ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ
តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី២
ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សីព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ ឧទាហរណ៍ សាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះខេមរិន បានទៅផ្ទះរបស់បុរសម្នាក់ឈ្មោះច័ន្ទ។
ការសង្ខេបឡើងវិញអំពីសុបិនរបស់នេប៊ូក្នេសា
ខេមរិន: សួស្តីបងច័ន្ទ តើបងសុខសប្បាយទេ? ខ្ញុំសប្បាយចិត្តមែនដែលយើងអាចជួបគ្នាម្ដងទៀត។ ខ្ញុំតែងតែចូលចិត្តការពិគ្រោះអំពីគម្ពីរជាមួយបងរៀងរាល់សប្ដាហ៍។a
ច័ន្ទ: ខ្ញុំសុខសប្បាយទេ អរគុណ។
ខេមរិន: ខ្ញុំសប្បាយចិត្តដែលឮអីចឹង។ ពេលខ្ញុំមកលេងលើកមុន យើងពិគ្រោះគ្នាអំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាជឿថា រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។b ក្នុងការពិគ្រោះនោះ យើងបានរកឃើញភ័ស្តុតាងដ៏សំខាន់មួយក្នុងទំនាយនៅជំពូកទី៤នៃសៀវភៅដានីយ៉ែលក្នុងគម្ពីរ។ តើបងចាំអំពីអ្វីដែលបានកត់ទុកក្នុងជំពូកនោះទេ?
ច័ន្ទ: គឺអំពីសុបិនរបស់ស្តេចនេប៊ូក្នេសាអំពីដើមឈើធំមួយ។
ខេមរិន: បាទត្រូវមែន។ ក្នុងសុបិនរបស់ស្តេចនេប៊ូក្នេសានោះ គាត់បានឃើញដើមឈើដ៏ធំមួយដែលបានលូតរហូតដល់មេឃ។ រួចមក គាត់បានឮសំឡេងទេវតាមួយរូបរបស់ព្រះបង្គាប់ថា ដើមឈើនោះនឹងត្រូវកាប់ផ្ដាច់។ ក៏ប៉ុន្តែ ព្រះបានមានប្រសាសន៍ថា ចំណែកឯគល់និងឫសរបស់វាត្រូវទុកឲ្យនៅជាប់ដីវិញ។ ក្រោយ«៧ខួប» ដើមឈើនោះនឹងដុះឡើងម្ដងទៀត។c យើងក៏បានពិគ្រោះអំពីមូលហេតុដែលទំនាយនោះបានកើតឡើងពីរដង។ តើទំនាយនោះបានកើតឡើងលើកទី១យ៉ាងដូចម្ដេច? តើបងចាំទេ?
ច័ន្ទ: លើកទី១ទំនាយនោះគឺទាក់ទងនឹងអ្វីដែលបានកើតឡើងចំពោះស្តេចនេប៊ូក្នេសា មែនទេ? គាត់លែងមានសតិដឹងខុសត្រូវអស់រយៈពេល៧ឆ្នាំ។
ខេមរិន: ត្រូវមែន។ ស្តេចនេប៊ូក្នេសាបានបាត់បង់សតិលែងដឹងខុសត្រូវអស់មួយរយៈពេលខ្លី ដូច្នេះការគ្រប់គ្រងរបស់គាត់បានត្រូវផ្អាក។ ប៉ុន្តែ លើកទី២ ទំនាយនោះគឺទាក់ទងនឹងអ្វីដែលបានកើតឡើងចំពោះការគ្រប់គ្រងរបស់ព្រះនៅផែនដី ដែលបានត្រូវផ្អាកអស់រយៈពេល៧ខួប។ ដូចដែលយើងបានរៀន គ្រា៧ខួបបានចាប់ផ្ដើមនៅពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស.។ ចាប់តាំងពីពេលនោះមក នៅផែនដីលែងមានស្តេចដែលតំណាងព្រះយេហូវ៉ាគ្រប់គ្រងលើរាស្ត្ររបស់លោកទៀត។ ប៉ុន្តែ នៅចុងគ្រា៧ខួប ព្រះនឹងតែងតាំងបុគ្គលនៅស្ថានសួគ៌ឲ្យគ្រប់គ្រងលើរាស្ត្ររបស់លោកវិញ។ បើនិយាយឲ្យចំទៅ រាជាណាចក្រព្រះនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ ពេលដែលគ្រា៧ខួបបានចប់។ ដូច្នេះ បើយើងអាចសម្គាល់ថាគ្រានោះមានរយៈពេលប៉ុន្មានឆ្នាំ នោះយើងនឹងដឹងអំពីពេលដែលរាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រង។ មកដល់ត្រឹមនេះ តើបងយល់ទេ?
