តើរបៀប«រស់នៅ»របស់អ្នកមានលក្ខណៈ‹ស្របតាមវិញ្ញាណព្រះ›ទេ?
«ចូរដើរ[ឬ«រស់នៅអោយស្របតាម»]វិញ្ញាណ[ព្រះ] នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។—កាឡាទី ៥:១៦; ខ.ស.
១. តើអ្វីនឹងជួយយើងឲ្យទប់ចិត្តមិនរហ័សបន្ទោសខ្លួនថា យើងបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ?
វិធីមួយដែលយើងអាចទប់ចិត្តមិនរហ័សបន្ទោសខ្លួនថា យើងបានធ្វើបាបប្រឆាំងនឹងសកម្មពលឬវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា គឺដោយធ្វើតាមអ្វីដែលសាវ័កប៉ុលសរសេរ។ គាត់សរសេរថា៖ «ចូរដើរ[ឬ«រស់នៅអោយស្របតាម»]វិញ្ញាណ[ព្រះ] នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។ (កាឡាទី ៥:១៦; ខ.ស.) បើយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំជីវិតយើង នោះយើងនឹងមិនចុះញ៉មនឹងសេចក្ដីប៉ងប្រាថ្នាអាក្រក់ខាងសាច់ឈាមដែលផុសចេញពីទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើងឡើយ។—រ៉ូម ៨:២-១០
២, ៣. តើការរស់នៅឲ្យស្របតាមសកម្មពលរបស់ព្រះអាចមានឥទ្ធិពលអ្វីមកលើយើង?
២ ពេលដែលយើង‹រស់នៅអោយស្របតាមវិញ្ញាណ›របស់ព្រះយេហូវ៉ា សកម្មពលនោះនឹងជំរុញចិត្តយើងឲ្យស្ដាប់បង្គាប់ទ្រង់។ យើងនឹងមានលក្ខណៈដូចព្រះយេហូវ៉ាពេលនៅឯផ្ទះ ពេលធ្វើកិច្ចបម្រើផ្សាយ ពេលនៅជាមួយក្រុមជំនុំ ហើយនៅគ្រប់វេលាឯទៀតដែរ។ របៀបដែលយើងប្រព្រឹត្តទៅលើគូស្វាមីភរិយា កូន បងប្អូនរួមជំនឿនិងអ្នកដទៃ បង្ហាញថាយើងមានលក្ខណៈសម្បត្ដិសមស្របនឹងសកម្មពលរបស់ព្រះ។
៣ បើរបៀបរស់នៅរបស់យើងមានលក្ខណៈ«ខាងឯវិញ្ញាណ»ឬដូចលក្ខណៈនៃសកម្មពលរបស់ព្រះ ហើយស្របទៅ«តាម[ទស្សនៈរបស់]ព្រះ» នេះនឹងជួយយើងឲ្យឈប់ធ្វើអំពើបាប។ (ពេត្រុសទី១ ៤:១-៦) បើសកម្មពលរបស់ព្រះមានឥទ្ធិពលមកលើយើង នោះយើងច្បាស់ជាមិនធ្វើបាបដែលព្រះយេហូវ៉ាលើកលែងមិនបានទេ។ តើការរស់នៅឲ្យស្របតាមសកម្មពលរបស់ព្រះអាចមានឥទ្ធិពលល្អអ្វីទៀតមកលើយើង?
ចូររក្សាឲ្យមានភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងព្រះគ្រិស្ត
៤, ៥. តើរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះព្រះយេស៊ូ?
៤ ដោយសារយើងរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា នេះក៏ជួយយើងរក្សាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយទ្រង់និងបុត្រទ្រង់ផង។ ប៉ុលបានសរសេរចំពោះបងប្អូនរួមជំនឿនៅក្រុងកូរិនថូសអំពីអំណោយទានខាងវិញ្ញាណ គឺជាសមត្ថភាពពិសេសដែលពួកគេខ្លះទទួលតាមរយៈសកម្មពលរបស់ព្រះ។ គាត់សរសេរថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នា[ដែលពីមុនបានថ្វាយបង្គំរូបព្រះផ្សេងៗឲ្យ]ដឹងថា មិនដែលមានអ្នកណានិយាយដោយនូវព្រះវិញ្ញាណនៃព្រះថា ‹ព្រះយេស៊ូវត្រូវបណ្ដាសា›នោះឡើយ! ក៏គ្មានអ្នកណាអាចនឹងថា ‹ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់›ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ»។ (កូរិនថូសទី១ ១២:១-៣) បើមានឥទ្ធិពលណាជំរុញឲ្យមនុស្សដាក់បណ្ដាសាទៅលើព្រះយេស៊ូ ឥទ្ធិពលនោះច្បាស់ជាមកពីសាតាំងដែលជាមេកំណាច។ ប៉ុន្តែ ចំពោះយើងរាល់គ្នាជាគ្រិស្តសាសនិកដែលកំពុងរស់នៅឲ្យស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា យើងជឿជាក់ថា ទ្រង់បានប្រោសព្រះយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ហើយបានប្រទានឲ្យទ្រង់នូវឋានៈធំលើសជាងអ្នកឯទៀតដែលព្រះបានបង្កើតមក។ (ភីលីព ២:៥-១១) យើងជឿទៅលើការបូជាលោះរបស់ព្រះយេស៊ូ ហើយទទួលស្គាល់ថា ទ្រង់ជាលោកម្ចាស់ដែលព្រះយេហូវ៉ាបានតែងតាំងឲ្យគ្រប់គ្រងមកលើយើង។
