បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១១ ទំ. ២៨-៣២
  • ការឈ្វេងយល់«សេចក្ដីជ្រាលជ្រៅនៃព្រះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការឈ្វេងយល់«សេចក្ដីជ្រាលជ្រៅនៃព្រះ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​រាបសា​ឲ្យ​យល់
  • តើ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​រួម​បញ្ចូល​អ្វី​ខ្លះ?
  • សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ
  • សិក្សា​ដោយ​ខ្លួន​ឯង​នាំ​ឲ្យ​មាន​អំណរ
  • ជួយ​កូន​ឲ្យ​ចូល​ចិត្ត​សិក្សា​គម្ពីរ
  • ‹សកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • «អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ការសិក្សា គឺជាអ្វីដែលបង្កើតផលល្អថែមទាំងនាំឲ្យរីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូររុករកគ្រប់ជ្រុងជ្រោយក្នុងបណ្ដាំរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១១ ទំ. ២៨-៣២

ការ​ឈ្វេង​យល់​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»

​«វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល[ឬ​«ឈ្វេង​យល់»]​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ»។—កូរិនថូសទី១ ២:១០; ខ.ស.

១​. ពេល​ចាប់​ផ្ដើម​រៀន​គម្ពីរ តើ​សិស្ស​ថ្មី​ត្រេកអរ​ចំពោះ​សេចក្ដី​បង្រៀន​អ្វី​ខ្លះ?

យើង​ភាគ​ច្រើន​ក្នុង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក អាច​នឹក​ចាំ​នូវ​អំណរ​ដែល​យើង​មាន​ពេល​បាន​រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជា​លើក​ដំបូង។ យើង​បាន​រៀន​ឲ្យ​យល់​អត្ថន័យ​នៃ​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា បាន​រៀន​នូវ​មូលហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​យូរ​ម្ល៉េះ ហេតុ​ដែល​មនុស្ស​ខ្លះ​ឡើង​ទៅ​ស្ថានសួគ៌ ព្រម​ទាំង​យល់​អំពី​អនាគត​ល្អ​ចំពោះ​មនុស្ស​ទាំង​ឡាយ​ដែល​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ យើង​ប្រហែល​ជា​ធ្លាប់​អាន​គម្ពីរ​មុន​ពេល​ដែល​យើង​បាន​រៀន​សេចក្ដី​ទាំង​នេះ ប៉ុន្តែ​មិន​បាន​យល់​សោះ ដូច​មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ។ ស្ថានការណ៍​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ខំ​មើល​ផ្កា​ថ្ម​ដែល​ដុះ​នៅ​ក្នុង​ទឹក។ បើ​អត់​មាន​ឧបករណ៍ គាត់​ពិបាក​មើល​អ្វី​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​នោះ។ ប៉ុន្តែ បើ​គាត់​មាន​វ៉ែនតា​សម្រាប់​មើល​នៅ​ក្នុង​ទឹក ឬ​មួយ​ក៏​មាន​ទូក​ដែល​បាត​ធ្វើ​ពី​កញ្ចក់ គាត់​សប្បាយ​ចិត្ត​ដោយ​ឃើញ​ជា​លើក​ទី​មួយ​នូវ​ផ្កា​ថ្ម​និង​ត្រី​ចម្រុះ​ពណ៌​ស្អាតៗ ព្រម​ទាំង​រុក្ខជាតិ​និង​សត្វ​ចម្លែកៗ​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ ពេល​នរណា​ម្នាក់​បាន​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ នោះ​ជា​លើក​ដំបូង​ដែល​យើង​បាន​ឃើញ​ត្រួសៗ​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»។—កូរិនថូសទី១ ២:៨​-​១០

២​. ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​អាច​នាំ​ឲ្យ​មាន​អំណរ​ជានិច្ច?

២ តើ​យើង​គួរ​ស្កប់​ចិត្ត​នឹង​ការ​ពិនិត្យ​មើល​តែ​ត្រួសៗ​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ឬ? ការ​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​មាន​ន័យ​ថា យើង​យល់​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បើក​ឲ្យ​គ្រិស្ត​សាសនិក​យល់ តាម​រយៈ​វិញ្ញាណ​ឬ​សកម្ម​ពល​របស់​ទ្រង់ តែ​ជា​ប្រាជ្ញា​ដែល​ទ្រង់​បិទ​បាំង​មិន​ឲ្យ​មនុស្ស​ទាំង​អស់​យល់​ទេ។ (កូរិនថូសទី១ ២:៧) ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គ្មាន​កម្រិត​សោះ ដូច្នេះ​ការ​ស្វែង​យល់​អំពី​ទ្រង់​អាច​នាំ​ឲ្យ​មាន​អំណរ​ជានិច្ច​និរន្តរ! យើង​មិន​អាច​យល់​ទាំង​ស្រុង នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ទ្រង់​ទេ។ បើ​យើង​ខំ​ព្យាយាម​ជានិច្ច ដើម្បី​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» យើង​ក៏​នឹង​មាន​អំណរ​ជានិច្ច​ដែរ ជា​អំណរ​ដូច​យើង​ធ្លាប់​មាន​នៅ​ដើម​ដំបូង ពេល​បាន​រៀន​បឋម​សិក្សា​ក្នុង​គម្ពីរ​ជា​លើក​ទី​មួយ។

៣​. ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​យើង​យល់​ច្បាស់​នូវ​មូលហេតុ​ដែល​យើង​ជឿ​ទៅ​លើ​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

៣ ហេតុ​អ្វី​បាន​ជា​ចាំបាច់​ម្ល៉េះ​ឲ្យ​យើង​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ»​ទាំង​នោះ? ការ​យល់​ដឹង​អំពី​សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន​នៃ​ជំនឿ​របស់​យើង គឺ​ចាំបាច់​មែន ប៉ុន្តែ​ការ​យល់​ដឹង​នូវ​មូលហេតុ​ដែល​យើង​ជឿ​ទៅ​លើ​សេចក្ដី​ទាំង​នោះ គឺ​សំខាន់​ជាង ពីព្រោះ​នេះ​អាច​ពង្រឹង​ជំនឿ​របស់​យើង​បាន និង​ផ្ដល់​ហេតុ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្វី​ដែល​យើង​ជឿ។ ក្នុង​គម្ពីរ​មាន​យោបល់​ឲ្យ​យើង​ប្រើ​សមត្ថភាព​វែកញែក​របស់​ខ្លួន ដើម្បី‹លមើល[ឬ​«ពិចារណា​មើល»]​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង›។ (រ៉ូម ១២:១, ២; ខ.ស.) ពេល​យើង​យល់​នូវ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ប្រព្រឹត្ត​យ៉ាង​នេះ​ឬ​យ៉ាង​នោះ នេះ​ក៏​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ចង់​ស្ដាប់​បង្គាប់​ទ្រង់។ ដូច្នេះ ការ​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ»​ក្នុង​គម្ពីរ អាច​ផ្ដល់​កម្លាំង​ចិត្ត​ដើម្បី​ជួយ​យើង​ឲ្យ​បដិសេធ​នឹង​អ្វី​ដែល​ល្បួង​យើង និង​ទប់​ចិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់ ព្រម​ទាំង​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​«ឧស្សាហ៍​ធ្វើ​ការ​ល្អ»​ផង​ដែរ។—ទីតុស ២:១៤

៤​. តើ​ការ​សិក្សា​គម្ពីរ​រួម​បញ្ចូល​អ្វី​ខ្លះ?

៤ បើ​យើង​ចង់​ឈ្វេង​យល់​នូវ​សេចក្ដី​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ យើង​ត្រូវ​តែ​ព្យាយាម​ក្នុង​ការ​សិក្សា។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា ការ​អាន​ត្រួសៗ មិន​មែន​ជា​ការ​សិក្សា​ទេ។ ការ​សិក្សា​តម្រូវ​ឲ្យ​យើង​ពិនិត្យ​មើល​ព័ត៌មាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​យល់​នូវ​របៀប​ដែល​ព័ត៌មាន​នោះ​ជាប់​ទាក់ទង​នឹង​ពាក្យ​ត្រឹម​ត្រូវ​ដែល​យើង​បាន​រៀន​រួច​ទៅ​ហើយ។ (ធីម៉ូថេ​ទី២ ១:១៣) នេះ​ក៏​តម្រូវ​ឲ្យ​យើង​យល់​នូវ​មូលហេតុ​ដែល​គម្ពីរ​ចែង​ទុក​ដូច្នេះ។ ពេល​សិក្សា​គម្ពីរ យើង​គួរ​រំពឹង​គិត​ដែរ អំពី​របៀប​ដែល​ព័ត៌មាន​នោះ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ និង​របៀប​អនុវត្ត​តាម​ព័ត៌មាន​នោះ​ដើម្បី​ជួយ​អ្នក​ដទៃ។ ណា​មួយ​ទៀត ដោយសារ‹គ្រប់​ទាំង​បទ​គម្ពីរ​បណ្ដាល​មក​ពី​ព្រះ ហើយ​មាន​ប្រយោជន៍›នោះ គប្បី​ឲ្យ​យើង​សិក្សា​«គ្រប់​ទាំង​ព្រះ​បន្ទូល»​របស់​ទ្រង់​ផង។ (ធីម៉ូថេទី២ ៣:១៦, ១៧; ម៉ាថាយ ៤:៤) ទោះ​ជា​ការ​សិក្សា​គម្ពីរ​មិន​តែង​តែ​ស្រួល​ក្ដី យើង​អាច​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​បាន ហើយ​នេះ​អាច​នាំ​ឲ្យ​មាន​អំណរ​ផង។

ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​រាបសា​ឲ្យ​យល់

៥​. តើ​អ្នក​ណា​មាន​សមត្ថភាព​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»?

៥ សូម្បី​តែ​អ្នក​ដែល​រៀន​មិន​សូវ​ពូកែ​នៅ​សាលា ឬ​អ្នក​ដែល​មិន​មាន​ទម្លាប់​សិក្សា​ដោយ​ខ្លួន​ឯង​ក្ដី ក៏​មិន​គួរ​គិត​ថា ពួក​គេ​គ្មាន​លទ្ធភាព​អ្វី​សោះ​ឲ្យ​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​ឡើយ។ ពេល​ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ​នៅ​ផែនដី ព្រះ​យេហូវ៉ា​មិន​បើក​សម្ដែង​ឲ្យ​ពួក​អ្នកប្រាជ្ញ​និង​ពួក​ឈ្លាស​វៃ​យល់​អំពី​បំណង​របស់​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បើក​ឲ្យ​មនុស្ស​ដែល​មិន​សូវ​ចេះ​ជ្រៅជ្រះ​និង​ឥត​បាន​រៀន​សូត្រ​ច្រើន​ប៉ុន្មាន​ឲ្យ​យល់​វិញ ពីព្រោះ​ពួក​គេ​មាន​ចិត្ត​រាប​ទាប ហើយ​សុខ​ចិត្ត​ស្ដាប់​តាម​ព្រះ​យេស៊ូ​ជា​អ្នក​បម្រើ​ព្រះ។ ពួក​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់ បាន​ចាត់​ទុក​អស់​អ្នក​ដែល​ស្ដាប់​តាម​ព្រះ​យេស៊ូ​ជា​កូន​ក្មេង​វិញ។ (ម៉ាថាយ ១១:២៥; កិច្ចការ ៤:១៣) សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​បងប្អូន​រួម​ជំនឿ អំពី​សេចក្ដី​«ដែល​ព្រះ​បាន​រៀបចំ​ទុក​សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»​ថា​៖ «ព្រះ​ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ​វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​[ឬ​«ឈ្វេង​យល់»]​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ»។—កូរិនថូសទី១ ២:៩, ១០; ខ.ស.

៦​. តើ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​ឈ្វេង​យល់​«គ្រប់​ទាំង​អស់»​យ៉ាង​ដូច​ម្ដេច?

៦ តើ​វិញ្ញាណ​ឬ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ឈ្វេង​យល់ «គ្រប់​ទាំង​អស់» រួម​ទាំង​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​យ៉ាង​ដូច​ម្ដេច? ជា​ជាង​បើក​សម្ដែង​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់ៗ​មាន​ការ​យល់​ដឹង​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ ព្រះ​យេហូវ៉ា​ជួយ​ណែនាំ​អង្គការ​របស់​ទ្រង់​តាម​រយៈ​សកម្ម​ពល​ទ្រង់ ដើម្បី​ផ្ដល់​ឲ្យ​រាស្ត្រ​ទ្រង់​ដែល​មាន​សាមគ្គី​ភាព យល់​ច្បាស់​នូវ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ (កិច្ចការ ២០:២៨; អេភេសូរ ៤:៣​-​៦) ទូទាំង​ពិភពលោក ក្រុមជំនុំ​នីមួយៗ​មាន​កម្ម​វិធី​សិក្សា​ប្រហាក់​ប្រហែល​គ្នា។ បន្ដិច​ម្ដងៗ ពួក​គេ​សិក្សា​ប្រធាន​ផ្សេងៗ​ពី​គម្ពីរ។ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ក្នុង​ក្រុមជំនុំ​នានា ហើយ​ជួយ​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ដើម្បី​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»។—កិច្ចការ ៥:៣២

តើ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​រួម​បញ្ចូល​អ្វី​ខ្លះ?

៧​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»?

៧ កុំ​ឲ្យ​យើង​គិត​ថា «សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​សុទ្ធតែ​ជា​សេចក្ដី​បង្រៀន​ដែល​ពិបាក​យល់​ឡើយ។ មនុស្ស​ភាគ​ច្រើន​មិន​មាន​ចំណេះ​អំពី​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» មិន​មែន​ដោយ​ព្រោះ​ប្រាជ្ញា​របស់​ទ្រង់​ពិបាក​យល់​ទេ តែ​ដោយសារ​សាតាំង​បាន​បំភាន់​ពួក​គេ​ឲ្យ​បដិសេធ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​អង្គការ​ទ្រង់។—កូរិនថូសទី២ ៤:៣, ៤

៨​. ក្នុង​ជំពូក​ទី៣​នៃ​សំបុត្រ​ដែល​ប៉ុល​សរសេរ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ តើ​គាត់​សំដៅ​ទៅ​លើ​សេចក្ដី​ជ្រាល​ជ្រៅ​អ្វី​ខ្លះ​នៃ​ព្រះ?

៨ ក្នុង​ជំពូក​ទី៣​នៃ​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ គាត់​បង្ហាញ​ថា «សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​ក៏​រួម​បញ្ចូល​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យល់​ច្បាស់​ហើយ ដូច​ជា​អត្តសញ្ញាណ​នៃ​ពូជ​សន្យា ការ​ជ្រើសរើស​មនុស្ស​ខ្លះ​ឲ្យ​ឡើង​ទៅ​ស្ថានសួគ៌ និង​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​ជា​ដើម។ ប៉ុល​សំដៅ​ទៅ​លើ​សេចក្ដី​បង្រៀន​ទាំង​នេះ‹ជា​ការ​អាថ៌កំបាំង​ដែល​នៅ​ជាន់​មុន ពួក​មនុស្ស​ជាតិ​មិន​បាន​ស្គាល់​ទេ តែ​បាន​សំដែង​មក​សព្វ​ថ្ងៃ​នេះ ឲ្យ​ពួក​សា​វក​នឹង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់​ដោយសារ​វិញ្ញាណ​ព្រះ›។ នេះ​មាន​ន័យ​ថា​៖ «ពួក​សាសន៍​ដទៃ​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរ​ដក​ជា​មួយ​គ្នា នឹង​ជា​រូប​កាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់​ជា​មួយ​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​ដែរ»។ ប៉ុល​រៀប​រាប់​ទៀត​ថា គាត់​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ដែល​ត្រូវ​«បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​[«របៀប​ព្រះ​អង្គ​ចាត់​ចែង»]​ការ​អាថ៌កំបាំង​ដែល​លាក់​ទុក​ក្នុង​[ទ្រង់]​តាំង​ពី​អស់កល្ប​រៀង​មក»។—អេភេសូរ ៣:៥​-​៩; ខ.ស.

៩​. ម្ដេច​ក៏​ពិសេស​ម្ល៉េះ ដែល​យើង​មាន​ឯកសិទ្ធិ​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»?

៩ ប៉ុល​បាន​ពន្យល់​ទៀត​អំពី​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា​ថា ទ្រង់​មាន​បំណង​ឲ្យ​ពួក​អ្នក‹នៅ​ស្ថាន​ខ្ពស់​ស្គាល់​ប្រាជ្ញា​នៃ​ទ្រង់​ដែល​មាន​ច្រើន​យ៉ាង›នោះ «ដោយសារ​ពួក​ជំនុំ»​វិញ។ (អេភេសូរ ៣:១០) ដូច្នេះ ពួក​ទេវតា​ក៏​អាច​រៀន​ដែរ ដោយ​ពិនិត្យ​មើល​និង​ឈ្វេង​យល់​នូវ​ប្រាជ្ញា​នៃ​ព្រះ​យេហូវ៉ា​ដែល​សម្ដែង​មក​តាម​រយៈ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ គឺ​ពិសេស​មែន! ដែល​យើង​មាន​ឯកសិទ្ធិ​យល់​អ្វី​ដែល​ពួក​ទេវតា​ចាប់​អារម្មណ៍​ចង់​យល់​ដែរ។ (ពេត្រុសទី១ ១:១០​-​១២) បន្ទាប់​មក ប៉ុល​ជូន​យោបល់​ថា យើង​គួរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​«យល់​ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ពី​ទទឹង បណ្ដោយ ជំរៅ​នឹង​កំពស់»​នៃ​ជំនឿ​របស់​យើង​ជា​គ្រិស្ត​សាសនិក។ (អេភេសូរ ៣:១១, ១៨) ឥឡូវ​យើង​សូម​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ខ្លះៗ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​កាន់​តែ​ច្បាស់។

សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ

១០, ១១​. យោង​ទៅ​តាម​បទ​គម្ពីរ តើ​ព្រះ​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​«ពូជ»​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថានសួគ៌​ដែល​ប្រៀប​ដូច​ជា​«ស្ត្រី» នៅ​ពេល​ណា?

១០ សៀវភៅ​លោកុប្បត្តិ ៣:១៥ សំដៅ​ទៅ​លើ​«ស្ត្រី»​មួយ​ដែល​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថានសួគ៌ ហើយ​យើង​ដឹង​ថា ព្រះ​យេស៊ូ​ជា​តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​«ពូជ»​របស់​ស្ត្រី​នោះ។ ដើម្បី​ជួយ​យើង​ឲ្យ​ឈ្វេង​យល់​កាន់​តែ​ច្រើន យើង​អាច​សួរ​ថា ‹តើ​ព្រះ​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ពូជ​សន្យា​នៅ​ពេល​ណា? តើ​ព្រះ​យេស៊ូ​ជា​ពូជ​សន្យា​មុន​កំណើត​ទ្រង់​នៅ​ផែនដី​ឬ? ឬ​តើ​ទ្រង់​ក្លាយ​ទៅ​ជា​ពូជ​សន្យា​ពេល​ដែល​ទ្រង់​ចាប់​កំណើត​ជា​មនុស្ស? ពេល​ដែល​ទ្រង់​ទទួល​ការ​ជ្រមុជ​ទឹក? ឬ​ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ?›។

១១ ក្នុង​បទ​ទំនាយ​នោះ ព្រះ​យេហូវ៉ា​សន្យា​ថា អង្គការ​របស់​ទ្រង់​នៅ​ឯ​ស្ថានសួគ៌ ដែល​ប្រៀប​ដូច​ជា​«ស្ត្រី»​នោះ នឹង​បង្កើត​កូន​មួយ ជា​ពូជ​ដែល​ត្រូវ​កិន​ក្បាល​សាតាំង។ ប៉ុន្តែ រាប់​ពាន់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​ស្ត្រី​របស់​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​ពូជ​មួយ​ដែល​មាន​អំណាច​បំផ្លាញ​សាតាំង​និង​ការ​របស់​វា​ចោល​ទេ។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​ទំនាយ​របស់​លោក​អេសាយ​ប្រៀបប្រដូច​អង្គការ​នោះ​ទៅ​នឹង​«ស្ត្រី​អារ»​ដែល​«មាន​ចិត្ត​គ្នាន់ក្នាញ់»។ (អេសាយ ៥៤:១, ៥, ៦) នៅ​ទីបំផុត ព្រះ​យេស៊ូ​បាន​ចាប់​កំណើត​នៅ​ឯ​ក្រុង​បេថ្លេហិម។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ត្រូវ​តែ​ទទួល​ការ​ជ្រមុជ​ទឹក និង​មាន​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​មក​សណ្ឋិត​លើ​ទ្រង់ ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​យក​ទ្រង់​ជា​បុត្រ​ដែល​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​បិតា ទើប​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ «នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ»។ (ម៉ាថាយ ៣:១៧; យ៉ូហាន ៣:៣) នៅ​ពេល​នោះ​ឯង តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​«ពូជ»​នៃ​ស្ត្រី​នោះ បាន​បង្ហាញ​ខ្លួន​ហើយ។ ក្រោយ​មក​ទៀត អស់​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​បាន​ទទួល​សកម្ម​ពល​ពី​ព្រះ​យេហូវ៉ា ហើយ​នេះ​បង្ហាញ​ថា​ទ្រង់​បាន​តែងតាំង​ពួក​គេ​ជា​ស្តេច និង​ទទួល​យក​ពួក​គេ​ជា​បុត្រា​បុត្រី​ដែរ។ នៅ​ទីបំផុត អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​«ស្ត្រី»​ដែល​«មិន​បាន​បង្កើត​កូន»​យូរ​យារ​មក​ហើយ​នោះ មាន​ហេតុ‹ច្រៀង​អរ​សប្បាយ​ឡើង›!—អេសាយ ៥៤:១; កាឡាទី ៣:២៩

១២, ១៣​. តើ​បទ​គម្ពីរ​អ្វី​ខ្លះ​បង្ហាញ​ថា គ្រិស្ត​សាសនិក​ទាំង​ឡាយ​នៅ​ផែនដី​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ រួម​គ្នា​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›?

១២ ឧទាហរណ៍​មួយ​ទៀត​ពី​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់ គឺ​ទាក់ទង​នឹង​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​ជ្រើសរើស​មនុស្ស​១៤៤.០០០​នាក់។ (វិវរណៈ ១៤:១, ៤) យើង​យល់​និង​ជឿ​ថា អស់​អ្នក​នៅ​ផែនដី​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ រួម​គ្នា​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​ព្រះ​យេស៊ូ​ពន្យល់​ថា នឹង​ប្រទាន​«អាហារ»​ឲ្យ​ពួក​ផ្ទះ​លោក​តាម​ត្រូវ​ពេល។ (ម៉ាថាយ ២៤:៤៥) តើ​បទ​គម្ពីរ​ណា​ខ្លះ​បញ្ជាក់​ពី​ការ​យល់​ដឹង​នេះ? ឬ​មួយ​ក៏ តើ​ព្រះ​យេស៊ូ​ប្រហែល​ជា​និយាយ​ទូទៅ​វិញ ហើយ​សំដៅ​ទៅ​លើ​គ្រិស្ត​សាសនិក​ណា​ក៏​ដោយ ដែល​ជួយ​ពង្រឹង​ជំនឿ​ឲ្យ​បងប្អូន​គ្នីគ្នា ជា​អ្នក​បម្រើ​ស្មោះ​ត្រង់?

១៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ជនជាតិ​អ៊ីស្រាអែល​ថា​៖ «ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង»។ (អេសាយ ៤៣:១០) ប៉ុន្តែ នៅ​ថ្ងៃ​ទី១១ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ធំ​ដែល​កំពុង​ដឹក​នាំ​ជនជាតិ​អ៊ីស្រាអែល​ថា ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជនជាតិ​អ៊ីស្រាអែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ទៀត។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា [ហើយ]​ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ»។ ព្រះ​យេស៊ូ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ហ្វូង​មនុស្ស​ថា​៖ «មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ (ម៉ាថាយ ២១:៤៣, កំណែ​ជា​អក្សរ​ទ្រេត; ២៣:​៣៨) ពេល​ពួក​អ៊ីស្រាអែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ពួក​គេ​មិន​បាន​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ ហើយ​ក៏​គ្មាន​វិនិច្ឆ័យ​ល្អ​ទេ។ (អេសាយ ២៩:១៣, ១៤) នៅ​ថ្ងៃ​នោះ​ឯង​ដែល​ព្រះ​យេស៊ូ​បាន​វិនិច្ឆ័យ​ទោស​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​បាន​សួរ​សំណួរ​ថា​៖​‹តើ​អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ?›។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​បាន​សួរ​ថា ‹តើ​ជនជាតិ​មួយ​ណា​ដែល​មាន​វិនិច្ឆ័យ​ល្អ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជំនួស​ជនជាតិ​អ៊ីស្រាអែល?›។ សាវ័ក​ពេត្រុស​បាន​ឆ្លើយ​សំណួរ​នោះ​ពេល​ដែល​គាត់​ជម្រាប​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ថា​៖ «អ្នក​រាល់​គ្នា . . . ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ»។ (ពេត្រុសទី១ ១:៤; ២:៩, កំណែ​ជា​អក្សរ​ទ្រេត) មនុស្ស​មួយ​ពួក​ដែល​ប្រៀប​ដូច​ជា​ជនជាតិ​ថ្មី​មួយ​នោះ ដែល​គម្ពីរ​ហៅ​ថា «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ» បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ថ្មី​របស់​ព្រះ​យេហូវ៉ា។ (កាឡាទី ៦:១៦) បណ្ដាជន​ទាំង​ឡាយ ដែល​ជា​ជនជាតិ​អ៊ីស្រាអែល​ពី​បុរាណ​នោះ បាន​រួម​គ្នា​ជា​«អ្នក​បំរើ»​តែ​មួយ។ ដូច​គ្នា​ដែរ គ្រិស្ត​សាសនិក​ទាំង​ឡាយ​នៅ​ផែនដី ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ក៏​រួម​គ្នា​ជា​«អ្នក​បំរើ»​មួយ​ក្រុម ដែល‹ស្មោះ​ត្រង់​និង​មាន​វិនិច្ឆ័យ​ល្អ›។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ពិសេស​មែន! ដោយ​ទទួល​ការ​ណែនាំ​ដែល​ប្រៀប​ដូច​ជា​«អាហារ»​ពី​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។

សិក្សា​ដោយ​ខ្លួន​ឯង​នាំ​ឲ្យ​មាន​អំណរ

១៤​. ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​គម្ពីរ​នាំ​ឲ្យ​យើង​មាន​អំណរ​ច្រើន​ជាង​ការ​អាន​ត្រួសៗ​តែ​ប៉ុណ្ណោះ?

១៤ ពេល​យើង​យល់​បទ​គម្ពីរ​កាន់​តែ​ច្បាស់ យើង​ក៏​សប្បាយ​ជាង​ដែរ ពីព្រោះ​នេះ​ជួយ​ពង្រឹង​ជំនឿ​របស់​យើង មែន​ទេ? ហេតុ​នេះ​ហើយ​ការ​សិក្សា​គម្ពីរ​នាំ​ឲ្យ​យើង​មាន​អំណរ​ច្រើន​ជាង​ការ​អាន​ត្រួសៗ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ពេល​អ្នក​អាន​សៀវភៅ​នីមួយៗ​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បោះ​ពុម្ព​នោះ ចូរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ការ​ពន្យល់​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​អ្វី​ដែល​ខ្ញុំ​យល់​ពី​មុន​ឬ? បើ​ខុស​គ្នា​មែន តើ​ខុស​គ្នា​យ៉ាង​ណា? តើ​ខ្ញុំ​ស្គាល់​បទ​គម្ពីរ​និង​ហេតុ​ផល​ឯ​ទៀត​ដែល​គាំទ្រ​ចំណុច​ដែល​បាន​បញ្ជាក់​ក្នុង​អត្ថបទ​នេះ​ឬ?›។ បើ​យល់​មិន​ច្បាស់​ទេ ចូរ​កត់​សំណួរ​ដែល​អ្នក​ចង់​ស្រាវជ្រាវ​ថែម​ទៀត ហើយ​ឆ្លៀត​ពេល​នៅ​ថ្ងៃ​ក្រោយ​ដើម្បី​សិក្សា​ប្រធាន​នោះ​ឲ្យ​បាន​ល្អិតល្អន់​ជាង។

១៥​. តើ​ការ​សិក្សា​ស្រាវជ្រាវ​ប្រធាន​ណា​ខ្លះ​អាច​នាំ​ឲ្យ​មាន​អំណរ? ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ប្រយោជន៍​យូរ​អង្វែង​ពី​ការ​ស្រាវជ្រាវ​នោះ?

១៥ តើ​យើង​អាច​សិក្សា​ស្រាវជ្រាវ​ប្រធាន​ណា​ខ្លះ ដើម្បី​ឲ្យ​មាន​អំណរ​ក្នុង​ការ​ឈ្វេង​យល់​គម្ពីរ​កាន់​តែ​ច្បាស់? យើង​អាច​បង្កើន​ការ​យល់​ដឹង​របស់​យើង​ដោយ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អំពី​កិច្ច​ព្រម​ព្រៀង​នីមួយៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ចុះ​ដើម្បី​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជាតិ ប្រហែល​ជា​ដោយ​ពិនិត្យ​មើល​ព័ត៌មាន​ក្នុង​ជំពូក​ទី១៩ នៃ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។a ការ​ស្រាវជ្រាវ​អំពី​ទំនាយ​នានា​ដែល​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ក៏​អាច​ពង្រឹង​ជំនឿ​របស់​យើង​ដែរ។ ឬ​មួយ​ក៏ យើង​អាច​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​វគ្គ​នីមួយៗ​ក្នុង​សៀវភៅ​នានា​ដែល​បាន​សរសេរ​ជា​ទំនាយ។ ការ​ឆ្លៀត​មើល​សា​ឡើង​វិញ​នូវ​ប្រវត្ដិសាស្ត្រ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​សម័យ​នេះ ក៏​អាច​ពង្រឹង​ជំនឿ​របស់​យើង​ដែរ។ ណា​មួយ​ទៀត បើ​យើង​មើល​ម្ដង​ទៀត​នូវ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ពី​ឆ្នាំ​មុនៗ ដែល​មាន​ចំណង​ជើង​ថា «សំនួរ​ពី​អ្នក​អាន» នេះ​ច្បាស់​ជា​នឹង​ជួយ​យើង​ឲ្យ​យល់​បទ​គម្ពីរ​ផ្សេងៗ​កាន់​តែ​ច្បាស់​ដែរ។ ពេល​សិក្សា​ព័ត៌មាន​បែប​នោះ ចូរ​កត់​សម្គាល់​នូវ​របៀប​វែកញែក​ហេតុ​ផល​ពី​បទ​គម្ពីរ​ដែល​នាំ​ឲ្យ​យល់​ដូច្នេះ។ យ៉ាង​នេះ អ្នក​នឹង​«បង្ហាត់​ឥន្ទ្រី​យ​[ឬ​«សមត្ថភាព​វែកញែក»]» ដើម្បី​ឲ្យ​ដឹង​ខុស​និង​ត្រូវ។ (ហេព្រើរ ៥:​១៤; ព.ថ.) ពេល​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​នោះ ចូរ​កត់​ចំណាំ មិន​ថា​នៅ​ក្នុង​គម្ពីរ​របស់​ខ្លួន ឬ​នៅ​លើ​ក្រដាស​ផ្សេង​ក្ដី ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ជា​យូរ​អង្វែង​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ផង។

ជួយ​កូន​ឲ្យ​ចូល​ចិត្ត​សិក្សា​គម្ពីរ

១៦​. តើ​យើង​អាច​ជួយ​កូន​ឲ្យ​ចូល​ចិត្ត​សិក្សា​គម្ពីរ​ដោយ​វិធី​ណា​ខ្លះ?

១៦ មាតា​បិតា​ទាំង​ឡាយ​អាច​ជួយ​កូន​ច្រើន​ណាស់ ឲ្យ​មាន​ចិត្ត​ចង់​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ កុំ​ស្មាន​ថា កូន​នៅ​តែ​តូច​ដដែល ហើយ​គ្មាន​សមត្ថភាព​យល់​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​នោះ​ឡើយ។ បើ​មាតា​បិតា​កំណត់​ប្រធាន​មួយ​ឲ្យ​កូន​ស្រាវជ្រាវ​មុន​នឹង​មូល​គ្នា​ដើម្បី​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ ក្រោយ​មក​មាតា​បិតា​អាច​អញ្ជើញ​កូន​ឲ្យ​រៀប​រាប់​ពី​អ្វី​ដែល​គេ​បាន​រក​ឃើញ។ ការ​សិក្សា​ជា​ក្រុម​គ្រួសារ​ក៏​អាច​រួម​បញ្ចូល​កម្មវិធី​ហាត់​សម​ជា​មួយ​គ្នា នូវ​របៀប​ដែល​កូន​អាច​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន​ដល់​អ្នក​ដទៃ ព្រម​ទាំង​ចេះ​លើក​ហេតុ​ផល​ពី​មូលហេតុ​ដែល​គេ​ជឿ​ថា អ្វី​ដែល​គេ​បាន​រៀន​ពី​គម្ពីរ​សុទ្ធតែ​ជា​សេចក្ដី​ពិត។ បន្ថែម​ទៅ​ទៀត មាតា​បិតា​អាច​យក​សៀវភៅ​ស្តើង​ដែល​មាន​ផែនទី​ជា​ច្រើន មក​បង្រៀន​អំពី​ទឹក​ដី​និង​ទី​តាំង​នៃ​កន្លែង​ផ្សេងៗ ដែល​អាច​ជួយ​កូន​ឲ្យ​ឈ្វេង​យល់​អំពី​អ្វី​ដែល​ក្រុម​គ្រួសារ​កំពុង​មើល​ក្នុង​កម្មវិធី​អាន​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍។b

១៧​. ពេល​សិក្សា​ស្រាវជ្រាវ​ប្រធាន​ផ្សេងៗ​ក្នុង​គម្ពីរ​ដោយ​ខ្លួន​ឯង តើ​យើង​ត្រូវ​ប្រយ័ត្ន​នឹង​អ្វី?

១៧ ការ​សិក្សា​ស្រាវជ្រាវ​ប្រធាន​ផ្សេងៗ​ក្នុង​គម្ពីរ អាច​ធ្វើ​ឲ្យ​យើង​ចាប់​ចិត្ត ថែម​ទាំង​ពង្រឹង​ជំនឿ​ផង។ ប៉ុន្តែ សូម​ប្រយ័ត្ន​បន្ដិច កុំ​ឲ្យ​រវល់​សិក្សា​ស្រាវជ្រាវ​ប្រធាន​នោះ​ឲ្យ​បាន​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ខាន​រៀបចំ​សម្រាប់​ប្រជុំ។ កិច្ច​ប្រជុំ​ជា​វិធី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​យើង​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ ពេល​យើង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​នោះ នេះ​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ចម្លើយ​ដែល​មាន​ខ្លឹមសារ មិន​ថា​សម្រាប់​ប្រជុំ​ដែល​ជា​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ ឬ​សាលា​កិច្ច​បម្រើ​ផ្សាយ​ក្ដី ដែល​ហុច​ឱកាស​ឲ្យ​យើង​លើក​គោល​សំខាន់​មួយ​ពី​អំណាន​គម្ពីរ​ក្នុង​អំឡុង​សប្ដាហ៍​នោះ។

១៨​. ហេតុ​អ្វី​បាន​ជា​មាន​ប្រយោជន៍​ឲ្យ​យើង​ព្យាយាម​សិក្សា​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»?

១៨ ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​នូវ​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ អាច​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ការ​សិក្សា​បែប​នេះ​ពិត​ជា​មាន​តម្លៃ​មែន ដូច​បាន​បញ្ជាក់​ក្នុង​បទ​គម្ពីរ​ដែល​ថា​៖ «ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ​ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នកប្រាជ្ញ​ឲ្យ​គង់​នៅ»។ (សាស្ដា ៧:​១២) នេះ​បាន​ន័យ​ថា ការ​ព្យាយាម​ដើម្បី​យល់​កាន់​តែ​ច្បាស់​នូវ​សេចក្ដី​បង្រៀន​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ប្រយោជន៍​មែន! ពីព្រោះ​មាន​សេចក្ដី​សន្យា​មួយ​ក្នុង​គម្ពីរ​ដែល​ថា អស់​អ្នក​ដែល​ខំ​ស្វែង​រក​ចំណេះ នោះ‹នឹង​ស្គាល់​ព្រះ​អង្គ›បាន។—សុភាសិត ២:៤, ៥

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

b សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា “See the Good Land” បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​រួម​បញ្ចូល​អ្វី​ខ្លះ?

• ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​យើង​សិក្សា​ស្រាវជ្រាវ​ជានិច្ច​នូវ​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ?

• ម្ដេច​ក៏​គ្រិស្ត​សាសនិក​ទាំង​ឡាយ​មាន​លទ្ធភាព​ឈ្វេង​យល់​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»?

• តើ​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​ថែម​ទៀត​ពី​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​៣១]

មាតា​បិតា​អាច​កំណត់​ប្រធាន​មួយ​ឲ្យ​កូន​ស្រាវជ្រាវ​មុន​នឹង​មូល​គ្នា​សម្រាប់​ការ​សិក្សា​ជា​ក្រុម​គ្រួសារ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក