បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១០ ទំ. ១០-១២
  • ខ្ញុំបានរកឃើញអ្វីមួយដែលប្រសើរជាងភាពល្បីល្បាញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំបានរកឃើញអ្វីមួយដែលប្រសើរជាងភាពល្បីល្បាញ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • ការ​នឹក​ចាំ​អំពី​ជំនឿ​ដែល​ខ្ញុំ​មាន​នៅ​គ្រា​កុមារ
  • ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះ​វិញ
  • អ្វី​ដែល​ប្រសើរ​ជាង​ភាព​ល្បី​ល្បាញ
  • អំណរ​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១០ ទំ. ១០-១២

ជីវប្រវត្ដិ

ខ្ញុំ​បាន​រក​ឃើញ​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ភាព​ល្បី​ល្បាញ

រៀប​រាប់​ដោយ មីនណឺ ហុង ហ្គូឌិនហ្ស៊ី

នៅ​រាត្រី​មួយ​នា​ឆ្នាំ​១៩៨៤ ខ្ញុំ​ជា​យុវតី​ធម្មតា​ម្នាក់​បាន​ប្រែ​ក្លាយ​ជា​តារា​មួយ​ដួង។ ខ្ញុំ​បាន​ទទួល​តំណែង​ជា​បវរ​កញ្ញា​ឯក​ប្រចាំ​ក្រុង​ហុងកុង។ រូប​ថត​របស់​ខ្ញុំ​បាន​ត្រូវ​គេ​ចុះ​ផ្សាយ​លើ​ទំព័រ​ដើម​ក្នុង​ទស្សនាវដ្ដី​និង​សារ​ព័ត៌មាន​នានា។ ខ្ញុំ​បាន​រាំ ច្រៀង និង​ថ្លែង​ការណ៍​ក្នុង​ពិធី​សំខាន់​ៗ ព្រម​ទាំង​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ទៀត​ផង។ ខ្ញុំ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស្អាត​ៗ និង​បង្ហាញ​ខ្លួន​ជា​មួយ​មនុស្ស​សំខាន់​ៗ ដូច​ជា​អភិបាល​ក្រុង​ហុងកុង​ជា​ដើម។

មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​សម្ដែង​ភាពយន្ត ហើយ​ច្រើន​លើក​ខ្ញុំ​សម្ដែង​ជា​តួ​ឯក។ អ្នក​កាសែត​ចង់​សរសេរ​ជីវប្រវត្ដិ​របស់​ខ្ញុំ​ក្នុង​សារ​ព័ត៌មាន​របស់​ពួក​គេ។ ចំណែក​អ្នក​ថត​រូប​វិញ ចង់​ថត​រូប​ខ្ញុំ​ដើម្បី​ចុះ​ផ្សាយ។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បើក​កម្ម​វិធី និង​ជា​អ្នក​កាត់​ខ្សែ​បូ​ក្នុង​ពិធី​សម្ពោធ​ណា​មួយ។ អ្នក​ខ្លះ​ទៀត​ចង់​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​រួម​ពិធី​ជប់​លៀង​ពិសា​អាហារ។ នៅ​កន្លែង​ណា​ដែល​ខ្ញុំ​ទៅ មនុស្ស​តែង​តែ​ផ្ដោត​អារម្មណ៍​មក​លើ​ខ្ញុំ​ជា​និច្ច។

បន្ដិច​ម្ដង​ៗ ខ្ញុំ​បាន​ឃើញ​ថា​អ្វី​ៗ​ទាំង​នេះ​មិន​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត ដូច​ដែល​ខ្ញុំ​ធ្លាប់​ស្រមៃ​គិត​នោះ​ទេ។ ជា​ទូ​ទៅ ខ្ញុំ​សម្ដែង​ភាពយន្ត​ដែល​មាន​ការ​បាញ់​និង​វាយ​តប់​គ្នា ហើយ​ការ​សម្ដែង​នោះ​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់។ ក្នុង​ភាពយន្ត​ហុងកុង អ្នក​ដឹក​នាំ​រឿង​មិន​ប្រើ​តួ​ជំនួស​ដូច​តួ​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ច្រើន​តែ​ធ្វើ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​ត្រូវ​សម្ដែង​ផ្ទាល់​តែ​ម្ដង ដូច​ជា​បើក​ម៉ូតូ​លើ​ឡាន​ជា​ដើម។ ភាពយន្ត​ជា​ច្រើន​ដែល​ខ្ញុំ​សម្ដែង មាន​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​ឃោរ​ឃៅ។ ភាពយន្ត​ខ្លះ​ទៀត​ជា​រឿង​ខ្មោច។

នៅ​ឆ្នាំ​១៩៩៥ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​ចាង​ហ្វាង​ផលិតភាព​យន្ត​ម្នាក់។ ខ្ញុំ​មើល​ទៅ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល ដូច​ជា​ភាព​ល្បី​ល្បាញ ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ និង​មាន​ប្ដី​ដែល​ចេះ​ស្រឡាញ់​ខ្ញុំ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បែរ​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​ក្រៀម​ក្រំ​ចិត្ត​ទៅ​វិញ។ ក្រោយ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​សម្ដែង​ភាពយន្ត​ទៀត។

ការ​នឹក​ចាំ​អំពី​ជំនឿ​ដែល​ខ្ញុំ​មាន​នៅ​គ្រា​កុមារ

ខ្ញុំ​បាន​ចាប់​ផ្ដើម​នឹក​ចាំ​អំពី​ជំនឿ​ដែល​ខ្ញុំ​មាន​ទៅ​លើ​ព្រះ កាល​ដែល​ខ្ញុំ​នៅ​ជា​កុមារ។ កាល​ណោះ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ ខ្ញុំ​និង​បង​ស្រី​របស់​ខ្ញុំ​បាន​ទៅ​លេង​គ្រួសារ​មួយ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ឪពុក​ឈ្មោះ​ចូ មើហ្គ្រាស គាត់​បាន​បង្រៀន​គម្ពីរ​ដល់​កូន​ស្រី​បី​នាក់​របស់​គាត់ ព្រម​ទាំង​ខ្ញុំ​ពីរ​នាក់​ដែរ។ ក្រុម​គ្រួសារ​របស់​ពួក​គាត់​មាន​ភាព​កក់​ក្ដៅ​និង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​«​ពូ​ចូ​»​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​និង​កូន​ៗ​ដោយ​គោរព។ ខ្ញុំ​ក៏​ចូល​ចិត្ត​ទៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ ពេល​ខ្លះ យើង​ទៅ​ចូល​រួម​សន្និបាត​ធំ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន។ គ្រា​ទាំង​នោះ​ជា​គ្រា​ដ៏​សប្បាយ​មែន។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា។

ផ្ទុយ​ស្រឡះ​ពី​នោះ មាន​រឿង​អាក្រក់​ជា​ច្រើន​កើត​ឡើង​ចំពោះ​ខ្ញុំ​ក្នុងគ្រួសារ។ របៀប​រស់​នៅ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​ពិបាក​ចិត្ត​និង​កើត​ទុក្ខ​ជា​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​១០​ឆ្នាំ ម្ដាយ​របស់​ខ្ញុំ​បាន​ឈប់​ទាក់​ទង​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា តែ​ខ្ញុំ​នៅ​តែ​បន្ត ប៉ុន្តែ​មិន​មែន​ស្មោះ​អស់​ពី​ចិត្ត​ទេ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​មាន​អាយុ​១៧​ឆ្នាំ។ មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខុស​ពី​គោល​ការណ៍​គម្ពីរ ហើយ​នៅ​ទី​បំផុត​លែង​ជា​សមាជិក​ក្រុម​ជំនុំ​ទៀត។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះ​វិញ

បន្ដិច​ក្រោយ​ពី​ខ្ញុំ​បាន​រៀប​ការ អ្នក​ត្រួត​ពិនិត្យ​ពីរ​នាក់​ពី​ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ បាន​មក​លេង​ខ្ញុំ។ ពួក​គាត់​បាន​ពន្យល់​ខ្ញុំ​អំពី​របៀប​ដែល​ខ្ញុំ​អាច​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ ហើយ​ពួក​គាត់​បាន​ចាត់​សាសនទូត​ម្នាក់​ឈ្មោះ​ស៊ីនឌី ឲ្យ​ជួយ​ខ្ញុំ។ នៅ​ពេល​នោះ ខ្ញុំ​លែង​មាន​ជំនឿ​ដូច​ពី​មុន​ទៀត​ហើយ។ ដូច្នេះ ខ្ញុំ​បាន​សុំ​ស៊ីនឌី​បង្ហាញ​ទី​សំអាង​ដល់​ខ្ញុំ ដែល​បញ្ជាក់​ថា​គម្ពីរ​ពិត​ជា​បណ្ដាំ​របស់​ព្រះ​មែន។ គាត់​បាន​បង្ហាញ​ខ្ញុំ​អំពី​ទំនាយ​ខ្លះ​ៗ​ក្នុង​គម្ពីរ​ដែល​បាន​កើត​ឡើង​រួច​ហើយ។ បន្ដិច​ម្ដង​ៗ ខ្ញុំ​និង​គាត់​បាន​ក្លាយ​ទៅ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ​ជា​មួយ​នឹង​គាត់។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ នៅ​ពេល​នោះ​ហើយ និង​ជា​លើក​ទី១​ដែល​ខ្ញុំ​បាន​យល់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​ចង់​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ពិត។

ពេល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ម្ដង​ទៀត ខ្ញុំ​ឃើញ​ថា​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ជាង​នៅ​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ក្នុង​វិស័យ​ភាពយន្ត។ ប៉ុន្តែ បទ​ពិសោធន៍​របស់​ខ្ញុំ​កាល​ពី​នៅ​ក្មេង ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​ទុក​ចិត្ត​អ្នក​ណា​ម្នាក់​ឡើយ ហើយ​ខ្ញុំ​ក៏​ពិបាក​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ដែរ។ សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ជួយ​ខ្ញុំ ដោយ​បង្ហាញ​ខ្ញុំ​ពី​គម្ពីរ​អំពី​របៀប​យក​ឈ្នះ​អារម្មណ៍​បែប​នោះ ហើយ​ខ្ញុំ​ក៏​បាន​រៀន​បង្កើត​មិត្តភាព​ពិត​ប្រាកដ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែរ។

អ្វី​ដែល​ប្រសើរ​ជាង​ភាព​ល្បី​ល្បាញ

នៅ​ឆ្នាំ​១៩៩៧ ខ្ញុំ​និង​ប្ដី​ខ្ញុំ​បាន​រើ​ទៅ​រស់​នៅ​ក្រុង​ហូលីវូដ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក។ នៅ​ទី​នោះ ខ្ញុំ​បាន​រួម​ចំណែក​ច្រើន​ជាង​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ ការ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្កប់​ចិត្ត​ជាង បើ​ប្រៀប​នឹង​ភាព​ល្បី​ល្បាញ​ដែល​មក​ពី​ការ​សម្ដែង​ភាពយន្ត។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០២ ខ្ញុំ​បាន​ណាត់​ជួប​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ចាស់​ម្នាក់​ឈ្មោះ​ឆៀរី ដែល​ធ្លាប់​រួម​ការ​ងារ​ជា​មួយ​គ្នា​នៅ​ហុងកុង។ បទ​ពិសោធន៍​ក្នុង​ជីវិត​របស់​ខ្ញុំ​និង​គាត់ ស្រដៀង​គ្នា​ណាស់។ ឆៀរី​បាន​ជាប់​ជា​បវរ​កញ្ញា​ឯក​ប្រចាំ​ក្រុង​ហុងកុង មួយ​ឆ្នាំ​មុន​ខ្ញុំ។ តាម​ពិត ពេល​ខ្ញុំ​បាន​ជាប់​ជា​បវរ​កញ្ញា​ឯក គាត់​ជា​អ្នក​បំពាក់​មកុដ​ឲ្យ​ខ្ញុំ។ គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​តារា​ភាពយន្ត​ដែរ។ ក្រោយ​មក គាត់​បាន​ទៅ​ជា​ចាង​ហ្វាង​ផលិតកម្ម ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​អ្នក​ដឹក​នាំ​រឿង​ដែល​ល្បី​ៗ។ គាត់​ក៏​បាន​ផ្លាស់​ទី​លំនៅ​មក​រស់​នៅ​ក្រុង​ហូលីវូដ​ដែរ។

ពេល​ខ្ញុំ​បាន​ឮ​ដំណឹង​ថា​គូ​ដណ្ដឹង​របស់​ឆៀរី​បាន​ស្លាប់​ភ្លាម​ៗ​ដោយ​គាំង​បេះ​ដូង ខ្ញុំ​ពិត​ជា​អាណិត​គាត់​ណាស់។ គាត់​មិន​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ជំនឿ​សាសនា​ព្រះ​ពុទ្ធ​ដែល​គាត់​កាន់​តាម​នោះ​ទេ។ ដូច​ខ្ញុំ​ដែរ គាត់​បាន​ទទួល​ភាព​ល្បី​ល្បាញ​ដែល​អ្នក​ឯ​ទៀត​ច្រណែន​ចង់​បាន ប៉ុន្តែ​គាត់​ក្រៀម​ក្រំ​ចិត្ត​ជា​និច្ច ហើយ​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត។ ដូច្នេះ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​គម្ពីរ តែ​ដោយ​សារ​គាត់​កាន់​តាម​ជំនឿ​សាសនា​ព្រះ​ពុទ្ធ​តាំង​ពី​តូច នោះ​ពិបាក​ឲ្យ​គាត់​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។

នៅ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​២០០៣ ឆៀរី​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ពី​ក្រុង​វេនឃូវើ ប្រទេស​កាណាដា ដែល​នៅ​ទី​នោះ គាត់​កំពុង​ថត​ភាពយន្ត​មួយ។ គាត់​បាន​ប្រាប់​ខ្ញុំ​ដោយ​រំភើប​ចិត្ត​ថា ពេល​គាត់​កំពុង​បើក​ឡាន​គយ​គន់​ទេសភាព​នៅ​ជនបទ ភ្លាម​នោះ​គាត់​ចាប់​ផ្ដើម​អធិដ្ឋាន​ឮ​ៗ​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ​មក តើ​ព្រះ​ពិត​ជា​អ្នក​ណា? តើ​លោក​មាន​ឈ្មោះ​អ្វី?​»។ រំពេច​នោះ គាត់​បាន​ជិះ​កាត់​សាល​ប្រជុំ​មួយ​របស់​យើង ហើយ​គាត់​បាន​ឃើញ​ឈ្មោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​គិត​ថា នោះ​ជា​ចម្លើយ​ពី​ព្រះ ហើយ​គាត់​ចង់​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ឆាប់​បំផុត។ ខ្ញុំ​បាន​ទាក់​ទង​ទៅ​ទី​នោះ ហើយ​បាន​រៀប​ចំ​ឲ្យ​គាត់​ជួប​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្មានថ្ងៃ​ក្រោយ​មក គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ​ភាសា​ចិន នៅ​ក្រុង​វេនឃូវើ។

ក្រោយ​មក ឆៀរី​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​អ្នក​ដែល​នៅ​ក្រុម​ជំនុំ​នោះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ដោយ​ស្មោះ។ ខ្ញុំ​អាច​ប្រាប់​ពួក​គេ​អំពី​អារម្មណ៍​ពិត​របស់​ខ្ញុំ​»។ ឮ​ដូច្នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​ឆៀរី​មិន​ដែល​រាប់​អាន​មិត្ត​ភក្ដិ​ណា​ទេ នៅ​ក្នុង​វិស័យ​ភាពយន្ត។ ឆៀរី​បាន​បន្ត​ចូល​រួម​កិច្ច​ប្រជុំ។ ប៉ុន្តែ នៅ​ឆ្នាំ​២០០៥ គាត់​បាន​ចុះ​កិច្ច​សន្យា​ផលិតភាព​យន្ត​ពីរ​រឿង​ដែល​ថត​នៅ​ប្រទេស​ចិន ហើយ​នោះ​តម្រូវ​ឲ្យ​គាត់​ត្រឡប់​ទៅ​រស់​នៅ​ក្រុង​ហុងកុង​វិញ។ គួរ​ឲ្យ​សប្បាយ​ណាស់ នា​ឆ្នាំ​២០០៦ ឆៀរី​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សន្និបាត​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​ហុងកុង។ ទោះ​ជា​គាត់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង​ក៏​ដោយ តែ​ការ​ងារ​របស់​គាត់​ក្នុង​វិស័យ​ភាពយន្ត ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ធ្វើ​ដូច្នោះ ហើយ​នោះ​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត​សោះ។

អំណរ​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត

ក្នុង​ឆ្នាំ​២០០៩ ស្ថានភាព​ជីវិត​របស់​ឆៀរី​បាន​ផ្លាស់​ប្ដូរ។ គាត់​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​វិស័យ​ភាពយន្ត ដើម្បី​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ។ គាត់​មាន​មិត្ត​ភក្ដិ​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ គាត់​បាន​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ ហើយ​គាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ស្វែង​រក​ជីវិត​ដ៏​ល្អ​បំផុត។—ម៉ាថាយ ២៤:១៤

ក្រោយ​មក ឆៀរី​បាន​សម្រេច​ចិត្ត​រៀន​ភាសា​នេប៉ាល់ ដើម្បី​ជួយ​គាំ​ទ្រ​ក្រុម​មួយ​ដែល​មាន​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ដល់​ប្រជាជន​នេប៉ាល់។ ក្រុម​ភាសា​នេប៉ាល់​នេះ​កំពុង​រីក​ចម្រើន​នៅ​ក្រុង​ហុងកុង។ ជន​ជាតិ​នេប៉ាល់​ដែល​រស់​នៅ​ក្នុង​ក្រុង​ហុងកុង ពួក​គេ​ភាគ​ច្រើន​ត្រូវ​មនុស្ស​ក្នុង​ក្រុង​មើល​ងាយ ហើយ​ថែម​ទាំង​ត្រូវ​គេ​ស្អប់​ទៀត​ផង ដោយ​សារ​ជន​ជាតិ​នេប៉ាល់​មិន​សូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​ឬ​ភាសា​ចិន និង​ដោយ​សារ​ពួក​គេ​មាន​ទំនៀម​ទម្លាប់​ខុស​ពី​អ្នក​ក្រុង​នោះ។ ឆៀរី​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​យល់​គម្ពីរ។ ជា​ឧទាហរណ៍ ថ្ងៃ​មួយ​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គាត់​បាន​ជួប​ស្ត្រីជន​ជាតិ​នេប៉ាល់​ម្នាក់​ដែល​ស្គាល់​ខ្លះ​ៗ​អំពី​លោក​យេស៊ូ តែ​មិន​ស្គាល់​សោះ​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត។ ឆៀរី​បាន​បើក​គម្ពីរ​បង្ហាញ​ស្ត្រី​នោះ ដែល​រៀប​រាប់​ថា លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌។ ពេល​ស្ត្រី​នោះ​បាន​ដឹង​ថា​គាត់​អាច​អធិដ្ឋាន​ទៅ​ព្រះ​ពិត ដែល​មាន​ឈ្មោះ​យេហូវ៉ា គាត់​បាន​បើក​ចិត្ត​ទទួល​យក​ដំណឹង​ល្អ។ មិន​យូរ​ក្រោយ​មក ប្ដី​និង​កូន​ស្រី​គាត់​ក៏​រៀន​គម្ពីរ​ដែរ។—ទំនុក​តម្កើង ៨៣:១៨; លូកា ២២:៤១, ៤២

ពេល​ខ្ញុំ​ឃើញ​ឆៀរី​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពេញ​ពេល ខ្ញុំ​បាន​សួរ​ខ្លួន​ថា‹ម៉េច​ក៏​ខ្ញុំ​មិន​ធ្វើ​ដូច​ឆៀរី​អ៊ីចឹង?›។ នៅ​ពេល​នោះ ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ក្រុង​ហុងកុង​ដែរ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀប​ចំ​ជីវិត​របស់​ខ្ញុំ​សា​ជា​ថ្មី ដើម្បី​ខ្ញុំ​អាច​រួម​ចំណែក​ពេញ​លេញ​ជាង​ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ ខ្ញុំ​បាន​ឃើញ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត​និង​ការ​ជួយ​ពួក​គេ​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ពិត។

ខ្ញុំ​បាន​ឃើញ​ថា​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ពិត។

ជា​ឧទាហរណ៍ ខ្ញុំ​បាន​ជួយ​បង្រៀន​គម្ពីរ​ដល់​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់ ដែល​តែង​តែ​មាន​ទឹក​មុខ​ក្រៀម​ក្រំ ហើយ​យំ​ជា​ញឹក​ញយ។ ប៉ុន្តែ ឥឡូវ​គាត់​មាន​អំណរ​ក្នុង​ជីវិត ហើយ​មាន​អំណរ​ជា​ខ្លាំង​ដែល​បាន​សេពគប់​ជា​មួយ​នឹង​ក្រុម​ជំនុំ។

ខ្ញុំ​និង​ឆៀរី​បាន​រក​ឃើញ​អ្វី​ដែល​ប្រសើរ​ជាង​ភាព​ល្បី​ល្បាញ​ឆ្ងាយ​ណាស់។ ទោះ​ជា​ការ​នៅ​ក្នុង​វិស័យ​ភាពយន្ត​គួរ​ឲ្យ​រំភើប​និង​នាំ​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ក៏​ដោយ តែ​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ជាង ដោយ​សារ​នោះ​នាំ​ឲ្យ​លោក​ទទួល​នូវ​ការ​សរសើរ​តម្កើង។ ខ្ញុំ​និង​ឆៀរី​បាន​យល់​ច្បាស់​ថា​ពាក្យ​របស់​លោក​យេស៊ូ​គឺ​ត្រឹម​ត្រូវ​ពិត​មែន ដែល​ថា​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក