បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/២ ទំ. ១៦-២០
  • ‹ចូរមានកម្លាំងនិងចិត្ដក្លាហាន›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរមានកម្លាំងនិងចិត្ដក្លាហាន›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាក្សី​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត
  • ពួក​គេ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន
  • ស្ត្រី​ដ៏​អង់អាច​បាន​កាន់​ជំហរ​មាំ​មួន
  • ពាក្យ​សម្ដី​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ក្លាហាន
  • អេសធើរ​ជា​មហាក្សត្រី​ដែល​មាន​ចិត្ត​ក្លាហាន
  • ​​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​»​
  • ‹ចូរមានចិត្តក្លាហានឡើង ហើយធ្វើសំរេចកិច្ចការចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរមានចិត្ដក្លាហាន ព្រះយេហូវ៉ានៅជាមួយនឹងអ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការបង្ហាញចិត្តក្លាហានគឺមិនពិបាកពេកទេ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • «ចូរមានកំឡាំងហើយចិត្តក្លាហានឡើង!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/២ ទំ. ១៦-២០

​‹ចូរ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន›

​‹ចូរ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន . . . ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់នៅ​ជា​មួយ​ឯង›។ —យ៉ូស. ១:៧​-​៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អេណុក​និង​ណូអេ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​ណា?

តើ​ស្ត្រី​ខ្លះ​ពី​សម័យ​បុរាណ​បាន​ទុក​គំរូ​ក្នុង​ការ​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

តើ​គំរូ​អ្វី​ខ្លះ​ស្តី​អំពី​ចិត្ត​ក្លាហាន​របស់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​លើក​ទឹក​ចិត្ត​អ្នក?

១, ២​. ​(​ក​) ជួនកាល តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ជីវិត? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ចិត្ត​ក្លាហាន​គឺ​ផ្ទុយ​នឹង​ការ​ខ្លាច ការ​អៀន​ប្រៀន និង​ការ​កំសាក។ យើង​ប្រហែលជា​គិត​ថា​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ក្លាហាន​គឺជា​មនុស្ស​ដែល​ខ្លាំង អង់​អាច និង​មាន​ចិត្ត​លុះ។ ក៏​ប៉ុន្តែ ជួនកាល​យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

២ មនុស្ស​ខ្លះ​ដែល​មាន​ក្នុង​កំណត់​ហេតុ​គម្ពីរ បាន​បង្ហាញ​ចិត្ត​ក្លាហាន​ពេល​ជួប​ស្ថានភាព​ដែល​ពិបាក​ខ្លាំង។ អ្នក​ខ្លះ​ទៀត​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​កាលៈទេសៈ​ដែល​ធ្លាប់​កើត​ឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះ។ ស្តី​អំពី​ចិត្ត​ក្លាហាន តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​ដែល​មាន​ក្នុង​គម្ពីរ? តើ​យើង​អាច​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

សាក្សី​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត

៣​. តើ​អេណុក​បាន​ទាយ​យ៉ាង​ណា​អំពី​មនុស្ស​ទុច្ចរិត?

៣ ក្នុង​ពិភព​លោក​ដ៏​អាក្រក់​មុន​គ្រា​មាន​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ មនុស្ស​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ អេណុក​«​ដែល​ជា​តំណ​ទី​ប្រាំពីរ​ពី​អាដាម​»​ បាន​ប្រកាស​ទំនាយ​នេះ​ថា​៖ ​«​មើល! ព្រះ​យេហូវ៉ា​បាន​មក​ជា​មួយ​នឹង​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត ហើយ​បញ្ជាក់​នូវ​ទោស​កំហុស​របស់​ពួក​គេ​ក្នុង​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ទុច្ចរិត ហើយ​ស្តី​អំពី​សម្ដី​ដ៏​គួរ​ខ្ពើម​រអើម​ដែល​មនុស្ស​ទុច្ចរិត​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ពោល​ប្រឆាំង​លោក​»។ (​យូ. ១៤, ១៥​) អេណុក​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ទំនាយ​នោះ​នឹង​សម្រេច​ជា​មិន​ខាន។ ក្រោយ​មក មនុស្ស​ទុច្ចរិត​ពិត​ជា​បាន​ស្លាប់​នៅ​ពេល​មាន​ទឹក​ជំនន់​លិច​ផែនដី​មែន!

៤​. តើ​ណូអេ​បាន​«​ដើរ​ជា​មួយ​នឹង​ព្រះ​»​ទោះ​ជា​មាន​កាលៈទេសៈ​បែប​ណា?

៤ ជាង​៦៥០​ឆ្នាំ​ក្រោយ​ពី​អេណុក​បាន​ទាយ​ទំនាយ​នោះ គឺ​នៅ​ឆ្នាំ​២៣៧០ មុន​គ.ស. នោះ​មាន​ទឹក​ជំនន់​លិច​ផែនដី។ នៅ​ចន្លោះ​ពេល​នោះ ណូអេ​បាន​កើត​មក ធំ​ឡើង មាន​ក្រុម​គ្រួសារ ហើយ​សង់​ទូក​ធំ​ជា​មួយ​នឹង​កូន​ៗ​របស់​គាត់។ ទេវតា​អាក្រក់​បាន​កាឡា​ខ្លួន​ទៅ​ជា​មនុស្ស រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ស្អាត​ៗ ហើយ​ពួក​គេ​បាន​បង្កើត​កូន​ដែល​មាន​រូប​ធំ​សម្បើម។ បន្ថែម​ទៅ​ទៀត អំពើ​ទុច្ចរិត​របស់​មនុស្ស​មាន​គ្រប់​ទី​កន្លែង ហើយ​ផែនដី​បាន​ពេញ​ទៅ​ដោយ​អំពើ​កាច​សាហាវ។ (​លោ. ៦:១​-​៥, ៩, ១១​) ទោះ​ជា​មាន​ស្ថានភាព​បែប​នេះ​ក៏​ដោយ ណូអេ​បាន​«​ដើរ​ជា​មួយ​នឹង​ព្រះ​»​ និង​ជា​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​ដោយ​មាន​ចិត្ត​ក្លាហាន។ (​សូម​អាន ពេត្រុសទី២ ២:៤, ៥​) នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ក៏​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដូច​នេះ​ដែរ។

ពួក​គេ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន

៥​. តើ​ម៉ូសេ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​យ៉ាង​ណា?

៥ ម៉ូសេ​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​ជំនឿ​និង​ចិត្ត​ក្លាហាន។ (​ហេ. ១១:​២៤​-​២៧​) ពី​ឆ្នាំ​១៥១៣​-​ឆ្នាំ​១៤៧៣ មុន​គ.ស. ព្រះ​បាន​ប្រើ​ម៉ូសេ​ឲ្យ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ពួក​គេ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ម៉ូសេ​បាន​មាន​អារម្មណ៍​ថា​គាត់​គ្មាន​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​នេះ​ទេ ប៉ុន្តែ​គាត់​បាន​យល់​ព្រម​ទទួល​ភារកិច្ច​នេះ។ (​និក្ខ. ៦:១២​) គាត់​និង​អេរ៉ុន​ដែល​ជា​បង​ប្រុស​របស់​គាត់​បាន​ទៅ​ជួប​ផារ៉ូ​ដែល​ជា​ស្តេច​ផ្ដាច់​ការ​នៅ​ស្រុក​អេស៊ីប​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ប្រកាស​អំពី​សេចក្ដី​វេទនា​ទាំង​១០​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង​ដើម្បី​បំបាក់​មុខ​ព្រះ​របស់​ជន​ជាតិ​អេស៊ីប និង​សង្គ្រោះ​រាស្ត្រ​របស់​លោក។ (​និក្ខ. ជំពូក​៧​-​១២​) ម៉ូសេ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​ជា​និច្ច ដូច​យើង​ដែរ។—ចោ. ៣៣:២៧

៦​. បើ​យើង​ត្រូវ​ពួក​អាជ្ញាធរ​សួរ​ចម្លើយ តើ​យើង​អាច​និយាយ​ការពារ​ជំនឿ​របស់​យើង​ដោយ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

៦ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដូច​ម៉ូសេ​ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​ឯ​ពួក​អភិបាល​និង​ស្តេច ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ នោះ​អ្នក​នឹង​អាច​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ​នៅ​ចំពោះ​ពួក​គេ​និង​ជន​ជាតិ​ដទៃ។ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​បញ្ជូន​អ្នក​ទៅ កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ពីព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​ពេល​នោះ​ឯង ព្រោះ​មិន​មែន​តែ​អ្នក​ទេ​ដែល​និយាយ តែ​គឺជា​សកម្មពល​នៃ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ដែល​និយាយ​តាម​រយៈ​អ្នក​»។ (​ម៉ាថ. ១០:១៨​-​២០​) បើ​យើង​ត្រូវ​ពួក​អាជ្ញាធរ​សួរ​ចម្លើយ​អំពី​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ នោះ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​ការ​គោរព​ក្នុង​ពេល​ដែល​យើង​និយាយ​ការពារ​អ្វី​ដែល​យើង​ជឿ​ដោយ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន។—សូម​អាន លូកា ១២:១១, ១២

៧​. ហេតុ​អ្វី​យ៉ូស្វេ​មាន​ចិត្ត​ក្លាហាន​និង​បាន​ទទួល​ជោគជ័យ?

៧ ការ​សិក្សា​ច្បាប់​របស់​ព្រះ​យ៉ាង​ទៀង​ទាត់​បាន​ពង្រឹង​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ម៉ូសេ។ ក្នុង​ឆ្នាំ​១៤៧៣ មុន​គ.ស. បណ្ដា​ជន​អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ចូល​ស្រុក​សន្យា។ ព្រះ​បាន​បង្គាប់​ថា​៖ ‹ចូរ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន›។ ដោយ​ធ្វើ​តាម​ច្បាប់ យ៉ូស្វេ​អាច​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​និង​ទទួល​ជោគជ័យ។ ព្រះ​បាន​ប្រាប់​គាត់​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង​»។ (​យ៉ូស. ១:៧​-​៩​) ពាក្យ​ទាំង​នោះ​ប្រាកដជា​បាន​ពង្រឹង​កម្លាំង​របស់​យ៉ូស្វេ​មែន! បន្ថែម​ទៅ​ទៀត ព្រះ​ពិត​ជា​បាន​នៅ​ជា​មួយ​គាត់​មែន ព្រោះ​គាត់​អាច​ច្បាំង​ដណ្ដើម​យក​ស្រុក​សន្យា​ទាំង​មូល​ក្នុង​រយៈ​ពេល​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​បាន​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​១៤៦៧ មុន​គ.ស.។

ស្ត្រី​ដ៏​អង់អាច​បាន​កាន់​ជំហរ​មាំ​មួន

៨​. តើ​រ៉ាហាប​បាន​ទុក​គំរូ​អ្វី​ស្តី​អំពី​ជំនឿ​និង​ចិត្ត​ក្លាហាន?

៨ រាប់​រយ​ឆ្នាំ​ក្រោយ​មក ស្ត្រី​ដ៏​ក្លាហាន​ជា​ច្រើន​នាក់​បាន​កាន់​ជំហរ​យ៉ាង​មាំ​មួន​អង់អាច​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ រ៉ាហាប​ដែល​ជា​ស្ត្រី​ពេស្យា​នៅ​ក្រុង​យេរីខូ​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​ព្រះ​ដោយ​ហ៊ាន​លាក់​បំពួន​អ្នក​ស៊ើបការណ៍​ពីរ​នាក់​ដែល​យ៉ូស្វេ​បាន​ចាត់​ឲ្យ​ទៅ ក្រោយ​មក​នាង​បាន​បង្វែង​ដាន​អ្នក​តាម​សម្លាប់​របស់​ស្តេច​ក្រុង​នោះ។ នាង​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​រួច​ជីវិត​ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​វាយលុក​ក្រុង​យេរីខូ។ នាង​បាន​លះ​ចោល​របៀប​រស់​នៅ​ខុស​ឆ្គង ហើយ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ នាង​ក៏​បាន​ក្លាយ​ជា​ជីដូន​របស់​មេស្ស៊ី​ដែរ។ (​យ៉ូស. ២:​១​-​៦; ៦:២២, ២៣; ម៉ាថ. ១:១, ៥​) ព្រះ​ពិត​ជា​បាន​ឲ្យ​ពរ​ទៅ​លើ​នាង​ដោយ​សារ​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​នាង​មែន!

៩​. តើ​ដេបូរ៉ា បារ៉ាក់ និង​យ៉ា​អែ​ល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

៩ ក្រោយ​ពី​យ៉ូស្វេ​បាន​ស្លាប់​ប្រហែល​នៅ​ឆ្នាំ​១៤៥០ មុន​គ.ស. ពួកចៅហ្វាយ​បាន​គ្រប់​គ្រង​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ យ៉ាប៊ីន​ដែល​ជា​ស្តេច​នៃ​ស្រុក​កាណាន​បាន​ជិះ​ជាន់​បណ្ដា​ជន​អ៊ីស្រាអែល​អស់​២០​ឆ្នាំ។ ពេល​នោះ​ព្រះ​បាន​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ដេបូរ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ជំរុញ​ចិត្ត​ចៅហ្វាយ​បារ៉ាក់​ឲ្យ​ចាត់​វិធានការ។ បារ៉ាក់​បាន​ប្រមូល​ទាហាន​ចំនួន​១០.០០០​នាក់​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​តា​បោរ ហើយ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​នឹង​ស៊ី​សេរ៉ា​ដែល​ជា​មេទ័ព​របស់​ស្តេច​យ៉ាប៊ីន​ដែល​បាន​មក​ដល់​ជ្រលង​ភ្នំ​គីសុន​ជា​មួយ​នឹង​រទេះ​ចម្បាំង​៩០០​គ្រឿង​របស់​គាត់។ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​មក​ដល់​វាល​ទំនាប​នោះ ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ភ្លាម​ៗ ហើយ​ដី​ក្នុង​ជ្រលង​ភ្នំ​ក្លាយ​ជា​ភក់​ដែល​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របស់​សាសន៍​កាណាន​ជាប់​ផុង រត់​ទៅ​មុខ​មិន​រួច។ ទាហាន​របស់​បារ៉ាក់​បាន​ទទួល​ជ័យ​ជម្នះ ហើយ​«​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​ស៊ី​សេរ៉ា​ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់​»។ រីឯ​ស៊ី​សេរ៉ា​ខំ​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ត្រ​សាល​របស់​យ៉ា​អែ​ល ប៉ុន្តែ​នាង​បាន​សម្លាប់​គាត់​ពេល​ដែល​គាត់​កំពុង​គេង​លក់។ នេះ​សម​ស្រប​តាម​អ្វី​ដែល​ដេបូរ៉ា​បាន​ទាយ​ដល់​បារ៉ាក់​ថា គាត់​នឹង​«​គ្មាន​ឈ្មោះ​»​ឬ​គ្មាន​កិត្ដិយស​សម្រាប់​ជ័យ​ជម្នះ​នេះ​ឡើយ គឺ​ជ័យ​ជម្នះ​នោះ​នឹង​បាន​ទៅ​លើ​ស្ត្រី​ម្នាក់​វិញ។ នាង​មាន​ឈ្មោះ​ថា​យ៉ា​អែ​ល។ ដោយ​សារ​ដេបូរ៉ា បារ៉ាក់ និង​យ៉ា​អែ​ល​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន នោះ​ពួក​អ៊ីស្រាអែល​«​ក៏​បាន​សុខសាន្តត្រាណ​អស់​៤០​ឆ្នាំ​»។ (​ចៅ. ៤:១​-​៩, ១៤​-​២២; ៥:២០, ២១, ៣១​) បុរស​និង​ស្ត្រី​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក៏​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​ស្រដៀង​គ្នា​ដែរ។

ពាក្យ​សម្ដី​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ក្លាហាន

១០​. ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា ពាក្យ​សម្ដី​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ក្លាហាន?

១០ អ្វី​ដែល​យើង​និយាយ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នៅ​សតវត្សរ៍​ទី​១១ មុន​គ.ស. ស្តេច​ដាវីឌ​បាន​ប្រាប់​សាឡូម៉ូន​ជា​កូន​របស់​គាត់​ថា​៖ ​«​ចូរ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​ចុះ។ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ គឺជា​ព្រះ​នៃ​អញ ទ្រង់​គង់នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះបង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ​ដែល​ធ្វើ​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​នេះ​បាន​សំ​រេច​»។ (​១រប. ២៨:២០​) សាឡូម៉ូន​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន ហើយ​បាន​សង់​វិហារ​ដ៏​ល្អ​វិចិត្រ​សម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ទី​ក្រុង​យេរូសាឡិម។

១១​. តើ​ពាក្យ​សម្ដី​របស់​ក្មេង​ស្រី​អ៊ីស្រាអែល​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​បុរស​ម្នាក់?

១១ នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស. ក្មេង​ស្រី​អ៊ីស្រាអែល​ម្នាក់​បាន​និយាយ​ដោយ​ចិត្ត​ក្លាហាន ហើយ​នេះ​បាន​នាំ​ឲ្យ​អ្នក​កើត​ឃ្លង់​ម្នាក់​ទទួល​ពរ។ នាង​បាន​ត្រូវ​កង​ទ័ព​របស់​សាសន៍​ស៊ីរី​ចាប់ ហើយ​នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​អ្នក​កើត​ឃ្លង់​ម្នាក់​ឈ្មោះ​ណាម៉ាន ដែល​ជា​មេទ័ព​សាសន៍​ស៊ីរី។ ដោយ​សារ​នាង​ដឹង​អំពី​ការ​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​ធ្វើ​តាម​រយៈ​អេលីសេ នាង​បាន​ប្រាប់​ប្រពន្ធ​របស់​ណាម៉ាន​ថា បើ​ណាម៉ាន​ទៅ​ស្រុក​អ៊ីស្រាអែល អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ ណាម៉ាន​បាន​ទៅ​ស្រុក​អ៊ីស្រាអែល​មែន គាត់​បាន​ជា​សះ​ស្បើយ​ដោយ​សារ​ការ​អស្ចារ្យ ហើយ​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​២ព. ៥:​១​-​៣, ១០​-​១៧​) បើ​អ្នក​ជា​យុវជន​ម្នាក់​ដែល​ស្រឡាញ់​ព្រះ​ដូច​ក្មេង​ស្រី​នេះ ព្រះ​អាច​ផ្ដល់​ចិត្ត​ក្លាហាន​ឲ្យ​អ្នក​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​គ្រូ​បង្រៀន សិស្ស​រួម​ថ្នាក់ និង​អ្នក​ឯ​ទៀត។

១២​. តើ​ពាក្យ​របស់​ស្តេច​ហេសេគា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​រាស្ត្រ​របស់​គាត់?

១២ ពាក្យ​សម្ដី​ត្រឹម​ត្រូវ​ដែល​ពោល​ឡើង​នៅ​ពេល​មាន​អាសន្ន​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ក្លាហាន។ នៅ​សតវត្សរ៍​ទី​៨ មុន​គ.ស. ជន​ជាតិ​អាសស៊ើរ​បាន​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម នៅ​ពេល​នោះ​ស្តេច​ហេសេគា​បាន​ប្រាប់​រាស្ត្រ​របស់​គាត់​ថា​៖ ​«​ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ។ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាសស៊ើរ​នឹង​ពួក​ពល​ទាំង​ហ្វូង​ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំ​រាប់​នឹង​ជួយ ហើយ​ធ្វើ​ចំ​បាំង​ជំនួស​យើង​»។ តើ​ពាក្យ​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? គឺ​«​ពួក​បណ្ដា​ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា​»​! (​២រប. ៣២:៧, ៨​) ពាក្យ​ស្រដៀង​គ្នា​នេះ​អាច​លើក​ទឹក​ចិត្ត​យើង និង​បង​ប្អូន​គ្រិស្ត​សាសនិក​ឯ​ទៀត​ឲ្យ​មាន​ចិត្ត​ក្លាហាន​ពេល​ដែល​ទទួល​ការ​បៀត​បៀន។

១៣​. ស្តី​អំពី​ចិត្ត​ក្លាហាន​របស់​អូបាឌា​ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច​អ័ហាប់ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

១៣ ជួនកាល​យើង​បង្ហាញ​ថា​យើង​មាន​ចិត្ត​ក្លាហាន​ដោយ​មិន​និយាយ។ នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស. អូបាឌា​ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច​អ័ហាប់​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​យក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ចំនួន​១០០​នាក់​ទៅ​«​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់​»​ ដើម្បី​កុំ​ឲ្យ​គេ​សម្លាប់​តាម​បង្គាប់​របស់​មហាក្សត្រី​យេសិបិល​ដ៏​អាក្រក់។ (​១ព. ១៨:៤​) ដូច​អូបាឌា​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ការ​ការពារ​បង​ប្អូន​រួម​ជំនឿ​ដោយ​មិន​ប្រាប់​ព័ត៌មាន​អំពី​បង​ប្អូន​ទាំង​នោះ​ដល់​ពួក​អ្នក​បៀតបៀន​ឡើយ។

អេសធើរ​ជា​មហាក្សត្រី​ដែល​មាន​ចិត្ត​ក្លាហាន

១៤, ១៥​. តើ​មហាក្សត្រី​អេសធើរ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៤ មហាក្សត្រី​អេសធើរ​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន​ដ៏​អស្ចារ្យ។ នៅ​សតវត្សរ៍​ទី​៥ មុន​គ.ស. បុរស​អាក្រក់​ម្នាក់​ឈ្មោះ​ហាម៉ាន​បាន​រៀប​គម្រោង​ការណ៍​ដើម្បី​សម្លាប់​ជន​ជាតិ​យូដា​ទាំង​អស់។ ពេល​ដែល​ជន​ជាតិ​យូដា​ដឹង​ថា​នឹង​ត្រូវ​គេ​សម្លាប់ ពួក​គេ​បាន​សោយ​សោក​និង​តម​អាហារ។ ពួក​គេ​ក៏​ប្រាកដជា​បាន​អធិដ្ឋាន​អស់ពី​ចិត្ត​ដែរ! (​អេធ. ៤:​១​-​៣​) មហាក្សត្រី​អេសធើរ​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ម៉ា​ដេ​កាយ​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​របស់​នាង​បាន​ផ្ញើ​ច្បាប់​នោះ​ឲ្យ​នាង ដែល​ចែង​ថា​ជន​ជាតិ​យូដា​នឹង​ត្រូវ​គេ​សម្លាប់​ចោល ហើយ​គាត់​បាន​បង្គាប់​នាង​ឲ្យ​ទៅ​ជួប​ស្តេច​ដើម្បី​សុំ​អង្វរ​ឲ្យ​ជន​ជាតិ​យូដា។ ប៉ុន្តែ បើ​អ្នក​ណា​ទៅ​ជួប​ស្តេច​ដោយ​មិន​បាន​កោះ​ហៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។—អេធ. ៤:​៤​-​១១

១៥ ប៉ុន្តែ ម៉ា​ដេ​កាយ​បាន​ប្រាប់​អេសធើរ​ថា​៖ ‹បើ​ព្រះ​នាង​នៅ​ស្ងៀម នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ​ពី​កន្លែង​ផ្សេង​ទៀត។ តែ​ប្រហែលជា​ព្រះ​នាង​បាន​តាំង​ឡើង​ក្នុង​រាជ្យ សំ​រាប់​ពេល​នេះ​ឯង​ទេ​ដឹង?›។ អេសធើរ​បាន​ឲ្យ​ម៉ា​ដេ​កាយ​និង​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​ទី​ក្រុង​ស៊ូ​សាន​ជួប​ជុំ​គ្នា ហើយ​តម​អត់​ឲ្យ​នាង។ នាង​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ក៏​នឹង​តម​ដូច្នោះ​ដែរ។ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច​ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ›។ (​អេធ. ៤:១២​-​១៧​) អេសធើរ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន ហើយ​គម្ពីរ​បាន​កត់​សរសេរ​ថា ព្រះ​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក។ នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​និង​គូ​កន​របស់​ពួក​គេ​កំពុង​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​នេះ​ពេល​មាន​ទុក្ខ​លំបាក ហើយ​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​តែង​តែ​ជួយ​ពួក​គេ​ជា​និច្ច។—សូម​អាន ទំនុកតម្កើង ៦៥:២; ១១៨:៦

​​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​»​

១៦​. តើ​ប្អូន​ៗ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ?

១៦ នៅ​សតវត្សរ៍​ទី​១ ពេល​លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ ឪពុក​ម្ដាយ​របស់​លោក​បាន​រក​លោក​ឃើញ​នៅ​ក្នុង​វិហារ​«​ក្នុង​ចំណោម​ពួក​គ្រូ កំពុង​អង្គុយ​ស្ដាប់​ពួក​គេ​ថែម​ទាំង​សួរ​ពួក​គេ​នូវ​សំណួរ​ផ្សេង​ៗ​»។ បន្ថែម​ទៅ​ទៀត ​«​អស់​អ្នក​ដែល​កំពុង​ស្ដាប់ ចេះ​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​កុមារ​នោះ​»។ (​លូក. ២:៤១​-​៥០​) ទោះ​ជា​លោក​យេស៊ូ​នៅ​ក្មេង​ក៏​ដោយ លោក​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​សួរ​សំណួរ​ដល់​ពួក​គ្រូ​នៅ​ក្នុង​វិហារ។ ការ​ចាំ​ក្នុង​ចិត្ត​អំពី​គំរូ​របស់​លោក​យេស៊ូ នឹង​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឲ្យ​ចេះ​‹ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការពារ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ›។—១ពេ. ៣:១៥

១៧​. ហេតុ​អ្វី​លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​«​មាន​ចិត្ត​ក្លាហាន​»​? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន?

១៧ លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ចិត្ត​ក្លាហាន។ លោក​ប្រាប់​ពួក​គេ​ថា​៖ ​«​មើល! នឹង​មាន​គ្រាម​ក​ដល់ តាម​ពិត​គ្រា​នោះ​បាន​មក​ដល់​ហើយ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយ​សារ​ខ្ញុំ។ ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។ (​យ៉ូន. ១៦:៣២, ៣៣​) ដូច​ពួក​អ្នក​កាន់​តាម​នៅ​ជំនាន់​ដើម ពិភព​លោក​នេះ​ស្អប់​យើង ប៉ុន្តែ​សូម​កុំ​ឲ្យ​យើង​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ឡើយ។ បើ​យើង​មាន​ចិត្ត​ក្លាហាន​ដូច​បុត្រ​របស់​ព្រះ នោះ​អាច​ជួយ​យើង​រក្សា​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ដោយ​ពិភព​លោក​នេះ។ លោក​យេស៊ូ​បាន​ឈ្នះ​ពិភព​លោក​នេះ ហើយ​យើង​ក៏​អាច​ឈ្នះ​បាន​ដែរ។—យ៉ូន. ១៧:១៦; យ៉ា. ១:២៧

១៨, ១៩​. តើ​សាវ័ក​ប៉ូល​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន?

១៨ សាវ័ក​ប៉ូល​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន។ នៅ​ពេល​មួយ បើ​គ្មាន​ទាហាន​រ៉ូម​ជួយ​ប៉ូល​នោះ​ទេ ពួក​យូដា​នៅ​ទី​ក្រុង​យេរូសាឡិម​នឹង​ហែក​ប៉ូល​ឲ្យ​ខ្ទេចខ្ទី​ហើយ។ នៅ​យប់​នោះ ​«​លោក​ម្ចាស់​បាន​ឈរ​ជិត​គាត់​ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ›​»។ (​សកម្ម. ២៣:​១១​) ប៉ូល​បាន​ធ្វើ​ដូច្នេះ​មែន។

១៩ ប៉ូល​មិន​ខ្លាច​នឹង​ស្តីបន្ទោស​ដល់​«​ពួក​មហា​សាវ័ក​»​ដែល​ចង់​បង្ខូច​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូរិនថូស​ទេ។ (​២កូ. ១១:៥; ១២:១១​) ផ្ទុយ​ពី​ពួក​គេ ប៉ូល​អាច​បញ្ជាក់​ថា​គាត់​ជា​សាវ័ក​ពិត​មែន ដោយ​សារ​អ្វី​ដែល​គាត់​បាន​ស៊ូ​ទ្រាំ ដូច​ជា​ត្រូវ​ជាប់​គុក ត្រូវ​គេ​វាយ ជួប​គ្រោះ​ថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ គ្រោះ​ថ្នាក់​ផ្សេង​ៗ ស្រេក​ឃ្លាន អត់​ងងុយ ថែម​ទាំង​មាន​កង្វល់​អំពី​ក្រុម​ជំនុំ​ជា​ដើម។ (​សូម​អាន កូរិនថូសទី២ ១១:២៣​-​២៨​) ជំនឿ​និង​ចិត្ត​ក្លាហាន​ដែល​បាន​កត់​សរសេរ​ទាំង​អស់​នេះ​ពិត​ជា​បង្ហាញ​ថា​គាត់​បាន​ទទួល​កម្លាំង​ពី​ព្រះ​មែន!

២០, ២១​. ​(​ក​) សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា​យើង​ត្រូវ​តាំង​ចិត្ត​ក្លាហាន​ជា​និច្ច។ (​ខ​)​ តើ​យើង​ត្រូវ​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​កាលៈទេសៈ​ណាខ្លះ? ហើយ​តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

២០ មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​ទទួល​ការ​បៀតបៀន​យ៉ាង​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​តាំង​ចិត្ត​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​ធ្លាប់​ចូល​រួម​ក្នុង​ក្រុម​បង​ធំ។ ក្រោយ​ពី​សិក្សា​គម្ពីរ គាត់​ឃើញ​ថា​ខ្លួន​ត្រូវ​កែប្រែ ប៉ុន្តែ​តាម​ធម្មតា​បើ​អ្នក​ណា​ម្នាក់​ចេញ​ពី​ក្រុម​បង​ធំ អ្នក​នោះ​នឹង​ត្រូវ​គេ​សម្លាប់។ គាត់​បាន​អធិដ្ឋាន ហើយ​គាត់​បាន​ប្រើ​បទ​គម្ពីរ​ដើម្បី​បង្ហាញ​មេ​បង​ធំ​អំពី​មូលហេតុ​ដែល​គាត់​មិន​អាច​បន្ត​នៅ​ក្នុង​ក្រុម​បង​ធំ​ទៀត។ ប្អូន​ប្រុស​នេះ​បាន​ចេញ​ពី​ក្រុម​បង​ធំ​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ឡើយ ហើយ​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។

២១ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ប្អូន​ៗ​គ្រិស្ត​សាសនិក​ត្រូវ​មាន​គុណ​សម្បត្ដិ​នេះ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នៅ​សាលា​រៀន។ យើង​ក៏​ប្រហែលជា​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​សុំ​ច្បាប់​ពី​ការងារ​ដើម្បី​ចូល​រួម​គ្រប់​កម្មវិធី​នៃ​មហាសន្និបាត។ មិន​មាន​តែ​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​ស្ថានភាព​ច្រើន​ទៀត​រាប់​មិន​អស់។ ក៏​ប៉ុន្តែ មិន​ថា​យើង​ជួប​បញ្ហា​អ្វី​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​‹សេចក្ដី​អធិដ្ឋាន​របស់​យើង​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ›។ (​យ៉ា. ៥:១៥​) លោក​ពិត​ជា​អាច​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​យើង​ដើម្បី​‹មាន​កម្លាំង​និង​ចិត្ត​ក្លាហាន›!

[​រូបភាព​នៅ​ទំព័រ​១៧​]

អេណុក​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត

[​រូបភាព​នៅ​ទំព័រ​១៨​]

យ៉ាអែល​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក