តើអ្នកទទួលទានអាហារខាងវិញ្ញាណបានគ្រប់គ្រាន់ឬទេ?
១ មានពាក្យស្លោកភាសាអង់គ្លេសដែលថា‹ញ៉ាំម្ហូបអី ទៅជាម្ហូបហ្នឹង!›។ អ្វីដែលយើងបរិភោគគឺប៉ះពាល់ដល់កម្លាំងនិងសុខភាពរបស់យើងជាក់ជាពុំខាន។ បន្ទូលរបស់ព្រះយេស៊ូដែលថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» នេះបញ្ជាក់ថាទម្លាប់របស់យើងខាងការទទួលទានអាហារខាងវិញ្ញាណ ក៏មានផលប៉ះពាល់ល្អឬមិនល្អទៅលើយើងដែរ។ (ម៉ាថាយ ៤:៤) ដូច្នេះ តើអ្នកទទួលទានអាហារខាងវិញ្ញាណបានគ្រប់គ្រាន់ឬទេ? តើអ្នកទទួលទានរើសទេ? តើអ្នកទទួលទានរហ័សទេ? ឬក៏តើអ្នកចូលចិត្តទទួលទានអាហារខាងវិញ្ញាណឲ្យបានទៀងទាត់ ដោយតុល្យភាពនិងអាហាររូបត្ថម្ភគ្រប់គ្រាន់ឬទេ?
២ ចូរវិភាគទម្លាប់របស់អ្នកខាងការទទួលទាន: ព្រះយេហូវ៉ាផ្គត់ផ្គង់«អាហារបរិភោគ តាមត្រូវពេល»គឺ«ម្ហូបមានឱជារសដ៏វិសេស»តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥; អេសាយ ២៥:៦) ដើម្បីបានអត្ថប្រយោជន៍ពេញលេញពីសំវិធានការនេះ នោះយើងត្រូវព្យាយាមទទួលទានខាងវិញ្ញាណ។
៣ អ្នកអាចសួរខ្លួនថា៖ ‹តើខ្ញុំអានបទគម្ពីរប្រចាំថ្ងៃនិងការពន្យល់ជារៀងរាល់ថ្ងៃឬទេ? តើខ្ញុំអាននិងរំពឹងគិតអំពីព្រះគម្ពីរជារៀងរាល់ថ្ងៃទេ? តើខ្ញុំរៀបចំសំរាប់កិច្ចប្រជុំក្រុមជំនុំដោយសិក្សាពត៌មាននោះទុកជាមុនឬទេ? តើខ្ញុំបានអានប្រកាសនវត្ថុថ្មីៗហើយឬនៅ? ដូចជាសៀវភៅស្តើងលោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ?›
៤ ព្រះយេស៊ូបានសន្យាថា៖ «អ្នកណាដែលទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ អ្នកនោះមានសុភមង្គលហើយ! . . . មានពរហើយ! អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត»។ (ម៉ាថាយ ៥:៣, ៦, ព.ថ.) ដូច្នេះ ចូលទទួលទានអាហារខាងវិញ្ញាណឲ្យបានគ្រប់គ្រាន់ ដោយប្រិតប្រៀនឲ្យចំណេះនៃព្រះឲ្យជ្រាបចូលក្នុងចិត្តនិងគំនិតរបស់អ្នក។