បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/២ ទំ. ៨-១២
  • ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • សម្លៀក​បំពាក់​របស់​លោក​«​ផ្សាយ​ក្លិន​ក្រអូប​»​
  • កូន​ក្រមុំ​បាន​ត្រូវ​រៀបចំ​សម្រាប់​ពិធី​មង្គល​ការ
  • ‹គេ​នឹង​នាំ​កូន​ក្រមុំ​មក›ឯ​ស្តេច
  • ‹វេលា​សម្រាប់​ពិធី​មង្គល​ការ​បាន​មក​ដល់›
  • ​«​នឹង​មាន​អ្នក​នាំ​គេ​ចូល​មក . . . ដោយ​មាន​សេចក្ដី​រីករាយ​សប្បាយ​»​
  • ​«​នឹង​បាន​ព្រះរាជបុត្រ​ជំនួស​ឪពុក​»​
  • មាន​ចិត្ត​ជំរុញ​ឲ្យ​«​មាន​សេចក្ដី​រឭក​នឹក​ចាំ​ពី​ឈ្មោះ​ឯង​»​
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/២ ទំ. ៨-១២

ចូរ​អរ​សប្បាយ​នឹង​ពិធី​មង្គល​ការ​របស់​កូន​ចៀម!

​«​ចូរ​យើង​អរ​សប្បាយ​និង​ត្រេក​អរ​ឲ្យ​ខ្លាំង . . . ពីព្រោះ​វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ​»។—បប. ១៩:៧

ចំណុច​សំខាន់​ៗ​ដែល​គួរ​ចាំ

  • នៅ​ពិធី​មង្គល​ការ​របស់​កូន​ចៀម តើ​អ្នក​ណា​ជា​កូន​ក្រមុំ ហើយ​តើ​គ្រិស្ត​រៀបចំ​នាង​យ៉ាង​ដូច​ម្ដេច​សម្រាប់​ពិធី​មង្គល​ការ​នោះ?

  • តើ​ពិធី​មង្គល​ការ​របស់​កូន​ចៀម​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា?

  • តើ​តាម​របៀប​ណា​យើង​ដឹង​ថា​«​ចៀម​ឯ​ទៀត​»​នឹង​អរ​សប្បាយ​នឹង​ពិធី​មង្គល​ការ​របស់​កូន​ចៀម​ដែរ?

១, ២​. (​ក​) តើ​ពិធី​មង្គល​ការ​របស់​អ្នក​ណា​ដែល​នាំ​ឲ្យ​មាន​អំណរ​នៅ​ស្ថាន​សួគ៌? (​ខ​) តើ​មាន​សំណួរ​អ្វី​ខ្លះ?

មនុស្ស​តែង​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មួយ។ ប៉ុន្តែ យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ពិសេស​មួយ ពោល​គឺ​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្តេច​មួយ​អង្គ។ សូម​គិត​ទៅ​មើល! អាពាហ៍ពិពាហ៍​នោះ​បាន​ត្រូវ​រៀបចំ​អស់​រយៈ​ពេល​ប្រហែលជា​២.០០០​ឆ្នាំ។ ឥឡូវ​នេះ ពេល​វេលា​ដែល​កូន​កំលោះ​នឹង​ត្រូវ​ផ្សំផ្គុំ​ជា​មួយ​នឹង​កូន​ក្រមុំ​កំពុង​ខិត​មក​ដល់​យ៉ាង​លឿន។ មិន​យូរ​ទៀត ភ្លេង​ដ៏​សប្បាយ​រីករាយ​នឹង​ឮ​ពេញ​វាំង​របស់​ស្តេច ហើយ​ក្រុម​ដ៏​ធំ​នៅ​ស្ថាន​សួគ៌​នឹង​ច្រៀង​ឡើង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា ពីព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង និង​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ហើយ។ ចូរ​យើង​អរ​សប្បាយ​និង​ត្រេក​អរ​ឲ្យ​ខ្លាំង ហើយ​ចូរ​យើង​សរសើរ​តម្កើង​លោក ពីព្រោះ​វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ ឯ​ភរិយា​របស់​លោក​បាន​រៀបចំ​ខ្លួន​»។—បប. ១៩:៦, ៧

២ ​«​កូន​ចៀម​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​ខ​គម្ពីរ​នេះ គឺ​លោក​យេស៊ូ​គ្រិស្ត។ (​យ៉ូន. ១:២៩​) ពិធី​មង្គល​ការ​របស់​លោក​នឹង​នាំ​ឲ្យ​មាន​អំណរ​ក្រៃ​លែង​នៅ​ស្ថាន​សួគ៌។ តើ​លោក​ស្លៀក​ពាក់​បែប​ណា​សម្រាប់​ពិធី​មង្គល​ការ​នោះ? តើ​អ្នក​ណា​ជា​កូន​ក្រមុំ? តើ​នាង​បាន​ត្រូវ​រៀបចំ​យ៉ាង​ដូច​ម្ដេច​សម្រាប់​ពិធី​មង្គល​ការ​នោះ? តើ​ពិធី​មង្គល​ការ​នោះ​ធ្វើ​ឡើង​នៅ​ពេល​ណា? ពិធី​មង្គល​ការ​នោះ​នឹង​នាំ​ឲ្យ​មាន​អំណរ​នៅ​ស្ថាន​សួគ៌ ប៉ុន្តែ​តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​នឹង​អរ​សប្បាយ​ដែរ​ឬ? យើង​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​យ៉ាង​ខ្លាំង ដូច្នេះ​យើង​នឹង​បន្ត​សិក្សា​ទំនុក​ទី​៤៥។

សម្លៀក​បំពាក់​របស់​លោក​«​ផ្សាយ​ក្លិន​ក្រអូប​»​

៣, ៤​. (​ក​) តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​សម្លៀក​បំពាក់​របស់​កូន​កំលោះ​សម្រាប់​ពិធី​មង្គល​ការ ហើយ​តើ​អ្វី​នាំ​ឲ្យ​លោក​មាន​អំណរ​ថែម​ទៀត? (​ខ​) តើ​អ្នក​ណា​ជា​«​បុត្រី​ស្តេច​»​និង​«​អគ្គមហេសី​»​ដែល​មាន​អំណរ​ជា​មួយ​នឹង​កូន​កំលោះ?

៣ សូម​អាន ទំនុក​តម្កើង ៤៥:៨, ៩។ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​កូន​កំលោះ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​ដ៏​ល្អ​អស្ចារ្យ​របស់​ស្តេច​សម្រាប់​អាពាហ៍ពិពាហ៍​របស់​លោក។ គឺ​ស័ក្ដិសម​មែន​ដែល​សម្លៀក​បំពាក់​របស់​លោក​ផ្សាយ​ក្លិន​ក្រអូប​ដូច​«​គ្រឿង​ក្រអូប​យ៉ាង​វិសេស​»​ ដូច​ជា​ជ័រ​ល្វីង​ទេស​និង​កំញាន​ជា​ដើម ដែល​នៅ​ក្នុង​ចំណោម​គ្រឿង​ផ្សំ​នៃ​ប្រេង​បរិសុទ្ធ​សម្រាប់​ចាក់​លាប​ដែល​គេ​ប្រើ​នៅ​អ៊ីស្រាអែល។—និក្ខ. ៣០:២៣​-​២៥

៤ ភ្លេង​នៅ​ស្ថាន​សួគ៌​ដែល​ឮ​ពេញ​វាំង​ធ្វើ​ឲ្យ​កូន​កំលោះ​មាន​អំណរ​ថែម​ទៀត កាល​ដែល​ពិធី​មង្គល​ការ​របស់​លោក​ជិត​មក​ដល់។ ​«​អគ្គមហេសី​»​ឬ​ភរិយា​ដែល​ជា​ផ្នែក​ស្ថាន​សួគ៌​នៃ​អង្គការ​របស់​ព្រះ ដែល​រួម​មាន​«​បុត្រី​ស្តេច​»​ ពោល​គឺ​បណ្ដា​ទេវតា​បរិសុទ្ធ មាន​អំណរ​ជា​មួយ​នឹង​កូន​កំលោះ។ សំឡេង​នៅ​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ចូរ​យើង​អរ​សប្បាយ​និង​ត្រេក​អរ​ឲ្យ​ខ្លាំង . . . ពីព្រោះ​វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ​»​!

កូន​ក្រមុំ​បាន​ត្រូវ​រៀបចំ​សម្រាប់​ពិធី​មង្គល​ការ

៥​. តើ​អ្នក​ណា​ជា​«​ភរិយា​របស់​កូន​ចៀម​»​?

៥ សូម​អាន ទំនុក​តម្កើង ៤៥:១០, ១១។ យើង​បាន​ដឹង​ថា​អ្នក​ណា​ជា​កូន​កំលោះ ប៉ុន្តែ​តើ​អ្នក​ណា​ជា​កូន​ក្រមុំ? នាង​មិន​មែន​ជា​បុគ្គល​ម្នាក់​ទេ។ ផ្ទុយ​ទៅ​វិញ នាង​ជា​តំណាង​ក្រុម​ទាំង​មូល​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​១៤៤.០០០​នាក់។ លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​នេះ​នៃ​អ្នក​រើស​តាំង។ (​សូម​អាន អេភេសូរ ៥:២៣, ២៤​) ពួក​គាត់​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី។ (​លូក. ១២:៣២​) គ្រិស្ត​សាសនិក​១៤៤.០០០​នាក់​ទាំង​នេះ​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​«​ដើរ​តាម​កូន​ចៀម​ជាប់ ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ​»។ (​បប. ១៤:១​-​៤​) ពួក​គាត់​ទៅ​ជា​«​ភរិយា​របស់​កូន​ចៀម​»​ ហើយ​នៅ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។—បប. ២១:៩; យ៉ូន. ១៤:២, ៣

៦​. ហេតុ​អ្វី​អ្នក​រើស​តាំង​បាន​ត្រូវ​ហៅ​ថា​ជា​«​បុត្រី​នៃ​ស្តេច​»​ ហើយ​ហេតុ​អ្វី​ពួក​គាត់​បាន​ត្រូវ​សុំ​ឲ្យ​«​ភ្លេច​សាសន៍​»​របស់​ពួក​គាត់?

៦ អនាគត​កូន​ក្រមុំ​នេះ​មិន​គ្រាន់តែ​បាន​ត្រូវ​និយាយ​ទៅ​កាន់​ថា​«​កូន​ស្រី​អើយ​»​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ត្រូវ​ហៅ​ថា​ជា​«​បុត្រី​នៃ​ស្តេច​»​ដែរ។ (​ទំនុក. ៤៥:១៣​) តើ​«​ស្តេច​»​នេះ​ជា​អ្នក​ណា? គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ត្រូវ​ទទួល​ជា​«​កូន​»​របស់​ព្រះ​យេហូវ៉ា។ (​រ៉ូម ៨:១៥​-​១៧​) ដោយ​សារ​ពួក​គាត់​នឹង​ក្លាយ​ជា​កូន​ក្រមុំ​នៅ​ស្ថាន​សួគ៌ អ្នក​រើស​តាំង​បាន​ត្រូវ​បង្គាប់​ឲ្យ​«​ភ្លេច​សាសន៍​ឯង នឹង​ផ្ទះ​ឪពុក[​បង្កើត​]ឯង​ទៅ​»។ ពួក​គាត់​ត្រូវ​«​ផ្ចង់​ចិត្ត​ទៅ​លើ​អ្វី​ដែល​នៅ​ស្ថាន​លើ មិន​មែន​ទៅ​លើ​អ្វី​នៅ​ផែន​ដី​ឡើយ​»។—កូឡ. ៣:១​-​៤

៧​. (​ក​) តើ​គ្រិស្ត​រៀបចំ​អនាគត​កូន​ក្រមុំ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​កូន​ក្រមុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អនាគត​កូន​កំលោះ?

៧ អស់​ជា​ច្រើន​សតវត្សរ៍ គ្រិស្ត​រៀបចំ​អនាគត​កូន​ក្រមុំ​សម្រាប់​ពិធី​មង្គល​ការ​នៅ​ស្ថាន​សួគ៌។ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​គ្រិស្ត​«​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ ដើម្បី​លោក​អាច​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ធ្វើ​ឲ្យ​ស្អាត​ដោយ​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ ដើម្បី​លោក​អាច​នាំ​ក្រុម​ជំនុំ​មក​នៅ​ចំពោះ​មុខ​លោក ដោយ​មាន​ភាព​រុងរឿង ឥត​មាន​ប្រឡាក់ ជ្រួញ ឬ​លក្ខណៈ​ឯ​ទៀត​បែប​នោះ​ឡើយ តែ​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ ឥត​សៅហ្មង​វិញ​»។ (​អេភ. ៥:២៥​-​២៧​) ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​សម័យ​បុរាណ ដែល​ព្រះ​បាន​រើស​តាំង​ថា​៖ ​«​ខ្ញុំ​ចង់​ហួងហែង​អ្នក​រាល់​គ្នា ដូច​ព្រះ​ចង់​ហួងហែង​អ្នក​រាល់​គ្នា​ដែរ ដោយ​សារ​ខ្ញុំ​បាន​ទុក​ដាក់​អ្នក​រាល់​គ្នា​ឲ្យ​មាន​ប្ដី​តែ​មួយ គឺ​គ្រិស្ត ហើយ​ខ្ញុំ​ចង់​ប្រគល់​អ្នក​រាល់​គ្នា​ក្នុង​ភាព​ជា​ក្រមុំ​បរិសុទ្ធ​ទៅ​លោក​»។ (​២កូ. ១១:២​) ដោយ​សារ​ការ​គោរព​ប្រណិប័តន៍​របស់​កូន​ក្រមុំ​គឺ​ស្អាត​ស្អំ ហើយ​គាប់​ចិត្ត​ព្រះ នោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​ចាត់​ទុក​នាង​ថា​មាន​លម្អ។ កូន​ក្រមុំ​ទទួល​ស្គាល់​លោក​ថា​ជា​«​ចៅហ្វាយ​»​ ហើយ​«​កោត​ខ្លាច​»​លោក ជា​អនាគត​ស្វាមី។

‹គេ​នឹង​នាំ​កូន​ក្រមុំ​មក›ឯ​ស្តេច

៨​. ហេតុ​អ្វី​គឺ​សម​ត្រឹម​ត្រូវ​ដែល​កូន​ក្រមុំ​បាន​ត្រូវ​រៀប​រាប់​ថា​«​មាន​សេចក្ដី​រុងរឿង​»​?

៨ សូម​អាន ទំនុក​តម្កើង ៤៥:១៣, ១៤​ក។ កូន​ក្រមុំ​«​បាន​តុបតែង​ខ្លួន​ដើម្បី​ស្វាមី​របស់​នាង​»​ ហើយ​«​មាន​សេចក្ដី​រុងរឿង​»​សម្រាប់​ពិធីមង្គល​ការ​ជា​មួយ​នឹង​ស្តេច។ នៅ​សៀវភៅ​ការ​បើក​បង្ហាញ ២១:២ កូន​ក្រមុំ​គឺ​ប្រៀប​បាន​នឹង​ក្រុង​មួយ ពោល​គឺ​ក្រុង​យេរូសាឡិម​ថ្មី។ ក្រុង​នៅ​ស្ថាន​សួគ៌​នេះ​«​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ​»​ ហើយ​មាន​រស្មី​«​ដូច​ត្បូង​ល្អ​វិសេស ដូច​ត្បូង​យ៉ាស្បា​ដែល​ភ្លឺ​ថ្លា​ដូច​កែវ​ចរណៃ​»។ (​បប. ២១:១០, ១១​) ភាព​រុងរឿង​នៃ​ក្រុង​យេរូសាឡិម​ថ្មី​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ពីរោះ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។ (​បប. ២១:១៨​-​២១​) មិន​ចម្លែក​ឡើយ​ដែល​អ្នក​តែង​ទំនុក​តម្កើង​បាន​រៀប​រាប់​អំពី​កូន​ក្រមុំ​ថា​«​មាន​សេចក្ដី​រុងរឿង​»​! យ៉ាង​ណា​មិញ ពិធី​មង្គល​ការ​របស់​ស្តេច​ធ្វើ​ឡើង​នៅ​ស្ថាន​សួគ៌។

៩​. តើ​អ្នក​ណា​ជា​ស្តេច​ដែល​គេ​នាំ​កូន​ក្រមុំ​មក ហើយ​តើ​នាង​ស្លៀក​ពាក់​បែប​ណា?

៩ កូន​ក្រមុំ​បាន​ត្រូវ​នាំ​ទៅ​កូន​កំលោះ​ដែល​ជា​ស្តេច​និង​ជា​មេស្ស៊ី។ លោក​កំពុង​រៀបចំ​នាង​ដោយ‹ធ្វើ​ឲ្យ​នាង​ស្អាត​ដោយ​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ›។ នាង​«​បរិសុទ្ធ ឥត​សៅហ្មង​»។ (​អេភ. ៥:២៦, ២៧​) កូន​ក្រមុំ​ក៏​ត្រូវ​ស្លៀក​ពាក់​សម​នឹង​ឱកាស​នោះ​ដែរ។ នាង​បាន​ធ្វើ​ដូច្នេះ​មែន! សម្លៀក​បំពាក់​«​របស់​នាង​ចំ​រុះ​ដោយ​មាស​»​ ហើយ​«​គេ​នឹង​នាំ​នាង​មក​»​ឯ​ស្តេច ​«​ប្រដាប់​ដោយ​ព្រះ​ភូសា​ប៉ាក់​»​ឬ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​ប៉ាក់។ សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម ​«​នាង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ ពីព្រោះ​ក្រណាត់​សាច់​ល្អ​នោះ​ជា​តំណាង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​បរិសុទ្ធ​»។—បប. ១៩:៨

‹វេលា​សម្រាប់​ពិធី​មង្គល​ការ​បាន​មក​ដល់›

១០​. តើ​ពិធី​មង្គល​ការ​របស់​កូន​ចៀម​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា?

១០ សូម​អាន ការ​បើក​បង្ហាញ ១៩:៧។ តើ​ពិធី​មង្គល​ការ​របស់​កូន​ចៀម​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា? ទោះ​ជា​សៀវភៅ​ការ​បើក​បង្ហាញ ១៩:៧​ចែង​ថា​៖ ​«​ភរិយា​របស់​លោក​បាន​រៀបចំ​ខ្លួន​»​សម្រាប់​ពិធី​មង្គល​ការ​នោះ​ក៏​ដោយ ខ​បន្ទាប់​មិន​រៀប​រាប់​អំពី​ពិធី​មង្គល​ការ​ទេ។ ផ្ទុយ​ទៅ​វិញ ខ​នោះ​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។ (​បប. ១៩:១១​-​២១​) តើ​នេះ​មាន​ន័យ​ថា​ពិធី​មង្គល​ការ​នោះ​ធ្វើ​ឡើង​មុន​ស្តេច​ដែល​ជា​កូន​កំលោះ​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​ឬ? មិន​មែន​ទេ។ ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​មិន​បាន​រៀប​រាប់​តាម​លំដាប់​ពេល​ទេ។ នៅ​ទំនុក​ទី​៤៥ ពិធី​មង្គល​ការ​របស់​ស្តេច​ធ្វើ​ឡើង​ក្រោយ​ពី​ស្តេច ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត ក្រវាត់​ដាវ​របស់​លោក ហើយ​«​មាន​ជ័យ​ជំនះ​»​លើ​សត្រូវ​របស់​លោក។—ទំនុក. ៤៥:៣, ៤

១១​. តើ​គ្រិស្ត​នឹង​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​តាម​លំដាប់​ពេល​យ៉ាង​ដូច​ម្ដេច?

១១ ហេតុ​នេះ យើង​អាច​សន្និដ្ឋាន​ថា​លំដាប់​នៃ​ព្រឹត្ដិការណ៍​នានា​នឹង​មាន​ដូច​ត​ទៅ​នេះ​៖ ដំបូង ការ​វិនិច្ឆ័យ​នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​«​មេ​ស្ត្រី​ពេស្យា​»​ ពោល​គឺ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​អស់។ (​បប. ១៧:១, ៥, ១៦, ១៧; ១៩:១, ២​) បន្ទាប់​មក គ្រិស្ត​នឹង​ចេញ​ទៅ​ដើម្បី​អនុវត្ត​ការ​វិនិច្ឆ័យ​របស់​ព្រះ​ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​ទាំង​អស់​នៃ​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន​នៅ​ផែន​ដី ដោយ​បំផ្លាញ​ផ្នែក​ទាំង​នោះ​ចោល​នៅ​សង្គ្រាម​ហាម៉ាគេដូន ដែល​ជា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​បប. ១៦:១៤​-​១៦; ១៩:១៩​-​២១​) នៅ​ទី​បំផុត ស្តេច​ដែល​ពូកែ​ធ្វើ​សង្គ្រាម​នឹង​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​ដោយ​បោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត ហើយ​ធ្វើ​ឲ្យ​ពួក​វា​លែង​មាន​សកម្មភាព​ដែល​មាន​សភាព​ដូច​ជា​ស្លាប់។—បប. ២០:១​-​៣

១២, ១៣​. (​ក​) តើ​ពិធី​មង្គល​ការ​របស់​កូន​ចៀម​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា? (​ខ​) នៅ​ស្ថាន​សួគ៌ តើ​អ្នក​ណា​នឹង​អរ​សប្បាយ​នឹង​ពិធី​មង្គល​ការ​របស់​កូន​ចៀម?

១២ កាល​ដែល​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ស្លាប់​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត នោះ​ពួក​គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ មួយ​រយៈ​ពេល​ក្រោយ​ពី​ការ​បំផ្លាញ​ចោល​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា លោក​យេស៊ូ​នឹង​ប្រមូល​សមាជិក​ទាំង​អស់​នៃ​ក្រុម​កូន​ក្រមុំ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​ឲ្យ​នៅ​ជា​មួយ​នឹង​លោក។ (​១ថែ. ៤:១៦, ១៧​) ដូច្នេះ មុន​សង្គ្រាម​ហាម៉ាគេដូន​ផ្ទុះ​ឡើង សមាជិក​ទាំង​អស់​នៃ​«​កូន​ក្រមុំ​»​នឹង​នៅ​ស្ថាន​សួគ៌។ ក្រោយ​សង្គ្រាម​នោះ ពិធី​មង្គល​ការ​របស់​កូន​ចៀម​អាច​ធ្វើ​ឡើង។ ពិធី​មង្គល​ការ​នោះ​ពិត​ជា​ឱកាស​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន! សៀវភៅ​ការ​បើក​បង្ហាញ ១៩:៩​ចែង​ថា​៖ ​«​អស់​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិសា​ភោជនាហារ​នៅ​ពិធី​មង្គល​ការ​របស់​កូន​ចៀម មាន​សុភមង្គល​»។ សមាជិក​នៃ​ក្រុម​កូន​ក្រមុំ​ទាំង​១៤៤.០០០​នាក់​នឹង​ពិត​ជា​សប្បាយ​មែន។ ស្តេច​នឹង​អរ​សប្បាយ​ដោយ​មាន​អ្នក​រើស​តាំង​ទាំង​អស់​នៅ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។ (​លូក. ២២:១៨, ២៨​-​៣០​) ប៉ុន្តែ មិន​ត្រឹមតែ​កូន​កំលោះ​និង​កូន​ក្រមុំ​ប៉ុណ្ណោះ​ទេ​ដែល​អរ​សប្បាយ​នឹង​ពិធី​មង្គល​ការ​នោះ។

១៣ ដូច​បាន​រៀប​រាប់​ខាង​លើ ក្រុម​ដ៏​ធំ​នៅ​ស្ថាន​សួគ៌​រួម​គ្នា​ច្រៀង​ថា​៖ ​«​ចូរ​យើង​អរ​សប្បាយ​និង​ត្រេក​អរ​ឲ្យ​ខ្លាំង ហើយ​ចូរ​យើង​សរសើរ​តម្កើង​លោក[​ព្រះ​យេហូវ៉ា​] ពីព្រោះ​វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ ឯ​ភរិយា​របស់​លោក​បាន​រៀបចំ​ខ្លួន​»។ (​បប. ១៩:៦, ៧​) ប៉ុន្តែ​ចុះ​យ៉ាង​ណា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី? តើ​ពួក​គេ​ក៏​នឹង​ចូល​រួម​អរ​សប្បាយ​ដែរ​ឬ​ទេ?

​«​នឹង​មាន​អ្នក​នាំ​គេ​ចូល​មក . . . ដោយ​មាន​សេចក្ដី​រីករាយ​សប្បាយ​»​

១៤​. ដូច​បាន​រៀប​រាប់​នៅ​ទំនុក​ទី​៤៥ តើ​អ្នក​ណា​ជា​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​នៃ​កូន​ក្រមុំ?

១៤ សូម​អាន ទំនុក​តម្កើង ៤៥:១២, ១៤​ខ, ១៥។ សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទាយ​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ដោយ​ចិត្ត​ដឹង​គុណ មនុស្ស​ទូ​ទាំង​ពិភព​លោក​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌។ គាត់​បាន​សរសេរ​ថា​៖ ​«​នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា​៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›​»។ (​សាក. ៨:២៣​) នៅ​ទំនុក​តម្កើង ៤៥:១២ ​«​មនុស្ស​១០​នាក់​»​ក្នុង​ន័យ​ធៀប​បាន​ត្រូវ​ហៅ​ថា​ជា​«​បុត្រី​ក្រុង​ទីរ៉ុស​»​និង​«​ពួក​អ្នក​មាន​ក្នុង​បណ្ដា​ជន​»។ ពួក​គេ​មក​ឯ​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​មាន​អំណោយ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ពួក​អ្នក​រើស​តាំង​និង​ដើម្បី​ទទួល​ជំនួយ​ក្នុង​ការ​បម្រើ​ព្រះ។ តាំង​ពី​ឆ្នាំ​១៩៣៥ មនុស្ស​រាប់​លាន​នាក់​បាន​ឲ្យ​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​នាំ​ពួក​គេ​ឲ្យ​«​មក​ឯ​សេចក្ដី​សុចរិត​»។ (​ដាន. ១២:៣​) ​«​មនុស្ស​១០​នាក់​»​ទាំង​នេះ​គឺ​ជា​ដៃ​គូ​ដ៏​ស្មោះ​ត្រង់​នៃ​អ្នក​រើស​តាំង​បាន​សម្អាត​ជីវិត​របស់​ពួក​គេ​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ទាំង​អស់។ ​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​ទាំង​នេះ​នៃ​កូន​ក្រមុំ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះយេហូវ៉ា ហើយ​បាន​បង្ហាញ​ថា​ពួក​គេ​ជា​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​នៃ​ស្តេច​ដែល​ជា​កូន​កំលោះ។

១៥​. តើ​តាម​របៀប​ណា​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​បាន​សហការ​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ក្នុង​ក្រុម​កូន​ក្រមុំ​ដែល​នៅ​ផែន​ដី​នៅ​ឡើយ?

១៥ ក្រុម​កូន​ក្រមុំ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​មាន​ចិត្ត​ដឹង​គុណ​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​ទាំង​នេះ​ដោយ​សារ​ពួក​គេ​បាន​ជួយ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​»​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។ (​ម៉ាថ. ២៤:១៤​) មិន​មាន​តែ​«​សកម្មពល​និង​កូន​ក្រមុំ​និយាយ​ឥត​ឈប់​ថា​៖ ‹មក​ចុះ!›​»​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​អ្នក​ដែល​ឮ​ក៏​និយាយ​ថា​៖ ​«​មក​ចុះ!​»​ដែរ។ (​បប. ២២:១៧​) មែន​ហើយ ​«​ចៀម​ឯ​ទៀត​»​បាន​ឮ​សមាជិក​នៃ​ក្រុម​កូន​ក្រមុំ​ដែល​បាន​ត្រូវ​រើស​តាំង​និយាយ​ថា​«​មក​ចុះ!​»​ ហើយ​បាន​ចូល​រួម​ជា​មួយ​នឹង​កូន​ក្រមុំ​ដោយ​និយាយ​ថា​«​មក​ចុះ!​»​ទៅ​បណ្ដា​ជន​នៅ​ផែន​ដី។—យ៉ូន. ១០:១៦

១៦​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ចៀម​ឯ​ទៀត​មាន​ឯកសិទ្ធិ​អ្វី?

១៦ ពួក​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​ស្រឡាញ់​ចៀម​ឯ​ទៀត។ ពួក​អ្នក​រើស​តាំង​សប្បាយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ក៏​ឲ្យ​ចៀម​ឯ​ទៀត​មាន​ឯកសិទ្ធិ​ចូល​រួម​អរ​សប្បាយ​នឹង​ពិធី​មង្គល​ការ​នោះ​ដែរ។ គម្ពីរ​បាន​ទាយ​អំពី​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​ទាំង​នេះ​ថា​ពួក​គេ​នឹង​ត្រូវ​មក​«​ដោយ​មាន​សេចក្ដី​រីករាយ​សប្បាយ​»។ មែន​ហើយ ចៀម​ឯ​ទៀត​ដែល​សង្ឃឹម​ថា​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​នឹង​ចូល​រួម​ក្នុង​ការ​អរ​សប្បាយ​នៅ​ទូ​ទាំង​សកលលោក ពេល​ពិធី​មង្គល​ការ​របស់​កូន​ចៀម​ធ្វើ​ឡើង​នៅ​ស្ថាន​សួគ៌។ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​សៀវភៅ​ការ​បើក​បង្ហាញ​រៀប​រាប់​ថា​៖ ​«​មនុស្ស​មួយ​ក្រុម​ធំ . . . កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម​»។ ពួក​គេ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​យេហូវ៉ា​នៅ​ទី​ធ្លា​នៃ​វិហារ​របស់​ព្រះ​ក្នុង​ន័យ​ធៀប ដែល​នៅ​ផែន​ដី។—បប. ៧:៩, ១៥

​«​នឹង​បាន​ព្រះរាជបុត្រ​ជំនួស​ឪពុក​»​

១៧, ១៨​. តើ​អាពាហ៍ពិពាហ៍​របស់​កូន​ចៀម​ផ្ដល់​ផល​ប្រយោជន៍​អ្វី ហើយ​តើ​គ្រិស្ត​នឹង​ទៅ​ជា​ឪពុក​របស់​អ្នក​ណា ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក?

១៧ សូម​អាន ទំនុក​តម្កើង ៤៥:១៦។ ​«​ពួក​ព្រហ្មចារី​ជា​ភឿន​»​នៃ​កូន​ក្រមុំ​នឹង​មាន​ហេតុ​ថែម​ទៀត​ដើម្បី​អរ​សប្បាយ ពេល​ពួក​គេ​ឃើញ​អាពាហ៍ពិពាហ៍​នោះ​ផ្ដល់​ផល​ប្រយោជន៍​ក្នុង​ពិភព​លោក​ថ្មី។ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​នឹង​ប្រោស​«​ឪពុក​»​ឬ​ពួក​បុព្វ​បុរស​របស់​លោក​ឲ្យ​រស់​ឡើង​វិញ។ ដោយ​សារ​គ្រិស្ត​នឹង​ធ្វើ​ឲ្យ​ពួក​បុព្វ​បុរស​មាន​ជីវិត​ឡើង​វិញ នោះ​ពួក​បុព្វ​បុរស​ទាំង​នោះ​នឹង​ទៅ​ជា​«​បុត្រ​»​របស់​លោក។ (​យ៉ូន. ៥:២៥​-​២៩; ហេ. ១១:៣៥​) ពី​ចំណោម​ពួក​អ្នក​ទាំង​នោះ លោក​នឹង​តែង​តាំង​«​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែន​ដី​»។ គ្រិស្ត​ច្បាស់​ជា​នឹង​តែង​តាំង​អ្នក​ឯ​ទៀត​ពី​ចំណោម​ពួក​អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​នាំ​មុខ​នៅ​ពិភព​លោក​ថ្មី។—អេ. ៣២:១

១៨ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត លោក​ក៏​នឹង​ទៅ​ជា​បិតា​មួយ​រូប​របស់​អ្នក​ឯ​ទៀត​ដែរ។ តើ​តាម​របៀប​ណា? ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​យ៉ូន. ៣:១៦​) អាស្រ័យ​ហេតុ​នេះ លោក​ទៅ​ជា​«​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​»​របស់​ពួក​គេ។—អេ. ៩:៦, ៧

មាន​ចិត្ត​ជំរុញ​ឲ្យ​«​មាន​សេចក្ដី​រឭក​នឹក​ចាំ​ពី​ឈ្មោះ​ឯង​»​

១៩, ២០​. តើ​ព្រឹត្ដិការណ៍​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​បាន​រៀប​រាប់​នៅ​ទំនុក​ទី​៤៥​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​សព្វ​ថ្ងៃ​នេះ?

១៩ សូម​អាន ទំនុក​តម្កើង ៤៥:១, ១៧។ ពិត​មែន ព្រឹត្ដិការណ៍​នានា​ដែល​បាន​កត់​ទុក​ក្នុង​ទំនុក​ទី​៤៥​ជាប់​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ទាំង​អស់។ ពួក​អ្នក​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ​មាន​ចិត្ត​រំភើប​ដោយ​មាន​សេចក្ដី​សង្ឃឹម​ថា​មិន​យូរ​ទៀត​ពួក​គាត់​នឹង​រួប​រួម​ជា​មួយ​នឹង​កូន​កំលោះ​និង​បង​ប្អូន​របស់​ពួក​គាត់​នៅ​ស្ថាន​សួគ៌។ ចៀម​ឯ​ទៀត​មាន​ចិត្ត​ជំរុញ​ឲ្យ​កាន់​តែ​ចុះ​ចូល​ក្រោម​អំណាច​ស្តេច​ដ៏​រុងរឿង​របស់​ពួក​គេ ហើយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ឯកសិទ្ធិ​ក្នុង​ការ​សេពគប់​ជា​មួយ​នឹង​សមាជិក​នៃ​កូន​ក្រមុំ​ដែល​នៅ​ផែន​ដី​នៅ​ឡើយ។ ក្រោយ​ពិធី​មង្គល​ការ​របស់​ពួក​គាត់ ពរ​ដែល​គ្រិស្ត​និង​កូន​ក្រមុំ​នឹង​ផ្ដល់​ឲ្យ​មនុស្សជាតិ​ទាំង​អស់​គឺ​អស្ចារ្យ​ជាង​យើង​គិត​ស្មាន​ទៅ​ទៀត។—បប. ៧:១៧; ២១:១​-​៤

២០ កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​ការ​សម្រេច​នៃ​ទំនាយ​ស្តី​អំពី​ស្តេច​ដែល​ជា​មេស្ស៊ី យើង​ប្រាកដជា​មាន​ចិត្ត​ជំរុញ​ឲ្យ​ប្រកាស​ផ្សាយ​នាម​របស់​លោក។ សូម​ឲ្យ​យើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល‹នឹង​សរសើរ​ដល់​ស្តេច​នៅ​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ›។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក