ចូរបណ្ដុះឲ្យមានចិត្តត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា
«ឱព្រះអង្គអើយ! សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង»។—ទំនុកដំកើង ៥១:១០
១, ២. ហេតុអ្វីបានជាយើងត្រូវចាប់អារម្មណ៍ទៅលើចិត្តរបស់យើង?
គាត់ជាបុរសខ្ពស់សង្ហាម្នាក់។ ពេលព្យាការីសាំយូអែលឃើញបុរសនោះ លោកកោតស្ងើចដល់ម្ល៉េះបានជាគាត់សន្និដ្ឋានថា កូនច្បងនេះរបស់លោកអ៊ីសាយ គឺជាអ្នកដែលព្រះបានជ្រើសរើសឲ្យស្នងរាជ្យធ្វើជាស្តេចបន្ទាប់ពីសូល។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានបន្ទូលថា៖ «កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់[របស់កូនប្រុសម្នាក់]នោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ . . . មនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ ព្រះយេហូវ៉ាបានជ្រើសរើសកូនពៅរបស់អ៊ីសាយ ឈ្មោះដាវីឌជាបុរសដែល«ត្រូវនឹងព្រះហឫទ័យទ្រង់»។—សាំយូអែលទី១ ១៣:១៤; ១៦:៧
២ ព្រះអាចជ្រាបដឹងពីអ្វីក្នុងចិត្តមនុស្ស ដូចទ្រង់បានបញ្ជាក់យ៉ាងច្បាស់ក្រោយមកដោយបន្ទូលថា៖ «អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ»។ (យេរេមា ១៧:១០) ព្រះយេហូវ៉ាប្រាកដជាអ្នក«លមើលចិត្ត»មែន។ (សុភាសិត ១៧:៣) ក៏ប៉ុន្តែ តើចិត្តរបស់មនុស្សដែលព្រះយេហូវ៉ាពិនិត្យពិច័យនោះ ជាអ្វីទៅ? ហើយតើយើងអាចធ្វើយ៉ាងដូចម្ដេចដើម្បីបណ្ដុះឲ្យមានចិត្តមួយដែលត្រូវនឹងព្រះហឫទ័យរបស់ទ្រង់?
«មនុស្សលាក់កំបាំងក្នុងចិត្ត»
៣, ៤. ក្នុងព្រះគម្ពីរ តើពាក្យ«ចិត្ត»ច្រើនតែសំដៅលើអ្វី? សូមលើកឧទាហរណ៍។
៣ ពាក្យ«ចិត្ត» លេចឡើងប្រមាណមួយពាន់ដងក្នុងបទគម្ពីរបរិសុទ្ធ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ព្យាការីម៉ូសេថា៖ «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត[ឬ‹ត្រូវចិត្តជំរុញ› ព.ថ.]»។ ហើយអ្នកដែលជូនវិភាគទាននោះ គឺជា«អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត[ឬ‹មានចិត្តជំរុញ› ព.ថ.]»។ (និក្ខមនំ ២៥:២; ៣៥:២១) ជាក់ស្តែងហើយ លក្ខណៈមួយនៃចិត្តនោះ គឺជាកម្លាំងជំរុញ ជាឥទ្ធិពលក្នុងយើងដែលជំរុញឲ្យយើងចាប់មានសកម្មភាព។ ចិត្តរបស់យើងក៏សម្ដែងអំពីអារម្មណ៍ សេចក្ដីប៉ងប្រាថ្នា និងចំណង់ចំណូលចិត្តរបស់យើងផងដែរ។ ចិត្តរបស់មនុស្សម្នាក់អាចមានកំហឹងផ្ទុះឡើង អាចញ័ររន្ធត់ដោយភិតភ័យ អាចក្រៀមក្រំដោយកើតទុក្ខ ឬក៏អាចអរព្រួចផងដែរ។ (ទំនុកដំកើង ២៧:៣; ៣៩:៣; យ៉ូហាន ១៦:២២; រ៉ូម ៩:២) ចិត្តមនុស្សអាចអួតអាងឬក៏រាបទាប អាចពេញទៅដោយសេចក្ដីស្រឡាញ់ឬក៏សេចក្ដីស្អប់។—សុភាសិត ១៦:៥; ម៉ាថាយ ១១:២៩; ពេត្រុសទី១ ១:២២
៤ សមស្របនឹងនេះដែរ ពាក្យ«ចិត្ត»ច្រើនតែទាក់ទងនឹងកម្លាំងជំរុញហើយអារម្មណ៍ រីឯ«គំនិត»វិញ ជាប់ទាក់ទងនិងសតិបញ្ញាជាពិសេស។ នេះជាអត្ថន័យនៃពាក្យទាំងនេះពេលដែលនៅក្នុងបទគម្ពីរជាមួយគ្នា។ (ម៉ាថាយ ២២:៣៧; ភីលីព ៤:៧) ក៏ប៉ុន្តែ ចិត្តនិងគំនិតចុះសម្រុងគ្នាមិនប្រឆាំងគ្នាទេ។ ជាឧទាហរណ៍ ម៉ូសេបានដាស់តឿនប្រជាជនអ៊ីស្រាអែលថា៖ «ចូរនឹកក្នុងចិត្ត [ឬ‹រំឭកក្នុងគំនិត› កំណត់ចំណាំ]ថា ព្រះយេហូវ៉ា ទ្រង់ជាព្រះពិត»។ (ចោទិយកថា ៤:៣៩, ព.ថ.) ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកស្ក្រែបដែលកំពុងតែមូលគំនិតគ្នាដើម្បីប្រឆាំងទ្រង់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ?»។ (ម៉ាថាយ ៩:៤) «យោបល់[ឬ‹ការយល់ដឹង› ព.ថ.]» «ចំណេះ» និង«ការរិះគិត» ក៏អាចទាក់ទងនឹងចិត្តដែរ។ (ពង្សាវតារក្សត្រទី១ ៣:១២; សុភាសិត ១៥:១៤; ម៉ាកុស ២:៦) ដូច្នេះ ពាក្យចិត្តក៏អាចទាក់ទងនឹងសតិបញ្ញា គឺគំនិតឬក៏ការយល់ដឹងរបស់យើង។
៥. តើចិត្តតំណាងអ្វី?
៥ យោងទៅតាមឯកសារមួយ ចិត្តជា«ប្រភពអារម្មណ៍ទូទៅ អ្វីៗដែលនៅក្នុងមនុស្សម្នាក់ ដូច្នេះហើយសំដៅទៅលើធាតុពិតរបស់មនុស្ស ដែលត្រូវសម្ដែងដោយសកម្មភាពរបស់គាត់ គឺសេចក្ដីប៉ងប្រាថ្នា ចំណង់ចំណូលចិត្ត អារម្មណ៍ កម្លាំងជំរុញចិត្ត គោលបំណង គំនិត ទស្សនៈ ប្រឌិតញាណ ប្រាជ្ញា ចំណេះ បំនិន ជំនឿ ការរិះគិត សេចក្ដីនឹកចាំ និងសតិសម្បជញ្ញៈរបស់គាត់»។ ចិត្តសំដៅទៅលើលក្ខណៈពិតប្រាកដរបស់យើងខាងក្នុង គឺជា«មនុស្សលាក់កំបាំងក្នុងចិត្ត»។ (ពេត្រុសទី១ ៣:៤) នេះហើយជាអ្វីដែលព្រះយេហូវ៉ាទតឃើញនិងពិនិត្យពិច័យ។ ម្ល៉ោះហើយ ដាវីឌអធិស្ឋានថា៖ «ឱព្រះអង្គអើយ! សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង»។ (ទំនុកដំកើង ៥១:១០) តើយើងអាចបណ្ដុះឲ្យមានចិត្តបរិសុទ្ធយ៉ាងដូចម្ដេច?
«យកចិត្តទុកដាក់»នឹងបន្ទូលរបស់ព្រះ
៦. ពេលសាសន៍អ៊ីស្រាអែលបានបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ តើម៉ូសេដាស់តឿនឲ្យគេធ្វើយ៉ាងណា?
៦ ពេលអ៊ីស្រាអែលប្រមូលគ្នានៅវាលទំនាបស្រុកម៉ូអាប់មុនដែលគេចូលទៅក្នុងស្រុកសន្យានោះ ម៉ូសេបានដាស់តឿនគេថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងអស់ដែលអញបានប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះចុះ! ដើម្បីនឹងបង្គាប់ដល់កូនចៅឯងរាល់គ្នា ឲ្យប្រយ័តនឹងប្រព្រឹត្តតាមដែរ គឺជាអស់ទាំងពាក្យក្នុងក្រិត្យវិន័យនេះ»។ (ចោទិយកថា ៣២:៤៦) ប្រជាជនអ៊ីស្រាអែលត្រូវ«ស្ដាប់តាម»។ (ព្រះគម្ពីរសេចក្ដីបកប្រែរបស់លោកណុក) គេត្រូវស្គាល់បញ្ញតិរបស់ព្រះយ៉ាងច្បាស់លាស់ជាមុនសិន ទើបគេអាចប្រិតប្រៀនកូនរបស់ខ្លួនតាមបង្គាប់ទាំងប៉ុន្មាននោះបាន។—ចោទិយកថា ៦:៦-៨
៧. តើការ«យកចិត្តទុកដាក់»នឹងព្រះបន្ទូលរបស់ព្រះរួមបញ្ចូលអ្វីខ្លះ?
៧ តម្រូវការចំបងមួយដើម្បីបណ្ដុះឲ្យមានចិត្តបរិសុទ្ធ គឺជាការទទួលចំណេះត្រឹមត្រូវអំពីព្រះហឫទ័យនិងគោលបំណងរបស់ព្រះ។ មានប្រភពតែមួយគត់នៃចំណេះនេះ គឺព្រះបន្ទូលរបស់ព្រះដែលទ្រង់បានបណ្ដាលឲ្យតែងមក។ (ធីម៉ូថេទី២ ៣:១៦, ១៧) ក៏ប៉ុន្តែ ចំណេះទទេមិនអាចជួយយើងបណ្ដុះឲ្យមានចិត្តមួយដែលផ្គាប់ព្រះហឫទ័យរបស់ព្រះឡើយ។ យើងត្រូវតែយកចិត្តទុកដាក់ ឬអនុញ្ញាតឲ្យសេចក្ដីដែលយើងរៀននោះ «ជ្រាបចូលទៅក្នុងចិត្ត»យើង ដើម្បីឲ្យចំណេះមានឥទ្ធិពលទៅលើបុគ្គលិកលក្ខណៈរបស់យើង។ (ចោទិយកថា ៣២:៤៦ សេចក្ដីបកប្រែអាមេរិកាំង) តើយើងធ្វើដូច្នេះយ៉ាងដូចម្ដេច? ដាវីឌដែលជាអ្នកតែងបទទំនុកដំកើង បានពន្យល់ថា៖ «ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយ ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ»។—ទំនុកដំកើង ១៤៣:៥
៨. តើយើងអាចពិចារណានូវសំនួរអ្វីខ្លះពេលយើងសិក្សា?
៨ យើងគួររំពឹងគិតដែរ អំពីកិច្ចការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដោយកតញ្ញូធម៌។ ពេលយើងអានព្រះគម្ពីរ ឬក៏ប្រកាសនវត្ថុខាងព្រះគម្ពីរ នោះយើងត្រូវពិចារណាតាមសំនួរខ្លះៗ ដូចជា៖ ‹តើនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា? តើខ្ញុំអាចយល់ដឹងពីគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ាពីនេះ? តើដំណើររឿងនេះបង្រៀនខ្ញុំអ្វីខ្លះ អំពីអ្វីដែលគាប់ព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលមិនគាប់ព្រះហឫទ័យរបស់ទ្រង់? តើលទ្ធផលដែលមកពីការធ្វើអ្វីដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ គឺខុសគ្នាយ៉ាងណាពីលទ្ធផលដែលមកពីការធ្វើអ្វីដែលទ្រង់ស្អប់នោះ? តើពត៌មាននេះទាក់ទងយ៉ាងណា នឹងអ្វីដែលខ្ញុំបានរៀនដឹងរួចមកហើយនោះ?›។
៩. តើការសិក្សាផ្ទាល់ខ្លួននិងការរំពឹងគិតគឺសំខាន់យ៉ាងណា?
៩ លោកស្រីលីសាa ដែលមានអាយុ៣២ឆ្នាំ ពន្យល់ប្រាប់ពីមូលហេតុដែលគាត់ចាប់ផ្ដើមយល់តម្លៃនៃការសិក្សានិងការរំពឹងគិតដែលប្រកបទៅដោយគោលបំណង។ គាត់ពន្យល់ថា៖ «ក្រោយពីខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៩៤ ខ្ញុំបានសកម្មក្នុងសេចក្ដីពិតអស់ប្រមាណពីរឆ្នាំ។ ខ្ញុំបានទៅកិច្ចប្រជុំគ្រីស្ទានទាំងអស់ និងបានចំណាយរវាង៣០និង៤០ម៉ោងរាល់ខែក្នុងកិច្ចផ្សព្វផ្សាយ ថែមទាំងបានសេពគប់ជាមួយគ្រីស្ទានឯទៀត។ ក្រោយមកខ្ញុំចាប់ផ្ដើមរសាត់ចេញ។ ខ្ញុំបានលិចលង់ខ្លួនរហូតដល់ខ្ញុំបំពានច្បាប់របស់ព្រះ។ ក៏ប៉ុន្តែ ខ្ញុំបានភ្ញាក់ដឹងខ្លួនវិញ និងសម្រេចចិត្តកែប្រែជីវិតខ្ញុំ។ ខ្ញុំសប្បាយចិត្តមែនទែនដែលព្រះយេហូវ៉ាបានទទួលស្គាល់នូវការប្រែចិត្តរបស់ខ្ញុំ និងទ្រង់ព្រមទទួលខ្ញុំមកវិញ! ខ្ញុំធ្លាប់ឆ្ងល់ជាញឹកញយថា៖ ‹ហេតុអ្វីបានជាខ្ញុំរសាត់ចេញដូច្នេះ?›។ រាល់តែដង ខ្ញុំនឹកឃើញចម្លើយថា ខ្ញុំបានខានសិក្សានិងរំពឹងគិតដោយមានគោលបំណង។ សេចក្ដីពិតពីព្រះគម្ពីរមិនបានជ្រាបចូលក្នុងចិត្តខ្ញុំសោះ។ ចាប់ពីឥឡូវនេះទៅមុខ ការសិក្សាផ្ទាល់ខ្លួននិងការរំពឹងគិតតែងតែជាផ្នែកសំខាន់មួយនៃជីវិតខ្ញុំ»។ គឺសំខាន់ណាស់ហ្ន៎! ដែលយើងឆ្លៀតពេលដើម្បីរំពឹងគិតដោយគោលបំណង ពេលយើងក្រេបជញ្ជក់ចំណេះកាន់តែច្រើនអំពីព្រះយេហូវ៉ា រាជបុត្រារបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់នោះ។
១០. ហេតុអ្វីបានជាយើងត្រូវឆ្លៀតពេលជាបន្ទាន់ដើម្បីសិក្សាផ្ទាល់ខ្លួននិងរំពឹងគិត?
១០ ក្នុងលោកីយ៍ដ៏រវល់ជានិច្ចនេះ ការរកពេលដើម្បីឆ្លៀតសិក្សានិងការរំពឹងគិតគឺពិបាកមែន។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ គ្រីស្ទានទាំងឡាយជិតចូលទៅក្នុងស្រុកសន្យាមួយដ៏សែនប្រណិត គឺជាពិភពលោកថ្មីដ៏សុចរិតរបស់ផងព្រះ។ (ពេត្រុសទី២ ៣:១៣) ព្រឹត្ដិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ស្ថិតនាអនាគតឆាប់ៗខាងមុខនេះ ដូចជាការបំផ្លាញចោលនូវ«បាប៊ីឡូនដ៏ជាធំ»និងការព្យាបាទរាស្ត្ររបស់ព្រះយេហូវ៉ាដោយ«កុកនៃស្រុកម៉ាកុក»។ (វិវរណៈ ១៧:១, ២, ៥, ១៥-១៧; អេសេគាល ៣៨:១-៤, ១៤-១៦; ៣៩:២) អ្វីដែលនឹងកើតឡើងខាងមុខ ប្រហែលជានឹងសាកល្បងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ គឺសំខាន់ណាស់ហ្ន៎! ដែលយើងឆ្លៀតពេលឥឡូវនេះ និងយកចិត្តទុកដាក់ទៅលើការអានព្រះបន្ទូលរបស់ព្រះជាបន្ទាន់។—អេភេសូរ ៥:១៥, ១៦
‹ចូរផ្ចង់ចិត្តដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះ›
១១. តើក្នុងលក្ខណៈអ្វីដែលចិត្តរបស់យើងអាចត្រូវប្រៀបទៅនឹងដី?
១១ ចិត្តអាចត្រូវប្រៀបដូចជាដីដែលជាកន្លែងដែលពូជនៃសេចក្ដីពិតត្រូវដាំ។ (ម៉ាថាយ ១៣:១៨-២៣) ធម្មតា ដីពិតប្រាកដត្រូវភ្ជួររាស់ដើម្បីធានាថា ដំណាំនិងដុះឡើងយ៉ាងល្អ។ ស្រដៀងគ្នាដែរ ចិត្តរបស់យើងគួរត្រូវរៀបចំ ដើម្បីឲ្យឆាប់ទទួលនូវព្រះបន្ទូលរបស់ព្រះ។ លោកអែសរ៉ាដែលជាសង្ឃនោះ បាន«តាំងចិត្ត[ឬ‹ផ្ចង់ចិត្ត› ព.ថ.]ស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម»។ (អែសរ៉ា ៧:១០) តើយើងអាចផ្ចង់ចិត្តរបស់យើងយ៉ាងដូចម្ដេច?
១២. តើអ្វីនឹងជួយយើងផ្ចង់ចិត្តសំរាប់ការសិក្សា?
១២ របៀបផ្ចង់ចិត្តដ៏ល្អមួយ ពេលយើងនឹងស្វែងរកព្រះបន្ទូលរបស់ព្រះ គឺតាមរយៈសេចក្ដីអធិស្ឋានអស់ពីដួងចិត្ត។ កិច្ចប្រជុំគ្រីស្ទាននៃអ្នកថ្វាយបង្គំពិត ក៏ចាប់ផ្ដើមនិងឈប់ដោយសេចក្ដីអធិស្ឋាន។ គឺសមរម្យណាស់ហ្ន៎! បើយើងចាប់ផ្ដើមពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនដោយអធិស្ឋានស្មោះអស់ពីចិត្តនិងរក្សាឲ្យមានចិត្តគំនិតប្រកបទៅដោយសេចក្ដីគោរពផងដែរក្នុងកំឡុងពេលសិក្សានោះ។
១៣. ដើម្បីមានចិត្តដែលជាទីគាប់ព្រះហឫទ័យព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី?
១៣ យើងត្រូវផ្ចង់ចិត្ត ដើម្បីបំបាត់ចោលមតិដែលយើងធ្លាប់មានតាំងពីមុនមក។ អ្នកដឹកនាំសាសនានៅសម័យព្រះយេស៊ូមិនព្រមធ្វើដូច្នោះទេ។ (ម៉ាថាយ ១៣:១៥) ក៏ប៉ុន្តែ នាងម៉ារាដែលជាមាតារបស់ព្រះយេស៊ូ បានគិតសន្និដ្ឋាន«ក្នុងចិត្ត»ដោយផ្អែកលើសេចក្ដីពិតដែលគាត់ធ្លាប់ឮជាមូលដ្ឋាន។ (លូកា ២:១៩, ៥១) គាត់បានក្លាយជាសិស្សស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូ។ ពេលលោកស្រីលីឌានៅទីក្រុងធាទេរ៉ាបានស្ដាប់ប៉ុលនោះ «ព្រះ[យេហូវ៉ា]ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់»។ គាត់ក៏បានក្លាយជាអ្នកជឿផងដែរ។ (កិច្ចការ ១៦:១៤, ១៥) កុំឲ្យយើងប្រកាន់យ៉ាងរឹងត្អឹងតាមមតិខ្លួន ឬក៏លទ្ធិសាសនាដែលយើងពេញចិត្តនោះ។ ផ្ទុយទៅវិញ ចូរឲ្យយើងសុខចិត្ត«ឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ!»។—រ៉ូម ៣:៤
១៤. នៅឯកិច្ចប្រជុំគ្រីស្ទាន តើយើងអាចផ្ចង់ចិត្តស្ដាប់យ៉ាងណា?
១៤ ការផ្ចង់ចិត្ត ជាពិសេសនៅឯកិច្ចប្រជុំគ្រីស្ទាន គឺសំខាន់ណាស់។ អ្វីផ្សេងៗអាចបង្វែរស្មារតីយើងចេញពីអ្វីដែលកំពុងតែត្រូវថ្លែង។ ពាក្យដែលគេកំពុងតែថ្លែងប្រាប់មិនអាចមានឥទ្ធិពលមកលើយើងបានទេ បើសិនជាយើងកំពុងតែរវល់ស្រមៃគិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ ឬក៏អ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក។ ប្រសិនបើយើងនឹងចង់ទទួលប្រយោជន៍ពីអ្វីដែលកំពុងតែថ្លែង នោះយើងត្រូវតាំងចិត្តស្ដាប់និងរៀន។ យើងអាចទទួលប្រយោជន៍បានច្រើនយ៉ាងណាស់! បើសិនជាយើងតាំងចិត្តខំស្វែងយល់បទគម្ពីរដែលកំពុងតែត្រូវពន្យល់និងខ្លឹមសារដែលត្រូវបកស្រាយនោះ។—នេហេមា ៨:៥-៨, ១២
១៥. តើយ៉ាងដូចម្ដេចដែលភាពរាបទាបជួយយើងឲ្យស្រួលនឹងទទួលការបង្ហាត់បង្រៀន?
១៥ កាលបើយើងបណ្ដុះបណ្ដាលឲ្យមានភាពរាបទាប ការស្រេកឃ្លាននូវអ្វីខាងវិញ្ញាណ ទំនុកចិត្ត ការចេះកោតខ្លាចដល់ព្រះ និងមានសេចក្ដីស្រឡាញ់ចំពោះព្រះ នោះអាចជួយធ្វើឲ្យយើងមានចិត្តមួយដ៏កាន់តែប្រសើរឡើងៗ ដូចជាការបន្ថែមជីជាតិត្រឹមត្រូវដល់ដីដើម្បីអាចបង្កើនគុណភាពដីនោះដែរ។ ភាពរាបទាបតែងជួយបន្ទន់ចិត្តយើង ហើយនាំឲ្យយើងក្លាយជាមនុស្សដែលអាចត្រូវបង្ហាត់បង្រៀនបាន។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់យ៉ូសៀសដែលជាស្តេចយូដាថា៖ «នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយ . . . ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ»។ (ពង្សាវតារក្សត្រទី២ ២២:១៩) យ៉ូសៀសមានចិត្តរាបទាប ថែមទាំងព្រមស្ដាប់តាមផង។ ទោះជាសិស្សរបស់ព្រះយេស៊ូ«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង» ភាពរាបទាបបានធ្វើឲ្យគេមានសមត្ថភាពយល់ និងអនុវត្តតាមសេចក្ដីពិតពីបទគម្ពីរដែលហួសពីចំណេះរបស់«ពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ»។ (កិច្ចការ ៤:១៣; លូកា ១០:២១) ចូរឲ្យយើង«បន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា»ពេលយើងខំប្រឹងមានចិត្តដែលត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា។—អែសរ៉ា ៨:២១
១៦. ហេតុដូចម្ដេចបានជាយើងត្រូវព្យាយាមដើម្បីបណ្ដុះបណ្ដាលឲ្យមានការស្រេកឃ្លានចង់បានអ្វីៗខាងវិញ្ញាណ?
១៦ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ អ្នកនោះមានសុភមង្គលហើយ»។ (ម៉ាថាយ ៥:៣, ព.ថ) ទោះបីយើងមានសមត្ថភាពបណ្ដុះបណ្ដាលភាពខាងវិញ្ញាណក៏ដោយ ការគាបសង្កត់ពីលោកីយ៍ដ៏អាក្រក់នេះ ឬក៏លក្ខណៈខ្លះៗដូចជាភាពខ្ជិលច្រអូស អាចសង្កត់នូវសតិសម្បជញ្ញៈចំពោះសេចក្ដីត្រូវការរបស់យើង។ (ម៉ាថាយ ៤:៤) យើងត្រូវបណ្ដុះបណ្ដាលឲ្យមានការស្រេកឃ្លានចង់បានម្ហូបអាហារខាងវិញ្ញាណ។ ទោះបើដើមដំបូងយើងមិនចូលចិត្តអានព្រះគម្ពីរនិងសិក្សាផ្ទាល់ខ្លួនក៏ដោយ បើសិនជាយើងស៊ូព្យាយាម នោះយើងនឹងឃើញថា ចំណេះ‹នឹងគាប់ចិត្តដល់យើង› រហូតដល់យើងនឹងទន្ទឹងចាំពេលសិក្សាដោយចិត្តរំភើប។—សុភាសិត ២:១០, ១១
១៧. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់គួរឲ្យទុកចិត្តដូច្នេះ? (ខ) តើយើងអាចបណ្ដុះបណ្ដាលទំនុកចិត្តទៅលើទ្រង់យ៉ាងដូចម្ដេចបាន?
១៧ ស្តេចសាឡូម៉ូនបានដាស់តឿនថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ (សុភាសិត ៣:៥) បើសិនជាចិត្តទុកចិត្តនឹងព្រះយេហូវ៉ា នោះយើងដឹងថាអ្វីក៏ដោយដែលព្រះយេហូវ៉ាសុំ ឬណែនាំតាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺត្រឹមត្រូវទាំងអស់។ (អេសាយ ៤៨:១៧) ព្រះយេហូវ៉ាពិតជាសមនឹងទទួលទំនុកចិត្តទាំងស្រុងរបស់យើង។ ទ្រង់មានសមត្ថភាពបំពេញគោលបំណងទាំងអស់របស់ទ្រង់។ (អេសាយ ៤០:២៦, ២៩) ជាការពិត ព្រះនាមរបស់ទ្រង់មានន័យថា«ទ្រង់ធ្វើឲ្យក្លាយជា»ហើយនោះបណ្ដាលឲ្យមានជំនឿស៊ប់ទៅលើសមត្ថភាពរបស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ទ្រង់! ទ្រង់គឺ«សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ»។ (ទំនុកដំកើង ១៤៥:១៧) ដើម្បីបណ្ដុះបណ្ដាលឲ្យមានទំនុកចិត្តទៅលើទ្រង់នោះ យើងត្រូវតែ«ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ»ដោយអនុវត្តក្នុងជីវិតយើងផ្ទាល់នូវអ្វីដែលយើងរៀនពីព្រះគម្ពីរ និងដោយពិចារណានូវប្រយោជន៍ដែលមកពីការអនុវត្តតាម។—ទំនុកដំកើង ៣៤:៨
១៨. តើដូចម្ដេចដែលការកោតខ្លាចដល់ព្រះជួយយើងស្រួលនឹងទទួលការណែនាំពីទ្រង់?
១៨ សាឡូម៉ូនក៏បានបញ្ជាក់ពីគុណសម្បត្ដិមួយទៀតដែលធ្វើឲ្យចិត្តយើងប្រុងប្រៀបនឹងទទួលការណែនាំពីព្រះ ដោយមានប្រសាសន៍ថា៖ «ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ»។ (សុភាសិត ៣:៧) ព្រះយេហូវ៉ាបានមានបន្ទូលអំពីអ៊ីស្រាអែលពីបុរាណថា៖ «ឱបើសិនជាគេមានចិត្តយ៉ាងនោះជាដរាបទៅអេះ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ហើយកាន់តាមគ្រប់ទាំងបញ្ញត្តរបស់អញប្រយោជន៍ឲ្យគេ នឹងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ!»។ (ចោទិយកថា ៥:២៩) ជាក់ស្តែងហើយ អ្នកដែលកោតខ្លាចដល់ព្រះនឹងស្ដាប់បង្គាប់ទ្រង់ដែរ។ ព្រះយេហូវ៉ាមានសមត្ថភាព«សំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»ថែមទាំងដាក់ទោសអ្នកដែលមិនស្ដាប់តាមទៀតផង។ (របាក្សត្រទី២ ១៦:៩) ចូរឲ្យការប្រព្រឹត្ត គំនិត និងអារម្មណ៍របស់យើងកាន់កាប់ទៅដោយការកោតខ្លាច ដោយមិនចង់ធ្វើអ្វីទាស់នឹងព្រះហឫទ័យរបស់ព្រះយេហូវ៉ាឡើយ។
‹ស្រឡាញ់ព្រះយេហូវ៉ាអស់អំពីចិត្ត›
១៩. តើសេចក្ដីស្រឡាញ់មានតួនាទីអ្វីក្នុងការធ្វើឲ្យចិត្តរបស់យើងឆាប់នឹងអនុវត្តតាមការណែនាំពីព្រះយេហូវ៉ា?
១៩ សេចក្ដីស្រឡាញ់ពិតធ្វើឲ្យចិត្តរបស់យើងឆាប់អនុវត្តតាមការណែនាំរបស់ព្រះយេហូវ៉ាបានប្រសើរជាងគុណសម្បត្ដិឯទៀត។ ចិត្តដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះ ក៏ចង់រៀនយ៉ាងខ្លាំងនូវអ្វីដែលគាប់ព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលមិនគាប់ព្រះហឫទ័យទ្រង់។ (យ៉ូហានទី១ ៥:៣) ព្រះយេស៊ូមានបន្ទូលថា៖ ‹ត្រូវឲ្យស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតខ្លួន›។ (ម៉ាថាយ ២២:៣៧) សូមឲ្យយើងស្រឡាញ់ព្រះកាន់តែខ្លាំងឡើងៗ ដោយយកការរំពឹងគិតពីសេចក្ដីល្អរបស់ទ្រង់ជាទម្លាប់របស់យើង និងដោយទូលទ្រង់ជាទៀងទាត់ដូចជាមិត្តជិតស្និទ្ធម្នាក់ ហើយនិយាយជាមួយអ្នកឯទៀតអំពីទ្រង់ដោយចិត្តរំភើបដែរ។
២០. តើតាមរបៀបណាដែលយើងអាចបណ្ដុះឲ្យមានចិត្តដែលជាទីគាប់ព្រះហឫទ័យព្រះយេហូវ៉ា?
២០ បើនិយាយជារួមទៅ: ការបណ្ដុះឲ្យមានចិត្តត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា មានន័យថាយើងត្រូវឲ្យព្រះបន្ទូលរបស់ព្រះមានឥទ្ធិពលទៅលើអ្វីៗដែលនៅក្នុងខ្លួនយើង គឺជាមនុស្សលាក់កំបាំងក្នុងចិត្ត។ ការសិក្សាផ្ទាល់ខ្លួនពីព្រះគម្ពីរនិងការរំពឹងគិតដោយកតញ្ញូធម៌គឺចាំបាច់។ វិធីល្អបំផុតដើម្បីធ្វើយ៉ាងនេះ គឺដោយផ្ចង់ចិត្ត ឲ្យចិត្តគ្មានមតិដែលធ្លាប់កាន់ពីមុនមក ហើយជាចិត្តពោរពេញទៅដោយគុណសម្បត្ដិដែលធ្វើឲ្យយើងជាមនុស្សដែលស្រួលទទួលការបង្ហាត់បង្រៀនវិញ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចមានចិត្តល្អបាន។ ក៏ប៉ុន្តែ តើយើងត្រូវចាត់វិធានការអ្វីដើម្បីការពារចិត្តរបស់យើង?
[កំណត់សម្គាល់]
a ឈ្មោះនេះបានត្រូវផ្លាស់ប្ដូរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចិត្តដែលព្រះយេហូវ៉ាពិនិត្យពិច័យនោះ សំដៅ ទៅលើអ្វីទៅ?
• តើយើងអាច«យកចិត្តទុកដាក់»នឹងព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
• តើយើងអាចផ្ចង់ចិត្តរបស់យើងដើម្បីស្វែងរកក្នុងព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
• ដោយអ្នកបានសិក្សាពត៌មាននេះចប់ហើយ តើអ្នកមានចិត្តជំរុញឲ្យធ្វើអ្វី?
[រូបភាពនៅទំព័រ២៣]
ដាវីឌបានរំពឹងគិតអំពីអ្វីៗ ខាងវិញ្ញាណដោយកតញ្ញូធម៌ តើអ្នកធ្វើដូច្នេះដែរឬទេ?
[រូបភាពនៅទំព័រ២៤]
ចូរផ្ចង់ចិត្តមុនអ្នកសិក្សា ព្រះបន្ទូលរបស់ព្រះ