ច័ន្ទ: បាទ ការសង្ខេបនេះជួយខ្ញុំឲ្យនឹកចាំអំពីអ្វីដែលយើងបានពិគ្រោះពីមុន។
ខេមរិន: ល្អណាស់។ ឥឡូវ សូមឲ្យយើងបន្តពិគ្រោះគ្នាទៀតអំពីរយៈពេលនៃគ្រា៧ខួប។ ខ្ញុំទើបតែបានអានអំពីប្រធាននេះម្ដងទៀត ដើម្បីរំលឹកអំពីចំណុចសំខាន់ៗ។ ខ្ញុំនឹងព្យាយាមពន្យល់បងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។
ច័ន្ទ: បាទ។
គ្រាចុងក្រោយបង្អស់ចាប់ផ្ដើមពេលគ្រា៧ខួបចប់
ខេមរិន: លើកទី១ ទំនាយនោះទាក់ទងនឹងស្តេចនេប៊ូក្នេសា ហើយគ្រា៧ខួបគឺពិតជាមានរយៈពេល៧ឆ្នាំមែន។ ប៉ុន្តែ លើកទី២ ទំនាយនោះទាក់ទងនឹងរាជាណាចក្ររបស់ព្រះ ហើយគ្រា៧ខួបនោះមានរយៈពេលយូរជាង៧ឆ្នាំ។
ច័ន្ទ: ហេតុអ្វីបងអាចសន្និដ្ឋានដូច្នេះបាន?
ខេមរិន: តើបងចាំទេ? មូលហេតុមួយគឺ គ្រា៧ខួបបានចាប់ផ្ដើម នៅពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស.។ បើយើងចាប់ផ្ដើមរាប់រយៈពេល៧ឆ្នាំចាប់ពីឆ្នាំ៦០៧ មុនគ.ស. គ្រានោះនឹងចប់នៅឆ្នាំ៦០០ មុនគ.ស.។ ប៉ុន្តែ នៅឆ្នាំ៦០០ មុនគ.ស.នោះ គ្មានព្រឹត្ដិការណ៍សំខាន់ណាមួយបានកើតឡើងដែលទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះឡើយ។ មូលហេតុមួយទៀតគឺ រាប់រយឆ្នាំក្រោយមក ពេលលោកយេស៊ូនៅផែនដី លោកបានបញ្ជាក់ថា គ្រា៧ខួបនោះមិនទាន់ចប់នៅឡើយទេ។
ច័ន្ទ: អូ ឥឡូវខ្ញុំនឹកឃើញហើយ។
ខេមរិន: ដូច្នេះ គ្រា៧ខួបមិនមែនជារយៈពេល៧ឆ្នាំទេ ប៉ុន្តែគ្រានោះគឺមានរយៈពេលយូរជាង។
ច័ន្ទ: អីចឹង តើមានរយៈពេលប៉ុន្មានឆ្នាំទៅ?
ខេមរិន: ក្នុងគម្ពីរ សៀវភៅការបើកបង្ហាញដែលជាប់ទាក់ទងនឹងសៀវភៅដានីយ៉ែល ជួយយើងឲ្យដឹងច្បាស់អំពីរយៈពេលនៃគ្រា៧ខួបនោះ។ សៀវភៅការបើកបង្ហាញប្រាប់ថា គ្រាបីខួបកន្លះមានរយៈពេល១.២៦០ថ្ងៃ។d ដូច្នេះ គ្រា៧ខួបគឺស្មើនឹងគ្រាបីខួបកន្លះគុណនឹងពីរ ហើយនោះមានរយៈពេល២.៥២០ថ្ងៃ។ មកដល់ត្រឹមនេះ តើបងយល់ទេ?
ច័ន្ទ: បាទ ខ្ញុំយល់។ ប៉ុន្តែ ខ្ញុំមិនយល់អំពីរបៀបដែលរឿងនេះទាក់ទងនឹងពេលដែលរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ទេ។
ខេមរិន: បាទ ឥឡូវសូមឲ្យយើងពិនិត្យមើលអំពីរឿងនោះ។ នៅពេលខ្លះ ទំនាយក្នុងគម្ពីររាប់១ថ្ងៃទុកជា១ឆ្នាំ។e ដូច្នេះ បើយើងរាប់១ថ្ងៃទុកជា១ឆ្នាំ នោះគ្រា៧ខួបគឺមានរយៈពេល២.៥២០ឆ្នាំ។ បើយើងចាប់ផ្ដើមរាប់២.៥២០ឆ្នាំចាប់ពីឆ្នាំ៦០៧ មុនគ.ស. នោះគ្រា៧ខួបនឹងចប់នៅឆ្នាំ១៩១៤។f នេះជារបៀបដែលយើងជឿថាគ្រា៧ខួបបានចប់នៅឆ្នាំ១៩១៤ ហើយជាឆ្នាំដែលលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ។ បន្ថែមទៅទៀត គួរឲ្យកត់សម្គាល់ថាតាំងពីឆ្នាំ១៩១៤មានព្រឹត្ដិការណ៍ធំៗជាច្រើនក្នុងពិភពលោក ហើយគម្ពីរបានទាយថាព្រឹត្ដិការណ៍ទាំងនោះជាភ័ស្តុតាងនៃគ្រាចុងក្រោយបង្អស់។
ច័ន្ទ: តើមានព្រឹត្ដិការណ៍អ្វីខ្លះទៅបង?
ខេមរិន: សូមឲ្យយើងពិចារណាអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅ ម៉ាថាយ ២៤:៧។ ស្តីអំពីពេលដែលលោកនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ នោះលោកបានមានប្រសាសន៍ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង»។ សូមកត់សម្គាល់ថា លោកយេស៊ូបានប្រកាសទុកជាមុនថា នឹងមានការអត់ឃ្លាននិងរញ្ជួយដីនៅគ្រាដែលលោកនឹងចាប់ផ្ដើមគ្រប់គ្រង។ យើងឃើញថាក្នុងអំឡុងពេល១០០ឆ្នាំកន្លងមក មនុស្សជាតិពិតជាបានឃើញព្រឹត្ដិការណ៍ទាំងនោះ មែនទេ?
ច័ន្ទ: បាទ ពិតមែន។
ខេមរិន: បន្ថែមទៀត ក្នុងខនេះ លោកយេស៊ូបានប្រាប់ថា អំឡុងពេលដែលលោកគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ ក៏នឹងមានសង្គ្រាមដែរ។ ប៉ុន្តែ សៀវភៅការបើកបង្ហាញមិនគ្រាន់តែប្រាប់ថា នៅគ្រាចុងក្រោយបង្អស់ នឹងមានសង្គ្រាមក្នុងប្រទេសមួយប៉ុណ្ណោះទេ តែនឹងមានសង្គ្រាមទូទាំងពិភពលោក។g តើសង្គ្រាមលោកលើកទី១បានចាប់ផ្ដើមនៅឆ្នាំណា? តើបងចាំទេ?
ច័ន្ទ: គឺនៅឆ្នាំ១៩១៤ នោះជាឆ្នាំដែលបងប្រាប់ថាលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រង! ខ្ញុំមិនដែលដឹងថារឿងនោះទាក់ទងគ្នាដូច្នេះសោះ។
ខេមរិន: នៅពេលយើងពិនិត្យមើលទំនាយក្នុងគម្ពីរអំពីគ្រា៧ខួប និងទំនាយឯទៀតអំពីគ្រាចុងក្រោយបង្អស់ នោះយើងអាចដឹងអំពីពេលដែលលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌។ សាក្សីព្រះយេហូវ៉ាជឿជាក់ថា លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ហើយក៏ជឿដែរថាគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមនៅឆ្នាំនោះ។h
ច័ន្ទ: ខ្ញុំកំពុងខំព្យាយាមយល់នូវអ្វីដែលយើងបានពិភាក្សាថ្ងៃនេះ។
ខេមរិន: ខ្ញុំពិតជាយល់អំពីអារម្មណ៍របស់បង។ ដូចខ្ញុំប្រាប់បងពីមុន ខ្ញុំមិនបានយល់អំពីរឿងនេះភ្លាមៗទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ការពិគ្រោះគ្នាថ្ងៃនេះបានជួយបងឲ្យយល់ថា ទោះបីជាគម្ពីរមិនបានបញ្ជាក់ច្បាស់អំពីឆ្នាំ១៩១៤ក្ដី តែដោយមានមូលដ្ឋានលើគម្ពីរ សាក្សីព្រះយេហូវ៉ាពិតជាជឿថា រាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំនោះមែន។
ច័ន្ទ: បាទ ខ្ញុំពិតជាកោតស្ងើចណាស់ ដោយសារបងតែងតែប្រើគម្ពីរដើម្បីពន្យល់អំពីជំនឿរបស់បង មិនមែនពីគំនិតរបស់ខ្លួនឡើយ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា ហេតុអ្វីរឿងនេះពិបាកយល់ម្ល៉េះ? ហេតុអ្វីក្នុងគម្ពីរព្រះមិនប្រាប់យើងឲ្យចំៗថា នៅឆ្នាំ១៩១៤ លោកយេស៊ូនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌?
ខេមរិន: នេះពិតជាសំណួរល្អមែនបង។ តាមពិតក្នុងគម្ពីរ មានរឿងជាច្រើនដែលព្រះមិនបានមានប្រសាសន៍ចំៗទេ។ ដូច្នេះ ហេតុអ្វីព្រះបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរតាមរបៀបមួយដែលយើងពិបាកយល់ម្ល៉េះ? ប្រហែលជាពេលខ្ញុំមកជួបបងលើកក្រោយ យើងអាចពិគ្រោះសំណួរនេះ បានទេ?
ច័ន្ទ: បាទបាន។
តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿឬការប្រព្រឹត្តណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយនឹងលោកអ្នកអំពីរឿងនោះ។
a តាមរយៈកម្មវិធីបង្រៀនគម្ពីរតាមផ្ទះ សាក្សីព្រះយេហូវ៉ាពិគ្រោះគម្ពីរជាមួយនឹងម្ចាស់ផ្ទះជាច្រើនពីប្រធានបទមួយទៅប្រធានបទមួយ។
b សូមមើលអត្ថបទ«ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ: តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី១» ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១៤។
c សូមមើល ដានីយ៉ែល ៤:២៣-២៥។
d សូមមើល ការបើកបង្ហាញ ១២:៦, ១៤។
e សូមមើល ជនគណនា ១៤:៣៤; អេសេគាល ៤:៦។
f សូមមើលតារាង«សុបិនរបស់នេប៊ូក្នេសាអំពីដើមឈើធំមួយ»។
g សូមមើល ការបើកបង្ហាញ ៦:៤។
h សូមមើលជំពូកទី៩ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
សុបិនរបស់នេប៊ូក្នេសាអំពីដើមឈើធំមួយរបៀបដែលសុបិននោះទាក់ទងនឹងរាជាណាចក្ររបស់ព្រះ
អត្ថន័យដែលជានិមិត្តរូបនៃទំនាយ
ដើមឈើដ៏ធំមួយ (ដានីយ៉ែល ៤:១០, ១១)
«ចូរកាប់ដើមឈើនេះ» (ដានីយ៉ែល ៤:១៤)
«ឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប» (ដានីយ៉ែល ៤:១៦)
«រាជ្យទ្រង់នឹងបាន ទុកនៅ» (ដានីយ៉ែល ៤:២៦)
ការគ្រប់គ្រង
ការគ្រប់គ្រងបានត្រូវផ្អាក
ចន្លោះពេល
ការគ្រប់គ្រងបានត្រូវស្ថាបនាឡើងវិញ
ទំនាយដែលបានកើតឡើងលើកទី១
ទំនាយដែលបានកើតឡើងលើកទី២
ស្តេចបាប៊ីឡូនឈ្មោះនេប៊ូក្នេសា
មួយរយៈក្រោយពីឆ្នាំ៦០៦ មុនគ.ស. នេប៊ូក្នេសាបាត់បង់សតិដឹងខុសត្រូវ ហើយមិនអាចគ្រប់គ្រងជាស្តេចទៀត
៧ឆ្នាំ
នេប៊ូក្នេសាមានសតិដឹងខុសត្រូវឡើងវិញ ហើយចាប់ផ្ដើមគ្រប់គ្រងជាស្តេចម្ដងទៀត
ស្តេចរបស់សាសន៍អ៊ីស្រាអែលដែលតំណាងការគ្រប់គ្រងរបស់ព្រះ
ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល ហើយលែងមានស្តេចរបស់សាសន៍អ៊ីស្រាអែលទៀត
ខែតុលា
ឆ្នាំ៦០៧ មុនគ.ស.
២.៥២០ឆ្នាំ
មុនគ.ស.
៦០៦ ១/៤ ឆ្នាំ
គ.ស.
១.៩១៣ ៣/៤ ឆ្នាំ
«ក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លី . . . រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់» (លូកា ២១:២៤)
លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌
ខែតុលា
ឆ្នាំ១៩១៤ គ.ស.