គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
តើតាមរបៀបណាយុវនារីម្នាក់ដែលមិនមានចំណាប់អារម្មណ៍ទៅលើព្រះ ហើយសប្បាយនឹងអាជីពរបស់ខ្លួន បានរកឃើញគោលបំណងនៃជីវិត? ក្រោយពីដឹងអំពីស្ថានភាពមនុស្សស្លាប់ តើយុវជនម្នាក់ដែលកាន់សាសនាកាតូលិកបានកែប្រែរបៀបរស់នៅអ្វីខ្លះ? តើយុវជនម្នាក់ដែលគ្មានសុភមង្គលក្នុងជីវិតបានរៀនអ្វីខ្លះអំពីព្រះដែលជំរុញចិត្តគាត់ឲ្យក្លាយទៅជាគ្រិស្តសាសនិក? សូមអានជីវប្រវត្តិរបស់ពួកគាត់។
«អស់ជាច្រើនឆ្នាំ ខ្ញុំធ្លាប់ឆ្ងល់ថា‹ហេតុអ្វីយើងមានជីវិត?›» រៀបរាប់ដោយរ៉ូសាលីន ចន
ឆ្នាំកំណើត: ១៩៦៣
ប្រទេសកំណើត: អង់គ្លេស
ប្រវត្តិ: សប្បាយនឹងអាជីពរបស់ខ្លួន
អតីតកាលរបស់ខ្ញុំ:
ខ្ញុំបានកើតនៅក្រុងក្រូយដុន នៅខាងត្បូងក្រុងឡុងដ៍។ ខ្ញុំមានបងប្អូន៩នាក់ ហើយខ្ញុំជាកូនទី៦។ ឪពុកម្ដាយរបស់ខ្ញុំមកពីកោះការីប នាប្រទេសសេនវីនសិន។ ម្ដាយខ្ញុំបានចូលរួមនៅវិហារមេតូឌីស្ទ។ ខ្ញុំមិនចាប់អារម្មណ៍រៀនអំពីព្រះទេ តែខ្ញុំចង់រៀនចំណេះដឹងទូទៅ។ ក្នុងអំឡុងវិស្សមកាលខ្ញុំឧស្សាហ៍ទៅលេងនៅបឹងមួយ ហើយអានសៀវភៅដែលខ្ញុំខ្ចីពីបណ្ណាល័យ។
ប៉ុន្មានឆ្នាំក្រោយពីខ្ញុំរៀនចប់ ខ្ញុំចង់ជួយអ្នកដែលទន់ខ្សោយនិងគ្មានទីពឹង។ ដូច្នេះ ខ្ញុំក៏បានធ្វើការមួយដែលផ្ដល់ជំនួយដល់ជនអនាថានិងជនពិការ។ ក្រោយមក ខ្ញុំបានចូលរៀននៅសកលវិទ្យាល័យមួយដែលទាក់ទងនឹងផ្នែកសុខភាព។ ក្រោយរៀនចប់ ខ្ញុំបានទទួលការងារមួយដែលមានឋានៈខ្ពស់ដែលខ្ញុំស្មានមិនដល់ ហើយរបៀបរស់នៅរបស់ខ្ញុំកាន់តែហ៊ឺហា។ ដោយសារខ្ញុំធ្វើជាទីប្រឹក្សាផ្នែកគ្រប់គ្រងនិងផ្នែកស្រាវជ្រាវ ការងាររបស់ខ្ញុំគ្រាន់តែត្រូវការកុំព្យូទ័រតាមខ្លួននិងអ៊ីនធឺណិតប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំឧស្សាហ៍ធ្វើដំណើរទៅប្រទេសក្រៅ ម្ដងៗពីរសប្ដាហ៍។ ខ្ញុំស្នាក់នៅសណ្ឋាគារថ្លៃៗដែលមានទេសភាពស្រស់ស្អាត ហើយខ្ញុំចូលចិត្តចូលស្ប៉ានិងហាត់ប្រាណនៅសណ្ឋាគារទាំងនោះ។ ខ្ញុំគិតថាជីវិតខ្ញុំមានសុភមង្គលណាស់។ តែខ្ញុំមិនដែលភ្លេចជនពិការនិងជនដែលគ្មានទីពឹងឡើយ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
អស់ជាច្រើនឆ្នាំខ្ញុំឆ្ងល់ថា‹ហេតុអ្វីខ្ញុំមានជីវិត ហើយតើអ្វីទៅជាគោលបំណងនៃជីវិត?›។ ប៉ុន្តែ ខ្ញុំមិនដែលខំរកចម្លើយចំពោះសំណួរទាំងនោះពីគម្ពីរទេ។ ប្អូនស្រីខ្ញុំឈ្មោះម៉ាគ្រិតបានក្លាយជាសាក្សីព្រះយេហូវ៉ា។ ថ្ងៃមួយក្នុងឆ្នាំ១៩៩៩ គាត់និងមិត្តភក្ដិគាត់ដែលជាសាក្សីព្រះយេហូវ៉ាបានមកលេងខ្ញុំ។ មិត្តភក្តិនោះបានបង្ហាញការយកចិត្តទុកដាក់ចំពោះខ្ញុំ។ ដោយមិនដឹងខ្លួន ខ្ញុំបានយល់ព្រមរៀនគម្ពីរជាមួយនឹងមិត្តភក្ដិរបស់ប្អូនស្រីខ្ញុំ។ តែខ្ញុំមិនសូវរីកចម្រើនទេ ព្រោះខ្ញុំរវល់នឹងការងារ ហើយរបៀបរស់នៅរបស់ខ្ញុំស៊ីពេលច្រើនណាស់។
នៅរដូវក្ដៅឆ្នាំ២០០២ ខ្ញុំបានរើទៅរស់នៅភាគខាងត្បូងឆៀងខាងលិចនៃប្រទេសអង់គ្លេស។ នៅទីនោះ ខ្ញុំបានរៀនតនៅសកលវិទ្យាល័យផ្នែកស្រាវជ្រាវខាងសង្គម ហើយខ្ញុំមានគោលដៅរៀនឲ្យបានសញ្ញាប័ត្របណ្ឌិត។ ខ្ញុំបានចូលរួមប្រជុំរបស់សាក្សីព្រះយេហូវ៉ាជាទៀងទាត់ជាមួយកូនប្រុសតូចរបស់ខ្ញុំ។ ទោះជាខ្ញុំចូលចិត្តការអប់រំខ្ពស់ក៏ដោយ មានតែការសិក្សាគម្ពីរប៉ុណ្ណោះដែលជួយខ្ញុំឲ្យយល់អំពីមូលហេតុដែលយើងមានបញ្ហាក្នុងជីវិតនិងដំណោះស្រាយផងដែរ។ ខ្ញុំយល់សេចក្ដីពិតដែលបានចែងទុកនៅម៉ាថាយ ៦:២៤ ដែលថាអ្នកមិនអាចបម្រើម្ចាស់ពីរបានឡើយ។ ខ្ញុំត្រូវជ្រើសរើសថាបម្រើព្រះឬទ្រព្យសម្បត្តិ។ ខ្ញុំដឹងថាខ្ញុំត្រូវសម្រេចចិត្តថាអ្វីសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។
មួយឆ្នាំមុន ខ្ញុំឧស្សាហ៍ចូលរួមការសិក្សាគម្ពីរជាក្រុមរបស់សាក្សីព្រះយេហូវ៉ា។ នៅទីនោះ ពួកគេសិក្សាសៀវភៅមួយដែលមានចំណងជើងថា តើមានអ្នកបង្កើតដែលពិតជាយកចិត្តទុកដាក់ចំពោះអ្នកឬទេ?a ខ្ញុំជឿជាក់ថាមានតែព្រះយេហូវ៉ាជាអ្នកបង្កើតយើងប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហារបស់មនុស្សជាតិ។ នៅសកលវិទ្យាល័យខ្ញុំបានរៀនថាអត្ថន័យនៃជីវិតមិនទាក់ទងនឹងជំនឿលើអ្នកបង្កើតទេ។ ខ្ញុំខឹងខ្លាំងណាស់អំពីទស្សនៈនោះ។ ពីរខែក្រោយមក ខ្ញុំឈប់ទៅសកលវិទ្យាល័យទៀត ហើយខ្ញុំបានសម្រេចចិត្តចំណាយពេលច្រើនជាងដើម្បីចូលទៅជិតព្រះ។
ខគម្ពីរដែលជួយខ្ញុំឲ្យកែប្រែរបៀបរស់នៅគឺសុភាសិត ៣:៥, ៦ ដែលថា៖«ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន»។ ការរៀនអំពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់របស់យើង ប្រសើរជាងការមានទ្រព្យសម្បត្តិនិងឋានៈជាបណ្ឌិតទៅទៀត។ ពេលខ្ញុំរៀនកាន់តែច្រើនអំពីគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់ផែនដី និងការដែលលោកយេស៊ូស្លាប់ដើម្បីយើង នោះខ្ញុំកាន់តែចង់ប្រគល់ជីវិតរបស់ខ្ញុំជូនព្រះដែលជាអ្នកបង្កើតរបស់យើង។ ខ្ញុំបានទទួលការជ្រមុជទឹកនៅខែមេសា ឆ្នាំ២០០៣។ ក្រោយនោះ បន្តិចម្ដងៗខ្ញុំបានធ្វើឲ្យជីវិតខ្ញុំសាមញ្ញជាង។
ផលប្រយោជន៍ដែលខ្ញុំទទួល:
មិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ាគឺមិនអាចកាត់ថ្លៃបានឡើយ។ ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្តនិងអំណរពីការស្គាល់លោក។ ខ្ញុំក៏មានសុភមង្គលខ្លាំងដែរពីការសេពគប់ជាមួយនឹងអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
ខ្ញុំជាមនុស្សដែលស្រេកឃ្លានចំណេះដឹង ហើយអ្វីដែលខ្ញុំរៀនក្នុងគម្ពីរនិងកិច្ចប្រជុំ បានបំពេញការស្រេកឃ្លានរបស់ខ្ញុំ។ ខ្ញុំចូលចិត្តប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្ញុំ។ កិច្ចការនេះបានក្លាយទៅជាអាជីពរបស់ខ្ញុំ ហើយនោះពិតជាអាចជួយមនុស្សមែន ព្រោះធ្វើឲ្យមនុស្សមានជីវិតប្រសើរជាងនៅពេលឥឡូវនិងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៅក្នុងពិភពលោកថ្មី។ តាំងពីខែមិថុនា ឆ្នាំ២០០៨ ខ្ញុំបានចូលរួមកិច្ចការនេះពេញពេល។ ខ្ញុំមានសុភមង្គលច្រើនជាងនិងស្កប់ចិត្តជាងពេលណាៗទាំងអស់។ ខ្ញុំបានរកឃើញគោលបំណងពិតប្រាកដនៃជីវិត ហើយខ្ញុំពិតជាមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាខ្លាំងណាស់។
«ការស្លាប់មិត្តសម្លាញ់របស់ខ្ញុំ ប៉ះទង្គិចចិត្តខ្ញុំជាខ្លាំង» រៀបរាប់ដោយរ៉ូមេន អ៊ីណឺស្បឺចឺ
ឆ្នាំកំណើត: ១៩៧៣
ប្រទេសកំណើត: អូទ្រីស
ប្រវត្តិ: អ្នកលេងល្បែងស៊ីសង
អតីតកាលរបស់ខ្ញុំ:
ខ្ញុំបានធំឡើងនៅក្នុងក្រុងតូចមួយឈ្មោះប៊្រូនូ ក្នុងប្រទេសអូទ្រីស។ តំបន់នោះជាតំបន់អ្នកមាន ហើយមិនសូវមានឧក្រិដ្ឋកម្មទេ។ ក្រុមគ្រួសារខ្ញុំកាន់សាសនាកាតូលិក ដូច្នេះខ្ញុំបានត្រូវចិញ្ចឹមអប់រំឲ្យកាន់តាមសាសនានោះដែរ។
កាលខ្ញុំនៅក្មេង មានរឿងមួយបានកើតឡើងដែលមានឥទ្ធិពលមកលើខ្ញុំ។ នៅឆ្នាំ១៩៨៤ កាលខ្ញុំមានអាយុប្រហែល១១ឆ្នាំ នៅពេលមួយខ្ញុំបានលេងបាល់ទាត់ជាមួយមិត្តសម្លាញ់ម្នាក់របស់ខ្ញុំ តែនៅរសៀលថ្ងៃនោះ គាត់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ការស្លាប់របស់គាត់ពិតជាប៉ះទង្គិចចិត្តខ្ញុំជាខ្លាំង។ អស់ជាច្រើនឆ្នាំក្រោយមក ខ្ញុំតែងតែឆ្ងល់ថាតើមនុស្សស្លាប់ទៅទីណា?
ក្រោយខ្ញុំរៀនចប់ ខ្ញុំធ្វើការជាជាងភ្លើង។ ខ្ញុំវក់លេងល្បែងស៊ីសង ពេលខ្ញុំចាក់ម្ដងៗ ខ្ញុំចូលចិត្តចាក់ក្រាស់ ទោះជាដូច្នោះក៏ដោយ ខ្ញុំមិនចេះអស់លុយចាយទេ។ ហើយខ្ញុំក៏ចំណាយពេលជាច្រើនលេងកីឡានិងស្ដាប់ចម្រៀងកន្ត្រាក់អារម្មណ៍ដែលស្រែកខ្លាំង។ ជីវិតខ្ញុំចប់ពីជប់លៀងមួយទៅជប់លៀងមួយ ចេញពីបារមួយទៅបារមួយ។ ខ្ញុំក៏មានរបៀបរស់នៅប្រាសចាកសីលធម៌ដែរ។ ទោះជាយ៉ាងនោះក៏ដោយ ជីវិតខ្ញុំគ្មានន័យខ្លឹមសារសោះ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
នៅឆ្នាំ១៩៩៥ សាក្សីព្រះយេហូវ៉ាដែលមានវ័យចាស់ម្នាក់បានមកគោះទ្វារផ្ទះខ្ញុំ ហើយបានឲ្យសៀវភៅមួយដែលឆ្លើយសំណួរពីគម្ពីរ តើមនុស្សស្លាប់មានស្ថានភាពយ៉ាងណា? ខ្ញុំនៅតែនឹកស្រណោះមិត្តសម្លាញ់របស់ខ្ញុំដែលបានស្លាប់ទៅ ដូច្នេះខ្ញុំក៏ព្រមទទួលសៀវភៅនោះ។ ខ្ញុំមិនគ្រាន់តែអានជំពូកដែលរៀបរាប់អំពីស្ថានភាពមនុស្សស្លាប់ប៉ុណ្ណោះទេ តែខ្ញុំបានអានសៀវភៅទាំងមូលតែម្ដង!
អ្វីដែលខ្ញុំបានអាន បានឆ្លើយសំណួររបស់ខ្ញុំអំពីស្ថានភាពមនុស្សស្លាប់។ តែខ្ញុំក៏បានរៀនអ្វីផ្សេងទៀតដែរ។ ដោយសារខ្ញុំកាន់សាសនាកាតូលិក ជំនឿរបស់ខ្ញុំផ្ដោតទៅលើលោកយេស៊ូតែមួយប៉ុណ្ណោះ។ តែពេលខ្ញុំសិក្សាគម្ពីរស៊ីជម្រៅបានជួយខ្ញុំឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងបិតារបស់លោកយេស៊ូគឺព្រះយេហូវ៉ា។ ខ្ញុំរំភើបចិត្តរៀនថាព្រះយេហូវ៉ាមិនមែនជាព្រះអាថ៌កំបាំងទេ ហើយក៏មិនមែនខ្ពង់ខ្ពស់ពេករហូតដល់យើងមិនអាចស្គាល់លោកដែរ។ ព្រោះលោកអនុញ្ញាតឲ្យអ្នកដែលស្វែងរកលោក រកលោកឃើញ។ (ម៉ាថាយ ៧:៧-១១) ខ្ញុំបានរៀនថាព្រះយេហូវ៉ាក៏មានអារម្មណ៍ដែរ។ ហើយលោកតែងតែធ្វើតាមពាក្យសន្យារបស់លោកជានិច្ច។ នេះនាំឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាយក្នុងគម្ពីរ ហើយចង់ស្វែងយល់អំពីរបៀបដែលទំនាយទាំងនោះបានកើតឡើង។ អ្វីដែលខ្ញុំរៀនពិតជាពង្រឹងជំនឿខ្ញុំទៅលើព្រះ។
មិនយូរក្រោយមក ខ្ញុំដឹងថាមានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលពិតចង់ជួយមនុស្សឲ្យស្គាល់សេចក្ដីបង្រៀនក្នុងគម្ពីរ។ ពេលខ្ញុំអានសៀវភៅរបស់សាក្សីព្រះយេហូវ៉ា ហើយឃើញមានបទគម្ពីរខ្ញុំតែងតែផ្ទៀងនឹងគម្ពីរកាតូលិករបស់ខ្ញុំ។ ពេលខ្ញុំរៀនកាន់តែច្រើន ខ្ញុំកាន់តែជឿជាក់ថាខ្ញុំបានរកឃើញសេចក្ដីពិត។
ការសិក្សាគម្ពីរជួយខ្ញុំឲ្យយល់ថាព្រះយេហូវ៉ាតម្រូវឲ្យខ្ញុំរស់នៅស្របតាមខ្នាតតម្រារបស់លោក។ ពេលខ្ញុំអានអេភេសូរ ៤:២២-២៤ ខ្ញុំឃើញថាខ្ញុំត្រូវដោះ«បុគ្គលិកលក្ខណៈចាស់»ដែលស្របតាម‹អំពើដែលខ្ញុំធ្លាប់ធ្វើពីមុន› ហើយខ្ញុំរៀនថាខ្ញុំត្រូវពាក់«បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ»។ ដូច្នេះ ខ្ញុំឈប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទៀត។ ហើយខ្ញុំក៏ឈប់លេងល្បែងស៊ីសងដែរ ដោយសារទម្លាប់លេងល្បែងស៊ីសងធ្វើឲ្យយើងស្រឡាញ់ទ្រព្យសម្បត្តិនិងមានចិត្តលោភលន់។ (កូរិនថូសទី១ ៦:៩, ១០) ខ្ញុំដឹងថាខ្ញុំត្រូវបោះបង់ចោលទម្លាប់ទាំងនោះ។ បន្ថែមទៅទៀត ខ្ញុំត្រូវឈប់សេពគប់មិត្តភក្តិចាស់ ហើយត្រូវស្វែងរកមិត្តភក្តិថ្មីដែលមានខ្នាតតម្រាសីលធម៌ដូចខ្ញុំ។
ការលះចោលទម្លាប់ទាំងនោះគឺមិនស្រួលទេ។ ប៉ុន្តែ ខ្ញុំចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាមួយនឹងសាក្សីព្រះយេហូវ៉ានៅឯកិច្ចប្រជុំរបស់ពួកគេ ហើយចាប់ផ្ដើមមានមិត្តភក្ដិថ្មីនៅទីនោះ។ បន្ថែមទៅទៀត ខ្ញុំសិក្សាគម្ពីរយ៉ាងស៊ីជម្រៅ។ ជាលទ្ធផល ខ្ញុំឈប់ស្ដាប់ចម្រៀងមិនល្អទៀត ហើយផ្លាស់ប្ដូរគោលដៅក្នុងជីវិត ថែមទាំងសម្អិតសម្អាងខ្លួនយ៉ាងសមរម្យទៀតផង។ នៅឆ្នាំ១៩៩៥ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំទទួល:
ឥឡូវខ្ញុំមានទស្សនៈត្រឹមត្រូវចំពោះលុយនិងទ្រព្យសម្បត្តិ។ ពីមុនជាមនុស្សឆាប់ខឹង តែឥឡូវខ្ញុំមិនងាយខឹងទេ។ ខ្ញុំលែងបារម្ភហួសហេតុពេកអំពីអនាគតទៀតហើយ។
ខ្ញុំសប្បាយណាស់ដែលអាចរួមចំណែកជាមួយមនុស្សដែលមកពីគ្រប់ជាតិសាសន៍ដែលបម្រើព្រះយេហូវ៉ា។ ខ្ញុំឃើញថាទោះជាអ្នកបម្រើព្រះជួបបញ្ហាផ្សេងៗក៏ដោយ ក៏ពួកគេនៅតែបម្រើព្រះយ៉ាងស្មោះត្រង់។ ខ្ញុំសប្បាយចិត្តណាស់ដែលឥឡូវខ្ញុំចំណាយពេលនិងកម្លាំងទាំងអស់របស់ខ្ញុំទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងធ្វើល្អចំពោះអ្នកឯទៀត មិនមែនសម្រាប់ខ្លួនឯងទេ។
«ទីបំផុត ជីវិតខ្ញុំមានគោលបំណង» រៀបរាប់ដោយអៀន ឃីង
ឆ្នាំកំណើត: ១៩៦៣
ប្រទេសកំណើត: អង់គ្លេស
ប្រវត្តិ: មានគំនិតទុទ្ទិដ្ឋិនិយមក្នុងជីវិត
អតីតកាលរបស់ខ្ញុំ:
ខ្ញុំបានកើតនៅប្រទេសអង់គ្លេស តែពេលខ្ញុំមានអាយុ៧ឆ្នាំ ក្រុមគ្រួសារខ្ញុំបានរើទៅប្រទេសអូស្ត្រាលី។ យើងរស់នៅក្នុងក្រុងហ្គោល ខូស ជាតំបន់ទេសចរណ៍ក្នុងរដ្ឋឃ្វីនស្លែន នៅប្រទេសអូស្ត្រាលី។ ក្រុមគ្រួសារខ្ញុំមិនសូវមានប៉ុន្មានទេ តែយើងក៏មិនខ្វះខាតអ្វីដែរ។
ខ្ញុំមានជីវិតសុខស្រួលក៏ពិតមែន តែខ្ញុំមិនសប្បាយទេ។ ខ្ញុំចាប់ផ្ដើមមានគំនិតទុទ្ទិដ្ឋិនិយមក្នុងជីវិត។ ខ្ញុំមិនដែលស្រឡាញ់ឪពុកខ្ញុំទេ ដោយសារគាត់ប្រមឹកស្រា ហើយធ្វើបាបម្ដាយខ្ញុំ។ លុះក្រោយមក ខ្ញុំបានដឹងថាឪពុកខ្ញុំប្រព្រឹត្តដូច្នោះ ដោយសារគាត់មានបទពិសោធន៍មិនល្អ ពេលគាត់ធ្វើជាទាហាននៅប្រទេសម៉ាឡាយ៉ា។
ពេលដែលខ្ញុំនៅវិទ្យាល័យ ខ្ញុំចាប់ផ្ដើមផឹកស្រាដូចផឹកទឹក។ ពេលខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំឈប់រៀន ហើយចូលធ្វើទាហានជើងទឹក។ ខ្ញុំជក់គ្រឿងញៀន ហើយក៏ញៀនបារីដែរ។ បន្ថែមទៅទៀត ខ្ញុំក្លាយជាមនុស្សស្រវឹងខួប។ ខ្ញុំមិនគ្រាន់តែផឹកស្រាច្រើននៅចុងសប្ដាហ៍ទេ តែខ្ញុំផឹកស្រាច្រើនជារៀងរាល់ថ្ងៃ។
ពេលខ្ញុំមានអាយុ២០ឆ្នាំប្លាយ ខ្ញុំចាប់ផ្ដើមគិតថាគ្មានព្រះទេ។ ខ្ញុំលើកហេតុផលថា‹បើពិតជាមានព្រះមែន ហេតុអ្វីលោកអនុញ្ញាតឲ្យមនុស្សរងទុក្ខ ហើយស្លាប់ដូច្នេះ?›។ ខ្ញុំថែមទាំងនិពន្ធកំណាព្យមួយថារឿងអាក្រក់ៗទាំងអស់ក្នុងពិភពលោកគឺមកពីព្រះ។
ពេលខ្ញុំអាយុ២៣ឆ្នាំ ខ្ញុំឈប់ធ្វើទាហាន។ ក្រោយមក ខ្ញុំមានការងារផ្សេងៗ ហើយធ្វើដំណើរទៅប្រទេសក្រៅអស់រយៈពេលមួយឆ្នាំ។ ប៉ុន្តែ នោះមិនបានធ្វើឲ្យជីវិតខ្ញុំមានអំណរទេ។ ខ្ញុំគ្មានចិត្តចង់រៀបគម្រោងក្នុងជីវិត ឬសម្រេចគោលដៅណាមួយឡើយ។ ម្យ៉ាងទៀត ខ្ញុំគិតថាការមានផ្ទះ មានការងារល្អ និងការឡើងតំណែងសុទ្ធតែអសារឥតការទាំងអស់។ គ្មានអ្វីអាច«សម្រាលទុក្ខ»ខ្ញុំបានទេ មានតែផឹកគ្រឿងស្រវឹង និងស្ដាប់ភ្លេងប៉ុណ្ណោះ។
ខ្ញុំចាំច្បាស់ពេលដែលខ្ញុំចាប់ផ្ដើមមានបំណងចិត្តស្វែងរកគោលបំណងនៃជីវិត។ ពេលមួយ ខ្ញុំបានទៅលេងជំរំឃុំឃាំងអូឈ្វិត នៅប្រទេសប៉ូឡូញ។ ខ្ញុំបានអានអំពីអំពើព្រៃផ្សៃដែលកើតឡើងនៅទីនោះ។ តែពេលខ្ញុំឈរនៅជំរំឃុំឃាំងនោះ ហើយឃើញថាជំរំនោះធំប៉ុនណា ពេលនោះអារម្មណ៍របស់ខ្ញុំក្ដុកក្ដួលជាខ្លាំង។ ខ្ញុំមិននឹកស្មានថាមនុស្សអាចប្រព្រឹត្តព្រៃផ្សៃទៅលើមនុស្សដូចគ្នាសោះ។ ខ្ញុំចាំថា កាលដែលខ្ញុំកំពុងដើរមើលជំរំឃុំឃាំងនោះ ខ្ញុំស្រក់ទឹកភ្នែក ហើយសួរថា‹ហេតុអ្វី?›។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
នៅឆ្នាំ១៩៩៣ ក្រោយពីខ្ញុំធ្វើដំណើរត្រឡប់មកពីប្រទេសក្រៅវិញ ខ្ញុំចាប់ផ្ដើមរកចម្លើយនៃសំណួរខ្ញុំនៅក្នុងគម្ពីរ។ មិនយូរក្រោយមក សាក្សីព្រះយេហូវ៉ាពីរនាក់បានមកគោះទ្វារផ្ទះខ្ញុំ ហើយបានអញ្ជើញខ្ញុំឲ្យចូលរួមកម្មវិធីមហាសន្និបាតដែលធ្វើឡើងនៅស្ដាតជិតផ្ទះខ្ញុំ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចូលរួម។
ពីរបីខែមុន ខ្ញុំបានទៅស្ដាតនោះដើម្បីមើលកម្មវិធីកីឡា តែបរិយាកាសមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ាខុសគ្នាទាំងស្រុង។ ពួកគេសុភាពរាបសា ហើយស្លៀកពាក់សមរម្យ។ កូនៗរបស់ពួកគេក៏មានសណ្ដាប់ធ្នាប់ដែរ។ ពេលដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ ព្រោះសាក្សីព្រះយេហូវ៉ារាប់រយនាក់ញ៉ាំបាយនៅលើវាលស្មៅ តែពេលពួកគេត្រឡប់ទៅកន្លែងអង្គុយវិញ គ្មានសំរាមសូម្បីតែមួយនៅលើវាលស្មៅ! សំខាន់បំផុត ខ្ញុំឃើញថាពួកគេមានអារម្មណ៍សុខសាន្តនិងស្កប់ចិត្ត។ នេះជាអ្វីមួយដែលខ្ញុំចង់បានជាយូរមកហើយ។ នៅថ្ងៃនោះ ខ្ញុំមិនចាំសុន្ទរកថាទេ តែខ្ញុំចាំការប្រព្រឹត្តល្អរបស់សាក្សីព្រះយេហូវ៉ា។
នៅល្ងាចនោះ ខ្ញុំបានគិតទៅដល់បងប្អូនជីដូនមួយរបស់ខ្ញុំ។ គាត់ចូលចិត្តអានគម្ពីរ ហើយសិក្សាអំពីសាសនាផ្សេងៗ។ ប៉ុន្មានឆ្នាំមុន គាត់ប្រាប់ខ្ញុំថាលោកយេស៊ូមានប្រសាសន៍ថាអ្នកអាចសម្គាល់សាសនាពិតតាមរយៈផលផ្លែរបស់ពួកគេ។ (ម៉ាថាយ ៧:១៥-២០) ដូច្នេះ ខ្ញុំគិតថាខ្ញុំគួរតែស្វែងយល់ថែមទៀតអំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាខុសពីអ្នកឯទៀត។ នោះជាលើកទី១ហើយក្នុងជីវិតខ្ញុំ ដែលខ្ញុំមានទស្សនៈសុទិដ្ឋិនិយមនិងមានសេចក្ដីសង្ឃឹម។
នៅសប្ដាហ៍បន្ទាប់ សាក្សីព្រះយេហូវ៉ាពីរនាក់ដែលបានអញ្ជើញខ្ញុំចូលរួមមហាសន្និបាត បានត្រឡប់មកជួបខ្ញុំម្ដងទៀត។ ពួកគេស្នើបង្រៀនគម្ពីរដល់ខ្ញុំ ហើយខ្ញុំក៏យល់ព្រម។ បន្ថែមទៅទៀត ខ្ញុំក៏ចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាមួយពួកគេដែរ។
កាលដែលខ្ញុំសិក្សាគម្ពីរកាន់តែច្រើន ទស្សនៈរបស់ខ្ញុំចំពោះព្រះបានផ្លាស់ប្ដូរទាំងស្រុង។ ខ្ញុំបានរៀនថាលោកមិនមែនជាដើមហេតុនៃអំពើអាក្រក់និងទុក្ខវេទនាក្នុងពិភពលោកនេះទេ។ តាមពិត លោកឈឺចិត្តពេលមនុស្សប្រព្រឹត្តអាក្រក់។ (ដើមកំណើត ៦:៦; ចម្រៀងសរសើរព្រះ ៧៨:៤០, ៤១) ដូច្នេះ ខ្ញុំតាំងចិត្តមិនធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តឡើយ។ ផ្ទុយទៅវិញ ខ្ញុំចង់ធ្វើឲ្យលោកត្រេកអរជាខ្លាំង។ (សុភាសិត ២៧:១១) ខ្ញុំឈប់ផឹកស្រាច្រើនហួសប្រមាណ ហើយក៏ឈប់ជក់បារីដែរ។ ម្យ៉ាងទៀត ខ្ញុំឈប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទៀតហើយ។ នៅខែមីនា ឆ្នាំ១៩៩៤ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំទទួល:
ខ្ញុំពិតជាសប្បាយនិងស្កប់ចិត្តជាខ្លាំង។ ខ្ញុំលែងផឹកស្រាដើម្បីបំបាត់ទុក្ខទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំរៀនឲ្យចេះផ្ទេរទុក្ខកង្វល់ទៅព្រះយេហូវ៉ា។—ចម្រៀងសរសើរព្រះ ៥៥:២២
ដប់ឆ្នាំកន្លងទៅហើយ ខ្ញុំបានរៀបការជាមួយនឹងសាក្សីព្រះយេហូវ៉ាដ៏ស្រស់ស្អាតមួយរូបឈ្មោះខារិន ហើយនាងមានកូនស្រីដ៏ប្រសើរម្នាក់ឈ្មោះនីឡា។ ពួកយើងចំណាយពេលជាច្រើនក្នុងកិច្ចបម្រើផ្សាយ ហើយយើងពិតជាសប្បាយរីករាយណាស់ក្នុងការជួយអ្នកឯទៀតរៀនសេចក្ដីពិតអំពីព្រះ។ ទីបំផុត ជីវិតរបស់ខ្ញុំមានគោលបំណងច្បាស់លាស់។
a បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។