ចូរត្រាប់តាមព្រះយេហូវ៉ាក្នុងការអប់រំកូនរបស់ខ្លួន
«មាតាបិតាទាំងឡាយកែតម្រង់កូនរបស់ខ្លួន មែនទេ?»។—ហេព្រើរ ១២:៧, ព្រះគម្ពីរភាសាអង់គ្លេសទាន់សម័យ
១, ២. ហេតុអ្វីបានជាមាតាបិតាមានបញ្ហាស្មុគស្មាញច្រើនម្ល៉េះក្នុងការចិញ្ចឹមអប់រំកូនរបស់ខ្លួនសព្វថ្ងៃនេះ?
ការស្ទង់មតិមួយនៅប្រទេសជប៉ុនពីរបីឆ្នាំកន្លងទៅនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រមាណពាក់កណ្ដាលនៃមនុស្សពេញវ័យដែលត្រូវសម្ភាសន៍នោះ គិតថាការនិយាយទាក់ទងគ្នារវាងមាតាបិតានិងកូនរបស់ខ្លួនគឺតិចពេក ហើយក៏គិតថាមាតាបិតាបណ្ដោយកូនរបស់ខ្លួនហួសហេតុពេក។ យោងទៅតាមការស្ទង់មតិមួយទៀតនៅប្រទេសដដែលនោះ ជិតមួយភាគបួននៃចំនួនមនុស្សដែលបានត្រូវសម្ភាសន៍នោះ ក៏បានសារភាពថា គេមិនចេះនិយាយទាក់ទងនឹងកូនទេ។ និន្នាការបែបនេះមិនមានតែនៅទ្វីបអាស៊ីប៉ុណ្ណោះទេ។ កាសែតតូរ៉ុនតូ ស្ដារ (The Toronto Star) បានរាយការណ៍ថា៖ «មាតាបិតាជនជាតិកាណាដាជាច្រើននាក់បានសារភាពថា ពួកគាត់មិនច្បាស់ថាតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីធ្វើជាមាតាបិតាដ៏ល្អទេ»។ នៅគ្រប់កន្លែង មាតាបិតាកំពុងតែជួបប្រទះការពិបាកក្នុងការចិញ្ចឹមអប់រំកូនរបស់ខ្លួន។
២ ហេតុអ្វីបានជាមាតាបិតាមានបញ្ហាស្មុគស្មាញច្រើនម្ល៉េះក្នុងការចិញ្ចឹមអប់រំកូនរបស់ខ្លួន? ហេតុចំបងមួយគឺថា យើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់» និងឥឡូវនេះ«មានគ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ម្យ៉ាងទៀត ព្រះគម្ពីរចែងថា៖ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។ (លោកុប្បត្តិ ៨:២១) បន្ថែមទៅទៀត ជាពិសេសយុវជន ពិបាកនឹងទប់ទល់ការព្យាបាទពីសាតាំង ដែល«គ្រហឹមដូចជាសិង្ហ»និងរកត្របាក់ស៊ីអ្នកដែលគ្មានបទពិសោធន៍។ (ពេត្រុសទី១ ៥:៨) មាតាបិតាគ្រីស្ទាន ពិតជាប្រឈមនឹងឧបសគ្គជាច្រើនពេលពួកគាត់ខិតខំចិញ្ចឹមអប់រំកូនរបស់ខ្លួនដោយ‹ដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះយេហូវ៉ា›។ (អេភេសូរ ៦:៤) តើតាមវិធីណាដែលមាតាបិតាអាចជួយកូនរបស់ខ្លួនធំឡើងទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដោយភាពចាស់ទុំ និងចេះវិនិច្ឆ័យ«ដឹងខុសត្រូវ»បាន?—ហេព្រើរ ៥:១៤
៣. ហេតុដូចម្ដេចបានជាមាតាបិតាចាំបាច់បង្ហាត់បង្រៀននិងណែនាំកូនរបស់ខ្លួន ដើម្បីចិញ្ចឹមអប់រំគេដោយជោគជ័យនោះ?
៣ ស្តេចសាឡូម៉ូនដែលប្រកបទៅដោយប្រាជ្ញា បានសង្កេតឃើញថា៖ «សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង»។ (សុភាសិត ១៣:១; ២២:១៥) ក្មេងៗត្រូវការនូវការកែតម្រង់ដោយសេចក្ដីស្រឡាញ់ពីមាតាបិតារបស់ខ្លួន ដើម្បីបំបាត់ចោលសេចក្ដីចំកួតពីចិត្ត។ ក៏ប៉ុន្តែ យុវជនមិនតែងតែសប្បាយចិត្តទទួលនូវការកែតម្រង់បែបនោះឡើយ។ តាមពិត គេច្រើនតែតូចចិត្តនឹងឱវាទ មិនថាអ្នកណាជូនឱវាទនោះក៏ដោយ។ ហេតុនេះហើយ មាតាបិតាត្រូវរៀន«បង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត»។ (សុភាសិត ២២:៦) ពេលបុត្រធីតាកាន់ខ្ជាប់តាមដំបូន្មាននេះ គេនឹងអាចទទួលជីវិតបាន។ (សុភាសិត ៤:១៣) គឺជាការសំខាន់ណាស់ហ្ន៎! ដែលមាតាបិតាយល់ដឹងអំពីរបៀបបង្ហាត់បង្រៀនកូនរបស់ខ្លួននោះ។
ការប្រៀនប្រដៅ តើនោះមានន័យអ្វី?
៤. តើពាក្យ«ប្រៀនប្រដៅ»ច្រើនតែមានន័យអ្វីក្នុងព្រះគម្ពីរ?
៤ មាតាបិតាខ្លះមិនកែតម្រង់កូនរបស់ខ្លួន ដោយសារពួកគាត់ភ័យខ្លាចថា គាត់នឹងត្រូវគេចោទប្រកាន់ថា គាត់ជាអ្នកគំរាមកំហែងទៅលើរាងកាយ ផ្លូវចិត្តរបស់កូន ឬក៏នឹងត្រូវចាត់ទុកជាអ្នកធ្វើបាបកូនដោយពាក្យសំដី។ យើងមិនចាំបាច់ភ័យខ្លាចដូច្នោះទេ។ ពាក្យដែលថា«ប្រៀនប្រដៅ»ដូចជាព្រះគម្ពីរប្រើនោះ មិនទាក់ទងនឹងការគំរាមកំហែង ឬភាពឃោរឃៅណាសោះ។ ពាក្យភាសាក្រិកដែលមានន័យថា«ប្រៀនប្រដៅ»ច្រើនតែសំដៅទៅលើការណែនាំ ការអប់រំ ការកែតម្រង់ និងជួនកាលការដាក់ទោសដ៏ម៉ឺងម៉ាត់តែប្រកបទៅដោយសេចក្ដីស្រឡាញ់។
៥. ហេតុអ្វីបានជាការពិចារណានូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះរាស្ត្រទ្រង់ គឺមានប្រយោជន៍?
៥ ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អឥតខ្ចោះខាងការប្រៀនប្រដៅ។ សាវ័កប៉ុលបានប្រៀបធៀបព្រះយេហូវ៉ាទៅនឹងបិតាដែលជាមនុស្សជាតិម្នាក់ដោយសរសេរថា៖ «មាតាបិតាទាំងឡាយកែតម្រង់កូនរបស់ខ្លួន មែនទេ? . . . បិតាដែលជាមនុស្សជាតិរបស់យើងកែតម្រង់យើងមួយរយៈខ្លី ហើយបិតាធ្វើដូច្នេះតាមតែចិត្តគាត់គិតថាល្អបំផុត។ តែព្រះវិញ ទ្រង់កែតម្រង់យើងដើម្បីឲ្យយើងទទួលប្រយោជន៍ ពីព្រោះទ្រង់មានព្រះទ័យឲ្យយើងទៅជាបរិសុទ្ធ»។ (ហេព្រើរ ១២:៧-១០, ព្រះគម្ពីរភាសាអង់គ្លេសទាន់សម័យ) ព្រះយេហូវ៉ាពិតជាប្រៀនប្រដៅរាស្ត្ររបស់ទ្រង់ដើម្បីឲ្យគេទៅជាបរិសុទ្ធឬក៏ឥតសៅហ្មង។ យើងប្រាកដជាអាចរៀនជាច្រើនអំពីការប្រៀនប្រដៅកូន ដោយពិចារណានូវរបៀបព្រះយេហូវ៉ាបានបង្ហាត់បង្រៀនរាស្ត្ររបស់ទ្រង់។—ចោទិយកថា ៣២:៤; ម៉ាថាយ ៧:១១; អេភេសូរ ៥:១
សេចក្ដីស្រឡាញ់គឺជាឥទ្ធិពលដែលជំរុញចិត្ត
៦. ហេតុអ្វីបានជាមាតាបិតាប្រហែលជាជួបប្រទះការពិបាក ក្នុងការយកតម្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
៦ សាវ័កយ៉ូហានបាននិយាយថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ ម្ល៉ោះហើយ ព្រះយេហូវ៉ាតែងតែបង្ហាត់បង្រៀន ដោយសារទ្រង់ត្រូវជំរុញដោយសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨; សុភាសិត ៣:១១, ១២) តើនេះមានន័យថា មាតាបិតាដែលធម្មតាមានទំនោរចិត្តស្រឡាញ់បុត្រធីតារបស់ខ្លួន នឹងអាចត្រាប់តាមព្រះយេហូវ៉ាបានយ៉ាងងាយស្រួលក្នុងរឿងនេះទេ? មិនតែងតែដូច្នេះទេ!។ សេចក្ដីស្រឡាញ់របស់ព្រះមានមូលដ្ឋានទៅលើគោលការណ៍។ បណ្ឌិតម្នាក់ខាងភាសាក្រិកលើកបញ្ជាក់ថា សេចក្ដីស្រឡាញ់បែបនេះ«មិនតែងតែសមស្របទៅតាមទំនោរចិត្តធម្មតានោះឡើយ»។ ព្រះទ័យព្រះមិនត្រូវជំរុញដោយមនោសញ្ចេតនាទេ។ ទ្រង់រមែងតែពិចារណាជានិច្ចនូវអ្វីដែលមានប្រយោជន៍ល្អបំផុតចំពោះរាស្ត្រទ្រង់វិញ។—អេសាយ ៣០:២០; ៤៨:១៧
៧, ៨. (ក) តើព្រះយេហូវ៉ាតាំងគំរូអ្វីពីសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានទៅលើគោលការណ៍ ក្នុងការទាក់ទងរាស្ត្ររបស់ទ្រង់នោះ? (ខ) តើមាតាបិតាអាចត្រាប់តាមព្រះយេហូវ៉ាយ៉ាងណា ស្តីពីការជួយកូនរបស់គេបណ្ដុះបណ្ដាលឲ្យមានសមត្ថភាពអនុវត្តតាមគោលការណ៍ព្រះគម្ពីរ?
៧ ចូរពិចារណានូវសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាសម្ដែង ពេលទ្រង់ទាក់ទងសាសន៍អ៊ីស្រាអែល។ លោកម៉ូសេបានប្រើការប្រៀបប្រដូចមួយដ៏ពីរោះស្ដាប់ ដើម្បីពណ៌នាពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះរាស្ត្រថ្មោងថ្មីរបស់ទ្រង់។ យើងអានថា៖ «ដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំ[យ៉ាកុប]»។ (ចោទិយកថា ៣២:៩, ១១, ១២) មេឥន្ទ្រីបង្រៀនកូនរបស់វាឲ្យចេះហោះហើរ ដោយមុនដំបូង‹ដាស់តឿនកូននៅសំបុក› គឺវារលាស់ទទះស្លាបដើម្បីជំរុញឲ្យកូនវាហើរទៅ។ ពេលកូនឥន្ទ្រីមួយលោតចេញពីសំបុកដែលធម្មតានៅលើផ្ទាំងថ្មខ្ពស់ចោតមួយ នោះមេឥន្ទ្រី«ហើរសំរឹងពីលើ»កូនរបស់វា។ បើសិនជាវាឃើញថាកូនវាប្រហែលជានឹងធ្លាក់ដល់ដី នោះមេឥន្ទ្រីហើរទៅក្រោមកូនវាដោយ«ទ្រនៅលើចំអេងឡើង»។ ព្រះយេហូវ៉ាបានថែរក្សាដោយសេចក្ដីស្រឡាញ់នូវសាសន៍អ៊ីស្រាអែលដ៏ថ្មីនោះតាមវិធីស្រដៀងគ្នាដែរ។ ទ្រង់បានប្រទានក្រិត្យវិន័យម៉ូសេចំពោះពួកគេ។ (ទំនុកដំកើង ៧៨:៥-៧) ក្រោយនោះ ព្រះក៏ការពាររាស្ត្រទ្រង់យ៉ាងហ្មត់ចត់ ទាំងប្រុងប្រៀបសង្គ្រោះគេពេលដែលគេជួបប្រទះការពិបាក។
៨ តើមាតាបិតាគ្រីស្ទានអាចត្រងត្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ទីមួយ ពួកគាត់ត្រូវបង្រៀនកូនរបស់ខ្លួននូវគោលការណ៍និងខ្នាតតម្រាក្នុងព្រះបន្ទូលរបស់ព្រះ។ (ចោទិយកថា ៦:៤-៩) នេះគឺដោយមានគោលបំណងជួយកូនរៀនធ្វើការសម្រេចចិត្តសមស្របទៅតាមគោលការណ៍ព្រះគម្ពីរ។ ដោយធ្វើយ៉ាងនេះ មាតាបិតាដែលមានសេចក្ដីស្រឡាញ់គឺប្រៀបដូចជាហើរសំរឹងពីលើកូនរបស់ខ្លួន ដោយមើលរបៀបកូនអនុវត្តតាមគោលការណ៍ដែលគេបានរៀននោះ។ ក្នុងកំឡុងដែលកូនកំពុងតែធំឡើងនិងទទួលសេរីភាពជាបណ្ដើរៗ នោះមាតាបិតាដែលស្រឡាញ់កូន ប្រុងប្រៀប«ហើរហក់ចុះ»និង‹ទ្រកូននៅលើចំអេងឡើង›ពេលដែលគេជិតមានគ្រោះថ្នាក់។ តើអាចមានគ្រោះថ្នាក់បែបណាទៅ?
៩. តើមាតាបិតាដែលស្រឡាញ់កូនត្រូវប្រុងប្រយ័ត្ននឹងបញ្ហាអ្វីជាពិសេសនោះ? សូមជូនឧទាហរណ៍។
៩ ព្រះយេហូវ៉ាបានព្រមានអ៊ីស្រាអែលអំពីផលវិបាកដែលមកពីការសេពគប់មិនល្អ។ (ជនគណនា ២៥:១-១៨; អែសរ៉ា ១០:១០-១៤) ការសេពគប់មិនល្អក៏ជាគ្រោះថ្នាក់ដ៏ធម្មតាមួយនៅសព្វថ្ងៃនេះផងដែរ។ (កូរិនថូសទី១ ១៥:៣៣) គឺគួរគប្បីដែលមាតាបិតាគ្រីស្ទានធ្វើតាមគំរូរបស់ព្រះយេហូវ៉ាក្នុងរឿងនេះ។ យុវតីម្នាក់ឈ្មោះលីសា អាយុ១៥ឆ្នាំ បានចាប់ចិត្តនឹងប្រុសម្នាក់ដែលមិនកាន់តាមគោលការណ៍ខាងសីលធម៌និងខាងវិញ្ញាណដូចជាគ្រួសារនាងលីសាឡើយ។ លីសាប្រាប់ថា៖ «ប៉ាម៉ាក់ខ្ញុំបានកត់សម្គាល់ភ្លាមៗថា ចិត្តគំនិតរបស់ខ្ញុំបានផ្លាស់ប្ដូរ និងពួកគាត់ចាប់ផ្ដើមបង្ហាញការយកចិត្តទុកដាក់។ ជួនកាលគាត់ប្រដៅខ្ញុំ និងជួនកាលគាត់លើកទឹកចិត្តខ្ញុំយ៉ាងសប្បុរស»។ ពួកគាត់បានអង្គុយស្ដាប់លីសាដោយចិត្តអត់ធ្មត់ ហើយតាមវិធីនេះបានជួយនាងស៊ូទ្រាំនឹងអ្វីដែលពួកគាត់បានយល់ឃើញថា ជាដើមហេតុនៃបញ្ហានោះគឺជាសេចក្ដីប៉ងប្រាថ្នាឲ្យពួកអ្នកស្រករៗនាងពេញចិត្តនឹងនាង។a
ចូររក្សាឲ្យមានការនិយាយទាក់ទងគ្នាយ៉ាងល្អ
១០. តើព្រះយេហូវ៉ាបានទុកគំរូល្អអ្វី ក្នុងការទាក់ទងសាសន៍អ៊ីស្រាអែល?
១០ ដើម្បីជោគជ័យក្នុងការបង្ហាត់បង្រៀនកូនរបស់ខ្លួន មាតាបិតាត្រូវខំប្រឹងរក្សាឲ្យមានការនិយាយទាក់ទងគ្នាយ៉ាងល្អជាមួយកូនរបស់ខ្លួន។ ទោះជាព្រះយេហូវ៉ាជ្រាបដឹងអំពីអ្វីៗទាំងអស់នៅក្នុងចិត្តរបស់យើងយ៉ាងណាក្ដី តែទ្រង់នៅតែលើកទឹកចិត្តយើងឲ្យទូលទៅរកទ្រង់។ (របាក្សត្រទី១ ២៨:៩) ក្រោយពីព្រះយេហូវ៉ាប្រទានក្រិត្យវិន័យចំពោះអ៊ីស្រាអែល នោះទ្រង់បានកំណត់ឲ្យពួកលេវីបង្ហាត់បង្រៀនគេ និងក៏បានចាត់ឲ្យពួកព្យាការីរបស់ទ្រង់ឲ្យទៅពន្យល់វែកញែកនិងកែតម្រង់គេទៀតផង។ ព្រះយេហូវ៉ាក៏បានបង្ហាញថា ទ្រង់សុខព្រះទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ។—របាក្សត្រទី២ ១៧:៧-៩; ទំនុកដំកើង ៦៥:២; អេសាយ ១:១-៣, ១៨-២០; យេរេមា ២៥:៤; កាឡាទី ៣:២២-២៤
១១. (ក) តើមាតាបិតាអាចបង្កើតឲ្យមានការនិយាយទាក់ទងគ្នាយ៉ាងល្អជាមួយកូនរបស់ខ្លួនយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាសំខាន់ដែលមាតាបិតាជាអ្នកដែលយកចិត្តទុកដាក់ស្ដាប់កូនយ៉ាងល្អ ពេលគាត់និយាយទាក់ទងនឹងកូនរបស់ខ្លួន?
១១ តើមាតាបិតាអាចធ្វើតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច ពេលពួកគាត់និយាយទាក់ទងកូនរបស់ខ្លួន? មុនបង្អស់និងសំខាន់បំផុតនោះ មាតាបិតាត្រូវឆ្លៀតពេលសំរាប់កូន។ មាតាបិតាក៏ត្រូវជៀសវាងពាក្យមិនសមគួរដែលចំអកបញ្ឈឺចិត្តដូចជា«ឯងចង់ប្រាប់តែប៉ុនហ្នឹងទេអ្ហេ? អញស្មានតែជារឿងសំខាន់» «រឿងតូចតាចហ្នឹងសោះ!» «ឯងនៅតែក្មេង វាត្រូវតែអ៊ីចឹង!»។ (សុភាសិត ១២:១៨) ដើម្បីលើកទឹកចិត្តកូនឲ្យរាប់រៀបប្រាប់ពីអ្វីក្នុងចិត្តរបស់គេ នោះមាតាបិតាដែលមានប្រាជ្ញាខិតខំធ្វើជាអ្នកដែលស្ដាប់ដោយយកចិត្តទុកដាក់។ មាតាបិតាដែលមិនអើពើនឹងកូនរបស់ខ្លួនពេលកូននោះនៅតូចនៅឡើយ ប្រហែលជានឹងឃើញថាពេលកូននោះធំឡើង គេនឹងមិនអើពើនឹងគាត់វិញ។ ព្រះយេហូវ៉ាតែងតែសុខព្រះទ័យសណ្ដាប់រាស្ត្ររបស់ទ្រង់។ ទ្រង់តែងតែផ្ទៀងព្រះកាណ៌ទ្រង់ជានិច្ចដើម្បីសណ្ដាប់អ្នកដែលទូលរកទ្រង់ដោយចិត្តរាបទាបតាមរយៈសេចក្ដីអធិស្ឋាន។—ទំនុកដំកើង ៩១:១៥; យេរេមា ២៩:១២; លូកា ១១:៩-១៣
១២. តើមាតាបិតាអាចសម្ដែងគុណសម្បត្ដិអ្វីខ្លះ ដែលអាចធ្វើឲ្យកូនស្រួលជាងក្នុងការនិយាយទាក់ទងនឹងគាត់?
១២ សូមពិចារណានូវរបៀបដែលផ្នែកផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ជាហេតុដែលធ្វើឲ្យមនុស្សងាយស្រួលទូលទាក់ទងទ្រង់ដោយចិត្តសេរី។ ជាក់ស្តែងដូចជា ស្តេចដាវីឌបានប្រព្រឹត្តអំពើបាបធ្ងន់ដោយផិតជាមួយនាងបាតសេបា។ ដោយសារដាវីឌជាមនុស្សមិនគ្រប់ល័ក្ខណ៍នោះ ទ្រង់ក៏បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរឯទៀតក្នុងជីវិតរបស់ទ្រង់។ ក៏ប៉ុន្តែ ដាវីឌមិនដែលខានទូលព្រះយេហូវ៉ានឹងសូមការលើកលែងទោសនិងការប្រដៅតម្រង់ពីទ្រង់ឡើយ។ សេចក្ដីសប្បុរសដ៏ស្មោះនិងសេចក្ដីមេត្ដាករុណារបស់ព្រះប្រាកដជាហេតុដែលដាវីឌអាចវិលត្រឡប់មករកព្រះយេហូវ៉ាយ៉ាងងាយស្រួលជាងវិញ។ (ទំនុកដំកើង ១០៣:៨) ដោយបង្ហាញគុណសម្បត្ដិដូចព្រះ ដូចជាការអាណិតអាសូរនិងសេចក្ដីមេត្ដាករុណា មាតាបិតាអាចជួយរក្សាឲ្យមានការនិយាយទាក់ទងគ្នាយ៉ាងល្អ សូម្បីតែពេលកូនធ្វើខុសក្ដី។—ទំនុកដំកើង ១០៣:១៣; ម៉ាឡាគី ៣:១៧
ចូរបង្ហាញភាពសមហេតុផល
១៣. តើភាពសមហេតុសមផលរួមបញ្ចូលអ្វីខ្លះ?
១៣ ពេលមាតាបិតាស្ដាប់កូន នោះគាត់ត្រូវបង្ហាញភាពសមហេតុសមផលនិងសម្ដែងនូវ«ប្រាជ្ញាដែលមកពីស្ថានលើ»។ (យ៉ាកុប ៣:១៧) សាវ័កប៉ុលបានសរសេរថា៖ «ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់[ភាពសមហេតុសមផល]របស់អ្នករាល់គ្នាចុះ!»។ (ភីលីព ៤:៥) តើភាពសមហេតុសមផលមានន័យអ្វីទៅ? អត្ថន័យមួយនៃពាក្យភាសាក្រិកដែលត្រូវបកប្រែជា«សមហេតុសមផល» គឺមានន័យថា«មិនប្រកាន់ច្បាប់យ៉ាងតឹងរ៉ឹង»។ តើមាតាបិតាអាចបង្ហាញភាពសមហេតុសមផល ទាំងនៅដំណាលនោះដែលគាត់និយាយគាំទ្រយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ខាងសីលធម៌និងខាងវិញ្ញាណឬទេ?
១៤. តើព្រះយេហូវ៉ាបានបង្ហាញភាពសមហេតុសមផលយ៉ាងដូចម្ដេច ពេលទ្រង់ទាក់ទងនឹងលោកឡុត?
១៤ ព្រះយេហូវ៉ាគឺជាគំរូដ៏ប្រសើរស្តីពីការបង្ហាញភាពសមហេតុសមផល។ (ទំនុកដំកើង ១០:១៧) ពេលទ្រង់ដាស់តឿនឲ្យលោកឡុតនិងក្រុមគ្រួសាររបស់លោកឲ្យចាកចេញពីទីក្រុងសូដុំមដែលនឹងទទួលសេចក្ដីហិនវិនាស នោះឡុត«នៅបង្អែបង្អង់»។ លុះក្រោយមក ពេលទេវតារបស់ព្រះយេហូវ៉ាបានសុំឲ្យគាត់គេចទៅភ្នំ លោកឡុតបាននិយាយថា៖ «ខ្ញុំរត់ទៅឯភ្នំមិនបានទេ . . . មើលន៏! មានទីក្រុង១នុ៎ះ! ស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ»។ តើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងណា? ទ្រង់មានបន្ទូលថា៖ «មើល! អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ»។ (លោកុប្បត្តិ ១៩:១៦-២១, ៣០) ព្រះយេហូវ៉ាសុខព្រះទ័យតាមសំណូមពររបស់លោកឡុត។ មាតាបិតាពិតជាត្រូវកាន់ខ្ជាប់តាមគោលការណ៍របស់ព្រះយេហូវ៉ាក្នុងព្រះគម្ពីរជាបន្ទូលរបស់ទ្រង់។ ក៏ប៉ុន្តែ គាត់ប្រហែលជាអាចតាមសំណូមពររបស់កូន បើសំណូមពរនោះមិនប្រាសចាកពីគោលការណ៍ព្រះគម្ពីរទេ។
១៥, ១៦. តើមាតាបិតាអាចរៀនមេរៀនអ្វីពីការប្រៀបធៀបនៅអេសាយ ២៨:២៤, ២៥?
១៥ ភាពសមហេតុសមផលរួមបញ្ចូលការជួយឲ្យកូនមានចិត្តប្រុងប្រៀបនឹងទទួលឱវាទ។ អេសាយបានប្រៀបធៀបព្រះយេហូវ៉ាទៅនឹងអ្នកធ្វើចំការ ដោយនិយាយថា៖ «ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជួរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជាដរាបឬ? កាលណាគេបានពង្រាបដីហើយ នោះតើមិនព្រោះ[ជីខាម្មិនស] ហើយបាច[ជីខាម្មិនខ្មៅ] ព្រមទាំងរោយស្រូវភោជ្ជសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានដំរូវទុក នឹងស្រូវអេប៉ូតតាមក្បែរភ្លឺផងទេឬអី?»។—អេសាយ ២៨:២៤, ២៥
១៦ ព្រះយេហូវ៉ា«ភ្ជួររាស់ដើម្បីសាបព្រោះ»និង«បំបែកដី ហើយរាស់ស្រែរបស់ខ្លួន»។ គឺទ្រង់ជួយរាស្ត្រទ្រង់ឲ្យប្រុងប្រៀបចិត្តមុនដែលទ្រង់ប្រៀនប្រដៅគេ។ ពេលមាតាបិតាកែតម្រង់កូនរបស់ខ្លួន តើពួកគាត់អាច‹ភ្ជួររាស់›ចិត្តរបស់កូនខ្លួនយ៉ាងដូចម្ដេច? បិតាម្នាក់ត្រាប់តាមព្រះយេហូវ៉ាពេលគាត់កែតម្រង់កូនប្រុសអាយុបួនឆ្នាំរបស់គាត់។ ពេលកូនប្រុសរបស់គាត់វាយកូនប្រុសរបស់អ្នកជិតខាងនោះ បិតានេះស្ដាប់ដោយចិត្តអត់ធ្មត់នូវពាក្យដោះសារបស់កូនប្រុសគាត់ជាមុនសិន។ ក្រោយនោះ ដើម្បី‹ភ្ជួររាស់›ចិត្តរបស់កូនប្រុសគាត់ នោះបិតានេះរៀបរាប់រឿងមួយអំពីក្មេងប្រុសម្នាក់ដែលបានរងទុក្ខវេទនាដោយសារមនុស្សម្នាក់សម្លុតគេ។ ពេលកូនរបស់គាត់ឮរឿងនោះ កូនគិតថាអ្នកសម្លុតនោះគឺគួរនឹងទទួលទោស។ ការ‹ភ្ជួររាស់›បែបនេះបានរៀបចំចិត្តរបស់ក្មេងប្រុសនោះឲ្យទទួលស្គាល់យ៉ាងស្រួលជាងថា ការវាយកូនប្រុសរបស់អ្នកជិតខាងគឺជាការសម្លុតនិងជាអំពើដ៏ខុស។—សាំយូអែលទី២ ១២:១-១៤
១៧. តើអេសាយ ២៨:២៦-២៩ មានមេរៀនអ្វីស្តីពីការកែតម្រង់ដោយមាតាបិតា?
១៧ អេសាយក៏បានប្រៀបធៀបការកែតម្រង់ពីព្រះយេហូវ៉ាទៅនឹងបែបបទមួយទៀតនៃការធ្វើចំការ គឺជាការបោកបែនស្រូវ។ អ្នកធ្វើចំការប្រើឧបករណ៍ផ្សេងៗអាស្រ័យទៅលើភាពរឹងនៃសំបកស្រូវ។ ដំបងមួយត្រូវប្រើសំរាប់គ្រាប់ជីខាម្មិនខ្មៅនិងព្រនង់មួយសំរាប់គ្រាប់ជីខាម្មិនស តែសំរាប់គ្រាប់ដែលមានសំបករឹងជាង គេប្រើគាវឬក៏កង់រទេះមួយវិញ។ យ៉ាងណាក៏ដោយ គាត់មិនបោកបែនគ្រាប់រឹងទាល់តែខ្ទេចអស់រលីងនោះឡើយ។ ដូចគ្នាដែរ ពេលព្រះយេហូវ៉ាមានព្រះទ័យបំបាត់ចោលនូវអ្វីដ៏មិនសមគួរពីរាស្ត្ររបស់ទ្រង់ នោះព្រះយេហូវ៉ាសម្របវិធីរបស់ទ្រង់ទៅតាមសេចក្ដីត្រូវការនិងកាលៈទេសៈជាក់ស្តែង។ ទ្រង់មិនប្រើអំណាចទ្រង់តាមរបៀបហួសហេតុពេកនិងទ្រង់មិនដែលសង្កត់សង្កិនឡើយ។ (អេសាយ ២៨:២៦-២៩) កូនខ្លះត្រូវកែតម្រង់ដោយមាតាបិតាគ្រាន់តែក្រឡេកមើលមុខប៉ុណ្ណោះ ហើយគាត់មិនចាំបាច់ធ្វើអ្វីតទៅទៀតឡើយ។ កូនឯទៀតប្រហែលជាត្រូវរំឭកម្ដងហើយម្ដងទៀត តែកូនខ្លះទៀតប្រហែលជាត្រូវការនូវការបញ្ចុះបញ្ចូលដ៏ខ្លាំងជាង។ មាតាបិតាដែលប្រព្រឹត្តទៅដោយភាពសមហេតុសមផល នឹងកែតម្រង់កូននិមួយៗយោងទៅតាមសេចក្ដីត្រូវការរបស់កូនមួយនោះ។
ចូរធ្វើឲ្យការពិគ្រោះជាក្រុមគ្រួសារជាអ្វីដ៏សប្បាយ
១៨. តើតាមរបៀបណាដែលមាតាបិតាអាចឆ្លៀតពេលសំរាប់ការសិក្សាព្រះគម្ពីរជាទៀងទាត់នោះ?
១៨ វិធីល្អបំផុតដែលអ្នកអាចណែនាំកូនរបស់អ្នក គឺដោយសិក្សាព្រះគម្ពីរជាក្រុមគ្រួសារយ៉ាងទៀងទាត់និងពិគ្រោះអំពីបទគម្ពីរជារៀងរាល់ថ្ងៃ។ ការសិក្សាជាក្រុមគ្រួសារមានប្រសិទ្ធិភាពពេលការសិក្សានោះត្រូវធ្វើជាទៀងទាត់។ បើសិនជាការសិក្សាត្រូវធ្វើឡើងតែម្ដងម្កាល ឬក៏តាមតែនឹកឃើញនោះ ការសិក្សានឹងជាអ្វីដ៏មិនទៀង។ ហេតុនេះហើយ មាតាបិតាត្រូវ‹លៃយកពេល›សំរាប់ការសិក្សា។ (អេភេសូរ ៥:១៥-១៧) ការជ្រើសរើសពេលជាក់លាក់មួយនិងស្រួលសំរាប់សមាជិកនិមួយៗអាចជាការពិបាកមែន។ មេគ្រួសារមួយឃើញថា ក្នុងកំឡុងដែលកូនគាត់ធំឡើង កាលវិភាគរបស់គេតែងតែផ្លាស់ប្ដូរជានិច្ច ហើយនេះធ្វើឲ្យការរៀបចំឲ្យក្រុមគ្រួសារជួបជុំគ្នាជាអ្វីដ៏ពិបាកជាង។ ក៏ប៉ុន្តែ ក្រុមគ្រួសារនោះតែងតែនៅជាមួយគ្នាពេលយប់នៅថ្ងៃដែលមានកិច្ចប្រជុំក្រុមជំនុំ។ ដូច្នេះហើយ បិតាគាត់រៀបចំឲ្យមានការសិក្សាជាក្រុមគ្រួសារនៅយប់មួយនោះឯង។ ការរៀបចំនោះបានមានប្រសិទ្ធិភាពមែន។ ឥឡូវ កូនទាំងបីនាក់នោះបានទទួលបុណ្យជ្រមុជទឹកជាអ្នកបំរើព្រះយេហូវ៉ា។
១៩. តើយ៉ាងដូចម្ដេចដែលមាតាបិតាអាចធ្វើតម្រាប់តាមព្រះយេហូវ៉ាក្នុងការដឹកនាំការសិក្សា?
១៩ ក៏ប៉ុន្តែ ការមើលពត៌មានខ្លះៗពីព្រះគម្ពីរក្នុងកំឡុងពេលសិក្សាគឺមិនគ្រប់គ្រាន់ទេ។ ព្រះយេហូវ៉ាធ្លាប់បង្រៀនអ៊ីស្រាអែលដែលទ្រង់បាននាំមកវិញនោះ តាមរយៈពួកសង្ឃដែល«ស្រាយន័យសេចក្ដី»ក្នុងក្រិត្យវិន័យ ទាំង‹ពន្យល់បទដែលអានមើលនោះ›។ (នេហេមា ៨:៨) បិតាម្នាក់ដែលបានជោគជ័យក្នុងការជួយកូនទាំងប្រាំពីរនាក់របស់គាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ា តែងតែចូលក្នុងបន្ទប់ខ្លួនមុនការសិក្សាជាក្រុមគ្រួសារ ដើម្បីរៀបចំដោយសម្របពត៌មាននោះទៅតាមសេចក្ដីត្រូវការរបស់កូននិមួយៗ។ គាត់ធ្វើឲ្យការសិក្សានោះជាអ្វីដែលធ្វើឲ្យកូនរបស់គាត់សប្បាយចិត្ត។ កូនប្រុសមួយដែលឥឡូវធំហើយប្រាប់ថា៖ «ការសិក្សានោះតែងតែសប្បាយ។ បើសិនជាយើងកំពុងតែលេងបាល់ខាងក្រៅ និងគាត់ហៅឲ្យយើងចូលមកសិក្សាជាក្រុមគ្រួសារ យើងឈប់លេងភ្លាមនឹងរត់ចូលផ្ទះតែម្ដងដើម្បីសិក្សា។ រៀងរាល់សប្ដាហ៍ ថ្ងៃសិក្សានោះគឺជាថ្ងៃមួយដ៏សប្បាយបំផុត»។
២០. តើយើងត្រូវពិចារណានូវបញ្ហាអ្វីដែលអាចកើតមានឡើងក្នុងការចិញ្ចឹមអប់រំកូន?
២០ អ្នកតែងបទទំនុកដំកើងបានប្រកាសថា៖ «មើល! កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ»។ (ទំនុកដំកើង ១២៧:៣) ការបង្ហាត់បង្រៀនកូនរបស់យើងតម្រូវឲ្យយើងចំណាយពេលវេលាថែមទាំងខំព្យាយាមផងដែរ តែបើសិនជាយើងធ្វើអ៊ីចឹងតាមវិធីត្រឹមត្រូវ នោះកូនរបស់យើងអាចទទួលជីវិតជារៀងរហូតបាន។ នោះគឺជារង្វាន់ដ៏ប្រសើរណាស់ហ្ន៎! ដូច្នេះ ចូរឲ្យយើងខ្នះខ្នែងត្រាប់តាមគំរូរបស់ព្រះយេហូវ៉ាក្នុងការបង្ហាត់បង្រៀនកូនរបស់យើង។ ក៏ប៉ុន្តែ ទោះជាមាតាបិតាមានភារកិច្ច‹បង្រៀនកូនទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះយេហូវ៉ា›យ៉ាងណាក្ដី គ្មានអ្វីដែលធានាថាគាត់នឹងបានជោគជ័យក្នុងការនោះទេ។ (អេភេសូរ ៦:៤) សូម្បីតែពេលមានការយកចិត្តទុកដាក់ល្អបំផុតក៏ដោយ កូនមួយអាចតាំងចិត្តមិនស្ដាប់បង្គាប់នឹងឈប់បំរើព្រះយេហូវ៉ា។ ពេលនោះតើត្រូវធ្វើដូចម្ដេច? នោះជាសាច់រឿងនៃអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a បទពិសោធន៍ក្នុងអត្ថបទនេះនឹងអត្ថបទជាបន្ទាប់នោះ ប្រហែលជាមកពីប្រទេសដែលមានវប្បធម៌ខុសគ្នាពីប្រទេសរបស់លោកអ្នក។ ចូរខំស្វែងយល់ពីគោលការណ៍ដែលទាក់ទងនឹងរឿងទាំងនេះ និងអនុវត្តតាមក្នុងវប្បធម៌របស់ខ្លួនវិញ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើតាមរបៀបណាដែលមាតាបិតាអាចធ្វើតម្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដូចត្រូវពណ៌នានូវចោទិយកថា ៣២:១១, ១២?
• តើអ្នកបានរៀនអ្វីខ្លះពីរបៀបដែលព្រះយេហូវ៉ាបានមានបន្ទូលទាក់ទងនឹងអ៊ីស្រាអែលនោះ?
• តើការសណ្ដាប់របស់ព្រះយេហូវ៉ានូវសំណូមពររបស់លោកឡុត បង្រៀនយើងមេរៀនអ្វី?
• តើអ្នកបានរៀនមេរៀនអ្វីខ្លះស្តីអំពីការកែតម្រង់កូនពីអេសាយ ២៨:២៤-២៩?
[រូបភាពនៅទំព័រ៩]
លោកម៉ូសេបានប្រដូចរបៀប ព្រះយេហូវ៉ាបង្ហាត់បង្រៀនរាស្ត្ររបស់ទ្រង់ទៅនឹង របៀបសត្វឥន្ទ្រីហើរសំរឹងពីលើកូន
[រូបភាពនៅទំព័រ១០]
មាតាបិតាត្រូវឆ្លៀតពេល សំរាប់កូនរបស់ខ្លួន
[រូបភាពនៅទំព័រ១២]
«រៀងរាល់សប្ដាហ៍ ថ្ងៃសិក្សានោះគឺជាថ្ងៃមួយ ដ៏សប្បាយបំផុត»