លំនៅស្ថានដែលព្រះបង្កើតដើម្បីទ្រទ្រង់ជីវិតជារៀងរហូត
ជំពូកទីមួយក្នុងព្រះគម្ពីររៀបរាប់អំពីអ្វីៗដែលពួកវិទ្យាសាស្ត្រឯកភាពថា ជាកត្ដាសំខាន់ចាំបាច់ដើម្បីទ្រទ្រង់ជីវិត។ តើនេះរួមបញ្ចូលអ្វីខ្លះ?
ជីវិតគ្រប់ប្រភេទនៅផែនដីពឹងផ្អែកលើទឹកដើម្បីរស់។ លោកុប្បត្តិ ១:២ រៀបរាប់ថា នៅដើមដំបូងនោះមានទឹកជាបរិបូរមែន។ ណាមួយទៀត ភពនេះមិនត្រូវក្ដៅពេកឬត្រជាក់ពេក ដើម្បីឲ្យទឹកនៅរាវបាន។ នេះមានន័យថា ផែនដីត្រូវមានចម្ងាយល្មមត្រឹមត្រូវពីព្រះអាទិត្យ។ ម្ដងហើយម្ដងទៀតកំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិសំដៅទៅលើឥទ្ធិពលដែលព្រះអាទិត្យមានលើភពផែនដីយើងនេះ។
ផែនដីនេះត្រូវមានបរិយាកាសដែលមានឧស្ម័នផ្សេងៗលាយឡំគ្នា ដើម្បីឲ្យមនុស្សរស់បាន។ លោកុប្បត្តិ ១:៦-៨ ក៏រៀបរាប់អំពីបរិយាកាសនេះដែរ។ លោកុប្បត្តិ ១:១១, ១២ ពិពណ៌នាអំពីរុក្ខជាតិដែលជាប្រភពអុកស៊ីហ៊្សែនដ៏សំខាន់មួយ។ ភពយើងក៏ត្រូវការដីគោកដើម្បីផលិតចំណីអាហារចិញ្ចឹមសត្វគ្រប់ជំពូក។ លោកុប្បត្តិ ១:៩-១២ រៀបរាប់ពីការដុះលេចឡើងនៃទីគោក។ ចុងបង្អស់ ភពផែនដីត្រូវមានលំនឹងហើយមុំអ័ក្សទ្រេតត្រឹមត្រូវ ដើម្បីឲ្យមានអាកាសធាតុត្រជាក់ល្មម ហើយទំនាញព្រះចន្ទជាអ្វីដែលធ្វើឲ្យមានស្ថានភាពនេះបាន។ លោកុប្បត្តិ ១:១៤, ១៦ រៀបរាប់ពីកំណើតព្រះចន្ទដែលផ្ដល់ប្រយោជន៍ដល់យើង។
លោកម៉ូសេនៅសម័យបុរាណមិនមានសៀវភៅវិទ្យាសាស្ត្រដូចដែលយើងមាននៅសព្វថ្ងៃនេះទេ។ ដូច្នេះតើគាត់ដឹងពីកត្ដាសំខាន់ៗទាំងប៉ុន្មានខាងលើនេះយ៉ាងដូចម្ដេចបាន? តើម៉ូសេជាអ្នកមានប្រាជ្ញាលើសជាងមនុស្សឯទៀតនៅសម័យគាត់ទេ? តាមពិត ព្រះដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីបានបញ្ចេញគំនិតទាំងអស់នោះឲ្យម៉ូសេសរសេរ។ នេះជាចំណុចសំខាន់មែន! ពេលយើងឃើញថា អ្វីៗដែលគាត់សរសេរក្នុងសៀវភៅលោកុប្បត្តិសុទ្ធតែឯកភាពនឹងទស្សនៈរបស់ពួកវិទ្យាសាស្ត្រ។
ព្រះគម្ពីរក៏បញ្ជាក់ថា អ្វីៗដ៏អស្ចារ្យដែលបានបង្កើតមកក្នុងធម្មជាតិជុំវិញយើង សុទ្ធតែកើតមកដោយមានគោលបំណង។ សៀវភៅទំនុកដំកើង ១១៥:១៦ ចែងថា៖ ‹ស្ថានសួគ៌ជាស្ថានរបស់ព្រះយេហូវ៉ា។ ចំណែកផែនដីវិញ នោះលោកបានប្រគល់ដល់មនុស្សជាតិ›។ បទទំនុកតម្កើងមួយទៀតពន្យល់ថា៖ «ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា ហើយផែនដីក៏រឹងមាំ ឥតរង្គើសោះឡើយ»។ (ទំនុកតម្កើង ១០៤:៥, ខ.ស.) បើសកលលោកទាំងមូលនិងផែនដីដ៏ស្រស់បំព្រងនេះមានអ្នកគ្រោងការបង្កើតទាំងអស់ នោះមិនពិបាកជឿថា លោកក៏មានសមត្ថភាពដើម្បីថែរក្សារបស់សព្វសារពើទាំងអស់ដែរ។ នេះមានន័យថា យើងអាចរង់ចាំអនាគតដ៏ត្រចះត្រចង់ ពីព្រោះយើងទុកចិត្តទៅលើសេចក្ដីសន្យាដ៏អស្ចារ្យដែលថា៖ ‹ពួកអ្នកសុចរិតនឹងបានផែនដីទុកជាមរដក ហើយនឹងនៅផែនដីនោះជានិច្ច›។ (ទំនុកដំកើង ៣៧:២៩) គឺច្បាស់ហើយ ព្រះយេហូវ៉ា«មិនមែនបង្កើត[ផែនដី]មកឲ្យនៅទទេទេ» តែលោក«បានជបសូនបង្កើត[ផែនដី]ឲ្យជាទីអាស្រ័យនៅ»ជារៀងរហូត។ យើងត្រូវតែមានកតញ្ញុតាធម៌ចំពោះអ្វីៗដែលព្រះអង្គបានធ្វើទើបអាចទទួលបាន។—អេសាយ ៤៥:១៨
យោងទៅតាមព្រះគម្ពីរព្រះយេស៊ូបានចុះមកផែនដីនេះ ដើម្បីបង្រៀនយើងអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ ព្រះយេស៊ូពន្យល់ថា អស់អ្នកដែលស្ដាប់បង្គាប់ព្រះយេហូវ៉ាអាចរស់ជារៀងរហូត។ (យ៉ូហាន ៣:១៦) ក្នុងព្រះគម្ពីរមានការធានាថា មិនយូរប៉ុន្មានទៀតព្រះយេហូវ៉ានឹង«បំផ្លាញពួកអ្នកដែលបង្ខូចផែនដី»។ ផ្ទុយទៅវិញ មនុស្សគ្រប់ទាំងសាសន៍ដែលចង់រួចរស់ជីវិតនិងបានសេចក្ដីសុខ ត្រូវទទួលស្គាល់វិធានការសង្គ្រោះរបស់ព្រះយេហូវ៉ា។ (វិវរណៈ ៧:៩, ១៤; ១១:១៨) នៅគ្រានោះ យើងអាចសប្បាយនឹងជីវិត ព្រមទាំងរៀនជារៀងរហូតអំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត!—សាស្ដា ៣:១១; រ៉ូម ៨:២១
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៨]
NASA photo