បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៦ ទំ. ១២-១៦
  • «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • យើង​អាច​ស្រឡាញ់​ព្រះ
  • តើ​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​យ៉ាង​ណា?
  • ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា?
  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ?
  • ចូរ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៦ ទំ. ១២-១៦

​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​»​

​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត​»។—ម៉ាថ. ២២:៣៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ព្រះ?

១​. ហេតុ​អ្វី​លោក​យេស៊ូ​និង​បិតា​របស់​លោក​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង?

លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ដែល​លោក​មាន​ជា​មួយ​នឹង​បិតា​របស់​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​»​ ហើយ​«​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក​»។ (​យ៉ូន. ៥:២០; ១៤:៣១​) មុន​លោក​យេស៊ូ​មក​ផែន​ដី លោក​ទាំង​ពីរ​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​អស់​រាប់​ពាន់​លាន​ឆ្នាំ។ (​សុភ. ៨:៣០​) ក្នុង​អំឡុង​គ្រា​នោះ លោក​យេស៊ូ​បាន​រៀន​ច្រើន​អំពី​គុណ​សម្បត្ដិ​របស់​បិតា​លោក ហើយ​លោក​ទាំង​ពីរ​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង។

២​. (​ក​) តើ​ការ​ស្រឡាញ់​បុគ្គល​ណា​ម្នាក់​មាន​ន័យ​យ៉ាង​ណា? (​ខ​) តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី​ខ្លះ?

២ កាល​ណា​យើង​ស្រឡាញ់​បុគ្គល​ណា​ម្នាក់ យើង​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​នោះ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​»។ (​យ៉ា. ៥:១១​) ដោយ​សារ​ព្រះ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​យើង យើង​ក៏​គួរ​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ចំពោះ​លោក។ បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា លោក​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ (​សូម​អាន ចោទិយកថា ៧:១២, ១៣​) ប៉ុន្តែ​យើង​មិន​អាច​មើល​ឃើញ​ព្រះ​បាន​ទេ ដូច្នេះ​តើ​តាម​របៀប​ណា​យើង​អាច​ស្រឡាញ់​លោក? តើ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​លោក? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ?

យើង​អាច​ស្រឡាញ់​ព្រះ

៣, ៤​. ហេតុ​អ្វី​យើង​អាច​ស្រឡាញ់​ព្រះ​យេហូវ៉ា?

៣ យើង​មិន​អាច​មើល​ឃើញ​ព្រះ​បាន​ទេ ពីព្រោះ​«​ព្រះ​ជា​វិញ្ញាណ​»។ (​យ៉ូន. ៤:២៤​) ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​អាច​ស្រឡាញ់​ព្រះ​យេហូវ៉ា​បាន។ តាម​ពិត គម្ពីរ​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​លោក។ ជា​ឧទាហរណ៍ ម៉ូសេ​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង​»។—ចោ. ៦:៥

៤ ហេតុ​អ្វី​យើង​អាច​ស្រឡាញ់​ព្រះ? លោក​បាន​បង្កើត​យើង​ឲ្យ​ត្រូវ​ការ​ការ​គោរព​ប្រណិប័តន៍​លោក ហើយ​លោក​ក៏​បាន​ផ្ដល់​ឲ្យ​យើង​ដែរ​នូវ​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ពេល​យើង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង ហើយ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​សប្បាយ​រីក​រាយ។ នេះ​ជា​អត្ថ​ន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ​»។ (​ម៉ាថ. ៥:៣​) លោក​អាប្រាហាំ ម៉ូរីសុន​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ថា គួរ​ឲ្យ​អស្ចារ្យ​ណាស់​ពេល​ឃើញ​ថា​មនុស្សជាតិ​តែង​តែ​ស្វែងរក​ព្រះ ហើយ​ចង់​ជឿ​ព្រះ (Man Does Not Stand Alone)។ ដូច​អ្នក​និពន្ធ​នេះ មនុស្ស​ជា​ច្រើន​យល់​ថា មនុស្ស​បាន​កើត​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ​ចង់​ស្គាល់​ព្រះ។

៥​. ហេតុ​អ្វី​យើង​ដឹង​ថា​យើង​អាច​រក​ឃើញ​ព្រះ?

៥ តើ​យើង​អាច​រក​ឃើញ​ព្រះ​ឬ​ទេ? មែន យើង​អាច​រក​ឃើញ​ព្រះ ពីព្រោះ​លោក​ចង់​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ សាវ័ក​ប៉ូល​បាន​បញ្ជាក់​ចំណុច​នោះ ពេល​គាត់​និយាយ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​នៅ​ក្រុង​អាថែន​សម័យ​បុរាណ។ ពួក​គេ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​ទៅ​វិហារ​ដើម្បី​គោរព​បូជា​ព្រះ​នាង​អាធីណា។ ប៉ុន្តែ​ប៉ូល​បាន​និយាយ​ថា​ពួក​គេ​អាច​រក​ឃើញ​ព្រះ​ពិត​«​ដែល​បាន​បង្កើត​ពិភព​លោក​នឹង​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក​»។ គាត់​បាន​ពន្យល់​ថា​ព្រះ​មិន​រស់​នៅ​ក្នុង​វិហារ​ទេ។ មនុស្ស​ដែល​ស្វែងរក​ព្រះ​អាច​រក​លោក​ឃើញ ទោះ​ជា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​លើ​ផែន​ដី។ បន្ទាប់​មក​គាត់​បាន​និយាយ​ថា​ព្រះ​«​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ទេ។ (​សកម្ម. ១៧:២៤​-​២៧​) ពិត​មែន មនុស្ស​អាច​រក​ឃើញ​ព្រះ​បាន។ សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧.៥០០.០០០​នាក់​បាន​រក​ឃើញ​លោក ហើយ​ពួក​គេ​ពិត​ជា​ស្រឡាញ់​លោក។

តើ​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

៦​. តើ​អ្វី​ជា​«​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​»​?

៦ តើ​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដល់​កម្រិត​ណា? ពេល​ផារិស៊ី​ម្នាក់ ដែល​ជា​អ្នក​ជឿ​ស៊ប់​លើ​សាសនាយូដា​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ ក្នុង​ច្បាប់ តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។ លោក​យេស៊ូ​បាន​និយាយ​យ៉ាង​ច្បាស់​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត›។ នេះ​ជា​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​»។—ម៉ាថ. ២២:៣៤​-​៣៨

៧​. តើ​អ្វី​ជា​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ព្រះ (​ក​) ​«​អស់​ពី​ដួង​ចិត្ត​»​? (​ខ​) ​«​អស់​ពី​ព្រលឹង​»​? (​គ​) ​«​អស់​ពី​សមត្ថភាព​រិះ​គិត​»​?

៧ តើ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​យើង​ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​«​អស់​ពី​ដួង​ចិត្ត​»​ ​«​អស់​ពី​ព្រលឹង​»​ ហើយ​«​អស់​ពី​សមត្ថភាព​រិះ​គិត​»​ មាន​ន័យ​យ៉ាង​ណា? ​«​អស់​ពី​ដួង​ចិត្ត​»​របស់​យើង មាន​ន័យ​ថា​អារម្មណ៍​ពិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង។ ​«​អស់​ពី​ព្រលឹង​»​របស់​យើង មាន​ន័យ​ថា​គុណ​សម្បត្ដិ​ទាំង​អស់​ដែល​យើង​មាន ហើយ​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​របស់​យើង។ ​«​អស់​ពី​សមត្ថភាព​រិះ​គិត​»​របស់​យើង មាន​ន័យ​ថា​របៀប​ដែល​យើង​គិត​គូរ​និង​អ្វី​ដែល​យើង​គិត។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ នោះ​លោក​បាន​បញ្ជាក់​ថា​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់។

៨​. តើ​តាម​របៀប​ណា​យើង​បង្ហាញ​ព្រះ​ថា​យើង​ស្រឡាញ់​លោក?

៨ យើង​បង្ហាញ​ព្រះ​ថា​យើង​ស្រឡាញ់​លោក អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​សមត្ថភាព​រិះ​គិត ពេល​យើង​សិក្សា​គម្ពីរ​យ៉ាង​ទៀង​ទាត់ ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់​អ្វី​ទាំង​អស់​ដែល​លោក​ប្រាប់​យើង​ឲ្យ​ធ្វើ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ (​ម៉ាថ. ២៤:១៤; រ៉ូម ១២:១, ២​) ពេល​យើង​ធ្វើ​អ្វី​ៗ​ទាំង​នេះ នោះ​ចំណង​មិត្តភាព​រវាង​យើង​និង​លោក​នឹង​កាន់​តែ​មាំ​មួន​ឡើង។ (​យ៉ា. ៤:៨​) យើង​មិន​អាច​រៀប​រាប់​អស់​បាន​ទេ​អំពី​មូលហេតុ​ដែល​យើង​គួរ​ស្រឡាញ់​ព្រះ ប៉ុន្តែ​យើង​នឹង​ពិភាក្សា​មូលហេតុ​ខ្លះ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ។

ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

៩​. ហេតុ​អ្វី​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា?

៩ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​យើង ហើយ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ ប៉ូល​បាន​និយាយ​ថា​៖ ​«​គឺ​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»។ (​សកម្ម. ១៧:២៨​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​ផែន​ដី​ដ៏​ល្អ​ស្អាត​នេះ​ឲ្យ​យើង​រស់​នៅ។ (​ទំនុក. ១១៥:១៦​) លោក​ក៏​បាន​ផ្ដល់​អាហារ​និង​អ្វី​ៗ​ឯ​ទៀត​ដែរ​ដើម្បី​ឲ្យ​យើង​អាច​នៅ​មាន​ជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ូល​អាច​ប្រាប់​បណ្ដា​ជន​នៅ​ក្រុង​លីស្ដ្រា​ថា​ពួក​គេ​មិន​គួរ​គោរព​បូជា​រូប​ព្រះ​ទេ ប៉ុន្តែ​ពួក​គេ​គួរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។ ប៉ូល​បាន​និយាយ​អំពី​ព្រះ​ថា​៖ ​«​លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគផល ក៏​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីក​រាយ​»។ (​សកម្ម. ១៤:១៥​-​១៧​) ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ យើង​ពិត​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​មែន​ដើម្បី​ស្រឡាញ់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ឧត្តម​របស់​យើង!—សាស្ដ. ១២:១

១០​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ថ្លៃ​លោះ?

១០ ព្រះ​នឹង​បំបាត់​ចោល​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដែល​យើង​ទទួល​ពី​អាដាម។ (​រ៉ូម ៥:១២​) គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក តាម​របៀប​នេះ​៖ គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។ (​រ៉ូម ៥:៨​) បើ​យើង​កែ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។ យើង​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ដើម្បី​ស្លាប់​ជំនួស​យើង។—យ៉ូន. ៣:១៦

១១, ១២​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​អ្វី​ខ្លះ?

១១ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​រ៉ូម ១៥:១៣​) សេចក្ដី​សង្ឃឹម​នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​ជំនឿ​របស់​យើង​បាន​ត្រូវ​ល្បង​ល។ ពួក​អ្នក​រើស​តាំង​ដ៏​ស្មោះ​ត្រង់​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌។ (​បប. ២:១០​) ពួក​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី។ (​លូក. ២៣:៤៣​) តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​យើង? សេចក្ដី​សង្ឃឹម​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​អំណរ សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។—យ៉ា. ១:១៧

១២ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សកម្ម. ២៤:១៥​) យើង​កើត​ទុក្ខ​ខ្លាំង​ណាស់​ពេល​បុគ្គល​ណា​ម្នាក់​ដែល​យើង​ស្រឡាញ់​បាន​ស្លាប់។ ប៉ុន្តែ​យើង​មិន​កើត​ទុក្ខ​ដូច​ពួក​អ្នក​«​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​»​នោះ​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​១ថែ. ៤:១៣​) ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​គ្រា​នោះ​ជាង​យើង​ទៅ​ទៀត។ លោក​ពិត​ជា​ចង់​ប្រោស​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ ជា​ពិសេស​មនុស្ស​ស្មោះ​ត្រង់។ (​យ៉ូប ១៤:១៥​) សូម​ស្រមៃ​គិត​ថា​យើង​នឹង​អរ​សប្បាយ​យ៉ាង​ណា​ទៅ ពេល​យើង​ឃើញ​កូន​ៗ​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ ហើយ​មិត្ត​ជិត​ស្និទ្ធ​ជួប​ជុំ​គ្នា​ម្ដង​ទៀត! ព្រះ​យេហូវ៉ា​បាន​ផ្ដើម​គំនិត​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​សន្យា​អំពី​រឿង​នោះ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ឡើង។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដោយ​សារ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។

១៣​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង?

១៣ ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង។ (​សូម​អាន ទំនុក​តម្កើង ៣៤:៦, ១៨, ១៩; ពេត្រុសទី១ ៥:៦, ៧​) សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ យើង​អាច​មាន​អារម្មណ៍​ថា​យើង​មាន​សុវត្ថិភាព ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក។ (​ទំនុក. ៧៩:១៣​) ប៉ុន្តែ សូម​ស្រមៃ​គិត​ថា​ព្រះ​នឹង​ធ្វើ​អ្វី​ៗ​ច្រើន​ជាង​នេះ​ទៅ​ទៀត​នៅ​អនាគត។ លោក​យេស៊ូ​គឺ​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ ហើយ​លោក​នឹង​បំបាត់​អំពើ​ឃោរ​ឃៅ ការ​ជិះ​ជាន់​សង្កត់​សង្កិន​និង​អំពើ​អាក្រក់​ពី​ផែន​ដី។ ក្រោយ​មក ព្រះ​នឹង​ផ្ដល់​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​នូវ​សេចក្ដី​សុខ​សាន្ត​និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​ពួក​គេ​ត្រូវ​ការ ដើម្បី​មាន​ជីវិត​សប្បាយ។ (​ទំនុក. ៧២:៧, ១២​-​១៤, ១៦​) ពេល​យើង​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ទាំង​នេះ នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​ព្រះ​របស់​យើង​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​កម្លាំង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត។—លូក. ១០:២៧

១៤​. តើ​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​អ្វី?

១៤ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដោយ​ធ្វើ​ជាសាក្សី​របស់​លោក។ (​អេ. ៤៣:១០​-​១២​) យើង​ស្រឡាញ់​ព្រះ ពីព្រោះ​លោក​ផ្ដល់​ឱកាស​ឲ្យ​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​លោក​និង​ឲ្យ​យើង​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​អស់​អ្នក​ដែល​រង​ទុក្ខ។ យើង​មាន​ជំនឿ​និង​មាន​ទំនុក​ចិត្ត​ដែល​យើង​ត្រូវ​ការ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត? ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​គឺ​មក​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ហើយ​សេចក្ដី​សន្យា​របស់​លោក​តែង​តែ​បាន​សម្រេច។ (​សូម​អាន យ៉ូស្វេ ២១:៤៥; ២៣:១៤​) មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ?

១៥​. តើ​ការ​សិក្សា​និង​ការ​អនុវត្តន៍​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​សិក្សា ហើយ​អនុវត្ត​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ ពេល​យើង​ធ្វើ​ដូច្នេះ​យើង​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ពិត​ជា​ចង់​ឲ្យ​បណ្ដាំ​របស់​លោក​ដឹក​នាំ​យើង។ (​ទំនុក. ១១៩:១០៥​) ពេល​យើង​កំពុង​រង​ទុក្ខ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​ទាំង​នេះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ​»។ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​បាន​ទប់​ទល់​ទូល​បង្គំ គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក​រាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ​»។ (​ទំនុក. ៥១:១៧; ៩៤:១៨, ១៩​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អស់​អ្នក​ដែល​រង​ទុក្ខ។ (​អេ. ៤៩:១៣; ម៉ាថ. ១៥:៣២​) ពេល​យើង​សិក្សា​គម្ពីរ យើង​អាច​រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ នេះ​ជួយ​យើង​ឲ្យ​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។

១៦​. តើ​តាម​របៀប​ណា​ការ​អធិដ្ឋាន​ជា​ទៀង​ទាត់​អាច​ជួយ​យើង​ឲ្យ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង?

១៦ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​ជា​ទៀង​ទាត់។ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ ហើយ​ឃើញ​ថា​លោក​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ (​ទំនុក. ៦៥:២​) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​បាន​ឃើញ​ថា​លោក​មិន​ឲ្យ​យើង​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​ឡើយ។ (​១កូ. ១០:១៣​) បើ​យើង​បារម្ភ ហើយ​អធិដ្ឋាន​សុំ​ជំនួយ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត យើង​អាច​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។ សេចក្ដី​សុខ​សាន្ត​នេះ​គឺ​ជា​ចិត្ត​ស្ងប់​ដែល​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​ផ្ដល់​ឲ្យ​យើង។ (​ភី. ៤:៦, ៧​) ជួនកាល យើង​ប្រហែល​ជា​អធិដ្ឋាន​យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នេហេមា​បាន​ធ្វើ ហើយ​ក្រោយ​មក​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​នេហ. ២:១​-​៦​) បើ​យើង​បន្ត​អធិដ្ឋាន ហើយ​ឃើញ​ថា​ព្រះយេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ ពេល​ជំនឿ​របស់​យើង​បាន​ត្រូវ​ល្បង​ល យើង​នឹង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។—រ៉ូម ១២:១២

១៧​. បើ​យើង​ស្រឡាញ់​ព្រះ តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ចូល​រួម​កិច្ច​ប្រជុំ?

១៧ ចូរ​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត​និង​មហា​សន្និបាត​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត​ជា​ទៀង​ទាត់។ (​ហេ. ១០:២៤, ២៥​) ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​ដើម្បី​ស្ដាប់​និង​រៀន​អំពី​ព្រះ​យេហូវ៉ា ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​លោក​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក ហើយ​ធ្វើ​តាម​ច្បាប់​របស់​លោក។ (​ចោ. ៣១:១២​) បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ជា​ទៀង​ទាត់។ (​សូម​អាន យ៉ូហានទី១ ៥:៣​) សូម​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។ យើង​មិន​ត្រូវ​បាត់​បង់​សោះ​ឡើយ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ពេល​យើង​បាន​រៀន​អំពី​លោក​កាល​ពី​ដើម​ដំបូង។—បប. ២:៤

១៨​. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​នាំ​ឲ្យ​យើង​ចង់​ធ្វើ​អ្វី?

១៨ ចូរ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ (​កាឡ. ២:៥​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​នាំ​ឲ្យ​យើង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​ព្រះ។ នៅ​សង្គ្រាម​ហាម៉ាគេដូន លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​ព្រះ​នឹង​ការពារ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ៤៥:៤; បប. ១៦:១៤, ១៦​) ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​សេចក្ដី​សន្យា​របស់​លោក​អំពី​ពិភព​លោក​ថ្មី នោះ​យើង​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង!—ម៉ាថ. ២៨:១៩, ២០

១៩​. ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ?

១៩ ចូរ​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​សកម្ម. ២០:២៨​) ដោយ​សារ​ព្រះ​យេហូវ៉ា​តែង​តែ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ អ្នក​ចាស់​ទុំ​គឺ​«​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ​»។ (​អេ. ៣២:១, ២​) សូម​គិត​ថា​យើង​មាន​អារម្មណ៍​សុខ​ស្រួល​យ៉ាង​ណា​ទៅ​កាល​ដែល​យើង​រក​ឃើញ​កន្លែង​ជ្រក​ពី​ខ្យល់​ខ្លាំង ឬ​រួច​ពី​ព្យុះ​សង្ឃរា​ដែល​គួរ​ឲ្យ​ខ្លាច ឬ​ពេល​យើង​រក​ឃើញ​ម្លប់​ពេល​ថ្ងៃ​ក្ដៅ! តាម​របៀប​ដូច​គ្នា ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ជំនួយ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​យើង​មាន​ការ​ពិបាក​ក្នុង​ជីវិត​ក៏​ដោយ។ ហេតុ​អ្វី​យើង​ស្ដាប់​បង្គាប់​ពួក​អ្នក​ចាស់​ទុំ? ពីព្រោះ​យើង​ឲ្យ​តម្លៃ​ចំពោះ​ពួក​គាត់​ដែល​ជា​«​អំណោយ​ជា​មនុស្ស​»​ ហើយ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ព្រម​ទាំង​គ្រិស្ត ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។—អេភ. ៤:៨; ៥:២៣; ហេ. ១៣:១៧

ចូរ​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង

២០​. បើ​អ្នក​ស្រឡាញ់​ព្រះ តើ​អ្នក​នឹង​ធ្វើ​អ្វី?

២០ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​ ដែល​ប្រាប់​យើង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ។ (​សូម​អាន យ៉ាកុប ១:២២​-​២៥​) បើ​អ្នក​ចង់​មាន​ចំណង​មិត្តភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​មិន​គ្រាន់តែ​ត្រូវ​ស្ដាប់​លោក​ប៉ុណ្ណោះ​ទេ តែ​អ្នក​ត្រូវ​ធ្វើ​អ្វី​លើស​ពី​នេះ។ (​ទំនុក. ១៩:៧​-​១១​) អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន។ ជា​ឧទាហរណ៍ ដោយ​សារ​អ្នក​ស្រឡាញ់​ព្រះ អ្នក​នឹង​ខំ​ព្យាយាម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក ហើយ​ខំ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។

២១​. តើ​អ្នក​អាច​ប្រៀប​ប្រដូច​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​អ្នក​ទៅ​នឹង​អ្វី?

២១ យើង​អធិដ្ឋាន​ជា​និច្ច​ទៅ​ព្រះ​យេហូវ៉ា ពីព្រោះ​យើង​ស្រឡាញ់​លោក។ នៅ​អ៊ីស្រាអែល ពួក​សង្ឃ​បាន​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ។ ស្តេច​ដាវីឌ​បាន​ប្រៀប​ប្រដូច​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ទៅ​នឹង​គ្រឿង​ក្រអូប ពេល​គាត់​បាន​ច្រៀង​ថា​៖ ​«​សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់[​ព្រះ​យេហូវ៉ា​] នឹង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល​បង្គំ បាន​ដូច​ជា​យញ្ញ​បូជា​ពេល​ល្ងាច​»។ (​ទំនុក. ១៤១:២; និក្ខ. ៣០:៧, ៨​) ព្រះ​យេហូវ៉ា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ។ បើ​យើង​អធិដ្ឋាន​យ៉ាង​ស្មោះ ដោយ​ចិត្ត​រាប​ទាប ហើយ​ដោយ​អរគុណ​ព្រះ នោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ក៏​នឹង​ដូច​ជា​គ្រឿង​ក្រអូប​ដែរ ហើយ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—បប. ៥:៨

២២​. តើ​យើង​នឹង​រៀន​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២២ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​ស្រឡាញ់​ព្រះ ប៉ុន្តែ​លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង។ (​ម៉ាថ. ២២:៣៧​-​៣៩​) ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​គោល​ការណ៍​របស់​លោក នេះ​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​អ្នក​ជិត​ខាង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក