«ព្រះដែលធ្វើឲ្យដុះវិញទេតើ»
«អ្នកដែលសាបព្រោះនឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ»។—១កូ. ៣:៧
១. តើយើងក្លាយទៅជា«អ្នកធ្វើការជាមួយនឹងព្រះ»យ៉ាងដូចម្ដេច?
«អ្នកធ្វើការជាមួយនឹងព្រះ»។ នេះជាពាក្យដែលសាវ័កប៉ុលបានពណ៌នាអំពីឯកសិទ្ធដែលយើងគ្រប់គ្នាអាចមាន។ (សូមអាន កូរិនថូសទី១ ៣:៥-៩) កិច្ចការដែលប៉ុលបានសំដៅទៅលើនោះគឺកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ លោកបានប្រដូចកិច្ចការនោះទៅនឹងការសាបព្រោះ ហើយការស្រោចទឹកគ្រាប់ពូជ។ ដើម្បីឲ្យមានជោគជ័យក្នុងកិច្ចការដ៏សំខាន់នោះ យើងត្រូវការជំនួយពីព្រះយេហូវ៉ា។ ប៉ុលរំលឹកយើងឲ្យដឹងថាគឺជា«ព្រះដែលធ្វើឲ្យដុះវិញទេតើ»។
២. ហេតុអ្វីការយល់ដឹងថាគឺជា«ព្រះដែលធ្វើឲ្យដុះវិញ» ជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ?
២ ដោយយល់ដឹងថាគឺព្រះទេដែលធ្វើឲ្យអ្វីៗដុះវិញ នោះនាំឲ្យយើងមានចិត្តរាបទាប ព្រមទាំងមានទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយរបស់យើងដែរ។ យើងប្រហែលជាឧស្សាហ៍ក្នុងការផ្សព្វផ្សាយនិងបង្រៀន តែនៅទីបំផុត ព្រះយេហូវ៉ាគួរនឹងទទួលការសរសើរទាំងអស់ ពេលបុគ្គលម្នាក់ក្លាយទៅជាសិស្សថ្មី។ ហេតុអ្វីបានជាព្រះយេហូវ៉ាគួរនឹងទទួលការសរសើរទាំងអស់? ពីព្រោះ សូម្បីតែយើងខំប្រឹងយ៉ាងណាក៏ដោយ គ្មាននរណាអាចយល់យ៉ាងពេញលេញពីរបៀបដែលបុគ្គលម្នាក់ក្លាយទៅជាសិស្សថ្មីឡើយ។ ដូច្នេះ បើយើងមិនយល់ យើងក៏មិនមានសមត្ថភាពកែប្រែបានដែរ។ ស្តេចសាឡូម៉ូនបានបញ្ជាក់ពីស្ថានការណ៍របស់យើងយ៉ាងត្រឹមត្រូវពេលលោកសរសេរថា៖«ឯងមិនស្គាល់ . . . ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ»។—សាស. ១១:៥
៣. តើកិច្ចការសាបព្រោះគ្រាប់ពូជនិងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស មានភាពស្រដៀងគ្នាយ៉ាងណា?
៣ ដោយសារយើងមិនអាចយល់ច្បាស់ពីរបៀបដែលបុគ្គលម្នាក់ក្លាយទៅជាសិស្សថ្មី តើនេះនាំឲ្យយើងមានចិត្តមួម៉ៅពេលធ្វើកិច្ចការនេះទេ? អត់មានទេ។ ផ្ទុយទៅវិញ នេះនាំឲ្យយើងចាប់អារម្មណ៍នឹងកិច្ចការយើងណាស់។ ស្តេចសាឡូម៉ូនមានប្រសាសន៍ថា៖ «នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្ដី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង»។ (សាស. ១១:៦) ពិតមែន ពេលសាបព្រោះគ្រាប់ពូជ យើងមិនដឹងវានឹងដុះនៅកន្លែងណា ឬក៏ដុះតែម្ដងទេ។ មានអ្វីជាច្រើនដែលយើងគ្មានអំណាចទប់ទល់បាន។ កិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សក៏ស្រដៀងគ្នាដែរ។ ព្រះយេស៊ូបានបញ្ជាក់ពីចំណុចនេះដោយលើករឿងប្រៀបប្រដូចពីរយ៉ាងដែលបានកត់ទុកឲ្យយើងនៅសៀវភៅម៉ាកុសជំពូកទី៤។ សូមឲ្យយើងពិនិត្យមើលអ្វីដែលយើងអាចរៀនពីរឿងប្រៀបប្រដូចទាំងពីរនោះ។
ដីប្រភេទផ្សេងៗ
៤, ៥. សូមរៀបរាប់យ៉ាងសង្ខេបពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីអ្នកព្រោះដែលបានបាចគ្រាប់ពូជ។
៤ ដូចបានកត់ទុកនៅសៀវភៅម៉ាកុស ៤:១-៩ ព្រះយេស៊ូពិពណ៌នាអំពីអ្នកព្រោះពូជម្នាក់ដែលបាចគ្រាប់ពូជ ហើយគ្រាប់ពូជនោះធ្លាក់នៅកន្លែងផ្សេងៗ។ ទ្រង់មានប្រសាសន៍ថា៖ «ចូរស្ដាប់ចុះ! មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ ខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស។ ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ។ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចំរើនកាន់តែច្រើនឡើង គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១រយ»។
៥ នៅសម័យគម្ពីរ ធម្មតាគេសាបព្រោះដោយបាចគ្រាប់ពូជនោះ។ អ្នកព្រោះដាក់គ្រាប់ពូជនៅថ្នក់អាវធំឬក្នុងល្អីមួយ ហើយបាចគ្រាប់ពូជដោយប្រយ័ត្នប្រយែងដើម្បីឲ្យបានស្មើល្អ។ ដូច្នេះ ក្នុងរឿងប្រៀបប្រដូចនេះ អ្នកព្រោះមិនសាបព្រោះពូជនៅលើដីដែលមានប្រភេទផ្សេងៗដោយចេតនាឡើយ។ ផ្ទុយទៅវិញ គ្រាប់ពូជដែលបានសាបព្រោះនោះធ្លាក់នៅកន្លែងខុសៗគ្នា។
៦. តើព្រះយេស៊ូពន្យល់រឿងប្រៀបប្រដូចអំពីអ្នកព្រោះពូជយ៉ាងដូចម្ដេច?
៦ យើងមិនចាំបាច់ស្មានអំពីអត្ថន័យនៃរឿងប្រៀបប្រដូចនេះឡើយ។ ព្រះយេស៊ូបានពន្យល់អត្ថន័យដូចបានកត់ទុកនៅម៉ាកុស ៤:១៤-២០៖ «ឯអ្នកព្រោះពូជគឺព្រោះព្រះបន្ទូល ឯពួកអ្នកតាមផ្លូវគឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ។ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូលដែលព្រោះក្នុងចិត្តគេទៅភ្លាម។ ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្ដិចទេ បើកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម។ ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន។ ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ»។
៧. តើគ្រាប់ពូជនិងដីដែលមានប្រភេទផ្សេងៗតំណាងអ្វី?
៧ សូមកត់សម្គាល់ ព្រះយេស៊ូមិនរៀបរាប់ថាពូជនោះមានប្រភេទផ្សេងៗទេ។ ផ្ទុយទៅវិញ ទ្រង់រៀបរាប់អំពីគ្រាប់ពូជតែមួយប្រភេទដែលធ្លាក់ចូលទៅដីដែលមានប្រភេទផ្សេងៗ ហើយនាំឲ្យបង្កើតផលខុសពីគ្នាដែរ។ ដីប្រភេទទី១ជាដីរឹង ទី២ជាដីដែលមិនសូវជ្រៅ ទី៣ជាដីដែលមានបន្លាដុះឡើង ហើយទី៤ជាដីល្អដែលបង្កើតផលច្រើន។ (លូ. ៨:៨) តើគ្រាប់ពូជជាអ្វីទៅ? គ្រាប់ពូជជាសារអំពីរាជាណាចក្ររបស់ព្រះដែលមាននៅក្នុងបណ្ដាំរបស់ទ្រង់។ (ម៉ាថ. ១៣:១៩) តើដីដែលមានប្រភេទផ្សេងៗតំណាងអ្វី? ដីនោះតំណាងមនុស្សដែលមានសន្ដានចិត្តខុសៗពីគ្នា។—សូមអាន លូកា ៨:១២, ១៥
៨. (ក) តើអ្នកព្រោះពូជតំណាងនរណា? (ខ) ហេតុអ្វីមនុស្សមានប្រតិកម្មខុសៗពីគ្នាចំពោះកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ?
៨ តើអ្នកព្រោះពូជតំណាងនរណា? អ្នកព្រោះពូជតំណាងអ្នកធ្វើការជាមួយនឹងព្រះ ពោលគឺពួកអ្នកដែលប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ដូចប៉ុលនិងអ័ប៉ុឡូស ពួកគាត់ព្រោះពូជនិងស្រោចទឹក។ ប៉ុន្តែ ទោះបីពួកគាត់ប្រឹងប្រែងធ្វើកិច្ចការនេះក៏ដោយ ក៏នៅតែមានផលខុសៗពីគ្នា។ ហេតុអ្វី? គឺដោយសារអ្នកដែលឮសារមានសន្ដានចិត្តខុសៗពីគ្នា។ ក្នុងរឿងប្រៀបប្រដូច អ្នកព្រោះពូជគ្មានសមត្ថភាពកែប្រែផលឡើយ។ ចំណេះដឹងនេះពិតជាសម្រាលទុក្ខយើងមែន! ជាពិសេសចំពោះបងប្អូនដែលខំប្រឹងផ្សាយយ៉ាងស្មោះត្រង់អស់រយៈពេលច្រើនឆ្នាំ តែមិនបានបង្កើតឲ្យមានសិស្សច្រើន។ ហេតុអ្វីបានជានេះសម្រាលទុក្ខយើងខ្លាំងម្ល៉េះ?
៩. តើសាវ័កប៉ុលនិងព្រះយេស៊ូដៅបញ្ជាក់ទៅលើការពិតណាដែលនាំឲ្យសម្រាលទុក្ខយើង?
៩ ចិត្តស្មោះត្រង់របស់អ្នកព្រោះពូជមិនផ្អែកទៅលើផលដែលគាត់អាចបង្កើតបានឡើយ។ ប៉ុលបានសំដៅទៅលើចំណុចនេះពេលលោកបាននិយាយថា៖ «ក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ»។ (១កូ. ៣:៨, កំណែជាអក្សរទ្រេត) រង្វាន់គឺយោងទៅតាមការដែលយើងធ្វើ មិនមែនយោងទៅតាមផលពីការដែលយើងធ្វើនោះទេ។ ដូចគ្នាដែរ ព្រះយេស៊ូបានដៅបញ្ជាក់ទៅលើចំណុចនេះពេលសិស្សរបស់ទ្រង់ត្រឡប់មកពីកិច្ចផ្សព្វផ្សាយវិញ។ ពួកសិស្សត្រេកអរណាស់ដោយសារពួកវិញ្ញាណកំណាចចុះចូលចំពោះពួកគាត់ដោយនាមរបស់ទ្រង់។ ទោះបើរឿងនោះនាំឲ្យពួកគាត់សប្បាយចិត្តក៏ពិតមែន តែព្រះយេស៊ូមានប្រសាសន៍ថា៖ «កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ (លូ. ១០:១៧-២០) សូម្បីតែកិច្ចការរបស់អ្នកព្រោះពូជមិននាំឲ្យមានសិស្សថ្មីច្រើនក៏ដោយ នេះមិនបានសេចក្ដីថាគាត់មានចិត្តឧស្សាហ៍ឬចិត្តស្មោះត្រង់តិចជាងអ្នកឯទៀតឡើយ។ ភាគច្រើន ផលគឺអាស្រ័យទៅលើសន្ដានចិត្តរបស់អ្នកដែលឮសារនោះ។ ប៉ុន្តែនៅទីបំផុត គឺជាព្រះទេដែលធ្វើឲ្យមនុស្សក្លាយទៅជាសិស្សថ្មី!
ភារកិច្ចនៃអស់អ្នកដែលឮបណ្ដាំរបស់ព្រះ
១០. តើអ្វីបញ្ជាក់ថាបុគ្គលម្នាក់ដែលឮបណ្ដាំរបស់ព្រះមានលក្ខណៈដូចដីល្អឬក៏អត់?
១០ ចុះយ៉ាងណាចំពោះអស់អ្នកដែលឮបណ្ដាំរបស់ព្រះ? តើប្រតិកម្មរបស់ពួកគាត់បានកំណត់ទុកជាមុនឬទេ? អត់កំណត់ទុកទេ។ ការមានលក្ខណៈដូចដីល្អឬក៏អត់ គឺស្រេចទៅលើពួកគេទេ។ ប្រាកដហើយ កាលៈទេសៈនិងសន្ដានចិត្តរបស់មនុស្សអាចប្រែប្រួលទៅជាល្អឬអាក្រក់។ (រ៉ូម ៦:១៧) ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ទ្រង់មានប្រសាសន៍ថា «កាលគេឮ»បណ្ដាំរបស់ព្រះ នោះសាតាំងក៏មកលួចឆក់យកចេញ។ ប៉ុន្តែ នេះមិនចាំបាច់កើតឡើងទេ។ នៅសៀវភៅយ៉ាកុប ៤:៧ ពួកគ្រិស្តសាសនិកត្រូវបានលើកទឹកចិត្តឲ្យប្រឆាំងឬ«តស៊ូនឹងអារក្សវិញ» ហើយវានឹងរត់ចេញពីពួកគាត់។ ព្រះយេស៊ូក៏បានពិពណ៌នាអំពីអ្នកឯទៀតដែលទទួលបណ្ដាំរបស់ព្រះភ្លាមៗដោយអំណរ។ ប៉ុន្តែ បន្ទាប់មកគេរវាតចិត្តចេញភ្លាមដោយសារ«គ្មានចាក់ឫសនៅក្នុងខ្លួនសោះ»។ ប៉ុន្តែ អ្នកបម្រើព្រះត្រូវបានដាស់តឿនឲ្យ«បានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់»ដើម្បីឲ្យអាចនឹងយល់អ្វីជា«ទទឹង បណ្ដោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់»។—អេភ. ៣:១៧-១៩; កូល. ២:៦, ៧
១១. តើយើងអាចបង្ការមិនឲ្យសេចក្ដីខ្វល់ខ្វាយនិងទ្រព្យសម្បត្ដិចូលមកខ្ទប់ជិតបណ្ដាំរបស់ព្រះយ៉ាងដូចម្ដេច?
១១ អ្នកឯទៀតដែលបានឮបណ្ដាំរបស់ព្រះត្រូវបានពណ៌នាថាពួកគាត់អនុញ្ញាតឲ្យ«សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ [និង]សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ» ចូលមកខ្ទប់ជិតបណ្ដាំរបស់ព្រះ។ (១ធី. ៦:៩, ១០) តើពួកគាត់អាចបង្ការមិនឲ្យរឿងនេះកើតឡើងដល់ខ្លួនយ៉ាងដូចម្ដេច? សាវ័កប៉ុលឆ្លើយថា៖ «ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា៖ ‹អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ›»។—ហេ. ១៣:៥
១២. ហេតុអ្វីបានជាអស់អ្នកដែលតំណាងដីល្អបង្កើតផលខុសៗពីគ្នា?
១២ នៅចុងបំផុត ព្រះយេស៊ូមានប្រសាសន៍ថាគ្រាប់ពូជដែលបានព្រោះនៅលើដីល្អ«បង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ»។ ទោះបីអ្នកខ្លះដែលទទួលបណ្ដាំរបស់ព្រះមានសន្ដានចិត្តល្អហើយបង្កើតផលក្ដី អ្វីដែលពួកគាត់អាចធ្វើក្នុងការប្រកាសដំណឹងល្អគឺយោងទៅតាមកាលៈទេសៈរបស់ខ្លួន។ ជាឧទាហរណ៍ បងប្អូនខ្លះប្រហែលជាមិនអាចចូលរួមច្រើនក្នុងកិច្ចការផ្សព្វផ្សាយដោយសារភាពចាស់ជរាឬជំងឺតម្កាត់ជាដើម។ (សូមពិនិត្យបន្ថែម ម៉ាកុស ១២:៤៣, ៤៤) ម្ដងទៀត អ្នកព្រោះពូជគ្មានសមត្ថភាពកែប្រែកាលៈទេសៈនេះទេ តែគាត់នៅតែត្រេកអរពេលឃើញព្រះយេហូវ៉ាបានធ្វើឲ្យដុះវិញ។—សូមអាន ទំនុកដំកើង ១២៦:៥, ៦
អ្នកព្រោះពូជដែលដេក
១៣, ១៤. (ក) សូមរៀបរាប់យ៉ាងសង្ខេបពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីបុរសដែលបាចគ្រាប់ពូជ។ (ខ) តើអ្នកព្រោះពូជតំណាងអ្នកណា? តើគ្រាប់ពូជជាអ្វីទៅ?
១៣ នៅសៀវភៅម៉ាកុស ៤:២៦-២៩ មានរឿងប្រៀបប្រដូចមួយទៀតស្តីអំពីអ្នកព្រោះពូជ។ បទគម្ពីរនោះរៀបរាប់ថា៖ «នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្ដៀវទៅច្រូតតែម្ដង ព្រោះដល់រដូវច្រូតហើយ»។
១៤ តើនរណាជាអ្នកព្រោះពូជនេះ? អ្នកខ្លះនៅពិភពគ្រិស្តសាសនាជឿជាក់ថាអ្នកព្រោះពូជនេះសំដៅទៅលើព្រះយេស៊ូតែម្ដង។ បើដូច្នេះមែន នេះបានសេចក្ដីថាព្រះយេស៊ូដេកហើយក៏មិនដឹងហេតុដែលពូជនោះដុះដែរ តើនេះត្រឹមត្រូវទេ? មិនត្រឹមត្រូវទេ! ពីព្រោះព្រះយេស៊ូពិតជាដឹងអំពីរបៀបដែលមនុស្សអាចក្លាយទៅជាសិស្សមែន! ផ្ទុយទៅវិញ ដូចនៅរឿងប្រៀបប្រដូចមុន អ្នកព្រោះពូជតំណាងអ្នកផ្សាយម្នាក់ៗ ដែលសាបព្រោះគ្រាប់ពូជជាសាររាជាណាចក្ររបស់ព្រះដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ គ្រាប់ពូជដែលបានបាចទៅដីគឺជាបណ្ដាំរបស់ព្រះដែលពួកគាត់ផ្សព្វផ្សាយ។
១៥, ១៦. ក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះពូជ តើព្រះយេស៊ូបានបញ្ជាក់អ្វីស្តីអំពីគ្រាប់ពូជដែលលូតលាស់និងការក្លាយទៅជាសិស្ស?
១៥ ព្រះយេស៊ូមានប្រសាសន៍ថាអ្នកព្រោះពូជ«ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ»។ នេះមិនបានសេចក្ដីថាអ្នកព្រោះធ្វេសប្រហែសនឹងការងារគាត់ទេ តែគ្រាន់តែបង្ហាញពីទម្លាប់ក្នុងជីវិតដែលមនុស្សភាគច្រើនធ្វើតាម។ ពាក្យនៅខនេះបង្ហើបឲ្យដឹងថា ការធ្វើការនៅពេលថ្ងៃ ហើយដេកពេលយប់បានកើតឡើងអស់មួយរយៈ។ ព្រះយេស៊ូពន្យល់អ្វីដែលបានកើតឡើងក្នុងអំឡុងគ្រានោះ។ ទ្រង់មានប្រសាសន៍ថា៖ «តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ»។ អ្វីដែលសំខាន់គឺថា គ្រាប់ពូជដុះឡើងឬលូតលាស់ដោយសារ«ដីបង្កើតផលដោយខ្លួនឯង»។a
១៦ តើព្រះយេស៊ូចង់បញ្ជាក់ពីអ្វី? សូមកត់សម្គាល់ថា ព្រះយេស៊ូបានដៅបញ្ជាក់ទៅលើការលូតលាស់និងរបៀបដែលការលូតលាស់នោះកើតឡើងតាមលំដាប់ជាបណ្ដើរៗ។ ទ្រង់មានប្រសាសន៍ថា៖ «ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់»។ (ម៉ាក. ៤:២៨, កំណែជាអក្សរទ្រេត) គ្រាប់ពូជលូតលាស់បន្ដិចម្ដងៗជាលំដាប់។ យើងមិនអាចបង្ខំឬធ្វើឲ្យពូជនោះលូតលាស់លឿនជាងធម្មតាបានឡើយ។ នេះក៏ដូចគ្នានឹងពេលមនុស្សក្លាយទៅជាសិស្សដែរ។ ការក្លាយទៅជាសិស្សកើតឡើងតាមលំដាប់លំដោយ ក្នុងពេលដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យសេចក្ដីពិតរីកចម្រើនក្នុងចិត្តរបស់មនុស្សដែលមានគំនិតត្រឹមត្រូវ។—កិច្ច. ១៣:៤៨; ហេ. ៦:១
១៧. ពេលគ្រាប់ពូជនៃសេចក្ដីពិតបង្កើតផលផ្លែ តើអ្នកណាខ្លះនឹងបានសប្បាយចិត្ត?
១៧ តើអ្នកព្រោះពូជចូលរួមក្នុងចម្រូត«កាលណាផ្លែទុំហើយ»យ៉ាងដូចម្ដេច? ពេលព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីពិតរីកចម្រើនក្នុងចិត្តរបស់សិស្សថ្មី នោះនៅទីបំផុតពួកគាត់ឧទ្ទិសថ្វាយខ្លួនចំពោះព្រះដោយសារមានសេចក្ដីស្រឡាញ់ចំពោះទ្រង់។ ពួកគាត់បញ្ជាក់ពីការថ្វាយខ្លួននោះដោយទទួលការជ្រមុជទឹក។ បងប្រុសៗដែលរីកចម្រើនរហូតទៅដល់មានគំនិតចាស់ទុំ នោះអាចទទួលភារកិច្ចជាបន្តបន្ទាប់ក្នុងក្រុមជំនុំ។ ផលផ្លែនៃរាជាណាចក្ររបស់ព្រះត្រូវបានច្រូតដោយអ្នកព្រោះពូជមុនគេបង្អស់ ព្រមទាំងអ្នកផ្សាយឯទៀតដែលប្រហែលជាមិនបានចូលរួមដោយផ្ទាល់ក្នុងការព្រោះពូជដែលបង្កើតសិស្សថ្មីនោះ។ (សូមអាន យ៉ូហាន ៤:៣៦-៣៨) ប្រាកដហើយ «អ្នកដែលព្រោះនឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា»។
មេរៀនសម្រាប់យើង
១៨, ១៩. (ក) តើការពិនិត្យឡើងវិញរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបានលើកទឹកចិត្តអ្នកផ្ទាល់យ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអ្វីខ្លះនៅអត្ថបទបន្ទាប់?
១៨ តាមការពិនិត្យឡើងវិញអំពីរឿងប្រៀបប្រដូចទាំងពីរនេះដែលបានកត់ទុកនៅម៉ាកុសជំពូកទី៤ តើយើងបានរៀនអ្វីខ្លះ? យើងបានឃើញច្បាស់ថាយើងត្រូវធ្វើកិច្ចការព្រោះពូជ។ យើងមិនគួរយកលេសបណ្ដោយឲ្យបញ្ហាឬការពិបាកណាមួយដែលយើងប្រហែលជានឹងប្រឈមមុខ មករារាំងយើងពីកិច្ចការនេះឡើយ។ (សាស. ១១:៤) ដំណាលគ្នាដែរ យើងក៏ដឹងថាការធ្វើការជាមួយនឹងព្រះ ពិតជាឯកសិទ្ធដ៏អស្ចារ្យមែន។ ព្រះយេហូវ៉ាជាបុគ្គលដែលបណ្ដាលឲ្យមនុស្សក្លាយទៅជាសិស្ស ប្រទានពរដល់ការព្យាយាមរបស់យើង និងការព្យាយាមរបស់អស់អ្នកដែលទទួលសារដែលយើងផ្សាយដែរ។ យើងយល់ឃើញថាយើងមិនអាចបង្ខំនរណាម្នាក់ឲ្យក្លាយទៅជាសិស្សទេ។ ណាមួយទៀតយើងក៏យល់ថា បើមិនអាចបង្កើតឲ្យមានសិស្សឬសិស្សមិនសូវរីកចម្រើន យើងមិនចាំបាច់ធ្លាក់ទឹកចិត្តឬអាក់អន់ចិត្តឡើយ។ ពិតជាសម្រាលទុក្ខយើងមែន! ដោយដឹងថាជោគជ័យរបស់យើងអាស្រ័យទៅលើចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា និងចំពោះឯកសិទ្ធដែលទ្រង់ផ្ដល់ឲ្យយើងផ្សព្វផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ . . . ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។—ម៉ាថ. ២៤:១៤
១៩ តើព្រះយេស៊ូបង្រៀនអ្វីទៀតស្តីអំពីការលូតលាស់នៃសិស្សថ្មីនិងកិច្ចបម្រើរាជាណាចក្ររបស់ព្រះ? ចម្លើយចំពោះសំណួរនេះគឺរកឃើញក្នុងរឿងប្រៀបប្រដូចឯទៀតដែលបានកត់ទុកនៅសៀវភៅដំណឹងល្អ។ យើងនឹងពិនិត្យមើលរឿងប្រៀបប្រដូចទាំងនេះខ្លះៗនៅអត្ថបទបន្ទាប់។
[កំណត់សម្គាល់]
a មានតែសៀវភៅកិច្ចការ ១២:១០ទេដែលប្រើឃ្លានេះ។ ខនោះរៀបរាប់អំពីទ្វារដែកដែលបើកដោយស្វ័យប្រវត្តឬ«របើកឯង»។
តើអ្នកនៅចាំទេ?
• តើការព្រោះពូជនិងការផ្សាយសារអំពីរាជាណាចក្ររបស់ព្រះមានភាពស្រដៀងគ្នាយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាចាត់ទុកអ្នកផ្សាយម្នាក់ថាមានចិត្តស្មោះត្រង់យ៉ាងដូចម្ដេច?
• តើព្រះយេស៊ូបានដៅបញ្ជាក់ភាពស្រដៀងគ្នាបែបណា រវាងគ្រាប់ពូជដែលលូតលាស់និងការក្លាយទៅជាសិស្សថ្មី?
• តើ«អ្នកដែលព្រោះនឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៧]
ហេតុអ្វីបានជាព្រះយេស៊ូប្រៀបធៀបអ្នកផ្សាយអំពីរាជាណាចក្ររបស់ព្រះទៅនឹងអ្នកព្រោះពូជ?
[រូបភាពនៅទំព័រ១៨]
អ្នកដែលតំណាងដីល្អចូលរួមក្នុងការប្រកាសរាជាណាចក្ររបស់ព្រះដោយអស់ពីចិត្តយោងទៅតាមកាលៈទេសៈរបស់ខ្លួន
[រូបភាពនៅទំព័រ២០]
គឺជាព្រះទេដែលធ្វើឲ្យអ្វីៗដុះឡើង