ការ«នាំដំណឹងល្អពីការប្រសើរមក»
«អើ ល្អណាស់ហ្ន៎! គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែល . . . នាំដំណឹងល្អពីការប្រសើរមក»។—អេសាយ ៥២:៧
១, ២. (ក) រៀងរាល់ថ្ងៃ តើរឿងគួរឲ្យខ្លាចណាខ្លះកំពុងតែកើតឡើង? (ខ) តើការស្ដាប់ឮព័ត៌មានអាក្រក់ជាញឹកញយនោះ មានឥទ្ធិពលយ៉ាងណាលើមនុស្ស?
ទូទាំងពិភពលោកសព្វថ្ងៃនេះមានដំណឹងអាក្រក់ច្រើនមិនចេះចប់មិនចេះហើយ ដូចទឹកជំនន់មួយដែលពន្លិចពន្លង់ផែនដីរកកន្លែងគេចផុតមិនបាន។ ពេលបើកវិទ្យុ មនុស្សឮព័ត៌មានអំពីជំងឺផ្សេងៗដែលកំពុងតែយាយីពិភពលោកលេបបំបាត់ជីវិតមនុស្ស។ ពេលមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ មនុស្សឃើញរូបកុមារាកុមារីអត់អាហារយំអង្វរសុំជំនួយយ៉ាងគួរឲ្យសង្វេគ។ បើយកកាសែតមកអាន មានរឿងអំពីគ្រាប់បែកផ្ទុះខ្ទេចអគារផ្សេងៗសម្លាប់ជនស្លូតត្រង់រាប់រយនាក់ទាំងចាស់ទាំងក្មេង។
២ ពិតមែន រឿងគួរឲ្យខ្លាចជាច្រើនកំពុងតែកើតឡើងជារៀងរាល់ថ្ងៃ។ គំរូនៃលោកីយ៍នេះកំពុងតែផ្លាស់ប្រែមានសភាពកាន់តែអាក្រក់ទៅៗ។ (កូរិនថូសទី១ ៧:៣១) ទស្សនាវដ្ដីមួយនៅប្រទេសអឺរ៉ុបប៉ែកខាងលិចបានកត់សម្គាល់ថា ជួនកាលមើលទៅដូចជាលោកីយ៍ទាំងមូល«កំពុងតែបោះពួយទៅរកសេចក្ដីហិនវិនាស»។ គ្មានអ្វីចម្លែកឡើយដែលមនុស្សកាន់តែច្រើនតានតឹងចិត្តនឹងដំណឹងអាក្រក់ដែលមានច្រើនមិនចេះចប់! មនុស្សម្នាក់ដែលត្រូវបានគេស្ទង់មតិអំពីព័ត៌មានដែលផ្សាយតាមកញ្ចក់ទូរទស្សន៍នៅសហរដ្ឋអាមេរិក បានបញ្ជាក់អារម្មណ៍មួយដែលប្រាកដជាអារម្មណ៍របស់មនុស្សរាប់លាននាក់ដែរ។ គាត់ប្រាប់ថា៖ ‹ក្រោយខ្ញុំមើលព័ត៌មាននោះ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងណាស់។ ព័ត៌មាននោះសុទ្ធតែដំណឹងអាក្រក់ទាំងអស់ ក៏អាក្រក់ហួសហេតុពេក›។
ដំណឹងដែលមនុស្សទាំងឡាយត្រូវឮ
៣. (ក) តើព្រះគម្ពីរប្រកាសដំណឹងល្អអ្វី? (ខ) ហេតុអ្វីក៏អ្នកចាត់ទុកដំណឹងល្អជាអ្វីដែលមានតម្លៃ?
៣ ក្នុងលោកីយ៍ដែលធ្វើឲ្យធ្លាក់ទឹកចិត្តនេះ តើអាចរកឃើញនូវដំណឹងល្អបានឬទេ? ពិតជាអាចរកឃើញបាន! ការដឹងថាព្រះគម្ពីរមានដំណឹងល្អវិញ សម្រាលទុក្ខយើងមែន។ ដំណឹងនោះបង្ហាញថា ព្រះរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលនូវជំងឺ ការអត់អាហារ ឧក្រិដ្ឋកម្ម សង្គ្រាមនិងការជិះជាន់សព្វបែបយ៉ាង។ (ទំនុកដំកើង ៤៦:៩; ៧២:១២) មនុស្សទាំងអស់ត្រូវការដំណឹងល្អបែបនេះ មែនទេ? ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ាយើងពិតជាគិតដូច្នោះ។ ហេតុនេះ មនុស្សនៅគ្រប់កន្លែងស្គាល់គេជាពួកអ្នកដែលព្យាយាមជានិច្ចក្នុងការប្រាប់មនុស្សគ្រប់សាសន៍នូវដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៤:១៤
៤. ក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់ តើយើងនឹងពិចារណាលក្ខណៈសំខាន់អ្វីខ្លះនៃកិច្ចបំរើផ្សាយរបស់យើង?
៤ ប៉ុន្តែ តើយើងអាចធ្វើអ្វីដើម្បីឲ្យមានអំណរនិងដោយមានប្រសិទ្ធភាពជានិច្ចក្នុងការផ្សព្វផ្សាយដំណឹងល្អនេះ សូម្បីតែក្នុងតំបន់ដែលមនុស្សមិនសូវចាប់អារម្មណ៍? (លូកា ៨:១៥) ការពិចារណាដោយសង្ខេបនូវលក្ខណៈសំខាន់បីយ៉ាងដែលទាក់ទងនឹងកិច្ចផ្សព្វផ្សាយរបស់យើង ប្រាកដជានឹងជួយយើងធ្វើដូច្នេះ។ យើងអាចពិចារណា (១) បំណងឬមូលហេតុដែលយើងផ្សព្វផ្សាយ (២) សារឬអ្វីដែលយើងផ្សព្វផ្សាយ និង (៣) វិធីសាស្ត្រឬរបៀបយើងផ្សព្វផ្សាយ។ បើយើងរក្សាឲ្យមានបំណងត្រឹមត្រូវ ព្រមទាំងប្រាប់សារមួយដ៏ច្បាស់លាស់ និងវិធីដែលមានប្រសិទ្ធភាពនោះ យើងអាចផ្ដល់លទ្ធភាពឲ្យមនុស្សជាច្រើនទូទាំងផែនដីស្ដាប់នូវដំណឹងដ៏ល្អបំផុត ពោលគឺដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។a
មូលហេតុដែលយើងរួមចំណែក ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ
៥. (ក) តើអ្វីជាមូលហេតុសំខាន់ចំបងដែលជំរុញឲ្យយើងរួមចំណែកក្នុងកិច្ចបំរើផ្សាយ? (ខ) ហេតុអ្វីក៏ការធ្វើតាមសេចក្ដីបង្គាប់ក្នុងព្រះគម្ពីរឲ្យផ្សព្វផ្សាយនោះ ជាការបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះព្រះ?
៥ សូមយើងពិចារណាលក្ខណៈទីមួយ ពោលគឺបំណងរបស់យើង។ ហេតុអ្វីបានជាយើងផ្សព្វផ្សាយដំណឹងល្អ? យើងផ្សព្វផ្សាយដំណឹងនេះដោយផ្អែកមូលហេតុដែលបានជំរុញឲ្យព្រះយេស៊ូផ្សព្វផ្សាយដែរ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំស្រឡាញ់ដល់ទ្រង់[វរបិតា]»។ (យ៉ូហាន ១៤:៣១; ទំនុកដំកើង ៤០:៨) សំខាន់បំផុត សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញឲ្យយើងផ្សព្វផ្សាយ។ (ម៉ាថាយ ២២:៣៧, ៣៨) ព្រះគម្ពីរបង្ហាញថាសេចក្ដីស្រឡាញ់ចំពោះព្រះនិងការផ្សព្វផ្សាយមានលក្ខណៈផ្សាជាប់គ្នាដោយចែងថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ (យ៉ូហានទី១ ៥:៣; យ៉ូហាន ១៤:២១) តើបញ្ញត្ដិរបស់ព្រះពិតជារួមបញ្ចូលសេចក្ដីបង្គាប់ឲ្យ«បញ្ចុះបញ្ចូលឲ្យមានសិស្ស»ទេ? (ម៉ាថាយ ២៨:១៩) បញ្ញត្ដិរបស់ព្រះពិតជារួមបញ្ចូលសេចក្ដីបង្គាប់នោះមែន។ ត្រូវហើយ ព្រះយេស៊ូបានមានបន្ទូលនោះ តែតាមពិតព្រះយេហូវ៉ាបានមានបន្ទូលនោះជាដំបូង។ តើដោយរបៀបណា? ព្រះយេស៊ូបានពន្យល់ថា៖ «ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ»។ (យ៉ូហាន ៨:២៨; ម៉ាថាយ ១៧:៥) ដូច្នេះ បើយើងធ្វើតាមបង្គាប់នេះឲ្យផ្សព្វផ្សាយ នោះយើងក៏បង្ហាញដល់ព្រះយេហូវ៉ាថា យើងពិតជាស្រឡាញ់ទ្រង់មែន។
៦. តើសេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តយើងយ៉ាងណា ឲ្យចង់ផ្សព្វផ្សាយអំពីទ្រង់?
៦ បន្ថែមទៅទៀត សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យចង់ផ្សព្វផ្សាយពីព្រោះយើងចង់ទប់ទល់នឹង ពាក្យកុហកដែលសាតាំងកំពុងតែផ្សាយប្រឆាំងនឹងទ្រង់។ (កូរិនថូសទី២ ៤:៤) សាតាំងបានចោទប្រឆាំងនឹងភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះ។ (លោកុប្បត្តិ ៣:១-៥) ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងប្រាថ្នាចង់បកអាក្រាតនូវពាក្យមូលបង្កាច់របស់សាតាំង ព្រមទាំងចង់លើកតម្កើងព្រះនាមរបស់ព្រះឲ្យមនុស្សគ្រប់រូបដឹង។ (អេសាយ ៤៣:១០-១២) ម្យ៉ាងទៀត យើងរួមចំណែកក្នុងកិច្ចបំរើផ្សាយនេះពីព្រោះយើងបានរៀនហើយស្គាល់គុណសម្បត្ដិនិងផ្លូវប្រព្រឹត្តរបស់ព្រះយេហូវ៉ា។ យើងមានអារម្មណ៍ជិតស្និទ្ធចំពោះទ្រង់ ហើយប្រាថ្នាយ៉ាងខ្លាំងចង់ប្រាប់មនុស្សដទៃអំពីព្រះរបស់យើង។ តាមការពិត ភាពល្អនិងផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ានាំឲ្យយើងមានអំណរដល់ម្ល៉េះបានជាយើងមិនអាចឈប់និយាយអំពីទ្រង់។ (ទំនុកដំកើង ១៤៥:៧-១២) យើងមានចិត្តជំរុញឲ្យសរសើរទ្រង់និងប្រកាសប្រាប់អំពី«អស់ទាំងលក្ខណៈ»របស់ទ្រង់ដល់មនុស្សណាដែលព្រមស្ដាប់។—ពេត្រុសទី១ ២:៩; អេសាយ ៤៣:២១
៧. ក្រៅពីសេចក្ដីស្រឡាញ់ចំពោះព្រះ តើយើងធ្វើកិច្ចការផ្សព្វផ្សាយដោយផ្អែកមូលហេតុសំខាន់អ្វីទៀត?
៧ ប៉ុន្តែ មានមូលហេតុមួយទៀតដ៏សំខាន់ដែលយើងបន្តផ្សព្វផ្សាយ។ យើងផ្សព្វផ្សាយដោយសារចង់ជួយសម្រាលទុក្ខមនុស្សដែលពិបាកចិត្តដោយសារដំណឹងអាក្រក់ដែលផ្សាយមកមិនចេះចប់ ហើយយើងចង់សម្រាលទុក្ខអស់អ្នកដែលរងការឈឺចាប់ដោយសារមូលហេតុផ្សេងទៀត។ ក្នុងករណីនេះយើងខំយកតម្រាប់តាមព្រះយេស៊ូ។ ជាឧទាហរណ៍ សូមមើលនូវអ្វីដែលពណ៌នាក្នុងសៀវភៅម៉ាកុស ជំពូកទី៦។
៨. តើកំណត់ហេតុក្នុងសៀវភៅម៉ាកុស ជំពូកទី៦ បង្ហាញអ្វីខ្លះអំពីអារម្មណ៍របស់ព្រះយេស៊ូចំពោះមនុស្ស?
៨ ពួកសាវ័កបានត្រឡប់មកពីការផ្សព្វផ្សាយ ហើយបានទូលប្រាប់ព្រះយេស៊ូអំពីអ្វីដែលពួកគាត់បានធ្វើនិងបង្រៀននោះ។ ព្រះយេស៊ូឃើញថា ពួកសាវ័កគឺអស់កម្លាំង ដូច្នេះទ្រង់មានបន្ទូលឲ្យពួកគាត់ទៅជាមួយទ្រង់ដើម្បី«សំរាកបន្ដិចសិន»។ ដូច្នេះ ពួកគាត់ជិះទូកទៅឯកន្លែងមួយដែលស្ងាត់។ ប៉ុន្តែ ប្រជាជនខ្លះបានរត់តាមឆ្នេរហើយមិនយូរប៉ុន្មានទៀតតាមទាន់ពួកគាត់។ តើព្រះយេស៊ូបានធ្វើអ្វី? កំណត់ហេតុចែងថា៖ «[ព្រះយេស៊ូ]ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល។ រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាកុស ៦:៣១-៣៤, កំណែជាអក្សរទ្រេត) ទោះជាព្រះយេស៊ូអស់ព្រះកាយពលក៏ពិតមែន តែក្ដីអាណិតជំរុញឲ្យទ្រង់បន្តផ្សព្វផ្សាយដំណឹងល្អដល់ប្រជាជនទាំងអស់។ យ៉ាងច្បាស់ណាស់ ព្រះទ័យរបស់ព្រះយេស៊ូបានយល់ទំហំទុក្ខរបស់ប្រជាជននោះ។ ទ្រង់ពិតជាមានព្រះទ័យអាណិតអាសូរចំពោះពួកគេ។
៩. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុក្នុងសៀវភៅម៉ាកុស ជំពូកទី៦ ស្តីពីការមានបំណងចិត្តត្រឹមត្រូវក្នុងកិច្ចផ្សព្វផ្សាយ?
៩ តើយើងរៀនអ្វីពីកំណត់ហេតុនេះ? ដោយសារយើងជាគ្រីស្ទាន យើងមានកាតព្វកិច្ចផ្សព្វផ្សាយដំណឹងល្អនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ យើងទទួលស្គាល់ភារកិច្ចនេះរបស់យើងឲ្យប្រាប់ដំណឹងល្អដល់មនុស្សដទៃ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យ«មនុស្សទាំងអស់បានសង្គ្រោះ»។ (ធីម៉ូថេទី១ ២:៤) ក៏ប៉ុន្តែ យើងមិនគ្រាន់តែចាត់ទុកកិច្ចបំរើផ្សាយនេះជាភារកិច្ចដែលយើងត្រូវបំពេញប៉ុណ្ណោះទេ តែយើងក៏ចាត់ទុកកិច្ចបំរើជាកិច្ចការដែលបង្ហាញពីចិត្តអាណិតអាសូរ។ បើយើងមានអារម្មណ៍អាណិតដល់មនុស្សយ៉ាងស្មោះដូចព្រះយេស៊ូ នោះចិត្តយើងនឹងជំរុញឲ្យធ្វើការអស់ពីសមត្ថភាពដើម្បីបន្តប្រាប់ពួកគេនូវដំណឹងល្អ។ (ម៉ាថាយ ២២:៣៩) បើយើងមានបំណងត្រឹមត្រូវបែបនេះក្នុងការចូលរួមកិច្ចផ្សព្វផ្សាយ នេះនឹងជំរុញឲ្យយើងផ្សាយដំណឹងល្អឥតឈប់ឈរ។
ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះជាសាររបស់យើង
១០, ១១. (ក) តើអេសាយបានពណ៌នាយ៉ាងដូចម្ដេចអំពីសារដែលយើងផ្សព្វផ្សាយ? (ខ) តើព្រះយេស៊ូបាន«នាំដំណឹងល្អពីការប្រសើរមក»ដោយដូចម្ដេច? តើអ្នកបំរើរបស់ព្រះនៅសម័យនេះបានធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១០ ចុះយ៉ាងណាចំពោះលក្ខណៈទីពីរនៃកិច្ចបំរើផ្សាយរបស់យើង ពោលគឺសារដែលយើងផ្សាយ? តើយើងផ្សព្វផ្សាយអំពីអ្វី? ព្យាការីអេសាយបានពណ៌នាអំពីសារដែលយើងផ្សព្វផ្សាយដោយថា៖ «អើ ល្អណាស់ហ្ន៎! គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា៖ ‹ព្រះនៃឯងទ្រង់សោយរាជ្យ!›»។—អេសាយ ៥២:៧
១១ ឃ្លាដែលចែងថា«ព្រះនៃឯងទ្រង់សោយរាជ្យ» ជាគោលសំខាន់ក្នុងបទគម្ពីរនេះ ហើយឃ្លានេះរំឭកយើងពីសារដែលយើងត្រូវប្រកាស ពោលគឺដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាកុស ១៣:១០) សូមកត់សម្គាល់ថា ខនេះបញ្ជាក់ពីលក្ខណៈសុទិដ្ឋិនិយមនៃសាររបស់យើង។ អេសាយប្រើពាក្យដូចជា«សេចក្ដីសង្គ្រោះ» «ដំណឹងល្អ» «សេចក្ដីមេត្រី» និង«ការប្រសើរ»។ ច្រើនសតវត្សរ៍ក្រោយជំនាន់លោកអេសាយនោះ គឺនៅសតវត្សរ៍ទី១ គ.ស. ព្រះយេស៊ូគ្រីស្ទបានបំពេញទំនាយនេះតាមរបៀបដ៏អស្ចារ្យ ដោយធ្វើជាគំរូក្នុងការថ្លែងដោយខ្នះខ្នែងនូវដំណឹងអំពីអ្វីដ៏ប្រសើរជាង គឺព្រះរាជាណាចក្ររបស់ព្រះដែលជិតនឹងមក។ (លូកា ៤:៤៣) នៅសម័យនេះវិញ ជាពិសេសតាំងពីឆ្នាំ១៩១៩មកម្ល៉េះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានធ្វើតាមគំរូរបស់ព្រះយេស៊ូដោយប្រកាសយ៉ាងខ្នះខ្នែងនូវដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនាហើយ ព្រមទាំងប្រាប់អំពីពរដែលព្រះរាជាណាចក្រនោះនឹងនាំមកដែរ។
១២. តើដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះមានឥទ្ធិពលយ៉ាងណាលើពួកអ្នកដែលព្រមជឿ?
១២ តើដំណឹងល្អនេះអំពីព្រះរាជាណាចក្ររបស់ព្រះមានឥទ្ធិពលយ៉ាងណាទៅលើពួកអ្នកដែលព្រមជឿ? សព្វថ្ងៃនេះក៏ដូចជានៅសម័យព្រះយេស៊ូដែរ ដំណឹងល្អអាចនាំឲ្យមានសេចក្ដីសង្ឃឹមនិងផ្ដល់នូវការសម្រាលទុក្ខ។ (រ៉ូម ១២:១២; ១៥:៤) ដំណឹងនោះឲ្យមនុស្សទៀងត្រង់មានសេចក្ដីសង្ឃឹមពីព្រោះពួកគេរៀនថា ពួកគេមានមូលហេតុរឹងមាំក្នុងការជឿថា នៅថ្ងៃមុខនឹងមានគ្រាល្អជាង។ (ម៉ាថាយ ៦:៩, ១០; ពេត្រុសទី២ ៣:១៣) សេចក្ដីសង្ឃឹមបែបនេះតែងតែជួយពួកអ្នកដែលកោតខ្លាចព្រះឲ្យមានគំនិតសុទិដ្ឋិនិយមអំពីពេលអនាគត។ ពិតមែន ដូចអ្នកតែងទំនុកដំកើងចែងនោះ ពួកគេនឹង«មិនខ្លាចដំណឹងអាក្រក់ឡើយ»។—ទំនុកដំកើង ១១២:១, ៧
សារមួយដែលនឹង‹ជួយថែទាំមនុស្សដែលមានចិត្តសង្រេង›
១៣. តើព្យាការីអេសាយពណ៌នាយ៉ាងណា អំពីពរដែលអ្នកជឿលើដំណឹងល្អអាចទទួលភ្លាមៗ?
១៣ ម្យ៉ាងទៀត ដំណឹងល្អដែលដែលយើងផ្សព្វផ្សាយនោះជួយសម្រាលទុក្ខនិងប្រទានពរភ្លាមៗដល់ពួកអ្នកដែលព្រមស្ដាប់។ តើដោយដូចម្ដេច? ព្យាការីអេសាយបានបញ្ជាក់អំពីពរខ្លះៗនោះពេលដែលគាត់ទាយថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បី នឹងប្រោស[ឬ«ជួយថែទាំ», ខ.ស.]មនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់បំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកដែលសោយសោក»។—អេសាយ ៦១:១, ២; លូកា ៤:១៦-២១
១៤. (ក) ឃ្លាដែលថា‹ប្រោសឬជួយថែទាំមនុស្សដែលមានចិត្តសង្រេង›នោះ តើនេះបង្ហាញអ្វីខ្លះអំពីសារព្រះរាជាណាចក្ររបស់ព្រះ? (ខ) តើយើងអាចបង្ហាញយ៉ាងណាបាននូវព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះមនុស្សដែលមានចិត្តសង្រេង?
១៤ យោងទៅតាមបទទំនាយនេះ ព្រះយេស៊ូនឹង‹ប្រោសឬជួយថែទាំមនុស្សដែលមានចិត្តសង្រេង›ដោយផ្សព្វផ្សាយដំណឹងល្អដល់គេ។ សូមគិតអំពីការពណ៌នារបស់អេសាយ។ យោងទៅតាមវចនានុក្រមព្រះគម្ពីរមួយ ពាក្យភាសាហេព្រើរដែលបកប្រែថា«ប្រោស»ឬ«ថែទាំ»នោះ «ត្រូវប្រើសំដៅលើការ‹ថែទាំ›ដោយយកក្រណាត់រុំរបួស ហើយរួមបញ្ចូលការថែទាំអ្នករបួសដោយដាក់ថ្នាំផ្សះផង»។ មនុស្សដែលថែទាំអ្នកជំងឺនោះ ប្រហែលជាយកក្រណាត់រុំមុខរបួសដើម្បីការពារ។ ដូចគ្នាដែរ ពេលផ្សាយប្រកាសនូវសារព្រះរាជាណាចក្ររបស់ព្រះ អ្នកផ្សព្វផ្សាយក៏យកចិត្តទុកដាក់ជួយថែទាំអស់អ្នកស្ដាប់ដែលកំពុងតែរងទុក្ខ។ ពួកអ្នកផ្សព្វផ្សាយដែលជួយថែទាំអស់អ្នកដែលត្រូវការជំនួយនោះ កំពុងតែបង្ហាញអំពីព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាវិញ។ (អេសេគាល ៣៤:១៥, ១៦) អ្នកតែងបទទំនុកដំកើងបានប្រាប់អំពីព្រះថា៖ «ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង»។—ទំនុកដំកើង ១៤៧:៣
របៀបដែលសារព្រះរាជាណាចក្ររបស់ព្រះជួយថែទាំបាន
១៥, ១៦. តើបទពិសោធន៍អ្វីខ្លះបញ្ជាក់នូវរបៀបដែលសារព្រះរាជាណាចក្ររបស់ព្រះអាចជួយពង្រឹងកម្លាំងរបស់ពួកអ្នកដែលត្រូវការជំនួយ?
១៥ បទពិសោធន៍របស់មនុស្សផ្សេងៗបញ្ជាក់នូវរបៀបដែលសារព្រះរាជាណាចក្ររបស់ព្រះអាចជួយពង្រឹងកម្លាំងរបស់ពួកអ្នកដែលមានចិត្តសង្រេង។ សូមគិតអំពីស្ត្រីម្នាក់ដែលមានវ័យចាស់ហើយមិនចង់រស់ទៀត។ គាត់ឈ្មោះអូរីអាណា ហើយគាត់រស់នៅទ្វីបអាមេរិកខាងត្បូង។ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានទៅជួបអូរីអាណាជាទៀងទាត់ដើម្បីអានព្រះគម្ពីរនិងសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជូនគាត់។b មុនដំបូង អ៊ំស្រីដែលបាក់ទឹកចិត្តនោះទម្រេតខ្លួនលើគ្រែបិទភ្នែកស្ដាប់ប្អូនស្រីអានជូនគាត់ ហើយដកដង្ហើមធំម្ដងម្កាល។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក អ៊ំស្រីសុខចិត្តងើបអង្គុយស្ដាប់ប្អូនស្រីអាននោះ។ យូរៗទៅ អ៊ំស្រីឡើងអង្គុយលើកៅអីក្នុងបន្ទប់ទទួលភ្ញៀវដោយរង់ចាំប្អូនស្រីមកបង្រៀនព្រះគម្ពីរ។ បន្ទាប់មក អ៊ំស្រីក៏ចាប់ផ្ដើមចូលរួមកិច្ចប្រជុំគ្រីស្ទាននៅឯសាលព្រះរាជាណាចក្រ។ អ្វីដែលអ៊ំស្រីបានរៀននៅឯកិច្ចប្រជុំទាំងនោះបានលើកទឹកចិត្តគាត់ដល់ម្ល៉េះបានជាអ៊ំស្រីចាប់ផ្ដើមចែកសៀវភៅអំពីព្រះគម្ពីរដល់អស់អ្នកដែលដើរកាត់ផ្ទះគាត់។ រួចមក ពេលដែលអ៊ំស្រីអូរីអាណាមានអាយុ៩៣ឆ្នាំ គាត់បានទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ សារព្រះរាជាណាចក្ររបស់ព្រះបានជួយបណ្ដុះឲ្យអ៊ំស្រីមានចិត្តចង់រស់តទៅទៀត។—សុភាសិត ១៥:៣០; ១៦:២៤
១៦ សារព្រះរាជាណាចក្ររបស់ព្រះក៏ជួយពង្រឹងកម្លាំងរបស់មនុស្សដែលដឹងថា បន្ដិចទៀតនឹងបាត់បង់ជីវិតដោយសារជំងឺរ៉ាំរ៉ៃ។ តួយ៉ាងមួយគឺបងស្រីឈ្មោះម៉ារាពីទ្វីបអឺរ៉ុបប៉ែកខាងលិច។ បងស្រីម៉ារាមានជំងឺរ៉ាំរ៉ៃដែលគ្រូពេទ្យព្យាបាលមិនបានទេ ដូច្នេះម៉ារាក៏អស់សង្ឃឹមទាំងស្រុង។ មុនពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានជួបបងស្រីម៉ារា គាត់បានធ្លាក់ទឹកចិត្តជាខ្លាំង។ ក៏ប៉ុន្តែ ពេលដែលគាត់រៀនអំពីគោលបំណងរបស់ព្រះ នោះជីវិតរបស់បងស្រីម៉ារាចាប់ផ្ដើមមានអត្ថន័យជាថ្មីឡើងវិញ។ ម៉ារាបានទទួលបុណ្យជ្រមុជទឹកហើយក៏មានសកម្មភាពច្រើនក្នុងកិច្ចផ្សព្វផ្សាយ។ ក្នុងកំឡុងពីរឆ្នាំចុងក្រោយនៃជីវិតរបស់ម៉ារា គាត់មានទឹកមុខស្រស់បស់ដោយក្ដីសង្ឃឹមនិងក្ដីអំណរ។ ពេលដែលម៉ារាស្លាប់នោះ គាត់មានជំនឿរឹងមាំទៅលើដំណើររស់ឡើងវិញ។—រ៉ូម ៨:៣៨, ៣៩
១៧. (ក) តើសារព្រះរាជាណាចក្ររបស់ព្រះកំពុងតែមានឥទ្ធិពលអ្វីលើជីវិតរបស់មនុស្សដែលព្រមជឿ? (ខ) ស្តីអំពីរបៀបដែលព្រះយេហូវ៉ា«លើកពួកអ្នកដែលត្រូវឱនឡើងវិញ»នោះ តើអ្នកបានពិសោធអ្វីខ្លះផ្ទាល់ខ្លួន?
១៧ បទពិសោធន៍បែបនេះជាទីសំអាងដែលបង្ហាញពីឥទ្ធិពលដែលសារព្រះរាជាណាចក្ររបស់ព្រះអាចមានលើជីវិតរបស់មនុស្សដែលប្រាថ្នាចង់ស្គាល់នូវសេចក្ដីពិតពីព្រះគម្ពីរ។ មនុស្សដែលសោកសង្រេងដោយសារបងប្អូនញាតិមិត្តជាទីស្រឡាញ់បានស្លាប់ទៅ អាចមានកម្លាំងចិត្តឡើងវិញពេលរៀនអំពីដំណើររស់ឡើងវិញ។ (ថែស្សាឡូនីចទី១ ៤:១៣) មនុស្សក្រីក្រដែលពិបាកចិញ្ចឹមក្រុមគ្រួសារក៏ចាប់ផ្ដើមមានចិត្តក្លាហាននិងឲ្យតម្លៃខ្លួនឡើងវិញពេលដឹងថាព្រះយេហូវ៉ានឹងមិនបោះបង់ពួកគេចោលទេ បើពួកគេរក្សាឲ្យមានភាពស្មោះត្រង់។ (ទំនុកដំកើង ៣៧:២៨) ហើយដោយទទួលជំនួយពីព្រះយេហូវ៉ានោះ មនុស្សជាច្រើនដែលចេះតែធ្លាក់ទឹកចិត្តជាខ្លាំងក៏មានកម្លាំងចិត្តឡើងវិញបន្ដិចម្ដងៗដើម្បីស៊ូទ្រាំបាន ហើយក្នុងករណីខ្លះក៏រហូតដល់ងើបខ្លួនឲ្យរួចពីជំងឺចិត្តបែបនោះទៀតផង។ (ទំនុកដំកើង ៤០:១, ២) ប្រាកដហើយ ពេលឥឡូវនេះព្រះយេហូវ៉ាកំពុងតែ«លើកពួកអ្នកដែលត្រូវឱនឡើងវិញ»ដោយសារអំណាចដែលទ្រង់ផ្ដល់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ (ទំនុកដំកើង ១៤៥:១៤) ដោយកត់សម្គាល់នូវរបៀបដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះសម្រាលទុក្ខមនុស្សដែលមានចិត្តសង្រេងក្នុងតំបន់ផ្សាយនិងក្នុងក្រុមជំនុំរបស់យើង នេះរំឭកយើងម្ដងហើយម្ដងទៀតថា យើងមានដំណឹងល្អបំផុតសព្វថ្ងៃនេះ!—ទំនុកដំកើង ៥១:១៧
«សេចក្ដីដែលខ្ញុំអង្វរដល់ព្រះឲ្យ[ពួកគេ]»
១៨. ពេលដែលពួកសាសន៍យូដាមិនព្រមស្ដាប់ដំណឹងល្អនោះ តើនេះមានឥទ្ធិពលយ៉ាងណាលើប៉ុល? ហើយហេតុអ្វី?
១៨ ទោះបីជាសាររបស់យើងមានដំណឹងដ៏ល្អបំផុតក៏ដោយ មនុស្សជាច្រើនមិនចង់ស្ដាប់ទេ។ តើប្រតិកម្មបែបនេះអាចមានឥទ្ធិពលយ៉ាងណាលើយើង? គឺអាចមានឥទ្ធិពលដូចដែលមានលើសាវ័កប៉ុលផងដែរ។ ប៉ុលបានផ្សព្វផ្សាយយ៉ាងច្រើនដល់ពួកសាសន៍យូដា តែពួកគេភាគច្រើនបានបដិសេធសារនៃសេចក្ដីសង្គ្រោះនោះ។ ការមិនព្រមស្ដាប់នោះមានឥទ្ធិពលយ៉ាងខ្លាំងលើប៉ុល។ គាត់បានសារភាពថា៖ «ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំងនឹងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច»។ (រ៉ូម ៩:២) ប៉ុលមានចិត្តអាណិតមេត្ដាចំពោះមនុស្សសាសន៍យូដាដែលគាត់ផ្សព្វផ្សាយដល់នោះ។ ហើយគាត់ក៏មានចិត្តសង្រេងពេលដែលពួកគេមិនព្រមស្ដាប់ដំណឹងល្អនោះ។
១៩. (ក) ហេតុអ្វីក៏មិនចម្លែកទេ ថាយើងអាចមានអារម្មណ៍ធ្លាក់ទឹកចិត្តម្ដងម្កាល? (ខ) តើអ្វីបានជួយឲ្យប៉ុលបន្តធ្វើកិច្ចការផ្សាយ?
១៩ យើងក៏ផ្សព្វផ្សាយដំណឹងល្អដោយព្រោះមានចិត្តអាណិតអាសូរផងដែរ។ ហេតុនេះហើយបានជាមិនពិបាកយល់ទេនូវមូលហេតុដែលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តពេលដែលមនុស្សជាច្រើនមិនព្រមស្ដាប់សារព្រះរាជាណាចក្ររបស់ព្រះ។ អារម្មណ៍ធ្លាក់ទឹកចិត្តនេះបង្ហាញថា យើងពិតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាពខាងវិញ្ញាណរបស់ពួកអ្នកដែលយើងផ្សព្វផ្សាយដល់នោះ។ យ៉ាងណាក៏ដោយ យើងគួរចងចាំនូវគំរូរបស់សាវ័កប៉ុល។ តើអ្វីបានជួយឲ្យគាត់ស៊ូទ្រាំក្នុងកិច្ចការផ្សព្វផ្សាយនោះ? ទោះបីប៉ុលកើតទុក្ខឬមានចិត្តសង្រេងពេលដែលពួកសាសន៍យូដាមិនព្រមស្ដាប់ក៏ដោយ គាត់ក៏មិនបានចាត់ទុកជនជាតិយូដាទាំងឡាយសុទ្ធតែជាមនុស្សដែលបដិសេធគាត់ទេ។ ប៉ុលនៅតែបានសង្ឃឹមថា ជនជាតិយូដាខ្លះប្រហែលជានឹងជឿទៅលើព្រះគ្រីស្ទ។ អាស្រ័យហេតុនេះ ប៉ុលបានសរសេរអំពីអារម្មណ៍របស់គាត់ចំពោះជនយូដាម្នាក់ៗថា៖ «បំណងចិត្តខ្ញុំនឹងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ»។—រ៉ូម ១០:១
២០, ២១. (ក) ស្តីអំពីកិច្ចបំរើផ្សាយរបស់យើង តើយើងអាចធ្វើតាមគំរូរបស់ប៉ុលបានយ៉ាងណា? (ខ) ក្នុងអត្ថបទជាបន្ទាប់ តើយើងនឹងពិនិត្យមើលលក្ខណៈអ្វីនៃកិច្ចបំរើផ្សាយរបស់យើង?
២០ សូមកត់សម្គាល់ចំណុចពីរដែលប៉ុលបានបញ្ជាក់នោះ។ គាត់មានចិត្តប្រាថ្នាឲ្យមនុស្សខ្លះទទួលសេចក្ដីសង្គ្រោះ ហើយគាត់ក៏បានអង្វរព្រះសូមឲ្យមានផលបែបនោះ។ សព្វថ្ងៃនេះយើងក៏ធ្វើតាមគំរូរបស់ប៉ុលដែរ។ យើងប្រាថ្នាអស់ពីចិត្តចង់ជួបមនុស្សដែលសុខចិត្តស្ដាប់ដំណឹងល្អ។ យើងអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាជានិច្ចថាសូមឲ្យយើងជួបមនុស្សបែបនោះដើម្បីជួយឲ្យពួកគេបំពេញតាមតម្រូវការដែលអាចនាំឲ្យទទួលសេចក្ដីសង្គ្រោះបាន។—សុភាសិត ១១:៣០; អេសេគាល ៣៣:១១; យ៉ូហាន ៦:៤៤
២១ ក៏ប៉ុន្តែ បើយើងចង់ឲ្យមនុស្សច្រើនបំផុតស្ដាប់នូវសារព្រះរាជាណាចក្ររបស់ព្រះ យើងមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះមូលហេតុនិងអ្វីដែលយើងផ្សព្វផ្សាយប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ចំពោះរបៀបដែលយើងផ្សព្វផ្សាយផងដែរ។ យើងនឹងពិនិត្យមើលចំណុចនេះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a អត្ថបទនេះនឹងពិចារណាលក្ខណៈពីរដំបូងនោះ។ ហើយអត្ថបទជាបន្ទាប់នឹងពិចារណាលក្ខណៈទីបី។
b បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកបានរៀនអ្វីខ្លះ?
• តើយើងរួមចំណែកក្នុងកិច្ចបំរើផ្សាយដោយមូលហេតុអ្វី?
• តើអ្វីជាសារសំខាន់ចំបងដែលយើងផ្សាយនោះ?
• តើពួកអ្នកដែលព្រមជឿលើសារព្រះរាជាណាចក្ររបស់ព្រះនឹងទទួលពរអ្វីខ្លះ?
• តើអ្វីនឹងជួយយើងបន្តធ្វើកិច្ចការផ្សព្វផ្សាយ?
[រូបភាពនៅទំព័រ១២]
សេចក្ដីអធិស្ឋាននឹងជួយយើងស៊ូទ្រាំក្នុងកិច្ចបំរើផ្សាយរបស់យើង