បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៩ ទំ. ៨-ទំ. ១១ វ. ១០
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​កំណត់​ហេតុ​តាម​លំដាប់​លំដោយ បង្រៀន​យើង​អ្វី​ខ្លះ?
  • (ដានីយ៉ែល ១:១​–​៦:២៨)
  • តើ​សុបិន​ដែល​ដានីយ៉ែល​យល់សប្ដិ​ឃើញ មាន​ន័យ​អ្វី?
  • (ដានីយ៉ែល ៧:១​–​១២:១៣)
  • ព្រះ​យេហូវ៉ា‹ប្រទាន​ពរ ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់›
  • យកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះសំរាប់សម័យយើងនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូររៀនពីគំរូរបស់ដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ព្រះបើកបង្ហាញអនាគតដល់អ្នកប្រកាសទំនាយដែលបានត្រូវបំបរបង់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៩ ទំ. ៨-ទំ. ១១ វ. ១០

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ដានីយ៉ែល

វចនានុក្រម​មួយ​ដែល​បកស្រាយ​ន័យ​ពាក្យ​ក្នុង​គម្ពីរ​ចែង​ថា​៖ «សៀវភៅ​ដានីយ៉ែល​ជា​សៀវភៅ​មួយ​ក្នុង​គម្ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់! សៀវភៅ​នោះ​ពេញ​ទៅ​ដោយ​ពាក្យ​ពេចន៍​ល្អៗ»។ (Holman Illustrated Bible Dictionary) កំណត់​ហេតុ​របស់​លោក​ដានីយ៉ែល​ចាប់​ផ្ដើម​ដោយ​រៀប​រាប់​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦១៨ មុន​គ.ស.។ នៅ​ឆ្នាំ​នោះ ស្តេច​នេប៊ូក្នេសា​របស់​ចក្រភព​បាប៊ីឡូន​បាន​នាំ​កងទ័ព​ឲ្យ​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម ហើយ​ពួក​គេ​បាន​ចាប់​«កូន​ចៅ​អ៊ីស្រាអែល»​ខ្លះ នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន​ជា​ឈ្លើយ​សឹក។ (ដានីយ៉ែល ១:១​-​៣) ក្នុង​ចំណោម​ឈ្លើយ​សឹក​ទាំង​នោះ មាន​ដានីយ៉ែល​ផង​ដែរ ដែល​ប្រហែល​ជា​នៅ​ជំទង់​នៅ​ឡើយ។ ពេល​ដានីយ៉ែល​សរសេរ​សៀវភៅ​ចប់ គាត់​នៅ​តែ​រស់​នៅ​ស្រុក​បាប៊ីឡូន​នៅ​ឡើយ។ ពេល​នោះ​គាត់​មាន​អាយុ​ជិត​១០០​ឆ្នាំ ហើយ​ព្រះ​យេហូវ៉ា​សន្យា​ដល់​គាត់​ថា​៖ «អ្នក​នឹង​ត្រូវ​សំរាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត»។—ដានីយ៉ែល ១២:១៣

ផ្នែក​ដំបូង​ក្នុង​សៀវភៅ​ដានីយ៉ែល​បាន​សរសេរ​តាម​លំដាប់​លំដោយ ហើយ​ដានីយ៉ែល​សរសេរ​អំពី​ខ្លួន​គាត់​ដោយ​ប្រើ​ឈ្មោះ​របស់​គាត់ មិន​មែន​ប្រើ​ពាក្យ​«ខ្ញុំ»​ទេ។ ក្នុង​ផ្នែក​ចុង​ក្រោយ​នៃ​សៀវភៅ​ដានីយ៉ែល គាត់​ប្រើ​ពាក្យ​«ខ្ញុំ»​ច្រើន​ទៅ​វិញ។ សៀវភៅ​ដែល​ដានីយ៉ែល​សរសេរ​នោះ មាន​ទំនាយ​ផ្សេងៗ​អំពី​មហា​អំណាច​នានា​ដែល​បាន​គ្រប់គ្រង​មួយ​រយៈ តែ​ក្រោយ​មក​បាន​រលំ​ដួល​ទៅ​វិញ។ សៀវភៅ​ដានីយ៉ែល​ក៏​មាន​ទំនាយ​អំពី​គ្រា​ដែល​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក ហើយ​អំពី​ព្រឹត្ដិការណ៍​នា​សម័យ​យើង​នេះ​ផង​ដែរ។ ពេល​មាន​អាយុ​ច្រើន​ហើយ ដានីយ៉ែល​គិត​ពិចារណា​ពី​គន្លង​ជីវិត​របស់​គាត់ ហើយ​រៀប​រាប់​ពី​ព្រឹត្ដិការណ៍​ផ្សេងៗ​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ប្រុស​ស្រី​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែរ។ សារ​ក្នុង​សៀវភៅ​ដានីយ៉ែល​ពិត​ជា​រស់​នៅ ហើយ​ពូកែ​ផង។—ហេព្រើរ ៤:១២

តើ​កំណត់​ហេតុ​តាម​លំដាប់​លំដោយ បង្រៀន​យើង​អ្វី​ខ្លះ?

(ដានីយ៉ែល ១:១​–​៦:២៨)

នៅ​ឆ្នាំ​៦១៧ មុន​គ.ស. ដានីយ៉ែល​និង​មិត្តភក្ដិ​បី​នាក់​ឈ្មោះ​សាដ្រាក់ មែសាក់​និង​អ័បេឌនេកោ ដែល​នៅ​ក្មេង​នៅ​ឡើយ បាន​បញ្ជូន​ទៅ​រស់​ក្នុង​រាជ​វាំង​នៅ​ឯ​ទី​ក្រុង​បាប៊ីឡូន។ យុវជន​បួន​នាក់​នោះ​បាន​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ អំពី​របៀប​បំពេញ​ភារកិច្ច​ក្នុង​រាជ​វាំង។ ក្នុង​អំឡុង​គ្រា​នោះ ពួក​គេ​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ប្រមាណ​៨​ឆ្នាំ​ក្រោយ​មក ស្តេច​នេប៊ូក្នេសា​មាន​សុបិន​ចម្លែក​មួយ។ ដានីយ៉ែល​មាន​សមត្ថភាព​ប្រាប់​ស្តេច​ថា លោក​បាន​យល់សប្ដិ​ឃើញ​អ្វី ហើយ​ក្រោយ​មក​គាត់​ក៏​បកស្រាយ​អត្ថន័យ​សុបិន​នោះ​ដែរ។ ស្តេច​នេប៊ូក្នេសា​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​ជា​«ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌កំបាំង»។ (ដានីយ៉ែល ២:៤៧) ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មើល​ទៅ​ដូច​ជា​នេប៊ូក្នេសា​ភ្លេច​មេ​រៀន​នោះ​ហើយ។ ពេល​ដែល​មិត្តភក្ដិ​បី​នាក់​របស់​ដានីយ៉ែល​មិន​ព្រម​គោរព​ថ្វាយ​បង្គំ​រូប​ព្រះ​ដ៏​ធំ​មួយ ស្តេច​នេប៊ូក្នេសា​បញ្ជា​ឲ្យ​គេ​ទម្លាក់​បី​នាក់​នោះ​ទៅ​ក្នុង​គុក​ភ្លើង។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​បាន​ប្រោស​ពួក​គេ​ទាំង​បី​នាក់​ឲ្យ​រួច ហើយ​នេះ​បង្ខំ​ឲ្យ​នេប៊ូក្នេសា​ទទួល​ស្គាល់​ថា​៖ «គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែល​អាច​នឹង​ជួយ​ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ»។—ដានីយ៉ែល ៣:២៩

នេប៊ូក្នេសា​ក៏​យល់សប្ដិ​ឃើញ​អ្វី​ដ៏​សំខាន់​ទៀត។ គាត់​ឃើញ​ដើម​ឈើ​មួយ​មាន​កម្ពស់​ខ្ពស់​ក្រៃលែង ដែល​បាន​កាប់​ចោល​ហើយ​វ័ណ្ឌ​ទប់​មិន​ឲ្យ​ដុះ​ឡើង​វិញ។ ដានីយ៉ែល​ក៏​បកស្រាយ​ន័យ​សុបិន​នោះ​ដែរ។ សុបិន​បាន​សម្រេច​ម្យ៉ាង ពេល​ដែល​នេប៊ូក្នេសា​ក្លាយ​ទៅ​ជា​វិកលចរិត​មួយ​រយៈ ហើយ​ក្រោយ​មក​ក៏​ជា​ឡើង​វិញ។ ច្រើន​ឆ្នាំ​ក្រោយ​មក ស្តេច​បេលសាសារ​រៀបចំ​ជប់លៀង​យ៉ាង​ធំ​មួយ​ឲ្យ​ពួក​សេនាបតី ហើយ​គាត់​មើល​ងាយ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពែង​ដែល​បាន​ប្រមូល​យក​ពី​វិហារ​របស់​ទ្រង់។ រាត្រី​នោះ​ឯង គេ​សម្លាប់​បេលសាសារ ហើយ​បុរស​ជនជាតិ​មេឌី ឈ្មោះ​ដារីយុស ក៏​ឡើង​សោយ​រាជ្យ​ជំនួស។ (ដានីយ៉ែល ៥:៣០, ៣១) នៅ​សម័យ​ដារីយុស ពេល​ដានីយ៉ែល​មាន​អាយុ​៩០​ឆ្នាំ​ជាង អ្នក​ធំ​ដែល​មាន​ចិត្ត​ច្រណែន​ចំពោះ​ដានីយ៉ែល រៀបចំ​ផែនការ​មួយ​ដើម្បី​សម្លាប់​គាត់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រោស​ដានីយ៉ែល​ឲ្យ​«រួច​ពី​អំណាច​សិង្ហ»។—ដានីយ៉ែល ៦:២៧

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១១​-​១៥—តើ​យុវជន​ជនជាតិ​យូដា​បួន​នាក់​មាន​មុខ​ស្រស់​និង​សាច់​ល្អ​ដោយ​ព្រោះ​តែ​ពួក​គេ​បរិភោគ​បន្លែ​ប៉ុណ្ណោះ​ទេ? មិន​ទេ។ ការ​តម​អាហារ​សម្រាប់​តែ​រយៈ​ពេល​១០​ថ្ងៃ មិន​អាច​នាំ​ឲ្យ​បាន​ផល​ល្អ​ភ្លាមៗ​ដូច​នោះ​ទេ។ មូលហេតុ​ដែល​យុវជន​ជនជាតិ​ហេព្រើរ​ទាំង​នោះ​មាន​មុខ​ស្រស់​និង​សាច់​ល្អ គឺ​ដោយសារ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​លើ​ពួក​គេ ដោយ​ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​ទៅ​លើ​ទ្រង់។—សុភាសិត ១០:២២

២:១—តើ​ស្តេច​នេប៊ូក្នេសា​យល់សប្ដិ​ឃើញ​រូប​មួយ​យ៉ាង​ធំ​នៅ​ឆ្នាំ​ណា? កំណត់​ហេតុ​ចែង​ថា នេះ​បាន​កើត​ឡើង​«នៅ​ក្នុង​ឆ្នាំ​ទី២​នៃ​រាជ្យ​នេប៊ូក្នេសា»។ បើ​នេប៊ូក្នេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​៦២៤ មុន​គ.ស. ឆ្នាំ​ទីពីរ​នៃ​រាជ្យ​ទ្រង់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦២៣ មុន​គ.ស.។ ប៉ុន្តែ នៅ​សល់​ច្រើន​ឆ្នាំ​មុន​គាត់​ទន្ទ្រាន​ចូល​ស្រុក​យូដា ដូច្នេះ​ដានីយ៉ែល​មិន​ទាន់​ទៅ​រស់​នៅ​ស្រុក​បាប៊ីឡូន​ទេ ហើយ​ក៏​មិន​អាច​បកស្រាយ​ន័យ​សុបិន​នៅ​ឆ្នាំ​នោះ​ឡើយ។ ដូច្នេះ តាម​មើល​ទៅ «ឆ្នាំ​ទី២»​នេះ បាន​រាប់​ពី​ឆ្នាំ​៦០៧ មុន​គ.ស. ជា​ពេល​ដែល​ស្តេច​ជនជាតិ​បាប៊ីឡូន​បាន​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល ហើយ​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​ពិភព​លោក​ទាំង​មូល។

២:៣២, ៣៩—តើ​រាជាណាចក្រ​ដែល​តំណាង​ដោយ​ប្រាក់ មាន​គុណភាព​អន់​ជាង​រាជាណាចក្រ​តំណាង​ដោយ​មាស និង​រាជាណាចក្រ​តំណាង​ដោយ​លង្ហិន អន់​ជាង​រាជាណាចក្រ​តំណាង​ដោយ​ប្រាក់​យ៉ាង​ណា? ផ្នែក​នៃ​រូប​នោះ​ដែល​ធ្វើ​ពី​ប្រាក់ តំណាង​ចក្រភព​មេឌី​ពើ​ស៊ី ដែល​អន់​ជាង​ចក្រភព​បាប៊ីឡូន​ដែល​តំណាង​ដោយ​មាស ពីព្រោះ​ពួក​មេឌី​ពើ​ស៊ី​មិន​មាន​ឯកសិទ្ធិ​រំលំ​រាជាណាចក្រ​យូដា​ទេ។ មហា​អំណាច​បន្ទាប់​ពី​ចក្រភព​មេឌី​ពើ​ស៊ី គឺ​ជា​ចក្រភព​ក្រិច ដែល​តំណាង​ដោយ​លង្ហិន។ ចក្រភព​ក្រិច​មាន​លក្ខណៈ​អន់​ជាង​ចក្រភព​មេឌី​ពើ​ស៊ី ដូច​ជា​លង្ហិន​អន់​ជាង​ប្រាក់។ ទោះ​ជា​ចក្រភព​ក្រិច​មាន​ទឹក​ដី​ធំ​ជាង​ចក្រភព​មេឌី​ពើ​ស៊ី​ទៅ​ទៀត ពួក​គេ​មិន​ដែល​មាន​ឯកសិទ្ធិ​ប្រោស​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​រួច​ពី​ចំណង​ជា​ឈ្លើយ​សឹក​ទេ។

៤:៨, ៩—តើ​ដានីយ៉ែល​ក្លាយ​ទៅ​ជា​គ្រូ​មន្តអាគម​ដែរ​ឬ​ទេ? មិន​ទេ។ ពាក្យ​«មេ​នៃ​ពួក​គ្រូ​មន្តអាគម» គ្រាន់​តែ​សំដៅ​ទៅ​លើ​ភារកិច្ច​របស់​ដានីយ៉ែល​ជា​«អធិបតី​លើ​ពួក​អ្នកប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​បាប៊ីឡូន»។—ដានីយ៉ែល ២:៤៨

៤:១០, ១១, ២០​-​២២—តើ​ដើម​ឈើ​ដែល​មាន​កម្ពស់​ខ្ពស់​ក្រៃលែង​ក្នុង​សុបិន​របស់​នេប៊ូក្នេសា​តំណាង​អ្វី? មុន​ដំបូង ដើម​ឈើ​នោះ​តំណាង​នេប៊ូក្នេសា​ដែល​ជា​អ្នក​គ្រប់គ្រង​មហា​អំណាច​មួយ។ ប៉ុន្តែ ដោយសារ​អំណាច​គ្រប់គ្រង​ដែល​តំណាង​ក្នុង​សុបិន​នោះ សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​រហូត​«ដល់​ចុង​ផែនដី​បំផុត» នេះ​បង្ហាញ​ថា ដើម​ឈើ​នោះ​តំណាង​អ្វី​ដែល​ធំ​ជាង​អំណាច​គ្រប់គ្រង​របស់​នេប៊ូក្នេសា​ទៅ​ទៀត។ សៀវភៅ​ដានីយ៉ែល ៤:១៧ ពន្យល់​ថា សុបិន​នោះ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​របស់​«ព្រះ​ដ៏​ខ្ពស់​បំផុត»​ទៅ​លើ​រាជ្យ​របស់​មនុស្ស។ បើ​ដូច្នេះ ដើម​ឈើ​នោះ​ក៏​តំណាង​ភាព​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា​ក្នុង​សកលលោក​ទាំង​មូល ជា​ពិសេស​ដែល​ទាក់ទង​នឹង​ផែនដី។ យ៉ាង​នេះ សុបិន​នោះ​មាន​ការ​សម្រេច​ពីរ​យ៉ាង ដោយ​សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ស្តេច​នេប៊ូក្នេសា​ផង ហើយ​ក៏​សំដៅ​ទៅ​លើ​ភាព​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។

៤:១៦, ២៣, ២៥, ៣២, ៣៣—តើ​«៧​ខួប»​នោះ មាន​រយៈ​ពេល​ប៉ុន្មាន? ដោយសារ​រូប​រាង​របស់​ស្តេច​នេប៊ូក្នេសា​បាន​កែ​ប្រែ​ច្រើន​ក្នុង​រយៈ​ពេល​«៧​ខួប»​នោះ នេះ​មាន​ន័យ​ថា គ្រា​នោះ​ត្រូវ​តែ​សំដៅ​ទៅ​លើ​រយៈ​ពេល​យូរ​ជាង​៧​ថ្ងៃ។ ក្នុង​ករណី​នេះ ៧​ខួប​ទាំង​នោះ​សំដៅ​ទៅ​លើ​៧​ឆ្នាំ​ដែល​មាន​រយៈ​ពេល​៣៦០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នេះ​សរុប​ទៅ ៧​ខួប​នោះ​មាន​រយៈ​ពេល​២.៥២០​ថ្ងៃ។ ក្នុង​ការ​សម្រេច​ទំនាយ​នេះ​ដែល​សំដៅ​ទៅ​លើ​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា «៧​ខួប»​ទាំង​នោះ​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ​ទៅ​វិញ។ (អេសេគាល ៤:៦, ៧) គ្រា​នោះ​ចាប់​ផ្ដើម​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ហើយ​ចប់​ពេល​ដែល​ព្រះ​យេស៊ូ​ឡើង​សោយ​រាជ្យ​នៅ​ឯ​ស្ថានសួគ៌​នា​ឆ្នាំ​១៩១៤ គ.ស.។—លូកា ២១:២៤

៦:៦​-​១០—ដោយសារ​មិន​ចាំបាច់​ឲ្យ​យើង​មាន​ឥរិយាបថ​ពិសេស​ពេល​អធិស្ឋាន​ចំពោះ​ព្រះ​យេហូវ៉ា តើ​ល្អ​ជាង​ទេ ឲ្យ​ដានីយ៉ែល​អធិស្ឋាន​ដោយ​សម្ងាត់​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​នោះ? គ្រប់​គ្នា​ដឹង​ថា​ដានីយ៉ែល​តែង​តែ​អធិស្ឋាន​បី​ដង​ជា​រៀង​រាល់​ថ្ងៃ។ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​ដែល​ប្រឆាំង​នឹង​គាត់​មាន​ផែនការ​បង្កើត​ច្បាប់​មួយ​ដែល​ដាក់​កំហិត​ទៅ​លើ​ការ​អធិស្ឋាន។ បើ​ដានីយ៉ែល​កែ​ប្រែ​ទម្លាប់​ក្នុង​ការ​អធិស្ឋាន អ្នក​ដទៃ​អាច​ចាត់​ទុក​ទង្វើ​នោះ​ជា​ការ​សុខ​ចិត្ត​ប្រតិបត្ដិ​តាម​ច្បាប់​គេ ដែល​អាច​បង្កប់​អត្ថន័យ​ថា គាត់​មិន​មាន​ចិត្ត​ភក្ដី​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។

មេ​រៀន​សម្រាប់​យើង:

១:៣​-​៨: យើង​អាច​យល់​ច្បាស់​ថា ការ​អប់រំ​ដែល​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​បាន​ទទួល​ពី​មាតា​បិតា ពិត​ជា​មាន​តម្លៃ​មែន ពីព្រោះ​ការ​អប់រំ​នោះ​បាន​ជួយ​ពួក​គេ​រក្សា​ឲ្យ​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​មាតា​បិតា​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​ចាត់​ទុក​កិច្ច​បម្រើ​ទ្រង់​ជា​អាទិ​ភាព​ក្នុង​ជីវិត ព្រម​ទាំង​បង្រៀន​ឲ្យ​កូន​ធ្វើ​ដូច្នេះ​ដែរ នេះ​អាច​ជួយ​កូន​ឲ្យ​ទប់ទល់​នឹង​ការ​ល្បងល​ឬ​ការ​បង្ខិត​បង្ខំ​នៅ​ឯ​សាលា​និង​កន្លែង​ឯ​ទៀត។

១:១០​-​១២: ដានីយ៉ែល​យល់​នូវ​មូលហេតុ​ដែល​«ចៅហ្វាយ​លើ​ពួក​កំរៀវ»​មាន​អារម្មណ៍​ខ្លាច​ចំពោះ​ស្តេច ដូច្នេះ​ដានីយ៉ែល​ឈប់​ទាមទារ​ឲ្យ​គាត់​ជួយ។ ប៉ុន្តែ​ក្រោយ​មក ដានីយ៉ែល​បាន​និយាយ​ជា​មួយ​«អ្នក​ដំរួត» ដែល​ប្រហែល​ជា​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​តាម​តែ​ចិត្ត​ប៉ង។ ពេល​ដែល​យើង​ជួបប្រទះ​ស្ថានការណ៍​ពិបាក យើង​ក៏​គួរ​ចេះ​វិនិច្ឆ័យ​ឲ្យ​យល់​ពី​ស្ថានភាព​ផ្សេងៗ ហើយ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដែរ។

២:២៩, ៣០: យើង​គួរ​ធ្វើ​ដូច​ដានីយ៉ែល ដោយ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​យើង​នូវ​ចំណេះ គុណសម្បត្ដិ​និង​សមត្ថភាព​ផ្សេងៗ​ដែល​យើង​មាន ដោយសារ​យើង​បាន​ឆ្លៀត​ទាញ​យក​ប្រយោជន៍​ពី​ការ​អប់រំ​ខាង​គម្ពីរ។

៣:១៦​-​១៨: បើ​យុវជន​ជនជាតិ​ហេព្រើរ​បី​នាក់​បាន​សុខ​ចិត្ត​ប្រតិបត្ដិ​តាម​តម្រូវ​ការ​ស្តី​អំពី​ការ​បរិភោគ​អាហារ​នោះ ពួក​គេ​ច្បាស់​ជា​មិន​កាន់​ជំហរ​រឹង​មាំ​ក្នុង​ករណី​មួយ​ទៀត​នេះ​ទេ។ ដូច្នេះ យើង​គួរ​«ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់»។—ធីម៉ូថេទី១ ៣:១១

៤:២៤​-​២៧: ការ​ប្រកាស​សារ​រាជាណាចក្រ​របស់​ព្រះ ដែល​រួម​បញ្ចូល​ការ​ប្រកាស​អំពី​គ្រា​ដែល​ទ្រង់​នឹង​កាត់​ទោស​មនុស្ស​អាក្រក់ ក៏​តម្រូវ​ឲ្យ​យើង​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដូច​ដានីយ៉ែល ពេល​ដែល​គាត់​ប្រាប់​នេប៊ូក្នេសា​អំពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​«មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ»។

៥:៣០, ៣១: ‹ពាក្យ​ចំអក​ដាក់​ស្តេច​ក្រុង​បាប៊ីឡូន›បាន​សម្រេច​មែន។ (អេសាយ ១៤:៣, ៤, ១២​-​១៥) សាតាំង​ដែល​ជា​មេ​កំណាច​ក៏​មាន​អំណួត​ស្រដៀង​នឹង​ពួក​អ្នក​គ្រប់គ្រង​ចក្រភព​បាប៊ីឡូន ហើយ​វា​ក៏​ត្រូវ​វិនាស​ទៅ​យ៉ាង​អាម៉ាស់​ខ្មាស​ដូច​ពួក​គេ​ដែរ។—ដានីយ៉ែល ៤:​៣០; ៥:២​-​៤, ២៣

តើ​សុបិន​ដែល​ដានីយ៉ែល​យល់សប្ដិ​ឃើញ មាន​ន័យ​អ្វី?

(ដានីយ៉ែល ៧:១​–​១២:១៣)

នៅ​ឆ្នាំ​៥៥៣ មុន​គ.ស. ដានីយ៉ែល​មាន​អាយុ​៧០​ឆ្នាំ​ជាង ពេល​ដែល​គាត់​ទទួល​ព័ត៌មាន​សំខាន់​តាម​រយៈ​សុបិន​ជា​លើក​ទី​មួយ។ ដានីយ៉ែល​ឃើញ​សត្វ​ធំ​បួន ដែល​តំណាង​មហា​អំណាច​នីមួយៗ ដែល​មាន​តាំង​ពី​សម័យ​គាត់​រហូត​មក​ដល់​សម័យ​យើង។ ក្នុង​សុបិន​មួយ​ទៀត ដានីយ៉ែល​ឃើញ​ព្រឹត្ដិការណ៍​នៅ​ឯ​ស្ថានសួគ៌ ថា​គេ​បាន​ឲ្យ​«១​អង្គ​ដូច​ជា​មនុស្ស​ជាតិ»​នូវ‹អំណាច​គ្រប់គ្រង​ដែល​ស្ថិតស្ថេរ​នៅ​អស់កល្ប›។ (ដានីយ៉ែល ៧:​១៣, ១៤) ពីរ​ឆ្នាំ​ក្រោយ​មក ដានីយ៉ែល​យល់សប្ដិ​ឃើញ​សុបិន​មួយ​ដែល​សំដៅ​ទៅ​លើ​ចក្រភព​មេឌី​ពើ​ស៊ី ក្រិច​និង‹ស្តេច​១​អង្គ​ដែល​មាន​ទឹក​មុខ​សាហាវ›។—ដានីយ៉ែល ៨:២៣

នៅ​ឆ្នាំ​៥៣៩ មុន​គ.ស. ចក្រភព​បាប៊ីឡូន​បាន​រលំ​ដួល ហើយ​បុរស​ជនជាតិ​មេឌី ឈ្មោះ​ដារីយុស បាន​ឡើង​សោយ​រាជ្យ​ទៅ​លើ​ពួក​ខាល់ដេ​ឬ​ជនជាតិ​បាប៊ីឡូន។ ដានីយ៉ែល​អធិស្ឋាន​ចំពោះ​ព្រះ​យេហូវ៉ា ស្តី​អំពី​ការ​ស្ដារ​ឡើង​នូវ​ស្រុក​កំណើត​របស់​គាត់។ ពេល​ដានីយ៉ែល​កំពុង​អធិស្ឋាន​នោះ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​កាព្រីយ៉ែល​ឲ្យ​ទៅ​ជួយ​គាត់​ឲ្យ​«មាន​ប្រាជ្ញា​ហើយ​នឹង​យោបល់»​ឬ​ការ​យល់​ដឹង​អំពី​ព្រះ​មេស្ស៊ី​ដែល​ត្រូវ​លេច​មក។ (ដានីយ៉ែល ៩:២០​-​២៥) នៅ​ឆ្នាំ​៥៣៦​និង​ឆ្នាំ​៥៣៥ មុន​គ.ស. បណ្ដាជន​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ទី​ក្រុង​យេរូសាឡិម​វិញ។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចង់​សង់​វិហារ​ឡើង​វិញ ក៏​មាន​អ្នក​ប្រឆាំង​ដែរ ហើយ​ដានីយ៉ែល​ចាប់​ផ្ដើម​ខ្វល់ខ្វាយ​អំពី​រឿង​នេះ។ ដានីយ៉ែល​យក​រឿង​នោះ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ចាត់​ទេវតា​មួយ​រូប​ដែល​មាន​ឋានៈ​ខ្ពស់​ឲ្យ​ទៅ​ជួប​គាត់។ មុន​ដំបូង ទេវតា​នោះ​ជួយ​ពង្រឹង​កម្លាំង​ឲ្យ​ដានីយ៉ែល ហើយ​ក្រោយ​មក​ក៏​ប្រាប់​ទំនាយ​អំពី​ស្តេច​ខាង​ជើង​និង​ស្តេច​ខាង​ត្បូង​ដែល​ចេះ​តែ​ដណ្ដើម​អំណាច​គ្នា​ជានិច្ច។ ទំនាស់​ដែល​ស្តេច​ទាំង​ពីរ​នោះ​មាន​ចំពោះ​គ្នា បាន​ចាប់​ផ្ដើម​តាំង​ពី​ពេល​ដែល​ឧត្តម​សេនីយ៍​បួន​នាក់​បាន​បែងចែក​ចក្រភព​របស់​លោក​អាឡិចសង់ដ៏ឧត្តម ហើយ​មាន​រហូត​ដល់​គ្រា​ដែល​មីកែល​ជា​មហា​ទេវតា​«ឈរ​ឡើង»។—ដានីយ៉ែល ១២:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៨:៩—តើ​«ស្រុក​ដ៏​ឧត្តម»​តំណាង​អ្វី? ក្នុង​ករណី​នេះ «ស្រុក​ដ៏​ឧត្តម»​តំណាង​ស្ថានភាព​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ក្នុង​អំឡុង​គ្រា​ដែល​មហា​អំណាច​អង់គ្លេស​និង​អា​ម៉េរិក​គ្រប់គ្រង។

