ចិត្តសប្បុរសគឺសំខាន់ចំពោះព្រះ
នៅប្រទេសជប៉ុន យុវជនម្នាក់បានទទួលការលើកទឹកចិត្តពីសេចក្ដីសប្បុរសរបស់បុរសវ័យចាស់ម្នាក់ដែលជាជនជាតិដទៃ។ បុរសវ័យចាស់នេះជាសាសនទូត ដែលមិនបានមកប្រទេសនេះយូរឆ្នាំហើយ ហើយគាត់មិនសូវចេះនិយាយភាសាជប៉ុនប៉ុន្មានទេ។ ប៉ុន្តែ ជារៀងរាល់សប្ដាហ៍ គាត់បានមកជួបប្អូនប្រុសនេះនៅផ្ទះដើម្បីពិគ្រោះគ្នាពីគម្ពីរ។ ដោយមានទឹកមុខញញឹម និងមានសុជីវធម៌ គាត់បានឆ្លើយសំណួរជាច្រើនរបស់យុវជននេះយ៉ាងអត់ធ្មត់។
យុវជននេះតែងតែនឹកចាំអំពីចិត្តសប្បុរសរបស់សាសនទូតវ័យចាស់នេះ។ យុវជននេះបានគិតថា ‹បើគម្ពីរធ្វើឲ្យបុរសម្នាក់មានសេចក្ដីស្រឡាញ់និងសប្បុរសបែបនេះ ខ្ញុំគួរតែរៀនគម្ពីរ›។ នេះជាអ្វីដែលលើកទឹកចិត្តគាត់ឲ្យរៀនអ្វីដែលចម្លែកសម្រាប់គាត់។ ពិតមែនហើយ សេចក្ដីសប្បុរសមានឥទ្ធិពលទៅលើចិត្តមនុស្ស និងជាអ្វីដែលជំរុញចិត្ត ដែលមានឥទ្ធិពលខ្លាំងជាងពាក្យសម្ដីទៅទៀត។
ជាគុណសម្បត្ដិដែលមកពីព្រះ
ជាការធម្មតាទេដែលយើងបង្ហាញចិត្តសប្បុរសចំពោះអ្នកដែលជាសាច់ញាតិនឹងយើង។ ក៏ប៉ុន្តែ សេចក្ដីសប្បុរសគឺជាគុណសម្បត្ដិរបស់ព្រះ។ លោកយេស៊ូបានមានប្រសាសន៍ថា បិតានៅស្ថានសួគ៌មិនគ្រាន់តែសម្ដែងសេចក្ដីសប្បុរសចំពោះមនុស្សដែលស្រឡាញ់លោកប៉ុណ្ណោះទេ តែក៏ចំពោះ«មនុស្សរមិលគុណ»ដែរ។ ស្តីអំពីរឿងនេះ លោកយេស៊ូបានដាស់តឿនពួកអ្នកកាន់តាមលោកឲ្យយកតម្រាប់តាមព្រះ ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវមានគុណសម្បត្ដិសព្វគ្រប់ ដូចបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏មានគុណសម្បត្ដិសព្វគ្រប់ដែរ»។—លូកា ៦:៣៥; ម៉ាថាយ ៥:៤៨; និក្ខមនំ ៣៤:៦
មនុស្សបានត្រូវបង្កើតមកឲ្យមានគុណសម្បត្ដិដូចព្រះ ដែលអាចមានសមត្ថភាពបង្ហាញឬសម្ដែងសេចក្ដីសប្បុរស។ (លោកុប្បត្តិ ១:២៧) យើងពិតជាអាចយកតម្រាប់តាមព្រះ និងអាចបង្ហាញសេចក្ដីសប្បុរសកាន់តែច្រើនឡើងៗបាន។ គម្ពីរបានពណ៌នាអំពីសេចក្ដីសប្បុរសជាផលមួយដែលបង្កើតដោយសកម្មពលបរិសុទ្ធ។ (កាឡាទី ៥:២២) ហេតុនេះហើយ យើងអាចបណ្ដុះនិងសម្ដែងសេចក្ដីសប្បុរសកាន់តែច្រើនបាន ពេលដែលយើងរៀនកាន់តែច្រើនអំពីព្រះដែលជាអ្នកបង្កើតយើង និងចូលទៅកាន់តែជិតលោក។
ដោយសារសេចក្ដីសប្បុរសជាផ្នែកមួយនៃជីវិតយើង ហើយជាគុណសម្បត្ដិដែលព្រះឲ្យតម្លៃខ្ពស់ នោះជាមូលហេតុដែលព្រះប្រាប់យើងឲ្យ«ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក»។ (អេភេសូរ ៤:៣២) យើងក៏បានត្រូវរំលឹកដែរថា៖ «កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់» ឬបង្ហាញសេចក្ដីសប្បុរសដល់អ្នកដែលយើងមិនស្គាល់។—ហេប្រឺ ១៣:២
ក្នុងពិភពលោកសព្វថ្ងៃនេះ ពោរពេញទៅដោយមនុស្សដែលមិនបង្ហាញសេចក្ដីសប្បុរស និងរមិលគុណ ដូច្នេះ តើយើងអាចបង្ហាញសេចក្ដីសប្បុរសដល់អ្នកឯទៀត សូម្បីតែអ្នកដែលយើងមិនស្គាល់បានទេ? តើអ្វីអាចជួយយើងឲ្យធ្វើដូច្នេះ? តាមពិត ហេតុអ្វីយើងគួរយកចិត្តទុកដាក់អំពីរឿងនេះ?
ជាអ្វីដែលព្រះតម្រូវ
គួរឲ្យចាប់អារម្មណ៍ថា ក្រោយពីសាវ័កប៉ូលបាននិយាយអំពីការបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលយើងមិនស្គាល់ គាត់បានបន្តថា៖ «ដោយបង្ហាញទឹកចិត្តបែបនេះអ្នកខ្លះបានទទួលទេវតាដោយមិនដឹងខ្លួន»។ បើអ្នកមានឱកាសទទួលទេវតាដោយផ្ទាល់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ប៉ុន្តែ ប៉ូលបានពោលពាក្យថា«ដោយមិនដឹងខ្លួន»។ ដោយគិតតាមវិធីម្យ៉ាងទៀត គាត់ចង់បញ្ជាក់ថា បើយើងមានទម្លាប់បង្ហាញសេចក្ដីសប្បុរសចំពោះអ្នកឯទៀត រួមទាំងអ្នកដែលយើងមិនស្គាល់ ឬមនុស្សដែលយើងមិនសូវស្គាល់ច្បាស់ យើងអាចទទួលរង្វាន់តាមរបៀបដែលយើងមិនដឹងទុកជាមុន។
សេចក្ដីបកប្រែគម្ពីរភាគច្រើនមានបទគម្ពីរដែលផ្សាភ្ជាប់ពាក្យរបស់ប៉ូលទៅនឹងកំណត់ហេតុរបស់អាប្រាហាំនិងឡុត ក្នុងលោកុប្បត្តិ ជំពូក ១៨ និង ១៩។ ក្នុងករណីរបស់ពួកគាត់ទាំងពីរនាក់ យើងអានអំពីទេវតាដែលបានលេចមកជាអ្នកដែលពួកគាត់មិនស្គាល់ ហើយទេវតានោះមានដំណឹងយ៉ាងសំខាន់មកប្រាប់ពួកគាត់។ ក្នុងករណីរបស់អាប្រាហាំ ដំណឹងនោះគឺអំពីការសម្រេចសេចក្ដីសន្យារបស់ព្រះស្តីអំពីកូនប្រុសមួយ ហើយក្នុងករណីរបស់ឡុត គឺអំពីសេចក្ដីសង្គ្រោះពីការបំផ្លាញទីក្រុងសូដុមនិងកូម៉ូរ៉ា។—លោកុប្បត្តិ ១៨:១-១០; ១៩:១-៣, ១៥-១៧
បើអ្នកអានបទគម្ពីរដែលបានរៀបរាប់ខាងលើ អ្នកនឹងកត់សម្គាល់ថា អាប្រាហាំនិងឡុតបានបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដំណើរដែលពួកគាត់មិនស្គាល់។ ពិតមែនហើយ ក្នុងសម័យគម្ពីរ ការបង្ហាញចិត្តរាក់ទាក់ចំពោះអ្នកដំណើរ មិនថាជាមិត្តភក្ដិ សាច់ញាតិ ឬមនុស្សដែលមិនស្គាល់គ្នាក៏ដោយ គឺជាទំនៀមទម្លាប់និងជាភារកិច្ច។ តាមពិត ច្បាប់របស់ម៉ូសេតម្រូវឲ្យពួកអ៊ីស្រាអែលយកចិត្តទុកដាក់ចំពោះជនជាតិដទៃដែលរស់នៅក្នុងស្រុករបស់ពួកគេ។ (ចោទិយកថា ១០:១៧-១៩) ទោះជាយ៉ាងនោះក៏ដោយ អាប្រាហាំនិងឡុតបានធ្វើច្រើនជាងអ្វីដែលច្បាប់តម្រូវទៅទៀត។ ពួកគាត់បានព្យាយាមខ្លាំងជាងធម្មតាដើម្បីបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលពួកគាត់មិនស្គាល់ ហើយពួកគាត់បានទទួលពរដោយបានធ្វើដូច្នេះ។
សេចក្ដីសប្បុរសរបស់អាប្រាហាំមិនគ្រាន់តែនាំឲ្យគាត់ទទួលពរជាកូនប្រុសមួយប៉ុណ្ណោះទេ តែនេះក៏នាំឲ្យយើងទទួលពរដែរ។ តើតាមរបៀបណា? អាប្រាហាំនិងអ៊ីសាកដែលជាកូនប្រុសរបស់គាត់មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះ។ ពួកគាត់បានក្លាយទៅជាបុគ្គលដ៏សំខាន់ក្នុងវង្សត្រកូលរបស់លោកយេស៊ូដែលជាមេស្ស៊ី។ បន្ថែមទៅទៀត ចិត្តស្មោះត្រង់របស់ពួកគាត់គឺជាអ្វីដែលត្រូវបង្ហាញឲ្យឃើញទុកជាមុនអំពីរបៀបដែលមនុស្សទទួលសេចក្ដីសង្គ្រោះតាមរយៈសេចក្ដីស្រឡាញ់និងគុណដ៏វិសេសលើសលប់របស់ព្រះ។—លោកុប្បត្តិ ២២:១-១៨; ម៉ាថាយ ១:១, ២; យ៉ូហាន ៣:១៦
កំណត់ហេតុទាំងនោះបានបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលព្រះតម្រូវពីពួកអ្នកដែលលោកស្រឡាញ់ និងអំពីរបៀបដែលលោកឲ្យតម្លៃយ៉ាងខ្ពស់ចំពោះសេចក្ដីសប្បុរស។ នេះមិនមែនជាអ្វីដែលយើងចង់ធ្វើឬមិនចង់ធ្វើក៏បាននោះទេ តែជាអ្វីដែលព្រះតម្រូវ។
ការបង្ហាញចិត្តសប្បុរសជួយយើងឲ្យស្គាល់ព្រះច្បាស់ជាង
គម្ពីរបានបញ្ជាក់ថា នៅសម័យយើង នឹងមានមនុស្សជាច្រើនដែលជាអ្នក«រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»។ (ធីម៉ូថេទី២ ៣:១-៣) អ្នកប្រាកដជាជួបមនុស្សបែបនោះជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នេះមិនមែនជាមូលហេតុដែលយើងទប់អារម្មណ៍មិនបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកឯទៀតឡើយ។ គ្រិស្តសាសនិកបានត្រូវរំលឹកថា៖ «កុំតបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់ចំពោះអ្នកឲ្យសោះ។ ចូរធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ»។—រ៉ូម ១២:១៧
យើងអាចព្យាយាមនិងបើកចិត្តដើម្បីបង្ហាញសេចក្ដីសប្បុរស។ គម្ពីរចែងថា៖ «អ្នកណាដែលបង្ហាញសេចក្ដីស្រឡាញ់ អ្នកនោះ . . . មានចំណេះអំពីព្រះ» ហើយវិធីមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ គឺដោយបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកឯទៀត។ (យ៉ូហានទី១ ៤:៧; កូរិនថូសទី១ ១៣:៤) ពិតមែនហើយ ដោយបង្ហាញសេចក្ដីសប្បុរសចំពោះបងប្អូនរួមជំនឿ យើងអាចស្គាល់ព្រះច្បាស់ជាង និងធ្វើឲ្យយើងមានសុភមង្គលច្រើនជាង។ ក្នុងសុន្ទរកថានៅលើភ្នំ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលមានចិត្តមេត្ដាករុណា[សេចក្ដីសប្បុរស] នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្ដាករុណាផងដែរ។ អស់អ្នកដែលមានចិត្តបរិសុទ្ធ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងឃើញព្រះ»។—ម៉ាថាយ ៥:៧, ៨
សូមពិចារណាឧទាហរណ៍មួយ នៅប្រទេសជប៉ុន ស្ត្រីម្នាក់ឈ្មោះអាគីមានកូនប្រុសពីរនាក់។ ក្រោយពីម្ដាយរបស់គាត់ស្លាប់ គាត់បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ជួនកាលគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដែលតម្រូវឲ្យគាត់ទៅជួបគ្រូពេទ្យ។ ក្រោយមក មានក្រុមគ្រួសារមួយបានរើមកនៅជិតខាងគាត់។ ឪពុករបស់ក្រុមគ្រួសារនេះ ទើបតែបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយសល់តែម្ដាយនិងកូនតូចៗប្រាំនាក់។ បងស្រីអាគីអាណិតក្រុមគ្រួសារនេះណាស់ ដូច្នេះគាត់ខំព្យាយាមធ្វើជាមិត្តជាមួយម្ដាយនិងកូនៗរបស់នាង។ គាត់បានធ្វើអ្វីទាំងអស់ដើម្បីជួយក្រុមគ្រួសារនេះ ដោយឲ្យម្ហូប សម្លៀកបំពាក់។ល។ បងស្រីអាគីបានធូរស្បើយឡើងវិញ។ គាត់មានអារម្មណ៍ថាពាក្យក្នុងគម្ពីរគឺជាការពិត ដែលថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) ពិតមែនហើយ ការបង្ហាញចិត្តសប្បុរសចំពោះអ្នកឯទៀតអាចជាអ្វីដែលល្អបំផុត ដែលអ្នកអាចធ្វើបានដើម្បីជួយអ្នកពេលដែលអ្នកធ្លាក់ទឹកចិត្ត។
«ឲ្យព្រះយេហូវ៉ាខ្ចី»
ដើម្បីបង្ហាញសេចក្ដីសប្បុរស អ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើននោះទេ។ នេះស្រេចទៅលើសមត្ថភាពឬក៏កម្លាំងរបស់អ្នក។ ស្នាមញញឹម ពាក្យដែលលើកទឹកចិត្ត ជំនួយ អំណោយដែលផុសចេញពីចិត្ត ឬគ្រាន់តែទុកឲ្យគេទៅមុនពេលតម្រង់ជួរ នោះច្រើនតែមានប្រយោជន៍។ ក្នុងកាលៈទេសៈខ្លះ បើអ្នកមិនដឹងថាត្រូវនិយាយឬប្រព្រឹត្តយ៉ាងណា សូមនិយាយឬប្រព្រឹត្តដោយសប្បុរស។ ការប្រព្រឹត្តដោយសេចក្ដីសប្បុរសរបស់បងប្រុសដែលជាសាសនទូតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើយុវជនដែលបានរៀបរាប់ពីខាងដើមអត្ថបទនេះ ហើយនេះបានសម្រេចអ្វីៗច្រើនជាងពាក្យសម្ដីរបស់គាត់ទៅទៀត។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្វីមួយដែលព្រះតម្រូវពីអ្នកគោរពប្រណិប័តន៍លោកគឺឲ្យពួកគេ«ស្រឡាញ់សេចក្ដីសប្បុរស»!—មីកា ៦:៨
សេចក្ដីសប្បុរសតែបន្ដិចបន្តួចអាចមានឥទ្ធិពលដ៏យូរអង្វែង។ ពេលយើងបង្ហាញសេចក្ដីសប្បុរសដោយមានចិត្តគំនិតត្រឹមត្រូវ ហើយជាពិសេសនៅពេលដែលយើងបង្ហាញសេចក្ដីសប្បុរសនេះដល់អ្នកដែលស្រឡាញ់ព្រះ នោះអាចធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍កក់ក្ដៅ។ ទោះជាគេមិនឲ្យតម្លៃចំពោះសេចក្ដីសប្បុរសរបស់អ្នកក៏ដោយ នេះមិនមែនមានន័យថាវាគ្មានតម្លៃនោះទេ។ នេះជាអ្វីដែលមានតម្លៃចំពោះព្រះ។ គម្ពីរបានធានាយើងថា ពេលយើងបង្ហាញសេចក្ដីសប្បុរសដល់អ្នកឯទៀត តាមការពិតគឺយើង«ឲ្យព្រះយេហូវ៉ាខ្ចី»។ (សុភាសិត ១៩:១៧) ដូច្នេះ យើងគួរស្វែងរកឱកាសដើម្បីបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលនៅជុំវិញខ្លួនយើង មែនទេ?
[ឃ្លាអក្សរធំនៅទំព័រ១៤]
បើអ្នកមិនដឹងថាត្រូវនិយាយឬប្រព្រឹត្តយ៉ាងណា សូមនិយាយឬប្រព្រឹត្តអ្វីដែលសប្បុរស
[រូបភាពនៅទំព័រ១៣]
សេចក្ដីសប្បុរសរបស់អាប្រាហាំបាននាំឲ្យគាត់ទទួលរង្វាន់យ៉ាងច្រើន
[រូបភាពនៅទំព័រ១៤]
ការបង្ហាញសេចក្ដីសប្បុរសដល់អ្នកឯទៀត នោះប្រៀបដូចជា«ឲ្យព្រះយេហូវ៉ាខ្ចី»