ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ
ហេតុអ្វីលោកអ្នកគួរពិនិត្យមើលអ្វីដែលបានចែងក្នុងគម្ពីរ?
ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សីព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ សូមយើងស្រមៃគិតថាសាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះវិបុល កំពុងសន្ទនាជាមួយនឹងបុរសម្នាក់ឈ្មោះរិទ្ធ។
គម្ពីរមានប្រវត្ដិសាស្ត្រដែលត្រឹមត្រូវ
រិទ្ធ: ខ្ញុំចង់ប្រាប់បងថាខ្ញុំមិនមែនជាអ្នកកាន់សាសនាទេ។ ដូច្នេះ យើងគ្មានអ្វីត្រូវនិយាយគ្នាទេ។
វិបុល: អរគុណបងដែលបានប្រាប់ខ្ញុំ។ ខ្ញុំឈ្មោះវិបុល។ ចុះបងវិញ?
រិទ្ធ: ខ្ញុំឈ្មោះរិទ្ធ។
វិបុល: រីករាយដែលបានស្គាល់បង។
រិទ្ធ: ខ្ញុំក៏រីករាយដែរ។
វិបុល: និយាយអ៊ីចឹង តើបងធំឡើងក្នុងក្រុមគ្រួសារដែលមានជំនឿទៅលើសាសនាទេ?
រិទ្ធ: បាទ។ តែពេលខ្ញុំចូលរៀនមហាវិទ្យាល័យ ខ្ញុំលែងមានទំនាក់ទំនងនឹងសាសនាទៀត។
វិបុល: អ៊ីចឹង? ចុះនៅមហាវិទ្យាល័យ តើបងរៀនផ្នែកអីដែរ?
រិទ្ធ: ខ្ញុំរៀនខាងប្រវត្ដិសាស្ត្រនិងសង្គម។ ខ្ញុំច្រើនតែចូលចិត្តប្រវត្ដិសាស្ត្រ ពីព្រោះយើងអាចដឹងអំពីការរីកចម្រើននៃសង្គមមនុស្ស។
វិបុល: បាទ ប្រវត្ដិសាស្ត្រពិតជាគួរឲ្យចាប់អារម្មណ៍មែន! បងប្រហែលជាដឹងហើយថា គម្ពីរក៏ជាសៀវភៅប្រវត្ដិសាស្ត្រដែរ។ តើបងធ្លាប់ស្រាវជ្រាវព័ត៌មានក្នុងគម្ពីរឬទេ?
រិទ្ធ: អត់ធ្លាប់ផង។ ខ្ញុំដឹងថាគម្ពីរជាសៀវភៅល្អមួយ តែខ្ញុំមិនដែលគិតសោះថាគម្ពីរជាសៀវភៅប្រវត្ដិសាស្ត្រ។
វិបុល: ខ្ញុំឃើញថាបងជាមនុស្សដែលមានទស្សនៈទូលំទូលាយ។ បើបងមានប៉ុន្មាននាទី ខ្ញុំចង់បង្ហាញឧទាហរណ៍ខ្លះស្តីអំពីកំណត់ហេតុប្រវត្ដិសាស្ត្រដ៏ត្រឹមត្រូវដែលមានក្នុងគម្ពីរ។ បានទេបង?
រិទ្ធ: បាទបាន។ តែខ្ញុំអត់មានគម្ពីរផង។
វិបុល: បាទ មិនអីទេ។ ខ្ញុំអាចបង្ហាញបងពីគម្ពីររបស់ខ្ញុំបាន។ ឧទាហរណ៍មួយនៅរបាក្សត្រទី១ ជំពូកទី២៩ ខ២៦និង២៧។ ខទាំងនេះអានថា៖ «រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យ លើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ»។
រិទ្ធ: តើរឿងនោះបង្ហាញពីប្រវត្ដិសាស្ត្រត្រឹមត្រូវយ៉ាងម៉េចទៅ?
វិបុល: បាទ នៅពេលមួយ អ្នកដែលរិះគន់គម្ពីរមិនបានទទួលស្គាល់ថាមានស្តេចដាវីឌក្នុងប្រវត្ដិសាស្ត្រនោះទេ។
រិទ្ធ: អ៊ីចឹង? ហេតុអីពួកគេគិតដូច្នោះ?
វិបុល: ដោយសារមិនសូវមានភ័ស្តុតាងដែលបញ្ជាក់ថាមានស្តេចដាវីឌនោះទេ។ ប៉ុន្តែ នៅឆ្នាំ១៩៩៣ ក្រុមបុរាណវត្ថុវិទូបានជីករកឃើញផ្ទាំងថ្មពីសម័យបុរាណដែលមានអក្សរចារឹកដែលបានត្រូវបកប្រែថា«ដំណាក់របស់ដាវីឌ»។
រិទ្ធ: រឿងនេះគួរឲ្យចាប់អារម្មណ៍មែន!
វិបុល: ហើយបុគ្គលម្នាក់ទៀតដែលគេមិនទទួលស្គាល់ថាធ្លាប់មានក្នុងប្រវត្ដិសាស្ត្រនោះ គឺប៉ុនទាសពីឡាតដែលជាអភិបាលតំបន់យូឌាម្នាក់នៅសម័យលោកយេស៊ូ។ ប៉ុន្តែ នៅលូកាជំពូកទី៣ ខ១បានរៀបរាប់អំពីប៉ុនទាសពីឡាតដែលជាអភិបាលម្នាក់នៅសម័យនោះ។ សូមបងជួយអាន បានទេ?
រិទ្ធ: បាទ បាន។ ខនេះអានថា៖ «ពេលដែលប៉ុនទាសពីឡាតជាអភិបាលតំបន់យូឌា ហើយហេរ៉ូឌជាអភិបាលស្រុកកាលីឡេ»។
វិបុល: អរគុណបង។ អស់ជាច្រើនឆ្នាំ បណ្ឌិតខ្លះបានសង្ស័យថាធ្លាប់មានប៉ុនទាសពីឡាតមែនឬមិនមែន។ ប៉ុន្តែ ប្រហែលជា៥០ឆ្នាំមុន នៅមជ្ឈិមបូព៌ាប្រទេស គេបានរកឃើញផ្ទាំងថ្មមួយដែលមានឈ្មោះប៉ុនទាសពីឡាតចារឹកនៅលើនោះ។
រិទ្ធ: អ្ហឺម ខ្ញុំមិនធ្លាប់ឮព័ត៌មានល្អិតល្អន់ដូចនោះពីមុនទេ។
វិបុល: ខ្ញុំរីករាយណាស់ដែលបានប្រាប់ព័ត៌មាននោះដល់បង។
រិទ្ធ: បើនិយាយឲ្យត្រង់ទៅ ខ្ញុំតែងតែចាត់ទុកគម្ពីរជាសៀវភៅអក្សរសាស្ត្រ តែខ្ញុំមិនដែលគិតថាគម្ពីរទាក់ទងនឹងជីវិតយើងសព្វថ្ងៃនេះទេ។ គម្ពីរប្រហែលជាមានប្រវត្ដិសាស្ត្រត្រឹមត្រូវមែន ប៉ុន្តែខ្ញុំគិតថាគម្ពីរមិនមានប្រយោជន៍សម្រាប់យើងឡើយ។
គម្ពីរជាសៀវភៅបុរាណតែនៅតែមានប្រយោជន៍
វិបុល: មនុស្សជាច្រើនទំនងជាយល់ស្របនឹងពាក្យនោះ។ ប៉ុន្តែ ខ្ញុំមិនជឿអ៊ីចឹងទេ ពីព្រោះតាំងពីសម័យមុនៗរហូតមកដល់សម័យនេះ តម្រូវការសំខាន់របស់មនុស្សមិនបានផ្លាស់ប្ដូរទេ។ ជាឧទាហរណ៍ យើងតែងតែត្រូវការអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ។ យើងក៏ត្រូវការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សឯទៀត ហើយចង់ឲ្យក្រុមគ្រួសារយើងមានសុភមង្គលដែរ។ ដូច្នេះ អ្វីៗទាំងនោះពិតជាសំខាន់ចំពោះយើង មែនទេបង?
រិទ្ធ: បាទមែន។
វិបុល: គម្ពីរអាចជួយយើងក្នុងរឿងទាំងអស់នេះ។ ហេតុនេះ យើងអាចនិយាយថាគម្ពីរជាសៀវភៅបុរាណតែនៅតែមានប្រយោជន៍។
រិទ្ធ: បងចង់មានន័យអ្វី?
វិបុល: ខ្ញុំចង់មានន័យថា គម្ពីរមានគោលការណ៍ជាច្រើនដែលនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ ទោះបីជាបានត្រូវសរសេរអស់ច្រើនសតវត្សរ៍ហើយក៏ដោយ។
គម្ពីរមានគោលការណ៍សំខាន់ៗដែលនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ ទោះបីជាបានសរសេរទុកអស់ច្រើនសតវត្សរ៍ហើយក៏ដោយ
រិទ្ធ: តើមានប្រយោជន៍អ្វីខ្លះបង?
វិបុល: គោលការណ៍គម្ពីរជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះរឿងលុយកាក់ សុភមង្គលក្រុមគ្រួសារ និងការធ្វើជាមិត្តល្អម្នាក់។ គម្ពីរប្រៀបដូចជាត្រីវិស័យដែលនាំយើងឲ្យទៅដល់ទិសដៅដែលយើងចង់ទៅ។ បងច្បាស់ជាយល់ស្របថា ការធ្វើជាប្ដីល្អនិងមេគ្រួសារល្អគឺជាការពិបាកនៅសព្វថ្ងៃនេះ មែនទេ?
រិទ្ធ: បាទមែន ខ្ញុំក៏យល់អ៊ីចឹងដែរ។ ខ្ញុំនិងប្រពន្ធខ្ញុំបានរៀបការជិតមួយឆ្នាំហើយ តែយើងមិនតែងតែមានគំនិតស្របគ្នាជានិច្ចនោះទេ។
វិបុល: ប៉ុន្តែ គម្ពីរមានគោលការណ៍ល្អដែលអាចជួយបាន។ សូមអានជាមួយគ្នានៅអេភេសូរ ជំពូកទី៥ ខ២២, ២៣ និង២៨។ សូមបងជួយអានបានទេ?
រិទ្ធ: បាទបាន។ ខនេះអានថា៖ «ចូរឲ្យប្រពន្ធចុះចូលនឹងប្ដី ដូចចុះចូលនឹងលោកម្ចាស់ ពីព្រោះប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ»។ ខ២៨អានថា៖ «យ៉ាងនោះ ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង»។
វិបុល: អរគុណបង។ បើប្ដីប្រពន្ធព្យាយាមធ្វើតាមឱវាទដ៏ល្អនេះ ពួកគេនឹងមានសុភមង្គលច្រើនជាង មែនទេ?
រិទ្ធ: បាទមែន។ និយាយគឺស្រួល តែធ្វើតាមគឺពិបាក។
វិបុល: មែន គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។ តាមពិត ប៉ុន្មានទំព័របន្ទាប់មកមានខមួយដែលលើកទឹកចិត្តយើងឲ្យធ្វើជាមនុស្សសមហេតុសមផល។a ក្នុងទំនាក់ទំនងប្ដីប្រពន្ធ យើងត្រូវចេះយល់អធ្យាស្រ័យគ្នានិងមានតុល្យភាព។ ខ្ញុំនិងប្រពន្ធខ្ញុំបានសង្កេតឃើញថា គម្ពីរអាចជួយយើងឲ្យមានតុល្យភាព។
រិទ្ធ: នេះស្ដាប់ទៅដូចជាល្អ។
វិបុល: សាក្សីព្រះយេហូវ៉ាមានគេហទំព័រមួយដែលមានព័ត៌មានល្អៗ ស្តីអំពីចំណងអាពាហ៍ពិពាហ៍និងជីវិតគ្រួសារ។ បើបងមានពេលតែពីរបីនាទីទៀត ខ្ញុំអាចបង្ហាញបងអំពីគេហទំព័រនោះ។
រិទ្ធ: បាទបាន។
វិបុល: គេហទំព័រនោះគឺwww.jw.org។ នេះគឺជាទំព័រដើម។
រិទ្ធ: អូ រូបភាពនេះស្អាត។
វិបុល: បាទ រូបភាពទាំងនោះបង្ហាញអំពីការផ្សព្វផ្សាយដែលយើងធ្វើនៅទូទាំងពិភពលោក។ ក្នុងគេហទំព័រមានផ្នែកមួយហៅថា«សៀវភៅផ្សេងៗ»។ ក្នុងផ្នែកនោះ បងអាចរកឃើញទស្សនាវដ្ដីនិងសៀវភៅឯទៀតដែលពន្យល់អំពីប្រធានបទខុសៗគ្នា រួមទាំងជីវិតគ្រួសារដែរ។ ជាឧទាហរណ៍ សូមយើងមើលសៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! មេរៀនមួយក្នុងសៀវភៅនេះមានចំណងជើងថា«តើក្រុមគ្រួសាររបស់លោកអ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច?»។
រិទ្ធ: នេះជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍មែន។ ខ្ញុំចង់ដឹងចម្លើយ!
វិបុល: មេរៀននេះមានចំណុចខ្លះៗដែលអាចជួយបងឲ្យមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ សូមកត់សម្គាល់វគ្គដែលនៅក្រោមសំណួរទី២។ សូមបងជួយអានបីឃ្លាចុងក្រោយ បានទេ?
រិទ្ធ: បាទបាន។ ឃ្លានេះអានថា៖ «ប្ដីប្រពន្ធគួរស្រឡាញ់និងគោរពគ្នាទៅវិញទៅមក។ ប្ដីប្រពន្ធទាំងឡាយជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ នោះពួកគាត់ត្រូវរៀនឲ្យចេះអត់ឱនទោសគ្នាទៅវិញទៅមក»។ ខ្ញុំយល់ស្រប។
វិបុល: អរគុណបង។ នៅទីនេះមានបទគម្ពីរខ្លះ តែយើងអានជាមួយគ្នាអេភេសូរ ៥:៣៣។ នេះសូមបងជួយអានបានទេ?
រិទ្ធ: អានថា៖ «ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។
វិបុល: តើបងឃើញឬទេ ថាខនេះផ្ដោតទៅលើការឲ្យគូរបស់យើងនូវអ្វីដែលយើងចង់ទទួលពីគាត់?
រិទ្ធ: ខ្ញុំមិនសូវយល់ទេបង។
វិបុល: បាទ ខ្ញុំចង់មានន័យថា ប្ដីរមែងចង់ឲ្យប្រពន្ធគោរពគាត់ ហើយប្រពន្ធក៏ចង់ឲ្យប្ដីស្រឡាញ់គាត់យ៉ាងខ្លាំងវិញដែរ មែនទេ?
រិទ្ធ: បាទ ខ្ញុំយល់ស្រប។
វិបុល: អ៊ីចឹង បើប្ដីតែងតែរកឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដល់ប្រពន្ធគាត់ នោះប្រពន្ធនឹងស្រួលបង្ហាញការគោរពចំពោះគាត់វិញ មែនទេ?
រិទ្ធ: បាទមែន។
វិបុល: ទោះបីខគម្ពីរនេះបានត្រូវសរសេរជិត២.០០០ឆ្នាំហើយក៏ដោយ ខនេះសំដៅទៅលើអ្វីដែលគូអាពាហ៍ពិពាហ៍ត្រូវធ្វើ ហើយផ្ដល់ឱវាទដែលមានប្រយោជន៍ដល់ពួកគេ។ បើពួកគេធ្វើតាមឱវាទនោះ ពួកគេនឹងមានសុភមង្គល។
រិទ្ធ: ឥឡូវ ខ្ញុំទទួលស្គាល់ថា គម្ពីរមានប្រយោជន៍ច្រើនជាងខ្ញុំបានគិតទៅទៀត។
វិបុល: ខ្ញុំរីករាយណាស់ដែលបងគិតអ៊ីចឹង។ ខ្ញុំចង់ជួបបងម្ដងទៀតដើម្បីដឹងអំពីទស្សនៈរបស់បងចំពោះសំណួរទី៣ «បើលោកអ្នកគ្មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ តើលោកអ្នកគួរចុះចោលគូរបស់ខ្លួនឬទេ?» ដែលមានក្នុងអត្ថបទដដែលនៅគេហទំព័ររបស់យើង។b
រិទ្ធ: បាទបាន ហើយខ្ញុំនិងប្រពន្ធខ្ញុំនឹងមើលជាមួយគ្នា។
តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿឬការប្រព្រឹត្តណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយនឹងលោកអ្នកអំពីរឿងនោះ។
b សូមមើលជំពូកទី១៤ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។