៨:២៥—តើ​«ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់»​សំដៅ​ទៅ​លើ​អ្នក​ណា? ពាក្យ​ភាសា​ហេព្រើរ សរ ដែល​បកប្រែ​ថា «ព្រះ​អម្ចាស់»​នោះ មាន​ន័យ​ចំៗ​ថា «មេ»​ឬ​«អ្នក​ធំ»។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​មាន​មុខ​តំណែង​ជា​«ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់» ដែល​មាន​ន័យ​ថា ទ្រង់​ជា​មេ​លើ​អស់​ទាំង​ទេវតា​ដែល​មាន​មុខ​តំណែង​ជា​អម្ចាស់​ដែរ រួម​ទាំង​«មីកែល ជា​ពួក​មហា​ទេវតា​១»​ផង។—ដានីយ៉ែល ១០:១៣

៩:២១—ហេតុ​អ្វី​បាន​ជា​ដានីយ៉ែល​ហៅ​កាព្រីយ៉ែល​ថា «លោក»? នេះ​គឺ​ពីព្រោះ​ពេល​កាព្រីយ៉ែល​ជួប​ជា​មួយ​ដានីយ៉ែល គាត់​មាន​រូប​រាង​ដូច​ជា​មនុស្ស ដូច​ពេល​ដានីយ៉ែល​ឃើញ​គាត់​ក្នុង​សុបិន​មួយ​ពី​មុន។—ដានីយ៉ែល ៨:១៥​-​១៧

៩:២៧—តើ​សញ្ញា​មួយ​ណា​បាន​«តាំង​យ៉ាង​ម៉ឺងម៉ាត់​នឹង​មនុស្ស​ជា​ច្រើន» រហូត​ដល់​ឆ្នាំ​៣៦ គ.ស. ដែល​ជា​ដំណាច់​៧០​អាទិត្យ​នោះ?a ពេល​គេ​បាន​ធ្វើ​គុត​ព្រះ​យេស៊ូ​នៅ​ឆ្នាំ​៣៣ គ.ស. កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​លោក​ម៉ូសេ លែង​មាន​សុពល​ភាព។ ប៉ុន្តែ ការ​តាំង​ឬ​រក្សា​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ័ប្រាហាំ​ប្រយោជន៍​ឲ្យ​ជនជាតិ​អ៊ីស្រាអែល ទុក​ជា​សញ្ញា​មួយ​យ៉ាង​ម៉ឺងម៉ាត់​រហូត​ដល់​ឆ្នាំ​៣៦ គ.ស. មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នៅ​តែ​ទុក​ឱកាស​ឲ្យ​ជនជាតិ​យូដា​ទទួល​ឯកសិទ្ធិ​ពិសេស​មួយ​រយៈ​ខ្លី ពីព្រោះ​ពួក​គេ​ជា​កូន​ចៅ​របស់​អ័ប្រាហាំ។ កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ​នៅ​តែ​មាន​យ៉ាង​ម៉ឺងម៉ាត់ ឬ​មាន​សុពល​ភាព​ចំពោះ​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៣:​៧​-​៩, ១៤​-​១៨, ២៩; ៦:១៦

មេ​រៀន​សម្រាប់​យើង:

៩:១​-​២៣; ១០:១១: ដោយសារ​ដានីយ៉ែល​មាន​ចិត្ត​រាប​ទាប ស្រឡាញ់​ព្រះ​យេហូវ៉ា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ហើយ​បាន​អធិស្ឋាន​ឥត​ឈប់ឈរ នោះ​គាត់​បាន​រាប់​ជា​«មនុស្ស​សំណប់​យ៉ាង​សំខាន់»។ លក្ខណៈ​ទាំង​នេះ​បាន​ជួយ​គាត់​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ពេល​ដែល​គាត់​ក្ស័យ​ជីវិត។ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ធ្វើ​តាម​គំរូ​របស់​ដានីយ៉ែល​ចុះ!

៩:១៧​-​១៩: ពេល​ដែល​យើង​អធិស្ឋាន​សូម​ឲ្យ​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែល​មាន​«សុទ្ធតែ​សេចក្ដី​សុចរិត»​ឆាប់​មក​ដល់​នោះ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា និង​ការ​បង្ហាញ​មួយ​ដង​ជា​សម្រេច​ថា ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ ជាជាង​គិត​តែ​ពី​ការ​រួច​ខ្លួន​ពី​ទុក្ខ​លំបាក​ប៉ុណ្ណោះ មែន​ទេ?—ពេត្រុសទី២ ៣:១៣

១០:៩​-​១១, ១៨, ១៩: ស្រប​ទៅ​តាម​គំរូ​របស់​ទេវតា​ដែល​បាន​ទៅ​ជួប​ដានីយ៉ែល យើង​គួរ​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​បងប្អូន ដោយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​និយាយ​ដោយ​របៀប​ដែល​សម្រាល​ទុក្ខ។

១២:៣: ក្នុង​អំឡុង​គ្រា​ជាន់​ក្រោយ​បង្អស់​នេះ ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ជា​«ពួក​អ្នក​ដែល​មាន​ប្រាជ្ញា» ហើយ​ពួក​គាត់​ក៏‹ភ្លឺ​ដូច​ជា​តួ​ពន្លឺ›។ ពួក​គាត់​«ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត» រួម​ទាំង​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ជា​ពួក​«ចៀម​ឯ​ទៀត»។ (ភីលីព ២:១៥; វិវរណៈ ៧:៩; យ៉ូហាន ១០:​១៦) គ្រា​ដែល​ពួក​អ្នក​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​នឹង​«ភ្លឺ»​យ៉ាង​ពេញលេញ​«ដូច​ជា​អស់​ទាំង​ផ្កាយ» គឺ​ក្នុង​អំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​គ្រិស្ត ពេល​ដែល​ពួក​គាត់​រួម​ចំណែក​ជា​មួយ​នឹង​ទ្រង់​ក្នុង​ការ​ប្រទាន​ប្រយោជន៍​ទាំង​ឡាយ​ដែល​មក​ពី​តម្លៃ​លោះ​របស់​ទ្រង់ ឲ្យ​មនុស្ស​នៅ​ផែនដី​ដែល​ជា​អ្នក​ស្ដាប់​បង្គាប់។ គួរ​គប្បី​ឲ្យ​ពួក​«ចៀម​ឯ​ទៀត»​មាន​សាមគ្គីភាព​ជា​មួយ​អស់​អ្នក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ដោយ​គាំទ្រ​កិច្ចការ​របស់​ពួក​គាត់​យ៉ាង​ពេញលេញ។

ព្រះ​យេហូវ៉ា‹ប្រទាន​ពរ ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់›

តើ​សៀវភៅ​ដានីយ៉ែល​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ? សូម​គិត​អំពី​ទំនាយ​ផ្សេងៗ​ក្នុង​សៀវភៅ​ដានីយ៉ែល មិន​ថា​ទំនាយ​ដែល​បាន​សម្រេច​រួច​ហើយ ឬ​ទំនាយ​ដែល​មិន​ទាន់​សម្រេច​នៅ​ឡើយ។ ទំនាយ​ទាំង​នោះ​ពិពណ៌នា​យ៉ាង​ច្បាស់​លាស់​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បំពេញ​តាម​បន្ទូល​ឬ​បណ្ដាំ​របស់​ទ្រង់។—អេសាយ ៥៥:១១

ពេល​សៀវភៅ​ដានីយ៉ែល​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេងៗ​ដែល​បាន​កើត​មាន​ឡើង​នា​សម័យ​នោះ តើ​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះ​របស់​យើង? យុវជន​ជនជាតិ​ហេព្រើរ​បួន​នាក់​ដែល​មិន​ព្រម​ធ្វើ​តាម​ទម្លាប់​ក្នុង​រាជ​វាំង​នៃ​ជនជាតិ​បាប៊ីឡូន បាន​ទទួល‹ដំរិះ ហើយ​បាន​ឆ្លៀវឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ​នឹង​ប្រាជ្ញា​ផង›។ (ដានីយ៉ែល ១:១៧) ព្រះ​ពិត​បាន​ចាត់​ទេវតា​របស់​ទ្រង់​ដើម្បី​ប្រោស​សាដ្រាក់ មែសាក់​និង​អ័បេឌ​នេកោ​ឲ្យ​រួច​ពី​គុក​ភ្លើង។ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ដានីយ៉ែល​ពេល​នៅ​ក្នុង​រូង​សិង្ហ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ពិត​ជា‹ជួយ​នឹង​ការពារ​ដូច​ជា​ខែល​នូវ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រង់› ហើយ‹ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់›ផង។—ទំនុកដំកើង ១១៥:៩, ១៣

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​៧០​អាទិត្យ​នោះ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២២៨​-​២២៩ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​១០]

ហេតុ​អ្វី​ក៏​ព្រះ​រាប់​ដានីយ៉ែលជា​«មនុស្ស​សំណប់​យ៉ាង​សំខាន់»?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក