​ទាំង​នេះ›

១៦. ហេតុ​អ្វី​ក៏ជំពូកចុង​ក្រោយ​ទាំង​ប៉ុន្មាន​នៃ​សៀវភៅវិវរណៈ ជា​មូលហេតុ​ដ៏​ពិសេស​ចំពោះ​សុភមង្គល?

១៦ ពួក​អ្នក​អាន​យ៉ាង​សប្បាយ​នៃ​សៀវភៅវិវរណៈ អាច​ចាប់​អារម្មណ៍​ដោយ​អំណរ កាល​ដែល​ពួក​គេ​អានជំពូកចុង​ក្រោយ​ទាំង​ប៉ុន្មាន ដែល​ពិពណ៌នា​អំពី​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​របស់​យើង ស្តី​អំពី​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី នោះ​គឺ​រាជរដ្ឋាភិបាល​ដ៏​សុចរិត​នៅ​ស្ថាន​សួគ៌ ដែល​នឹង​គ្រប់​គ្រង​ទៅ​លើ​សង្គម​ថ្មី​នៃ​មនុស្ស​លោក​ដែល​បាន​ត្រូវ​សំអាត ដែល​ជា​ការ​សរសើរ​ដល់«ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។ (វិវរណៈ ២១:២២) កាល​ដែល​ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ​ដែល​មាន​ជា​លំដាប់ បាន​មក​ដល់​ទី​បញ្ចប់ នោះ​អ្នក​នាំ​សារ ដែល​ជា​ទេវតា​មួយ​អង្គ​នេះ ក៏​មាន​បន្ទូល​ទៅយ៉ូហានថា៖ «ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្ដិច​ទៀត​ត្រូវ​កើត​មក មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ»។—វិវរណៈ ២២:៦, ៧

១៧. (ក) តើ​វិវរណៈ ២២:៦ ផ្ដល់​នូវ​ការ​ធានា​រ៉ាប់​រង​យ៉ាង​ណា? (ខ) តើ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ដើម្បី​ជៀស​វាង​អ្វី?

១៧ ពួក​អ្នក​អាន​ដ៏​សប្បាយ​នៃ​សៀវភៅវិវរណៈ នឹង​ចាំ​ថា​ពាក្យ​ស្រដៀង​នេះ គឺ​មាន​នៅ​ដើម​ដំបូង​នៃ«គម្ពីរ»នេះ។ (វិវរណៈ ១:១, ៣) ពាក្យ​ទាំង​នេះ​ធានា​រ៉ាប់​រង​យើង​ថា «អស់​ទាំង​ការ»ដែល​បាន​ទាយ​នៅ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​ចុង​ក្រោយ​នេះ នឹង«បន្ដិច​ទៀត​ត្រូវ​កើត​មាន​មក»។ យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​បញ្ចប់ ហើយ​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​ដែល​បាន​ទាយ​នៅ​ក្នុង​សៀវភៅវិវរណៈ នោះ​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​កើត​ឡើង​ជាប់​ៗ​គ្នា​យ៉ាង​រហ័ស។ ដូច្នេះ​ហើយ បើ​សិន​ជា​ប្រព័ន្ធ​របស់​សាតាំង​ហាក់​ដូច​ជា​មាន​ស្ថេរ​ភាព​យ៉ាង​ណា នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ដេក​ខាង​វិញ្ញាណ​នោះ​ឡើយ។ អ្នក​អាន​ដែល​ប្រុង​ប្រយ័ត្ន​នឹង​ចាំ​អំពី​ការ​ព្រមាន ដែល​បាន​ផ្ដល់​មក​ក្នុង​សារ ដែល​បញ្ជូន​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ​នៅ​ទ្វីប​អាស៊ី ហើយ​និង​ជៀស​វាង​ពី​អន្ទាក់​ទាំង​ឡាយ ដូច​ជា​វត្ថុ​និយម ការ​ថ្វាយ​បង្គំ​រូប​ព្រះ អំពើ​ឥត​សីលធម៌ ភាព​មិន​ក្ដៅ​ឬ​ត្រជាក់ និង​និកាយ​និយម​ដែល​ក្បត់​ជំនឿ។

១៨, ១៩. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​នឹង​ត្រូវ​តែ​យាង​មក ហើយ​តើ​យើង​ចូល​រួម​នឹង​សេចក្ដី​សង្ឃឹម​អ្វី ដែល​បាន​ពោល​ឡើង​ដោយ​លោកយ៉ូហាននោះ? (ខ) តើ​ចំពោះ​គោល​បំណង​អ្វី ដែល​ព្រះ​យេហូវ៉ា​នឹង‹យាង​មក›នៅ​ឡើយ?

១៨ នៅ​ក្នុង​សៀវភៅវិវរណៈ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រកាស​ប៉ុន្មាន​ដង​ថា៖ «អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់»។ (វិវរណៈ ២:១៦; ៣:១១; ២២:៧, ២០​ក) ទ្រង់​ត្រូវ​តែ​យាង​មក​ដើម្បី​ប្រហារ​សេចក្ដី​ជំនុំ​ជំរះ​លើ​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ប្រព័ន្ធ​ខាង​នយោបាយ​របស់​សាតាំង និង​លើ​អស់​អ្នក​ដែល​បដិសេធ​មិន​ព្រម​ចុះ​ចូល​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ដែល​ឥឡូវ​នេះ​បាន​ត្រូវ​សម្ដែង​មក​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​នោះ។ យើង​ចូល​រួម​សម្លេង​របស់​យើង​ជា​មួយ​នឹង​សាវ័កយ៉ូហាន ដែល​បាន​បន្លឺ​សម្លេង​ថា៖ «អាម៉ែន! ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក»។—វិវរណៈ ២២:២០​ខ

១៩ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​មាន​បន្ទូល​ថា៖ «មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ»។ (វិវរណៈ ២២:១២) កាល​ដែល​រង់​ចាំ​នូវ​រង្វាន់​ដ៏​រុង​រឿង​ស្តី​អំពី​ជីវិត​ដ៏​មិន​ចេះ​ចប់ មិន​ថា​មាន​ចំណែក​ក្នុង«ផ្ទៃ​មេឃ​ថ្មី»ឬ​នៅ​ក្នុង«ផែនដី​ថ្មី»ដែល​បាន​សន្យា​មក នោះ​សូម​ឲ្យ​យើង​ចូល​រួម​ដោយ​ខ្នះ​ខ្នែង ក្នុង​ការ​ផ្ដល់​នូវ​សេចក្ដី​អញ្ជើញ​នេះ ដល់​មនុស្ស​ទាំង​អស់​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ គឺ​ថា៖ «‹អញ្ជើញ​មក!› . . . អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ»។ (វិវរណៈ ២២:១៧) សូម​ឲ្យ​ពួក​គេ​ក៏​ក្លាយ​ទៅ​ជា​ពួក​អ្នក​អាន​ដ៏​សប្បាយ​នៃ​សៀវភៅវិវរណៈដែរ ដែល​បាន​ត្រូវ​បណ្ដាល​មក​ដោយ​ព្រះ ហើយ​ដែល​នឹង​ជំរុញ​ទឹក​ចិត្ត​ផង​នោះ។

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ វិវរណៈ—ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! ទំព័រ ២៨​-​២៩, ១៣៦ កំណត់​ចំណាំ។ (ភាសា​អង់គ្លេស)

ចំណុច​សំរាប់​ពិនិត្យ​មើល​សា​ឡើង​វិញ

◻ តើ​ព្រះ​យេហូវ៉ា​ប្រើ​ខ្សែ​រយៈ​អ្វី ដើម្បី​ប្រគល់​នូវ​សៀវភៅវិវរណៈ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​នេះ?

◻ ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចិត្ត​សប្បាយ​នឹង​អាន​សារ​ដំណឹង ដែល​បាន​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ​នៅ​ទ្វីប​អាស៊ី​នោះ?

◻ តើ​យើង​អាច​រក្សា​ខ្លួន​ឲ្យ​បាន​រួច​ពី​កំឡុង«វេលា​ល្បង​ល»យ៉ាង​ដូច​ម្ដេច?

◻ តើ​យើង​នឹង​មាន​សុភមង្គល​យ៉ាង​ណា បើ​យើង​កាន់​តាម​ពាក្យ​ដែល​មាន​ក្នុង​សៀវភៅវិវរណៈ?

[រូប​ភាព​នៅ​ទំព័រ​១៥]

មាន​សុភមង្គល​ហើយ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ប្រភព​នៃ​ដំណឹង​ល្អ​នេះ

[រូប​ភាព​នៅ​ទំព័រ​១៨]

មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​នៅ​ភ្ញាក់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក