បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៧ ទំ. ២០-២៥
  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ឧទាហរណ៍​នោះ​បាន​សម្រេច​នៅ​ពេល​ណា?
  • តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?
  • តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ឯ​ទៀត?
  • តើ​នៅ​ពេល​ណា​ខ្ញុំ​បម្រើ​នោះ​នឹង​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ម្ចាស់?
  • «អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • «ពួកគេដើរជាប់តាមកូនចៀម»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • ចូរមានចិត្ដស្មោះភក្ដីចំព្រះគ្រិស្ដនិងអ្នកបម្រើស្មោះត្រង់របស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៧ ទំ. ២០-២៥

​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?​»

​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដែល​ម្ចាស់​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក?​»។—ម៉ាថ. ២៤:៤៥

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

  • តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?

  • តើ​ខ្ញុំ​បម្រើ​ឯ​ទៀត​ជា​អ្នក​ណា ហើយ​តើ​លោក​យេស៊ូ​បាន​តែង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ​នៅ​ពេល​ណា?

  • តើ​លោក​យេស៊ូ​នឹង​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​នៅ​ពេល​ណា ហើយ​តើ​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១, ២​. តើ​លោក​យេស៊ូ​ប្រើ​ខ្សែ​រយៈ​មួយ​ណា​ដើម្បី​ផ្ដល់​អាហារ​ឲ្យ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ហេតុ​អ្វី​ជា​ការ​សំខាន់​ចាំ​បាច់​ដែល​យើង​ត្រូវ​ស្គាល់​ខ្សែ​រយៈ​នោះ?

«បង​ប្អូន​ជា​ទី​ស្រឡាញ់ ច្រើន​ដង​រាប់​មិន​អស់ បង​ប្អូន​បាន​ផ្ដល់​អត្ថបទ​ដែល​មាន​ព័ត៌មាន​ដែល​ចំ​នឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​វា​ខ្លាំង​បំផុត​»។ នេះ​ជា​ពាក្យ​សម្ដី​ដែល​បង​ស្រី​ម្នាក់​បាន​សរសេរ​ក្នុង​សំបុត្រ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​បង​ប្អូន​ដែល​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ តើ​អ្នក​មាន​អារម្មណ៍​ដូច​គាត់​ឬ​ទេ? យើង​ជា​ច្រើន​នាក់​មាន​អារម្មណ៍​បែប​នេះ។ តើ​នេះ​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឬ​ទេ? មិន​មែន​ទេ។

២ សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​យើង​ទទួល​ចំ​ពេល​ដែល​យើង​ត្រូវ​ការ ជា​ភ័ស្តុតាង​បញ្ជាក់​ថា​លោក​យេស៊ូ​ដែល​ជា​ប្រមុខ​ក្រុម​ជំនុំ កំពុង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ថា​ផ្ដល់​អាហារ​ឲ្យ​យើង។ តើ​លោក​យេស៊ូ​កំពុង​ផ្ដល់​អាហារ​ឲ្យ​យើង​តាម​រយៈ​អ្នក​ណា? ពេល​លោក​យេស៊ូ​ប្រាប់​អំពី​សញ្ញា​សម្គាល់​ស្តី​អំពី​វត្តមាន​របស់​លោក លោក​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​ឲ្យ​«​អាហារ . . . បរិភោគ​តាម​ត្រូវ​ពេល​»​ដល់​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក។a (​សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧​) ខ្ញុំ​បម្រើ​នោះ​គឺជា​ខ្សែ​រយៈ​ដែល​លោក​យេស៊ូ​ប្រើ​ដើម្បី​ផ្ដល់​អាហារ​ដល់​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ជា​ការ​សំខាន់​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​ស្គាល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ។ ជំនឿ​និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ខ្សែ​រយៈ​នេះ។—ម៉ាថ. ៤:៤; យ៉ូន. ១៧:៣

៣​. តើ​សៀវភៅ​របស់​យើង​បាន​ចែង​យ៉ាង​ណា អំពី​ឧទាហរណ៍​ស្តី​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់?

៣ ដូច្នេះ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បង្កប់​អត្ថន័យ​អ្វី? ពី​មុន​សៀវភៅ​របស់​យើង​បាន​ចែង​ដូច​ត​ទៅ​នេះ​៖ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត។ ខ្ញុំ​បម្រើ​ជា​តំណាង​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ព្រះ​បាន​រើស​តាំង​ជា​ក្រុម​ដែល​រស់​នៅ​ផែនដី​នៅ​ពេល​ណា​មួយ​តាំង​ពី​ពេល​នោះ​មក។ រីឯ​ខ្ញុំ​បម្រើ​ឯ​ទៀត សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដដែល​នោះ​បើ​គិត​ជា​បុគ្គល​ម្នាក់​ៗ​វិញ។ នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​«​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»​ ពោល​គឺ​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ ប៉ុន្តែ ក្រោយ​ពី​បាន​សិក្សា​ថែម​ទៀត​អំពី​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​បាន​អធិដ្ឋាន​និង​បាន​រំពឹង​គិត យើង​បាន​ដឹង​ថា យើង​ត្រូវ​យល់​ច្បាស់​ជាង​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​ខ្ញុំ​បម្រើដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ (​សុភ. ៤:១៨​) សូម​យើង​ពិនិត្យ​ឧទាហរណ៍​របស់​លោក​យេស៊ូ និង​របៀប​ដែល​ឧទាហរណ៍​នេះ​ទាក់​ទង​នឹង​យើង ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី។

តើ​ឧទាហរណ៍​នោះ​បាន​សម្រេច​នៅ​ពេល​ណា?

៤​-​៦​. ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ថា​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ចាប់​ផ្ដើម​សម្រេច​ក្រោយ​ឆ្នាំ​១៩១៤?

៤ ខ​មុន​និង​ខ​ក្រោយ​នៃ​ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បង្ហាញ​ថា ឧទាហរណ៍​នេះ​បាន​ចាប់​ផ្ដើម​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ មិន​មែន​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ទេ។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ដូច្នេះ។

៥ ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​គឺជា​ផ្នែក​មួយ​នៃ​ទំនាយ​របស់​លោក​យេស៊ូ​អំពី​«​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ (​ម៉ាថ. ២៤:៣​) ផ្នែក​ដំបូង​នៃ​ទំនាយ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៤:៤​-​២២ បាន​សម្រេច​ពីរ​ដង លើក​ទី​១​នៅ​ឆ្នាំ​៣៣ គ.ស. រហូត​ដល់​ឆ្នាំ​៧០ គ.ស. ហើយ​លើក​ទី​២​បាន​សម្រេច​ក្នុង​កម្រិត​ធំ​ជាង​នោះ​ទៅ​ទៀត​នៅ​សម័យ​យើង។ តើ​នេះ​មាន​ន័យ​ថា​ពាក្យ​របស់​លោក​យេស៊ូ​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ក៏​នឹង​សម្រេច​ពីរ​ដង​ដែរ​មែន​ទេ? មិន​មែន​ទេ។

៦ ពេល​ចាប់​ផ្ដើម​និយាយ​អ្វី​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៤:២៩ លោក​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ខ្លាំង​បំផុត​ទៅ​លើ​ព្រឹត្ដិការណ៍​នានា​ដែល​នឹង​កើត​ឡើង​នៅ​សម័យ​យើង។ (​សូម​អាន ម៉ាថាយ ២៤:៣០, ៤២, ៤៤​) ពេល​និយាយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​«​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក​នៅ​លើ​មេឃ​»។ រួច​មក លោក​បាន​ដាស់​តឿន​ពួក​អ្នក​ដែល​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ​»​ ហើយ​«​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។b ក្នុង​ខ​ទាំង​នេះ ពេល​លោក​យេស៊ូ​និយាយ​អំពី​ព្រឹត្ដិការណ៍​នានា​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ លោក​បាន​រៀប​រាប់​ឧទាហរណ៍​ស្តី​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់។ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​ថា ពាក្យ​របស់​លោក​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ចាប់​ផ្ដើម​សម្រេច​ក្រោយ​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ការ​សន្និដ្ឋាន​នេះ​គឺ​សម​ហេតុ​សម​ផល។ ហេតុ​អ្វី​ដូច្នេះ?

៧​. កាល​ដែល​រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម តើ​សំណួរ​សំខាន់​ចាំ​បាច់​អ្វី​បាន​ត្រូវ​លើក​ឡើង ហើយ​ហេតុ​អ្វី?

៧ សូម​គិត​មួយ​ភ្លែត​អំពី​សំណួរ​នេះ: ‹តើ​អ្នក​ណា​ពិត​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?›។ នៅ​សតវត្សរ៍​ទី​១ សឹង​តែ​គ្មាន​មូលហេតុ​ដើម្បី​សួរ​សំណួរ​បែប​នេះ។ ដូច​ដែល​យើង​បាន​ពិចារណា​នៅ​អត្ថបទ​មុន ពួក​សាវ័ក​អាច​ធ្វើ​ការ​អស្ចារ្យ ហើយ​ថែម​ទាំង​ផ្ដល់​អំណោយ​ដែល​ជា​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ​ដល់​អ្នក​ឯ​ទៀត នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ពួក​គាត់​មាន​ការ​គាំទ្រ​ពី​ព្រះ។ (​សកម្ម. ៥:១២​) បើ​ដូច្នេះ​ចាំ​បាច់​សួរ​ថា តើ​អ្នក​ណា​ពិត​ជា​បាន​ត្រូវ​តែង​តាំង​ដោយ​គ្រិស្ត​ដើម្បី​ធ្វើ​ជា​អ្នក​នាំ​មុខ​ទេ? ប៉ុន្តែ​នៅ​ឆ្នាំ​១៩១៤ ស្ថានភាព​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នោះ។ នៅ​ទី​បំផុត​ពេល​ដែល​ត្រូវ​ញែក​ស្រងែ​ចេញ​ពី​ស្រូវ​សាលី​បាន​មក​ដល់។ (​ម៉ាថ. ១៣:៣៦​-​៤៣​) កាល​ដែល​រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម សំណួរ​សំខាន់​ចាំ​បាច់​មួយ​បាន​ត្រូវ​លើក​ឡើង​គឺ ដោយ​សារ​មាន​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ជា​ច្រើន​នាក់​ដែល​អះអាង​ថា​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ តើ​ស្រូវ​សាលី ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​អាច​ត្រូវ​គេ​ស្គាល់​យ៉ាង​ដូច​ម្ដេច? ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ ពួក​អ្នក​កាន់​តាម​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង​គឺជា​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដ៏​ល្អ។

តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?

៨​. ហេតុ​អ្វី​ជា​ការ​សមរម្យ​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​គឺជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង?

៨ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ច្បាស់​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រស់​នៅ​ផែនដី។ គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​«​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​»​ ហើយ​ពួក​គាត់​បាន​ត្រូវ​បង្គាប់​ឲ្យ​«​‹ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›របស់​លោក​ដែល​បាន​ហៅ[​ពួក​គាត់​]ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។ (​១ពេ. ២:៩​) ដូច្នេះ​ជា​ការ​សមរម្យ​ដែល​សមាជិក​នៃ​«​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​»​បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​បង្រៀន​បង​ប្អូន​រួម​ជំនឿ​អំពី​សេចក្ដី​ពិត។—ម៉ាឡ. ២:៧; បប. ១២:១៧

៩​. តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ព្រះ​បាន​រើស​តាំង គឺជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឬ? សូម​ពន្យល់។

៩ តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ព្រះ​បាន​រើស​តាំង ដែល​នៅ​ផែនដីគឺជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឬ? មិន​មែន​ទេ។ ការ​ពិត​គឺថា មិន​មែន​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​អស់​មាន​ភារកិច្ច​ចែក​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក​ទេ។ ក្នុង​ចំណោម​ស្រូវ​សាលី​មាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​ប្រហែលជា​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់។ ពួក​គាត់​បង្រៀន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​គាំទ្រ​យ៉ាង​ស្មោះ​នូវ​ការ​ណែនាំ​ដែល​មក​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក។ ប៉ុន្តែ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ការ​ចែក​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក​ទេ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​ពួក​អ្នក​រើស​តាំង​ក៏​មាន​បង​ប្អូន​ស្រី​ដែល​មាន​ចិត្ត​រាប​ទាប ដែល​មិន​តាំង​ខ្លួន​ជា​អ្នក​បង្រៀន​ក្នុង​ក្រុម​ជំនុំ​ឡើយ។—១កូ. ១១:៣; ១៤:៣៤

១០​. តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?

១០ ដូច្នេះ តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា? សម​ស្រប​តាម​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​ផ្ដល់​អាហារ​ដល់​មនុស្ស​ជា​ច្រើន​តាម​រយៈ​មនុស្ស​មួយ​ក្រុម​តូច ខ្ញុំ​បម្រើ​នោះ​គឺជា​បង​ប្រុស​ៗ​ជា​គ្រិស្ត​សាសនិក​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀបចំ​និង​ការ​ចែក​ចាយ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​បាន​បម្រើ​ព្រះ​ជា​មួយ​គ្នា​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ ក្នុង​ទសវត្សរ៍​ថ្មី​ៗ​នេះ ខ្ញុំ​បម្រើ​នោះ​បាន​ត្រូវ​ស្គាល់​ថា​ជា​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា​ពាក្យ​«​ខ្ញុំ​បម្រើ​»​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ជា​ឯកវចនៈ ដែល​បញ្ជាក់​ថា​មាន​ពួក​អ្នក​រើស​តាំង​មួយ​ចំនួន​ដែល​រួម​គ្នា​ជា​ខ្ញុំ​បម្រើ​ម្នាក់។ ដូច្នេះ​ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល​គឺជា​ការ​សម្រេច​ចិត្ត​រួម​គ្នា។

តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ឯ​ទៀត?

១១, ១២​. (​ក​) តើ​ការ​តែង​តាំង​ពីរ​យ៉ាង​អ្វី ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ទទួល? (​ខ​) តើ​លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​នៅ​ពេល​ណា ហើយ​តើ​លោក​បាន​ជ្រើស​រើស​អ្នក​ណា?

១១ គួរ​ឲ្យ​កត់​សម្គាល់​ថា ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​ទទួល​ការ​តែង​តាំង​ពីរ​ផ្សេង​គ្នា។ ការ​តែង​តាំង​ទី​១​គឺ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត ការ​តែង​តាំង​ទី​២​គឺ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ម្ចាស់។ ដោយ​សារ​ឧទាហរណ៍​នេះ​បាន​សម្រេច​នៅ​ឥឡូវ​នេះ​ដែល​ជា​គ្រា​ចុង​ក្រោយ​បង្អស់ ការ​តែង​តាំង​ទាំង​ពីរ​នេះ​នឹង​កើត​ឡើង​ក្រោយ​ឆ្នាំ​១៩១៤ ពេល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​ស្តេច។

១២ តើ​លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​នៅ​ពេល​ណា? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​ត្រឡប់​ទៅ​ឆ្នាំ​១៩១៤ ពោល​គឺ​ឆ្នាំ​ដែល​រដូវ​ច្រូត​កាត់​ចាប់​ផ្ដើម។ ដូច​យើង​បាន​រៀន​នៅ​អត្ថបទ​មុន នៅ​ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​ក្រុម​បាន​អះអាង​ថា​ជា​គ្រិស្ត​សាសនិក។ តើ​ក្រុម​មួយ​ណា​ដែល​លោក​យេស៊ូនឹង​ជ្រើស​រើស ហើយ​តែង​តាំង​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់? សំណួរ​នេះ​បាន​ត្រូវ​ឆ្លើយ​ក្រោយ​ពេល​ដែល​លោក​យេស៊ូ​និង​បិតា​របស់​លោក​បាន​មក ហើយ​បាន​ត្រួត​ពិនិត្យ​វិហារ ឬ​ការ​រៀបចំ​ដើម្បី​ការ​គោរព​ប្រណិប័តន៍ ដែល​ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩១៤​រហូត​ដល់​ដើម​ឆ្នាំ​១៩១៩។c (​ម៉ាឡ. ៣:១​) លោក​ទាំង​ពីរ​ពេញ​ចិត្ត​ចំពោះ​ក្រុម​តូច​មួយ​នៃ​និស្សិត​គម្ពីរ​ដ៏​ស្មោះ​ត្រង់ ដែល​បាន​បង្ហាញ​ថា​ពួក​គាត់​ផ្ចង់​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។ ពួក​គាត់​ត្រូវ​ការ​នូវ​ការ​សម្អាត ប៉ុន្តែ​ពួក​គាត់​ព្រម​ទទួល​យក​ដោយ​ចិត្ត​រាប​ទាប​ក្នុង​អំឡុង​ការ​សាកល្បង​និង​ការ​សម្រិតសម្រាំង​មួយ​រយៈ​ពេល​ខ្លី។ (​ម៉ាឡ. ៣:២​-​៤​) ពួក​និស្សិត​គម្ពីរ​ស្មោះ​ត្រង់​ទាំង​នោះ​គឺជា​គ្រិស្ត​សាសនិក​ពិត​ដែល​តំណាង​ដោយ​ស្រូវ​សាលី។ នៅ​ឆ្នាំ​១៩១៩ ជា​ពេល​ដែល​ពួក​គាត់​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​ការ​បម្រើ​ព្រះ លោក​យេស៊ូ​បាន​ជ្រើស​រើស​ពី​ចំណោម​ពួក​គាត់​នូវ​បង​ប្រុស​ៗ​គ្រិស្ត​សាសនិក​ដែល​មាន​សមត្ថភាព ហើយ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ព្រម​ទាំង​បាន​តែង​តាំង​ពួក​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត។

១៣​. តើ​ខ្ញុំ​បម្រើ​ឯ​ទៀត​រួម​បញ្ចូល​អ្នក​ណាខ្លះ ហើយ​ហេតុ​អ្វី?

១៣ ដូច្នេះ​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ឯ​ទៀត? បើ​និយាយ​ឲ្យ​ស្រួល​យល់ ពួក​គាត់​គឺជា​អ្នក​ដែល​ទទួល​អាហារ។ នៅ​ដើម​ដំបូង​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ ខ្ញុំ​បម្រើ​ឯ​ទៀត​គឺជា​ពួក​អ្នក​រើស​តាំង​ទាំង​អស់។ ក្រោយ​មក ខ្ញុំ​បម្រើ​ឯ​ទៀត​រួម​បញ្ចូល​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត។ ឥឡូវ​នេះ​ចៀម​ឯ​ទៀត​គឺជា​មនុស្ស​ភាគ​ច្រើន​នៃ​«​ហ្វូង​តែ​មួយ​»​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត។ (​យ៉ូន. ១០:១៦​) ក្រុម​ទាំង​ពីរ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​ដូច​គ្នា​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ចែក​ឲ្យ។ ចុះ​យ៉ាង​ណា​សមាជិក​គណៈ​អភិបាល​ដែល​សព្វ​ថ្ងៃ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា? បង​ប្អូន​ទាំង​នោះ​ក៏​ត្រូវ​ការ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែរ។ ដូច្នេះ​ពួក​គាត់​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា ជា​បុគ្គល​ម្នាក់​ៗ​ពួក​គាត់​គឺជា​ខ្ញុំ​បម្រើ​ឯ​ទៀត​ដូច​អ្នក​កាន់​តាម​ពិត​ឯ​ទៀត​ទាំង​អស់​របស់​លោក​យេស៊ូ​ដែរ។

១៤​. (​ក​) តើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​មាន​ភារកិច្ច​អ្វី ហើយ​តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​) តើ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​ព្រមាន​អ្វី​ដល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា? (​សូម​មើល​ប្រអប់​«​ប្រសិនបើ​ខ្ញុំ​បម្រើ​នោះ​អាក្រក់ . . . ​»​)។

១៤ លោក​យេស៊ូ​បាន​ផ្ដល់​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ នៅ​សម័យ​គម្ពីរ ខ្ញុំ​បម្រើ​ដែល​ម្ចាស់​ទុក​ចិត្ត​ឬ​អ្នក​បម្រើ គឺជា​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ។ (​លូក. ១២:៤២​) ដូច្នេះ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​របស់​បង​ប្អូន​រួម​ជំនឿ។ ភារកិច្ច​នោះ​រួម​បញ្ចូល​ការ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ សកម្មភាព​ផ្សព្វ​ផ្សាយ កម្មវិធី​សន្និបាត​និង​មហាសន្និបាត ការ​បោះពុម្ព​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​សម្រាប់​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ក្នុង​ក្រុម​ជំនុំ។ ខ្ញុំ​បម្រើ​ឯ​ទៀត​ត្រូវ​ការ​សេចក្ដី​បង្រៀន​ទាំង​អស់​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​ក្រុម​អ្នក​រើស​តាំង​ដែល​រួម​គ្នា​ជា​ខ្ញុំ​បម្រើ​ម្នាក់​បាន​ផ្ដល់​ឲ្យ។

តើ​នៅ​ពេល​ណា​ខ្ញុំ​បម្រើ​នោះ​នឹង​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ម្ចាស់?

១៥, ១៦​. តើ​លោក​យេស៊ូ​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​នៅ​ពេល​ណា?

១៥ តើ​លោក​យេស៊ូ​បាន​ធ្វើ​ការ​តែង​តាំង​ជា​លើក​ទី​២​ឲ្យ​«​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»​នៅ​ពេល​ណា? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិនបើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»។ (​ម៉ាថ. ២៤:៤៦, ៤៧​) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​ធ្វើ​ការ​តែង​តាំង​លើក​ទី​២​ក្រោយ​លោក​មក​ដល់ ហើយ​ឃើញ​ថា​ខ្ញុំ​បម្រើ​«​កំពុង​ធ្វើ​ដូច្នោះ​»​ ពោល​គឺ​កំពុង​ចែក​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​យ៉ាង​ស្មោះ​ត្រង់។ ដូច្នេះ​មាន​ចន្លោះ​ពេល​រវាង​ការ​តែង​តាំង​ទាំង​ពីរ​នោះ។ ដើម្បី​យល់​អំពី​របៀប​និង​ពេល​ដែល​លោក​យេស៊ូ​តែង​តាំង​ខ្ញុំ​បម្រើ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក យើង​ត្រូវ​ដឹង​អ្វី​ពីរ​យ៉ាង​គឺ ពេល​ណា​លោក​មក​ដល់ ហើយ​ទ្រព្យ​សម្បត្ដិ​របស់​លោក​រួម​បញ្ចូល​អ្វី​ខ្លះ។

១៦ តើ​លោក​យេស៊ូ​មក​ដល់​នៅ​ពេល​ណា? ខ​គម្ពីរ​មុន​និង​ខ​គម្ពីរ​ក្រោយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ សូម​ចាំ​ថា ពេល​ខ​មុន​និយាយ​អំពី​ការ​«​មក​»​របស់​លោក​យេស៊ូ ពាក្យ​នោះ​សំដៅ​លើ​ពេល​ដែល​លោក​មក​ប្រកាស​ការ​វិនិច្ឆ័យ​និង​ដាក់​ទោស នៅ​ចុង​បញ្ចប់​នៃ​របៀប​របប​នេះ។d (​ម៉ាថ. ២៤:៣០, ៤២, ៤៤​) ដូច្នេះ ការ​«​មក​»​របស់​លោក​យេស៊ូ​ដែល​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។

១៧​. តើ​ទ្រព្យ​សម្បត្ដិ​របស់​លោក​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៧ តើ​«​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​»​របស់​លោក​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ? ពេល​លោក​យេស៊ូ​ប្រើ​ពាក្យ​«​ទាំង​អស់​»​ លោក​មិន​បាន​និយាយ​ពាក្យ​ផ្សេង​ទៀត​បន្ថែម​ពី​លើ​ពាក្យ​នេះ​ដើម្បី​សំដៅ​លើ​អ្វី​ដែល​នៅ​ផែនដី​ប៉ុណ្ណោះ​ទេ។ តាម​ការ​ពិត​លោក​យេស៊ូ​មាន​អំណាច​ធំ​ធេង​នៅ​ស្ថាន​សួគ៌។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។ (​ម៉ាថ. ២៨:១៨; អេភ. ១:២០​-​២៣​) ឥឡូវ​ទ្រព្យ​សម្បត្ដិ​របស់​លោក​រួម​បញ្ចូល​រាជាណាចក្រ​មេស្ស៊ី ដែល​ជា​របស់​លោក​តាំង​ពី​ឆ្នាំ​១៩១៤ និង​ដែល​លោក​នឹង​គ្រប់​គ្រង​ជា​មួយ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង។—បប. ១១:១៥

១៨​. ហេតុ​អ្វី​លោក​យេស៊ូ​នឹង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក?

១៨ ពេល​ពិចារណា​អំពី​អ្វី​ដែល​យើង​បាន​ពិភាក្សា​ខាង​លើ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? ពេល​លោក​យេស៊ូ​មក​ដើម្បី​វិនិច្ឆ័យ​ទោស​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង លោក​នឹង​ឃើញ​ថា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ចែក​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល​យ៉ាង​ស្មោះ​ត្រង់​ដល់​ខ្ញុំ​បម្រើ​ឯ​ទៀត។ ដូច្នេះ​លោក​យេស៊ូ​នឹង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​ជា​លើក​ទី​២ ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក។ ពួក​អ្នក​ដែល​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នឹង​ទទួល​ការ​តែង​តាំង​នេះ​នៅ​ពេល​ពួក​គាត់​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌ ហើយ​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត។

១៩​. តើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌​ប្រសើរ​ជាង​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​ព្រះ​បាន​រើស​តាំង​ឬ? សូម​ពន្យល់។

១៩ តើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌​ប្រសើរ​ជាង​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​ព្រះ​បាន​រើស​តាំង​ឬ? មិន​មែន​ទេ។ ជួនកាល​បុគ្គល​ម្នាក់​សន្យា​ថា​នឹង​ឲ្យ​រង្វាន់​ដល់​មនុស្ស​មួយ​ក្រុម​តូច​នៅ​ពេល​មួយ តែ​នៅ​ទី​បំផុត​ក៏​បាន​ចែក​ដល់​អ្នក​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាវ័ក​ស្មោះ​ត្រង់​១១​នាក់​របស់​លោក នៅ​យប់​មុន​លោក​ទទួល​មរណភាព។ (​សូម​អាន លូកា ២២:២៨​-​៣០​) លោក​យេស៊ូ​បាន​សន្យា​នឹង​ក្រុម​តូច​នេះ​ថា ដោយ​សារ​ពួក​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ពួក​គាត់​នឹង​ទទួល​រង្វាន់​ដ៏​ល្អ។ ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​លោក។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​បាន​បញ្ជាក់​ថា​ពួក​១៤៤.០០០​នាក់​ទាំង​អស់​នឹង​អង្គុយ​លើ​បល្ល័ង្ក ហើយ​គ្រប់​គ្រង​ជា​មួយ​លោក។ (​បប. ១:១; ៣:២១​) ស្រដៀង​គ្នា​ដែរ ដូច​បាន​ចែង​នៅ​ម៉ាថាយ ២៤:៤៧ លោក​បាន​សន្យា​ថា​បុរស​មួយ​ក្រុម​តូច​ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ នឹង​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក។ តាម​ការ​ពិត ពួក​១៤៤.០០០​នាក់​ទាំង​អស់​នឹង​មាន​អំណាច​ធំ​ធេង​នៅ​ស្ថាន​សួគ៌​ដូច​លោក។—បប. ២០:៤, ៦

២០​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ តាម​រយៈ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា លោក​យេស៊ូ​កំពុង​ធ្វើ​តាម​គំរូ​ដែល​លោក​បាន​ធ្វើ​នៅ​សតវត្សរ៍​ទី​១ ពោល​គឺ​ការ​ផ្ដល់​អាហារ​ដល់​មនុស្ស​ជា​ច្រើន​នាក់​តាម​រយៈ​មនុស្ស​មួយ​ក្រុម​តូច។ លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក ទោះ​ជា​ពួក​គេ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឬ​ជា​ចៀម​ឯ​ទៀត​ក្ដី នឹង​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល​ជា​ទៀង​ទាត់ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ សូម​យើង​តាំង​ចិត្ត​បង្ហាញ​ការ​ដឹង​គុណ​ដោយ​គាំទ្រ​យ៉ាង​ស្មោះ​នូវ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​នោះ។—ហេ. ១៣:៧, ១៧

a វគ្គ​២: នៅ​ពេល​មួយ​មុន​នេះ លោក​យេស៊ូ​បាន​រៀប​រាប់​ឧទាហរណ៍​ស្រដៀង​គ្នា​មួយ ដែល​លោក​បាន​សំដៅ​លើ​«​ខ្ញុំ​បម្រើ​»​ថា​ជា​«​អ្នក​បម្រើ​»​ ហើយ​សំដៅ​លើ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ថា​ជា​«​ពួក​អ្នក​បម្រើ​របស់​លោក​»។—លូក. ១២:៤២​-​៤៤

b វគ្គ​៦: ការ​«​មក​»​របស់​គ្រិស្ត (​ភាសា​ក្រិច​អើខូម៉ៃ​) គឺ​ខុស​គ្នា​ពី​«​វត្តមាន​»​របស់​លោក (​ផារូសៀ​)។ វត្តមាន​របស់​លោក​ដែល​យើង​មើល​មិន​ឃើញ​ចាប់​ផ្ដើម​មុន​ការ​មក​របស់​លោក​ដើម្បី​ដាក់​ទោស។

c វគ្គ​១២: សូម​មើល​អត្ថបទ​«​មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ​»​ ក្នុង​លេខ​នេះ​នៅ​ទំព័រ​១០​-​១២ វគ្គ​៥​-​៨។

d វគ្គ​១៦: សូម​មើល​អត្ថបទ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​»​ ក្នុង​លេខ​នេះ​នៅ​ទំព័រ​៧​-​៨ វគ្គ​១៤​-​១៨។

តើ​អ្នក​យល់​ហើយ​ឬ​នៅ?

  • ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​: គ្រិស្ត​សាសនិក​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀបចំ​និង​ការ​ចែក​ចាយ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត។ សព្វ​ថ្ងៃ​នេះ បង​ប្រុស​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​នេះ គឺជា​គណៈ​អភិបាល

  • ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក​»​: គឺ​អស់​អ្នក​ដែល​ទទួល​អាហារ ទោះ​ជា​ពួក​គេ​ជា​ពួក​អ្នក​រើស​តាំង​ឬ​ជា​ចៀម​ឯ​ទៀត​ក្ដី

  • ​«​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក​»​: នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​ជ្រើស​រើស​បង​ប្រុស​ៗ​ដែល​មាន​សមត្ថភាព ហើយ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា

  • ​«​លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»​: ពួក​អ្នក​រើស​តាំង​ដែល​រួម​គ្នា​ជា​ខ្ញុំ​បម្រើ​ម្នាក់​នឹង​ទទួល​ការ​តែង​តាំង​នេះ​នៅ​ពេល​ពួក​គាត់​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌។ ពួក​គាត់​និង​ពួក​អ្នក​រើស​តាំង​ឯ​ទៀត ដែល​រួម​ទាំង​អស់​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​មាន​អំណាច​ធំ​ធេង​នៅ​ស្ថាន​សួគ៌​ដូច​លោក​យេស៊ូ

​«​ប្រសិនបើ​ខ្ញុំ​បម្រើ​នោះ​អាក្រក់ . . . ​»​

លោក​យេស៊ូ​បាន​ផ្ដល់​ភារកិច្ច​ធ្ងន់ធ្ងរ​បំផុត​ដល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ពោល​គឺ​ការ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត និង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល។ លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​អ្នក​ដែល​មាន​ភារកិច្ច​ច្រើន​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ដែរ។ (​លូក. ១២:៤៨​) ដូច្នេះ​លោក​បាន​បញ្ចប់​ឧទាហរណ៍​របស់​លោក​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ដោយ​ការ​ព្រមាន​យ៉ាង​ខ្លាំង។

លោក​យេស៊ូ​បាន​ព្រមាន​អំពី​ខ្ញុំ​បម្រើ​អាក្រក់​ដែល​បាន​គិត​ក្នុង​ចិត្ត​ថា​ម្ចាស់​របស់​គាត់​បង្អែ​បង្អង់ ហើយ​ចាប់​ផ្ដើម​វាយ​ខ្ញុំ​បម្រើ​ដូច​គ្នា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពេល​ម្ចាស់​មក​ដល់ លោក​នឹង​ដាក់​ទោស​ខ្ញុំ​បម្រើ​អាក្រក់​យ៉ាង​«​ធ្ងន់​បំផុត​»។—សូម​អាន ម៉ាថាយ ២៤:៤៨​-​៥១

តើ​លោក​យេស៊ូ​បាន​ទាយ​ថា​នឹង​មាន​ខ្ញុំ​បម្រើ​អាក្រក់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ឬ​ទេ? មិន​មែន​ទេ។ ពិត​មែន​តែ​មាន​បុគ្គល​ខ្លះ​បាន​បង្ហាញ​ចិត្ត​គំនិត​ស្រដៀង​នឹង​ខ្ញុំ​បម្រើ​អាក្រក់​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់។ យើង​នឹង​ហៅ​ពួក​គេ​ថា​ជា​ពួក​អ្នក​ក្បត់​ជំនឿ ទោះ​ជា​ពួក​គេ​ជា​ពួក​អ្នក​រើស​តាំង​ឬ​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ក៏​ដោយ។ (​បប. ៧:៩​) ប៉ុន្តែ​បុគ្គល​បែប​នេះ​មិន​មែន​ជា​ក្រុម​ខ្ញុំ​បម្រើ​អាក្រក់​មួយ​ទេ។ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​តែង​តាំង​ខ្ញុំ​បម្រើ​អាក្រក់​ទេ។ ពាក្យ​របស់​លោក​នៅ​ទី​នេះ​ពិត​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​មួយ​ដល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។

សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​ផ្ដល់​ការ​ព្រមាន​ដោយ​ប្រើ​ពាក្យ​«​ប្រសិនបើ​»។ បណ្ឌិត​ម្នាក់​និយាយ​ថា ក្នុង​ឃ្លា​ភាសា​ក្រិច ពាក្យ​នេះ​«​គ្រាន់តែ​ជា​ការ​ឧបមា​ប៉ុណ្ណោះ​»។ ដោយ​សារ​លោក​យេស៊ូ​បាន​និយាយ​ថា ‹ប្រសិនបើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ចាប់​ផ្ដើម​ធ្វើ​បាប​ខ្ញុំ​បម្រើ​ដូច​គ្នា​តាម​របៀប​នេះ ពេល​ដែល​ម្ចាស់​មក​ដល់ គាត់​នឹង​ធ្វើ​ដូច្នេះ​ដល់​ខ្ញុំ​បម្រើ​នោះ›។ (​សូម​មើល​បន្ថែម​លូកា ១២:៤៥​) ប៉ុន្តែ​ខ្ញុំ​បម្រើ​ដែល​រួម​គ្នា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា បាន​បន្ត​ចាំ​យាម​ហើយ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​មាន​ជីវជាតិ។

គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​បម្រើ​ជា​មួយ​គ្នា​ជា​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ទទួល​ស្គាល់​ថា ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​ដែល​គាត់​ថែ​រក្សា​ខ្ញុំ​បម្រើ​ឯ​ទៀត។ គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង​ទាំង​នេះ​ពិត​ជា​ចង់​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​យ៉ាង​ស្មោះ ដើម្បី​ពួក​គាត់​អាច​ឮ​ពាក្យ​ពី​ម្ចាស់​របស់​គាត់ ពេល​ម្ចាស់​មក​ដល់​ដោយ​និយាយ​ថា​៖ ​«​អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក