គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
តើអ្វីដែលបានជំរុញចិត្តបុរសម្នាក់ឲ្យត្រឡប់មកសាសនាដែលគាត់បានលះចោលវិញ? តើបុរសវ័យក្មេងម្នាក់បានរកឃើញឪពុកដែលគាត់ចង់បានពេញមួយជីវិតរបស់គាត់យ៉ាងដូចម្ដេច? សូមអានពាក្យសម្ដីរបស់ពួកគាត់។
«ខ្ញុំត្រូវត្រឡប់ទៅរកព្រះយេហូវ៉ាវិញ»។ ឈ្មោះ: អ៊ីលី ខឹលីល
ឆ្នាំកំណើត: ១៩៧៦
ទីកន្លែងកំណើត: កោះស៊ីប
ធ្លាប់ជា: កូនបង្ហិនទ្រព្យ
អតីតកាលរបស់ខ្ញុំ: ខ្ញុំបានកើតនៅកោះស៊ីប ប៉ុន្តែធំឡើងនៅប្រទេសអូស្ដ្រាលី។ ឪពុកម្ដាយរបស់ខ្ញុំជាសាក្សីព្រះយេហូវ៉ា ហើយពួកគាត់បានខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយខ្ញុំឲ្យស្រឡាញ់ព្រះយេហូវ៉ានិងគម្ពីរដែលជាបណ្ដាំរបស់លោក។ ក៏ប៉ុន្តែ ពេលខ្ញុំមានវ័យជំទង់ ខ្ញុំចាប់ផ្ដើមប្រឆាំង។ ខ្ញុំលួចចេញពីផ្ទះនៅពេលយប់ដើម្បីទៅជួបក្មេងៗជំទង់ឯទៀត។ ពួកយើងធ្លាប់លួចឡាន ហើយបង្កឲ្យមានបញ្ហាជាច្រើនទៀត។
មុនដំបូង ខ្ញុំប្រព្រឹត្តអំពើទាំងនោះដោយលួចលាក់ ព្រោះខ្ញុំខ្លាចធ្វើឲ្យឪពុកម្ដាយរបស់ខ្ញុំមិនពេញចិត្ត។ ប៉ុន្តែ បន្ដិចម្ដងៗខ្ញុំលែងខ្លាចចិត្តពួកគាត់ទៀត។ ខ្ញុំបានយកមនុស្សដែលមានអាយុច្រើនជាងខ្ញុំឆ្ងាយធ្វើជាមិត្តភក្ដិ ហើយពួកគេមិនមែនជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាទេ ពួកគេថែមទាំងបានជះឥទ្ធិពលមិនល្អមកលើខ្ញុំដែរ។ នៅទីបំផុត ខ្ញុំបានប្រាប់ឪពុកម្ដាយរបស់ខ្ញុំថា ខ្ញុំមិនចង់ចូលរួមក្នុងសាសនារបស់ពួកគាត់ទៀតទេ។ ពួកគាត់បានព្យាយាមជួយខ្ញុំដោយចិត្តអត់ធ្មត់ ប៉ុន្តែខ្ញុំមិនព្រមទទួលជំនួយរបស់ពួកគាត់ឡើយ។ ឪពុកម្ដាយរបស់ខ្ញុំបានឈឺចិត្តយ៉ាងខ្លាំង។
ក្រោយពីរើចេញពីផ្ទះ ខ្ញុំចាប់ផ្ដើមប្រើគ្រឿងញៀន ថែមទាំងដាំនិងលក់កញ្ឆាយ៉ាងច្រើន។ ខ្ញុំមានទម្លាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយខ្ញុំចំណាយពេលជាច្រើនទៅជប់លៀងនៅក្លិប។ ខ្ញុំចាប់ផ្ដើមក្លាយទៅជាមនុស្សឆេវឆាវ។ បើអ្នកណាម្នាក់និយាយឬធ្វើអ្វីមួយដែលខ្ញុំមិនចូលចិត្ត នោះខ្ញុំក្ដៅចិត្តខ្លាំង ហើយច្រើនតែស្រែកគំហក និងវាយពួកគេ។ បើនិយាយឲ្យចំទៅ ខ្ញុំបានធ្វើអ្វីៗទាំងអស់ដែលខ្ញុំបានត្រូវបង្រៀនថាមិនគួរធ្វើក្នុងនាមជាគ្រិស្តសាសនិកម្នាក់។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: ខ្ញុំមានមិត្តជិតស្និទ្ធម្នាក់ដែលជាអ្នកញៀនថ្នាំដូចគ្នា ហើយគាត់បានបាត់បង់ឪពុករបស់គាត់តាំងពីនៅក្មេង។ ជាច្រើនដង យើងនិយាយគ្នារហូតដល់យប់ជ្រៅ។ នៅយប់ខ្លះ គាត់ចាប់ផ្ដើមនិយាយអំពីអារម្មណ៍របស់គាត់ ហើយគាត់បាននិយាយថា គាត់នឹកឪពុកគាត់ណាស់។ ដោយសារខ្ញុំស្គាល់អំពីសេចក្ដីសង្ឃឹមក្នុងការប្រោសឲ្យរស់ឡើងវិញ ខ្ញុំបានចាប់ផ្ដើមប្រាប់គាត់អំពីលោកយេស៊ូដោយថា លោកធ្លាប់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយលោកសន្យាថានឹងធ្វើម្ដងទៀតនៅពេលអនាគត។ (យ៉ូហាន ៥:២៨, ២៩) ខ្ញុំបាននិយាយថា៖ «សូមស្រមៃគិតថាអ្នកអាចជួបឪពុករបស់អ្នកម្ដងទៀត។ យើងទាំងអស់គ្នាអាចរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន»។ ពាក្យទាំងនោះបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់មិត្តខ្ញុំ។
នៅពេលផ្សេងទៀត មិត្តរបស់ខ្ញុំចាប់ផ្ដើមនិយាយអំពីរឿងផ្សេងៗដូចជាគ្រាចុងក្រោយបង្អស់ឬសេចក្ដីបង្រៀនអំពីព្រះបីអង្គរួមតែមួយ។ ខ្ញុំបានយកគម្ពីររបស់គាត់ ហើយបង្ហាញគាត់នូវបទគម្ពីរផ្សេងៗដែលបញ្ជាក់ការពិតអំពីព្រះយេហូវ៉ា លោកយេស៊ូ និងគ្រាចុងក្រោយបង្អស់។ (យ៉ូហាន ១៤:២៨; ធីម៉ូថេទី២ ៣:១-៥) ពេលខ្ញុំនិយាយអំពីព្រះយេហូវ៉ាកាន់តែច្រើនជាមួយនឹងមិត្តរបស់ខ្ញុំ នោះធ្វើឲ្យខ្ញុំគិតអំពីលោកកាន់តែច្រើន។
បន្ដិចម្ដងៗ គ្រាប់ពូជនៃសេចក្ដីពិតក្នុងគម្ពីរដែលមិនទាន់ដុះនៅក្នុងចិត្តរបស់ខ្ញុំ គឺជាគ្រាប់ពូជដែលឪពុកម្ដាយរបស់ខ្ញុំព្យាយាមដាំនោះ ចាប់ផ្ដើមដុះឡើងហើយ។ ជាឧទាហរណ៍ ជួនកាលពេលខ្ញុំនៅពិធីជប់លៀង ហើយកំពុងប្រើថ្នាំញៀនជាមួយមិត្តភក្ដិ ស្រាប់តែខ្ញុំចាប់ផ្ដើមគិតអំពីព្រះយេហូវ៉ា។ មិត្តជាច្រើនរបស់ខ្ញុំបានអះអាងថាពួកគេស្រឡាញ់ព្រះ ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេផ្ទុយពីពាក្យសម្ដីទាំងស្រុង។ ដោយសារខ្ញុំមិនចង់ធ្វើដូចពួកគេ ខ្ញុំបានដឹងថាខ្ញុំត្រូវធ្វើអ្វីហើយ គឺខ្ញុំត្រូវត្រឡប់មកឯព្រះយេហូវ៉ាវិញ។
ពិតមែនហើយ ពេលខ្ញុំព្យាយាមត្រឡប់មកវិញ មានការប្រព្រឹត្តដែលពិបាកកែប្រែ និងស្រួលកែប្រែ។ ការប្រព្រឹត្តខ្លះងាយស្រួលកែប្រែដូចជា ការផ្ដាច់គ្រឿងញៀន។ ខ្ញុំក៏ផ្ដាច់ទំនាក់ទំនងជាមួយមិត្តចាស់របស់ខ្ញុំដែរ ហើយខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយគ្រិស្តសាសនិកម្នាក់ដែលជាអ្នកចាស់ទុំ។
ក៏ប៉ុន្តែ ការប្រព្រឹត្តផ្សេងទៀតគឺពិបាកកែប្រែណាស់។ ជាពិសេស ខ្ញុំពិបាកទប់កំហឹងរបស់ខ្ញុំ។ ជួនកាលខ្ញុំខំគ្រប់គ្រងកំហឹងរបស់ខ្ញុំអស់មួយរយៈ តែពេលខ្លះខ្ញុំបែរជាផ្ទុះកំហឹងវិញ។ ខ្ញុំស្ដាយក្រោយរាល់ដងដែលខ្ញុំធ្វើដូច្នោះ ហើយខ្ញុំគិតថាខ្ញុំជាមនុស្សបរាជ័យ។ ដោយសារខ្ញុំធ្លាក់ទឹកចិត្ត ខ្ញុំបានទៅជួបអ្នកចាស់ទុំដែលបង្រៀនគម្ពីរដល់ខ្ញុំ។ អ្នកចាស់ទុំនោះតែងតែអត់ធ្មត់ និងបង្ហាញចិត្តសប្បុរស ហើយខ្ញុំរមែងទទួលការលើកទឹកចិត្តពីគាត់។ នៅពេលមួយ គាត់បានឲ្យខ្ញុំអានអត្ថបទមួយពីទស្សនាវដ្ដីប៉មយាម ដែលរៀបរាប់អំពីសារៈសំខាន់នៃការមិនឈប់ព្យាយាម។a យើងពិគ្រោះគ្នាអំពីជំហានផ្សេងៗដែលខ្ញុំអាចធ្វើតាមពេលខ្ញុំខឹង។ បន្ដិចម្ដងៗ ដោយនឹកចាំអំពីអត្ថបទនោះ និងអធិដ្ឋានយ៉ាងច្រើនទៅព្រះយេហូវ៉ា ខ្ញុំអាចគ្រប់គ្រងលើកំហឹងរបស់ខ្ញុំបាន។ នៅទីបំផុត ក្នុងខែមេសា ឆ្នាំ២០០០ ខ្ញុំបានទទួលការជ្រមុជទឹកក្លាយជាសាក្សីព្រះយេហូវ៉ាម្នាក់។ ឪពុកម្ដាយរបស់ខ្ញុំបានរំភើបចិត្តណាស់។
ផលប្រយោជន៍ដែលខ្ញុំទទួល: ឥឡូវ ខ្ញុំមានសេចក្ដីសុខក្នុងចិត្ត ហើយចិត្តខ្ញុំមិនបន្ទោសខ្ញុំទេ ដោយសារខ្ញុំមិនធ្វើបាបរាងកាយរបស់ខ្ញុំដោយប្រើគ្រឿងញៀនឬប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទៀត។ ទោះជាខ្ញុំទៅធ្វើការ ចូលរួមកិច្ចប្រជុំ ឬចូលរួមក្នុងការកម្សាន្តក៏ដោយ ខ្ញុំសប្បាយជាងមុនឆ្ងាយណាស់។ ខ្ញុំមានទស្សនៈល្អចំពោះជីវិត។
ខ្ញុំមានអំណរគុណចំពោះព្រះយេហូវ៉ាដែលលោកបានផ្ដល់ឪពុកម្ដាយឲ្យខ្ញុំ ដែលពួកគាត់ខំព្យាយាមជួយខ្ញុំជានិច្ច។ ខ្ញុំក៏បានគិតអំពីពាក្យរបស់លោកយេស៊ូដែលមាននៅយ៉ូហាន ៦:៤៤ ដែលថា៖ «គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក»។ ខ្ញុំរំភើបចិត្តណាស់ពេលគិតថា ខ្ញុំអាចត្រឡប់មកឯព្រះយេហូវ៉ាវិញដោយសារលោកបានទាញនាំខ្ញុំ។
«ខ្ញុំចង់បានឪពុកម្នាក់យ៉ាងខ្លាំង»។ ឈ្មោះ: ម៉ាកូ អាន់តូញ៉ូ អាល់វ៉ារេស សូតូ
ឆ្នាំកំណើត: ១៩៧៧
ទីកន្លែងកំណើត: ប្រទេសស៊ីលី
ធ្លាប់ជា: អ្នកលេងភ្លេងអំពីហិង្សា
អតីតកាលរបស់ខ្ញុំ: ខ្ញុំរស់នៅជាមួយម្ដាយនៅទីក្រុងពុនតា អារីណា ដែលជាទីក្រុងដ៏ល្អមួយនៅច្រកសមុទ្រម៉ាជេឡាន់ ជិតភាគខាងត្បូងនៃប្រទេសអាម៉េរិកខាងត្បូង។ ឪពុកម្ដាយរបស់ខ្ញុំបែកគ្នាពេលដែលខ្ញុំមានអាយុប្រាំឆ្នាំ ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រូវគេបោះបង់ចោល។ ខ្ញុំចង់បានឪពុកម្នាក់យ៉ាងខ្លាំង។
ម្ដាយរបស់ខ្ញុំបានរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ហើយគាត់បានយកខ្ញុំទៅចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកនៅឯសាលប្រជុំ។ ក៏ប៉ុន្តែ ខ្ញុំស្អប់កិច្ចប្រជុំណាស់ ហើយខ្ញុំច្រើនតែស្រែកឡូឡានិងបោកខ្លួនពេលធ្វើដំណើរទៅកិច្ចប្រជុំនោះ។ ពេលខ្ញុំមានអាយុ១៣ឆ្នាំ ខ្ញុំឈប់ចូលរួមកិច្ចប្រជុំទាំងអស់។
នៅពេលនោះ ខ្ញុំបានបណ្ដុះឲ្យមានចិត្តស្រឡាញ់បទភ្លេង ហើយខ្ញុំដឹងថាខ្ញុំមានទេពកោសល្យក្នុងការលេងភ្លេងណាស់។ ពេលខ្ញុំមានអាយុ១៥ឆ្នាំ ខ្ញុំបានលេងភ្លេងដែលលើកតម្កើងអំពើហិង្សានោះក្នុងពិធីបុណ្យ ក្នុងបារ និងក្នុងពិធីជប់លៀងផ្សេងៗ។ ការសេពគប់ជាមួយអ្នកលេងភ្លេងដែលមានទេពកោសល្យ បានជំរុញខ្ញុំឲ្យមានចំណាប់អារម្មណ៍ទៅលើតន្ត្រីសម័យ។ ខ្ញុំចាប់ផ្ដើមរៀនលេងភ្លេងនៅសាលាតូរ្យតន្ត្រីក្នុងតំបន់នោះ។ ពេលខ្ញុំមានអាយុ២០ឆ្នាំ ខ្ញុំបានប្ដូរទៅរស់នៅរាជធានីនៃប្រទេសស៊ីលី គឺទីក្រុងសាន់ទីយ៉ាហ្គោ ដើម្បីរៀនជំនាញនេះថែមទៀត។ ខ្ញុំក៏នៅបន្តលេងភ្លេងអំពីហិង្សាជាមួយវង់ភ្លេងផ្សេងៗដែរ។
ក្នុងរវាងពេលទាំងអស់នោះ ខ្ញុំមានអារម្មណ៍ថាជីវិតគ្មានន័យអ្វីសោះ។ ដើម្បីជម្រុះអារម្មណ៍ទាំងអស់នោះ ខ្ញុំបានផឹកស្រាស្រវឹង និងប្រើគ្រឿងញៀនជាមួយសមាជិកក្រុមភ្លេងរបស់ខ្ញុំ ដែលខ្ញុំចាត់ទុកពួកគេដូចជាក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំចង់ធ្វើជាមនុស្សក្រៅសង្គម ហើយនេះបានត្រូវបង្ហាញដោយរូបរាងខាងក្រៅរបស់ខ្ញុំ។ ខ្ញុំពាក់ខោអាវពណ៌ខ្មៅ ទុកពុកចង្កា ហើយទុកសក់វែងរហូតដល់ចង្កេះ។
ជាច្រើនលើកច្រើនសា ចិត្តគំនិតរបស់ខ្ញុំបណ្ដាលឲ្យខ្ញុំមានបញ្ហាជាមួយអ្នកឯទៀតរហូតដល់វាយតប់គ្នា ហើយប៉ូលិសក៏ធ្លាប់ចាប់ខ្ញុំដែរ។ នៅពេលមួយ ដោយមានជាតិស្រាក្នុងខ្លួន ខ្ញុំបានវាយក្រុមអ្នកលក់គ្រឿងញៀន ដែលបានធ្វើបាបខ្ញុំនិងមិត្តរបស់ខ្ញុំ។ ក្រុមអ្នកលក់គ្រឿងញៀននោះបានវាយខ្ញុំយ៉ាងដំណំរហូតដល់ខ្ញុំបាក់ឆ្អឹងថ្គាម។
ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងបំផុតគឺមិត្តជិតស្និទ្ធរបស់ខ្ញុំ។ នៅថ្ងៃមួយ ខ្ញុំបានដឹងថាសង្សាររបស់ខ្ញុំបានក្បត់ខ្ញុំដោយមានទំនាក់ទំនងស្នេហាជាមួយមិត្តជិតស្និទ្ធរបស់ខ្ញុំអស់ជាច្រើនឆ្នាំ ហើយមិត្តទាំងអស់បានលាក់រឿងនោះមិនឲ្យខ្ញុំដឹង។ ខ្ញុំបានឈឺចិត្តយ៉ាងខ្លាំង។
ដូច្នេះ ខ្ញុំបានរើទៅនៅទីក្រុងពុនតា អារីណាវិញ ជាកន្លែងដែលខ្ញុំបានចាប់ផ្ដើមបង្រៀនភ្លេង និងធ្វើការជាអ្នកលេងសែលឡូ។ ខ្ញុំក៏បន្តលេង និងថតបទភ្លេងអំពីហិង្សានោះដែរ។ ខ្ញុំបានជួបនឹងស្ត្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះស៊ូសាន ហើយយើងចាប់ផ្ដើមរស់នៅជាមួយគ្នា។ ក្រោយមក នៅពេលមួយ ស៊ូសានបានដឹងថាម្ដាយរបស់នាងជឿលើសេចក្ដីបង្រៀនអំពីព្រះបីរួមជាព្រះតែមួយ ហើយខ្ញុំមិនបានជឿដូចនោះទេ។ នាងបានសួរខ្ញុំថា៖ «ដូច្នេះ តើអ្វីជាសេចក្ដីពិត»។ ខ្ញុំបានឆ្លើយថា សេចក្ដីបង្រៀនអំពីព្រះបីរួមជាព្រះតែមួយជាជំនឿមិនពិត ប៉ុន្តែខ្ញុំមិនអាចបង្ហាញភ័ស្តុតាងពីគម្ពីរបានទេ។ ក៏ប៉ុន្តែ ខ្ញុំដឹងថាអ្នកណាអាចឆ្លើយបាន។ ខ្ញុំបានប្រាប់នាងថាសាក្សីព្រះយេហូវ៉ាអាចបង្ហាញនាងអំពីសេចក្ដីពិតក្នុងគម្ពីរ។ ក្រោយមក ខ្ញុំបានធ្វើអ្វីមួយដែលខ្ញុំមិនបានធ្វើអស់ច្រើនឆ្នាំមកហើយ គឺខ្ញុំបានអធិដ្ឋានទៅព្រះ ហើយសុំជំនួយពីលោក។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំឃើញបុរសម្នាក់ដែលខ្ញុំដូចជាធ្លាប់ស្គាល់ ហើយខ្ញុំបានសួរគាត់ថា តើគាត់ជាសាក្សីព្រះយេហូវ៉ាម្នាក់ឬ? ទោះជាមើលទៅគាត់ដូចជាភ័យខ្លាចដោយសាររូបរាងខាងក្រៅរបស់ខ្ញុំក៏ដោយ គាត់បានឆ្លើយសំណួររបស់ខ្ញុំអំពីកិច្ចប្រជុំដែលមាននៅឯសាលប្រជុំ។ ខ្ញុំជឿជាក់ថាការជួបសាក្សីនេះជាចម្លើយចំពោះការអធិដ្ឋានរបស់ខ្ញុំ។ ខ្ញុំបានទៅចូលរួមកិច្ចប្រជុំ ហើយបានអង្គុយនៅកៅអីជួរក្រោយគេបង្អស់ដើម្បីកុំឲ្យអ្នកណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំ។ ក៏ប៉ុន្តែ បងប្អូនជាច្រើនចាប់ផ្ដើមចំណាំមុខខ្ញុំថា ខ្ញុំធ្លាប់ចូលរួមកិច្ចប្រជុំពេលខ្ញុំនៅក្មេង។ ពួកគេបានស្វាគមន៍ខ្ញុំ ហើយឱបខ្ញុំយ៉ាងខ្លាំង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសេចក្ដីសុខសាន្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ដូចជាបានវិលត្រឡប់មកផ្ទះវិញ។ ពេលខ្ញុំឃើញបុរសដែលបានបង្រៀនគម្ពីរដល់ខ្ញុំពេលដែលខ្ញុំនៅក្មេងនោះ ខ្ញុំបានសុំគាត់ឲ្យបង្រៀនគម្ពីរដល់ខ្ញុំម្ដងទៀត។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: នៅថ្ងៃមួយ ខ្ញុំបានអានសុភាសិត ២៧:១១ ដែលចែងថា៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ»។ ខ្ញុំបានភ្ញាក់ផ្អើលណាស់ដោយគិតថា មនុស្សជាតិអាចធ្វើឲ្យព្រះដែលជាអ្នកបង្កើតយើងមានចិត្តរីករាយ។ ខ្ញុំចាប់ផ្ដើមដឹងថា ព្រះយេហូវ៉ាជាបិតាដែលខ្ញុំស្វែងរកជាយូរមកហើយ!
ខ្ញុំចង់ធ្វើឲ្យបិតារបស់ខ្ញុំនៅស្ថានសួគ៌ពេញចិត្ត និងធ្វើតាមបំណងប្រាថ្នារបស់លោក ប៉ុន្តែខ្ញុំប្រៀបដូចជាខ្ញុំបម្រើរបស់គ្រឿងញៀន និងស្រាអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំចាប់ផ្ដើមយល់អំពីសេចក្ដីបង្រៀនរបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ៦:២៤ ដែលចែងថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ»។ ពេលខ្ញុំខំប្រឹងកែប្រែ គោលការណ៍ក្នុងកូរិនថូសទី១ ១៥:៣៣ មានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ។ បទគម្ពីរនោះចែងថា៖ «ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំមិនអាចផ្ដាច់ទម្លាប់អាក្រក់ទាំងនេះបានទេ បើខ្ញុំនៅតែបន្តទៅដើរលេងនៅកន្លែងដដែល ហើយសេពគប់ជាមួយនឹងមនុស្សដដែលនោះ។ ឱវាទក្នុងគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីផ្ដាច់អ្វីៗដែលធ្វើឲ្យខ្ញុំមានទម្លាប់អាក្រក់ទាំងនោះ។—ម៉ាថាយ ៥:៣០
ការឈប់ស្ដាប់និងលេងបទភ្លេងដែលលើកតម្កើងអំពើហិង្សាជាអ្វីដែលពិបាកបំផុត ព្រោះនេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ប៉ុន្តែ ដោយមានជំនួយពីមិត្តភក្ដិក្នុងក្រុមជំនុំ ខ្ញុំអាចបញ្ឈប់ទម្លាប់នោះបាន។ ខ្ញុំឈប់ផឹកស្រាហួសប្រមាណ និងឈប់ប្រើគ្រឿងញៀន។ ខ្ញុំក៏កាត់សក់និង កោរពុកចង្កាដែរ ហើយឈប់ពាក់តែខោអាវពណ៌ខ្មៅទៀត។ ពេលខ្ញុំប្រាប់ស៊ូសានថា ខ្ញុំចង់កាត់សក់របស់ខ្ញុំ នាងបានភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់នាងចង់ដឹងថា តើខ្ញុំធ្វើអ្វីនៅឯសាលប្រជុំ? នាងបាននិយាយថា៖ «ខ្ញុំទៅសាលប្រជុំជាមួយបងដើម្បីមើលថាមានអ្វីកើតឡើងនៅឯសាលប្រជុំនោះ!»។ នាងបានពេញចិត្តចំពោះអ្វីដែលនាងបានឃើញ ហើយមិនយូរក្រោយមកនាងក៏បានចាប់ផ្ដើមរៀនគម្ពីរដែរ។ នៅទីបំផុត ខ្ញុំនិងស៊ូសានបានរៀបការជាមួយគ្នា។ ក្នុងឆ្នាំ២០០៨ យើងបានទទួលការជ្រមុជទឹកក្លាយទៅជាសាក្សីព្រះយេហូវ៉ា។ យើងសប្បាយចិត្តណាស់ដោយបានបម្រើព្រះយេហូវ៉ាជាមួយនឹងម្ដាយរបស់ខ្ញុំ។
ផលប្រយោជន៍ដែលខ្ញុំទទួល: ខ្ញុំបានរួចផុតពីពិភពលោកមួយដែលពោរពេញដោយសុភមង្គលក្លែងក្លាយ និងពីមិត្តភក្ដិដែលក្បត់ចិត្ត។ ខ្ញុំនៅតែស្រឡាញ់ចម្រៀង ប៉ុន្តែឥឡូវខ្ញុំចេះជ្រើសរើសវា។ ខ្ញុំប្រើបទពិសោធន៍របស់ខ្ញុំដើម្បីជាប្រយោជន៍ដល់សមាជិកក្នុងក្រុមគ្រួសារ និងអ្នកឯទៀត ជាពិសេសប្អូនៗវ័យក្មេង។ ខ្ញុំចង់ជួយពួកគេឲ្យយល់ថា អ្វីៗភាគច្រើនដែលពិភពលោកនេះផ្ដល់ឲ្យប្រហែលមើលទៅដូចជាគួរឲ្យចង់បានណាស់ ប៉ុន្តែនៅទីបំផុត វាគ្រាន់តែជា«សំរាម»ទេ។—ភីលីព ៣:៨
ខ្ញុំបានរកឃើញមិត្តភក្ដិដែលស្មោះត្រង់ក្នុងក្រុមជំនុំគ្រិស្តសាសនិក ជាកន្លែងដែលមានសេចក្ដីស្រឡាញ់និងសេចក្ដីសុខសាន្តយ៉ាងពិតប្រាកដ។ បន្ថែមទៅទៀត ដោយចូលទៅជិតព្រះយេហូវ៉ា ខ្ញុំបានរកឃើញបិតាដែលខ្ញុំខំរកយូរហើយ។
[កំណត់សម្គាល់]
a អត្ថបទនេះមានចំណងជើងថា៖ «ការចេះស៊ូទ្រាំនាំឲ្យមានជោគជ័យ»ដែលមានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០០ ទំព័រ៤-៦ ជាភាសាអង់គ្លេស។
[ឃ្លាអក្សរធំនៅទំព័រ១១]
«ខ្ញុំអាចត្រឡប់មកឯព្រះយេហូវ៉ាវិញ ដោយសារលោកបានទាញនាំខ្ញុំ»