បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៩ ទំ. ១២-១៦
  • ការរំលឹករបស់ព្រះយេហូវ៉ានាំឲ្យចិត្តអ្នករីករាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរំលឹករបស់ព្រះយេហូវ៉ានាំឲ្យចិត្តអ្នករីករាយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ពង្រឹង​ទំនុក​ចិត្ត​តាម​រយៈ​សេចក្ដី​អធិដ្ឋាន
  • ចូរ​រំពឹង​គិត​អំពី​ការ​រំលឹក​របស់​ព្រះ
  • ចូរ​ពង្រឹង​ទំនុក​ចិត្ត​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍​ព្រះ
  • ការរំលឹករបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • តើអ្នកស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុតទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរទុកចិត្តព្រះយេហូវ៉ាជានិច្ច!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អ្នកអាចទុកចិត្តបងប្អូនបាន!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៩ ទំ. ១២-១៦

ការ​រំលឹក​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ចិត្ត​អ្នក​រីករាយ

​«​ទូល​បង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់​ទុក​ជា​មរ​ដក​នៅ​ជា​ដរាប​»។—ទំនុក. ១១៩:១១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​រំលឹក​របស់​ព្រះ​យេហូវ៉ា?

  • តើ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ជាប់​រវល់​ជា​និច្ច​ក្នុង​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ?

១​. (​ក​) តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​រំលឹក ហើយ​ហេតុ​អ្វី? (​ខ​) តើ​អំណួត​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​ឱវាទ?

មនុស្ស​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ការ​ណែនាំ។ មនុស្ស​ខ្លះ​ប្រហែលជា​ទទួល​យក​ការ​រំលឹក​ពី​បុគ្គល​ដែល​មាន​អំណាច​ដោយ​គោរព ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ទទួល​យក​ឱវាទ​ពី​មនុស្ស​ដែល​មាន​អាយុ​ស្រករ​គ្នា​ឬ​មាន​ឋានៈ​ទាប​ជាង​ខ្លួន​គេ​ឡើយ។ អារម្មណ៍​ដែល​មនុស្ស​មាន​ចំពោះ​ការ​រំលឹក​ក៏​ខុស​ពី​គ្នា​ដែរ។ ពេល​មនុស្ស​ខ្លះ​ទទួល​ការ​ប្រដៅ​ឬ​ឱវាទ ពួក​គេ​ប្រហែលជា​ពិបាក​ចិត្ត ធ្លាក់​ទឹក​ចិត្ត ឬ​អៀន​ខ្មាស។ ប៉ុន្តែ​មនុស្ស​ខ្លះ​ទៀត​ប្រហែលជា​បាន​ត្រូវ​ជំរុញ​ចិត្ត មាន​ទំនុក​ចិត្ត ហើយ​ចង់​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង។ ហេតុ​អ្វី​ពួក​គេ​មាន​ប្រតិកម្ម​ខុស​ពី​គ្នា? កត្ដា​មួយ​គឺ​ដោយ​សារ​អំណួត។ ចិត្ត​ព្រហើន​ឬ​ចិត្ត​ក្រអឺតក្រទម​នាំ​ឲ្យ​បុគ្គល​ម្នាក់​វិនិច្ឆ័យ​មិន​បាន​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​គាត់​មិន​ស្ដាប់​ឱវាទ ហើយ​មិន​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ។—សុភ. ១៦:១៨

២​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​ឲ្យ​តម្លៃ​ចំពោះ​ឱវាទ​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ?

២ ផ្ទុយ​ទៅ​វិញ គ្រិស្ត​សាសនិក​ពិត​ឲ្យ​តម្លៃ​ចំពោះ​ឱវាទ​ដែល​មាន​ប្រយោជន៍ ជា​ពិសេស​បើ​ឱវាទ​នោះ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ ការ​រំលឹក​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ការ​យល់​ធ្លុះ​ជ្រៅ បង្រៀន​និង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​ការ​ប្រើ​គ្រឿង​ញៀន ព្រម​ទាំង​ការ​ផឹក​ស្រា​ហួស​ប្រមាណ។ (​សុភ. ២០:១; ២កូ. ៧:១; ១ថែ. ៤:៣​-​៥; ១ធី. ៦:៦​-​១១​) ម្យ៉ាង​ទៀត យើង​«​មាន​ចិត្ត​អំណរ​»​ដែល​មក​ពី​ការ​ធ្វើ​តាម​ការ​រំលឹក​របស់​ព្រះ។—អេ. ៦៥:១៤

៣​. តើ​យើង​គួរ​ធ្វើ​តាម​ចិត្ត​គំនិត​បែប​ណា​របស់​អ្នក​តែង​ទំនុកតម្កើង?

៣ ដើម្បី​រក្សា​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​រវាង​យើង​និង​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ យើង​ត្រូវ​បន្ត​ធ្វើ​តាម​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​របស់​យើង។ គឺជា​ការ​ល្អ​ប្រសើរ​មែន បើ​យើង​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់​ទុក​ជា​មរ​ដក​នៅ​ជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូល​បង្គំ​បាន​រីករាយ​»​! (​ទំនុក. ១១៩:១១១​) ស្រដៀង​គ្នា​ដែរ តើ​យើង​មាន​ចិត្ត​រីករាយ​នឹង​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា ឬ​ជួនកាល​យើង​ចាត់​ទុក​បញ្ញត្ដិ​ទាំង​នោះ​ជា​បន្ទុក​ធ្ងន់​ទៅ​វិញ? ទោះ​ជា​នៅ​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ឱវាទ​ខ្លះក៏​ដោយ យើង​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត​ទេ។ យើង​អាច​អប់រំ​ខ្លួន​ឲ្យ​ទុក​ចិត្ត​លើ​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ដោយ​មិន​រង្គោះរង្គើ! សូម​យើង​ពិចារណា​របៀប​បី​យ៉ាង។

ចូរ​ពង្រឹង​ទំនុក​ចិត្ត​តាម​រយៈ​សេចក្ដី​អធិដ្ឋាន

៤​. តើ​អ្វី​មួយ​ដែល​មិន​ប្រែ​ប្រួល​ក្នុង​ជីវិត​របស់​ដាវីឌ​គឺជា​អ្វី?

៤ ស្តេច​ដាវីឌ​បាន​ឆ្លង​កាត់​គ្រា​សប្បាយ​និង​គ្រា​លំបាក​ជា​ច្រើន​ក្នុង​ជីវិត ប៉ុន្តែ​អ្វី​មួយ​ដែល​មិន​ប្រែ​ប្រួល គឺ​គាត់​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​សូម​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់ ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់​»។ (​ទំនុក. ២៥:១, ២​) តើ​អ្វី​បាន​ជួយ​ដាវីឌ​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​បែប​នេះ​លើ​បិតា​របស់​គាត់​ដែល​នៅ​ស្ថាន​សួគ៌?

៥, ៦​. តើ​បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​យ៉ាង​ណា អំពី​ចំណង​មិត្តភាព​ដែល​ដាវីឌ​មាន​ជា​មួយ​ព្រះ​យេហូវ៉ា?

៥ មនុស្ស​ជា​ច្រើន​អធិដ្ឋាន​ទៅ​ព្រះ​តែ​នៅ​ពេល​ពួក​គេ​ជួប​ស្ថានភាព​ពិបាក​ប៉ុណ្ណោះ។ ចុះ​យ៉ាង​ណា​បើ​មិត្ត​ភក្ដិ​ឬ​ញាតិ​សន្ដាន​ម្នាក់​មក​និយាយ​ជា​មួយ​អ្នក តែ​ពេល​គាត់​ត្រូវ​ការ​លុយ​ឬ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់​ប៉ុណ្ណោះ? ក្រោយ​មក អ្នក​ប្រហែលជា​ចាប់​ផ្ដើម​សង្ស័យ​លើ​បំណង​ចិត្ត​របស់​គាត់​ដែល​មក​រក​អ្នក។ ប៉ុន្តែ​ដាវីឌ​មិន​មែន​ដូច្នេះ​ទេ។ ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​យេហូវ៉ា​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ក្នុង​ជីវិត​របស់​គាត់ ពោល​គឺ​ទាំង​គ្រា​សប្បាយ​និង​គ្រា​មាន​ទុក្ខ​លំបាក។—ទំនុក. ៤០:៨

៦ សូម​កត់​សម្គាល់​ពាក្យ​សរសើរ​និង​ពាក្យ​ថ្លែង​អំណរ​គុណ​របស់​ដាវីឌ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះ​នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ ទ្រង់​បាន​ដំកល់​សិរី​ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន​សួគ៌!​»។ (​ទំនុក. ៨:១​) តាម​រយៈ​ពាក្យ​របស់​ដាវីឌ តើ​អ្នក​អាច​ប្រាប់​ថា ដាវីឌ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​យ៉ាង​ណា​ជា​មួយ​បិតា​របស់​គាត់​ដែល​នៅ​ស្ថាន​សួគ៌? ចិត្ត​អបអរ​របស់​ដាវីឌ​ចំពោះ​ភាព​ឧត្តុង្គឧត្តម​និង​ភាព​រុងរឿង​របស់​ព្រះ ជំរុញ​គាត់​ឲ្យ​លើក​តម្កើង​ព្រះ​យេហូវ៉ា​«​ជា​ដរាប​រាល់​ថ្ងៃ​»។—ទំនុក. ៣៥:២៨

៧​. តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ដោយ​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន?

៧ ដូច​ដាវីឌ​ដែរ យើង​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ា. ៤:៨​) ការ​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ក៏​ជា​របៀប​សំខាន់​មួយ​ដែរ​ដើម្បី​ទទួល​សកម្មពល​បរិសុទ្ធ។—សូម​អាន យ៉ូហានទី១ ៣:២២

៨​. ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ការ​និយាយ​ពាក្យ​ដដែល​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន?

៨ ពេល​អ្នក​អធិដ្ឋាន តើ​អ្នក​ចូល​ចិត្ត​ពោល​ពាក្យ ឬ​ប្រើ​ពាក្យ​ដដែល​ៗ​ឬ​ទេ? បើ​ដូច្នេះ មុន​នឹង​អធិដ្ឋាន​ទៅ​ព្រះ សូម​ចំណាយ​ពេល​បន្ដិច​ដើម្បី​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​និយាយ។ ប្រសិនបើ​យើង​និយាយ​ពាក្យ​ដដែល​ៗ​ទៅ​មិត្ត​ភក្ដិ​ឬ​ញាតិ​សន្ដាន​រាល់​ពេល​ដែល​យើង​និយាយ​ជា​មួយ​គាត់ តើ​គាត់​សប្បាយ​ចិត្ត​ឬ​ទេ? គាត់​ប្រហែលជា​មិន​ចង់​ស្ដាប់​យើង​ទេ។ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​មិន​ដែល​ព្រងើយ​កន្តើយ​នឹង​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​នៃ​អ្នក​បម្រើ​ស្មោះ​ភក្ដី​ណា​ម្នាក់​របស់​លោក ប៉ុន្តែ​យើង​គួរ​ជៀស​វាង​ការ​និយាយ​ពាក្យ​ដដែល​ៗ​ពេល​យើង​អធិដ្ឋាន​ទៅ​លោក។

៩, ១០​. (​ក​) តើ​យើង​អាច​អធិដ្ឋាន​អំពី​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​អធិដ្ឋាន​អស់ពី​ចិត្ត?

៩ ច្បាស់​ណាស់ សេចក្ដី​អធិដ្ឋាន​របស់​យើង​មិន​មែន​ជា​អ្វី​ដែល​សើ​ៗ​ទេ ប្រសិនបើ​យើង​ចង់​ចូល​ទៅ​ជិត​ព្រះ។ កាល​ណា​យើង​កាន់​តែ​ប្រាប់​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​យើង​ទៅ​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​លោក ហើយ​យើង​នឹង​កាន់​តែ​ទុក​ចិត្ត​លើ​លោក។ ដូច្នេះ តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី​ខ្លះ? បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​ភី. ៤:៦​) តាម​ការ​ពិត អ្វី​ក៏​ដោយ​ដែល​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ ឬ​លើ​ជីវិត​របស់​យើង​ដែល​ជា​អ្នក​បម្រើ​លោក ជា​អ្វី​សមរម្យ​ដែល​យើង​អាច​អធិដ្ឋាន។

១០ ជា​ការ​ល្អ​ដែល​យើង​ពិចារណា​ពាក្យ​សម្ដី​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​បុរស​ស្ត្រី​ស្មោះ​ត្រង់​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ (​១សាំ. ១:១០, ១១; សកម្ម. ៤:២៤​-​៣១​) ក្នុង​សៀវភៅ​ទំនុកតម្កើង​មាន​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់ពី​ចិត្ត​ជា​ច្រើន​ទៅ​ព្រះ​យេហូវ៉ា។ សេចក្ដី​អធិដ្ឋាន​និង​ចម្រៀង​ទាំង​នេះ​បញ្ជាក់​អំពី​អារម្មណ៍​ទាំង​អស់​របស់​មនុស្ស តាំង​ពី​ទុក្ខ​សោក​រហូត​ដល់​អំណរ​ដ៏​ខ្លាំង​ក្រៃ​លែង។ ការ​ពិចារណា​អំពី​ពាក្យ​របស់​អ្នក​បម្រើ​ស្មោះ​ភក្ដី​ទាំង​នេះ អាច​ជួយ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​មាន​ន័យ​ខ្លឹម​សារ។

ចូរ​រំពឹង​គិត​អំពី​ការ​រំលឹក​របស់​ព្រះ

១១​. ហេតុ​អ្វី​យើង​ត្រូវ​រំពឹង​គិត​អំពី​ការ​ដាស់​តឿន​ពី​ព្រះ?

១១ ដាវីឌ​បាន​ប្រកាស​ថា​៖ ​«​សេចក្ដី​បន្ទាល់[​ឬ​«​ការ​រំលឹក​»​]នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា​»។ (​ទំនុក. ១៩:៧; ព.ថ.​) ទោះ​ជា​យើង​គ្មាន​បទ​ពិសោធន៍​ក៏​ដោយ យើង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ឈ្លាស​វៃ​ដោយ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ។ ប៉ុន្តែ​ការ​ដាស់​តឿន​ខ្លះ​ពី​បទ​គម្ពីរ​តម្រូវ​ឲ្យ​យើង​រំពឹង​គិត ប្រសិនបើ​យើង​ចង់​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ។ ការ​ដាស់​តឿន​នោះ​គឺ​មាន​ដូច​ជា ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ពេល​ស្ថិត​ក្រោម​ការ​បង្ខិត​បង្ខំ​នៅ​សាលា​រៀន ឬ​នៅ​កន្លែង​ធ្វើ​ការ ការ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ​ស្តី​អំពី​ឈាម ការ​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ និង​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ស្តី​អំពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិតសម្អាង​ខ្លួន។ ការ​មាន​ទស្សនៈ​ដូច​ព្រះ​ស្តី​អំពី​រឿង​ទាំង​នេះ នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​បញ្ហា​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង។ ដូច្នេះ​យើង​អាច​សម្រេច​ចិត្ត​ទុក​ជា​មុន​ថា​យើង​នឹង​ធ្វើ​អ្វី​មុន​នឹង​រឿង​នោះ​កើត​ឡើង។ ការ​ត្រៀម​ខ្លួន​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​ជៀស​ផុត​ពី​ការ​ធ្វើ​ខុស​ដែល​នាំ​ឲ្យ​ឈឺ​ចាប់។—សុភ. ១៥:២៨

១២​. តើ​ការ​រំពឹង​គិត​អំពី​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​ទុក​សេចក្ដី​រំលឹក​របស់​ព្រះ?

១២ កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​សេចក្ដី​សន្យា​របស់​ព្រះ​ក្លាយ​ជា​ការ​ពិត តើ​យើង​បង្ហាញ​ថា​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នោះ​នៅ​តែ​រឹង​មាំ ហើយ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​តែ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? ជា​ឧទាហរណ៍ តើ​យើង​ពិត​ជា​ជឿ​ថា​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​នឹង​ត្រូវ​បំផ្លាញ​ចោល​នា​ពេល​បន្ដិច​ទៀត​នេះ​ឬ​ទេ? តើ​ពរ​ដែល​យើង​នឹង​ទទួល​នា​ពេល​អនាគត ដូច​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​នៅ​លើ​ផែនដី​គឺ​ពិត​ប្រាកដ​ចំពោះ​យើង​ដូច​ពេល​ដែល​យើង​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដំបូង​ឬ​ទេ? តើ​យើង​នៅ​តែ​បន្ត​ខ្នះខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ជា​ជាង​ចាត់​ទុក​រឿង​ផ្ទាល់​ខ្លួន​របស់​យើង​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? ចុះ​យ៉ាង​ណា​សេចក្ដី​សង្ឃឹម​ចំពោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ និង​ការ​បង្ហាញ​ថា​ព្រះ​មាន​សិទ្ធិ​គ្រប់​គ្រង​វិញ? តើ​រឿង​ទាំង​នេះ​នៅ​តែ​ជា​រឿង​សំខាន់​សម្រាប់​យើង​ឬ​ទេ? ការ​រំពឹង​គិត​អំពី​រឿង​ទាំង​នេះ​ប្រហែលជា​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​និយាយ​ថា ចូរ​រក្សា​«​សេចក្ដី​បន្ទាល់​ទ្រង់​ទុក​ជា​មរ​ដក​នៅ​ជា​ដរាប​»។—ទំនុក. ១១៩:១១១

១៣​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ពិបាក​យល់​អំពី​រឿង​ខ្លះ? សូម​លើក​ឧទាហរណ៍​មួយ។

១៣ ប្រហែលជា​ឥឡូវ​នេះ​យើង​មិន​ទាន់​យល់​ទាំង​ស្រុង​អំពី​រឿង​ខ្លះ​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ​នៅ​ឡើយ​ទេ ដោយ​សារ​មិន​ទាន់​ដល់​ពេល​ដែល​ព្រះ​ពន្យល់​ឲ្យ​យើង​យល់​ច្បាស់​អំពី​រឿង​ទាំង​នោះ។ លោក​យេស៊ូ​បាន​ប្រាប់​សាវ័ក​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ថា ជា​ការ​សំខាន់​ចាំ​បាច់​ដែល​លោក​នឹង​ត្រូវ​រង​ទុក្ខ ហើយ​ត្រូវ​គេ​សម្លាប់។ (​សូម​អាន ម៉ាថាយ ១២:៤០; ១៦:២១​) ប៉ុន្តែ​ពួក​សាវ័ក​មិន​បាន​យល់​អំពី​អ្វី​ដែល​លោក​ចង់​និយាយ​ឡើយ។ ពួក​គេ​យល់​អំពី​អ្វី​ៗ​ទាំង​នេះ​បន្ទាប់​ពី​លោក​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពេល​លោក​បាន​កាឡា​ខ្លួន​ជា​មនុស្ស រួច​បាន​លេច​មក​ឲ្យ​អ្នក​កាន់​តាម​លោក​មួយ​ចំនួន​ឃើញ ហើយ​«​បំភ្លឺ​គំនិត​របស់​ពួក​គាត់​យ៉ាង​ពេញ​លេញ ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​»។ (​លូក. ២៤:៤៤​-​៤៦; សកម្ម. ១:៣​) ដូច​គ្នា​ដែរ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​មក​លើ​ពួក​គេ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ទើប​អ្នក​កាន់​តាម​គ្រិស្ត​បាន​យល់​ថា​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​តាំង​ឡើង​នៅ​ស្ថាន​សួគ៌។—សកម្ម. ១:៦​-​៨

១៤​. នៅ​ដើម​សតវត្សរ៍​ទី​២០ ទោះ​ជា​បង​ប្អូន​ជា​ច្រើន​នាក់​មាន​ការ​យល់​ច្រឡំ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​ក៏​ដោយ តើ​ពួក​គាត់​បាន​ទុក​គំរូ​ល្អ​អ្វី​ខ្លះ?

១៤ ស្រដៀង​គ្នា​ដែរ នៅ​ដើម​សតវត្សរ៍​ទី​២០ គ្រិស្ត​សាសនិក​ពិត​មួយ​ចំនួន​បាន​សង្ឃឹម​ខុស​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​) ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១៤ បង​ប្អូន​ខ្លះ​គិត​ថា​ពួក​គាត់​ហៀបនឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌។ ពេល​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់​មិន​បាន​ក្លាយ​ជា​ការ​ពិត​ភ្លាម​ៗ ពួក​គាត់​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​ផ្សេង​ៗ​ម្ដង​ទៀត​ដែល​នាំ​ឲ្យ​ពួក​គាត់​ដឹង​ថា​ពួក​គាត់​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​សម្បើម។ (​ម៉ាក. ១៣:១០​) ដូច្នេះ​នៅ​ឆ្នាំ​១៩២២ បង​ប្រុស​យ៉ូសែប រ៉ូធើហ្វឺត ដែល​កាល​នោះ​ជា​អ្នក​នាំ​មុខ​កិច្ច​ការ​ផ្សព្វ​ផ្សាយ បាន​ប្រាប់​ពួក​អ្នក​ដែល​បាន​មក​ចូល​រួម​មហាសន្និបាត​អន្តរជាតិ​នៅ​ក្រុង​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋអាម៉េរិក ថា​៖ ​«​មើល! ស្តេច​គ្រប់​គ្រង​ហើយ! អ្នក​រាល់​គ្នា​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​លោក។ ដូច្នេះ ចូរ​ផ្សាយ ចូរ​ផ្សាយ ចូរ​ផ្សាយ​អំពី​ស្តេច​និង​រាជាណាចក្រ​របស់​លោក​»។ តាំង​ពី​ពេល​នោះ​មក ការ​ប្រកាស​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»​បាន​ទៅ​ជា​សញ្ញា​សម្គាល់​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ។—ម៉ាថ. ៤:២៣; ២៤:១៤

១៥​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​របស់​លោក?

១៥ ពេល​រំពឹង​គិត​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​របស់​លោក​ទាំង​នៅ​អតីតកាល​និង​នៅ​បច្ចុប្បន្ន​នេះ យើង​អាច​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​លោក​ដើម្បី​សម្រេច​តាម​បំណង​ប្រាថ្នា​និង​គោល​បំណង​របស់​លោក​នៅ​ពេល​អនាគត។ ដំណាល​គ្នា​ដែរ ការ​រំលឹក​របស់​ព្រះ​ជួយ​យើង​ឲ្យ​ចាំ​ជា​និច្ច​ក្នុង​ចិត្ត​និង​ក្នុង​គំនិត​អំពី​ទំនាយ​របស់​លោក​ដែល​នឹង​សម្រេច។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​លោក។

ចូរ​ពង្រឹង​ទំនុក​ចិត្ត​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍​ព្រះ

១៦​. តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ ដែល​មក​ពី​ការ​នៅ​តែ​សកម្ម​ជា​និច្ច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៦ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង គឺជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព និង​ជា​ព្រះ​ដែល​សកម្ម។ អ្នក​តែង​ទំនុកតម្កើង​បាន​សួរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ?​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ព្រះ​ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ក៏​ខ្ពស់​ណាស់​»។ (​ទំនុក. ៨៩:៨, ១៣​) ស្រប​តាម​គុណ​សម្បត្ដិ​នេះ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​និង​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​ការ​ជួយ​គាំទ្រ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ លោក​ជ្រាប​ថា​អ្នក​បម្រើ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង​ទាំង​ចាស់ មិន​មែន​អង្គុយ​ហើយ​បរិភោគ​«​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ​»។ (​សុភ. ៣១:២៧​) ដោយ​យក​តម្រាប់​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង ចូរ​យើង​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ។ ការ​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត នាំ​ឲ្យ​យើង​ទទួល​រង្វាន់ ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្ដល់​ពរ​មក​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។—សូម​អាន ទំនុកតម្កើង ៦២:១២

១៧, ១៨​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​ប្រព្រឹត្ត​ដោយ​ជំនឿ​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​លើ​ឱវាទ​របស់​ព្រះ​យេហូវ៉ា? សូម​លើក​ឧទាហរណ៍​មួយ។

១៧ តើ​តាម​របៀប​ណា​ការ​ប្រព្រឹត្ត​ដោយ​ជំនឿ ជួយ​យើង​ឲ្យ​ពង្រឹងទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា? សូម​ពិចារណា​កំណត់​ហេតុ​គម្ពីរ​អំពី​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​សង្ឃ​ឲ្យ​សែង​ហិប​នៃ​កិច្ច​ព្រមព្រៀង​ដើរ​កាត់​ទន្លេ​យ៉ូដាន់។ ប៉ុន្តែ​កាល​ដែល​បណ្ដា​ជន​ទៅ​ដល់​ទន្លេ ពួក​គេ​ឃើញ​ថា​ភ្លៀង​ដើម​រដូវ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ឡើង​ពេញ​ព្រៀប។ តើ​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ធ្វើ​អ្វី? តើ​ពួក​គេ​នឹង​បោះជំរំ​នៅ​ក្បែរ​ច្រាំង​ទន្លេ ហើយ​រង់​ចាំ​ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​ដើម្បី​ចាំ​ឲ្យ​ទឹក​ទន្លេ​ស្រក​ឬ? មិន​មែន​ទេ ពួក​គេ​បាន​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ តើ​មាន​លទ្ធផល​អ្វី? កំណត់​ហេតុ​ចែង​ថា​៖ ​«​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ​យេហូវ៉ា . . . បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្ដាច់ . . . រួច​ពួក​បណ្ដា​ជន​គេ​ឆ្លង​ដំ​រង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូ ឯ​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ​យេហូវ៉ា គេ​ក៏​ឈរ​នឹង នៅ​ដី​ស្ងួត​នា​បាត​ទន្លេ​យ័រដាន់ ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ឆ្លង​ទៅ​នៅ​ដី​ស្ងួត​ដែរ​»។ (​យ៉ូស. ៣:១២​-​១៧​) សូម​ស្រមៃ​គិត​ថា​បណ្ដា​ជន​អ៊ីស្រាអែល​ច្បាស់​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ទឹក​ទន្លេ​ដែល​កំពុង​តែ​ហូរ​ខ្លាំង​បាន​ឈប់​ហូរ​ភ្លាម! មែន​ហើយ ជំនឿ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ទៅ​លើ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ពង្រឹង ដោយ​សារ​ពួក​គេ​បាន​ទុក​ចិត្ត​លើ​ការ​ណែនាំ​របស់​លោក។

១៨ ពិត​មែន​តែ​សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ការ​អស្ចារ្យ​បែប​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​លោក​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ផ្ដល់​ពរ​ដោយ​សារ​ការ​ប្រព្រឹត្ត​ដោយ​ជំនឿ​របស់​ពួក​គេ។ សកម្មពល​របស់​ព្រះ​ជួយ​ពួក​គេ​ឲ្យ​បំពេញ​កិច្ច​ការ​ដែល​លោក​បាន​ចាត់​ឲ្យ​ពួក​គេ​ធ្វើ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូ​ទាំង​ពិភព​លោក។ សាក្សី​ដ៏​សំខាន់​បំផុត​របស់​ព្រះ​យេហូវ៉ា​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ធានា​ពួក​អ្នក​កាន់​តាម​លោក​ថា​លោក​នឹង​គាំទ្រ​ពួក​គេ​ដើម្បី​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថ. ២៨:១៩, ២០​) សាក្សី​ជា​ច្រើន​នាក់​ដែល​ប្រហែលជា​ធ្លាប់​មាន​អារម្មណ៍​ខ្មាស​អៀន​អាច​បញ្ជាក់​ថា សកម្មពល​បរិសុទ្ធ​របស់​ព្រះ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ ពេល​ពួក​គេ​បំពេញ​កិច្ច​បម្រើ​ផ្សាយ។—សូម​អាន ទំនុកតម្កើង ១១៩:៤៦; កូរិនថូសទី២ ៤:៧

១៩​. ទោះ​ជា​យើង​មិន​អាច​ធ្វើ​ច្រើន​ក្ដី តើ​យើង​មាន​ការ​ធានា​អ្វី?

១៩ បង​ប្អូន​ប្រុស​ស្រី​ខ្លះ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​ពួក​គាត់​ចង់​ធ្វើ​នោះ​ទេ ដោយ​សារ​ពួក​គាត់​មាន​ជំងឺ​ឬ​មាន​អាយុ​ច្រើន។ ប៉ុន្តែ​ពួក​គាត់​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ​«​បិតា​នៃ​សេចក្ដី​មេត្ដា​ករុណា និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»​យល់​អំពី​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​ពិត​ម្នាក់​ៗ។ (​២កូ. ១:៣​) លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​ជួយ​គាំទ្រ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ កាល​ដែល​យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន យើង​ទាំង​អស់​គ្នា​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា សំខាន់​បំផុត​គឺ​ជំនឿ​លើ​ការ​ផ្ដល់​ថ្លៃ​លោះ​របស់​គ្រិស្ត​ដែល​រក្សា​ជីវិត​របស់​យើង។—ហេ. ១០:៣៩

២០, ២១​. តើ​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណាខ្លះ?

២០ ការ​គោរព​ប្រណិប័តន៍​របស់​យើង​តម្រូវ​ឲ្យ​ចំណាយ​ពេល​វេលា កម្លាំង និង​ទ្រព្យ​សម្បត្ដិ តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ មែន​ហើយ យើង​ចង់​ធ្វើ​អស់ពី​ចិត្ត​របស់​យើង​ដើម្បី​«​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។ (​២ធី. ៤:៥​) តាម​ការ​ពិត យើង​សប្បាយ​ចិត្ត​ធ្វើ​ដូច្នេះ កាល​ដែល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​«​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៤​) ច្បាស់​ណាស់ ការ​លើក​កិត្ដិយស​និង​ការ​សរសើរ​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​លោក។ (​សុភ. ១០:២២​) នេះ​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ទោះ​ជា​យើង​ជួប​នឹង​បញ្ហា​អ្វី​ក៏​ដោយ។—រ៉ូម ៨:៣៥​-​៣៩

២១ ដូច​ដែល​យើង​បាន​ពិភាក្សា ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​សម្រាប់​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ​របស់​លោក​មិន​អាច​កើត​ឡើង​ជា​ស្វ័យប្រវត្ត​ឡើយ យើង​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​មាន​ទំនុក​ចិត្ត​ដូច​នេះ។ បើ​ដូច្នេះ សូម​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិដ្ឋាន។ ចូរ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​អតីតកាល ហើយ​របៀប​ដែល​លោក​នឹង​ធ្វើ​ដូច្នេះ​នៅ​អនាគត។ សូម​បន្ត​ពង្រឹង​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍។ ការ​រំលឹក​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ប្រសិនបើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រំលឹក​ទាំង​នោះ អ្នក​អាច​រស់​ជា​រៀង​រហូត!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក