ព្រះយេហូវ៉ាប្រទាន«វិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម»
«បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូមជាជាងអម្បាលម៉ានទៅទៀត?»។—លូកា ១១:១៣
១. តើយើងត្រូវការជំនួយច្រើនពីវិញ្ញាណបរិសុទ្ធក្នុងគ្រាណាខ្លះ?
‹ខ្ញុំមិនអាចពុះពារឧបសគ្គទាំងនេះបានដោយខ្លួនឯងទេ។ ខ្ញុំច្បាស់ជាត្រូវការជំនួយពីវិញ្ញាណបរិសុទ្ធដើម្បីស៊ូទ្រាំ!›។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ? គ្រិស្តសាសនិកភាគច្រើនធ្លាប់មានមែន! ប្រហែលជាអ្នកមានអារម្មណ៍បែបនេះពេលដឹងថាខ្លួនមានជំងឺរ៉ាំរ៉ៃ ឬពេលស្វាមីឬភរិយារបស់អ្នកដែលជាមិត្តសម្លាញ់១០០ឆ្នាំបានដេកលក់ក្នុងសេចក្ដីស្លាប់ ឬមួយក៏កាលដែលពេលសប្បាយបានប្រែក្លាយទៅជាទុក្ខដោយសារបាក់ទឹកចិត្ត។ ពេលមានគ្រាលំបាកម្ដងម្កាលនោះ អ្នកប្រហែលជាមានអារម្មណ៍ថាអាចស៊ូទ្រាំបានដោយសារតែមាន«ឥទ្ធិឫទ្ធិដ៏លើសលប់»ដែលព្រះយេហូវ៉ាប្រទានតាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។—កូរិនថូសទី២ ៤:៧-៩; ទំនុកដំកើង ៤០:១, ២
២. (ក) តើពួកគ្រិស្តសាសនិកកំពុងតែជួបប្រទះការពិបាកអ្វីខ្លះ? (ខ) តើអត្ថបទនេះនឹងឆ្លើយសំណួរអ្វីខ្លះ?
២ ពួកគ្រិស្តសាសនិកពិតកំពុងតែជួបប្រទះការបង្ខិតបង្ខំកាន់តែច្រើន និងការប្រឆាំងកាន់តែខ្លាំងពីលោកិយនេះដែលមិនគោរពព្រះ។ (យ៉ូហានទី១ ៥:១៩) បន្ថែមទៅទៀត អារក្សសាតាំងកំពុងតែពាធាលើពួកគ្រិស្តសាសនិក ដ្បិតវាចេះតែច្បាំងយ៉ាងសាហាវនឹង«ពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១២, ១៧) ហេតុនេះហើយមិនជាការចម្លែកអ្វីឡើយដែលសព្វថ្ងៃនេះយើងត្រូវការជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះខ្លាំងជាងមុនៗទៅទៀត។ តើយើងអាចធ្វើអ្វីដើម្បីប្រាកដថាយើងនឹងបន្តទទួលវិញ្ញាណបរិសុទ្ធជាបរិបូរពីព្រះ? ហើយហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាសព្វព្រះទ័យផ្ដល់កម្លាំងដែលយើងត្រូវការពេលមានការលំបាក? រឿងប្រៀបប្រដូចពីររបស់ព្រះយេស៊ូអាចឆ្លើយសំណួរទាំងនេះបាន។
ចូរអធិស្ឋានជានិច្ច
៣, ៤. តើព្រះយេស៊ូមានបន្ទូលប្រាប់រឿងប្រៀបប្រដូចអ្វី? តើទ្រង់ពន្យល់យ៉ាងណាអំពីរបៀបរឿងនោះទាក់ទងនឹងការអធិស្ឋាន?
៣ នៅពេលមួយ សិស្សម្នាក់របស់ព្រះយេស៊ូមានសំណូមពរថា៖ «សូមទ្រង់បង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង»។ (លូកា ១១:១) ព្រះយេស៊ូបានធ្វើតាមសំណូមពរនោះដោយប្រាប់រឿងប្រៀបប្រដូចពីរដែលជាប់ទាក់ទងគ្នា។ រឿងទីមួយសំដៅទៅលើម្ចាស់ផ្ទះម្នាក់ដែលទទួលភ្ញៀវ ហើយរឿងទីពីររៀបរាប់អំពីឪពុកម្នាក់ដែលធ្វើតាមសំណូមពររបស់កូន។ ឥឡូវយើងសូមមើលរឿងទាំងពីរនេះម្ដងមួយៗ។
៤ ព្រះយេស៊ូមានបន្ទូលថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្ដាលអធ្រាត្រថា៖ ‹សំឡាញ់អើយ! សូមឲ្យអញខ្ចីនំប៉័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ›។ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា៖ ‹កុំមករំខានចិត្តអញអី! ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង។ អញក្រោកទៅយកឲ្យឯងពុំបានទេ›។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើងយកទៅឲ្យដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច»។ រួចមក ព្រះយេស៊ូពន្យល់អត្ថន័យរឿងប្រៀបប្រដូចនេះស្តីអំពីការអធិស្ឋាន។ ទ្រង់មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងឲ្យមកអ្នក ចូររក[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងឃើញ ចូរគោះ[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ»។—លូកា ១១:៥-១០; ព.ថ.
៥. ក្នុងរឿងអំពីម្ចាស់ផ្ទះដែលទទូចអង្វរមិត្តសម្លាញ់ជានិច្ចនោះ តើនេះបង្រៀនយ៉ាងណាអំពីលក្ខណៈដែលយើងគួរមានពេលអធិស្ឋាន?
៥ រឿងអំពីម្ចាស់ផ្ទះម្នាក់នេះ បង្ហាញយ៉ាងច្បាស់នូវលក្ខណៈដែលយើងគួរមានពេលអធិស្ឋាន។ សូមកត់សម្គាល់អ្វីដែលព្រះយេស៊ូពន្យល់អំពីបុរសនោះ ថាគាត់បានទទួលអ្វីដែលត្រូវការ«ដោយព្រោះ . . . ចេះតែទទូចអង្វរជានិច្ច»។ (លូកា ១១:៨) ឃ្លាថា «ចេះតែទទូចអង្វរជានិច្ច»នេះ មានតែម្ដងគត់ក្នុងព្រះគម្ពីរ។ ឃ្លានេះបកប្រែពីភាសាក្រិចដែលមានន័យចំៗថា «ឥតចេះខ្មាស»។ ធម្មតាមនុស្សចាត់ទុកការឥតចេះខ្មាសជាលក្ខណៈមិនល្អ។ ប៉ុន្តែ ក្នុងករណីដែលមនុស្សចេះតែធ្វើអំពើល្អជានិច្ច នោះការឥតចេះខ្មាសជាគុណសម្បត្ដិដ៏គួរឲ្យសរសើរវិញ។ ក្នុងរឿងប្រៀបប្រដូចនេះ ម្ចាស់ផ្ទះនោះមានលក្ខណៈល្អ។ គាត់ឥតខ្មាសសោះឡើយក្នុងការទទូចសូមជានិច្ចនូវអ្វីដែលគាត់ត្រូវការ។ ដោយសារព្រះយេស៊ូលើកម្ចាស់ផ្ទះនេះជាគំរូសម្រាប់យើង នេះបង្ហាញថាយើងត្រូវអង្វរព្រះជានិច្ចក្នុងការអធិស្ឋាន។ ព្រះយេហូវ៉ាសព្វព្រះទ័យឲ្យយើង‹សូមម្ដងហើយម្ដងទៀត រកម្ដងហើយម្ដងទៀត និងគោះម្ដងហើយម្ដងទៀត›។ ជាលទ្ធផល ទ្រង់នឹង«ប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម»។
៦. នៅសម័យព្រះយេស៊ូ តើមនុស្សមានទស្សនៈយ៉ាងណាអំពីការទទួលភ្ញៀវ?
៦ ព្រះយេស៊ូមិនគ្រាន់តែបង្ហាញពីរបៀបដែលយើងគួរអធិស្ឋានទេ (ដោយចេះតែទទូចអង្វរជានិច្ច) តែទ្រង់ក៏ពន្យល់ពីមូលហេតុដែលយើងគួរធ្វើដូច្នេះដែរ។ បើយើងចង់យល់អំពីមូលហេតុដែលយើងគួរទទូចអង្វរព្រះជានិច្ចដូចម្ចាស់ផ្ទះក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ គឺគប្បីឲ្យយើងគិតអំពីទស្សនៈរបស់ពួកអ្នកដែលស្ដាប់រឿងនោះស្តីអំពីទម្លាប់បង្ហាញភាពរាក់ទាក់នៅសម័យនោះ។ បទគម្ពីរជាច្រើនបង្ហាញថាមនុស្សនៅសម័យព្រះគម្ពីរ (ជាពិសេសពួកអ្នកបម្រើព្រះ) បានចាត់ទុកការទទួលភ្ញៀវជាភារកិច្ចសំខាន់ណាស់។ (លោកុប្បត្តិ ១៨:២-៥; ហេព្រើរ ១៣:២) ការមិនបង្ហាញភាពរាក់ទាក់នោះនាំឲ្យអាម៉ាស់មុខឬអបយសវិញ។ (លូកា ៧:៣៦-៣៨, ៤៤-៤៦) ដោយយល់អំពីទម្លាប់នោះ យើងសូមមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូម្ដងទៀត។
៧. ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ហេតុអ្វីក៏ម្ចាស់ផ្ទះដែលមានភ្ញៀវនោះ មិនខ្មាសក្នុងការរំខានមិត្តសម្លាញ់គាត់?
៧ ក្នុងរឿងប្រៀបប្រដូចនោះ ម្ចាស់ផ្ទះបានទទួលភ្ញៀវនៅកណ្ដាលអធ្រាត្រ។ ម្ចាស់ផ្ទះមានចិត្តជំរុញឲ្យរៀបអាហារជូនភ្ញៀវ ប៉ុន្តែគាត់«គ្មានអ្វីទទួលគេសោះ»។ តាមទស្សនៈម្ចាស់ផ្ទះនោះ នេះជារឿងបន្ទាន់ណាស់! ហើយគាត់ត្រូវធ្វើអ្វីក៏ដោយដើម្បីឲ្យបាននំប៉័ងជូនភ្ញៀវ។ ដូច្នេះ គាត់ទៅផ្ទះមិត្តសម្លាញ់ហើយឥតខ្មាសសោះក្នុងការរំខានគាត់។ អ្នកដែលមានភ្ញៀវនោះស្រែកថា៖ «សំឡាញ់អើយ! សូមឲ្យអញខ្ចីនំប៉័ង៣ដុំសិន»។ គាត់ចេះតែទទូចអង្វរជានិច្ចទាល់តែបានទទួលអ្វីដែលគាត់ត្រូវការនោះ។ ច្បាស់ហើយ គាត់ត្រូវតែមាននំប៉័ងជាចាំបាច់ដើម្បីទទួលភ្ញៀវ នោះទើបចាត់ទុកថាជាការគួរសម។
ត្រូវការកាន់តែខ្លាំង ទទូចអង្វរកាន់តែច្រើន
៨. តើអ្វីនឹងជំរុញយើងឲ្យទទូចសូមវិញ្ញាណបរិសុទ្ធជានិច្ច?
៨ តើរឿងប្រៀបប្រដូចនេះបង្ហាញយ៉ាងណាអំពីមូលហេតុដែលយើងចេះតែអធិស្ឋានជានិច្ច? បុរសនោះបានទទូចសូមនំប៉័ងម្ដងហើយម្ដងទៀតពីព្រោះគាត់មានទស្សនៈថា ពេលទទួលភ្ញៀវគាត់ត្រូវការនំប៉័ងនោះចាំបាច់ណាស់ដើម្បីបំពេញភារកិច្ចជាម្ចាស់ផ្ទះ។ (អេសាយ ៥៨:៥-៧) បើគ្មាននំប៉័ង គាត់មិនអាចបង្ហាញភាពរាក់ទាក់ដែលជាការគួរសមទេ។ ដូចគ្នាដែរ យើងដឹងថាយើងត្រូវការវិញ្ញាណបរិសុទ្ធរបស់ព្រះជាចាំបាច់ដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើងជាគ្រិស្តសាសនិក ដូច្នេះយើងចេះតែអធិស្ឋានទូលព្រះជានិច្ចក្នុងការសូមវិញ្ញាណទ្រង់។ (សាការី ៤:៦) បើអត់មានវិញ្ញាណនោះ យើងមិនអាចសម្រេចការបានទេ។ (ម៉ាថាយ ២៦:៤១) តើអ្នកយល់មេរៀនដែលយើងអាចទាញពីរឿងប្រៀបប្រដូចនេះទេ? មេរៀននេះគឺ បើយើងចាត់ទុកវិញ្ញាណបរិសុទ្ធរបស់ព្រះជាអ្វីដែលយើងត្រូវការចាំបាច់ នោះយើងទំនងជានឹងទទូចសូមវិញ្ញាណនោះជានិច្ចដែរ។
៩, ១០. (ក) សូមប្រាប់ឧទាហរណ៍មួយដែលបញ្ជាក់ពីមូលហេតុដែលយើងត្រូវទទូចសូមវិញ្ញាណបរិសុទ្ធពីព្រះយេហូវ៉ាជានិច្ច។ (ខ) តើយើងគួរសួរខ្លួនឯងសំណួរអ្វី? ហើយហេតុអ្វីគួរសួរសំណួរនោះ?
៩ សូមគិតអំពីករណីសព្វថ្ងៃនេះដែលប្រហាក់ប្រហែលនឹងព្រឹត្ដិការណ៍ក្នុងមេរៀននោះ។ ចុះយ៉ាងណាបើសមាជិកគ្រួសារម្នាក់ធ្លាក់ខ្លួនឈឺនៅកណ្ដាលអធ្រាត្រ? តើអ្នកហ៊ានរំខានគ្រូពេទ្យដោយសុំជំនួយទេ? ប្រហែលជាអ្នកមិនធ្វើដូច្នេះទេ បើអ្នកជំងឺមិនសូវឈឺខ្លាំងប៉ុន្មាននោះ។ ប៉ុន្តែ ចុះយ៉ាងណាបើគាត់គាំងបេះដូងវិញ? អ្នកច្បាស់ជាមិនខ្មាសទៅហៅគ្រូពេទ្យទេ! ហេតុអ្វី? ពីព្រោះនោះជាគ្រាអាសន្នមែន ហើយអ្នកដឹងថាអ្នកត្រូវការគ្រូពេទ្យជួយជាចាំបាច់! បើមិនទៅហៅគ្រូពេទ្យឲ្យមក ប្រហែលជាសមាជិកគ្រួសារយើងនឹងស្លាប់ជាមិនខាន។ ស្រដៀងគ្នាដែរ គឺហាក់ដូចជាពួកគ្រិស្តសាសនិកពិតស្ថិតក្នុងគ្រាអាសន្ននៅសព្វថ្ងៃនេះ ដ្បិតសាតាំងចេះតែ«គ្រហឹមដូចជាសិង្ហ»ហើយចង់ត្របាក់លេបយើង។ (ពេត្រុសទី១ ៥:៨) បើយើងចង់រួចខ្លួនខាងវិញ្ញាណ យើងត្រូវការជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះជាចាំបាច់។ បើមិនសូមវិញ្ញាណនោះ យើងប្រហែលជានឹងមានគ្រោះថ្នាក់មែន។ អាស្រ័យហេតុនេះហើយបានជាយើងចេះតែទទូចសូមវិញ្ញាណបរិសុទ្ធពីព្រះជានិច្ច។ (អេភេសូរ ៣:១៤-១៦) មានតែធ្វើដូច្នេះទេ ទើបយើងអាចមានកម្លាំងល្មមនឹង«កាន់ខ្ជាប់ដរាបដល់ចុងបំផុត»បាន។—ម៉ាថាយ ១០:២២; ២៤:១៣
១០ ដូច្នេះ គឺសំខាន់ចាំបាច់ឲ្យយើងសួរខ្លួនឯងម្ដងម្កាលថា ‹តើខ្ញុំទទូចអង្វរព្រះជានិច្ចក្នុងការអធិស្ឋានឬ?›។ ចូរចាំថា ពេលយើងដឹងច្បាស់ថាយើងត្រូវការជំនួយពីព្រះយេហូវ៉ា យើងក៏នឹងទទូចសូមវិញ្ញាណបរិសុទ្ធកាន់តែច្រើនផងដែរ។
តើអ្វីជំរុញយើងឲ្យអធិស្ឋានដោយមានទំនុកចិត្ត?
១១. តើព្រះយេស៊ូពន្យល់ថារឿងប្រៀបប្រដូចអំពីឪពុកនិងកូនទាក់ទងនឹងសេចក្ដីអធិស្ឋានយ៉ាងណា?
១១ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីម្ចាស់ផ្ទះដែលចេះតែទទូចអង្វរមិត្តសម្លាញ់ជានិច្ច នោះបញ្ជាក់ពីលក្ខណៈនៃអ្នកជឿដែលកំពុងតែអធិស្ឋាន។ តែរឿងទីពីរបញ្ជាក់ពីលក្ខណៈនៃព្រះយេហូវ៉ាដែលព្រះសណ្ដាប់សេចក្ដីអធិស្ឋានវិញ។ ព្រះយេស៊ូបានសួរថា៖ «ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំប៉័ង តើអ្នកណានឹងឲ្យថ្មទៅវា? ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ? បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី?»។ រួចមក ព្រះយេស៊ូមានបន្ទូលទៀតដើម្បីពន្យល់អត្ថន័យរឿងប្រៀបប្រដូចនោះថា៖ «បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូមជាជាងអម្បាលម៉ានទៅទៀត?»។—លូកា ១១:១១-១៣
១២. តើរឿងប្រៀបប្រដូចអំពីឪពុកដែលស្ដាប់តាមសំណូមពររបស់កូនបញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាសព្វព្រះទ័យធ្វើតាមសេចក្ដីអធិស្ឋានរបស់យើង?
១២ ពេលព្រះយេស៊ូមានបន្ទូលប្រាប់រឿងនេះអំពីអ្វីដែលឪពុកធ្វើពេលកូនសូមរបស់នោះ នេះបង្ហាញពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះមនុស្សដែលអធិស្ឋានទូលទ្រង់។ (លូកា ១០:២២) មុនដំបូង សូមកត់សម្គាល់លក្ខណៈផ្ទុយពីគ្នាក្នុងរឿងប្រៀបប្រដូចទាំងពីរនេះ។ ក្នុងរឿងទីមួយ អ្នកនោះខ្ជិលធ្វើតាមសំណូមពររបស់មិត្តសម្លាញ់ ប៉ុន្តែក្នុងរឿងទីពីរនេះ ព្រះយេហូវ៉ាប្រៀបដូចជាឪពុកដែលស្រឡាញ់កូនហើយចង់ធ្វើតាមសំណូមពររបស់កូននោះភ្លាម។ (ទំនុកដំកើង ៥០:១៥) បន្ទាប់មក ព្រះយេស៊ូសំដៅទៅលើលក្ខណៈខុសគ្នារវាងមនុស្សនិងព្រះដើម្បីបញ្ជាក់ម្ដងទៀតថា ព្រះយេហូវ៉ាពិតជាសព្វព្រះទ័យជួយយើងមែន។ ព្រះយេស៊ូមានបន្ទូលថា ឪពុកនោះជា«មនុស្សអាក្រក់»ដោយព្រោះមានបាប តែគាត់នៅតែឲ្យរបស់ល្អដល់កូន ដូច្នេះយើងក៏គួរជឿជាក់ថា ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដែលមានព្រះទ័យសប្បុរស ទ្រង់ពិតជានឹងប្រទានវិញ្ញាណបរិសុទ្ធច្រើនជាងអម្បាលម៉ានទៅទៀតចំពោះកូនចៅដែលជាអ្នកថ្វាយបង្គំទ្រង់។—យ៉ាកុប ១:១៧
១៣. ពេលអធិស្ឋាន តើយើងអាចជឿជាក់អ្វី?
១៣ តើមានមេរៀនអ្វីសម្រាប់យើង? គឺមានមេរៀនថា យើងអាចមានទំនុកចិត្តថាពេលយើងសូមវិញ្ញាណបរិសុទ្ធពីព្រះវរបិតារបស់យើងនៅស្ថានសួគ៌ នោះទ្រង់សព្វព្រះទ័យណាស់ក្នុងការធ្វើតាមសំណូមពររបស់យើង។ (យ៉ូហានទី១ ៥:១៤) ពេលយើងអធិស្ឋានទូលព្រះយេហូវ៉ាម្ដងហើយម្ដងទៀត ទ្រង់នឹងមិនតបឆ្លើយថា៖ «កុំមករំខានចិត្តអញអី» ហាក់ដូចជា«ទ្វារ[ទ្រង់]បិទហើយ»នោះទេ។ (លូកា ១១:៧) ផ្ទុយទៅវិញ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរសូម[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងឲ្យមកអ្នក ចូររក[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងឃើញ ចូរគោះ[«ម្ដងហើយម្ដងទៀត»] នោះតែងនឹងបើកឲ្យអ្នក»។ (លូកា ១១:៩, ១០; ព.ថ.) ពិតមែនហើយ ព្រះយេហូវ៉ាប្រាកដជានឹង«មានបន្ទូលឆ្លើយក្នុងកាលដែលយើងខ្ញុំអំពាវនាវរកទ្រង់»។—ទំនុកដំកើង ២០:៩; ១៤៥:១៨
១៤. (ក) ពេលមានទុក្ខលំបាក តើមនុស្សខ្លះពិបាកចិត្តដោយយល់ច្រឡំអ្វី? (ខ) ហេតុអ្វីក៏យើងអាចមានទំនុកចិត្តក្នុងការអធិស្ឋានទូលព្រះយេហូវ៉ាពេលមានទុក្ខលំបាក?
១៤ រឿងប្រៀបប្រដូចអំពីឪពុកដែលយកចិត្តទុកដាក់ចំពោះកូនបញ្ជាក់ថា ព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរសខ្លាំងជាងមនុស្សណាក៏ដោយដែលជាឪពុកម្ដាយ។ ហេតុនេះហើយបានជាយើងមិនគួរគិតសោះថា យើងកំពុងតែរងទុក្ខលំបាកដោយព្រោះព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះយើង។ តាមពិត គឺជាសាតាំងទេតើ ជាខ្មាំងសត្រូវរបស់យើងដែលចង់ឲ្យយើងគិតដូច្នេះវិញ។ (យ៉ូប ៤:១, ៧, ៨; យ៉ូហាន ៨:៤៤) គ្មានបទគម្ពីរណាសោះផ្ដល់ហេតុឲ្យយើងកាត់ទោសខ្លួនឯងដូចនោះ ដ្បិតព្រះយេហូវ៉ាមិនដែលប្រើ«សេចក្ដីអាក្រក់»មកល្បួងយើងទេ។ (យ៉ាកុប ១:១៣) ព្រះយេហូវ៉ាមិនធ្វើឲ្យយើងមានទុក្ខលំបាកដែលប្រៀបដូចជាហុចឲ្យសត្វពស់ ហើយក៏មិនបណ្ដាលឲ្យមានការល្បងលដែលប្រៀបដូចជាហុចឲ្យខ្យាដំរី។ ផ្ទុយទៅវិញ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌តែងតែ«ប្រទានរបស់ល្អមកអស់អ្នកដែលសូម»។ (ម៉ាថាយ ៧:១១, កំណែជាអក្សរទ្រេត; លូកា ១១:១៣) ប្រាកដហើយ ពេលយើងយល់កាន់តែច្បាស់ថាព្រះយេហូវ៉ាល្អហើយសព្វព្រះទ័យជួយយើង នេះនឹងជំរុញយើងឲ្យអធិស្ឋានកាន់តែច្រើនដោយមានទំនុកចិត្តលើទ្រង់។ ពេលយើងធ្វើដូច្នេះ យើងក៏អាចមានអារម្មណ៍ដូចអ្នកតែងបទទំនុកដំកើងដែលបានសរសេរថា៖ «ព្រះទ្រង់បានស្ដាប់ខ្ញុំហើយ ទ្រង់បានប្រុងស្ដាប់ពាក្យខ្ញុំអធិស្ឋាន»មែន!—ទំនុកដំកើង ១០:១៧; ៦៦:១៩
របៀបវិញ្ញាណបរិសុទ្ធផ្ដល់ជំនួយដល់យើង
១៥. (ក) តើព្រះយេស៊ូសន្យាយ៉ាងដូចម្ដេចអំពីវិញ្ញាណបរិសុទ្ធ? (ខ) តើអ្វីជារបៀបសំខាន់មួយដែលវិញ្ញាណបរិសុទ្ធជួយយើង?
១៥ មិនយូរប៉ុន្មានមុនព្រះយេស៊ូសោយទិវង្គត ទ្រង់បានបញ្ជាក់ម្ដងទៀតអំពីអ្វីដែលទ្រង់ធានាក្នុងរឿងប្រៀបប្រដូចទាំងពីរនេះ។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសាវ័ករបស់ទ្រង់អំពីវិញ្ញាណបរិសុទ្ធថា៖ «ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយនៅអស់កល្បរៀងទៅ»។ (យ៉ូហាន ១៤:១៦) យ៉ាងនេះព្រះយេស៊ូបានសន្យាថា ពួកអ្នកកាន់តាមទ្រង់នឹងមានវិញ្ញាណបរិសុទ្ធជាជំនួយតទៅមុខទៀត គឺរហូតមកដល់សម័យយើងនេះដែរ។ តើអ្វីជារបៀបសំខាន់មួយដែលវិញ្ញាណបរិសុទ្ធគាំទ្រយើងនៅសព្វថ្ងៃនេះ? វិញ្ញាណបរិសុទ្ធកំពុងតែជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ។ តើវិញ្ញាណបរិសុទ្ធជួយយើងស៊ូទ្រាំបានយ៉ាងណា? សាវ័កប៉ុលបានរងទុក្ខលំបាកផ្សេងៗដែរ ហើយពេលសរសេរសំបុត្រជូនចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងកូរិនថូស គាត់ពន្យល់អំពីរបៀបវិញ្ញាណរបស់ព្រះបានជួយគាត់។ ឥឡូវយើងសូមមើលយ៉ាងសង្ខេបនូវអ្វីដែលគាត់សរសេរ។
១៦. តើយើងប្រហែលជាកំពុងតែស្ថិតក្នុងស្ថានភាពអ្វីដូចប៉ុល?
១៦ មុនដំបូង ប៉ុលប្រាប់អ្នកជឿគ្នីគ្នាថាគាត់កំពុងតែរងទុក្ខលំបាកដែលប្រៀបដូចជា«បន្លា១[ចាក់]ក្នុងសាច់ឈាម»។ រួចមក គាត់ប្រាប់ថា៖ «ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់[ព្រះយេហូវ៉ា]៣ដងឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ»។ (កូរិនថូសទី២ ១២:៧, ៨) ទោះជាប៉ុលបានអង្វរសូមព្រះយេហូវ៉ាដកទុក្ខនោះចេញពីគាត់ក៏ដោយ គាត់នៅតែកើតទុក្ខដដែល។ ប្រហែលជាឥឡូវនេះអ្នកកំពុងតែស្ថិតក្នុងស្ថានភាពដូចគាត់ដែរ។ ប្រហែលជាអ្នកបានអធិស្ឋានទទូចសូមព្រះយេហូវ៉ាជានិច្ចដូចប៉ុល ទាំងមានទំនុកចិត្តពេលសូមទ្រង់ដកទុក្ខនោះចេញ។ ប៉ុន្តែ ទោះជាអ្នកបានអង្វរសូមព្រះយេហូវ៉ាម្ដងហើយម្ដងទៀតក៏ដោយ អ្នកនៅតែមានបញ្ហាដដែល។ តើនេះមានន័យថា ព្រះយេហូវ៉ាមិនធ្វើតាមសេចក្ដីអធិស្ឋានរបស់អ្នក ហើយវិញ្ញាណរបស់ទ្រង់មិនជួយអ្នកឬ? មិនមែនទេ! (ទំនុកដំកើង ១០:១, ១៧) សូមកត់សម្គាល់អ្វីដែលសាវ័កប៉ុលមានប្រសាសន៍តទៅទៀត។
១៧. តើព្រះយេហូវ៉ាឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់ប៉ុលយ៉ាងណា?
១៧ ព្រះយេហូវ៉ាមានបន្ទូលតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់ប៉ុលថា៖ «គុណ[ឬ«ការប្រណីសន្ដោស»]របស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាតដោយសេចក្ដីកំសោយ»។ ដូច្នេះ ប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំដោយអំណរជាខ្លាំងដើម្បីឲ្យព្រះចេស្ដានៃព្រះគ្រីស្ទបានសណ្ឋិត[ឬ«ស្ថិតនៅលើខ្ញុំដូចជាត្រសាលមួយ»]»។ (កូរិនថូសទី២ ១២:៩; ព.ថ.; ទំនុកដំកើង ១៤៧:៥) នេះបានន័យថា ប៉ុលទទួលស្គាល់ថាព្រះយេហូវ៉ាកំពុងតែការពារគាត់តាមរយៈព្រះចេស្ដារបស់ព្រះគ្រិស្ត ហើយព្រះចេស្ដានោះប្រៀបដូចជាត្រសាលដែលនៅពីលើគាត់។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើងដូចគ្នាដែរ។ ទ្រង់ការពារអ្នកបម្រើទ្រង់ហាក់ដូចជារៀបជម្រកមួយសម្រាប់ពួកគេ។
១៨. ហេតុអ្វីបានជាយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន?
១៨ តាមពិត ត្រសាលមិនធ្វើឲ្យភ្លៀងរាំងឬធ្វើឲ្យខ្យល់ឈប់បោកបក់នោះទេ ប៉ុន្តែត្រសាលនោះអាចការពារយើងបន្ដិចបន្តួចពីភ្លៀងនិងខ្យល់។ ដូចគ្នាដែរ «ព្រះចេស្ដានៃព្រះគ្រីស្ទ»ដែលកំពុងតែការពារយើង នោះមិនបំបាត់ចោលទុក្ខលំបាកនិងការល្បួងទេ។ យ៉ាងណាក៏ដោយ ទ្រង់កំពុងតែការពារយើងខាងវិញ្ញាណ ពោលគឺ ការពារយើងពីអ្វីៗក្នុងលោកិយនេះដែលធ្វើទុក្ខដល់យើង ហើយពីការពាធារបស់សាតាំងដែលជាចៅហ្វាយរបស់លោកិយនេះ។ (វិវរណៈ ៧:៩, ១៥, ១៦) ដូច្នេះ បើអ្នកកំពុងតែស៊ូទ្រាំនឹងបញ្ហាមួយដែលមិន‹ថយទៅ› អ្នកអាចជឿជាក់ថាព្រះយេហូវ៉ាជ្រាបពីទុក្ខរបស់អ្នក ហើយថាទ្រង់បាន‹ឮសំឡេងស្រែករបស់អ្នក›និងបានចាត់វិធានការផង។ (អេសាយ ៣០:១៩; កូរិនថូសទី២ ១:៣, ៤) ប៉ុលបានសរសេរថា៖ «ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។—កូរិនថូសទី១ ១០:១៣; ភីលីព ៤:៦, ៧
១៩. តើអ្នកបានតាំងចិត្តធ្វើអ្វី? ហើយហេតុអ្វី?
១៩ ពិតមែន របបលោកិយដែលមិនគោរពព្រះនៅសព្វថ្ងៃនេះ កំពុងតែស្ថិតក្នុង«ជាន់ក្រោយបង្អស់»ដែលជា«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) យ៉ាងណាក៏ដោយ ពួកអ្នកបម្រើព្រះមិនគួរមានអារម្មណ៍ថា ពួកគេទ្រាំមិនបានទេ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាសព្វព្រះទ័យប្រទានវិញ្ញាណបរិសុទ្ធយ៉ាងបរិបូរចំពោះអស់អ្នកដែលមានទំនុកចិត្តលើទ្រង់ហើយទទូចសូមវិញ្ញាណទ្រង់ជានិច្ច។ ជាលទ្ធផល វិញ្ញាណនោះរមែងគាំទ្រនិងជួយការពារយើង។ បើដូច្នេះ ចូរឲ្យយើងតាំងចិត្តអធិស្ឋានម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃជានិច្ចដើម្បីឲ្យបានវិញ្ញាណបរិសុទ្ធរបស់ព្រះ។—ទំនុកដំកើង ៣៤:៦; យ៉ូហានទី១ ៥:១៤, ១៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងត្រូវធ្វើអ្វីដើម្បីទទួលវិញ្ញាណបរិសុទ្ធពីព្រះ?
• ហេតុអ្វីយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងប្រទានវិញ្ញាណបរិសុទ្ធតាមសំណូមពររបស់យើង?
• តើវិញ្ញាណបរិសុទ្ធជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកបានយ៉ាងណា?
[រូបភាពនៅទំព័រ១៨]
តើអ្នកអធិស្ឋានទទូចសូមវិញ្ញាណបរិសុទ្ធពីព្រះជានិច្ចដែរទេ?
[រូបភាពនៅទំព័រ១៩]
តើរឿងប្រៀបប្រដូចអំពីឪពុកដែលស្រឡាញ់កូន បង្រៀនអ្វីខ្លះអំពីព្រះយេហូវ៉ា?