៥ នៅសតវត្សរ៍ទីមួយ មនុស្សខ្លះដែលអះអាងថាជាគ្រិស្តសាសនិក មិនព្រមជឿថាព្រះយេស៊ូបានចាប់កំណើតជាមនុស្សមានរូបកាយសាច់ឈាមទេ។ (យ៉ូហានទី២ ៧-១១) ដោយសារអ្នកឯទៀតបានជឿតាមទស្សនៈមិនពិតនោះ ពួកគេក៏បដិសេធនឹងសេចក្ដីបង្រៀនពិតរបស់ព្រះយេស៊ូដែលជាព្រះមេស្ស៊ី។ (ម៉ាកុស ១:៩-១១; យ៉ូហាន ១:១, ១៤) បើយើងមានរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា នេះនឹងជួយយើងឲ្យទប់ស្កាត់មិនជឿតាមអ្នកក្បត់ជំនឿដូចនោះ។ យើងអាចទទួលគុណដ៏វិសេសលើសលប់ ហើយ«ប្រព្រឹត្តតាមសេចក្ដីពិត»តទៅទៀតបាន ឲ្យតែយើងយកចិត្តទុកដាក់ចំពោះសេចក្ដីបង្រៀនពិតក្នុងគម្ពីរដែលបញ្ជាក់ពីទស្សនៈរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី៣ ៣, ៤) បើដូច្នេះ ចូរឲ្យយើងតាំងចិត្តបដិសេធនឹងសេចក្ដីបង្រៀនគ្រប់បែបយ៉ាងរបស់ពួកអ្នកក្បត់ជំនឿ ដើម្បីរក្សាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយបិតារបស់យើងនៅស្ថានសួគ៌។
៦. ចំពោះអស់អ្នកដែលមានរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា តើពួកគេអាចមានលក្ខណៈសម្បត្ដិអ្វីខ្លះ?
៦ ពេលប៉ុលរៀបរាប់ពី«កិច្ចការខាងសាច់ឈាម»ឬអំពើដែលមនុស្សមានបាបចេះតែធ្វើនោះ គាត់ក៏សំដៅទៅលើការថ្វាយបង្គំរូបព្រះនិងការប្រកាន់បក្សពួកជានិកាយផ្សេងៗ ដែលជាអំពើអាក្រក់ស្មើនឹងការសហាយស្មន់និងអំពើអាសអាភាស។ ប៉ុន្តែ គាត់ពន្យល់ទៀតថា៖ «អស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាម[ឬសម្លាប់និស្ស័យចង់ធ្វើអំពើបាប]ហើយ ព្រមទាំងសេចក្ដីរំជួលនឹងសេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានផង»។ ជាលទ្ធផល ប៉ុលបញ្ជាក់ថា៖ ‹បើសិនជាយើងរស់ដោយនូវវិញ្ញាណព្រះ នោះយើងក៏ត្រូវដើរ[ឬប្រព្រឹត្តឲ្យស្របតាម]វិញ្ញាណនោះដែរ›។ (កាឡាទី ៥:១៩-២១, ២៤, ២៥) ចំពោះអស់អ្នកដែលមានរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា តើពួកគេអាចមានលក្ខណៈសម្បត្ដិអ្វីខ្លះ? ប៉ុលបានសរសេរអំពី‹ផលផ្លែនៃវិញ្ញាណព្រះ›ឬលក្ខណៈសម្បត្ដិល្អដែលមនុស្សអាចមាន ពេលដែលសកម្មពលរបស់ព្រះមានឥទ្ធិពលទៅលើពួកគេ។ គាត់បកស្រាយថា លក្ខណៈទាំងនោះរួមបញ្ចូល «សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព[និង«សេចក្ដីសុខសាន្ត»] អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់[ឬ«ជំនឿ»] ស្លូតបូត ហើយដឹងខ្នាត[ឬ«ចេះទប់ចិត្ត»]»។ (កាឡាទី ៥:២២, ២៣; ខ.ស.) ឥឡូវ យើងសូមពិនិត្យមើលលក្ខណៈសម្បត្ដិទាំងនេះដែលបណ្ដាលមកពីសកម្មពលរបស់ព្រះ។
‹ចូរស្រឡាញ់គ្នាទៅវិញទៅមក›
៧. តើសេចក្ដីស្រឡាញ់ជាអារម្មណ៍បែបណា? ពេលបង្ហាញសេចក្ដីស្រឡាញ់ តើមនុស្សអាចមានលក្ខណៈសម្បត្ដិអ្វីខ្លះ?
៧ សេចក្ដីស្រឡាញ់ជាលក្ខណៈមួយនៃសកម្មពលរបស់ព្រះ។ តាមធម្មតា សេចក្ដីស្រឡាញ់ជាអារម្មណ៍ដែលផុសចេញពីជម្រៅចិត្ត ដោយប្រាថ្នាចង់មានភាពស្និទ្ធស្នាលជាមួយអ្នកដទៃ ព្រមទាំងគិតពីប្រយោជន៍ដល់ពួកគេផង។ គម្ពីររៀបរាប់អំពីព្រះយេហូវ៉ា«ជាសេចក្ដីស្រឡាញ់» ដែលចង់បញ្ជាក់ថា ទ្រង់បង្ហាញសេចក្ដីស្រឡាញ់លើសជាងគេ។ សេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងបុត្រទ្រង់បានបង្ហាញចំពោះមនុស្សលោក មានលក្ខណៈប្រៀបផ្ទឹមពុំបាន ពីព្រោះព្រះយេស៊ូគ្រិស្តបានបូជាជីវិតទ្រង់តែម្ដង ដើម្បីលោះបាបយើង។ (យ៉ូហានទី១ ៤:៨; យ៉ូហាន ៣:១៦; ១៥:១៣; រ៉ូម ៥:៨) សេចក្ដីស្រឡាញ់ដែលយើងបង្ហាញចំពោះគ្នាទៅវិញទៅមក ជាអ្វីដែលសម្គាល់ថាយើងជាអ្នកកាន់តាមព្រះយេស៊ូ។ (យ៉ូហាន ១៣:៣៤, ៣៥) តាមការពិត ព្រះយេស៊ូបានបង្គាប់យើងឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហានទី១ ៣:២៣) ប៉ុលរៀបរាប់ថា មនុស្សអាចមានចិត្តអត់ធ្មត់និងសេចក្ដីសប្បុរសដោយព្រោះស្រឡាញ់គ្នា។ បើមនុស្សបង្ហាញសេចក្ដីស្រឡាញ់ ពួកគេក៏មិនចេះឈ្នានីស អួតខ្លួន ប្រព្រឹត្តបែបមិនគួរសមឬរកប្រយោជន៍ផ្ទាល់ខ្លួនទេ។ ពេលស្រឡាញ់គ្នា មនុស្សមិនរហ័សខឹងឬប្រកាន់ទោសឡើយ។ មនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់តែងតែអរសប្បាយនឹងការប្រព្រឹត្តដោយស្មោះត្រង់ មិនមែនដោយទុច្ចរិតទេ។ សេចក្ដីស្រឡាញ់ជួយមនុស្សឲ្យគ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ ណាមួយទៀត សេចក្ដីស្រឡាញ់មិនដែលផុតឬខកខានទទួលប្រយោជន៍ឡើយ។—កូរិនថូសទី១ ១៣:៤-៨
៨. ហេតុអ្វីបានជាយើងគួរបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ?
៨ បើយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះបណ្ដាលឲ្យយើងមានចិត្តពេញទៅដោយសេចក្ដីស្រឡាញ់ នោះទំនាក់ទំនងរបស់យើងជាមួយព្រះយេហូវ៉ានិងអ្នកជិតខាងទាំងឡាយ ក៏នឹងពេញទៅដោយសេចក្ដីស្រឡាញ់ដែរ។ (ម៉ាថាយ ២២:៣៧-៣៩) សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ។ អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ (យ៉ូហានទី១ ៣:១៤, ១៥) នៅប្រទេសអ៊ីស្រាអែលពីបុរាណ គេបានញែកទុកទីក្រុងផ្សេងៗ ជាទីក្រុងពំនាក់ដែលមនុស្សអាចទៅអាស្រ័យនៅ បើបានសម្លាប់នរណាម្នាក់ដោយអចេតនា។ ប៉ុន្តែ បើអ្នកដែលសម្លាប់គេធ្លាប់ស្អប់អ្នកដែលស្លាប់នោះ គាត់មិនអាចរកសុវត្ថិភាពក្នុងក្រុងទាំងនោះបានទេ។ (ចោទិយកថា ១៩:៤, ១១-១៣) បើយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំជីវិតយើង យើងនឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា បងប្អូនរួមជំនឿនិងអ្នកដទៃផង។
‹អំណរដែលមកពីព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា›
៩, ១០. តើអំណរជាអ្វី? តើមានមូលហេតុអ្វីខ្លះឲ្យយើងមានអំណរ?
៩ អំណរជាសន្ដានចិត្តសោមនស្សរីករាយដែលផ្ដល់ឲ្យមានសុភមង្គល។ ព្រះយេហូវ៉ាជាព្រះដែល‹ប្រកបដោយសុភមង្គល›។ (ធីម៉ូថេទី១ ១:១១, ខ.ស.; ទំនុកដំកើង ១០៤:៣១) ពេលបុត្ររបស់ព្រះយេហូវ៉ាធ្វើតាមបំណងចិត្តបិតា នេះនាំឲ្យទ្រង់មានអំណរ។ (ទំនុកដំកើង ៤០:៨; ហេព្រើរ ១០:៧-៩) ហើយ«អំណរ[«ដែលមកពី»]ព្រះយេហូវ៉ាជាកំឡាំងនៃ[យើង]រាល់គ្នា»ដែរ។—នេហេមា ៨:១០; ខ.ស.
១០ អំណរដែលមកពីព្រះក៏ជួយយើងឲ្យមានចិត្តស្កប់ស្កល់ ក្នុងការធ្វើតាមបំណងចិត្តរបស់ទ្រង់សូម្បីតែពេលដែលយើងមានចិត្តសង្រេង ឬរងទុក្ខលំបាកនិងការបៀតបៀនក្ដី។ ការ‹ស្គាល់ព្រះអង្គ›ពិតជានាំឲ្យយើងមានសុភមង្គលមែន! (សុភាសិត ២:១-៥) យើងមានចំណងមិត្តភាពពេញទៅដោយអំណរជាមួយនឹងព្រះយេហូវ៉ា ពីព្រោះមិត្តភាពនោះមានមូលដ្ឋានទៅលើចំណេះពិត ព្រមទាំងជំនឿទៅលើទ្រង់និងការបូជាលោះរបស់ព្រះយេស៊ូ។ (យ៉ូហានទី១ ២:១, ២) យើងក៏មានអំណរដែរ ដោយសារមានសាមគ្គីភាពក្នុងភាតរភាពទូទាំងពិភពលោក។ (សេផានា ៣:៩; ហាកាយ ២:៧) សេចក្ដីសង្ឃឹមទៅលើអ្វីដែលរាជាណាចក្ររបស់ព្រះនឹងសម្រេច ព្រមទាំងកិច្ចការផ្សព្វផ្សាយដំណឹងល្អជាឯកសិទ្ធិដែលនាំឲ្យមានអំណរដែរ។ (ម៉ាថាយ ៦:៩, ១០; ២៤:១៤) យើងក៏មានអំណរដោយសង្ឃឹមថា យើងនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ១៧:៣) អាស្រ័យលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យទាំងនេះ បានជាយើង«មានសេចក្ដីអំណរជាមិនខាន»។—ចោទិយកថា ១៦:១៥
មេត្រីភាព សេចក្ដីសុខសាន្តនិងចិត្តអត់ធ្មត់
១១, ១២. (ក) តើសេចក្ដីសុខសាន្តមានន័យអ្វី? (ខ) តើសេចក្ដីសុខសាន្តរបស់ព្រះមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១ មេត្រីភាពនិងសេចក្ដីសុខសាន្តជាលក្ខណៈមួយទៀតនៃសកម្មពលរបស់ព្រះ។ សេចក្ដីសុខសាន្តជាភាពស្ងប់ ភាពគ្មានកង្វល់។ បិតារបស់យើងនៅស្ថានសួគ៌ជាព្រះនៃសេចក្ដីសុខសាន្ត ហើយក្នុងគម្ពីរមានសេចក្ដីសន្យាថា៖ «ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ឲ្យបានសេចក្ដីសុខសាន្តត្រាណ»។ (ទំនុកដំកើង ២៩:១១; កូរិនថូសទី១ ១៤:៣៣) ព្រះយេស៊ូបានប្រាប់សិស្សទ្រង់ថា៖ «ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា»។ (យ៉ូហាន ១៤:២៧) តើនេះអាចជួយពួកអ្នកកាន់តាមទ្រង់បានយ៉ាងណា?
១២ សិស្សរបស់ព្រះយេស៊ូមានចិត្តនិងគំនិតស្ងប់រម្ងាប់ចាកកង្វល់ដោយសារសេចក្ដីសុខសាន្តដែលទ្រង់ប្រទានឲ្យ។ ពួកគេមានអារម្មណ៍សុខសាន្តជាពិសេសពេលបានទទួលវិញ្ញាណបរិសុទ្ធឬសកម្មពលដែលព្រះយេស៊ូសន្យាប្រទានឲ្យ។ (យ៉ូហាន ១៤:២៦) នៅសព្វថ្ងៃនេះ យើងក៏មាន«សេចក្ដីសុខសាន្តរបស់ព្រះ»ដែលគ្មានអ្វីប្រៀបផ្ទឹមបាន ពីព្រោះយើងបានអធិស្ឋានសូមសេចក្ដីសុខសាន្តនោះក្រោមអានុភាពនៃសកម្មពលរបស់ទ្រង់។ ជាលទ្ធផល នេះនាំឲ្យយើងមានចិត្តនិងគំនិតស្ងប់រម្ងាប់។ (ភីលីព ៤:៦, ៧) ម្យ៉ាងទៀត សកម្មពលរបស់ព្រះយេហូវ៉ាជួយយើងឲ្យរាប់អានបងប្អូនរួមជំនឿដើម្បីឲ្យមានមេត្រីភាពនឹងគ្នា។—រ៉ូម ១២:១៨; ថែស្សាឡូនីចទី១ ៥:១៣
១៣, ១៤. តើចិត្តអត់ធ្មត់រួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីក៏គប្បីឲ្យយើងបង្ហាញចិត្តអត់ធ្មត់?
១៣ ចិត្តអត់ធ្មត់តែងតែជាប់ទាក់ទងនឹងមេត្រីភាព ពីព្រោះការអត់ធន់ជួយឲ្យយើងស៊ូទ្រាំ ខំទប់ មិនស្តីតតប ដោយសង្ឃឹមថាអាចមានស្ថានការណ៍ប្រសើរឡើង។ ព្រះយេហូវ៉ាក៏ចេះទ្រាំទ្រដោយអំណត់ដែរ។ (រ៉ូម ៩:២២-២៤) ព្រះយេស៊ូបានបង្ហាញចិត្តអត់ធ្មត់ ហើយយើងអាចទទួលប្រយោជន៍ពីការអត់ធន់របស់ទ្រង់។ ប៉ុលបញ្ជាក់ថា៖ «ទ្រង់អាណិតមេត្ដាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញគ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១[ក្នុងចំណោមមនុស្សមានបាប] ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នកដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច»។—ធីម៉ូថេទី១ ១:១៦
១៤ ចិត្តអត់ធ្មត់អាចជួយយើងស៊ូទ្រាំបាន ពេលអ្នកដទៃបញ្ឈឺចិត្តយើងដោយនិយាយស្រដីនិងប្រព្រឹត្តដោយឥតបើគិត។ ប៉ុលបានដាស់តឿនគ្រិស្តសាសនិកគ្នីគ្នាថា ពួកគេគួរចេះ«អត់ឱន[ឬ«អត់ធ្មត់»]ចំពោះមនុស្សទាំងអស់»។ (ថែស្សាឡូនីចទី១ ៥:១៤; ខ.ស.) ដោយសារយើងមិនមានភាពល្អឥតខ្ចោះ ហើយយើងរាល់គ្នាចេះតែភ្លាត់ធ្វើខុសដែរ យើងច្បាស់ជាចង់ឲ្យអ្នកដទៃមានចិត្តអត់ធ្មត់ចំពោះយើង ព្រមទាំងអត់ទ្រាំពេលដែលយើងធ្វើខុសនឹងពួកគេ។ អាស្រ័យហេតុនេះ ចូរឲ្យយើងព្យាយាមបង្ហាញការ«អត់ធន់គ្រប់យ៉ាងដោយអំណរ»ចុះ!—កូល៉ុស ១:៩-១២
ចូរបង្ហាញសេចក្ដីសប្បុរសនិងចិត្តសុភាពចុះ!
១៥. សូមបកស្រាយអំពីសេចក្ដីសប្បុរស។ តើអ្នកណាខ្លះបានបង្ហាញសេចក្ដីសប្បុរស?
១៥ យើងបង្ហាញសេចក្ដីសប្បុរសពេលដែលយើងយកចិត្តទុកដាក់ក្នុងការជួយមនុស្សដទៃដោយការប្រព្រឹត្តល្អៗនិងពាក្យសម្ដីគួរសម។ ព្រះយេហូវ៉ានិងបុត្រទ្រង់តែងតែបង្ហាញសេចក្ដីសប្បុរស។ (រ៉ូម ២:៤; កូរិនថូសទី២ ១០:១, ខ.ស.) រាស្ត្ររបស់ព្រះយេហូវ៉ានិងព្រះគ្រិស្តក៏ត្រូវបង្ហាញសេចក្ដីសប្បុរសដែរ។ (មីកា ៦:៨; កូល៉ុស ៣:១២) សូម្បីតែមនុស្សខ្លះដែលមិនមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាក៏ធ្លាប់បង្ហាញ«ចិត្តសប្បុរសលើសជាងធម្មតា»ផង។ (កិច្ចការ ២៧:៣; ២៨:២) បើដូច្នេះ យើងពិតជាអាចបង្ហាញចិត្តសប្បុរសបាន បើយើង‹រស់នៅអោយស្របតាមវិញ្ញាណ›របស់ព្រះជានិច្ច។
១៦. តើមានកាលៈទេសៈអ្វីខ្លះដែលជំរុញយើងឲ្យបង្ហាញចិត្តសប្បុរស?
១៦ សូម្បីតែពេលមានហេតុខឹងក៏ដោយ ដូចជាពេលគេនិយាយបញ្ឈឺចិត្ត ឬប្រព្រឹត្តដោយឥតបើគិតមកលើយើង យើងនៅតែអាចបង្ហាញសេចក្ដីសប្បុរសបាន។ ប៉ុលមានប្រសាសន៍ថា៖ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ។ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ។ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោសហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរ»។ (អេភេសូរ ៤:២៦, ២៧, ៣២) គួរគប្បីឲ្យយើងបង្ហាញចិត្តសប្បុរសជាពិសេសចំពោះអស់អ្នកដែលកំពុងរងទុក្ខ។ យ៉ាងណាក៏ដោយ បើអ្នកចាស់ទុំគ្រិស្តសាសនិកឃើញបងប្អូនណាហៀបនឹងលះបង់«កិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត» គាត់គួរតែជូនឱវាទពីគម្ពីរជាមិនខាន។ ទោះជានេះប្រហែលជាធ្វើឲ្យអ្នកនោះពិបាកចិត្តបន្ដិចក៏ដោយ អ្នកចាស់ទុំនៅតែបានបង្ហាញសេចក្ដីសប្បុរសនៅឡើយ។—អេភេសូរ ៥:៩
១៧, ១៨. តើចិត្តសុភាពសំដៅទៅលើអ្វី? តើភាពល្អគួរមានសារៈសំខាន់ប៉ុណ្ណាក្នុងជីវិតយើង?
១៧ ចិត្តសុភាពសំដៅទៅលើភាពល្អ មានឫកពារៀបរយហើយចុះបែបបទ។ ព្រះយេហូវ៉ាទ្រង់ល្អយ៉ាងអនេកអនន្ត។ (ទំនុកដំកើង ២៥:៨; សាការី ៩:១៧) ព្រះយេស៊ូពេញទៅដោយភាពល្អ ហើយទ្រង់ក៏រៀបរយផង។ ប៉ុន្តែ ពេលគេហៅព្រះយេស៊ូថា «លោកគ្រូល្អ»នោះ ទ្រង់មិនព្រមទទួលស័ក្ដិយសជាអ្នកដែល«ល្អ»ទេ។ (ម៉ាកុស ១០:១៧, ១៨) តាមមើលទៅ ព្រះយេស៊ូមិនព្រមទទួលកិត្ដិយសនោះ ពីព្រោះទ្រង់ទទួលស្គាល់ថា មានតែព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះ ជាអ្នកដែលល្អជាងគេ។
១៨ ជួនកាលយើងពិបាកធ្វើអំពើល្អ ពីព្រោះយើងបានទទួលបាបជាមត៌ក។ (រ៉ូម ៥:១២) យ៉ាងណាក៏ដោយ យើងខំបង្ហាញចិត្តសុភាពដោយអធិស្ឋានសូមព្រះយេហូវ៉ា‹បង្រៀនឲ្យយើងចេះដឹងយ៉ាងល្អ›។ (ទំនុកដំកើង ១១៩:៦៦) ប៉ុលបានប្រាប់អ្នកជឿគ្នីគ្នានៅទីក្រុងរ៉ូមថា៖ «ឱបងប្អូនអើយ! ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង»។ (រ៉ូម ១៥:១៤) អ្នកចាស់ទុំគ្រិស្តសាសនិកដែលជាអ្នកត្រួតត្រាលើក្រុមជំនុំក៏ត្រូវតែ«ស្រឡាញ់ការល្អ»ដែរ។ (ទីតុស ១:៧, ៨) ពេលយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះយេហូវ៉ាដឹកនាំជីវិតយើង យើងនឹងមានកេរ្ដិ៍ឈ្មោះជាអ្នកដែលមានចិត្តសុភាព ហើយព្រះយេហូវ៉ា‹នឹកចាំពីសេចក្ដីល្អ›ដែលយើងបានធ្វើ។—នេហេមា ៥:១៩; ១៣:៣១
«ជំនឿដ៏ស្មោះត្រង់»
១៩. សូមបកស្រាយអំពីជំនឿ ស្របទៅតាមសៀវភៅហេព្រើរ ១១:១។
១៩ ជំនឿជាលក្ខណៈសម្បត្ដិមួយទៀតនៃសកម្មពលរបស់ព្រះ ហើយសំដៅទៅលើ«ចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម [ក៏]ជាសំគាល់ពីការដែលមើលមិនឃើញ»។ (ហេព្រើរ ១១:១) បើយើងមានជំនឿដ៏ស្មោះត្រង់ យើងជឿជាក់ថា អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាសន្យានោះ នឹងសម្រេចជាមិនខាន។ ដោយសារមានទីសម្គាល់ដ៏គួរឲ្យជឿច្រើនណាស់ ដែលបញ្ជាក់ពីអ្វីដែលយើងមិនទាន់ឃើញ នោះយើងអាចនិយាយថា ជំនឿមានលក្ខណៈស្មើនឹងការដែលនឹងសម្រេចនៅខាងមុខ។ ជាឧទាហរណ៍ យើងជឿថាមានព្រះជាអ្នកបង្កើតរបស់សព្វសារពើ ពីព្រោះយើងឃើញអ្វីៗដែលទ្រង់បានបង្កើតមក។ ពេលដែលយើងរស់នៅឲ្យស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា យើងសឲ្យឃើញថាមានជំនឿស្មោះត្រង់បែបនេះមែន។
២០. តើអ្វីជា«អំពើបាបដែលរុំយើងជុំវិញជាងាយ»? តើយើងអាចជៀសវាងអំពើបាបនោះនិងអំពើដែលមនុស្សមានបាបចេះតែធ្វើដោយរបៀបណា?
២០ ជំនឿមិនស្មោះត្រង់ជា«អំពើបាបដែលរុំយើងជុំវិញជាងាយ»។ (ហេព្រើរ ១២:១) យើងត្រូវតែពឹងផ្អែកទៅលើសកម្មពលរបស់ព្រះ ដើម្បីជៀសវាងពីកិច្ចការខាងសាច់ឈាមឬអំពើដែលមនុស្សមានបាបចេះតែធ្វើ។ ការពឹងទៅលើសកម្មពលរបស់ព្រះក៏ជួយយើងឲ្យទប់ទល់នឹងចំណង់ចំណូលចិត្តចង់ប្រមូលទ្រព្យសម្បត្ដិ និងបដិសេធចំពោះសេចក្ដីបង្រៀនមិនពិតដែលអាចបង្ខូចជំនឿរបស់យើង។ (កូល៉ុស ២:៨; ធីម៉ូថេទី១ ៦:៩, ១០; ធីម៉ូថេទី២ ៤:៣-៥) សកម្មពលរបស់ព្រះយេហូវ៉ាជួយរាស្ត្រទ្រង់នៅសព្វថ្ងៃនេះឲ្យមានជំនឿដូចអ្នកបម្រើទ្រង់មុនសម័យពួកគ្រិស្តសាសនិក និងអ្នកឯទៀតដែលបានកត់ទុកក្នុងគម្ពីរ។ (ហេព្រើរ ១១:២-៤០) ហើយ«សេចក្ដីជំនឿដ៏ស្មោះត្រង់»របស់យើង ប្រហែលជានឹងជួយពង្រឹងជំនឿនៃបងប្អូនឯទៀតដែរ។—ធីម៉ូថេទី១ ១:៥; ហេព្រើរ ១៣:៧
ចូរប្រព្រឹត្តដោយស្លូតបូតនិងទប់ចិត្ត
២១, ២២. តើមនុស្សស្លូតបូតមានលក្ខណៈបែបណា? ហេតុអ្វីបានជាយើងគួរមានចិត្តស្លូត?
២១ មនុស្សស្លូតបូតមានលក្ខណៈទីទៃពីកាច មិនងាយរបូតមាត់។ ព្រះយេហូវ៉ាក៏ស្លូតដែរ។ មូលហេតុដែលយើងដឹងថាព្រះយេហូវ៉ាស្លូត គឺដោយសារបុត្រទ្រង់មានលក្ខណៈសម្បត្ដិដូចបិតាបេះបិទ ហើយព្រះយេស៊ូជាមនុស្សស្លូតបូត។ (ម៉ាថាយ ១១:២៨-៣០; យ៉ូហាន ១:១៨; ៥:១៩) បើដូច្នេះ តើអ្នកបម្រើព្រះយេហូវ៉ាត្រូវតែមានលក្ខណៈបែបណា?
២២ ជាគ្រិស្តសាសនិក យើងក៏ត្រូវបង្ហាញ‹ចិត្តស្លូតបូតដល់មនុស្សទាំងអស់›ដែរ។ (ទីតុស ៣:២) យើងបង្ហាញចិត្តស្លូតបូតក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ចំពោះបុរសដែលដើរដោយវិញ្ញាណឬមានលក្ខណៈគ្រប់គ្រាន់ឲ្យធ្វើជាអ្នកចាស់ទុំ ប៉ុលបានទូន្មានថា ពួកគាត់គួរតែជួយកែតម្រង់គ្រិស្តសាសនិកដែលធ្វើខុស ហើយពួកគាត់គួរធ្វើដូច្នេះ«ដោយចិត្តស្លូតបូត»ផង។ (កាឡាទី ៦:១, ខ.ស.) យើងរាល់គ្នាអាចបណ្ដុះឲ្យមានមេត្រីភាពនិងសាមគ្គីភាពជាមួយគ្នាជាគ្រិស្តសាសនិក ដោយ«មានចិត្តសុភាពហើយស្លូតបូត»។ (អេភេសូរ ៤:១-៣) យើងក៏អាចមានលក្ខណៈជាមនុស្សស្លូតបូតដែរ ពេលដែលយើងមានរបៀបរស់នៅឲ្យស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា ហើយទប់ចិត្តផង។
២៣, ២៤. តើការដឹងខ្នាតមានន័យអ្វី? តើការចេះទប់ចិត្តនឹងជួយយើងយ៉ាងដូចម្ដេច?
២៣ ការដឹងខ្នាតឬទប់ចិត្តជួយយើងឲ្យចេះអត់សង្កត់ចិត្ត កុំឲ្យគិត និយាយនិងប្រព្រឹត្តអ្វីដែលមិនល្អ។ ព្រះយេហូវ៉ា«បានទប់ចិត្ត»នៅពេលដែលកងទ័ពរបស់ជនជាតិបាប៊ីឡូនបានបំផ្លាញចោលទីក្រុងយេរូសាឡិម។ (អេសាយ ៤២:១៤) បុត្ររបស់ព្រះយេហូវ៉ាក៏បាន«ទុកដំរាប់ឲ្យយើង»ត្រាប់តាម ដោយចេះអត់សង្កត់ចិត្តពេលរងទុក្ខលំបាក។ ហើយសាវ័កពេត្រុសបានទូន្មានគ្រិស្តសាសនិកគ្នីគ្នាថា ពួកគេមិនគួរមាន«ដំរិះ»ប៉ុណ្ណោះ តែត្រូវ«ចេះអត់សង្កត់»ចិត្តផង។—ពេត្រុសទី១ ២:២១-២៣; ពេត្រុសទី២ ១:៥-៨
២៤ ពួកអ្នកចាស់ទុំគ្រិស្តសាសនិកក៏ត្រូវតែដឹងខ្នាតឬចេះទប់ចិត្តដែរ។ (ទីតុស ១:៧, ៨; ខ.ស.) តាមពិត អស់អ្នកដែលអនុញ្ញាតឲ្យសកម្មពលរបស់ព្រះយេហូវ៉ាដឹកនាំជីវិត អាចទប់ចិត្តហើយជៀសវាងពីអំពើដែលប្រាសចាកសីលធម៌ ពាក្យសម្ដីអាក្រក់ៗ និងអ្វីៗទាំងឡាយដែលនាំឲ្យព្រះយេហូវ៉ាឈប់ពេញចិត្តចំពោះយើង។ ប្រសិនបើយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះជួយយើងឲ្យចេះទប់ចិត្ត មនុស្សដទៃនឹងទទួលស្គាល់ថាយើងមានលក្ខណៈល្អនេះ ពីព្រោះយើងនឹងមានពាក្យសម្ដីនិងការប្រព្រឹត្តសមសួនជាអ្នកបម្រើព្រះ។
ចូរឲ្យរបៀបរស់នៅ មានលក្ខណៈស្របតាមវិញ្ញាណព្រះជានិច្ចចុះ!
២៥, ២៦. តើរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា មានឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងដែលយើងមានរវាងគ្នានឹងគ្នា និងសេចក្ដីសង្ឃឹមរបស់យើងចំពោះពេលអនាគត?
២៥ បើយើងរស់នៅឲ្យស្របតាមវិញ្ញាណឬសកម្មពលរបស់ព្រះយេហូវ៉ា យើងនឹងផ្សាយសាររាជាណាចក្ររបស់ទ្រង់ដោយចិត្តខ្នះខ្នែង។ (កិច្ចការ ១៨:២៤-២៦) យើងនឹងក្លាយទៅជាមនុស្សល្អដែលអ្នកដទៃចង់រាប់អាន ជាពិសេសអស់អ្នកដែលគោរពព្រះយេហូវ៉ា។ ដោយសារយើងអនុញ្ញាតឲ្យសកម្មពលរបស់ព្រះយេហូវ៉ាដឹកនាំជីវិតយើង យើងក៏អាចលើកទឹកចិត្តអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ាឲ្យរស់ស្របតាមសកម្មពលរបស់ទ្រង់ដែរ។ (ភីលីព ២:១-៤) ហើយជាគ្រិស្តសាសនិកពិត យើងរាល់គ្នាពិតជាចង់ធ្វើដូច្នេះ មែនទេ?
២៦ ដោយសារពិភពលោកនេះនៅតែស្ថិតក្រោមអំណាចរបស់សាតាំង មិនជាការងាយស្រួលទេ ឲ្យយើងរក្សាឲ្យមានរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី១ ៥:១៩) យ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់កំពុងធ្វើដូច្នេះមែន! ព្រះយេហូវ៉ាជាព្រះដែលប្រទានសកម្មពលឲ្យយើង ដូច្នេះបើយើងពឹងផ្អែកទៅលើទ្រង់យ៉ាងអស់ពីចិត្ត យើងអាចសប្បាយនឹងជីវិតនៅពេលឥឡូវនេះបាន ហើយអាចដើរតាមផ្លូវទ្រង់ដោយមានរបៀបរស់នៅស្របទៅតាមមាគ៌ាសុចរិតរបស់ទ្រង់ជារៀងរហូតតទៅទៀតផងដែរ។—ទំនុកដំកើង ១២៨:១; សុភាសិត ៣:៥, ៦
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើរបៀប‹រស់នៅអោយស្របតាមវិញ្ញាណព្រះ›មានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ានិងបុត្រទ្រង់?
• តើសកម្មពលរបស់ព្រះយេហូវ៉ាជួយយើងបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិអ្វីខ្លះ?
• តើយើងអាចបង្ហាញលក្ខណៈស្របតាមសកម្មពលរបស់ព្រះយេហូវ៉ាដោយរបៀបណាខ្លះ?
• តើរបៀបរស់នៅស្របតាមសកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាទៅលើជីវិតយើង ពេលឥឡូវនេះនិងជីវិតនៅពេលអនាគត?
[រូបភាពនៅទំព័រ១៧]
ចូរបង្ហាញសេចក្ដីសប្បុរស ដោយសម្ដីនិងការប្រព្រឹត្តល្អៗចុះ!